សន្និសីទទូទៅ
« គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


« គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង »

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១២ )

គោលការណ៍​នៃ​ដំណឹង ល្អ​គឺ​ជា​សេចក្ដី​ណែនាំ​មួយ​ដែល​ផ្អែកលើ​គោលលទ្ធិ​សម្រាប់​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​តាម​ផ្លូវ​សុចរិត ។

នៅក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ ខែតុលា ឆ្នាំ ១៨៤៩ អែលឌើរ យ៉ូហាន ថេលើរ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​បើក​ការផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ប្រទេស​បារាំង ។ ការបម្រើ​របស់​លោក​រួមមាន ការកែសម្រួល​ការចេញ​ផ្សាយ​របស់​សាសនាចក្រ​ជាផ្លូវការ​លើក​ដំបូង​នៅ​ប្រទេស​នោះ ។ អែលឌើរ ថេលើរ បាន​រៀបចំ​ចេញផ្សាយ​អត្ថបទ​មួយ​នៅ​ឆ្នាំ ១៨៥១ ជា​ការឆ្លើយតប​នឹង​សំណួរ​ដែល​គេ​តែងតែ​សួរ​លោក​ជា​ញឹកញាប់​អំពី​សាសនាចក្រ ។ ហើយ​នៅជិត​ចុងបញ្ចប់​នៃ​សំណេរ​នោះ អែលឌើរ ថេលើរ បាន​រំឭក​ពី​ឧបកថា​ដូច​តទៅ​នេះ ៖

« ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ នៅ​ទីក្រុង​ណៅវូ លោក​បាន​ស្ដាប់​ឮ​សុភាព​បុរស​ម្នាក់ ជា​សមាជិក​នៃ​ក្រុម​អ្នកច្បាប់ បាន​សួរ​យ៉ូសែប ស្ម៊ីធ​ថា លោក​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​លោក​អាច​គ្រប់គ្រង​មនុស្ស​ជាច្រើន ហើយ​រក្សា​របៀប​រៀបរយ​ដ៏​ឥតខ្ចោះ​បែបនោះ​បាន ដោយ​គូស​បញ្ជាក់​នៅពេល​ទន្ទឹមគ្នា​នោះ​ថា វា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ដូច្នេះ​នៅ​កន្លែង​ផ្សេងទៀត ។ លោក ស្ម៊ីធ បាន​តប​ថា វា​ងាយស្រួល​ខ្លាំង​ណាស់​ដើម្បី​ធ្វើ​ដូច្នោះ ។ សុភាព​បុរស​នោះ​បាន​ឆ្លើយ​ថា ‹ តើ​លោក​ធ្វើ​យ៉ាង​ម៉េច ? សម្រាប់​ពួកយើង វា​ពិបាក​ខ្លាំង​ណាស់ › ។ លោក ស្ម៊ីធ បាន​តប​ថា ‹ ខ្ញុំ​បង្រៀន​ពួកគេ​នូវ​គោលការណ៍​ត្រឹមត្រូវ ហើយ​ពួកគេ​គ្រប់គ្រង​ខ្លួន​គេ › » ។

ខ្ញុំ​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ណែនាំ ហើយ​ស្អាង​ពួកយើង​ម្នាក់ៗ កាល​ខ្ញុំ​សង្កត់​ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​នៃ​គោលការណ៍​ទាំងឡាយ នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលការណ៍​ទាំងឡាយ

ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា « ពួក​អែលឌើរ ពួក​សង្ឃ និង​ពួក​គ្រូ​ក្នុង​សាសនាចក្រ​នេះ ត្រូវ​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន គឺជា​ភាពពោរពេញ​នៃ​ដំណឹងល្អ » ។ ទ្រង់​ក៏បាន​ប្រកាស​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គួរតែ « អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅទៀត​អំពី​ទ្រឹស្ដី អំពី​គោលការណ៍ អំពី​គោលលទ្ធិ អំពី​ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ អំពី​គ្រប់​ទាំងអស់​ដែល​ទាក់ទង​ទៅនឹង​នគរ​ព្រះ ដែល​ជា​ការចាំបាច់​សម្រាប់​ឲ្យ​អ្នក​យល់ » ។

ដូច​ចែង​មក​យ៉ាង​ខ្លី​ហើយ​ច្បាស់ គោលការណ៍​នៃ​ដំណឹងល្អ​គឺជា​សេចក្ដី​ណែនាំ​មួយ​ដែល​ផ្អែកលើ​គោលលទ្ធិ ដើម្បី​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​តាម​ផ្លូវ​សុចរិត ។ គោលការណ៍​ទាំងឡាយ​គឺ​ដកស្រង់​ពី​សេចក្ដីពិត​ដ៏​ទូលំទូលាយ​នៃ​ដំណឹងល្អ ហើយ​ផ្ដល់​ការដឹកនាំ និង​បទដ្ឋាន កាល​យើង​ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ឧទាហរណ៍ មាត្រា​នៃ​សេចក្ដី​ជំនឿ​បី​មាត្រា​ដំបូង​កំណត់​ពី​ចំណុច​គ្រឹះ​នៃ​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖ និស្ស័យ​នៃ​ក្រុមព្រះ​នៅក្នុង មាត្រា​ទីមួយ​នៃ​សេចក្ដី​ជំនឿឥទ្ធិពល​នៃ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​នៅក្នុង មាត្រា​ទីពីរ​នៃ​សេចក្ដី​ជំនឿនិង​ពរជ័យ​ដែល​អាច​កើតមាន​ឡើង​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង មាត្រា​ទីបី​នៃ​សេចក្ដី​ជំនឿហើយ មាត្រា​ទីបួន​នៃ​សេចក្ដី​ជំនឿដាក់​ចេញ​នូវ​គោលការណ៍​ទីមួយ—សេចក្ដី​ណែនាំ​អំពី​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត—និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ទីមួយ ដែល​ធ្វើឲ្យ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អានុភាព​នៅក្នុង​ជីវិត​របស់​យើង ។

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺជា​ឧទាហរណ៍​មួយ​ទៀត​នៃ​គោលការណ៍​ដែល​ធ្វើ​ជា​សេចក្ដី​ណែនាំ ។ សូម​កត់ចំណាំ​ខគម្ពីរ​ណែនាំ​ទាំងនេះ​នៅក្នុង កណ្ឌទី ៨៩នៃ​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។

« ដែល​បាន​ប្រទាន​សម្រាប់​គោលការណ៍​ដោយ​សេចក្ដី​សន្យា គឺ​ដែល​បាន​សម្រួល​តាម​សមត្ថភាព​នៃ​ពួកកម្សោយ និង​អស់​ទាំង​ពួកបរិសុទ្ធ ដែល​កម្សោយ​ជាងគេ​បំផុត​ផង ដែល​ជា ឬ​ដែល​អាច​ហៅថា​ជា​ពួកបរិសុទ្ធ ។

« មើល​ចុះ ប្រាកដ​មែន ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ដល់​អ្នក​ដូច្នេះ​ថា ៖ ពីព្រោះ​តែ​អំពើ​អាក្រក់​ទាំងឡាយ និង​ផែនការ​ទាំងឡាយ​ដែល​មាន ហើយ​នឹង​មាន​នៅក្នុង​ដួងចិត្ត​មនុស្ស ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ទើប​យើង​បាន​ព្រមាន​ដល់​អ្នក ហើយ​ហាម​អ្នក​ទុកជាមុន ដោយ​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នេះ​តាមរយៈ​វិវរណៈ » ។

ការណែនាំ​ដ៏​បំផុស​គំនិត​ដែល​មាន​បន្ដ​ពី​សេចក្ដីផ្ដើម​នេះ ផ្ដល់​ជា​គោលការណ៍​ណែនាំ​ដ៏​អង្វែង​សម្រាប់​សុខុមាលភាព​ផ្លូវកាយ​ផង និង​ផ្លូវ​វិញ្ញាណ​ផង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ជាក់លាក់​នានា ដែល​អាស្រ័យ​លើ​ភាពស្មោះត្រង់​របស់​យើង​តាម​គោលការណ៍​នេះ ។

ការរៀនសូត្រ ការយល់ដឹង និង​ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ បង្កើន​ភក្ដីភាព​របស់​យើង​លើ​ទ្រង់ ហើយ​នាំឲ្យ​មាន​ពរជ័យ និង​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​ច្រើន​សន្ធឹក​មក​ក្នុង​ជីវិត​យើង ។ គោលការណ៍​នៃ​សុចរិតភាព​ក៏​ជួយ​យើង​ឲ្យ​មើល​ហួសពី​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​យើង និង​បំណង​ប្រាថ្នា​ដែល​គិតតែ​ពី​ខ្លួនឯង តាមរយៈ​ការផ្ដល់​ទស្សនវិស័យ​ដ៏​មាន​តម្លៃ​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប កាល​យើង​ឆ្លងកាត់​កាលៈទេសៈ ឧបសគ្គ ការសម្រេច​ចិត្ត និង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផ្សេងៗ​គ្នា ។

គំរូ​បច្ចុប្បន្ន​នៃ​ការបង្រៀន​គោលការណ៍​ត្រឹមត្រូវ

សេចក្ដី​ថ្លែងការណ៍​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​ការបង្រៀន​គោលការណ៍​ត្រឹមត្រូវ គឺ​ប្រហែលជា​ការបង្រៀន​មួយ​របស់​លោក ដែល​ត្រូវបាន​គេ​ដកស្រង់​ញឹកញាប់​បំផុត ។ ហើយ​យើង​រកឃើញ​គំរូ​ដ៏​មាន​អានុភាព​នៃ​គន្លង​​ការណែនាំ​ដ៏​បំផុស​គំនិត​នេះ នៅក្នុង​ការបង្រៀន​របស់​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​នា​សព្វថ្ងៃ​នេះ ។

គោលការណ៍​នៃ​ការធ្វើឲ្យ​មាន​ស្មារតី​មូល

ប្រធាន ដាល្លិន អេច អូក បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​នៅ​ឆ្នាំ ១៩៩៨ អំពី​កាតព្វកិច្ច​របស់​អ្នកកាន់​បព្វជិតភាព​អើរ៉ុន ដែល​ទាក់ទង​នឹង​ការរៀបចំ និង​ការចែក​សាក្រាម៉ង់ ។ លោក​បាន​រៀបរាប់​ពី គោលការណ៍​នៃ​ការធ្វើឲ្យ​មាន​ស្មារតី​មូលនិង​បាន​បង្ហាញ​ថា អ្នកកាន់​បព្វជិតភាព​អើរ៉ុន​មិន​ដែល​ចង់​មាន​អ្វីមួយ​ជាប់​នឹង​ខ្លួន ឬ​អាកប្បកិរិយា​របស់​ពួកគេ ដែល​បង្អាក់​ដល់​ការថ្វាយ​បង្គំ និង​ការរំឭក​សេចក្ដី​សញ្ញា​ជាថ្មី​របស់​សមាជិក​ណាម្នាក់​ក្នុង​សាសនាចក្រ​ឡើយ ។ ប្រធាន អូក ក៏​គូសបញ្ជាក់​ផងដែរ​ពី​គោលការណ៍​ដែល​ទាក់ទង​នឹង​ភាពមាន​របៀប​រៀបរយ ភាពស្អាតបាត គារវភាព និង​សេចក្ដី​ថ្លៃថ្នូរ ។

អ្វី​គួរឲ្យ​ចាប់​អារម្មណ៍​គឺ ប្រធាន អូក មិន​បាន​ផ្ដល់​បញ្ជី​ដ៏​វែង​អន្លាយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​សម្រាប់​យុវជន​ឡើយ ។ ប៉ុន្ដែ លោក​បាន​ពន្យល់​ពី​គោលការណ៍​នេះ ដោយ​មាន​ការរំពឹង​ទុក​ថា យុវជន និង​ឪពុក​ម្ដាយ ព្រមទាំង​គ្រូបង្រៀន​របស់​ពួកគេ​អាច និង​គួរតែ​ប្រើ​ការកាត់​សេចក្ដី និង​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​គេ​ដើម្បី​ធ្វើតាម​សេចក្ដី​ណែនាំ​នេះ ។

លោក​បាន​ពន្យល់​ថា « ខ្ញុំ​មិន​ផ្ដល់​យោបល់​អំពី​ក្បួន​លម្អិត​នោះទេ ព្រោះ​កាលៈទេសៈ​តាម​វួដ និង​សាខា​នានា​នៅក្នុង​សាសនាចក្រ​របស់​យើង​ទូទាំង​ពិភពលោក​គឺ​ខុសគ្នា​យ៉ាងខ្លាំង ដូច្នេះ​ក្បួន​ជាក់លាក់​មួយ​ដែល​ហាក់​ត្រូវ​នឹង​មជ្ឈដ្ឋាន​មួយ អាច​មិន​សមរម្យ​នៅក្នុង​មជ្ឈដ្ឋាន​មួយ​ទៀត ។ ប៉ុន្ដែ ខ្ញុំ​នឹង​ស្នើ​ឲ្យ​មាន​គោលការណ៍​មួយ ដោយ​ផ្អែកលើ​គោលលទ្ធិ​នានា ។ បើ​មនុស្ស​ទាំងអស់​យល់ពី​គោលការណ៍​នេះ ហើយ​ធ្វើ​សកម្មភាព​តាម​វា​ដោយ​សុខដុម នោះ​យើង​សឹងតែ​មិន​ត្រូវការ​ក្បួន​ទេ ។ បើ​ក្បួន ឬ​ការប្រឹក្សា​គឺ​ចាំបាច់​នៅក្នុង​ករណី​មួយៗ នោះ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​អាច​ផ្ដល់​ក្បួន ឬ​ការប្រឹក្សា​នេះ​បាន ដែល​វា​ខ្ជាប់ខ្ជួន​តាម​គោលលទ្ធិ និង​គោលការណ៍​ដែល​ទាក់ទង​នានា » ។

គោលការណ៍​នៃ​ថ្ងៃ​ឈប់សម្រាក​ជា​ទីសម្គាល់

នៅក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៥ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃមួយ​ដ៏​សប្បាយ » ។ លោក​ក៏​បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​យល់ពី​គោលការណ៍​គ្រឹះ​មួយ​ដោយ​ខ្លួន​លោក អំពី​ការគោរព​ថ្ងៃ​ឈប់​សម្រាក ៖

« តើ​យើង​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​ស័ក្ដិសិទ្ធិ​ដោយ​របៀប​ណា ? កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​ពី​បញ្ជី​មួយ ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​កិច្ចការ​ដែល​មិន​ត្រូវ​ធ្វើ​នៅ​ថ្ងៃឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ទីសម្គាល់​រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​ខ្ញុំ ។ ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួនឯង​ថា ‹ តើ​ទីសម្គាល់​ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ខ្ញុំ នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាពច្បាស់លាស់​ឡើង » ។

សំណួរ​ដ៏​សាមញ្ញ ប៉ុន្ដែ​ដ៏​មាន​អានុភាព​របស់​ប្រធាន ណិលសុន គូស​បញ្ជាក់​ពី​គោលការណ៍​មួយ ដែល​កាត់ចោល​ភាពមិន​ប្រាកដ​ប្រជា​ណាមួយ​អំពី​អត្ថន័យ​នៃ​ថ្ងៃ​ឈប់​សម្រាក និង​អ្វី​ដែល​យើង​គួរតែ​ធ្វើ​ដើម្បី​គោរព​ដល់​ថ្ងៃ​ឈប់​សម្រាក ។ សំណួរ​របស់​លោក​សង្ខេប​ពី​សេចក្ដី​ណែនាំ និង​បទដ្ឋាន​ដែល​អាច​ផ្ដល់​ពរជ័យ​ដល់​យើង​ទាំងអស់​គ្នា នៅក្នុង​កាលៈទេសៈ​ផ្សេងៗគ្នា​របស់​យើង ។

គោលការណ៍​នៃ​ការស្ម័គ្រចិត្ត​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ

កាល​ពី​ប្រាំមួយ​ខែ​កន្លង​ទៅ​នៅក្នុង​សន្និសីទ​ទូទៅ ប្រធាន ណិលសុន បាន​រៀបរាប់​ពី​ការរំភើប​ផ្ទាល់ខ្លួន​របស់​លោក កាល​លោក​ត្រូវបាន​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង​ថ្មី​មួយ​អំពី​អត្ថន័យ​នៃ​ពាក្យ អ៊ីស្រាអែល លោក​បាន​ប្រាប់​យើង​ថា ព្រលឹង​របស់​លោក​បាន​ខ្មួលខ្មាញ់ កាល​លោក​បាន​ដឹង​ថា « ឈ្មោះ អ៊ីស្រាអែលសំដៅ​ទៅលើ​បុគ្គល​ដែល ស្ម័គ្រចិត្តឲ្យ​ព្រះ​ឈ្នះ​លើ​ជីវិត​របស់​គាត់ » ។១០ បន្ទាប់មក ប្រធាន ណិលសុន បាន​កំណត់​ពី​ការទាក់ទង​ដ៏​សំខាន់​មួយ​ចំនួន​ចេញ​មក​ពី​ការយល់ដឹង​នេះ ។

សារលិខិត​របស់​លោក​អំពី ការស្ម័គ្រចិត្ត​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះគឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការបង្រៀន​គោលការណ៍​ត្រឹមត្រូវ ដើម្បី​យើង​អាច​គ្រប់គ្រង​ខ្លួនយើង​បាន ។ ហើយ​ដូចជា​អ្វី​ដែល​លោក​បាន​បង្រៀន​នៅក្នុង​សារលិខិត​របស់​លោក អំពី​ការធ្វើឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​សប្បាយ​មួយ នោះ​ប្រធាន ណិលសុន បាន​សួរ​សំណួរ​ដោយ​ផ្អែកលើ​គោលការណ៍​នានា ដែល​ទុកជា​សេចក្ដី​ណែនាំ និង​បទដ្ឋាន​សម្រាប់​ពួកយើង​ម្នាក់ៗ ។

« តើ បងប្អូនស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូនស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? »

លោក​បាន​បន្ត​ថា ៖

សូម​គិតពិចារណា​ថា តើ​ការស្ម័គ្រចិត្ត​បែបនោះ​អាច​ប្រទានពរជ័យ​ដល់​បងប្អូន​ប៉ុណ្ណា ។ ប្រសិនបើ​បងប្អូន​ពុំទាន់​រៀបការ ហើយ​កំពុង​ស្វែងរក​ដៃគូ​ដ៏​នៅអស់កល្ប​ជានិច្ច នោះ​បំណង​ប្រាថ្នា​របស់បងប្អូន​ដើម្បី​ធ្វើជា ‹ អ៊ីស្រាអែល › នឹង​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ថា តើ​បងប្អូន​នឹង​ធ្វើការ​ណាត់ជួប​ជាមួយ​នរណា ហើយ​ថា​តើ​ធ្វើតាម​របៀបណា ។

« ប្រសិនបើ​បងប្អូន​បាន​រៀបការ​ជាមួយ​ដៃគូ​ដែល​បាន​ធ្វើខុស​សេចក្តី​សញ្ញា​របស់​គាត់ នោះ​ការស្ម័គ្រចិត្ត​របស់​បងប្អូន​ដើម្បី​ទុកឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន នឹង​អនុញ្ញាត​ឲ្យ​សេចក្តី​សញ្ញា​របស់​បងប្អូន​នៅ​បំពេញ​ដដែល ។ ព្រះអង្គ​សង្រ្គោះ​នឹង​ព្យាបាល​ការខូច​ចិត្ត​របស់​បងប្អូន ។ ស្ថានសួគ៌​នឹងបើក នៅពេល​បងប្អូន​ព្យាយាមដឹង​ពី​របៀប​ដើម្បី​ឆ្ពោះទៅមុខ ។ បងប្អូន​ពុំចាំបាច់​ដើរ​វង្វេង ឬ​ងឿងឆ្ងល់​នោះទេ ។

« ប្រសិនបើ​បងប្អូន​មានសំណួរ​ដោយ​ស្មោះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នេះ កាលណា​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះ​ឈ្នះ នោះ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យទៅ​រកឃើញ និង​យល់ពី​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​ទាំងស្រុង ដែល​នឹង​ដឹកនាំ​ជីវិត​របស់​បងប្អូន ហើយ​ជួយ​បងប្អូន​ឲ្យ​បន្តនៅ​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

« នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​ការល្បួង—ទោះបីជា​ការល្បួង​នោះ​កើតឡើង​នៅពេល​បងប្អូន​នឿយហត់ ឬ​មាន​អារម្មណ៍​ឯកោ ឬ​យល់ច្រឡំ​ក្ដី—សូម​ស្រមៃ​ពី​ភាពក្លាហាន​ដែល​បងប្អូន​អាច​ប្រមូល​បាន នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​នៅពេល​បងប្អូន​បួងសួង​សូមទ្រង់ឲ្យ​ពង្រឹង​បងប្អូន ។

« នៅពេល​បំណង​ប្រាថ្នា​ដ៏ធំ​បំផុត​របស់​បងប្អូន​គឺ​ទុកឲ្យ​ព្រះឈ្នះ ដើម្បី​ធ្វើ​ជាផ្នែក​មួយ​នៃ​អ៊ីស្រាអែល នោះ​ការសម្រេច​ចិត្ត​ជាច្រើន​នឹង​កាន់តែ​ងាយស្រួល ។ បញ្ហា​ជាច្រើន​នឹង​ក្លាយ​ជា​គ្មាន​បញ្ហា ! បងប្អូន​ដឹងថា​ត្រូវតុបតែង​ខ្លួន​បងប្អូន​បែបណា ។ បងប្អូនដឹងថា​អ្វី​ដែល​ត្រូវ​មើល និង​អាន កន្លែង​ដែល​បងប្អូន​ត្រូវចំណាយពេល និង​នរណា​ដែល​បងប្អូន​ត្រូវ​សេពគប់ ។ បងប្អូនដឹង​អ្វី​ដែល​បងប្អូនចង់​សម្រេច​បាន ។ បងប្អូន​ដឹង​ថា​បងប្អូន​គួរ​ក្លាយជា​មនុស្ស​បែបណា » ។១១

សូម​កត់​ចំណាំ​ថា តើ​មាន​ការសម្រេច​ចិត្ត និង​បទពិសោធន៍​ជីវិត​សំខាន់ៗ​ច្រើន​ប៉ុណ្ណា​ដែរ ដែល​អាច​រង​ឥទ្ធិពល​ពី​គោលការណ៍​នៃ ការស្ម័គ្រចិត្ត​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះការណាត់ជួប និង​អាពាហ៍ពិពាហ៍ សំណួរ និង​កង្វល់​អំពី​ដំណឹងល្អ ការល្បួង ការតុបតែង​ខ្លួន អ្វី​ដែល​ត្រូវ​មើល និង​អាន កន្លែង​ដែល​ត្រូវ​ចំណាយ​ពេល មនុស្ស​ដែល​ត្រូវ​សេពគប់​ជាមួយ និង​អ្វី​ជាច្រើន​ថែម​ទៀត ។ សំណួរ​ដ៏​បំផុស​គំនិត​របស់​ប្រធាន ណិលសុន សង្កត់​ធ្ងន់​លើ​គោលការណ៍​សាមញ្ញ​មួយ ដែល​ផ្ដល់​ការដឹកនាំ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ។

ចង្កូត​ដ៏​តូច

នៅពេល យ៉ូសែប ស្ម៊ីធ បាន​ជាប់​នៅ​គុក​លិបើទី លោក​បាន​សរសេរ​សំបុត្រ​ណែនាំ​សមាជិក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​រំឭក​ពួកគេ​ថា «សំពៅ​ដ៏​ធំ​បាន​ទទួល​ជំនួយ​ពី​ចង្កូត​ដ៏​តូច​ក្នុង​កាល​មាន​ខ្យល់​ព្យុះ ដោយសារ​ដំណើរ​ប្រក្រតី​នឹង​ខ្យល់ និង​រលក » ។១២

រូបភាព
ចង្កូត​សំពៅ

« ចង្កូត » គឺ​ជា​រង្វង់​កាំ​មួយ ឬ​ដៃ​ចង្កូត និង​ជា​ឧបករណ៍​ទាក់ទង​ដែល​ប្រើ​ដើម្បី​កាច់​ចង្កូត​សំពៅ ឬ​ទូក ។ ហើយ « ដោយសារ​ដំណើរ​ប្រក្រតី​នឹង​ខ្យល់ និង​រលក » សំដៅ​លើ​ការបត់​សំពៅ​ដើម្បី​ឲ្យ​វា​រក្សា​លំនឹង ហើយ​មិន​ក្រឡាប់​នៅពេល​មាន​ខ្យល់ព្យុះ ។

រូបភាព
សំពៅ បង្វែរ​ចង្កូត​ក្នុង​ព្យុះ

សម្រាប់​ខ្ញុំ និង​បងប្អូន គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ដូចជា​ចង្កូត​សម្រាប់​សំពៅ ។ គោលការណ៍​ត្រឹមត្រូវ​ធ្វើឲ្យ​យើង​រកឃើញ​ផ្លូវ​របស់​យើង ហើយ​ឈរ​យ៉ាង​រឹងមាំ ខ្ជាប់ខ្ជួន និង​មិន​រង្គោះ​រង្គើ ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​លំនឹង​យើង ហើយ​ដួល​ក្នុង​ព្យុះ​នៃ​ភាពងងឹត និង​ការភាន់​ច្រឡំ​នៅ​ថ្ងៃ​ចុងក្រោយ​ដ៏​ឃោរឃៅ​នេះ ។

យើង​មាន​ពរជ័យ​យ៉ាងខ្លាំង​នៅក្នុង​សន្និសីទ​ទូទៅ​នេះ ដើម្បី​រៀន​អំពី​គោលការណ៍​ដ៏​អស់កល្ប​ជាច្រើន មកពី​អ្នកបម្រើ​ដែល​មាន​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់ ។ ឥឡូវ​នេះ ការទទួល​ខុសត្រូវ​របស់​យើង​ម្នាក់ៗ​គឺ​ត្រូវ​គ្រប់គ្រង​ខ្លួនយើង ស្របតាម​សេចក្ដីពិត​ដែល​វា​បាន​ថ្លែង​ទីបន្ទាល់​នេះ ។១៣

ទីបន្ទាល់

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​បន្ទាប់ ការបោះពុម្ព​ផ្សាយ​សន្និសីទ​របស់​បងប្អូន​ពី [ លីអាហូណាគួរតែ​ដាក់​នៅជាប់​នឹង​បទដ្ឋាន​ព្រះគម្ពីរ​របស់​បងប្អូន ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់ » ។១៤

នៅក្នុង​ថាមពល​នៃ​ព្រលឹង​របស់​ខ្ញុំ ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​រៀនសូត្រ រស់នៅ​តាម និង​ស្រឡាញ់​គោលការណ៍​នៃ​សុចរិតភាព ។ មានតែ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើឲ្យ​យើង « ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។១៥

ខ្ញុំ​ដឹង​ថា គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​មូលដ្ឋាន​គ្រឹះ​តែ​មួយ​គត់​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង និង​មាន​អំណរ​ដ៏​អង្វែង​ក្នុង​ជីវិត​​រមែង​ស្លាប់ និង​ភាពអស់កល្ប ។ ហើយ​នៅ​ថ្ងៃអាទិត្យ​បុណ្យអ៊ីស្ទើរ​ដ៏​រុងរឿង​នេះ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដោយ​អំណរ​ថា ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​របស់​យើង គឺជា​ប្រភព​ដែល​សេចក្ដីពិត​ទាំងនេះ​កើត​ឡើង​មក ។ ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. យ៉ូហាន ថេលើរ នៅក្នុង ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែបស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ២៨៤ ។

  2. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១២ ។

  3. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៨ ។

  4. សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១–៣ ។

  5. សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ។

  6. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៣–៤ ។

  7. ដាល្លិន អេក អូក « The Aaronic Priesthood and the SacramentLiahonaខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ៤៥–៤៦ ។

  8. សូមមើល រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ។

  9. រ័សុល អិម ណិលសុន « The Sabbath Is a Delight » ទំព័រ ១៣០; ការគូស​បញ្ជាក់​ត្រូវបាន​បន្ថែម ។

  10. រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ ។

  11. រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ »,ទុក​ឲ្យ​ព្រះ​ឈ្នះ » ទំព័រ ៩៤ ។

  12. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៦ ។

  13. ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​ទទូច​ឲ្យ​សមាជិក​ទាំងឡាយ​ឲ្យ​ទុក​ឲ្យ​សុន្ទរកថា​ទាំងឡាយ​នៅក្នុង​សន្និសីទ « ធ្វើជា​អ្នកដឹកនាំ​ដល់​ការនិយាយ​ស្តី និង​ការប្រព្រឹត្ត​របស់​ពួកគេ ក្នុង​អំឡុង​ពេល​ប្រាំមួយ​ខែ​បន្ទាប់ » ។ លោក​បាន​ពន្យល់​ថា « វា​មាន​នូវ​កិច្ចការ​ដ៏​សំខាន់ ដែល​ព្រះអម្ចាស់​ទតឃើញ​ថា វា​សម​ពេល​ដើម្បី​បើក​សម្តែង​ដល់​ប្រជាជន​នេះ​នា​ពេល​នេះ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤៦ ទំព័រ ៦៨ ) ។

    ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សារលិខិត​សន្និសីទ​ទូទៅ​ផងដែរ ។ លោក​បាន​ថ្លែង​ថា « គ្មាន​សៀវភៅ​ណា​ទេ លើកលែង​តែ​បទដ្ឋាន​ព្រះគម្ពីរ​របស់​សាសនាចក្រ ដែល​គួរតែ​មាន​កន្លែង​ដ៏​ឧត្តុង្គ​ឧត្តម​នៅលើ​ធ្នើ​បណ្ណាល័យ​ផ្ទាល់ខ្លួន​របស់​អ្នក—ពុំមែន​ដោយសារ​តែ​វា​ផ្តល់​នូវ​វោហារសាស្ត្រ ឬ​វោហារសព្ទ​ដ៏​ពូកែ​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​គំនិត​ដែល​ចង្អុល​បង្ហាញ​ទៅរក​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ( In the World but Not ofBrigham Young University Speeches of the Year [ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៦៨ ] ទំព័រ ៣ ) ។

    ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ )បាន​បញ្ជាក់​សារ​ជាថ្មី​ម្តងទៀត​ពី​សារៈសំខាន់​នៃ​ការសិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ ។ លោក​បាន​មាន​ប្រសាសន៍ថា ៖ « សូម​ឲ្យ​យើង​ចងចាំ​បាន​យូរអង្វែង​ពី​អ្វី ដែល​យើង​បាន​ស្តាប់ឮ​ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ​នេះ ។ សារលិខិត​ដែល​ត្រូវបាន​ផ្តល់ឲ្យ​នឹង​ត្រូវបាន​បោះពុម្ព​នៅក្នុង​ខែ​បន្ទាប់​របស់​ទស្សនាវដ្តី Ensignនិង​ទស្សនាវដ្តី លីអាហូណា ខ្ញុំ​អង្វរ​ឲ្យ​បងប្អូន​សិក្សា​សុន្ទរកថា​ទាំងនេះ ហើយ​សញ្ជឹងគិត​ពី​ការបង្រៀន​ទាំងនោះ » ( ថូម៉ាស អេស ម៉នសុន « Until We Meet Again » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១០៦ ) ។

  14. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Come unto Christ, and Be Perfected in Him » Ensignខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៨៤ ។

  15. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៧ ។