សន្និសីទទូទៅ
ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង

កាល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងពិតប្រាកដ នោះ​យើង​អនុញ្ញាត​ឲ្យ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះគ្រីស្ទ មាន​ប្រសិទ្ធភាព​លើ​ជីវិត​របស់​យើង​ទាំងស្រុង ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ នៅព្រឹកថ្ងៃ​បុណ្យអ៊ីស្ទើរ​ដ៏​ត្រចះត្រចង់​នេះ ដួងចិត្ត​របស់​ខ្ញុំ​រីករាយ កាល​នឹកគិត​ពី​ទង្វើ​ដ៏​អស្ចារ្យ ដ៏មាន​អានុភាព ជា​ទង្វើ​ដែល​ឥត​ប្រៀប​ផ្ទឹម​ ដែល​បាន​កើតឡើង​នៅក្នុង​ប្រវតិ្តសាស្រ្ត​មនុស្ស​លោក—ជា​ពលិកម្ម​ដ៏​ធួន​របស់ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពាក្យពេចន៍​ដ៏​ឧត្តុងឧត្តម​របស់​ព្យាការី អេសាយ បាន​លើកតម្កើង​ភាពអស្ចារ្យ និង​ភាព​មិន​អត្មា​និយម​នៃ​ការយាងចុះមក​របស់​ព្រះអង្គ​សង្គ្រោះ និងការពលិកម្ម ជំនួសឲ្យ​បុត្រាបុត្រី​គ្រប់​រូប​របស់ព្រះ ៖

« ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ​យើង​រាល់គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា ។

« តែ​ទ្រង់​ត្រូវ​របួស​ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី​នោះ បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ។

ទ្រង់ទទួល​យក​អំពើបាប​របស់​មនុស្សលោក​ទាំងអស់​ដោយ​ស្ម័គ្រព្រះទ័យ លើក​ដាក់​លើ​អង្គទ្រង់ ដោយ​ត្រូវ​ដំ​នឹង​ដែក​គោល​ជាប់​លើ​ឈើ​ឆ្កាង​យ៉ាងព្រៃផ្សៃ ហើយបានយកឈ្នះ​លើ​សេចក្ដីស្លាប់​នៅថ្ងៃទីបី​ដោយ​ជោគជ័យ ​ព្រះយេស៊ូវ​បាន​ប្រទាន​​សារៈសំខាន់កាន់តែពិសិដ្ឋ​ជាង​​ពិធី​បុណ្យ​រំលង​ដែល​បាន​ប្រទានឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល​នៅសម័យបុរាណ​ទៅទៀត ។  ដើម្បី​បំពេញ​ការ​ព្យាករ ទ្រង់​បាន​ថ្វាយ​ព្រះ​កាយ និង​ព្រះលោហិត​ដ៏​មាន​តម្លៃ​របស់​ទ្រង់​ជា​ការ​បូជា​ដ៏​មហិមា និងចុង​ក្រោយបង្អស់ដើម្បី​ធ្វើ​ឲ្យ​មាន​សុពលភាព​នូវ​ទំនៀមទម្លាប់​ទីសម្គាល់​ដែល​ត្រូវបាន​ប្រើ​ក្នុង​ការប្រារព្ធ​ពិធីបុណ្យរំលង​របស់​ព្រះអម្ចាស់ ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន ព្រះគ្រីស្ទ​បាន​ដកពិសោធន៍​នូវ​ការ​រងទុក្ខ​ខាងសាច់​ឈាម និង​ខាង​វិញ្ញាណ​ដែល​មនុស្ស​លោក​មិន​អាច​យល់​ ។ ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​មាន​ព្រះបន្ទូល​ថា

« ដ្បិត​មើល​ចុះ​ យើង​ជាព្រះ​បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ …

« គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច—

« ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ។

ព្រះគ្រីស្ទ​បានបំពេញ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាតាមរយៈ​ពលិកម្ម​ជា​និរន្តរ និង​ដ៏​មាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ។ ទ្រង់​យកឈ្នះ​ទ្រនិច​នៃសេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណដែល​បាន​កើត​មាន​ក្នុង​ពិភពលោក​នេះដោយសារ​ការ​ធ្លាក់ហើយ​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។១០

ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​ដែល​មាន​សមត្ថភាព​ដើម្បី​សម្រេច​ពលិកម្ម​ដ៏​អស់កល្បជានិច្ច និង​ដ៏​ល្អឥត​ខ្ចោះ​សម្រាប់​យើង​គ្រប់គ្នា ។១១ ទ្រង់​ត្រូវបាន​ជ្រើសរើស និង​តែងតាំងមុនកំណើត​លោកិយ​នៅ​ក្នុង​ក្រុមប្រឹក្សា​ដ៏ធំ​នៅ​ឯ​ស្ថានសួគ៌​ពីមុន​ពិភពលោក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​មក​ម្ល៉េះ ។១២ លើសពីនេះទៀត ដោយសារ​បាន​ប្រសូតមក​ពីម្ដាយ​ដែល​ជា​មនុស្ស​រមែង​ស្លាប់ នោះទ្រង់​គ្រង​ការស្លាប់​ខាង​សាច់ឈាម ប៉ុន្តែ​​ទ្រង់​ជា​ព្រះរាជបុត្រា​បង្កើតតែមួយ​របស់​ព្រះវរបិតា ទ្រង់​មក​ពី​ព្រះ នោះ​ទ្រង់​គ្រង​ព្រះចេស្ដា​ដើម្បី​ប្រទាន​ព្រះជន្ម​ផ្ទាល់ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ម្ដង​ទៀត ។១៣ បន្ថែម​ពីលើ​នេះ ព្រះគ្រីស្ទ​បាន​រស់​នៅ​ក្នុង​ជីវិត​មួយ​ដ៏​ល្អឥតខ្ចោះ​ដែល​គ្មាន​ស្នាម​ប្រឡាក់​ ហេតុដូច្នោះហើយ ទ្រង់​ត្រូវបាន​លើកលែង​ពី​ការទាមទារ​នៃសេចក្ដី​យុត្តិធម៌​ពីព្រះ ។១៤ នៅ​គ្រា​ខ្លះ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖

« សេចក្តីសង្គ្រោះ​ពុំ​អាច​មាន​នៅ​លើ​លោក​នេះ ដោយ​គ្មាន​ការសង្រួបសង្រួម​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​ទេ ។

« ព្រះ … បាន​រៀបចំ​ការបូជា​មួយ ដោយ​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ផ្ទាល់​ជា​អំណោយ ដែល​នឹង​ត្រូវ​បញ្ជូន​នៅគ្រា​ដែល​បាន​កំណត់​ដើម្បី … បើក​ទ្វារ​ឲ្យមនុស្ស​អាច​ចូល​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ » ។១៥

តាមរយៈ​ការ​ពលិកម្ម​របស់ទ្រង់ ព្រះអង្គ​សង្គ្រោះ​បានដក​យក​ឥទ្ធិពល​នៃ​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ចេញ​១៦ទ្រង់​មិន​បាន​លុប​បំបាត់​ការ​ទទួលខុសត្រូវ​​ដើម្បី​ប្រែចិត្ត​ពីអំពើ​បាប​ដែល​យើង​បានប្រព្រឹត្តនោះ​ឡើយ ។១៧ ផ្ទុយ​ទៅវិញ ទ្រង់​បាន​អញ្ជើញ​យើង​ដោយ​ក្ដីស្រឡាញ់​​ឲ្យ​ផ្សះផ្សារ​នឹង​ព្រះវរបិតាដ៏​អស់កល្ប​របស់​យើង ។ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ យើង​អាច​ដកពិសោធន៍​នូវ​ការ​ផ្លាស់ប្ដូរ​គំនិត និង​ដួង​ចិត្ត​ដ៏​ធំ ដោយ​មាន​ឥវិយាបថ​ថ្មី​ចំពោះ​ព្រះ និង​ជីវិត​ជាទូទៅ ។១៨ នៅពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ដោយ​ស្មោះសរ បង្វែរ​ដួងចិត្ត និង​ឆន្ទៈ​របស់​យើង​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​ទ្រង់ នោះយើង​អាច​ទទួល​បាន​ការអភ័យ​ទោស ហើយ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដ៏​ពេញ​បរិបូរណ៌ ។ ដោយ​ក្តី​មេត្តា យើង​រួចផុត​ពី​ការ​រងទុក្ខ​ដ៏​ខ្លាំងក្លា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស៊ូទ្រាំ ។១៩

អំណោយទាន​នៃ​ការប្រែចិត្ត​គឺជា​ការសម្តែងនូវ​សេចក្ដីសប្បុរស​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​ទ្រង់ ហើយ​គឺជា​ការ​បង្ហាញ​ពី​ព្រះចេស្ដា​ដ៏ឥតប្រៀប​ផ្ទឹម​របស់​ទ្រង់​ដើម្បី​ជួយ​យើង​យកឈ្នះ​អំពើ​បាប​ដែល​យើង​ប្រព្រឹត្ត ។ វាក៏ជា​ភស្ដុតាង​នៃ​ការស៊ូទ្រាំ និង​ការ​អត់ធ្មត់​របស់​ព្រះវរបិតា​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់​របស់យើង​មាន​ចំពោះ​ភាពទន់ខ្សោយ និង​គុណវិបត្តិ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង ។ ប្រធាន រ័សុល អិម ណិលសុន ព្យាការី​ជាទីស្រឡាញ់​របស់​យើង បាន​ហៅ​អំណោយទាន​នេះ​ថាជា « គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត » ។២០

មិត្តជាទីស្រឡាញ់​របស់​ខ្ញុំអើយ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា កាល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងពិតប្រាកដ២១នោះ​យើង​អនុញ្ញាត​ឲ្យ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះគ្រីស្ទ មាន​ប្រសិទ្ធភាព​លើ​ជីវិត​របស់​យើង​ទាំងស្រុង ។២២ យើង​នឹង​រួចផុត​ពី​សេវកភាព​នៃ​អំពើបាប រកឃើញ​អំណរ​ក្នុង​ដំណើរ​របស់​យើង​លើ​ផែនដី ហើយ​មាន​សិទ្ធិ​ទទួលបាន​សេចក្ដី​សង្គ្រោះ​ដ៏​នៅអស់កល្ប​ជានិច្ច ដែល​បាន​រៀបចំឡើង​តាំង​ពី​ការបង្កបង្កើត​លោកីយ៍មក​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មករក​ទ្រង់ ។២៣

បន្ថែម​ពី​លើនោះ ដើម្បី​ផ្ដល់​នូវ​អំណោយទាន​ដ៏​មហិមា​នៃ​សេចក្តីសង្គ្រោះ​នេះ ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នូវ​ភាព​ធូរស្បើយ និង​ការ​លួងលោម​ចិត្ត កាល​យើង​ប្រឈម​នឹង​ទុក្ខវេទនា ការល្បួង និង​ភាព​ទន់ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់ រួមបញ្ចូល​ទាំង​កាលៈទេសៈ​ដែល​យើង​បាន​ដក​ពិសោធន៍​ថ្មីៗ​នេះ​នៅ​ក្នុង​គ្រានៃជំងឺ​រាតត្បាត ។ ខ្ញុំ​អាចអះអាង​ដល់​បងប្អូន​ថា ព្រះគ្រីស្ទ​ទ្រង់ញាណ​ដឹង​ពី​សេចក្ដី​វេទនា​ដែល​យើង​ដកពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជា​និច្ច ។ ទ្រង់​យល់​នូវ​រាល់ភាព​ជូរចត់ ការឈឺចាប់ និង​កង្វល់​ខាង​សាច់ឈាម ក៏​ដូចជា​ឧបសគ្គ​ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ដែល​យើង​ប្រឈម​ផង​ដែរ ។ ព្រះអង្គ​សង្រ្គោះ​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា ហើយ​ទ្រង់​ត្រៀម​ព្រះកាយ​ជួយ​សង្រ្គោះ​យើង​ជានិច្ច ។ ការណ៍​នេះ​អាច​កើត​ឡើងបាន ពីព្រោះទ្រង់​បាន​ដកពិសោធន៍ ​និង​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​ការឈឺចាប់​នៃ​ភាពទន់ខ្សោយ និងទុក្ខវេទនា​ខាង​សាច់ឈាម​របស់​យើង​ដោយ​ផ្ទាល់ ។២៤

ដោយ​មាន​ព្រះទ័យ​ស្លូតបូត និង រាបសា នោះទ្រង់​បាន​យាង​ចុះក្រោម​គ្រប់ទាំងអស់ ហើយ​បាន​ទទួល​យក ទោះ​ជា​ត្រូវ​មនុស្ស​មើល​ងាយ បដិសេធ ហើយ​បន្ទាប​បន្ថោក ព្រមទាំង​រងរបួស​ព្រោះតែ​អំពើ​រំលង និង​អំពើ​ទុច្ចរិត​របស់​យើង​ផង ។ ទ្រង់​បាន​រងទុក្ខ​រឿង​ទាំងនេះ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ដោយ​លើក​ដាក់​មកលើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​ពិភពលោក​នេះ២៥ហើយ​ទ្រង់​ក្លាយ​ជាអង្គថែរក្សា​ខាង​វិញ្ញាណ​របស់​យើង​ជា​និរន្តរ ។

កាលយើង​ខិត​កាន់តែ​ជិត​ទ្រង់ ដោយអនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​យើង​ខាង​វិញ្ញាណ នោះយើង​នឹង​មាន​លទ្ធភាព​ដើម្បី​លើក​ដាក់​នឹម​ដ៏ងាយ​របស់​ទ្រង់ និង​បន្ទុក​ដ៏ស្រាល​របស់​ទ្រង់​មក​លើ​ខ្លួន​យើង ហើយ​ក៏​រក​ឃើញ​ការ​លួងលោម​ចិត្ត និង​ទីសម្រាក​ដែល​បាន​សន្យា​ផងដែរ ។ លើសពីនេះទៀត យើង​នឹង​ទទួល​បាន​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យក​ឈ្នះ​លើ​ការលំបាក ភាព​ទន់ខ្សោយ និង​ភាព​សោកសៅ​ក្នុង​ជីវិត ដែល​ពិបាក​ស៊ូទ្រាំ​យ៉ាងខ្លាំង​ បើ​គ្មាន​ជំនួយ និង​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់​នោះ​ទេ ។២៦ បទគម្ពីរ​បង្រៀន​យើង​ឲ្យ « ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក » ។២៧ « ហើយបន្ទាប់មក​សូម​ព្រះ​ទ្រង់​សម្រាល [ យើង​ពី ] បន្ទុក​របស់ [ យើង ] តាម​រយៈ​អំណរ​នៃ​ព្រះ​រាជ​បុត្រា​របស់ [ ទ្រង់ ] » ។២៨

រូបភាព
រេហ្គីណា និង​ម៉ារីយ៉ូ អេមេរីក

នៅជិត​ចុង​ឆ្នាំមុន ខ្ញុំ​បាន​ទទួល​ដំណឹង​មរណភាព​របស់​ស្វាមី​ភរិយា​ជាស្រឡាញ់​មួយ​គូរ ឈ្មោះ ម៉ារីយ៉ូ និង រេហ្គីណា អេមេរីក ដែល​ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ហើយ​បាន​ស្លាប់ខុស​គ្នា​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ ។

កូន​ប្រុស​ម្នាក់​របស់​ពួកគាត់ ដែល​កំពុង​បម្រើ​ជា​ប៊ីស្សព​នៅ​ប្រទេស​ប្រេស៊ីល នា​បច្ចុប្បន្ន​នេះ​បាន​ប្រាប់​ខ្ញុំ​ដូច​នេះ ៖ « វា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​មើល​ឃើញ​ឪពុក​ម្ដាយ​ខ្ញុំ​ចេញពី​ពិភពលោក​ទៅ​ក្នុង​ស្ថានភាព​បែប​នេះ ប៉ុន្តែ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​យ៉ាង​ច្បាស់​ពី​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​ខ្ញុំ​នៅក្នុង​សោកនាដកម្មនេះ ដោយសារ​ខ្ញុំ​បាន​ទទួល​កម្លាំង និង​សេចក្ដី​សុខសាន្ត​ដែល​ហួស​ពី​ចំណេះ​ដឹង​របស់​ខ្ញុំ ។ តាមរយៈ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​ព្រះ​ដើម្បី​ពង្រឹង និង​លួង​លោម​សមាជិក​គ្រួសារ​ខ្ញុំ និង​មនុស្ស​ទាំងអស់​ដែល​បាន​ជួយ​យើង​នៅ​គ្រា​ដ៏​លំបាក​នេះ ។ ទោះជា​អព្ភូតហេតុ​ដែល​មនុស្ស​គ្រប់​គ្នា​សង្ឃឹម​ទុក មិន​បាន​កើត​ឡើង​ក្ដី ក៏​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​អព្ភូតហេតុ​ជាច្រើន​ទៀត​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​​សមាជិក​គ្រួសារ​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​ទទួលភាព​សុខសាន្ត​ដែល​ពុំអាច​ពន្យល់​បាន ដែល​វា​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ ផ្ដល់​សេចក្ដី​សង្ឃឹម និង​ទំនុក​ចិត្ត​ដល់​ខ្ញុំ​ទៅ​លើ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្ញុំ និង​លើ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ខ្ញុំ​បាន​ដឹង​ថា នៅគ្រា​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​ខ្លាំង​បំផុត នោះ​ព្រះហស្ដ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​បាន​លាត​សន្ធឹង​ជានិច្ច កាល​យើង​ស្វែង​រក​ទ្រង់​អស់​ពី​ដួង​ចិត្ត ថាមពល គំនិត និង​កម្លាំង​ » ។

រូបភាព
គ្រួសារ​អេមេរីក

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ នៅថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​សាក្សី​ជា​ឧឡារិក​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះជន្មរស់​ឡើងវិញ​ពី​សេចក្ដីស្លាប់ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា តាមរយៈ​ទ្រង់ និងដង្វាយ​ធួន​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​យក​ឈ្នះ​សេចក្ដី​ស្លាប់ ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។ បន្ថែម​ពី​លើ​ពរជ័យ​ដ៏​មហិមា​ទាំងនោះ ទ្រង់​ក៏​បាន​ប្រទាន​ដល់​យើង​នូវ​ការ​លួងលោមចិត្ត និង​ការ​អះអាង​ក្នុង​គ្រា​លំបាកៗ​ផងដែរ ។ ខ្ញុំ​សូម​អះអាង​ដល់​បងប្អូន​ថា កាល​យើង​ដាក់សេចក្តី​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​​ធួន​របស់​ទ្រង់ ដោយ​កាន់​ខ្ជាប់​នឹង​សេចក្ដី​ជំនឿ​របស់​យើង​ដរាប​ដល់​ចុង​បំផុត នោះ​យើង​នឹង​រីករាយ​ចំពោះ​ការ​សន្យា​នៃ​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់​ដែល​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អំណាច​ទ្រង់​ដើម្បី​ជួយ​យើង​ត្រឡប់​ទៅ​ទីវត្តមាន​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ ។ នេះ​ជា​កិច្ចការ​របស់​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់ !២៩ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ទៅកាន់​បងប្អូន​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះដ៏​ប្រោសលោះ​នៃ​ពិភពលោក ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ជា​ការរស់​ឡើងវិញ និង​ជីវិត ។៣០ ហើយ​ខ្ញុំសូម​ចែកចាយ​សេចក្ដីពិត​ទាំង​នេះ​ជាមួយ​នឹង​បងប្អូន​នៅ​ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​នៃ​ព្រះបិតា ជា​ព្រអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។