ឆ្នាំ ២០១០-២០១៩
ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់
ខែ តុលា ឆ្នាំ ២០១៨


ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់

ខ្ញុំ​សង្ឃឹម​ថា ជន​ដែល​បងប្អូនទៅ​ផ្តល់​ការងារ​បម្រើ​នឹង​ឃើញ​ថា បងប្អូន​គឺជា​មិត្ត​ម្នាក់ ហើយ​ដឹង​ថា បងប្អូន​គឺជា​អ្នក​គាំទ្រ និង​ជា​អ្នក​ដែល​គេ​អាច​ទុកចិត្ត​បាន ។

មួយ​ឆ្នាំ​មុន កុមារ​ថ្នាក់​បឋម​សិក្សា​ម្នាក់​ជួប​ខ្ញុំ​នៅ​ប្រទេស​ឈីលី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ។ គាត់​បាន​និយាយ​ថា « ជម្រាប​សួរ​អ្នក​មីង ខ្ញុំ​ឈ្មោះ​ដាវីឌ ។ តើ​អ្នក​មីង​នឹង​និយាយ​ពី​ខ្ញុំ​នៅក្នុង​សន្និសីទ​ទូទៅ​ដែរ​ឬ​ទេ ? »

នៅ​គ្រា​នោះ ខ្ញុំ​បាន​ពិចារណា​អំពី​ការស្វាគមន៍​ដែល​ពុំ​បាន​រំពឹង​ទុក​របស់​ដាវីឌ ។ យើង​ទាំងអស់​គ្នា​ចង់​ឲ្យ​គេ​ស្គាល់​យើង ។ យើង​ចង់​ធ្វើ​ជា​មនុស្ស​សំខាន់ មនុស្ស​ដែល​គេ​ចងចាំ និង​មនុស្ស​ដែល​មាន​គេ​ស្រឡាញ់​រាប់អាន ។

បងប្អូន​ប្រុសស្រី បងប្អូន​គ្រប់​រូប​មាន​សារៈសំខាន់​ណាស់ ។ ទោះបី​ជា​បងប្អូន​ពុំ​ត្រូវបាន​លើក​មក​និយាយ​នៅក្នុង​សន្និសីទ​ក្តី ព្រះអង្គ​សង្គ្រោះ​ស្គាល់ និង​ស្រឡាញ់​បងប្អូន ។ ប្រសិនបើ​បងប្អូន​សង្ស័យ​ថា តើ​រឿង​នោះ​ពិត​ដែរ​ឬ​អត់ នោះ​បងប្អូន​ត្រូវ​ពិចារណា​ថា ទ្រង់​បាន « ចារិក [ បងប្អូន ] ទុក នៅ​ផ្ទៃ​ព្រះហស្ត [ របស់​ទ្រង់ ] ។

ការដឹង​ថា ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​យើង នោះ​យើង​ឆ្ងល់​ថា តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដោយ​របៀប​ណា ?

ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ…? »

ពេត្រុស​បាន​ឆ្លើយ​ថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ។ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង » ។

ពេល​សួរ​សំណួរ​នេះ​ទាំង​លើក​ទី​ពីរ និង​ទី​បី​ថា « តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ ? » ពេត្រុស​មាន​ចិត្ត​ព្រួយ ប៉ុន្តែ​បាន​បញ្ជាក់​សេចក្តីស្រឡាញ់​របស់​លោក​ថា ៖ « ព្រះអម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។

តើ​ពេត្រុស​ពុំ​បាន​បង្ហាញ​ថា គាត់​ជា​អ្នក​ដើរ​តាម​ដែល​មាន​ក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ​ទេ​ឬ​អី ? ចាប់តាំង​ពី​ការជួប​លើក​ដំបូង​នៅ​ឆ្នេរ​សមុទ្រ​មក លោក​បាន​ទុក​សំណាញ់​ចោល​ទៅតាម​ព្រះអង្គសង្គ្រោះ « ភ្លាម » ។ ពេត្រុស​បាន​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស​ដ៏​ពិតប្រាកដ ។ លោក​បាន​អម​ដំណើរ​ជាមួយ​ព្រះអង្គសង្គ្រោះ​អំឡុង​ការងារ​បម្រើ​ផ្ទាល់​របស់​ទ្រង់ និង​ជួយ​បង្រៀន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​មនុស្ស​ដទៃ ។

ប៉ុន្តែ​ឥឡូវ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ជ្រាប​ថា ទ្រង់​នឹង​ពុំ​អាច​នៅ​ក្បែរ​ពេត្រុស​ទៀត ដើម្បី​បង្ហាញ​លោក​អំពី​របៀប និង​ពេល​ដែល​លោក​គួរតែ​បម្រើ​ទៀត​ឡើយ ។ នៅពេល​គ្មាន​វត្តមាន​របស់​ព្រះអង្គសង្គ្រោះ ពេត្រុស​ត្រូវ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ទទួល​វិវរណៈ​ដោយ​ខ្លួន​លោក​ផ្ទាល់ រួច​មាន​ចិត្ត​ក្លាហាន និង​មាន​សេចក្តីជំនឿ​ដើម្បី​ធ្វើ​សកម្មភាព ។ ដោយ​បាន​ផ្តោត​ទៅលើ​ចៀម​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រាថ្នា​ឲ្យ​ពេត្រុស​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ប្រសិនបើ​ទ្រង់​បាន​គង់​នៅ​ទី​នោះ ។ ទ្រង់​បាន​សូម​ឲ្យ​ពេត្រុស​ធ្វើ​ជា​អ្នក​គង្វាល​ម្នាក់ ។

កាល​ពី​ខែ​មេសា ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការអញ្ជើញ​ស្រដៀង​នេះ​ដល់​យើង​ឲ្យ​ផ្តល់​ចំណី​ដល់​ចៀម​របស់​ព្រះវរបិតា​យើង​តាម​មធ្យោបាយ​មួយ​កាន់តែ​បរិសុទ្ធ ហើយ​ធ្វើ​កិច្ចការ​នេះ​តាមរយៈ​ការងារ​បម្រើ ។

ដើម្បី​ទទួល​យក​ការអញ្ជើញ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​អភិវឌ្ឍ​ដួងចិត្ត​ជា​អ្នក​គង្វាល ហើយ​យល់​អំពី​តម្រូវការ​នៃ​ចៀម​របស់​ព្រះអម្ចាស់ ។ ដូច្នេះ​តើ​យើង​ក្លាយ​ជា​អ្នក​គង្វាល​ដែល​ព្រះ​អម្ចាស់​ត្រូវការ​ឲ្យ​យើង​ប្រែក្លាយ​យ៉ាង​ដូចម្តេច ?

ដូចជា​សំណួរ​ទាំងអស់​ដែរ យើង​អាច​សម្លឹង​ទៅកាន់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​ថា—ជា​អ្នក​គង្វាល​ល្អ ។ ចៀម​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​ស្គាល់ និង​ត្រូវបាន​រាប់ ត្រូវបាន​មើលថែ និង​ត្រូវបាន​ប្រមូល​ចូល​ក្នុង​ក្រោល​នៃ​ព្រះ ។

ស្គាល់ និង​រាប់

នៅ​ពេល​យើង​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដំបូង​យើង​ត្រូវ​ស្គាល់ និង​រាប់​ចៀម​របស់​ទ្រង់​សិន ។ យើង​ត្រូវបាន​ចាត់​ទៅ​បុគ្គល និង​ក្រុមគ្រួសារ​ជាក់លាក់ ដើម្បី​មើល​ថែ ដើម្បី​យើង​មាន​ទំនុកចិត្ត​ថា ហ្វូង​ចៀម​របស់​ព្រះអម្ចាស់​ទាំងអស់​ត្រូវបាន​រាប់ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បំភ្លេច​ឡើយ ។ ប៉ុន្តែ​ការរាប់​នេះ​ពុំមែន​គ្រាន់តែ​ជា​ការរាប់​ចំនួន​នោះ​ទេ វា​ជា​ការប្រាកដ​ថា បុគ្គល គ្រប់​រូប ទទួល​ក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​បុគ្គល​ដែល​ទៅ​បម្រើ ជំនួស ទ្រង់ ។ តាមវិធី​នោះ មនុស្ស​ទាំងអស់​អាច​ដឹង​ថា ពួកគេ​ត្រូវបានស្គាល់​ដោយ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

រូបភាព
ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​សត្វ​ចៀម

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​យុវនារី​ម្នាក់​ដែល​ត្រូវបាន​ចាត់​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដល់​បងស្រី​ម្នាក់​ដែល​មាន​អាយុ​ច្រើន​ជាង​គាត់​ជិត​ប្រាំ​ដង ។ ជួប​គ្នា​យូរៗ​ទៅ ពួកគេ​បាន​រកឃើញ​ថា ពួកគេ​ចូលចិត្ត​តន្ត្រី​ដូច​គ្នា ។ ពេល​យុវនារី​នេះ​ទៅ​សួរសុខទុក្ខ ពួកគេ​ច្រៀង​ចម្រៀង​ជាមួយ​គ្នា ហើយ​ពួកគេ​ចែកចាយ​ចំណង់ចំណូល​ចិត្ត​ពួកគេ ។ ពួកគេ​កំពុង​បង្កើត​មិត្តភាព​មួយ​ដែល​ផ្តល់​ពរ​ដល់​ជីវិត​ពួកគេ​ទាំង​ពីរ​នាក់ ។

ខ្ញុំ​សង្ឃឹម​ថា ជន​ដែល​បងប្អូនទៅ​ផ្តល់​ការងារ​បម្រើ​នឹង​ឃើញ​ថា បងប្អូន​គឺ​ជា​មិត្ត​ម្នាក់ ហើយ​ដឹង​ថា បងប្អូន​គឺ​ជា​អ្នក​គាំទ្រ និង​ជា​អ្នក​គេ​អាច​ទុកចិត្ត​បាន—ជា​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ស្ថានភាព​ពួកគេ ហើយ​ជួយ​ជ្រោមជ្រែង​ពួកគេ​នៅក្នុង​សេចក្តីសង្ឃឹម និង​បំណង​ប្រាថ្នា​របស់​ពួកគេ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួល​ការចាត់តាំង​មួយ​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដល់​បងស្រី​ម្នាក់​ដែល​ពុំ​មែន​ជា​ដៃគូ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ពុំ​ស្គាល់​គាត់​ផងដែរ ។ ពេល​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ជាមួយ ចេស ដែល​ជាដៃ​គូ​ធ្វើ​ការងារ​បម្រើ​របស់​ខ្ញុំ​ដែល​មាន​អាយុ ១៦ ឆ្នាំ នោះ​នាង​បាន​ផ្តល់​យោបល់​ដ៏​ឆ្លាតវៃ​ថា « យើង​ត្រូវ​តែ​រៀន​ស្គាល់​គាត់​សិន » ។

រូបភាព
ស៊ីស្ទើរ​ខ័រដុន និង​ដៃគូ​ផ្តល់​ការងារ​បម្រើ​របស់​គាត់

យើង​បាន​សម្រេច​ចិត្ត​ភ្លាម​ថា យើង​ថត​រូប​សែលហ្វី រួច​ហើយ​ផ្ញើសារ​ណែនាំ​ខ្លួន​យើង​ឲ្យ​គាត់​ស្គាល់ ។ ខ្ញុំ​បាន​កាន់​ទូរសព្ទ ហើយ​ចេស​បាន​ចុច​ប៊ូតុង​ថត​រូប ។ ឱកាស​ដំបូង​នៃ​ការផ្តល់​ការងារ​បម្រើ​របស់​យើង​គឺ​កិច្ចការ​នៃ​ភាព​ជា​ដៃ​គូ​របស់​យើង ។

នៅ​ក្នុង​ការសួរសុខទុក្ខ​លើក​ដំបូង​របស់​យើង យើង​បាន​សួរ​បងស្រី​នោះ ប្រសិនបើ​គាត់​មាន​អ្វី​ដែល​យើង​អាច​អធិស្ឋាន​សម្រាប់​គាត់ ។ គាត់​បាន​ចែកចាយ​ឧបសគ្គ​ផ្ទាល់​ខ្លួន​ដោយ​រាបសា ហើយ​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​គាត់ ។ ភាពស្មោះត្រង់ និង​ទំនុកចិត្ត​របស់​គាត់​បាន​បង្កើត​ឲ្យ​មាន​ចំណង​នៃ​សេចក្តីស្រឡាញ់​មួយ​ភ្លាមៗ ។ ឱ​វា​ជា​ឯកសិទ្ធិ​ល្អ​អ្វី​ម៉្លេះ​ដើម្បី​ចងចាំ​ចៀម​របស់​ទ្រង់​នៅក្នុង​ការអធិស្ឋាន​ប្រចាំ​ថ្ងៃ​របស់​យើង ។

នៅពេល​បងប្អូន​អធិស្ឋាន បងប្អូន​នឹង​ទទួល​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ជន​ដែល​បងប្អូន​ផ្តល់​ការងារ​បម្រើ ។ សូម​ចែកចាយ​សេចក្តីស្រឡាញ់​នោះ​ជាមួយ​ពួកគេ ។ តើ​មាន​របៀប​ណា​ដែល​ប្រសើរ​ជាង​នេះ​ដើម្បី​ផ្តល់​ចំណី​ដល់​ចៀម​របស់​ទ្រង់​ក្រៅ​ពី​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់—តាមរយៈ​បងប្អូននោះ ?

មើល​ថែ

របៀប​ទី​ពីរ​ដើម្បី​អភិវឌ្ឍ​ដួងចិត្ត​នៃ​អ្នក​គង្វាល​នោះ​គឺ ត្រូវ​មើល​ថែ​ចៀម​របស់​ទ្រង់ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​អាច​បន្ត​ទៅមុខ ជួសជុល កែលម្អ និង​សាង​ឡើង​វិញ​នូវ​អ្វី​គ្រប់យ៉ាង ។ យើង​រហ័ស​នឹង​ជួប​មនុស្ស​ទ័លក្រ​ជាមួយ​នឹង​ជំនួយ ឬ​នំ​ឃុកឃី​មួយ​ចាន ។ ប៉ុន្តែ​តើ​មាន​អ្វី​លើស​ពី​នោះ​ដែរ​ទេ ?

តើ​ចៀម​របស់​យើង​ដឹង​ថា យើង​កំពុង​មើល​ថែ​ពួកគេ​ដោយ​ក្តីស្រឡាញ់ ហើយ​យើង​នឹង​ចាត់​វិធានការ​ជួយ​ដែរ​ទេ ?

នៅក្នុង ម៉ាថាយ ២៥ យើង​អាន​ថា ៖

« ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរតក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​រាល់​គ្នា…៖

ពីព្រោះ​យើង​បាន​ឃ្លាន​ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់គ្នា​បាន​ទទួល​យើង ៖ …

នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ បាន​ឃើញ ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា ?

តើ​យើង​ខ្ញុំ បាន​ឃើញ ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ? »

បងប្អូន​ប្រុសស្រី ពាក្យ​គន្លឹះ​នោះ​គឺ បាន​ឃើញ ។ ជន​សុចរិត​បាន​ឃើញ​មនុស្ស​ទាំង​នោះ​មាន​ការខ្វះខាត ដោយសារ​ពួកគេ​កំពុង​មើល និង​កត់សម្គាល់ ។ យើង​ក៏​អាច​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ដើម្បី​ជួយ និង​លួងលោម សាទរ និង​មើល​ឃើញ​សូម្បីតែ​ក្តីសុបិន​របស់​ពួកគេ ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ត្រូវបាន​បញ្ជាក់​អះអាង​អំពី​ការសន្យា​នៅក្នុង​ម៉ាថាយ​ថា ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ…នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។

រូបភាព
ព្រះអង្គសង្រោះ​មើល​ថែ​ចៀម

មាន​មិត្ត​ម្នាក់—យើង​ហៅ​គាត់​ថា​ចន—បាន​ចែកចាយ​អ្វី​ដែល​អាច​កើត​ឡើង នៅពេល​យើង​មើល​ឃើញ​តម្រូវការ​ដែល​ពុំ​សូវ​ឃើញ​ជាក់ស្តែង ៖ « ស្ត្រី​ម្នាក់​នៅក្នុង​វួដ​ខ្ញុំ​បាន​ប៉ង​ធ្វើ​អត្តឃាត ។ ពីរខែ​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅក្នុង​កូរ៉ុម​ខ្ញុំ​បាន​ទៅ​ជួប​ស្វាមី​របស់​ស្ត្រី​រូប​នោះ ដើម្បី​និយាយ​ពី​រឿង​ដ៏​សោកនាដ្ឋកម្ម​នេះ​ទេ ។ គួរ​ឲ្យ​ស្តាយ​ណាស់ ខ្ញុំ​ក៏​ពុំ​បាន​សាកសួរ​ដែរ ។ ទីបំផុត ខ្ញុំ​បាន​សូម​ស្វាមី​គាត់​មក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ខ្ញុំ ។ ជារឿយៗ គាត់​ជា​មនុស្ស​ខ្មាសអៀន ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​និយាយ​ថា ‹ ភរិយា​របស់​លោក​ប៉ង​ធ្វើ​អត្តឃាត ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​លោក​ពិបាក​ចិត្ត ។ តើ​លោក​ចង់​និយាយ​អំពី​រឿង​នេះ​ទេ ? › គាត់​បាន​ទ្រហោ​យំ​ឡើង ។ យើង​មាន​ការសន្ទនា​មួយ​ដ៏​រំជួល​ចិត្ត និង​ស្និទ្ធស្នាល ហើយ​យើង​បាន​មាន​ភាពជិតស្និទ្ធ និង​ទំនុកចិត្ត​មួយ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ » ។

ចន​បាន​បន្ថែម​ថា « ខ្ញុំ​គិត​ថា ទំនោរ​ចិត្ត​របស់​យើង​គឺ​គ្រាន់តែ​ចង់​ធ្វើ​ល្អ ជាជាង​ចង់​យល់​ពី​របៀប​ដោះស្រាយ​ស្ថានភាព​នានា​ដោយ​ស្មោះត្រង់ និង​ក្តីស្រឡាញ់ » ។

ចៀម​របស់​យើង​អាច​ឈឺចាប់ បាត់បង់ ឬ​វង្វេង​ដោយ​ចេតនា តែ​ក្នុង​នាម​ជា​អ្នក​គង្វាល​របស់​ពួកគេ នោះ​យើង​អាច​នៅក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដើម្បី​មើល​ឃើញ​សេចក្តីត្រូវការ​របស់​ពួកគេ ។ យើង​អាច​ស្តាប់ ហើយ​ស្រឡាញ់​ដោយ​គ្មាន​ការវិនិច្ឆ័យ ហើយ​ផ្តល់​ក្តីសង្ឃឹម និង​ជំនួយ​ដោយ​ការណែនាំ​ញែក​ឲ្យ​ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បងប្អូន​ប្រុសស្រី ពិភពលោក​នេះ​កាន់តែ​ពោរពេញ​ដោយ​ក្តីសង្ឃឹម និង​អំណរ ដោយសារ​ទង្វើ​ដ៏​បំផុសគំនិត​នៃ​សន្តាន​ចិត្ត​ល្អ​ដែល​បងប្អូន​ធ្វើ ។ ពេល​បងប្អូន​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​អំពី​របៀប​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ហើយ​មើល​ឃើញ​តម្រូវការ​នៃ​អស់​អ្នក​ដែល​បងប្អូន​ផ្តល់​ការងារ​បម្រើ នោះ​ភ្នែក​របស់​បងប្អូន​នឹង​បាន​បើក​ឡើង ។ ការចាត់តាំង​ទៅ​ធ្វើ​ការងារ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​បងប្អូន​ផ្តល់​សិទ្ធិ​ដ៏​ទេវភាព​ដើម្បី​ទទួល​ការបំផុសគំនិត​ដល់​បងប្អូន ។ បងប្អូន​អាច​ស្វែងរក​ការបំផុសគំនិត​នោះ​ដោយ​ទំនុកចិត្ត ។

បាន​បម្រូល​ទុក​ទៅក្នុង​ក្រោល​នៃ​ព្រះ

ទីបី យើង​ចង់​ឲ្យ​ចៀម​យើង​ត្រូវបាន​បម្រូល​ទុក​ទៅក្នុង​ក្រោល​នៃ​ព្រះ ។ ដើម្បី​ធ្វើ​ដូច្នោះ យើង​ត្រូវ​ពិចារណា​អំពី​ការរីកចម្រើន​របស់​ពួកគេ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា និង​មាន​ឆន្ទៈ​ដើរ​ជាមួយ​ពួកគេ​នៅលើ​ផ្លូវ​នៃ​សេចក្តីជំនឿ​របស់​ពួកគេ ។ យើង​មាន​ឯកសិទ្ធិ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​ស្គាល់​ចិត្ត​ពួកគេ ហើយ​ដឹកនាំ​ពួកគេ​ទៅរក​ព្រះអង្គសង្គ្រោះ​របស់​យើង ។

រូបភាព
ចៀម​ដើរ​តាម​អ្នក​គង្វាល​ល្អ

បងស្រី​ហូស៊ីវីនី​នៅ​ប្រទេស​ហ្វីជី​មាន​ការលំបាក​នឹង​មើល​ឃើញ​ផ្លូវ​របស់​គាត់​នៅ​ផ្លូវ​នៃ​សេចក្តីសញ្ញា—គឺ​ពិបាក​ណាស់ ។ មិត្ត​ភក្ដិ​របស់​គាត់​បាន​ឃើញ​ថា ហូស៊ីវីនី​មាន​ភ្នែក​ងងឹត​ពិបាក​នឹង​អាន​ព្រះគម្ពីរ ។ មិត្ត​នោះ​បាន​ឲ្យ​វ៉ែនតា​អាន​អក្សរ​ថ្មី​មួយ​គូ​ទៅ​ហូស៊ីវីនី និង​ខ្មៅដៃ​ពណ៌​លឿង​ភ្លឺ​មួយ ដើម្បី​គូស​ចំណាំ​គ្រប់​ខគម្ពីរ​ដែល​ថ្លែង​ពី​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​មរមន ។ បំណង​ប្រាថ្នា​ដ៏​សាមញ្ញ​មួយ​ដើម្បី​ចាប់ផ្តើម​ធ្វើ​ការងារ​បម្រើ និង​ជួយ​ឲ្យ​សិក្សា​ព្រះគម្ពីរ​កើត​ចេញ​ជា​លទ្ធផល ដែល​ធ្វើ​ឲ្យ​ហូស៊ីវីនី​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​របស់​គាត់​គឺ ២៨ ឆ្នាំ​បន្ទាប់​ពី​គាត់​ជ្រមុជទឹក ។

រូបភាព
បងស្រី​ហូស៊ីវីនី
រូបភាព
បងស្រី​ហូស៊ីវីនី​នៅ​ក្នុង​ព្រះវិហារ

ទោះបីជា​ចៀម​យើង​រឹងមាំ ឬ​ទន់ខ្សោយ រីករាយ ឬ​ឈឺ​ចាប់​ក្តី យើង​ត្រូវប្រាកដ​ថា គ្មាន​នរណា​ម្នាក់​មាន​អារម្មណ៍​ឯកោ​ឡើយ ។ យើង​អាច​ស្រឡាញ់​ពួកគេ ទោះ​ពួកគេ​មាន​ជីវភាព​ខាង​វិញ្ញាណ​យ៉ាង​ណា​ក៏​ដោយ ហើយ​ផ្តល់​ការគាំទ្រ និង​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បោះ​ជំហាន​ទៅ​មុខ ។ ពេល​យើង​អធិស្ឋាន និង​ព្យាយាម​យល់​ចិត្ត​របស់​ពួកគេ នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​យើង ហើយ​ព្រះវិញ្ញាណ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ។ យើង​មាន​ឱកាស​ដើម្បី​ធ្វើ​ជា « ពួក​ទេវតា​នៅ​ព័ទ្ធជុំវិញ​ពួកគេ » នៅពេល​ទ្រង់​យាង​ទៅ​មុខ​ពួកគេ ។

រូបភាព
អ្នកគង្វាល​ល្អ​នៅ​ជាមួយ​ចៀម​របស់​ទ្រង់

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ផ្ដល់​ចំណី​ឲ្យ​ចៀម​របស់​ទ្រង់ ឲ្យ​មើល​ថែ​ហ្វូង​ចៀម​ទ្រង់​ដូច​ទ្រង់​បាន​ធ្វើ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​ប្រទេស ។ ( ហើយ​មែនហើយ​ប្រធាន​អុជដុហ្វ យើង​ចូលចិត្ត និង​ត្រូវការ​សុនក​អាល្លឺម៉ង់​ណាស់ ) ។ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យុវវ័យ​ចូលរួម​នៅក្នុង​បុព្វហេតុ​នេះ ។

យុវវ័យ​របស់​យើង​អាច​ក្លាយ​ជា​អ្នក​គង្វាល​ដ៏​រឹងប៉ឹង​បំផុត​របស់​យើង ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ពួកគេ​នៅក្នុង « ចំណោម​មនុស្ស​ល្អ​បំផុត​ដែល​ព្រះអម្ចាស់ បាន បញ្ជូន​មក​កាន់​លោកិយ​នេះ » ។ ពួកគេ​គឺ​ជា « វិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត», ជា​« ក្រុម​ដ៏​ល្អ​បំផុត » ដែល​ដើរតាម​ព្រះអង្គសង្គ្រោះ ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​អំណាច​ដែល​អ្នក​គង្វាល​បែប​នោះ​នឹង​កើត​មាន ពេល​ពួកគេ​មើល​ថែ​ចៀម​របស់​ទ្រង់​ដែរ​ឬ​ទេ ? ដោយ​ចេញ​ទៅ​ធ្វើ​ការងារ​បម្រើ​ជាមួយ​យុវវ័យ​ទាំង​នេះ នោះ​យើង​នឹង​ឃើញ​ពី​ការណ៍​អស្ចារ្យ​នេះ ។

យុវជន​យុវនារី​អើយ​យើង​ត្រូវ​ការ​ក្មួយៗ ! ប្រសិនបើ​ក្មួយៗ​ពុំ​ទាន់​មាន​ការចាត់តាំង​ឲ្យ​ទៅ​ធ្វើ​ការងារ​បម្រើ​ទេ សូម​ទៅជួប​ជាមួយ​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​របស់​ក្មួយ ។ ពួកគាត់​នឹង​រីករាយ​ព្រោះតែ​ឆន្ទៈ​របស់​ក្មួយៗ​ដើម្បី​ប្រាកដ​ថា ចៀម​របស់​ទ្រង់​ត្រូវបាន​ស្គាល់ និង​រាប់ មើលថែ ព្រមទាំង​បាន​ប្រមូល​វា​ចូល​ក្នុង​ក្រោក​នៃ​ព្រះ ។

នៅពេល​ថ្ងៃ​នោះ​មក​ដល់ យើង​នឹង​លុត​ជង្គង់​នៅ​ព្រះបាទា​របស់​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ដោយ​បាន​បីបាច់​ហ្វូង​ចៀម​ទ្រង់ នោះ​ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​អាច​ឆ្លើយ​ដូច​ពេត្រុស​បាន​ឆ្លើយ​ថា ៖ « ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ។១០ ចៀម​របស់​ទ្រង់​ទាំងនេះ​ត្រូវបាន ស្រឡាញ់ ពួកគេ មាន​សុវត្ថិភាព ហើយ​ពួកគេ បាន​ទៅ​ផ្ទះ​វិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។