ឆ្នាំ ២០១០-២០១៩
ភ្លើង​ជំរំ​នៃ​សេចក្ដីជំនឿ​របស់​យើង
ខែ តុលា ឆ្នាំ ២០១៨


ភ្លើង​ជំរំ​នៃ​សេចក្ដីជំនឿ​របស់​យើង

សម្រាប់​អស់​អ្នក​ដែល​ស្វែងរក អនុញ្ញាត​ឲ្យ​កើត​មាន និង​រស់នៅ​សម្រាប់​សេចក្តីជំនឿ​នោះ​ការចាប់ផ្តើម​នៃ​សេចក្តីជំនឿ​នឹង​កើត​មាន​ឡើង ឬ​អាច​ត្រឡប់​មក​វិញ​ទោះ​ជួនកាល​វា​កើត​ឡើង​សន្សឹមៗ​ក្ដី ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ តើ​វា​មិន​មែន​ជា​រឿង​ដ៏​អស្ចារ្យ​ទេ​ឬ​អី ដើម្បី​ទទួល​វិវរណៈ​ជាបន្ត​បន្ទាប់​មក​ពី​ស្ថានសួគ៌ តាមរយៈ​ប្រធាន រ័សុល អិម ណិលសុន និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ដែល​អញ្ជើញ​យើង​ឲ្យ​រស់នៅ​តាម​របៀប​ថ្មី និង​កាន់តែ​បរិសុទ្ធ  ទាំង​នៅ​ផ្ទះ និង​នៅ​ព្រះវិហារ​ដោយ​អស់​ពី​ចិត្ត គំនិត និង​ពលំ​របស់​យើង​នោះ ?

តើ​បងប្អូន​ធ្លាប់​មាន​ឱកាស​ធ្វើ​អ្វី​មួយ​ដែល​បងប្អូន​បាន​មាន​អារម្មណ៍​ថា ពុំ​បាន​រៀបចំ​ខ្លួន ឬ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ប៉ុន្តែ​ថា​អ្នក​បាន​ទទួល​ពរ​ដោយសារ​តែ​ការព្យាយាម​ធ្វើ​ដែរ​ឬ​ទេ ?

ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​នោះ ។ នេះ​ជា​ឧទាហរណ៍​មួយ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​អែលឌើរ រីឆាដ ជី ស្កត សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​អញ្ជើញ​ដោយ​សប្បុរស​ថា « ជែរីត តើ​លោក​ចង់​គូរ​គំនូរ​ជាមួយ​ខ្ញុំ​ដែរ​ឬ​ទេ ? »

អែលឌើរ​ស្កត​បាន​ថ្លែង​ថា ការគូរ​រូប​បាន​ជួយ​លោក​ឲ្យ​អង្កេត និង​ច្នៃ​ប្រឌិត ។ លោក​បាន​សរសេរ​ថា ៖ « ចូរ​ប្រឹងប្រែង​ដើម្បី​មាន​ការច្នៃប្រឌិត ទោះបីជា​ទទួល​បាន​លទ្ធផល​មធ្យម​ក្តី ។… ការច្នៃ​ប្រឌិត​អាច​បង្កើត​ឲ្យ​មាន​ស្មារតី​នៃ​ក្តី​កតញ្ញូ​សម្រាប់​ជីវិត និង​សម្រាប់​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​មក​ក្នុង​ជីវិត​អ្នក ។… ប្រសិនបើ​អ្នក​ជ្រើសរើស​ដោយ​ឈ្លាស​វៃ វា​ពុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​ឡើយ » ។

ប្រធាន ហិនរី ប៊ី អាវរិង ពិពណ៌នា​អំពី​សកម្មភាព​ដ៏​ប្រពៃ​នៃ​ការស្មឹងស្មាធ​របស់​លោក​ថា ត្រូវបាន​ជំរុញ​ដោយ « អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ » រួម​ទាំង « សេចក្តីស្រឡាញ់​ដល់​អង្គ​បង្កបង្កើត​ដែល​រំពឹង​ឲ្យ​បុត្រាបុត្រី​ទ្រង់​ក្លាយ​ដូចជា​ទ្រង់—ដើម្បី​បង្កើត និង​សាងសង់ » ។ ការងារ​ច្នៃប្រឌិត​របស់​ប្រធាន​អាវរិង​ផ្តល់​នូវ « ទស្សនវិស័យ​ពិសេស​ខាង​វិញ្ញាណ​ស្តីពី​ទីបន្ទាល់ និង​សេចក្តីជំនឿ » ។

រូបចម្លាក់​របស់​ប្រធាន ប៊យដ៏ ឃេ ផាកកឺ បង្ហាញ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​សារលិខិត​ដំណឹងល្អ ៖ « ព្រះ​គឺ​ជា​អង្គបង្កបង្កើត​នៃ​ស្ថានសួគ៌​នានា និង​ផែនដី ព្រមទាំង​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ដែល​មាន​នៅក្នុង​ស្ថាន​ទាំង​នោះ ថា​ធម្មជាតិ​ទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ការបង្កបង្កើត​ដោយ​ផ្ទាល់​របស់​ព្រះ​នោះ ហើយ​ថា​មាន​ភាពសុខដុម​ទាំងស្រុង [ មួយ ] រវាង​ធម្មជាតិ វិទ្យាសាស្ត្រ និង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

អាលម៉ា​ថ្លែង​ទីបន្ទាល់​ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » ។ កុមារ​ថ្នាក់​អង្គការ​បឋម​សិក្សា​យើង​ច្រៀង​ថា « គ្រប់​ពេល​ដែល​ខ្ញុំ​ឮ​បក្សាបក្សី​យំ ឬ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ…ខ្ញុំ​មាន​អំណរ​ដែល​រស់នៅ​លើ​ផែនដី​ស្អាត​ដែល​ព្រះវរ​បិតា​បាន​បង្កើត​ឲ្យ​ខ្ញុំ » ។ អ្នក​និពន្ធ​ឈ្មោះ វ៊ីចទ័រ អ៊ុយហ្គោ ពន្យល់​អំពី « ទំនាក់ទំនង​ប្រកប​ដោយ​អព្ភូតហេតុ​រវាង​ជីវិត និង​អ្វីៗ​នៅក្នុង​សកលលោក​ទាំង​មូល​នេះ ចាប់តាំង​ពី​ព្រះអាទិត្យ​រហូត​ដល់​សត្វ​ល្អិត​តូច​បំផុត ។… សត្វ​ស្លាប​នីមួយៗ​ដែល​អាច​ហើរ​បាន​មាន​ផ្នែក​មួយ​នៃ​ព្រះ​នៅក្នុង​ពួកវា ។… បណ្តុំ​ពពក​គឺ​ជា​សំបុក​មួយ​នៃ​ហ្វូង​ផ្កាយ » ។

ហើយ​ការណ៍​នោះ​នាំ​យើង​ត្រឡប់​ទៅ​ការអញ្ជើញ​របស់​អែលឌើរ​ស្កត​វិញ ។

ខ្ញុំ​បាន​តប​ថា « អែលឌើរ​ស្កត ខ្ញុំ​ចង់​ចេះ​រៀន​អង្កេត និង​ច្នៃ​ប្រឌិត​ជាងមុន​ដែរ ។ ខ្ញុំ​រំភើប​ចិត្ត​ទៅ​ហើយ​ដោយ​គ្រាន់​ស្រមៃ​ថា នឹង​គូរ​រូប​ព្រះវរបិតាសួគ៌​ជាមួយ​ដុំ​ពពក​ធំៗ និង​ពណ៌​នីមួយៗ​នៃផ្ទៃ​មេឃ និង​ទឹក ។ ខ្ញុំ​បាន​និយាយ​ទាំង​ស្ទាក់ស្ទើរ​ថា « ប៉ុន្តែ អែលឌើរ​ស្កត​ខ្ញុំ​គ្មាន​ជំនាញ​គូរ​រូប​គំនូរ​ទេ ។ ខ្ញុំ​បារម្ភ​ថា វា​អាច​ធ្វើ​ឲ្យ​លោក​លំបាក​ព្យាយាម​នឹង​បង្រៀន​ខ្ញុំ » ។

អែលឌើរ​ស្កត​បាន​ញញឹម ហើយ​បាន​ណាត់​ពេល​ដើម្បី​ពួកយើង​អាច​ជួប​គ្នា ។ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​នោះ លោក​បាន​រៀបចំ​ក្រដាស ថ្នាំលាប​ពណ៌ និង​ច្រាស ។ លោក​បាន​គូស​គំនូស​ព្រាង​មួយ​ចំនួន ហើយ​បាន​ជួយ​ប្រឡាក់​ទឹក​លើ​ក្រដាស​ឲ្យ​ខ្ញុំ ។

រូបភាព
ភ្លើង​ជំរំ​នៅពេល​សុរិយា​អស្តង្គត

យើង​បាន​ប្រើ​គំរូ​មួយ​នៃ​គំនូរ​ដ៏​ស្រស់ស្អាត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា ភ្លើង​ជំរំ​នៅពេល​សុរិយា​អស្តង្គត ។ ពេល​យើង​បានគូរ​គំនូរ យើង​បាន​និយាយ​អំពី​សេចក្តីជំនឿ—ពី​របៀប​ដែល​ពេល​យើង​មើល​ទៅ​ពន្លឺ និង​ភាព​កក់ក្តៅ​នៃ​ភ្លើង​ជំរំ នោះ​យើង​លែង​បារម្ភ​ពី​ភាព​ងងឹត និង​ភាពមិន​ប្រាកដ​ប្រជា​ទៀត​ឡើយ—ពី​របៀប​ដែល​ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​អាច​ផ្តល់​សេចក្តីសង្ឃឹម និង​ការធានា​អះអាង នៅ​ពេល​រាត្រី​ដ៏​យូរ និង​ឯកោ ។ ហើយ​ព្រះអាទិត្យ​ពិត​ជា​រះ​ឡើង ។ ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង—អនុស្សាវរីយ បទពិសោធន៍ និង​មរតក​នៃ​សេចក្តីជំនឿ​របស់​យើង​ស្ដីពី​សេចក្តី​ល្អ និង​សេចក្តី​មេត្តាករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះ​នៅក្នុង​ជីវិត​យើង—បាន​ពង្រឹង​យើង​ឆ្លង​កាត់​គ្រា​លំបាក​ទាំងនេះ ។

ទីបន្ទាល់​របស់​ខ្ញុំ​គឺ​ថា—សម្រាប់​អស់​អ្នក​ដែល​ស្វែងរក អនុញ្ញាត​ឲ្យ​កើត​មាន និង​រស់នៅ​សម្រាប់​សេចក្តីជំនឿ—នោះ​ការចាប់ផ្តើម​នៃ​សេចក្តីជំនឿ​នឹង​កើត​មាន​ឡើង ឬ​អាច​ត្រឡប់​មក​វិញ​ទោះ​ជួនកាល​វា​កើត​ឡើង​សន្សឹមៗ​ក្ដី ។ ពន្លឺ​នឹង​កើត​មាន​ឡើង នៅពេល​យើង​ប្រាថ្នា​ចង់​បាន ហើយ​ស្វែងរក​វា នៅពេល​យើង​អត់ធ្មត់ ហើយ​គោរព​ប្រតិបត្តិតាម​បទបញ្ញត្តិ​របស់​ព្រះ នៅពេល​យើង​បើក​ចិត្ត​ចំពោះ​ព្រះគុណ ការព្យាបាល និង​សេចក្តីសញ្ញា​របស់​ព្រះ ។

នៅពេល​យើង​បាន​ចាប់ផ្តើម​គូរ​គំនូរ អែលឌើរ​ស្កត​បាន​លើក​ទឹកចិត្ត​ថា « ជែរីត ទោះបី​អ្នក​រៀន​បាន​មេរៀន​មួយ​ក្តី ក៏​អ្នក​នឹង​គូរ​អ្វីមួយ​ដែល​អ្នក​ចង់​រក្សា​ទុក និង​ចងចាំ​ដែរ » ។ អែលឌើរ​ស្តត់​មាន​ប្រសាសន៍​ត្រូវ ។ ខ្ញុំ​រក្សា​ទុក​រូប​គំនូរ​ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​ដែល​អែលឌើរ​ស្កត​បាន​ជួយ​ខ្ញុំ​ឲ្យ​គូរ​នោះ ។ សមត្ថភាព​ផ្នែក​គំនូរ​របស់​ខ្ញុំ​ធ្លាប់ ហើយ​នៅតែ​មាន​ដែន​កំណត់ ប៉ុន្តែ​ការចងចាំ​អំពី​ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​អាច​លើក​ទឹកចិត្ត​ពួកយើង​ក្នុង​របៀប​ប្រាំ​យ៉ាង ។

ទីមួយ ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​អាច​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​អំណរ​នៅក្នុង​ការច្នៃ​ប្រឌិត​ត្រឹមត្រូវ ។

មាន​អំណរ​នៅក្នុង​ការស្រមើស្រមៃ ការរៀនសូត្រ ការធ្វើ​កិច្ចការ​ថ្មីៗ​ដែល​មាន​ប្រយោជន៍ ។ ការណ៍​នេះ​គឺ​ពិត​ជា​ពិសេស​នៅពេល​យើង​ដាក់​សេចក្តីជំនឿ និង​ទំនុកចិត្ត​កាន់តែ​ខ្លាំង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ពុំ​អាច​ស្រឡាញ់​ខ្លួន​យើង​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ខ្លួន​យើង​បាន​ឡើយ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង​ខ្លាំង ហើយ​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្រឡាញ់ ឬ​ស្គាល់​ខ្លួន​យើង​ទៅ​ទៀត ។ យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

តើ​អ្នក​ធ្លាប់​ជា​បុគ្គល​តែ​ម្នាក់​ដែល​ពុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិធីជប់លៀង​ខួបកំណើត​របស់​នរណា​ម្នាក់​ដែរ​ឬ​ទេ ?

តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​រើស​ចុងក្រោយ​គេ ឬ​មិន​ត្រូវ​បាន​រើស នៅពេលគេ​បង្កើត​ក្រុម​ដែរ​ឬ​ទេ ?

តើ​អ្នក​ធ្លាប់​រៀបចំ​ខ្លួន​សម្រាប់​ការប្រឡង​នៅ​សាលា​រៀន ការសម្ភាស​ការងារ ឱកាស​មួយ​ដែល​អ្នក​ពិតជា​ចង់​បាន—ហើយ​អ្នក​ទទួល​អារម្មណ៍​ថា អ្នក​បរាជ័យ​ដែរ​ឬ​ទេ ?

តើ​អ្នក​ធ្លាប់​អធិស្ឋាន​ទូល​សូម​ឲ្យ​ទំនាក់ទំនង​ដែល​ពុំ​ដំណើរ​ការល្អ​ឲ្យ​ដំណើរការ​ល្អ​ដែរ​ឬ​ទេ ?

តើ​អ្នក​ធ្លាប់​មាន​ជំងឺ​រាំរ៉ៃ ត្រូវ​ភរិយា ឬ​ស្វាមី​បោះបង់​ចោល រង​ទារុណ​កម្ម​ជំនួស​គ្រួសារ​ដែរ​ឬ​ទេ ?

ព្រះអង្គ​សង្គ្រោះ​របស់​យើង​ជ្រាប​ដឹង​ពី​កាលៈទេសៈ​របស់​យើង ។ ពេល​យើង​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ហើយ​ប្រើ​សមត្ថភាព​ទាំងអស់​របស់​យើង​ដោយ​រាបទាប និង​សេចក្តីជំនឿ នោះ​ព្រះអង្គសង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ដោះស្រាយ​នូវ​ឧបសគ្គ​នៃ​ជីវិត និង​ទទួល​បាន​អំណរ ។ សេចក្តីជំនឿ​រួមមាន​នូវ​បំណង​ប្រាថ្នា និង​ជម្រើស​ដើម្បី​ជឿ ។ សេចក្តីជំនឿ​ក៏​កើត​ឡើង​មក​ពី​ការគោរព​តាម​បទបញ្ញត្តិ​ព្រះ ដែល​បាន​ប្រទាន​មក​ដើម្បី​ផ្តល់​ពរ​ដល់​យើង ពេល​យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ដែរ ។

ពេល​យើង​ធ្លាប់​ទទួល​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ពុំ​ប្រាកដ​ប្រជា ឯកោ ស្មុគស្មាញ ខឹង​សម្បារ បាក់​ទឹកចិត្ត ខកចិត្ត ឬ​បែកចេញ​ពី​ព្រះ និង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ នោះ​វា​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ និង​សេចក្តីជំនឿ​ដ៏​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រឡប់​មក​កាន់​ផ្លូវ​នៃ​សេចក្តីសញ្ញា​ម្តង​ទៀត ។ ប៉ុន្តែ​វា​សក្ដិសម​នឹង​ធ្វើ​ណាស់ ! សូម​មក ឬ​ត្រឡប់​មក​រក​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ម្តង​ទៀត ! សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ខ្លាំង​ជាង​ចំណង​នៃ​សេចក្តីស្លាប់​ទៅ​ទៀត—ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។១០ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យើង​គឺ​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច ។ យើង​ម្នាក់ៗ​វង្វេង និង​បរាជ័យ ។ មាន​គ្រា​ដែល​យើង​អាច​វង្វេង​ផ្លូវ ។ ព្រះ​ធានាអះអាង​ដោយ​ក្ដី​ស្រឡាញ់​ដល់​យើង​ថា ទោះជា​យើង​នៅ​ទីណា ឬ​អ្វី​ដែល​យើង​បាន​ធ្វើ​ក្តី គ្មាន​អ្វី​ដែល​ថា មិន​អាច​ត្រឡប់​ក្រោយ​មក​វិញ​បាន​នោះ​ទេ ។ ទ្រង់​រង់ចាំ​ជាស្រេច​ដើម្បី​ឱប​ក្រសោប​យើង ។១១

ទីពីរ ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​អាច​លើក​ទឹកចិត្ត​យើង​ឲ្យ​ផ្តល់​ការងារ​បម្រើ​ក្នុង​មធ្យោបាយ​មួយ​ថ្មី កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​ដែល​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ ។

ការផ្តល់​ការងារ​បម្រើ​បែប​នេះ​នាំ​មក​នូវ​អព្ភូតហេតុ និង​ពរជ័យ​នៃ​សេចក្តីសញ្ញា—ដែល​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ហើយ​ចង់​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ស្មារតី​នោះ ។

ថ្មីៗ​នេះ ស៊ីស្ទើរ​ហ្កង និង​ខ្ញុំ​បាន​ស្គាល់​ឪពុក​ម្នាក់ និង​គ្រួសារ​មួយ​ដែល​បាន​ទទួល​ពរ ដោយសារ​ប្អូន​ប្រុស​កាន់​បព្វជិតភាព​ដ៏​ស្មោះត្រង់​ម្នាក់​ដែល​បាន​ទៅ​ជួប​ប៊ីស្សព​របស់​ពួកគេ ហើយ​សួរ​ប្រសិនបើ​គាត់ ( ប្អូន​ប្រុស​អ្នក​កាន់​បព្វជិតភាព ) អាច​ធ្វើ​ជា​ដៃគូ​បង្រៀន​តាម​ផ្ទះ​ជាមួយ​នឹង​ឪពុក​ម្នាក់​នោះ ។ ឪពុក​នោះ​ពុំ​សកម្ម​ទេ ហើយ​គ្មាន​ចំណាប់​អារម្មណ៍​នៅក្នុង​ការបង្រៀន​តាម​ផ្ទះ​ឡើយ ។ ប៉ុន្តែ​នៅពេល​ដែល​ចិត្ត​របស់​ឪពុក​ម្នាក់​នោះ​បាន​ផ្លាស់ប្តូរ នោះ​គាត់​និង​ប្អូន​ប្រុស​កាន់​បព្វជិតភាព​ជា​ទីស្រឡាញ់​នោះ​បាន​ចាប់ផ្តើម​សួរសុខទុក្ខ​ក្រុមគ្រួសារ « របស់​ពួកគេ » ។ បន្ទាប់​ពី​ការសួរសុខទុក្ខ​ម្តង​រួច​មក ភរិយា​របស់​គាត់—កាល​នោះ​ភរិយា​គាត់​មិន​ទាន់​ចូល​ព្រះវិហារ​នៅ​ឡើយ—បាន​សួរ​ស្វាមី​របស់​គាត់​ថា តើ​រឿង​នោះ​វា​យ៉ាង​ណា​ហើយ ។ ឪពុក​រូប​នោះ​បាន​សារភាព​ថា « បង​បាន​ទទួល​អារម្មណ៍​អ្វី​មួយ »—ក្រោយ​មក​គាត់​បាន​ដើរ​ទៅ​ផ្ទះ​បាយ​ផឹក​ស្រាបៀរ​មួយ​កំប៉ុង ។១២

ប៉ុន្តែ​បទពិសោធន៍​នីមួយៗ​បាន​បង្កើត​ឲ្យ​មាន​បទពិសោធន៍​មួយ​ផ្សេង​ទៀត ៖ បទពិសោធន៍​ដ៏​ទន់ភ្លន់ ការផ្តល់​ការងារ​បម្រើ ការ​ផ្លាស់ប្តូរ​ដួងចិត្ត ថ្នាក់​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ការ​ទៅ​ព្រះវិហារ ការផ្សារភ្ជាប់​ជា​គ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ។ សូម​ស្រមៃ​ពី​អំណរ​គុណ​ដ៏​ធំធេង​ដែល​កូនៗ និង​ចៅៗ​មាន​ចំពោះ​ឪពុក​ម្តាយ​របស់​ពួកគេ និង​ប្អូន​ប្រុស​ដែល​ផ្តល់​ការងារ​បម្រើ​នោះ ដែល​បាន​មក​ធ្វើ​ជា​មិត្ត និង​ជា​ដៃគូ​ជាមួយ​ឪពុក​របស់​ពួកគេ ដើម្បី​ផ្តល់​ការងារ​បម្រើ និង​ស្រឡាញ់​មនុស្ស​ដទៃ ។

ការលើក​ទឹកចិត្ត​ពី​ភ្លើង​ជំរំ​នៃ​សេចក្តី​ជំនឿ​ទី​បី​គឺ ៖ អំណរ និង​ពរជ័យ​នៃ​ដំណឹងល្អ​ដ៏​ច្នៃ​ប្រឌិត​នឹង​កើត​ឡើង នៅពេល​យើង​ព្យាយាម​ស្រឡាញ់​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ​ដោយ​អស់​ពី​ចិត្ត និង​ព្រលឹង​របស់​យើង ។

ព្រះគម្ពីរ​អញ្ជើញ​យើង​ឲ្យ​ដាក់​ថ្វាយ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន និង​អ្វី​ដែល​យើង​នឹង​មាន​នៅលើ​អសនា​នៃ​សេចក្តីស្រឡាញ់ និង ការបម្រើ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ចោទិយកថា​ទូន្មាន​យើង​ឲ្យ « ស្រឡាញ់​ព្រះយេហូវ៉ា​ជា​ព្រះ » ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​របស់​យើង ។១៣ យ៉ូស្វេ​បាន​ក្រើន​រំឭក​យើង​ថា « ត្រូវ​ស្រឡាញ់​ដល់​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង…ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់…កាន់​តាម​បញ្ញត្តិ​ទ្រង់…ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ…បម្រើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង » ។១៤

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះអង្គ​សង្គ្រោះ​របស់​យើង​ថ្លែង​នូវ​ក្រឹត្យវិន័យ​ធំ​ពីរ ៖ « ឯង​ត្រូវ​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង…ហើយ​អស់​អំពី​កម្លាំង​នៃ​ឯង…ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ » ។១៥

នៅក្នុង​ព្រះគម្ពីរ​មរមន ៖ សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​ការ « អស់​ពី​សមត្ថ​ភាព​នៃ​កាយ​របស់​ទ្រង់ និង​អស់​ពី​សមត្ថ​ភាព​នៃ​ព្រលឹង​របស់​ទ្រង់ » ហើយ​បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី ។១៦ នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ដូច​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប​ដឹង​ថា ព្រះអម្ចាស់​សុំ​ឲ្យ​យើង​បម្រើ​ទ្រង់ « ដោយ​អស់​ពីចិត្ត​អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង » ។១៧ ពេល​ពួក​បរិសុទ្ធ​បាន​ចូល​ទៅ​ឃុំ​ចាកសុន នោះ​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកគេ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ តាមរយៈ​ការស្រឡាញ់ « ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ត​នៃ​អ្នក អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​ត្រូវបម្រើ​ទ្រង់ » ។១៨

យើង​រីករាយ​ក្នុង​ការអញ្ជើញ​ដើម្បី​លះបង់​ព្រលឹង​ទាំង​ស្រុង​របស់​យើង ដើម្បី​ស្វែងរក​មធ្យោបាយ​កាន់តែ​ខ្ពស់ខ្ពង់ និង​កាន់តែ​បរិសុទ្ធ ដើម្បី​ស្រឡាញ់​ព្រះ និង​អ្នក​ដែល​នៅ​ជុំ​វិញ​យើង និង​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ចិត្ត​យើង និង​នៅក្នុង​ផ្ទះ ព្រមទាំង​សាសនាចក្រ​របស់​យើង ។

ទី​បួន ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង​លើក​ទឹកចិត្ត​យើង​ឲ្យ​បង្កើត​លំនាំ​នៃ​ការរស់នៅ​ដោយ​សុចរិត​ជា​ទៀងទាត់​មួយ​ដែល​ពង្រឹង​សេចក្ដី​ជំនឿ និង​ជីវភាព​ខាង​វិញ្ញាណ ។

ទម្លាប់​បរិសុទ្ធ ឥរិយាបថ​សុចរិត ឬ​លំនាំ​ដ៏​ប្រកប​ដោយ​ការ​ចេះ​គិតគូរ​ទាំង​នេះ​អាច​រួមមាន ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការតម​អាហារ ការចងចាំ​ព្រះអង្គសង្គ្រោះ​របស់​យើង និង​សេចក្តីសញ្ញា​នានា​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ការចែកចាយ​ពរជ័យ​នៃ​ដំណឹងល្អ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​សាសនា ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការបម្រើ​ដទៃ​ទៀត ការរក្សា​កំណត់ហេតុ​ផ្ទាល់​ខ្លួន​អំពី​គំនិត​ខាង​វិញ្ញាណ​ជាដើម ។

នៅពេល​លំនាំ​សុចរិត និង​ការចង់​បាន​ខាង​វិញ្ញាណ​នេះ​រួម​បញ្ចូល​គ្នា នោះ​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច​នឹង​កើត​ឡើង​ជាមួយ​គ្នា ។ ពន្លឺ និង​ជីវិត​ខាង​វិញ្ញាណ​កើត​ឡើង នៅពេល​ការគោរព​ប្រតិបត្តិ​ខាង​សាសនា​ជា​ទៀងទាត់​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះ​យេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ស្រឡាញ់​គោលបំណង និង​តម្រូវការ​នៃ​ក្រឹត្យវិន័យ នោះ​កិច្ចការ​នៃ​ភាព​អស់​កល្ប​ជានិច្ច​អាច​ចូល​មក​កាន់​ព្រលឹង​របស់​យើង​ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​ពី​មេឃ​ដែរ ។១៩ ជាមួយ​នឹង​ការគោរព​ប្រតិបត្តិ​ជា​ប្រចាំ និង​ធ្វើ​ឲ្យ​ទឹក​រស់​មាន​ភាពស្រស់​ថ្លា នោះ​យើង​រកឃើញ​ចម្លើយ សេចក្តីជំនឿ និង​កម្លាំង​ដែល​ដោះស្រាយ​នូវ​ឧបសគ្គ​រៀងរាល់​ថ្ងៃ និង​ទទួល​យក​ឱកាស​នានា​ដោយ​ការអត់ធ្មត់ ទស្សនវិស័យ និង​អំណរ​នៃ​ដំណឹងល្អ ។

ទី​ប្រាំ នៅពេល​យើង​រក្សា​លំនាំ​ដែល​យើង​ដឹង​នេះ​ឲ្យ​ល្អ​បំផុត​អំឡុង​ពេល​ស្វែងរក​មធ្យោបាយ​ថ្មី និង​កាន់តែ​បរិសុទ្ធ ដើម្បី​ស្រឡាញ់​ព្រះ ហើយ​ជួយ​យើង និង​មនុស្ស​ដទៃ​រៀប​ចំ​ខ្លួន​ទៅ​ជួប​ទ្រង់ នោះ​ភ្លើង​ជំរំ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​អាច​លើក​ទឹកចិត្ត​យើង​ឲ្យ​ចងចាំ​ភាព​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ គឺ​ពុំមែន​នៅក្នុង​ខ្លួន​យើង ឬ​នៅក្នុង​ភាព​ល្អ​ឥតខ្ចោះ​នៃ​លោកិយ​ឡើយ ។

ការអញ្ជើញ​របស់​ព្រះ​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ និង​លទ្ធភាព ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។២០ ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា មាន​បន្ទុក ទ្រង់​អញ្ជើញ​ថា « ចូរ​មក​ឯ​ខ្ញុំ » ហើយ​អស់​អ្នក​ដែល​មក​កាន់​ទ្រង់ នោះ​ទ្រង់​សន្យា​ថា « ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។២១ « ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់…ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។២២

នៅក្នុង​ការធានា​អះអាង​នេះ « ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » វា​ក៏​ជា​ការលួងលោម ភាពសុខសាន្ត និង​ការសន្យា​ថា យើង​អាច​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ និង​ទំនុកចិត្ត​លើ​ព្រះអម្ចាស់ ទោះបី​ជា​អ្វីៗ​ពុំ​ដំណើរ​ការ​ដូច​ក្តីសង្ឃឹម ការរឹពឹងទុក ឬ​ប្រហែល​ជា​យើង​សម​នឹង​ទទួល​បាន ទោះ​មិន​មែន​ជា​កំហុស​របស់​យើង​ផ្ទាល់ ឬ​ទោះបី​បន្ទាប់​ពី​យើង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ក្តី ។

ក្នុង​គ្រា និង​មធ្យោបាយ​ផ្សេងៗ យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព ពុំ​ប្រាកដ​ប្រជា ហើយ​ប្រហែល​ជា​មិន​ស័ក្ដិសម​ផង ។ ប៉ុន្តែ​នៅក្នុង​កិច្ចខិត​ខំ​ដ៏​ស្មោះត្រង់​របស់​យើង​ដើម្បី​ស្រឡាញ់​ព្រះ និង​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ និង​ការបំផុសគំនិត​ដែល​ចាំបាច់​សម្រាប់​ជីវិត​ពួកគេ និង​ជីវិត​របស់​យើង​នៅក្នុង​មធ្យោបាយ​ថ្មី និង​កាន់តែ​បរិសុទ្ធ ។

ជាមួយ​នឹង​សេចក្តីអាណិតអាសូរ ព្រះអង្គ​សង្គ្រោះ​យើង​លើក​ទឹកចិត្ត និង​សន្យា​ថា យើង​អាច « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។២៣ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ការដើរតាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ដោយ​ព្រលឹង​ទាំងស្រុង​របស់​យើង អាច​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្តីពិត​របស់​ទ្រង់ និង​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព ។២៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​ដែល​បាន​ស្តារ​ឡើង​វិញ និង​ដែល​បាន​បង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​តាមរយៈ​ព្យាការី​តាំង​ពី​ព្យាការី យ៉ូសែប ស៊្មីធ រហូត​មក​ដល់​ប្រធាន រ័សុល អិម ណិលសុន បច្ចុប្បន្ន​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ដឹកនាំ​ទៅ​រក​អំណោយ​ទាន​ដ៏​មហិមា​បំផុត​ដែល​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​សន្យា​ថា ៖ « អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។២៥

សូម​ឲ្យ​ពរជ័យ និង​អំណរ​អស់កល្ប​របស់​ទ្រង់​ក្លាយ​ជា​របស់​យើង នៅពេល​យើង​ពង្រឹង​ដួងចិត្ត និង​ក្តីសង្ឃឹម ព្រមទាំង​ការតាំង​ចិត្ត​របស់​យើង​នៅ​ឯ​ភ្លើង​ជំរំ​នៃ​សេចក្តីជំនឿ​របស់​យើង ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។