ឆ្នាំ ២០១០-២០១៩
តើ​អ្នក​ចង់​ជា​ទេ ?
ខែ តុលា ឆ្នាំ ២០១៨


តើ​អ្នក​ចង់​ជា​ទេ ?

ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ព្យាបាល​យើង​ខាង​វិញ្ញាណ ប្រសិនបើ​យើង​ជ្រើសរើស​ប្រែចិត្ត ហើយ​បែរ​ដួងចិត្ត​យើង​ទាំងស្រុង​ទៅ​រក​ព្រះអង្គសង្គ្រោះ ។

បន្ទាប់ពី​ចូល​បេសកកម្ម​បាន​ពីរបី​ខែ ពេល​កូន​ប្រុស​ច្បង​របស់​យើង និង​ដៃគូ​អ្នក​ផ្សាយ​សាសនា​របស់​គាត់​បាន​បញ្ចប់​ការសិក្សា​របស់​ពួកគេ ស្រាប់តែ​កូនប្រុស​យើង​មាន​អារម្មណ៍​ថា គាត់​ឈឺ​ក្បាល​ស្ទុំៗ ។ គាត់​មាន​អារម្មណ៍​ចម្លែក ដំបូង​គាត់​ពុំ​អាច​កម្រើក​ដៃ​ឆ្វេង​របស់​គាត់ ក្រោយ​មក​អណ្តាត​គាត់​បាន​ស្ពឹក ។ ផ្ទៃ​មុខ​ផ្នែក​ខាង​ឆ្វេង​របស់​គាត់​ចាប់ផ្តើម​ធ្លាក់​សំយ៉ុង​ចុះ ។ គាត់​ពិបាក​និយាយ ។ គាត់​បាន​ដឹង​ថា មាន​អ្វី​មួយ​ខុស​ប្រក្រតី​ហើយ ។ អ្វី​ដែល​គាត់​អត់​បាន​ដឹង​នោះ​គឺ​ថា គាត់​កំពុង​តែ​មាន​ការដាច់​សសៃឈាម​ធំ​មួយ​នៅក្នុង​ខួរ​ក្បាល​របស់​គាត់​ចំនួន​បី​កន្លែង ។ ការភ័យ​ខ្លាច​បាន​ចាប់ផ្តើម​មាន​ឡើង ពេល​គាត់​ឥត​កម្រើក​បាន​នៅ​ផ្នែក​ខ្លះៗ ។ បើ​ជន​រង​គ្រោះ​ដែល​ដាច់​សសៃឈាម​ក្នុង​ខួរក្បាល​ទទួល​ការព្យាបាល​បាន​កាន់តែ​ឆាប់ នោះ​ការជាសះស្បើយ​របស់​គាត់​ក៏​មាន​កាន់តែ​ច្រើន​ផងដែរ ។ ដៃគូ​ដ៏​ស្មោះត្រង់​របស់​គាត់​បាន​ធ្វើ​សកម្មភាព​ភ្លាម​ដោយ​មិន​រារែក ។ បន្ទាប់​ពី​បាន​ទូរសព្ទ​ទៅ​លេខ ៩១១ រួច គាត់​បាន​ផ្ដល់​ការ​ប្រសិទ្ធពរ​ឲ្យ​កូន​ប្រុស​ខ្ញុំ​ភ្លាម ។ ដោយ​អព្ភូតហេតុ ឡាន​ពេទ្យ​បាន​មក​ដល់​ក្នុង​រយៈពេល​ប្រាំ​នាទី ។

បន្ទាប់​ពី​បាន​បញ្ជូន​កូន​ប្រុស​យើង​យ៉ាង​លឿន​ទៅ​មន្ទីរ​ពេទ្យ​រួច បុគ្គលិក​ពេទ្យ​បាន​ប្រញាប់​ធ្វើ​ការវាយ​តម្លៃ​លើ​ស្ថានភាព និង​កំណត់​ថា តើ​ពួកគេ​គួរតែ​ឲ្យ​ឱសថ​អ្វី​ទៅ​កូន​ប្រុស​របស់​យើង ដែល​វា​អាច​ធ្វើ​ឲ្យ​បញ្ហា​ដែល​កើត​ពី​ការដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​នោះបាន​ធូរ​ស្បើយ​ឡើង​វិញ ។ ប៉ុន្តែ ប្រសិនបើ​កូន​ប្រុស​ខ្ញុំ​គ្មាន​បញ្ហា​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ទេ ឱសថ​នោះ​នឹង​ធ្វើ​ឲ្យ​មាន​វិបាក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​គឺ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល ។ កូន​ប្រុស​របស់​យើង​ត្រូវ​ជ្រើសរើស ។ គាត់​បាន​ជ្រើស​រើស​លេប​ឱសថ​នោះ ។ ដោយសារ​ការជា​សះស្បើយ​ទាំង​ស្រុង​តម្រូវ​ឲ្យ​មាន​ការវះកាត់​បន្ថែម និង​អស់​រយៈពេល​ជា​ច្រើន​ខែ ទី​បំផុត​កូន​ប្រុស​របស់​យើង​បាន​ត្រឡប់​ទៅ​វិញ ហើយ​បញ្ចប់​បេសកកម្ម​គាត់ បន្ទាប់​ពី​ផល​ប៉ះពាល់​មក​ពី​ការដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នោះ​បាន​ត្រឡប់​មក​រក​ភាពប្រក្រតី​វិញ​យ៉ាង​ច្រើន ។

ព្រះវរបិតាសួគ៌​របស់​យើង​មាន​គ្រប់​ព្រះ​ចេស្ដា​ទាំង​អស់ និង​ជ្រាប​ដឹង​ទាំងអស់ ។ ទ្រង់​ជ្រាប​ពី​ការលំបាក​នៃ​រូបកាយ​យើង ។ ទ្រង់​ជ្រាប​ពី​ការឈឺចាប់​ខាង​រូបកាយ​យើង​ដោយ​សារតែ​ជំងឺ រោគា ភាពចាស់​ជរា គ្រោះថ្នាក់ ឬ​វិបត្ត​មក​ពី​កំណើត ។ ទ្រង់​ជ្រាប​ពី​បញ្ហា​ផ្លូវ​ចិត្ត​ដែល​ទាក់ទង​នឹង​ការថប់​បារម្ភ ភាពឯកោ ការបាក់​ទឹកចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត ។ ទ្រង់​ស្គាល់​បុគ្គល​គ្រប់​រូប​ដែល​រងគ្រោះ​ដោយ​ភាពអយុត្តិធម៌ ឬ​អ្នក​ដែល​ត្រូវ​គេ​រំលោភបំពាន ។ ទ្រង់​ជ្រាប​ពី​កម្សោយ និង​ឧបនិស្ស័យ ព្រមទាំង​ការល្បួង​នានា​ដែល​យើង​កំពុង​ជួប​ប្រទះ ។

អំឡុងពេល​នៃ​ជីវិត​រមែង​ស្លាប់ យើង​ត្រូវបាន​សាកល្បង​ថា តើ​យើង​នឹង​ជ្រើសរើស​ល្អ​ជាង​អាក្រក់​ដែរ​ឬ​ទេ ។ សម្រាប់​អស់​អ្នក​ដែល​គោរព​បទបញ្ញត្តិ​ទ្រង់ នោះ​ពួកគេ​នឹង​រស់នៅ​ជាមួយ​ទ្រង់ « ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។ ដើម្បី​ជួយ​យើង​ឲ្យ​រីកចម្រើន​ក្លាយ​ដូចជា​ទ្រង់ នោះ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​គ្រប់​ទាំង​ព្រះចេស្តា និង​ចំណេះ​ទាំងអស់​ដល់​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ គ្មាន​ការរងទុក្ខ​ខាង​រូបកាយ ផ្លូវ​ចិត្ត ឬ​ខាង​វិញ្ញាណ​ណា​ដែល​ព្រះគ្រីស្ទ​ពុំ​អាច​ព្យាបាល​បាន​ឡើយ ។

ចេញ​មក​ពី​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ ព្រះគម្ពីរ​ប្រាប់​អំពី​ព្រឹត្តិការណ៍​ប្រកប​ដោយ​អព្ភូតហេតុ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ​អំណាច​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់ ដើម្បី​ព្យាបាល​អស់​អ្នក​ដែល​ឈឺ​ខាង​រូបកាយ ។

ដំណឹងល្អ​របស់​យ៉ូហាន​ប្រាប់​អំពី​រឿង​មួយ​របស់​បុរស​ម្នាក់ ដែល​ស៊ូទ្រាំ​នឹង​ជំងឺ​ដែល​ធ្វើ​ឲ្យ​គាត់​ខ្សោយ​អស់​រយៈពេល ៣៨ ឆ្នាំ ។

« កាល​ព្រះយេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ ? »

បុរស​កម្សោយ​នោះ​បាន​ឆ្លើយ​ថា គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​គាត់​ជួយ​គាត់​ទេ ពេល​គាត់​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត​នោះ ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា​ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ ។

ស្រាប់​តែ អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ » ។

សូម​កត់សម្គាល់​ពី​រយៈពេល​ដែល​បុរស​នេះ​បាន​ឈឺ​នៅតែ​ឯង​អស់រយៈពេល—៣៨ ឆ្នាំ—និង​ការជា​យ៉ាង​រហ័ស ពេល​ព្រះអង្គសង្គ្រោះ​បាន​ព្យាបាល​គាត់ ។ ការជា​នោះ​គឺ « ជា​ភ្លាមៗ » ។

ឧទាហរណ៍​មួយ​ផ្សេង​ទៀត ស្ត្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈពេល ១២ ឆ្នាំ​មក​ហើយ « បាន​ចំណាយ​ទ្រព [ ខ្លួន ] ទាំងអស់​ទៅលើ​គ្រូពេទ្យ បាន​មក​ពី​ក្រោយ​ទ្រង់ ហើយ​ប៉ះ​ជាយ​ព្រះពស្ត​ទ្រង់ ហើយ រំពេច នោះ​ជំងឺ​ធ្លាក់​ឈាម​របស់​គាត់ [ បាន​បាត់​ទៅ ] ។…

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ។

កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​គាត់​បាន​ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​បែប​ដែល​នាង​បាន​ជា ភ្លាម​មួយ​រំពេច » ផង ។

តាមរយៈ​ការងារ​បម្រើ​របស់​ទ្រង់ ព្រះគ្រីស្ទ​បាន​បង្រៀន​ថា ទ្រង់​មាន​ព្រះចេស្តា​លើ​រូបកាយ ។ យើង​ពុំ​អាច​ដឹង​ពី​ពេលវេលា​ថា តើ​ពេលណា​ការព្យាបាល​របស់​ព្រះគ្រីស្ទ​លើ​ជំងឺ​ខាង​រូបកាយ​របស់​យើង​កើត​ឡើង​ឡើយ ។ ការព្យាបាល​កើត​ឡើង​ស្រប​តាម​ព្រះទ័យ និង​ប្រាជ្ញា​របស់​ទ្រង់ ។ នៅក្នុង​ព្រះគម្ពីរ មនុស្ស​មួយ​ចំនួន​បាន​ឈឺ​អស់​ជា​ច្រើន​ទសវត្សរ៍ អ្នក​ផ្សេង​ទៀត​ឈឺ​ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់​គេ ។ ជំងឺ​ក្នុង​ជីវិត​រមែង​ស្លាប់​អាច​បន្សុទ្ធ​យើង និង​ពង្រឹង​ទំនុកចិត្ត​យើង​លើ​ព្រះ ។ ប៉ុន្តែ​ពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​ចូល​មក នោះ​ទ្រង់​នឹង​ពង្រឹង​យើង​ខាង​វិញ្ញាណ​ជានិច្ច ដើម្បី​យើង​អាច​មាន​សមត្ថភាព​កាន់តែ​អស្ចារ្យ​ឡើង ដើម្បី​ស៊ូទ្រាំ​នឹង​បន្ទុក​របស់​យើង ។

ទីបំផុត យើង​ដឹង​ថា គ្រប់​ការឈឺចាប់ និង​ជំងឺ​ខាង​រូបកាយ ឬ​ភាព​មិន​ល្អ​ឥតខ្ចោះ​នឹង​បាន​ជា​សះស្បើយ​នៅក្នុង​ដំណើរ​រស់​ឡើង​វិញ ។ នោះ​គឺជា​អំណោយ​ទាន​មួយ​សម្រាប់​មនុស្ស​ទាំងអស់​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​អាច​ព្យាបាល​លើស​ពី​រូបកាយ​របស់​យើង​ទៅ​ទៀត ។ ទ្រង់​អាច​ព្យាបាល​វិញ្ញាណ​យើង​ផងដែរ ។ នៅក្នុង​ព្រះគម្ពីរ​យើង​រៀន​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ជួយ​អស់​អ្នក​ដែល​ទន់ខ្សោយ​ខាង​វិញ្ញាណ ហើយ​បាន​ព្យាបាល​ពួកគេ ។ ពេល​យើង​ពិចារណា​អំពី​បទពិសោធន៍​ទាំង​នេះ សេចក្តីសង្ឃឹម និង​សេចក្តីជំនឿ​យើង​លើ​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ប្រទានពរ​ដល់​ជីវិត​យើង​នឹង​កើន​ឡើង ។ ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរ​ចិត្ត​យើង ព្យាបាល​យើង​ពី​ឥទ្ធិពល​នៃ​ភាពអយុត្តិធម៌ ឬ​ការរំលោភ​បំពាន​ដែល​យើង​អាច​ជួប ហើយ​ពង្រឹង​សមត្ថភាព​យើង​ឲ្យ​ទ្រាំទ្រ​នឹង​ការបាត់បង់ និង​ការឈឺចាប់ នាំ​ភាពសុខសាន្ត​មក​យើង ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង​នៃ​ជីវិត​យើង ដោយ​ព្យាបាល​យើង​ខាង​ផ្លូវ​ចិត្ត ។

ព្រះគ្រីស្ទ​ក៏​អាច​ព្យាបាល​យើង​ពេល​យើង​មាន​អំពើ​បាប​ផងដែរ ។ យើង​មាន​បាប ពេល​យើង​រំលង​ក្រឹត្យវិន័យ​មួយ​របស់​ព្រះ​ដោយ​ចេតនា ។ នៅពេល​យើង​មាន​បាប ព្រលឹង​យើង​ប្រែ​ជា​មិន​ស្អាត ។ គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ។ « ការជ្រះស្អាត​ពី​អំពើបាប​គឺជា​ការ [ ត្រូវបាន ] ព្យាបាល​ខាង​វិញ្ញាណ » ។១០

ព្រះ​ជា​ព្រះវរបិតា​ជ្រាប​ថា យើង​នឹង​មាន​បាប ប៉ុន្តែ​ទ្រង់​បាន​រៀបចំ​មធ្យោបាយ​មួយ​សម្រាប់​យើង​ដើម្បី​បាន​ប្រោសលោះ ។ អែលឌើរ លីន ជី រ៉ូប៊ីន បាន​បង្រៀន​ថា ៖ « ការប្រែចិត្ត​ពុំ​មែន​ជា​ផែនការ​បម្រុង [ របស់​ព្រះ ] នៅក្នុង​ព្រឹត្តិការណ៍​ដែល​យើង​អាច​បរាជ័យ​ឡើយ ។ ការប្រែចិត្ត​គឺ​ជា​ផែនការ​របស់​ទ្រង់ ដោយ​ដឹង​ថា យើង​នឹង​មាន​កំហុស » ។១១ ពេល​យើង​មាន​បាប យើង​មាន​ឱកាស​ជ្រើសរើស​អំពើ​ល្អ​ពី​អំពើ​អាក្រក់ ។ យើង​ជ្រើសរើស​អំពើ​ល្អ ពេល​យើង​ប្រែចិត្ត បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ។ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្មធួន​របស់​ទ្រង់ យើង​អាច​បាន​ប្រោសលោះ​ពី​អំពើ​បាប​យើង ហើយ​នាំ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វរបិតា ប្រសិនបើ​យើង​ប្រែចិត្ត ។ ការព្យាបាល​ខាង​វិញ្ញាណ​ពុំមែន​ជា​រឿង​ដែល​ធ្វើ​ឡើង​តែ​ឯកឯង​នោះ​ទេ—វា​តម្រូវ​ឲ្យ​មាន​ព្រះចេស្តា​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ និង​ការប្រែចិត្ត​ដោយ​ស្មោះពី​អ្នក​ប្រព្រឹត្ត​អំពើ​បាប ។ អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​ពុំ​ប្រែចិត្ត នោះ​ពួកគេ​បដិសេធ​ការព្យាបាល​ដែល​ព្រះគ្រីស្ទ​ប្រទាន​ឲ្យ ។ ដ្បិត​ពួកគេ​នោះ​ហាក់​បី​ដូច​ជា​គ្មាន​ការ​ប្រោស​លោះ​ឡើយ ។១២

ពេល​ខ្ញុំ​បាន​ទូន្មាន​មនុស្ស​ដទៃ​ឲ្យ​ប្រែចិត្ត ខ្ញុំ​មាន​ចិត្ត​អស្ចារ្យ​ថា មនុស្ស​ដែល​រស់នៅ​ក្នុង​អំពើ​បាប​ពិបាក​ធ្វើ​ការសម្រេច​ចិត្ត​ត្រឹមត្រូវ​ណាស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​ចេញ​ពី​ពួកគេ ហើយ​ជារឿយៗ​ពួកគេ​មាន​ការពិបាក​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ។ ពួកគេ​នឹង​ពុះពារ​អស់​ជា​ច្រើន​ខែ ឬ​ថែមទាំង​ឆ្នាំ​ផង ដោយ​ខ្មាសអៀន ឬ​ភិតភ័យ​នឹង​លទ្ធផល​នៃ​អំពើបាប​របស់​ពួកគេ ។ ជា​រឿយៗ ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​អាច​ផ្លាស់ប្តូរ ឬ​ត្រូវ​អភ័យទោស​ឲ្យ​បាន​ឡើយ ។ ជារឿយៗ ខ្ញុំ​បាន​ឮ​ពួកគេ​ចែកចាយ​ការភ័យ​ខ្លាច​ថា ប្រសិនបើ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​បាន​ដឹង​ថា ពួកគេ​បាន​ធ្វើ​អ្វី​នោះ នោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​នឹង​ឈប់​ស្រឡាញ់ ឬ​បោះបង់​ពួកគេ​ចោល ។ ពេល​ពួកគេ​មាន​គំនិត​បែប​នោះ ពួកគេ​តាំងចិត្ត​នៅស្ងប់​ស្ងៀម ហើយ​ពន្យារ​ពេល​ប្រែចិត្ត ។ ពួកគេ​យល់​ខុស​ថា វា​ល្អ​ជាង​ដើម្បី​មិន​ប្រែចិត្ត​ឥឡូវ​នេះ ដូច្នេះ​ពួកគេ​នឹង​ពុំ​ធ្វើ​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​ឈឺចាប់​ឡើយ ។ ពួកគេ​គិត​ថា វា​ប្រសើរ​ជាង​ដើម្បី​រងទុក្ខ​បន្ទាប់​ពី​ជីវិត​នេះ ជាជាង​ធ្វើ​តាម​ដំណើរការ​នៃ​ការប្រែចិត្ត​ក្នុង​ពេល​នេះ ។ បងប្អូន​ប្រុសស្រី វា ពុំមែន ជា​គំនិត​ល្អ​ឡើយ ដើម្បី​ពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​បងប្អូន​នោះ ។ ជារឿយៗ បច្ចាមិត្ត​ប្រើ​ការភ័យខ្លាច ដើម្បី​រារាំង​យើង​ពី​ការធ្វើ​សកម្មភាព​ភ្លាមៗ​ដោយ​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​មនុស្ស​ជា​ទីស្រឡាញ់​បាន​ជួប​នឹង​ការពិត​មួយ​អំពី​ឥរិយាបថ​នៃ​អំពើ​បាប ខណៈ​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ថា មាន​ដំបៅ​ដ៏​ធំ ជារឿយៗ ពួកគេ​ចង់​ជួយ​មនុស្ស​មាន​បាប​ដែល​ប្រែចិត្ត​ដោយ​ស្មោះសរ​ឲ្យ​ផ្លាស់ប្តូរ និង​ស្រុះស្រួល​នឹង​ព្រះ ។ ប្រាកដ​ណាស់ ការព្យាបាល​ខាង​វិញ្ញាណ​ពន្លឿន​ឡើង ពេល​បុគ្គល​ប្រព្រឹត្ត​បាប​នោះ​សារភាព ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​នោះ​ស្រឡាញ់ ហើយ​ជួយ​ពួកគេ​ឲ្យ​បោះបង់​អំពើ​បាប​ពួកគេ​ចោល ។ សូម​ចងចាំ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​មហិទ្ធិឫទ្ធ ដោយសារ​ទ្រង់​ក៏​ព្យាបាល​ជន​រងគ្រោះ​ឥតទោស​នៃ​អំពើ​បាប​ដែល​ងារ​ទៅ​រក​ទ្រង់ ។១៣

ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​ថ្លែង​ថា ៖ « វិញ្ញាណ​របស់​យើង​នឹង​ខូចខាត​ពេល​យើង​ធ្វើ​កំហុស ឬ ប្រព្រឹត្ត​អំពើ​បាប ។ វា​មិន​ដូចជា​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​យើង​ឡើយ នៅពេល​បញ្ចប់​ដំណើរ​ការប្រែចិត្ត នោះ​គ្មាន​ស្នាម​នៅសល់​ឡើយ នេះ​ដោយ​ព្រោះ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការសន្យា​នោះ​គឺ ៖ ‹ មើលចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ0​ឈ្មោះ​ថា បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ › [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤២ ] » ។១៤

ពេល​យើង​ប្រែចិត្ត « ដោយ​ពេញចិត្ត​ប្រាថ្នា » ១៥ « រំពេច​នោះ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់ » ជីវិត​របស់​យើង ។១៦ ព្រះអង្គសង្គ្រោះ​នឹង​ព្យាបាល​យើង ។

ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​បុគ្គលិក​ពេទ្យ​ដែល​បាន​ជួយ​កូន​ប្រុស​យើង​ពី​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​នៅ​ក្នុង​តំបន់​បេសកកម្ម​បាន​ធ្វើ​សកម្មភាព​ភ្លាមៗ ។ កូនប្រុស​យើង​បាន​ជ្រើសយក​ការ​លេប​ឱសថ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​នោះ​បាន​ធូរ​ស្បើយ​មក​វិញ ។ ឥទ្ធិពល​នៃ​ពិការភាព​ដែល​អាច​មាន​ពេញ​មួយ​ជីវិត​គាត់ ក្រោយ​ពី​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​គាត់​បាន​ត្រឡប់​មក​រកភាពប្រក្រតី​វិញ ។ ដូចគ្នា​ផងដែរ ដរាប​ណា​យើង​ឆាប់​ប្រែចិត្ត ហើយ​យក​ដង្វាយ​ធួន​ព្រះយេស៊ូវគ្រីស្ទ​មក​ក្នុង​ជីវិត​យើង ដរាប​នោះ​យើង​ក៏​ឆាប់​បាន​ការព្យាបាល​ពី​ឥទ្ធិពល​នៃ​អំពើ​បាប​ផងដែរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការអញ្ជើញ​នេះ​ថា ៖ « ប្រសិនបើ​បងប្អូន​បាន​ដើរ​ចេញ​ពី​ផ្លូវ​នេះ…ខ្ញុំ​សូម​អញ្ជើញ​បងប្អូន…ឲ្យ​ត្រឡប់​មក​វិញ ។ ទោះបី​បងប្អូន​មាន​កង្វល់ មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី មាន​កន្លែង​មួយ​សម្រាប់​បងប្អូន​នៅ​ទី​នេះ ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បងប្អូន និង​ជំនាន់​នានា​ដែល​មិន​ទាន់​កើត​នៅ​ឡើយ​នឹង​មាន​ពរ​តាមរយៈ​ទង្វើ​របស់​បងប្អូន​ក្នុង​ពេល​នេះ​ដើម្បី​ត្រឡប់​មក​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​វិញ » ។១៧

ការព្យាបាល​ខាង​វិញ្ញាណ​របស់​យើង​តម្រូវ​ឲ្យ​យើង​ចុះចូល​ខ្លួន​យើង​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ព្រះអង្គសង្គ្រោះ​យើង​បាន​ពន្យល់​ប្រាប់ ។ យើង​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ ។ យើង​ត្រូវ​ធ្វើ​វា​ថ្ងៃ​នេះ ! ធ្វើ​វា​ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​ភាពស្ពឹកស្រពន់​ខាង​វិញ្ញាណ​រារាំង​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​បងប្អូន ។ ខណៈ​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ ប្រសិនបើ​បងប្អូន​បាន​ទទួល​អារម្មណ៍​ថា ត្រូវ​សូម​ការអភ័យទោស​ពី​នរណា​ម្នាក់​ដែល​បងប្អូន​បាន​ធ្វើ​ខុស​នឹង​គេ នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​វា ។ សូម​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​បងប្អូន​បាន​ធ្វើ ។ សូម​ការអភ័យទោស​ពី​ពួកគេ ។ ប្រសិនបើ​បងប្អូន​បាន​ធ្វើ​បាប​ដែល​ប៉ះពាល់​ដល់​ភាពស័ក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​អញ្ជើញ​បងប្អូន​ឲ្យ​ពិគ្រោះ​ជាមួយ​ប៊ីស្សព​របស់​បងប្អូន—គឺ​នៅ​ថ្ងៃ​នេះ ។ សូម​កុំ​ពន្យារ​ពេល​ឡើយ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ព្រះ​គឺជា​ព្រះវរបិតា​ពោរពេញ​ដោយ​ក្តីស្រឡាញ់​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ទ្រង់​បាន​ប្រទាន​គ្រប់​ទាំង​ព្រះចេស្តា និង​ចំណេះដឹង​ទាំងអស់​ថ្វាយ​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ទ្រង់ នោះ​នៅ​ថ្ងៃ​ណា​មួយ​មនុស្ស​លោក​ទាំងអស់​នឹង​ត្រូវបាន​ព្យាបាល​ពី​គ្រប់​ជំងឺ​ខាង​រូបកាយ​ជា​រៀង​រហូត ។ ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ព្យាបាល​យើង​ខាង​វិញ្ញាណ ប្រសិនបើ​យើង​ជ្រើសរើស​ប្រែចិត្ត ហើយ​បែរ​ដួងចិត្ត​យើង​ទាំងស្រុង​ទៅ​រក​ព្រះអង្គសង្គ្រោះ ។ ការព្យាបាល​នោះ​អាច​ចាប់ផ្តើម​មួយ​រំភេច ។ ជម្រើស​នោះ​គឺ​ជា​របស់​យើង ។ តើ​យើង​ចង់​ជា​ទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​ថ្លៃ ដើម្បី​យើង​អាច​បាន​ជា ។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ទទួល​ឱសថ​នៃ​ការព្យាបាល​ដែល​ទ្រង់​ប្រទាន​ឲ្យ ។ សូម​ទទួល​យក​វា​នៅ​ថ្ងៃ​នេះ ។ សូម​កុំ​ពន្យារ​ពេល​ឡើយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ឱសថ​នោះ​ឈ្មោះ tPA (tissue plasminogen activator) ។

  2. ម៉ូសាយ ២:៤១ ។

  3. សូម​មើល ម៉ាថាយ ៤:២៤ ។ ព្រះគ្រីស្ទ​បាន​យាង​ចុះ​ឡើង​ព្យាបាល​មនុស្ស​ឈឺ​ទាំងអស់ មាន​ទាំង « ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ », « ទាំង​មនុស្ស​អារក្ស​ចូល » និង « មនុស្ស​ឆ្កួត​ជ្រូក » ។

  4. សូមមើល យ៉ូហាន ៥:៥–៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  5. សូមមើល លូកា ៨:៤៣–៤៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  6. សូមមើល អាលម៉ា ៤០:២៣, ហេលេមិន ១៤:១៧ ។

  7. សូមមើល លូកា ៥:២០, ២៣–២៥ សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ( លូកា ៥:២៣ ) ៖ តើ​វា​តម្រូវ​ឲ្យ​មាន​ព្រះចេស្ដា​ច្រើន ដើម្បី​អភ័យទោស​ដល់​អំពើ​បាប ជាង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្រោក​ដើរ​ឡើង​ទៅ​ឬ​អី ? »

  8. សូមមើល យ៉ូហាន​ទី ១ ៣:៤ ។

  9. សូមមើល នីហ្វៃទី ៣ ២៧:១៩ ។

  10. « ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ( ឆ្នាំ ២០១៨ ) បាន​ធ្វើ​កំណែ គេហទំព័រ lds.org/manual/missionary ។

  11. លីន ជី រ៉ូប៊ីន « Until Seventy Times Seven » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ ។

  12. សូមមើល ម៉ូសាយ ១៦:៥ ។

  13. ក្នុង​ឱកាស​ជាច្រើន ខ្ញុំ​បាន​ឃើញ​ការពន្លឿន​ឡើង​នៃ​ការព្យាបាល​របស់​បុគ្គល​ម្នាក់ៗ ពេល​សមាជិក​គ្រួសារ​បាន​ជួយ និង​គាំទ្រ​ដល់​អស់​អ្នក​ដែល​បំពាន​លើ​សម្បថ​នៃ​សច្ចៈភាព និង​ទំនុកចិត្ត ដោយ​ជួយ​ពួកគេ​ឲ្យ​បែរ​ទៅ​រក​ព្រះអង្គសង្គ្រោះ​កាន់តែ​ពេញលេញ​សម្រាប់​ព្រះចេស្តា​ព្យាបាល​របស់​ទ្រង់​នៅក្នុង​ជីវិត​ពួកគេ ។ ប្រសិនបើ​ព្រលឹង​ដែល​ប្រែចិត្ត​ពិតប្រាកដ​ស្វែងរក​ការផ្លាស់ប្តូរ​ដោយ​ចិត្ត​ស្មោះសរ នោះ​សមាជិក​គ្រួសារ​ដែល​ជួយ​ពួកគេ​នៅក្នុង​ការសិក្សា​ដំណឹងល្អ ការអធិស្ឋាន​ដោយ​ស្មោះសរ និង​ការបម្រើ​ដូច​ជា​ព្រះគ្រីស្ទ ពុំគ្រាន់តែ​ជួយ​មនុស្ស​មាន​បាប​ឲ្យ​ផ្លាស់ប្តូរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បើក​ទ្វារ​សម្រាប់​ពន្លឿន​ការព្យាបាល​ពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។ នៅពេល​សមរម្យ​ជន​រងគ្រោះ​ឥត​ទោស​អាច​ជួយ​បុគ្គល​ដែល​មាន​អំពើបាប​បាន តាមរយៈ​ការស្វែងរក​ការណែនាំ​ពី​សួគ៌ា​ស្តីពី​អ្វី​ដែល​ត្រូវ​សិក្សា​ជាមួយ​គ្នា របៀប​បម្រើ និង​របៀប​បញ្ចូល​សមាជិក​គ្រួសារ​ឲ្យ​គាំទ្រ និង​ពង្រឹង​ដល់​ព្រលឹង​នៃ​អ្នកប្រែចិត្ត​ដែល​បាន​ផ្លាស់ប្តូរ និង​ប្រយោជន៍​ដែល​កើត​ពី​ព្រះចេស្តា​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  14. ប៊យដ៍ ឃេ ផាកកឺ « The Plan of Happiness » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២៨ ។

  15. នីហ្វៃទី ៣ ១៨:៣២ ។

  16. អាលម៉ា ៣៤:៣១ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  17. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។