ឆ្នាំ ២០១០-២០១៩
ស្ត្រី និង​ការរៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន
ខែ តុលា ឆ្នាំ ២០១៨


ស្ត្រី និង​ការរៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន

ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​របៀប​ដែល​បងប្អូន​នឹង​ដើរ​តួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​របស់​ទ្រង់ ដើម្បី​គូស​បញ្ជាក់​កាន់តែ​ខ្លាំង​ស្ដីពី​ការ​រៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ជួប​នឹង​បងប្អូន ។ នេះ​គឺជា​គ្រា​ដ៏​រីករាយ​មួយ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ព្រះអម្ចាស់​កំពុង​ចាក់​ស្រោច​ចំណេះ​ដឹង​ដល់​សាសនាចក្រ​របស់​ទ្រង់ ដូច​ដែលទ្រង់​បាន​សន្យា ។

បងប្អូន​នៅ​ចាំ​បន្ទូល​របស់​ទ្រង់​ទេ​ថា « តើ​ទឹក​ហូរ​នឹង​នៅ​កខ្វក់​យូរ​ប៉ុណ្ណា​ទៅ ? តើ​អំណាច​អ្វី​ដែល​នឹង​បញ្ឈប់​សួគ៌ា​បាន ? ដូច​ជា​មនុស្ស​ណា​ម្នាក់​លាត​ដៃ​ខ្សោយ​ទៅ​បញ្ឈប់​ទន្លេ​មិសសួរី នៅ​ក្នុង​ដំណើរ​វា​ដែល​បាន​សម្រេច​ទុក ឬ​បង្វែរ​ទឹក​ហូរ​បញ្ច្រាស​យ៉ាង​ណា នោះ​ក៏​ដូច​ជា​បង្អាក់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ពី​ការ​ចាក់​តម្រិះ​ពី​ស្ថាន​សួគ៌ មក​លើ​ក្បាល​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យ៉ាង​នោះ​ដែរ »។

ផ្នែក​មួយ​នៃ​ការ​ចែកចាយ​ចំណេះ​ដឹង​នា​ពេល​បច្ចុប្បន្ន​របស់​ព្រះអម្ចាស់​ទាក់​ទង​នឹង​ការ​ពន្លឿន​នៃ​ការ​ចាក់​ស្រោច​សេចក្តីពិត​អស់កល្ប​របស់​ទ្រង់​មក​លើ​ក្បាល និង​ទៅ​ក្នុង​ដួង​ចិត្ត​របស់​រាស្ត្រ​ទ្រង់ ។ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​បុត្រី​របស់​ព្រះវរបិតាសួគ៌​នឹង​មាន​តួនាទី​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ការ​ពន្លឿន​ដ៏​អស្ចារ្យ​នោះ ។ ភស្ដុតាង​មួយ​នៃ​អព្ភូតហេតុ​នោះ​គឺ​ការ​ដឹកនាំ​របស់​ទ្រង់​ដល់​ព្យាការី​នៅរស់​ឲ្យ​ធ្វើ​ការ​គូស​បញ្ជាក់​បន្ថែម​ទៀត​ស្ដីពី​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​ក្នុង​គ្រួសារ ។

បងប្អូន​អាច​សួរ​ថា « តើ​ការណ៍​នោះ​ធ្វើ​ឲ្យ​បងប្អូន​ស្រី​ស្មោះត្រង់​ជា​កម្លាំង​ដ៏​សំខាន់​មួយ ដើម្បី​ជួយ​ព្រះអម្ចាស់​ចាក់​ស្រោច​ចំណេះ​ដឹង​លើ​ពួក​បរិសុទ្ធ​របស់​ទ្រង់​តាម​របៀប​ណា ? » ព្រះអម្ចាស់​ប្រទាន​ចម្លើយ​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ បងប្អូន​ចងចាំ​ពាក្យ​ទាំង​នោះ ប៉ុន្តែ​បងប្អូន​អាច​មើល​ឃើញ​អត្ថន័យ​ថ្មី ហើយ​ស្គាល់​ថា ព្រះអម្ចាស់​បាន​ទត​ឃើញ​ជា​មុន​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​រីករាយ​ទាំង​នេះ ដែល​កំពុង​កើត​ឡើង ។ នៅ​ក្នុង​ការ​ប្រកាស​នោះ ទ្រង់​បាន​ប្រទាន​ការ​ទទួល​ខុស​ត្រូវ​ដល់​បងប្អូន​ស្រី​ឲ្យ​ធ្វើ​ជាអ្នក​បង្ហាត់​បង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​នៅ​ក្នុង​គ្រួសារ តាមរយៈ​បន្ទូល​ទាំង​នេះ​ថា « ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន » ។​ ការណ៍​នេះ​រួម​បញ្ចូល​ទាំង​ការ​ថែរក្សា​បីបាច់​សេចក្ដីពិត និង​ចំណេះដឹង​នៃ​ដំណឹងល្អ​ផង​ដែរ ។

ការ​ប្រកាស​នេះបន្ត​ទៀត​ថា « ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា » ។ ពួកគេ​គឺជា​ដៃគូ​ស្មើ​ភាព​គ្នា ស្មើ​ភាព​នៅ​ក្នុង​សក្ដានុពល​របស់​ពួកគេ​ដើម្បី​រីកចម្រើន​ខាង​វិញ្ញាណ និង​ទទួល​បាន​ចំណេះដឹង ហើយ​សាមគ្គីគ្នា​ដោយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពួកគេ​ស្មើ​ភាព​គ្នា​នៅ​ក្នុង​ជោគ​វាសនា​ដ៏​ទេវភាព​របស់​ពួកគេ​ដើម្បី​បាន​តម្កើង​ឡើង​រួម​គ្នា ។ ពិតណាស់ ទាំង​បុរស និង​ស្ត្រី​ពុំ​អាច​បាន​តម្កើង​ឡើង​តែ​ម្នាក់​ឯង​ឡើយ ។

ចុះ​ហេតុអ្វី​បាន​ជា​បុត្រី​ម្នាក់​របស់​ព្រះ​ទទួល​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​ដើម្បី​ចិញ្ចឹម​បី​បាច់​ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​ទាំងអស់​ត្រូវ​ទទួល ជា​ចំណេះដឹង​នៃ​សេចក្ដី​ពិត​ដែល​មក​ពី​ស្ថានសួគ៌ នៅ​ក្នុង​ទំនាក់ទំនង​ដ៏​សាមគ្គី និង​ស្មើភាព​គ្នា​មួយ ? តាម​ខ្ញុំ​យល់ ការណ៍​នោះ​ជា​របៀប​របស់​ព្រះអម្ចាស់​ចាប់តាំង​ពី​ក្រុម​គ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ផែន​ដី​មក​ម្ល៉េះ ។

ឧទាហរណ៍​អេវ៉ា​គឺ​ជា​អ្នក​ដែល​ទទួល​ចំណេះ​ដឹង​ថា អ័ដាម​ចាំបាច់​ត្រូវ​ទទួល​ទាន​ផ្លែ​នៃ​ដើម​ដឹង​ខុសត្រូវ ដើម្បី​ឲ្យ​ពួកគេ​គោរព​តាម​រាល់​បទបញ្ញត្តិ​របស់​ព្រះ ហើយ​បង្កើត​គ្រួសារ​មួយ​ឡើង ។ ខ្ញុំ​ពុំ​ដឹង​ថា ហេតុអ្វី​ចំណេះ​ដឹង​នោះ​បាន​ទៅ​ឯ​អេវ៉ា​មុន​ទេ ប៉ុន្តែ​អ័ដាម និង​អេវ៉ា​បាន​សាមគ្គីគ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ពេល​ចំណេះ​ដឹង​នោះ​ត្រូវ​បាន​ចាក់​ស្រោច​មក​លើ​អ័ដាម ។

គំរូ​មួយ​ទៀត​នៃ​ការដែល​ព្រះអម្ចាស់​ប្រើ​ប្រាស់​អំណោយទាន​ចិញ្ចឹម​បី​បាច់​របស់​ស្ត្រី​គឺ វិធី​មួយ​ដែល​ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​ពួកកូន​ប្រុស​របស់​ហេលេមិន ។ ខ្ញុំ​ក្ដុក​ក្ដួល​នៅ​ក្នុង​ចិត្ត នៅ​ពេល​ខ្ញុំ​អាន​ដំណើរ​រឿង​នេះ រួច​ហើយ​ចងចាំ​ដល់​ពាក្យ​សម្ដី​អះអាង​ស្ងៀម​ស្ងាត់​របស់​អ្នក​ម្ដាយ​ខ្ញុំ កាល​ខ្ញុំ​ចេញ​ទៅ​បម្រើ​កង​ទ័ព ។

ហេលេមិន​បាន​កត់ត្រា​ថា ៖

« ពួកគេ​ត្រូវ​បាន​បង្រៀន​ដោយ​ម្តាយ​គេ​ថា បើសិន​ជា​ពួក​គេ​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ​ឲ្យ​រួច ។

ហើយ​ពួក​គេ​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​នូវ​ពាក្យ​ពេចន៍​របស់​ម្តាយ​គេ​ថា ៖ យើង​ខ្ញុំ​មិន​សង្ស័យ​សោះ​ថា ម្តាយ​យើង​ដឹង​ការណ៍​នេះ » ។

ទោះ​ខ្ញុំ​ពុំ​ដឹង​ហេតុផល​ទាំងអស់​របស់​ព្រះអម្ចាស់​ចំពោះ​ការ​ផ្ដល់​ការ​ទទួល​ខុស​ត្រូវ​ចម្បង​ក្នុង​ការចិញ្ចឹម​បីបាច់​នៅ​ក្នុង​គ្រួសារ​ដល់​បងប្អូន​ស្រី​ស្មោះត្រង់​ក្ដី ក៏​ខ្ញុំ​ជឿ​ថា វា​ទាក់​ទង​នឹង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់​ដែរ ។ វា​ត្រូវការ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ដើម្បី​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ម្នាក់​ទៀត​ដែល​ពុំ​មែន​ជា​ខ្លួន​ឯង ។ សេចក្ដី​ស្រឡាញ់​នោះ​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​សម្រាប់​បុគ្គល​ដែល​បងប្អូន​ចិញ្ចឹម​បីបាច់ ។ អារម្មណ៍​នៃ​សេចក្ដី​សប្បុរស​នោះ​កើត​ចេញ​ពី​បុគ្គល​ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ចិញ្ចឹម​បីបាច់ ដែល​មាន​ភាព​ស័ក្ដិសម​សម្រាប់​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បាវចនា​របស់​សមាគម​សង្គ្រោះ ដែល​អ្នក​ម្ដាយ​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​នោះ ហាក់​ដូច​បំផុស​គំនិត​ខ្ញុំ​ថា « សេចក្ដីស្រឡាញ់​មិន​ដែល​ផុត​ឡើយ » ។

ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ បងប្អូន​មាន​សមត្ថភាព​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ដឹងពី​សេចក្ដីត្រូវការ​របស់​មនុស្ស​ដទៃ និង​ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់ ។ ជា​លទ្ធផល ការណ៍​នេះ​ធ្វើ​ឲ្យ​បងប្អូន​កាន់​តែ​ឆាប់​ឮ​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ។ បន្ទាប់​មក ព្រះវិញ្ញាណ​អាច​ដឹកនាំ​ការ​គិត ការ​និយាយ និង​កិច្ចការ​ដែល​បងប្អូន​ធ្វើ​ដើម្បី​ចិញ្ចឹម​បីបាច់​មនុស្ស ដើម្បី​ព្រះអម្ចាស់​អាច​ចាក់​ស្រោច​ចំណេះ​ដឹង សេចក្ដីពិត និង​ភាព​ក្លាហាន​ដល់​ពួកគេ ។

បងប្អូន​ស្រី​ដែល​កំពុង​ស្ដាប់​ឮ​សំឡេង​របស់​ខ្ញុំ បងប្អូន​ម្នាក់ៗ​ស្ថិត​នៅ​កន្លែង​ដ៏​ពិសេស​មួយ​ក្នុង​ដំណើរ​របស់​បងប្អូន​ឆ្លង​កាត់​ជីវិត​នេះ ។ បងប្អូន​ខ្លះ​គឺជា​ក្មេង​ស្រី​ចូល​រួម​សម័យ​ប្រជុំ​ស្ត្រី​ទូទៅ​ជាលើក​ដំបូង ។ ខ្លះ​ទៀត​គឺ​ជា​យុវនារី​ដែល​កំពុង​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ចិញ្ចឹម​បីបាច់ស្រប​តាម​ព្រះទ័យ​របស់​ព្រះ ។ ខ្លះ​ទៀត​ទើប​រៀបការ​ថ្មោង​ថ្មី ដែល​ពុំ​ទាន់​មាន​កូន​នៅ​ឡើយ រី​ឯ​ខ្លះ​ទៀត​គឺ​ជា​ម្ដាយ​វ័យ​ក្មេង​ដែល​មាន​កូន​ម្នាក់ ឬ​ច្រើន ។ ខ្លះ​គឺជា​ម្ដាយ​នៃ​ក្មេង​ជំទង់ ហើយ​ខ្លះ​ទៀត​មាន​កូន​នៅ​ក្នុង​តំបន់​បេសកកម្ម ។ ខ្លះ​មាន​កូន​ដែល​មាន​សេចក្ដី​ជំនឿ​ចុះ​ខ្សោយ ហើយ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ ។ ខ្លះ​រស់​នៅ​តែ​ម្នាក់​ឯង គ្មាន​ដៃគូ​ស្មោះត្រង់ ។ ខ្លះ​ទៀត​គឺ​ជា​ជីដូន ។

ប៉ុន្តែ ទោះ​ជា​ស្ថានភាព​បងប្អូន​បែប​ណា​ក្ដី ក៏​បងប្អូន​គឺជា​ផ្នែក​មួយ—ផ្នែក​មួយ​ដ៏​សំខាន់—នៃ​គ្រួសារ​របស់​ព្រះ និង​គ្រួសារ​របស់​បងប្អូន​ផ្ទាល់​ដែរ មិន​ថា​នា​ពេល​អនាគត នៅ​ក្នុង​ពិភពលោក​នេះ ឬ​ក្នុង​ពិភព​វិញ្ញាណ​នោះ​ទេ ។ ព្រះ​ទុក​ព្រះទ័យ​ឲ្យ​បងប្អូន​ចិញ្ចឹម​បីបាច់​សមាជិក​គ្រួសារ​របស់​ទ្រង់ និង​របស់​បងប្អូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ប្រើ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

បញ្ហា​រួម​របស់​បងប្អូន​គឺ​ត្រូវ​ស្គាល់​បុគ្គល​ដែល​ត្រូវ​ចិញ្ចឹម​បី​បាច់​នោះ ដឹង​ពី​របៀប និង​ពេលវេលា ។ បងប្អូន​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ ។ ទ្រង់​ស្គាល់​ដួង​ចិត្ត​របស់​មនុស្ស​ដទៃ ហើយ​ទ្រង់​ស្គាល់​ពី​ពេលវេលា​ដែល​ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ការ​ចិញ្ចឹម​បីបាច់​របស់​បងប្អូន ។ ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​បងប្អូន​នឹង​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​បងប្អូន ។ បងប្អូន​អាច​ពឹង​ផ្អែក​លើ​ការទទួល​បាន​ការ​ដឹកនាំ​របស់​ទ្រង់ ។

ទ្រង់​បាន​ប្រទាន​ការ​លើក​ទឹក​ចិត្ត​នេះ​ថា « ចូរ​សូម​ពី​ព្រះវរបិតា​ដោយ​នូវ​ព្រះនាម​យើង ដោយ​សេចក្តី​ជំនឿ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ហើយ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​សម្តែង​ប្រាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ចាំបាច់​ដល់​កូនចៅ​មនុស្ស » ។

បន្ថែម​ពី​លើ​ការ​អធិស្ឋាន នោះ​ការ​សិក្សា​ព្រះគម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​ជា​ផ្នែក​មួយ​នៃ​ការ​កើន​ឡើង​នូវ​អនុភាព​របស់​បងប្អូន​ដើម្បី​ចិញ្ចឹម​បីបាច់ ។ នេះ​គឺជា​ការ​សន្យា ៖ « ហើយ​ចូរ​អ្នករាល់គ្នា​កុំ​ថប់​ព្រួយ​ទុក​ជា​មុន​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថា​នោះ​ឡើយ ប៉ុន្តែ​ចូរ​រក្សា​ទុក​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា ជា​បន្ត​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​ខាង​ជីវិត​វិញ ហើយ​សេចក្តី​ដែល​ត្រូវ​និយាយ​នឹង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នៅ​ចំ​ម៉ោង​នោះ​ឯង​នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់រូប »។

ដូច្នេះ​បងប្អូន​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​អធិស្ឋាន ពិចារណា ហើយ​ស្មឹង​ស្មាធ​អំពី​បញ្ហា​ខាង​វិញ្ញាណ ។ បងប្អូន​នឹង​មាន​ចំណេះ​ដឹង​នៃ​សេចក្ដី​ពិតចាក់​ស្រោច​មក​លើ​បងប្អូន ហើយ​រីកចម្រើន​នៅ​ក្នុង​អនុភាព​របស់​បងប្អូន​ដើម្បី​ចិញ្ចឹម​បី​បាច់​មនុស្ស​ដទៃ​ក្នុង​គ្រួសារ​របស់​បងប្អូន ។

ពេល​ខ្លះ បងប្អូន​នឹង​មាន​អារម្មណ៍​ថា ការ​រីក​ចម្រើន​របស់​បងប្អូន​នៅ​ក្នុង​ការរៀនសូត្រ​ដើម្បី​ឲ្យ​មាន​ការ​ចិញ្ចឹម​បី​បាច់​ដ៏​ប្រសើរ​មាន​សភាព​យឺត ។ វា​នឹង​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ស៊ូទ្រាំ ។ ព្រះអង្គសង្គ្រោះ​បាន​បញ្ជូន​ការ​លើក​ទឹក​ចិត្ត​នេះ​ដល់​បងប្អូន ៖

« ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង ។

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម ហើយ​ពួក​ដែល​ស្ម័គ្រ​តាម ហើយ​ស្តាប់​បង្គាប់​នឹង​បាន​បរិភោគផល​ល្អ​នៃ​ដែន​ដី​ស៊ីយ៉ូន​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ » ។

វត្តមាន​របស់​បងប្អូន​នារាត្រី​នេះ​គឺជា​ភស្ដុតាង​មួយ​ថា បងប្អូន​កំពុង​យល់​ព្រម​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ដើម្បី​ចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ ។ ការណ៍​នោះ​គឺ​ពិត សូម្បីតែ​ចំពោះបុគ្គល​ដែល​ក្មេង​ជាង​គេ​បំផុត​នៅ​ទី​នេះ​នា​រាត្រី​នេះក្ដី ។ បងប្អូន​អាច​ស្គាល់​បុគ្គល​ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ។ ប្រសិន​បើ​បងប្អូន​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះសរ នោះ​ឈ្មោះ ឬ​មុខ​របស់​មនុស្ស​ម្នាក់​នឹង​ផុស​ឡើង​នៅ​ក្នុង​គំនិត​របស់​បងប្អូន ។ ប្រសិន​បើ​បងប្អូន​អធិស្ឋាន​ដើម្បី​ដឹង​ពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ ឬ​អ្វី​ដែល​ត្រូវ​និយាយ នោះ​បងប្អូន​នឹង​ទទួល​បាន​ចម្លើយ​មួយ ។ រាល់​ពេល​ដែល​បងប្អូន​គោរព​តាម នោះ​អនុភាព​ដើម្បី​ចិញ្ចឹម​បីបាច់​របស់​បងប្អូន​នឹង​រីកចម្រើន ។ បងប្អូន​នឹង​រៀបចំខ្លួន​សម្រាប់​គ្រា​ដែល​បងប្អូន​នឹង​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​បងប្អូន​ផ្ទាល់ ។

ម្ដាយ​របស់​ក្មេង​ជំទង់​អាច​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​ចិញ្ចឹម​បីបាច់​កូនប្រុស ឬ​កូន​ស្រី​ម្នាក់​ដែល​ទំនង​ជា​មិន​ទទួល​យក​ការ​ចិញ្ចឹម​បីបាច់ ។ បងប្អូន​អាច​អធិស្ឋាន​ដើម្បី​ដឹង​ពី​បុគ្គល​ដែល​មាន​ឥទ្ធិពល​ខាង​វិញ្ញាណ​ដែល​កូន​របស់​បងប្អូន​ត្រូវការ ហើយ​នឹង​ព្រម​ទទួល​យក ។ ព្រះ​ស្ដាប់​ឮ ហើយ​ឆ្លើយ​ចំពោះ​ការ​អធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​បែប​នេះ​របស់​ម្ដាយ​ដែល​មាន​ការ​ព្រួយ​បារម្ភ ហើយ​ទ្រង់​បញ្ជូន​ជំនួយ​មក ។

ក៏​ដូចជា​ជីដូន​ដែល​បាន​មក​ចូល​រួម​នារាត្រី​នេះ ហើយ​អាច​មាន​ការ​ឈឺចិត្ត ដោយសារ​តែ​ការ​ឈឺចាប់ និង​ការ​លំបាក​នៃ​កូនចៅ​របស់​គាត់​ផង​ដែរ ។ បងប្អូន​ប្រហែល​ជា​ត្រូវរៀន​ពី​ភាព​ក្លាហាន និង​ការ​ដឹកនាំ​មក​ពី​បទពិសោធន៍​របស់​ក្រុម​គ្រួសារ​នៅ​ក្នុង​បទគម្ពីរ ។

ចាប់​តាំង​ពី​ជំនាន់​អេវ៉ា និង​អ័ដាម រហូត​ដល់ ឪពុក​អ៊ីស្រាអែល ហើយ​បន្ត​មក​ទៀត​រហូត​ដល់គ្រប់​គ្រួសារ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន មាន​នូវ​មេរៀន​ដ៏​ជាក់​លាក់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ទាក់ទង​នឹង​ក្តីសោកសៅ​ពី​កូន​ដែល​គ្មាន​ការឆ្លើយ​តប ៖ ត្រូវ​ផ្ដល់​សេចក្ដី​ស្រឡាញ់​ជានិច្ច ។

យើង​មាន​នូវ​គំរូ​ដ៏​លើក​ទឹកចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ កាល​ទ្រង់​បាន​ចិញ្ចឹម​បីបាច់​ដល់​កូនចៅ​វិញ្ញាណ​ដែល​បះបោរ​របស់​ព្រះវរបិតា​សួគ៌​នៃ​ទ្រង់ ។ សូម្បី​តែ​នៅ​ពេល​ពួកគេ និង​យើង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ក្ដី ក៏​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​តែ​លាត​សន្ធឹង​ដែរ ។ ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង​នីហ្វៃ​ទី ៣ ស្ដីពី​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ព្យាយាម​ចិញ្ចឹម​បីបាច់ ប៉ុន្តែ​ពុំ​បាន​ជោគជ័យ​សោះ ៖ « ឱ​អ្នក​រាល់​គ្នា ដែល​ជា​ប្រជាជន … ដែល​ត្រូវ​ជា​វង្ស​អ៊ីស្រាអែល ជា​ញឹកញាប់​យ៉ាង​ណា​ទៅ ដែល​យើង​បាន​ប្រមូល​អ្នក​រាល់​គ្នា ដូច​ជា​មេមាន់​ប្រមូល​កូន​របស់​វា​នៅ​ក្រោម​ស្លាប​វា ហើយ​បាន​ចិញ្ចឹម​អ្នក​រាល់គ្នា » ។

ចំពោះ​បងប្អូន​ស្រី​នៅ​គ្រប់​ដំណាក់​កាល​នៃ​ដំណើរ​ជីវិត គ្រប់​ស្ថានភាព​គ្រួសារ និង​គ្រប់​វប្បធម៌ ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​របៀប​ដែល​បងប្អូន​នឹង​ដើរ​តួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​របស់​ទ្រង់ ដើម្បី​គូស​បញ្ជាក់​កាន់តែ​ខ្លាំង​ស្ដីពី​ការ​រៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​គ្រួសារ ។

បងប្អូន​នឹង​បម្លែង​អារម្មណ៍​នៃ​សេចក្ដី​សប្បុរសពិត​របស់​បងប្អូន​ទៅ​ជា​សកម្មភាព និង​ការ​អនុវត្ត​ក្នុង​គ្រួសារ​របស់​បងប្អូន ។ ការណ៍​នោះ​នឹង​នាំ​មក​នូវ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ដ៏​ធំ ។ នៅ​ពេល​បងប្អូន​អធិស្ឋាន​ជាមួយ និង​សម្រាប់​សមាជិក​គ្រួសារ នោះ​បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ពួកគេ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ​ដែរ ។ ការណ៍​នោះ​នឹង​ក្លាយ​ជា​អំណោយទាន​ខាង​វិញ្ញាណ​របស់​បងប្អូន នៅ​ពេល​បងប្អូន​ស្វែង​រក​វា ។ សមាជិក​គ្រួសារ​របស់​បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​វា នៅ​ពេល​បងប្អូន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង ។

នៅ​ពេល​គ្រួសារ​ប្រជុំ​គ្នា​អាន​បទគម្ពីរ​ឮៗ នោះ​បងប្អូន​នឹង​បាន​អាន​បទគម្ពីរ​នោះ​រួចហើយ ហើយ​បាន​អធិស្ឋានពី​វា​ដើម្បី​រៀបចំខ្លួន​របស់​បងប្អូន ។ បងប្អូន​នឹងបាន​រក​ឃើញ​គ្រា​ដើម្បី​អធិស្ឋាន​ទូល​សូម​ព្រះវិញ្ញាណ​ឲ្យ​បំភ្លឺ​គំនិត​របស់​បងប្អូន ។ បន្ទាប់មក នៅ​ពេល​ដល់​វេន​បងប្អូន​ត្រូវ​អាន នោះ​សមាជិក​គ្រួសារ​នឹង​ទទួល​បាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះ និង​ចំពោះ​បន្ទូល​របស់​ទ្រង់ ។ ពួកគេ​នឹង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​តាមរយៈ​ទ្រង់ និង​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

ការ​ចាក់​ស្រោច​ដូចគ្នា​នេះ​អាច​កើត​មាន​នៅ​ក្នុង​ការ​ប្រជុំគ្នា​ជា​គ្រួសារ​ផ្សេងៗ ប្រសិន​បើ​បងប្អូន​អធិស្ឋាន ហើយ​ដាក់​ផែនការ​សម្រាប់​កិច្ចការ​នេះ ។ វា​ប្រហែល​ជា​ត្រូវការ​ការ​ខិតខំ និង​ពេលវេលា ប៉ុន្តែ​វា​នឹង​នាំ​មក​នូវ​អព្ភូតហេតុ ។ ខ្ញុំ​ចងចាំ​ពី​មេរៀន​មួយ​ដែល​អ្នក​ម្ដាយ​ខ្ញុំ​បាន​បង្រៀន កាល​ខ្ញុំ​នៅ​ក្មេង ។ ខ្ញុំ​នៅ​ចាំ​ពី​ផែនទី​ពណ៌​ដែល​គាត់​បាន​ធ្វើ​ឡើង​ស្ដីពី​ការ​ធ្វើ​ដំណើរ​របស់​សាវក​ប៉ុល ។ ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​គាត់​មាន​ពេលវេលា និង​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​នោះ​តាម​របៀប​ណា ។ ហើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មាន​ពរ​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​សាវក​ដ៏​ស្មោះត្រង់​រូប​នោះ ។

បងប្អូន​ម្នាក់ៗ​នឹង​រក​ឃើញ​វិធី​ដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ចាក់​ស្រោច​នៃ​សេចក្ដី​ពិត​ទៅ​លើ​ក្រុម​គ្រួសារ​របស់​បងប្អូន​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។ បងប្អូន​ម្នាក់ៗ​នឹង​អធិស្ឋាន សិក្សា ហើយ​ពិចារណា​ដើម្បី​ដឹង​ពី​ការ​ចូល​រួម​ចំណែក​ដ៏​វិសេស​វិសាល​របស់​បងប្អូន ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ដោយ​ទឹម​ស្មើ​គ្នា​នឹង​ពួក​កូន​ប្រុស​របស់​ព្រះ នោះ​បងប្អូន​ម្នាក់ៗ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អព្ភូតហេតុ​មួយ​នៃ​ការ​រៀនសូត្រ និង​ការ​រស់​នៅ​តាម​ដំណឹងល្អ ដែល​នឹង​ពន្លឿន​ដល់​ការ​ប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​នឹង​រៀបចំ​គ្រួសារ​របស់​ព្រះ​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​ដ៏​រុង​រឿង​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។