ឆ្នាំ ២០១០-២០១៩
ឪពុក​ម្តាយ និង​កូន​ចៅ
ខែ តុលា ឆ្នាំ ២០១៨


ឪពុក​ម្តាយ និង​កូន​ចៅ

ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង​ប្រាប់​អ្នក​ថា អ្នក​ជា​នរណា ហើយ​ថា​អ្វី​ទៅ​ជា​គោលបំណង​នៃ​ជីវិត​នេះ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់ ឱ វា​ជា​ឱកាស​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​ដែល​មាន​សម័យ​ប្រជុំ​សន្និសីទ​ថ្មី​នេះ​សម្រាប់​ស្ត្រី​ក្នុង​សាសនាចក្រ​អាយុ​ចាប់​ពី​ប្រាំបី​ឆ្នាំ​ឡើង​ទៅ ។ យើង​បាន​ស្ដាប់​ឮ​សារលិខិត​ដ៏​បំផុស​គំនិត​ពី​ស៊ីស្ទើរ​ជា​ថ្នាក់​ដឹកនាំ និង​ពី​ប្រធាន ហិនរី ប៊ី អាវរីង ។ ប្រធាន អាវរីង និង​ខ្ញុំ​ចូលចិត្ត​ធ្វើ​ការក្រោម​ការដឹកនាំ​របស់​ប្រធាន​រ័សុល អិម ណិលសុន ហើយ​យើង​ទន្ទឹង​រង់ចាំ​ស្តាប់​សុន្ទរកថា​ដ៏​ប្រកប​ដោយ​ការព្យាករ​របស់​លោក ។

I.

កូនចៅ​គឺជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​មក​ពី​ព្រះ—គឺ​ជា​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង ។ ប៉ុន្តែ​យើង​រស់នៅ​ក្នុង​គ្រា​ដែល​ស្ត្រី​ជា​ច្រើន​ពុំ​ចង់​បង្កើត​កូន និង​ចិញ្ចឹម​កូន​ឡើយ ។ យុវមជ្ឈិមវ័យ​ជាច្រើន​ពន្យារ​ពេល​រៀបការ​រហូត​ដល់​តម្រូវការ​ខាង​សាច់​ឈាម​បាន​រឹងប៉ឹង​សិន ។ អាយុ​មធ្យម​នៃ​អាពាហ៍ពិពាហ៍​របស់​សមាជិក​សាសនាចក្រ​យើង​បាន​កើន​ឡើង​ជាង​ពីរ​ឆ្នាំ ហើយ​ចំនួន​កំណើត​នៃ​កូន​សមាជិក​កំពុង​ធ្លាក់​ចុះ ។ សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ប្រឈម​មុខ​នឹង​អនាគត​មួយ​ដែល​មាន​កូន​ធំ​ពេញ​វ័យ​តិច​ពេក រហូត​ស្ទើរ​មិន​អាច​ផ្គត់ផ្គង់​មជ្ឈិមវ័យ​ដែល​ចូល​និវត្តន៍​ជាច្រើន​បាន ។ កំណើត​ជាង ៤០ ភាគរយ​នៅក្នុង​សហរដ្ឋ​អាមេរិក​គឺ​កើត​ពី​ម្តាយ​ដែល​ពុំ​បាន​រៀបការ ។ ក្មេងៗ​ទាំង​នោះ​ត្រូវការ​ការយកចិត្ត​ទុកដាក់​ជា​ខ្លាំង ។ និន្នាការ​នីមួយៗ​ទាំង​នេះ​ប្រឆាំង​​នឹង​ផែនការ​នៃ​សេចក្តីសង្រ្គោះ​ដ៏​ទេវភាព​របស់​ព្រះវរបិតា​យើង ។

II.

ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យល់​ថា ការក្លាយ​ជា​ម្តាយ​គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់​ពួកគេ ជា​អំណរ​ដ៏​ធំធេង​របស់​ពួកគេ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ស្ទើរ​គ្រប់​ផ្នែក​ទាំង​អស់ ស្ដ្រី​ពេញចិត្ត និង​មាន​សុភមង្គល​ខ្លាំង​បំផុត​នៅក្នុង​រង្វង់​គ្រួសារ និង​គេហដ្ឋាន ។ ព្រះ​បាន​បណ្តុះ​អ្វី​មួយ​ដ៏​ទេវភាព​នៅក្នុង​ស្ត្រី​ដែល​បង្ហាញ​ចេញ​ជា​កម្លាំង​ដ៏​ស្ងប់ស្ងាត់ ភាព​សមសួន ភាពសុខសាន្ត សេចក្តីល្អ គុណធម៌ សេចក្តីពិត និង​សេចក្តីស្រឡាញ់ ។ ហើយ​គុណសម្បត្តិ​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​កើត​មាន​ពិត​ប្រាកដ និង​ពេញ​ចិត្ត​បំផុត​នៅក្នុង​ភាព​ជា​ម្តាយ » ។

លោក​បាន​បន្ត​ទៀត​ថា ៖ « កិច្ចការ​ដ៏​មហិមា​បំផុត​ដែល​ស្ត្រី​នឹង​ធ្វើ​នោះ​គឺ​ការចិញ្ចឹម​បីបាច់ ការ​បង្រៀន ការ​រស់នៅ​ការលើក​ទឹកចិត្ត និង​ការចិញ្ចឹម​កូនៗ​របស់​ពួកគេ​ក្នុង​សេចក្តី​សុចរិត និង​សេចក្ដីពិត ។ គ្មាន​កិច្ចការ​ណា​ផ្សេង​ទៀត​ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​កិច្ចការ​នេះ​បាន​ឡើយ មិន​ថា​គាត់​ធ្វើ​អ្វី​ឡើយ » ។

បងប្អូន​ស្រី និង​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​អើយ យើង​ស្រឡាញ់​បងប្អូន​ទោះ​បងប្អូន​ជា​នរណា ហើយ​យើង​ស្រឡាញ់​អ្វីៗ​ដែល​បងប្អូន​ធ្វើ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។

នៅក្នុង​សុន្ទរកថា​ដ៏​សំខាន់​នា​ឆ្នាំ ២០១៥ ដែល​មាន​ចំណង​ជើង​ថា « ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ » ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ៖

« នគរ​នៃ​ព្រះ​គឺ​ពុំ​មាន និង​ពុំ​អាច​មាន​ពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ រួច​ហើយ​រក្សា​សេចក្ដីសញ្ញា ជា​ស្ត្រី​ដែល​អាច​និយាយ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​នៃ​ព្រះ​បាន​ទេ !

សព្វថ្ងៃ​នេះ…យើង​ត្រូវការ​ស្ត្រី​ដែល​ចេះ​ធ្វើ​ឲ្យ​រឿង​សំខាន់​ឲ្យ​កើត​ឡើង​តាមរយៈ​សេចក្ដីជំនឿ និង​ដែល​ការពារ​សីលធម៌ និង​ក្រុមគ្រួសារ​នៅលើ​ពិភពលោក​ដែល​ពេញ​ដោយ​អំពើ​បាប​នេះ​ដោយ​ភាពក្លាហាន ។ យើង​ត្រូវការ​ស្ត្រី​ដែល​លះបង់​ក្នុង​ការការពារ​ដល់​កូនចៅ​របស់​ព្រះ​នៅតាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ឆ្ពោះ​ទៅ​ការលើក​តម្កើង ជា​ស្ត្រី​ដែល​ចេះ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​យល់​អំពី​ព្រះចេស្ដា និង​ភាពសុខសាន្ដ​នៃ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ស្ត្រី​ដែល​ចេះ​អំពាវ​នាវ​រក​ព្រះចេស្ដា​ពី​ស្ថានសួគ៌​ដើម្បី​ការពារ និង​ពង្រឹង​ដល់​កូនចៅ និង​ក្រុមគ្រួសារ ជា​ស្រ្ដី​ដែល​បង្រៀន​ដោយ​មិន​ចេះ​ភ័យ​ខ្លាច » ។

ការបង្រៀន​ដ៏​បំផុសគំនិត​ទាំងនេះ​ផ្អែក​ទៅលើ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ​អះអាង​ជា​ថ្មី​អំពី​គោលលទ្ធិ និង​ការអនុវត្ត​នានា​ដោយ​ផ្តោត​លើ​ផែនការ​នៃ​អង្គបង្កបង្កើត ពីមុន​ទ្រង់​បាន​បង្កើត​ផែនដី​នេះ ។

III.

ឥឡូវ​នេះ ខ្ញុំ​សូម​ថ្លែង​ទៅកាន់​យុវនារី ។ ក្មួយៗ​ជា​យុវនារី​ជា​ទីស្រឡាញ់ ដោយ​សារ​ចំណេះ​ដឹង​របស់​ក្មួយ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្មួយៗ​ពិសេស​ណាស់ ។ ចំណេះ​ដឹង​របស់​ក្មួយ​នឹង​អាច​ឲ្យ​ក្មួយ​ស៊ូទ្រាំ និង​យក​ឈ្នះ​លើ​ការលំបាក​ក្នុង​ភាពពេញ​វ័យ​បាន ។ ចាប់តាំង​ពី​ក្មេង​មក ក្មួយៗ​បាន​ចូលរួម​នៅក្នុង​គម្រោង និង​កម្មវិធី​នានា​ដែល​បាន​អភិវឌ្ឍ​ទេពកោសល្យ​របស់​ក្មួយ​ដូចជា ការសរសេរ ការនិយាយ ការដាក់​ផែនការ ។ ក្មួយៗ​បាន​រៀន​ពី​ឥរិយាបថ​នៃ​ការទទួល​ខុសត្រូវ និង​របៀប​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ឲ្យ​កុហក បោក​ប្រាស់ លួច ឬ​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ញៀន ។

លក្ខណៈពិសេស​របស់​ក្មួយ​ត្រូវបាន​ទទួល​ស្គាល់​នៅក្នុង​ការសិក្សា​របស់​សាកល​វិទ្យាល័យ​មួយ​នៅ​រដ្ឋ​ខារ៉ូឡាយណា​ខាង​ជើង​អំពី​យុវវ័យ និង​សាសនា​នៅ​អាមេរិក ។ អត្ថបទ Charlotte Observer មួយ​បាន​ដាក់​ចំណង​ជើង​ថា « Mormon Teens Cope Best: Study Finds They Top Peers at Handling Adolescence » ( ពួកយុវវ័យ​មរមន​ដោះស្រាយ​បញ្ហា​បាន​ល្អ​បំផុត ៖ ការសិក្សា​រកឃើញ​ថា ពួកគេ​ទប់ទល់​នឹង​ភាពពេញ​វ័យ​បាន​ល្អ​ប្រសើរ​ជាង​ក្មេង​វ័យ​ស្រករ​គ្នា ) ។ អត្ថបទ​នេះ​បាន​ថ្លែង​ដូច្នេះ​ថា « ពួកមរមន​បាន​ធ្វើ​យ៉ាង​ល្អ​បំផុត​ក្នុង​ការចៀសវាង​ពី​ឥរិយាបថ​ប្រថុយប្រថាន​នានា រៀន​ពូកែ​នៅ​សាលា ហើយ​មាន​ឥរិយាបថ​វិជ្ជមាន​អំពី​អនាគត » ។ អ្នក​ស្រាវជ្រាវ​ម្នាក់​នៅក្នុង​ការសិក្សា​នោះ ដែល​បាន​សម្ភាស​ពួកយុវវ័យ​យើង​ជា​ច្រើន​ដែល​បាន​និយាយ​ថា « ស្ទើរតែ​គ្រប់​ផ្នែក​ដែល​យើង​បាន​វិភាគ​នោះ​មាន​លំនាំ​ដ៏​ច្បាស់​មួយ ៖ ពួកមរមន​គឺ​មាន​លេខ​រៀង​ទីមួយ » ។

ហេតុអ្វី​ក្មួយៗ​អាច​ដោះស្រាយ​បញ្ហា​លំបាក​នានា​ក្នុង​ភាពពេញ​វ័យ​បាន​យ៉ាង​ល្អ​បំផុត ? យុវនារី​អើយ ដោយសារ​ក្មួយ​យល់ពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌​យើង ។ ផែនការ​នេះ​ប្រាប់​ក្មួយ​ថា ក្មួយ​ជា​នរណា ហើយ​ថា​គោលបំណង​នៃ​ជីវិត​នេះ​ជា​អ្វី ។ យុវវ័យ​ដែល​មាន​ការយល់​ដឹង​នោះ​ដោះស្រាយ​បញ្ហា​បាន​ប្រសើរ​ជាង​គេ និង​ជ្រើសរើស​ត្រូវ​មុន​គេ ។ ក្មួយ​ដឹង​ថា ក្មួយ​អាច​មាន​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​យក​ឈ្នះ​លើ​ការលំបាក​ទាំងអស់​នៃ​ភាពពេញ​វ័យ ។

ហេតុផល​មួយ​ទៀត​នៃ​មូលហេតុ​ដែល​ក្មួយ​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​នោះ​គឺ​ថា ក្មួយ​យល់​ថា ក្មួយ​គឺជា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ស្រឡាញ់​ក្មួយ ។ ខ្ញុំ​ដឹង​ច្បាស់​ថា ក្មួយ​ស្គាល់​ទំនុក​តម្កើង​ដ៏​អស្ចារ្យ​របស់​យើង​ដែល​មាន​ចំណង​ជើង​ថា « កូនចៅ​ព្រះអើយ​ទ្រង់​គង់​ក្បែរ​អ្នក » ។ នេះ​គឺជា​វគ្គ​ទីមួយ​ដែល​យើង​ទាំងអស់​គ្នា​បាន​ច្រៀង និង​ជឿ ៖

កូនចៅ​នៃ​ព្រះ​អើយ​ទ្រង់​គង់​ក្បែរ​អ្នក

ឃុំ​គ្រង​ថ្នម​អ្នក​ទាំង​យប់​ថ្ងៃ

ត្រេកអរ​បាន​បម​បី​ឲ្យ​ពរ​អ្នក

បើ​អ្នក​ឃ្មាតខ្មី​ធ្វើ​រឿង​ត្រូវ ។

មាន​ការបង្រៀន​ពីរ​នៅក្នុង​ខគម្ពីរ​នោះ ៖ ទីមួយ ព្រះវរបិតាសួគ៌​យើង​គង់​នៅ​ក្បែរ​យើង ហើយ​ឃុំ​គ្រង​យើង​ទាំង​យប់​ទាំង​ថ្ងៃ ។ ចូរ​គិត​ពី​ចំណុច​នេះ ! ព្រះ​ស្រឡាញ់​យើង ទ្រង់​គង់​នៅក្បែរ​យើង ហើយ​ទ្រង់​ឃុំ​គ្រង​យើង ។ ទីពីរ ទ្រង់​សព្វព្រះទ័យ​ប្រទាន​ពរ​យើង ពេល​យើង « ឃ្មាត​ខ្មី​ធ្វើ​រឿង​ត្រូវ » ។ ឱ​នេះ​ជា​ការលួងលោម​មួយ​នៅក្នុង​ចំណោម​នៃ​ការថប់​បារម្ភ និង​ទុក្ខលំបាក​នានា !

មែនហើយ យុវនារី​អើយ ក្មួយៗ​មាន​ពរ ហើយ​ក្មួយ​អស្ចារ្យ​ណាស់ ប៉ុន្តែ​ក្មួយៗ​ក៏​ដូច​ជា​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​ដែរ​គឺ​ក្មួយ​ត្រូវ « ឃ្មាតខ្មី​ធ្វើ​រឿង​ត្រូវ » ។

ខ្ញុំ​អាច​ទូន្មាន​ក្មួយៗ​នូវ​រឿង​ជាច្រើន​ត្រង់​ចំណុ​ច​នេះ ប៉ុន្តែ​ខ្ញុំ​ជ្រើសរើស​និយាយ​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ ។

កាទូន្មាន​ទីមួយ​របស់​ខ្ញុំ​ទាក់ទង​នឹង​ទូរសព្ទ​ដៃ ។ ការស្ទង់​មតិ​ទូទាំង​ប្រទេស​ថ្មីៗ​នេះ​បាន​រកឃើញ​ថា យុវវ័យ​ជាង​ពាក់កណ្តាល​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ពួកគេ​ចំណាយ​ពេល​ច្រើន​ពេក​ជាមួយ​ទូរសព្ទ​ដៃ ។ ពួកគេ​ជាង ៤០ ភាគរយ​បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​អន្ទះសា ពេល​ពួកគេ​នៅ​បែក​ពី​ទូរសព្ទ​ដៃ ។ រឿង​នេះ​កើត​ឡើង​ច្រើន​ចំពោះ​ក្មេង​ស្រី​ជាង​ក្មេង​ប្រុស ។ ឱ ក្មួយ​ស្រីៗ—និង​ស្ត្រី​ពេញ​វ័យ​ផងដែរ—ជីវិត​របស់​អ្នក​នឹង​មាន​ពរ ប្រសិនបើ​អ្នក​កំណត់​ការប្រើប្រាស់ និង​ការពឹង​ផ្អែក​ទៅលើ​ទូរសព្ទ​ដៃ​របស់​អ្នក ។

ការទូន្មាន​ទី​ពីរ​របស់​ខ្ញុំ​គឺ​កាន់តែ​សំខាន់ ។ ចូរ​មាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។ សន្តាន​ចិត្ត​ល្អ​គឺជា​អ្វី​មួយ​ដែល​យុវវ័យ​យើង​ជា​ច្រើន​កំពុង​ធ្វើ​រួច​ទៅ​ហើយ ។ ក្រុម​យុវវ័យ​មួយ​ចំនួន​នៅក្នុង​សហគមន៍​ខ្លះ​បាន​បង្ហាញ​ផ្លូវ​នោះ​ដល់​ពួកយើង​ទាំងអស់​គ្នា​ហើយ ។ យើង​មាន​ការស្ងើច​សរសើរ​ចំពោះ​ទង្វើ​របស់​យុវវ័យ​យើង​ស្តីពី​ការមាន​ចិត្ត​ល្អ​ចំពោះ​អស់​អ្នក​ដែល​ត្រូវការ​សេចក្តីស្រឡាញ់ និង​ជំនួយ ។ ក្មួយៗ​ផ្តល់​ជំនួយ ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​នោះ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ក្នុង​របៀប​ជាច្រើន ។ យើង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើ​តាម​គំរូ​របស់​ក្មួយៗ ។

នៅ​ពេល​ដំណាល​គ្នា​នោះ យើង​ដឹង​ថា បច្ចាមិត្ត​ល្បួង​យើង​ទាំងអស់​គ្នា​ឲ្យ​មាន​ចិត្ត​អាក្រក់ ហើយ​វា​នៅតែ​មាន​គំរូ​ជា​ច្រើន​អំពី​ការណ៍​នេះ សូម្បី​តែ​នៅក្នុង​ចំណោម​កុមារ និង​យុវវ័យ ។ ការមាន​ចិត្ត​អាក្រក់​ជាប់​ជានិច្ច​មាន​តាម​របៀប​ជាច្រើន ដូចជា​ការសម្លុត​ធ្វើ​បាប​គេ បង្កើត​ក្រុម​ជំទាស់​នរណា​ម្នាក់ ឬ​ចូលរួម​ជាមួយគ្នា​ជំទាស់​មនុស្ស​ដទៃ ។ គំរូ​ទាំង​នេះ​ធ្វើ​ឲ្យ​មិត្ត​រួម​ថ្នាក់ ឬ​មិត្តភក្តិ​ឈឺចាប់​ដោយ​ចេតនា ។ យុវនារី​អើយ ព្រះអម្ចាស់​ពុំ​សព្វ​ព្រះទ័យ​ឡើយ ប្រសិនបើ​យើង​មាន​ចិត្ត​ឃោរឃៅ ឬ​ចិត្ត​កំណាញ់​ចំពោះ​មនុស្ស​ដទៃ​នោះ ។

នេះ​គឺ​ជា​ឧទាហរណ៍​មួយ ។ ខ្ញុំ​ស្គាល់​យុវជន​ម្នាក់​ដែល​ជា​ជន​ភៀស​ខ្លួន​មក​នៅ​រដ្ឋ​យូថាហ៍​នេះ ដែល​ត្រូវបាន​គេ​ចំអន់​ឲ្យ​ដោយសារ​តែ​ការខុស​ប្លែក​ពី​គេ ជួនកាល​រួមទាំង​ការនិយាយ​ភាសា​កំណើត​របស់​គាត់​ផងដែរ ។ គាត់​ត្រូវ​ពួកយុវវ័យ​មួយ​ក្រុម​ដែល​មាន​ឯកសិទ្ធិ​បាន​បៀតបៀន រហូត​ដល់​គាត់​បាន​សងសឹក​វិញ​ក្នុង​វិធី​មួយ​ដែល​បណ្តាល​ឲ្យ​គាត់​ត្រូវ​ជាប់​គុក​អស់​ជាង ៧០ ថ្ងៃ ខណៈ​ដែល​ត្រូវ​គេ​ពិចារណា​ពី​ការនិរទ្ទេស​គាត់​ចេញ​ពី​ប្រទេស ។ ខ្ញុំ​ពុំ​ដឹង​ថា មាន​អ្វី​បាន​ជំរុញ​ឲ្យ​ក្រុម​យុវវ័យ​នេះ​ធ្វើ​បែប​នេះ ហើយ​ពួកគេ​ភាគច្រើន​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដូចជា​ក្មួយៗ​ដែរ ប៉ុន្តែ​ខ្ញុំ​អាច​ឃើញ​ពី​ឥទ្ធិពល​នៃ​ភាព​កំណាញ់​របស់​ពួកគេ វា​គឺជា​បទពិសោធន៍​ដ៏​ឈឺចាប់​មួយ និង​ធ្វើ​ឲ្យ​បុត្រ​ម្នាក់​របស់​ព្រះ​រង​ទុក្ខ​ខ្លោចផ្សា ។ ទង្វើ​តូចតាច​នានា​នៃ​ការមាន​ចិត្ត​អាក្រក់​អាច​មាន​លទ្ធផល​ដ៏​ធំ​មហិមា ។

ពេល​ខ្ញុំ​ឮ​រឿង​នោះ ខ្ញុំ​បាន​ប្រៀបធៀប​វា​ជាមួយ​នឹង​អ្វី​ដែល​ព្យាការី​យើង​គឺ​ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ​នា​ពេល​ថ្មីៗ​នេះ ។ នៅក្នុង​ការស្នើសុំ​ឲ្យ​ក្មួយៗ និង​យុវវ័យ​ផ្សេង​ទៀត​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល នោះ​លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ចូរ​ក្រោក​ឈរ​ឡើង ហើយ​ធ្វើ​ផ្សេង​ពី​ពិភពលោក ។ ក្មួយៗ និង​ខ្ញុំ​ដឹង​ថា ក្មួយៗ​គឺ​ជា​ពន្លឺ​សម្រាប់​លោកិយ ។ ហេតុដូច្នោះ​ហើយ ព្រះអម្ចាស់​ត្រូវការ​ក្មួយៗ​ឲ្យ​មើល និយាយ ធ្វើ​សកម្មភាព និង​ស្លៀកពាក់​ដូចជា​ពួកសិស្ស​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។

កងទ័ព​យុវវ័យ​ដែល​ប្រធាន​ណិលសុន​បាន​អញ្ជើញ​ក្មួយៗ​ឲ្យ​ចូលរួម​នឹង​ពុំ មានចិត្ត​កំណាញ់ ចំពោះ​គ្នា​ឡើយ ។ ពួកគេ​នឹង​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ឈោង​ទៅជួយ និង​ស្រឡាញ់ ព្រមទាំង​ចេះ​គិត​ដល់​មនុស្ស​ដទៃ ទោះជា​ត្រូវ​បែរ​កំផ្លៀង​ម្ខាង​ទៀត ពេល​យើង​មាន​អារម្មណ៍​ថា បុគ្គល​ម្នាក់​នោះ​ធ្វើ​ខុស​នឹង​យើង​ក្តី ។

នៅក្នុង​សុន្ទរកថា​មួយ​នៃ​សន្និសីទ​ទូទៅ​ប្រហែល​ជា​ពេល​ក្មួយៗ​ជាច្រើន​បាន​កើត នោះ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សរសើរ​អំពី « យុវនារី​ដ៏​ស្រស់ស្អាត​ដែល​កំពុង​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ » ។ លោក​បាន​ពិពណ៌នា​ពួកគេ ដូច​ខ្ញុំ​ចង់​ពិពណ៌នា​អំពី​ក្មួយៗ​ដែរ​ថា ៖

« ពួកគេ​មាន​ចិត្ត​ល្អ​ចំពោះ​គ្នា ។ ពួកគេ​ព្យាយាម​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ។ ពួកគេ​គឺ​ជា​កិត្តិយស​មួយ​របស់​ឪពុក​ម្តាយ និង​គេហដ្ឋាន​ដែល​ពួកគេ​បាន​កើត​មក ។ ពួកគេ​នឹង​ឈាន​ដល់​វ័យ​ជា​ស្ត្រី ហើយ​នឹង​ពាំនាំ​នូវ​ឧត្តមគតិ​ពេញ​មួយ​ជីវិត​ពួកគេ ដែល​វា​ជំរុញ​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ » ។

ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះអម្ចាស់ ខ្ញុំ​សូម​ថ្លែង​ទៅកាន់​ក្មួយៗ​យុវនារី​ថា ពិភពលោក​យើង​ត្រូវការ​សេចក្តីល្អ និង​សេចក្តីស្រឡាញ់​របស់​ក្មួយៗ ។ ចូរ​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​គ្នា ។ ព្រះយេស៊ូវ​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដូច​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ ។ នៅ​ពេល​យើង​ព្យាយាម​មាន​សន្តាន​ចិត្ត​ល្អ នោះ យើង​ខិត​កាន់តែ​ជិត​ទ្រង់ និង​ឥទ្ធិពល​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់​អើយ ប្រសិនបើ​បងប្អូន​ចូលរួម​ក្នុងការ​មាន​ចិត្ត​កំណាញ់ ឬ​ម៉ៅ​ស្វិត—ទោះ​ម្នាក់​ឯង ឬ​ជា​ក្រុម​ក្តី—សូម​សម្រេច​ចិត្ត​ឥឡូវ​នេះ​ដើម្បី​ផ្លាស់ប្តូរ ហើយ​លើក​ទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​ផ្លាស់ប្តូរ​ផងដែរ ។ នោះ​គឺជា​ការទូន្មាន​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​ផ្តល់​វា​ដល់​បងប្អូន ក្នុងនាម​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​និយាយ​ទៅកាន់​បងប្អូន​អំពី​ប្រធាន​បទ​ដ៏​សំខាន់​នេះ ។ ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រី ព្រះអង្គសង្គ្រោះ​យើង​ដែល​បាន​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​គ្នា ដូចជា​ទ្រង់​ស្រឡាញ់​យើង ។ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ធ្វើ​ដូច្នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល Sara Berg « Nation’s Latest Challenge: Too Few Children » AMA Wire ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ គេហទំព័រ wire.ama-assn.org ។

  2. Teachings of Gordon B. Hinckley ( ឆ្នាំ ១៩៩៧ ) ទំព័រ ៣៨៧, ៣៩០ សូមមើល​ផងដែរ M. Russell Ballard « Mothers and Daughters » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១៨ ( នៅក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ១៥៦ ) ។

  3. រ័សុល អិម ណិលសុន « ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦ សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៣ ។

  4. ការសិក្សា​នេះ​បានបោះពុម្ព​ដោយ​កាសែត Oxford University មាន​ចំណង​ជើង as Christian Smith and Melinda Lundquist Denton Soul Searching: The Religious and Spiritual Lives of American Teenagers ( ឆ្នាំ ២០០៥ ) ។

  5. « កូនចៅ​នៃ​ព្រះ​អើយ​ទ្រង់​គង់​ក្បែរ​អ្នក » ទំនុកតម្កើង លេខ ៤៥ ។

  6. សូមមើល « In Our Opinion: You Don’t Need to Be Captured by Screen Time » Deseret News, ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៨ គេហទំព័រ deseretnews.com ។

  7. រ័សុល អិម ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ៨ គេហទំព័រ HopeofIsrael.lds.org ។

  8. ហ្គរដុន ប៊ី ហ៊ីងគ្លី « The Need for Greater Kindness » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៦០–៦១ ។