សន្និសីទទូទៅ
ព្រះ​ស្រឡាញ់​កូនចៅ​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ព្រះ​ស្រឡាញ់​កូនចៅ​របស់​ទ្រង់

ខ្ញុំ​សូម​ចែកចាយ​វិធី​ជាក់លាក់​បី​យ៉ាង ដែល​ព្រះវរបិតាសួគ៌​យើង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ដែលជា​កូនចៅ​របស់ទ្រង់ ។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​រីករាយ​ជាមួយ​បងប្អូន​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​នាំ​មក​នូវ​ក្តី​ស្រឡាញ់​ពី​សមាជិក​ដែល​មាន​ភាពអត់ធ្មត់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​និយាយ​ជំនួស​ពួកគេ​ថា ម៉ាប៊ូហៃ !

នៅ​ព្រឹក​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​បាន​រស់​ឡើង​វិញ​ពីសេចក្តីស្លាប់​ហើយ​ថា សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង​ទាំងអស់​គ្នា និង​សម្រាប់​ព្រះវរបិតាសួគ៌​​គឺ​បរិសុទ្ធ និង​អស់កល្ប​ជា​និច្ច ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្តោត​លើ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​មនុស្ស​ទាំងអស់ ដែល​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ » ( យ៉ូហាន ៣:១៦ ។

នៅ​ពេល​ព្យាការី​នីហ្វៃ​ត្រូវ​បាន​សួរ​ដោយ​ទេវតា​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​របស់​លោក​អំពី​ព្រះ នោះ​លោក​បាន​ឆ្លើយ​ដោយ​សាមញ្ញ​ថា « ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ » ( សូមមើល នីហ្វៃទី១ ១១:១៦–១៧ ) ។

ខគម្ពីរ​មួយ​មក​ពី​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូគ្រីស្ទ ពិពណ៌នា​ប្រកប​ដោយ​អានុភាព​អំពី​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គសង្គ្រោះ ៖ « ហើយ​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ នោះ​នឹង​ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ​ទៅ​វិញ … ហើយ ពួក​គេ​វាយ​ទ្រង់ … ពួក​គេ​ទះ​ទ្រង់ … ពួក​គេ​កស្ដោះ​ដាក់​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពី​ព្រោះ​មក​ពី​សេចក្ដី​មេត្តាករុណា និង​ការ​អត់ធ្មត់ ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​មនុស្ស » ( នីហ្វៃទី១ ១៩:៩ ។ សេចក្តី​ស្រឡាញ់​ដ៏​លើសលប់​របស់​ព្រះអង្គសង្រ្គោះ​មក​លើ​យើងជា​កម្លាំង​រុញច្រាន​ពី​ក្រោយ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​ធ្វើ ។ យើង​ដឹង​ថា វា​គឺ​ជា​សេចក្តីស្រឡាញ់​តែ​មួយ​ដូច​គ្នា​នឹង​សេចក្តីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​យើង ពី​ព្រោះ​ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ដោយ​រាបសារ​ថា​ទ្រង់ និង​ព្រះវរបិតា « គឺ​តែ​១​ព្រះអង្គ​ទេ » ( សូមមើល​យ៉ូហាន ១០:៣០១៧:២០–២៣ ) ។

ដូច្នេះ​តើ​យើង​តបស្នង និង​បង្ហាញ​ការដឹងគុណ​យ៉ាង​ណា ចំពោះ​សេចក្តីស្រឡាញ់​ដ៏​លើសលប់​របស់​ពួកទ្រង់ ? ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ដោយ​ការ​អញ្ជើញ​ដ៏​សាមញ្ញ រួម​បញ្ចូល​គ្នា​ទាំងអស់​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « សេចក្តីស្រឡាញ់​ដ៏​លើសលប់​និង​ឥតខ្ចោះ​របស់​ព្រះ បង្ហាញ​នៅ​ក្នុង​គ្រប់ពរជ័យ​ទាំងអស់​នៃ​ផែនការ​ដំណឹងល្អ​របស់​ទ្រង់ រួម​ទាំង​ការពិត​ដែល​ថា ពរជ័យ​ដ៏​វិសេស​បំផុត​របស់​ទ្រង់​ត្រូវ​បាន​បម្រុងទុក​សម្រាប់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​ច្បាប់​របស់ទ្រង់ » ។ ។

ខ្ញុំ​សូម​ចែកចាយ​វិធី​ជាក់លាក់​បី​យ៉ាង ដែល​ព្រះវរបិតាសួគ៌​យើង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ដែលជា​កូនចៅ​របស់ទ្រង់ ។

ទីមួយ ទំនាក់ទំនង​ជា​មួយ​ព្រះ និង​គ្រួសារ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់

ទំនាក់ទំនង​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​គឺ​នៅ​ជា​មួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា និង​ជា​មួយ​ក្រុមគ្រួសារ​របស់​យើង​ផ្ទាល់ ពី​ព្រោះ​ចំណង​នោះ​គឺ​អស់កល្ប​ជា​និច្ច ។ ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ​គឺ​ជា​ការបង្ហាញ​ដ៏​អស្ចារ្យ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ។ ដោយ​ភ្នែក​សម្លឹង​មើល​ទៅ​ផែនការ​របស់​ព្រះ នោះ​យើង​ស្ម័គ្រចិត្ត​ជ្រើសរើស​កាយ​ដី និ​ងថ្ម​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ដែល​គាំទ្រ​ភាព​អាត្មានិយម ហើយ​ជំនួស​វា​ដោយ​គ្រឹះ​ដែល​បង្កើត​ទំនាក់ទំនង​អស់កល្ប​ជានិច្ច​វិញ ។ នៅ​ក្នុង​ន័យ​មួយ វា​អាច​ហៅ​បាន​ថា « ការជីក​រុករក​ខាង​វិញ្ញាណ » ។ នៅ​ក្នុង​សកម្មភាព​នៃ​ការជីក​រុករក​ខាងវិញ្ញាណ​ដំបូង​យើង​ត្រូវ​តែ​ស្វែងរក​ព្រះ និង​អំពាវនាវ​រក​ទ្រង់​ជា​មុន​សិន ( សូមមើល យេរេមា ២៩:១២–១៣ ។

ការស្វែង​រក​ទ្រង់ និង​ការអំពាវនាវ​ដល់​ទ្រង់​នឹង​ចាប់ផ្តើម​ដំណើរការ និង​ផ្តល់​ជា​កន្លែង​ដើម្បី​កសាង និង​ពង្រឹង​ទំនាក់ទំនង​អស់កល្បជានិច្ច​របស់​យើង ។ វា​ពង្រីក​នូវ​ទស្សនៈ​ខាងវិញ្ញាណ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ផ្តោត​លើ​ការផ្លាស់ប្តូរ​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន ជាជាង​ការភ័យខ្លាច​នូវ​អ្វី​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ។ ការសិក្សា​អំពី​ជីវិត និង​ការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​យើង​ឲ្យ​មើលឃើញ​ពី​កង្វល់​ផ្សេងៗ​ទៀត​ដោយ​ទស្សនៈ​ដ៏អស់កល្ប​ជា​និច្ច ។

ពេល​ខ្លះ ការរំខាន​អាច​រារាំង​យើង​ពី​ការដក​ពិសោធន៍​នូវ​សេចក្តីស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ និង​សកម្មភាព​ផ្សេងៗ​ទៀត​របស់​យើង ។ ម្តាយ​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ឧបករណ៍​អេឡិចត្រូនិច​កំពុង​តែ​គ្រប់គ្រង​ទំនាក់ទំនង​គ្រួសារ​របស់​គាត់ គាត់​បាន​រក​ឃើញ​ដំណោះស្រាយ​មួយ ។ នៅ​តុ​អាហារ​ពេល​ល្ងាច និង​នៅ​ពេល​ជួបជុំ​គ្រួសារ​ផ្សេងៗ​ទៀត​គាត់​គ្រាន់​តែ​ប្រាប់​ថា « សូម​ដាក់​ទូរសព្ទ​ចុះ យើង​និយាយ​គ្នា​វិញ » ។ គាត់និយាយ​ថា នេះ​គឺ​ជា​បទដ្ឋានថ្មី​សម្រាប់​គ្រួសារ​របស់​ពួកគេ ហើយ​ថា​វា​ជួយ​ពង្រឹង​ទំនាក់ទំនង​ពួកគេ​ក្នុង​នាម​ជា​គ្រួសារ​មួយ នៅពេល​ពួក​គេ​មាន​ពេលវេលា​និយាយ​គ្នា ។ ឥឡូវ​ពួកគេ​រីករាយ​នឹង​ការពិភាក្សា ចូរ​មក​តាម​ខ្ញុំរួមគ្នា​ជា​ក្រុមគ្រួសារ​ប្រកប​ដោយ​ភាពស្និទ្ធស្នាល ។

ទីពីរ ទ្រង់​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់​ដោយ​ការហៅ​ព្យាការី​ទាំងឡាយ

បច្ចុប្បន្ន​ពិភពលោក​របស់​យើង​បាន​ឈាន​ចូល​ដល់ « ចម្បាំង​ខាង​ពាក្យ​សម្ដី និង​ការ​ជ្រួល​ច្របល់​ខាង​គំនិត​ជឿ​នេះ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០ ) ។ សាវក​ប៉ុល​រំឭក​យើង​ថា « មាន … សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់​នៅ​ក្នុង​លោកីយ៍​នេះ » ( កូរិនថូស ទី១ ១៤:១០ ។ តើ​សំឡេង​ណា​មួយ​បន្លឺ​ឡើង​ច្បាស់ និង​មាន​អត្ថន័យ​លើស​ពី​ការប្រជែង​ទាំងអស់​នោះ ? វា​គឺ​ជា​សំឡេង​របស់​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ​ទាំងឡាយ​របស់​ព្រះ ។

ខ្ញុំ​ចាំ​បាន​យ៉ាងច្បាស់ បន្ទាប់​ពី​បាន​ទទួល​ការវះកាត់​នៅ​ឆ្នាំ ២០១៨ និង​នៅ​ពេល​ត្រឡប់​ទៅ​ធ្វើការ​វិញ ខ្ញុំ​នៅ​ក្នុង​ចំណត​រថយន្ត​នៅ​ទីស្នាក់ការ​កណ្តាល​សាសនាចក្រ ។ ស្រាប់​តែ​ខ្ញុំ​បាន​ឮ​សំឡេង​របស់​ប្រធាន រ័សុល អិម ណិលសុន ហៅ « ថានែលឡា ថានែលឡា » ។ ខ្ញុំ​បាន​រត់​ទៅ​រក​លោក ហើយ​លោក​បាន​បាន​សួរ​ថា​តើ​សុខទុក្ខ​ខ្ញុំ​យ៉ាងម៉េច​ហើយ ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​បាន​​គ្រាន់​បើ​ហើយ​ប្រធាន​ណិលសុន » ។

លោកបាន​ផ្តល់​ឱវាទ និង​ឱប​ខ្ញុំ ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៏​ថា បាន​ទទួល​ការងារ​បម្រើ​ផ្ទាល់ខ្លួន​របស់​ព្យាការី​ដល់ « បុគ្គល​ម្នាក់ » ។

ប្រធាន​ណិលសុន​បាន​ធ្វើ​ដំណើរ​គ្រប់ប្រទេស​នៅ​លើ​ផែនដី​នេះ ។ ក្នុង​គំនិត​របស់​ខ្ញុំ លោក​មិន​ត្រឹម​តែ​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​រាប់ពាន់​នាក់​ប៉ុណ្ណោះទេ តែ​លោក​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់ « បុគ្គល​ម្នាក់ៗ » នៃ​រាប់ពាន់​នាក់ ។ ក្នុង​ការធ្វើ​ដូច្នេះ លោក​ចែក​រំលែក​សេចក្ដីស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។

ថ្មីៗ​នេះ ប្រសាសន៍​របស់​ប្រធានណិលសុន​បាន​ក្លាយ​ទៅ​ជា​ប្រភព​នៃ​កម្លាំង និង​ការបំផុស​គំនិត​ដល់​ប្រជាជន​ហ្វីលីពីន ។ ដូច​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោកដែរ ក្នុង​អំឡុង​ឆ្នាំ ២០២០ ហ្វីលីពីន​បាន​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត កូវីដ-១៩ ក៏​ដូច​ជា​ការផ្ទុះភ្នំភ្លើង ការរញ្ជួយដី ខ្យល់ព្យុះ​ខ្លាំង និង​ការបំផ្លិចបំផ្លាញ​ពី​ទឹកជំនន់ ។

ប៉ុន្តែ​ដូចជា​សសរ​នៃ​ពន្លឺ​ដែល​ចាំង​មក​លើ​ពពក​ខ្មៅ​ងងឹត​នៃ​ការភ័យខ្លាច​ភាពឯកោ និង​ភាពអស់សង្ឃឹម​ដែរ ពាក្យ​សម្ដី​របស់​ព្យាការី​បាន​ចេញ​មក ។ រួម​បញ្ចូល​ទាំង​ការអំពាវនាវ​ឲ្យ​មាន​ការតមអាហារ និង​ការអធិស្ឋាន នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​ការប្រឹក្សា​ឲ្យ​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ជំងឺរាតត្បាត​រាលដាល​ក៏ដោយ ។ លោក​បាន​អញ្ជើញ​យើង​ដើម្បី​ធ្វើឲ្យ​ផ្ទះ​របស់​យើង​ក្លាយ​ជាទីជម្រក​ផ្ទាល់ខ្លួន​នៃ​សេចក្ដីជំនឿ ។ លោក​បាន​អំពាវនាវ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​គ្រប់​ទីកន្លែង​ឲ្យ​គោរពដល់​កូនចៅ​របស់​ព្រះ​ទាំងអស់ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង ។​

ដូចគ្នា​នេះ​ដែរ​ការដាស់តឿន​ដែល​ជា​ទីបន្ទាល់​វីដេអូ​ថ្មីៗ​របស់​ប្រធាន​ណិលសុន​អំពី​អំណាច​នៃ​ការដឹងគុណ និង​ការអធិស្ឋាន​បញ្ចប់​របស់​លោក​ដែល​បាន​ឮ​ពាសពេញ​ផ្ទៃ​ប្រទេស​ហ្វីលីពីន ។​ នៅ​ខេត្ដ ឡាយទី វីដេអូ នេះ​ត្រូវ​បាន​គេ​ចាក់​ក្នុង​កំឡុង​ពេល​ពិធីសាសនា ចម្រុះ​ហើយ​វា​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​ជា​ផ្នែក​មួយ​នៃ​ធម្មទេសនា​របស់​សង្ឃ​ផងដែរ ។ ប្រទេស​ហ្វីលីពីន និង​ពិភពលោក​ទាំងមូល មាន​ពរជ័យ​ណាស់​ដែល​ទទួល​បាន​សេចក្តីស្រឡាញ់​ពី​ព្រះ​ជា​ម្ចាស់ តាមរយៈ​ពាក្យ​សម្ដី​នៃ​ព្យាការី​ដែល​បាន​ជ្រើសរើស​របស់​ទ្រង់​ ។

ទីបី ការប្រៀនប្រដៅ​អាច​ជា​ការបង្ហាញនូវ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់

ពេលខ្លះ ព្រះ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដោយ​ការប្រៀនប្រដៅ​ដល់​យើង ។ វា​គឺ​ជា​វិធី​មួយ​នៃ​ការរំឭក​ដល់​យើង​ថា ទ្រង់​ស្រឡាញ់​យើង ហើយ​ថា​យើង​ជា​នរណា ។ ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​គឺ​ភាពសុខសាន្ត​មាន​ដល់​មនុស្ស​ទាំងអស់ ដែល​ដើរ​នៅលើ​ផ្លូវនៃ​សេចក្ដីសញ្ញា​ដោយ​ក្លាហាន និង​មាន​ឆន្ទៈ​ដើម្បី​ទទួល​ការកែតម្រូវ ។

នៅពេល​ដែល​យើង​ទទួល​ស្គាល់​ការប្រៀនប្រដៅ​នោះ ហើយ​ធ្វើ​ជា​អ្នកទទួល​ដោយ​ស្ម័គ្រចិត្ត នោះ​វា​នឹង​ក្លាយ​ទៅ​ជា​ការវះកាត់​ខាង​វិញ្ញាណ​មួយ ។ មែន​ហើយ តើ​មាន​អ្នកណា​ខ្លះដែល​ចូលចិត្ត​ការវះកាត់នោះ ? ប៉ុន្តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវការ​វា ហើយ​សុខចិត្ត​ទទួល​យក​វា នោះ​វា​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន ។ ព្រះអម្ចាស់​ទ្រង់​ប្រៀនប្រដៅ​អ្នក​ទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់ ។ បទគម្ពីរ​ប្រាប់​យើង​យ៉ាងដូច្នេះ ( សូមមើល ហេព្រើរ ១២:៥–១១ហេលេមិន ១២:៣គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:២៧៩៥:១ ) ។ ការប្រៀនប្រដៅ ឬ​ការវះកាត់​ខាងវិញ្ញាណ​នឹង​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ដ៏​ចាំបាច់​នៅ​ក្នុង​ជីវិត​របស់​យើង ។ បងប្អូន​ប្រុសស្រី យើង​នឹង​ដឹង​ថា វា​ចម្រាញ់ និង​បន្សុទ្ធ​ផ្នែក​ខាង​ក្នុង​របស់​យើង ។

យ៉ូសែប ស៊្មីធ ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ត្រូវ​បាន​ប្រៀនប្រដៅ ។ បន្ទាប់​ពី​យ៉ូសែប​បាន​បាត់បង់ ១១៦ ទំព័រ​នៃ​សំណេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន ព្រះអម្ចាស់​បាន​កែតម្រូវ និង​បង្ហាញ​សេចក្ដីស្រឡាញ់​ដោយ​មាន​បន្ទូល​ថា « អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ ។ … អ្នក​គួរ​តែ​មាន​ចិត្ត​ស្មោះត្រង់ ។ …​ មើល​ចុះ អ្នក​ជា​យ៉ូសែប ហើយ​អ្នក​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​កិច្ចការ​នៃ​ព្រះ​អម្ចាស់ ។ … ប៉ុន្តែ​ចូរ​ចាំ​ចុះ​ថា ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រែ​ចិត្ត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៧–១០ ) ។

នៅ​ឆ្នាំ ២០១៦ ពេល​កំពុង​បម្រើ​បេសកកម្ម​នៅ​លីតថលរ៉ក់ រដ្ឋ​អាកាន់សាស ខ្ញុំ​បាន​ស្នើ​សុំ​បងប្រុស កាវ៉ា ឲ្យ​នាំ​យក​កញ្ចប់​មួយ​ទៅ​ឲ្យ​បងស្រីខ្ញុំ​ដែល​រស់នៅ​លើ​កោះមួយ​នៅ​ហ្វីជី ។ ការឆ្លើយតប​របស់​គាត់​គឺ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​បាន​រំពឹងទុក​នោះ​ទេ ។ គាត់​បាន​ស្រែក​ថ្ងូរ​ថា « ប្រធាន​វ៉ាកូឡូ បងស្រី​របស់​លោក​បាន​ទទួល​មរណភាព ហើយ​បាន​បញ្ចុះកាលពី ១០ ថ្ងៃ​មុននេះ » ។ ខ្ញុំអាណិត​ខ្លួន​ឯង និង​មាន​អារម្មណ៍​អាក់អន់ចិត្ត​បន្តិចបន្តួច ដែល​គ្រួសារ​របស់​ខ្ញុំ​មិន​ព្រម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹងពី​រឿងនេះទាល់​តែ​សោះ ។

នៅ​ថ្ងៃ​បន្ទាប់ នៅ​ពេល​ដែល​ភរិយាខ្ញុំ​កំពុង​បង្រៀន​អ្នកផ្សព្វផ្សាយ​សាសនា គំនិត​នេះ​បាន​ដក់​ជាប់​ក្នុង​ដួងចិត្ត​ខ្ញុំ ៖ « ថានែលឡា បទពិសោធន៍​ទាំងអស់នេះ​គឺដើម្បី​ភាពល្អ និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់អ្នក ។ អ្នក​បាន​បង្រៀន និង​ចែកចាយ​សក្ខីភាព​របស់​អ្នក​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឥឡូវ​នេះ ចូររស់នៅ​ទៅ​តាម​នោះ​ទៅ » ។ ខ្ញុំ​ត្រូវ​បាន​រំឭកថា « សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ​ទ្រង់​បាន​កែ [ ឡើង ] ដូច្នេះ [ យើងគួរ ] កុំ​ឲ្យ​មើលងាយ … សេចក្តី​ផ្ចាញ់ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត​ឡើយ » ( សូមមើល យ៉ូប ៥:១៧ ) ។ វា​ជា​ការវះកាត់​ខាងវិញ្ញាណ​សម្រាប់រូបខ្ញុំ ហើយ​លទ្ធផល​គឺភ្លាមៗ​ផងដែរ ។

កាល​ដែល​ខ្ញុំ​កំពុង​គិត​ពិចារណា​អំពី​បទពិសោធន៍​នោះ ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ផ្តល់​គំនិត​បញ្ចប់​របស់ខ្ញុំ​ចំពោះ​ការពិភាក្សា​នោះ ។ ក្នុង​ចំណោម​រឿង​ផ្សេងៗ​ទៀត ខ្ញុំ​បាន​ចែកចាយ​មេរៀន​ដែល​ខ្ញុំ​ទើបតែ​ត្រូវ​បាន​បង្រៀន ៖ ទីមួយ ខ្ញុំ​ទើប​តែ​ត្រូវបាន​ប្រៀនប្រដៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ខ្ញុំ​ចូលចិត្តវា ពីព្រោះ​ខ្ញុំ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ឮ​វា ។ ទីពីរ ដោយសារ​ការលះបង់ និង​តម្លៃលោះ​របស់​ព្រះអង្គសង្គ្រោះ ខ្ញុំ​នឹង​មិន​និយាយ​សំដៅ​ដល់​បញ្ហា​ប្រឈម​មុខ​របស់ខ្ញុំ​ថា​ជា​ការសាកល្បង និង​ទុក្ខវេទនា​ទៀតទេ ប៉ុន្តែ​ជា « បទពិសោធន៍​នៃ​ការរៀន​របស់ខ្ញុំ » វិញ ។ ហើយ​ទីបី ដោយសារ​តែ​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ និង​គ្មាន​បាប​របស់ទ្រង់ នោះ​ខ្ញុំ​នឹង​មិន​និយាយ​សំដៅ​ដល់​ការខ្វះខាត​របស់ខ្ញុំ និង​កង្វះ​សមត្ថភាព​ថា​ជា​ភាព​ទន់ខ្សោយ​នោះទេ ប៉ុន្តែ​ជា « ឱកាស​អភិវឌ្ឍន៍ » របស់ខ្ញុំ​វិញ ។ បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ព្រះ​បាន​ប្រៀន​ប្រដៅ​យើង ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។

ខ្ញុំ​បាន​សរុប ។ ព្រះវរបិតា​ដ៏​អស់កល្ប​របស់យើង និង​ព្រះរាជបុត្រា​របស់ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ បង្ហាញនូវ​សេចក្ដី​ស្រឡាញ់​របស់​ពួកទ្រង់​ដោយ​ធ្វើ​ឲ្យ​កើតឡើង​បាន​សម្រាប់​យើង ដើម្បី​មាន​ទំនាក់ទំនង​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​ពួកទ្រង់ និង​ជាមួយ​សមាជិក​គ្រួសារ​របស់យើង ដោយ​ការហៅ​ព្យាការី​សម័យ​ថ្មី ឲ្យ​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​យើង និង​ប្រៀនប្រដៅ​យើង​ដើម្បី​ជួយ​យើង​ឲ្យ​រៀន និង​រីកចម្រើន ។ « សូម​ថ្លែងអំណរ​ព្រះគុណ​ដល់​ព្រះ​ចំពោះ​អំណោយ​ដ៏​អស្ចារ្យ​នៃ​ព្រះរាជបុត្រា​ដ៏ទេវភាព​របស់​ទ្រង់ »​ ដែល​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​យើង ជា​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Love and LawLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ ។

  2. សូម​មើល រ័សុល អិម ណិលសុន « Opening the Heavens for Help » Liahona, ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៤ « Embrace the Future with Faith » Liahona, វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៧៣–៧៦; « ទុកឲ្យព្រះឈ្នះ » Liahona, វិច្ឆិកា ឆ្នាំ​២០២០ ទព័រ​៩២–៩៥ ។

  3. សូម​មើល ប្រធាន រ័សុល អិម ណិលសុន « President Russell M. Nelson on the Healing Power of Gratitude​( វីដេអូ ),​លើ​គេហទំព័រ ChurchofJesusChrist.org ។

  4. « ព្រះគ្រីស្ទមានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក »​លើ​គេហទំព័រ ChurchofJesusChrist.org ។