សន្និសីទទូទៅ
កំហឹង​ចំពោះ​ភាព​អយុត្តិធម៌
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


កំហឹង​ចំពោះ​ភាព​អយុត្តិធម៌

ព្រះយេស៊ូវ​គ្រីស្ទ​ទាំង​ញាណ​ដឹង​ពី​ភាព​អយុត្តិធម៌ និង​ទាំង​មាន​ព្រះចេស្តា​ដើម្បី​ប្រទាន​ឲ្យ​ដំណោះ​ស្រាយ​ផងដែរ ។

ក្នុងឆ្នាំ ១៩៩៤ អំពើ​ប្រល័យ​ពូជសាសន៍​មួយ​បាន​កើតឡើង​នៅ​ភាគ​ខាងកើត នៃ​ប្រទេស រវ៉ាន់ដា នៅ​ទ្វីបអាហ្រ្វិក ដែល​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ភាពតានតឹង​របស់​កុលសម្ព័ន្ធ​ដែល​គ្រប់គ្រង​ជា​យូរ​មក​ហើយ​នោះ ។ តាម​ការប៉ាន់ស្មាន មាន​មនុស្ស​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ត្រូវ​បាន​សម្លាប់ ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ នោះ​គឺ​ប្រជាជន រវ៉ាន់ដា បាន​មាន​ភាពផ្សះផ្សារ​គ្នា​ មួយ​ផ្នែក​ធំ ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំងនេះ​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​ប្រទេស​នេះ​ដដែល ។

កាល​ពី​មួយ​ទសវត្សរ៍​មុន ពេល​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស រវ៉ាន់ដា ភរិយាខ្ញុំ និង​ខ្ញុំ​បាន​ចាប់​ផ្តើម​សន្ទនា​ជា​មួយ​អ្នកដំណើរ​ម្នាក់ នៅ​ឯ​ព្រលាន​យន្តហោះ គីហ្គីលី ។ គាត់​បាន​សោកស្តាយ​ពី​ភាពអយុត្តិធម៌​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​បាន​សួរ​ចំៗ​ថា « ប្រសិនបើ​មាន​ព្រះ​មែននោះ ហេតុអ្វី​ទ្រង់​មិន​ធ្វើ​អ្វី​មួយ​អំពីរឿង​នេះ ? » ចំពោះ​បុរស​ម្នាក់​នេះ និង​ចំពោះ​យើង​ជា​ច្រើន​នាក់—ការរងទុក្ខ និង​ភាពអយុត្តិធម៌​ដ៏​ព្រៃផ្សៃ ហាក់ដូចជា​មិន​ត្រូវគ្នា​នឹង​ភាពពិត​នៃ​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​ឡើយ ។ ប៉ុន្តែ ទ្រង់​គឺ​មាន​ពិតប្រាកដមែន ទ្រង់​មាន​ព្រះទ័យ​ល្អ ហើយ​ទ្រង់មាន​ក្តី​ស្រឡាញ់ដ៏​ឥតខ្ចោះ​ចំពោះ​បុត្រ​របស់​ទ្រង់​ម្នាក់ៗ ។ គំនិត​ខ្វែង​គ្នា​បែបនេះ​កើត​មាន​យូរមកហើយ ហើយ​មិនអាច​ពន្យល់បាន​ត្រឹមតែ​ពាក្យ​សាមញ្ញ​ខ្លីៗ​នោះទេ ។

ដើម្បី​ធ្វើ​ឲ្យ​វា​ងាយ​យល់ ចូរ​យើង​ស្វែងយល់​ប្រភេទ​ខុសៗ​គ្នា​នៃ​ភាព​អយុត្តិធម៌ ។ សូម​ពិចារណា​ពី​ក្រុម​គ្រួសារ​មួយ ដែល​កូន​ម្នាក់ៗ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​សប្តាហ៍ ពីការជួយធ្វើ​ការងារផ្ទះធម្មតា ។ កូនប្រុស​ឈ្មោះ ចន បាន​ទិញ​ស្គរគ្រាប់ កូន​ស្រី​ឈ្មោះ អាណា បាន​សន្សំ​លុយ​ទុក ។ នៅទីបំផុត អាណា បាន​ទិញ​កង់​មួយ​គ្រឿង ។ ចន បាន​គិតថា វា​មិន​យុត្តិធម៌​ទាល់តែ​សោះ​ដែល អាណា បាន​កង់ តែ​គាត់​មិនបាន​កង់​នោះ ។ ប៉ុន្តែ​ជម្រើស​របស់ ចន បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ស្មើគ្នា មិនមែន​ជា​ទង្វើ​របស់​ឪពុក​ម្តាយ​នោះ​ទេ ។ ការសម្រេច​ចិត្ត​របស់ អាណា ដែល​មិន​យក​លុយ​ទៅ​ទិញ​ស្ករ​គ្រាប់​ញ៉ាំ​ភ្លាមៗ មិនបាន​ធ្វើ​ឲ្យ​មាន​ភាពអយុត្តិធម៌​ចំពោះ ចន ទេ ពីព្រោះ ចន បាន​មាន​ឱកាស​ដូច​បង​ប្អូនស្រី​របស់​គាត់​ដែរ ។

ការ​សម្រេចចិត្ត​របស់​យើងដូចគ្នា​នេះ​ដែរ​អាច​នាំ​ឲ្យ​មាន​គុណ​សម្បត្តិ ឬ​គុណ​វិបត្តិ​រយៈ​ពេល​វែង ។ ដូចដែល​ព្រះអម្ចាស់​បាន​បើក​សម្តែងថា « បើសិន​ជា​អ្នកណា​មួយ បាន​ចំណេះ​វិជ្ជា និង​បញ្ញា​ច្រើន​ជាង​អ្នក​ផ្សេង នៅក្នុង​ជីវិត​នេះ ដោយសារ​ការ​ព្យាយាម និង​ការ​គោរព​របស់​ខ្លួនអ្នកនោះ​នឹង​បាន​ប្រៀប​ច្រើន​នៅ​ពិភព​ខាង​មុខ » ។ 3 នៅពេល​អ្នក​ដទៃ​ទទួល​បាន​អត្ថ​ប្រយោជន៍ ព្រោះ​ការជ្រើសរើស​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​ពួកគេ នោះ​យើង​មិន​អាច​សន្និដ្ឋាន​បាន​ត្រឹមត្រូវ​ថា យើង​ទទួល​បាន​ភាពអយុត្តិធម៌​នោះទេ នៅ​ពេល​ដែល​យើង​មាន​ឱកាស​ដូច​គ្នា​ដែរ ។

ឧទាហរណ៍​មួយ​ទៀត​ពី​ភាព​អយុត្តិធម៌​កើត​ចេញ​ពី​ស្ថានភាព​ដែល​ភរិយា​ខ្ញុំ រ៉ូត ជួប​ប្រទះ​កាល​ពី​នៅ​ក្មេង ។ នៅ​ថ្ងៃ​មួយ រ៉ូត បាន​ដឹងថា​ម្តាយ​របស់​គាត់​បាន​នាំ ម៉ឺឡា ជាប្អូន​ស្រី ទៅ​ទិញ​ស្បែកជើងថ្មី ។ រ៉ូត បានត្អូញត្អែរ​ថា « ម៉ាក់ វា​អត់​យុត្តិធម៌ទេ ! ម៉ឺឡា បាន​ស្បែកជើង​ថ្មីមួយ​គូ​ពីលើកមុន​រួចហើយ » ។

ម្តាយ​ក្មេក​របស់​ខ្ញុំ បាន​សួរថា « រ៉ូត ចុះ​ស្បែកជើង​កូន​នៅ​ពាក់​ល្មមជើង​ឬ​អត់ ? »

រ៉ូត បាន​ឆ្លើយថា « ច៎ាស ល្មម​ម៉ាក់ » ។

បន្ទាប់មក ម្តាយ​ក្មេក​របស់​ខ្ញុំ​បាននិយាយថា « ស្បែកជើង​របស់ ម៉ឺឡា ពាក់​លែង​ល្មម​ជើង​ហើយ​កូន » ។

រ៉ូត បាន​យល់ស្របថា បងប្អូន​គ្រប់គ្នា​នៅក្នុង​គ្រួសារ​នេះ គួរតែ​មាន​ស្បែកជើង​មួយ​គូ​ដែល​ពាក់​ល្មម​ជើង​ខ្លួន ។ ទោះបីជា រ៉ូត ចង់​បាន​ស្បែក​ជើង​ថ្មី​ក៏ដោយ ក៏​ទស្សនៈ​របស់​គាត់​ដែល​ថា គាត់​ទទួល​បាន​ភាព​អយុត្តិធម៌​នោះ​ក៏​ត្រូវ​ផ្លាស់ប្តូរ​ដែរ នៅ​ពេល​គាត់​បាន​ឃើញ​ស្ថាន​ភាព​នោះ តាម​រយៈ​កែវ​ភ្នែក​របស់​ម្តាយ​ក្មេក​ខ្ញុំ ។

ពេលខ្លះ ភាព​អយុត្តិធម៌​មិន​អាច​ពន្យល់​បាន​ទេ ដែល ភាព​អយុត្តិធម៌​មិន​អាច​ពន្យល់​បាន​នោះ គឺ​ជា​កំហឹង ។ ភាព​អយុត្តិធម៌​កើត​មាន​ពី​ការរស់នៅ​ក្នុង​រូបកាយ​ដែល​ពុំ​ឥតខ្ចោះ របួស ឬ​ជំងឺ ។ ជីវិត​រមែង​ស្លាប់​គឺ​ជាប់ទាក់ទង​នឹង​ភាព​អយុត្តិធម៌ ។ អ្នក​ខ្លះ​កើតមក​ក្នុង​ភាព​សម្បូរបែប រីឯអ្នក​ខ្លះ​ទៀត គ្មាន​អ្វី​សោះ ។ អ្នក​ខ្លះ​មាន​ឪពុកម្តាយ​ពេញ​ដោយ​ក្តី​ស្រឡាញ់ រីឯអ្នក​ខ្លះ​ទៀត គ្មាន​ឡើយ ។ អ្នក​ខ្លះ​រស់នៅ​បាន​ជា​ច្រើនឆ្នាំ រីឯអ្នក​ខ្លះ​ទៀត រស់​បាន​តែ​ពីរបី​ឆ្នាំប៉ុណ្ណោះ ។ ហើយ​នៅ​មាន​ច្រើន​ទៀត ។ មនុស្ស​ខ្លះ​ទទួល​កំហុស​ទាំង​អយុត្តិធម៌ ទោះបី​ពួកគេ​កំពុង​ព្យាយាម​ធ្វើ​ល្អក៏ដោយ ។ មនុស្ស​ខ្លះ​ទៀតជ្រើសរើស​មិនចាកចេញ​ពី​ភាព​អយុត្តិធម៌​ឡើយ ទោះ​បីពួកគេអាច​ធ្វើ​បាន​ក៏​ដោយ ។ គួរ​ឲ្យ​សោកស្តាយ​ណាស់ មនុស្ស​ខ្លះ​ប្រើ​សិទ្ធិ​ជ្រើសរើស ដែល​ព្រះ​ប្រទាន​ឲ្យ ធ្វើ​បាប​អ្នកដទៃ​ឲ្យឈឺចាប់ សូម្បីតែ​ពួកគេ​មិន​គួរ​ធ្វើ​ក៏ដោយ ។

ប្រភេទ​អយុត្តិធម៌​ខុសៗ​គ្នា​អាច​បញ្ចូល​គ្នា បង្កើត​ជារលក​ស៊ូណាមី​នៃ​ភាព​អយុត្តិធម៌​ដ៏​គួរ​ឲ្យ​ខ្លាចបំផុត​បាន ។ ឧទាហរណ៍ ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ឆ្លង​ទៅ​ក្រុម​ខ្លះ​ច្រើន​ជាង​ក្រុម​ខ្លះទៀត ដែល​ក្រុមនោះ​មាន​បញ្ហា​ជា​ច្រើន​រួច​ទៅ​ហើយ​នោះ ។ ដួងចិត្ត​ខ្ញុំ​ឈឺផ្សារ​ចំពោះ​បងប្អូន​ដែល​ប្រឈម​មុខ​នឹង​ភាព​អយុត្តិធម៌​បែបនេះ ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ដោយអស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះ​ប្រាជ្ញា​ញាណ​ដឹង​ទាំង​ពី​ភាព​អយុត្តិធម៌ ហើយ​ទាំង​មាន​ព្រះចេស្តា​ក្នុងការ​ប្រទាន​នូវ​ដំណោះស្រាយ​ផងដែរ ។ គ្មាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន​នឹង​ភាព​អយុត្តិធម៌​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នោះទេ ។ វា​មិន​យុត្តិធម៌​ទេ ដែល​ទ្រង់​ត្រូវ​រង​នូវ​ការឈឺចាប់ និង​ទុក្ខព្រួយ​ទាំងអស់​នៃ​មនុស្ស​លោកនោះ ។ វា​មិន​យុត្តិធម៌​ទេ​ដែល​ទ្រង់​ត្រូវ​រងទុក្ខ​សម្រាប់​អំពើ​បាប និង​កំហុស​របស់​ខ្ញុំ និង​កំហុស​របស់​បងប្អូន​នោះ ។ ប៉ុន្តែ ទ្រង់​បាន​ជ្រើសរើស​ធ្វើ​ដូច្នេះ ដោយសារ​សេចក្តី​ស្រឡា​ញ់​របស់​ទ្រង់​ចំពោះ​យើង និង​ព្រះ​វរបិតា​សួគ៌ ។ ទ្រង់​ញាណ​ដឹង​ពី​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​យ៉ាង​ឥតខ្ចោះ ។

ព្រះ​គម្ពីរ​បាន​កត់ត្រា​ថា សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​បាន​ត្អូញត្អែរ​ថា ព្រះ​ធ្វើ​ចំពោះ​ពួកគេ​ដោយ​អយុត្តិធម៌ ។ ជា​ការឆ្លើយតប ព្រះ​យេហូវ៉ា បាន​សួរថា « ដ្បិត​អី ស្ត្រី​នឹង​ភ្លេច​កូន ដែល​កំពុង​បៅ​ដោះ​ឬ? ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? » វា​មិន​ទំនង​ទេ ដែល​ម្ដាយ​ពេញ​ដោយ​ក្តី​ស្រឡាញ់​នឹង​ភ្លេច​កូន​តូច​របស់​ខ្លួន​នោះ ព្រះ​យេហូវ៉ា បាន​ប្រកាស​ថា ភក្ដី​ភាព​របស់​ទ្រង់​គឺ​កាន់​តែ​មិន​ប្រែប្រួល​ទៅទៀត ។ ទ្រង់​បាន​បញ្ជាក់ថា « គេ​នឹង​ភ្លេចបាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​ឯង​ឡើយ ។ … មើល​អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ ហើយ​អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច » ។​ ដោយសារ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ស៊ូទ្រាំ​នឹង​ពលិកម្ម​ដ៏​ធួន​ដែល​គ្មាន​ទីបញ្ចប់ នោះ​ទ្រង់​ក៏​ស្គាល់​ទុក្ខលំបាក​របស់យើង​យ៉ាង​ច្បាស់​ដែរ ។ ទ្រង់​ស្គាល់​យើង និង​កាលៈទេសៈ​របស់​យើង​ជានិច្ច ។

ក្នុង​ជីវិត​រមែង​ស្លាប់ យើងអាច « មក​ដោយ​ក្លាហាន » ចំពោះ​ព្រះ​អង្គ​សង្រ្គោះ និង​ទទួល​សេចក្តី​អាណិត​អាសូរ ការព្យាបាល និង​ជំនួយ ។​ ទោះបី​ខណៈ​ដែល​យើង​រងទុក្ខ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង តាម​របៀប​សាមញ្ញ ធម្មតា និង​សំខាន់​បានដែរ ។ នៅពេល​យើង​រៀន​ស្គាល់​ពរជ័យ​ទាំងនេះ នោះ​ការទុកចិត្ត​របស់​យើង​លើ​ព្រះ​នឹង​កើន​ឡើង ។ នៅក្នុង​ភាព​អស់​កល្បជានិច្ច ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ដោះស្រាយ​ភាព​អយុត្តិធម៌​ទាំងអស់ ។ យើង​ពិត​ជា​ចង់ដឹង តាម​របៀប​ណានិង នៅពេលណា តើទ្រង់ ទាំងទ្វេរ​នឹង​ធ្វើ​បែប​នោះ​ដោយ​របៀប​ណា ? តើ​នៅ​ពេល​ណាដែល​ទ្រង់​ទាំងទ្វេរ​ធ្វើ​បែប​នេះ ? ចំពោះ​ចំណេះដឹង​របស់​ខ្ញុំ ទ្រង់​ទាំងទ្វេរ​ពុំ​បាន​បើកសម្តែង ដោយ​របៀបណានៅ​ពេលណានោះទេ ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺថា​ទ្រង់​ទាំងទ្វេរ នឹង​ធ្វើ

នៅក្នុង​ស្ថានភាព​អយុត្តិធម៌ កិច្ចការ​មួយ​ដែល​យើង​ត្រូវធ្វើ​គឺ​ត្រូវ​ទុកចិត្ត​ថា « អ្វីៗ​ទាំងអស់​ដែល​ជា​រឿង​អយុត្តិធម៌​នៅក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​យុត្តិធម៌ តាម​រយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ » ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យកឈ្នះ​លើ​លោកិយ ហើយ « ទទួលយក » ភាព​អយុត្តិធម៌​ទាំងអស់ ។ ដោយសារ​ទ្រង់ យើង​អាច​មាន​សេចក្តី​សុខសាន្ត​នៅក្នុង​ពិភពលោក​នេះ ហើយ​មាន​សង្ឃឹមឡើង ។​១០ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ នោះ​ព្រះ​យេស៊ូវគ្រីស្ទ នឹង​ញែក​ភាព​អយុត្តិធម៌​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ។​១១ ទ្រង់​មិន​គ្រាន់តែ​លួងលោម​យើង និង​ស្តារឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាត់បង់​ឡើយ១២តែ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភាព​អយុត្តិធម៌ ឲ្យក្លាយជា​ប្រយោជន៍​ដល់​យើង​វិញ ។ នៅពេល​និយាយ​អំពី ដោយ​របៀបណានិង នៅ​ពេលណាយើង​ត្រូវតែ​ទទួល​ស្គាល់ និង​ទទួល​យក ដូចជា​អាលម៉ា ថា « វា​ពុំ​មែន​ជា​ការណ៍​អ្វី​ទេ ព្រោះ​ព្រះ​ទ្រង់​ជ្រាប​នូវ​ការណ៍​អស់​ទាំង​នេះ​ហើយ ហើយ​ឪពុក​គ្រាន់តែ​ដឹង​ថា ការណ៍​នោះ​មែនពិត ក៏​ជា​ការ​គ្រប់​គ្រាន់​ហើយ » ។​១៣

យើង អាច​ព្យាយាម​ទុក​សំណួរ​របស់​យើង​អំពី ដោយ​របៀបណានិង នៅពេល​ណាមួយ​អន្លើ​សិន ហើយ​ផ្តោត​ទៅលើ​ការអភិវឌ្ឍន៍​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ទ្រង់​មាន​ទាំង​ព្រះ​ចេស្តា​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​យុត្តិធម៌ ។​១៤ ចំពោះ​យើង​ដែល​ទទូច​ចង់ដឹង ដោយ​របៀបណានៅពេលណាគឺ​ឥត​ប្រយោជន៍ និង​ជាចុងក្រោយ គឺ​គិតខ្លី ។១៥

នៅពេល​យើង​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ យើង​ក៏​គួរតែ​ខិតខំ​ប្រែក្លាយ​ដូចជា​ទ្រង់​ផងដែរ ។ បន្ទាប់មក​យើង​ប្រាស្រ័យ​ទាក់ទង​អ្នក​ដទៃ​ដោយ​ក្តី​អាណិត​អាសូរ ហើយ​ព្យាយាម​ជៀសវាង​ភាព​អយុត្តិធម៌​ដែល​យើង​រក​ឃើញ១៦យើង​អាច​ព្យាយាម​ធ្វើ​អ្វីៗ​បាន​ត្រឹមត្រូវ តាម​ឥទ្ធិពល​របស់​យើង ។ ប្រាកដណាស់ ព្រះ​អង្គសង្រ្គោះ​បាន​បង្គាប់​យើង​ថា « ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​[ របស់​យើង ] ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ។១៧

បុគ្គល​មួយ​រូប​ដែល​សកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​គឺ​មេធាវី ប្រាយអិន ស្ទីវីនសិន ។ ការ​អនុវត្ត​ច្បាប់​របស់លោក​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​គោរព​ឲ្យតម្លៃ​ក្នុងការ​ការពារ​ការចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ បញ្ឈប់​ការដាក់​ទណ្ឌកម្ម​ហួសកម្រិត និង​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក ស្ទីវីនសិន បាន​ជួយ​ការពារ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ពី​បទ​មនុស្សឃាត ហើយ​ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត ។ លោក ស្ទីវីនសិន បាន​ស្នើសុំ​ជំនួយ​ពី​ព្រះវិហារ​របស់​បុរស​រូប​នោះ ទោះបីជា​បុរស​នោះ​មិន​សកម្ម​នៅក្នុង​ព្រះវិហារ​របស់​គាត់​ក្តី ហើយ​ត្រូវបាន​គេ​មើលងាយ​នៅក្នុង​សហគមន៍ ដោយសារ​រឿង​ស្នេហា​ផិតក្បត់ ដែល​គេឯង​គ្រប់​គ្នា​បាន​ដឹង ។

ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​មាន​សារៈសំខាន់ នោះ​លោក ស្ទីវីនសិន បាន​និយាយ​ទៅកាន់​ពួកគេ អំពី​ស្ត្រី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផិតក្បត់ ដែល​ត្រូវ​បាន​គេ​នាំ​មក​ឯ​ព្រះយេស៊ូវ ។ ក្រុម​ពួក​អ្នក​ចោទ​ប្រកាន់​ចង់​យក​ដុំថ្ម​គប់​សម្លាប់​នាង ប៉ុន្តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា « អ្នក​ណា​ដែល​គ្មាន​បាប … ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ។​១៨ ការចោទ​ប្រកាន់​លើ​ស្រ្តី​នោះ ក៏​បាន​បញ្ឈប់ ។ ព្រះ​យេស៊ូវ មិន​បាន​ថ្កោលទោស​ស្ដ្រី​នោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បង្គាប់​នាង​ថា កុំ​ឲ្យ​ប្រព្រឹត្តបាប​ទៀត​ឡើយ ។​១៩

បន្ទាប់ពី​បាន​រៀប​រាប់​ពី​វគ្គ​នេះ លោក ស្ទីវីនសិន បាន​កត់សម្គាល់​ឃើញ​ថា សេចក្តី​សុចរិត​ផ្ទាល់ខ្លួន ការ​ភ័យខ្លាច និង​កំហឹង​បាន​បណ្តាល​ឲ្យ​ពួក​គ្រីស្ទាន​និយាយ​មិនល្អ​ពី​នរណា​ម្នាក់​ដែល​គ្រាន់តែ​ភ្លាំងភ្លាត់​ប៉ុណ្ណោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​មិន​អាច​បណ្តាល​ឲ្យ​រឿង​នោះ​កើត​មាន​ឡើយ » ហើយ​លោក​បាន​លើក​ទឹកចិត្ត​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​ជា « អ្នក​ការពារ » ។២០ បងប្អូន​ប្រុស​ស្រី ការ​ដែល​មិន​ចូលរួម​គប់​ដុំថ្ម គឺជា​ជំហាន​ដំបូង​ក្នុងការ​ប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ​ដោយ​ក្ដីមេត្តា ។ ជំហាន​ទីពីរ គឺ​ត្រូវ​ព្យាយាម​ចាប់​ដុំ​ថ្ម​ដែល​អ្នក​ដទៃ​គប់​មក ។

របៀប​ដែល​យើង​ប្រឈម​ដោះស្រាយ​នឹង​គុណសម្បត្តិ និង​គុណវិបត្តិ​គឺជា​ផ្នែក​មួយ​នៃ​ការសាកល្បង​ក្នុង​ជីវិត ។ យើង​មិន​វិនិច្ឆ័យ​ច្រើន​លើ​អ្វី​ដែល​យើង​និយាយ​ទេ ប៉ុន្តែ​តាមរយៈ​ទង្វើ​របស់​យើង​ចំពោះ​ជន​ងាយ​រងគ្រោះ និង​ជន​រងគ្រោះ​វិញ ។២១ ក្នុងនាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ខិតខំ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ឲ្យ​ចេញ​ទៅ​ធ្វើ​ការល្អ ។២២ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ជិតខាង​របស់​យើង ដោយ​ធ្វើ​ការ​ដើម្បី​ធានា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​បុត្រ​របស់​ព្រះវរ​បិតាសួគ៌ ។

វា​ជា​ការណ៍​ត្រឹមត្រូវ​ដែល​យើង​ត្រូវ​គិត​ពិចារណា​ពី​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្ទាល់ខ្លួន​របស់​យើង ។ ចំពោះ ចន ដើម្បីយល់​ពី​មូលហេតុ​ដែល អាណា មាន​កង់ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បុគ្គលិកលក្ខណៈ​របស់ ចន ។ ចំពោះ រ៉ូត ដើម្បីយល់​ពី​តម្រូវការ របស់ ម៉ឺឡា ក្នុង​ការ​មាន​ស្បែកជើង​ថ្មីបានបំភ្លឺ​តាមរយៈ​កែវភ្នែក​របស់​ម្តាយ​គាត់ ។ ដើម្បី​ព្យាយាម​មើល​ឃើញ​អ្វីៗ​ដែល​មាន​ទស្សន​វិស័យ​អស់​កល្ប​ជានិច្ច​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ។ នៅពេល​យើង​កាន់​តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ យើង​អភិវឌ្ឍ​ការយល់​ចិត្ត ការ​យល់ដឹង និង​សប្បុរសធម៌​កាន់​តែ​ច្រើន ។

ខ្ញុំ​សូម​ត្រឡប់​ទៅ​សំណួរ​ដែល​បាន​សួរ​ដោយ​អ្នក​ដំណើរ​របស់​យើង​នៅ គីហ្គីលី វិញ នៅ​ពេល​គាត់​បាន​ត្អូញត្អែរ​ពី​ភាពអយុត្តិធម៌​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស រវ៉ាន់ដា ហើយ​បាន​សួរ​ថា « ប្រសិនបើ​មាន​ព្រះ​មែននោះ ហេតុអ្វី​ទ្រង់​មិន​ធ្វើ​អ្វី​មួយ​អំពីរឿង​នេះ ? »

ដោយ​មិន​ចង់​លើក​ឡើង​ពី​ទុក្ខវេទនា​ដែល​បណ្តាល​មកពី​អំពើ​ប្រល័យ​ពូជសាសន៍​នេះ និង​បន្ទាប់ពី​ទទួល​ស្គាល់​កង្វះ​ការយល់​ដឹង​របស់យើង​ពី​ទុក្ខវេទនា​បែបនេះ យើង​បាន​ឆ្លើយ​តបថា ព្រះ​យេស៊ូវគ្រីស្ទ បាន​ធ្វើអ្វី​មួយ​អំពី​កំហឹង​ចំពោះ​ភាព​អយុត្តិធម៌​នេះ​ហើយ ។២៣ យើង​បាន​ពន្យល់​ពី​សិក្ខាបទ​ដំណឹងល្អ​ជាច្រើន​ទាក់ទង​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​ការស្ដារ​ឡើងវិញ​នៃ​សាសនា​ចក្រ​របស់ទ្រង់ ។​២៤

ក្រោយមក​អ្នកទើប​ស្គាល់​ថ្មី​របស់​យើង​បាន​សួរ​ទាំង​ទឹក​ភ្នែក​ថា « លោក​ចង់​មាន​ន័យ​ថា មាន​អ្វី​មួយ​ចំនួន​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ជូន​ឪពុក​ម្តាយ និង​ពូ​របស់​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ​មែនទេ ? »

យើង​បាន​និយាយថា « ប្រាកដណាស់ ! » បន្ទាប់មក យើង​បាន​ថ្លែង​ទីបន្ទាល់​ថា អ្វីៗ​ដែល​អយុត្តិធម៌​ក្នុង​ជីវិត អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​វិញ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​ថា តាមរយៈ​សិទ្ធិ​អំណាច​របស់​ទ្រង់ គ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្តរ ។

នៅ​ពេល​ប្រឈម​មុខ​នឹង​ភាព​អយុត្តិធម៌ យើង​អាច​រុញ​ខ្លួន​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ ឬ​យើង​អាច​ចូល​មក​រកទ្រង់​ដើម្បី​សូម​ជំនួយ និង​ការគាំទ្រ ។ ឧទាហរណ៍ សង្គ្រាម​អូស​បន្លាយ​រវាង ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ប៉ះពាល់​ដល់​ប្រជាជន​ខុសៗគ្នា ។ មរមន​បាន​សង្កេត​ឃើញថា « មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​រឹងទទឹង » ខណៈ​ដែល​អ្នកដទៃ​ទៀត « មាន​ចិត្ត​ទន់ភ្លន់​មក​ពី​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ ដរាប​ដល់​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ » ។​២៥

សូម​កុំ​បណ្តោយ​ឲ្យ​ភាព​អយុត្តិធម៌​ធ្វើ​ឲ្យ​បងប្អូន​រឹងទទឹង ឬ​បំបាត់​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះ​ឡើយ ។ ផ្ទុយទៅវិញ សូមទូល​សូមជំនួយ​ពី​ព្រះ ។ បង្កើន​ការ​ដឹង​គុណ​របស់​បងប្អូន និង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​សង្គ្រោះ ។ ជំនួស​ឲ្យ​ការធ្វើ​ឲ្យ​ខ្លួនឯង​រស់​ក្នុងភាព​ជូរចត់ សូម​ឲ្យ​ទ្រង់​ជួយ​បងប្អូន​បាន​ក្លាយ​ជា​ល្អ​ប្រសើរ​វិញ ។​២៦ ទុក​ឲ្យ​ទ្រង់​ជួយ​បង​ប្អូន​តស៊ូ ដើម្បី​ឲ្យ​ទុក្ខព្រួយ​របស់​បងប្អូន « ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​អំណរ នៃ​ព្រះ​គ្រីស្ទ » ។២៧ សូម​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​បេសកកម្ម​របស់​ទ្រង់ « ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង »២៨ព្យាយាម​បញ្ឈប់​ភាពអយុត្តិធម៌ និង​ធ្វើ​ជា​អ្នក​ការពារ ។២៩

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ព្រះអង្គ​សង្គ្រោះ មាន​ព្រះជន្មរស់ ។ ទ្រង់​ញាណ​ដឹង​ពី​ភាព​អយុត្តិធម៌ ។ ស្នាម​នៅ​លើ​ព្រះហស្ត​ទ្រង់ តែងតែ​រម្លឹក​ទ្រង់​អំពី​បងប្អូន និង​កាលៈទេសៈ​របស់​បងប្អូន​ជានិច្ច ។ ទ្រង់​បម្រើ​បងប្អូន​នៅគ្រប់​ទុក្ខលំបាក​របស់​បងប្អូន ។ សម្រាប់​អស់​អ្នក​ដែល​មក​រក​ទ្រង់ នោះ​មកុដ​នៃ​ភាព​ស្រស់​ស្អាត​នឹង​ជំនួស​ឲ្យ​ផេះ​នៃ​ការ​កាន់ទុក្ខ អំណរ និង​សេចក្តី​រីករាយ​នឹង​ជំនួស​ឲ្យ​ទុក្ខព្រួយ និង​សេចក្តី​សោកសៅ ការកោត​សរសើរ និង​ការ​អបអរ​នឹង​ជំនួស​ឲ្យ​ការ​បាក់​ទឹកចិត្ត និង​ក្តី​អស់​សង្ឃឹម​វិញ ។​៣០ សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ទទួល​បាន​រង្វាន់​ច្រើន​ជាង​បងប្អូន​គិត​ដល់​ទៅទៀត ។ ភាព​អយុត្តិធម៌​ទាំងអស់—ជា​ពិសេស កំហឹង​ចំពោះ​ភាព​អយុត្តិធម៌—នឹង​ត្រូវ​បាន​ញែក​ចេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល John Reader Africa: A Biography of the Continent( ឆ្នាំ ១៩៩៩ ) ទំព័រ ៦៣៥–៣៦, ៦៧៣–៧៩ ។

  2. ទោះបី​ជា​មាន​ក្តីសង្ឃឹម​ក៏​ដោយ ក៏​ការផ្សះផ្សារ​វ៉ាន់ដាន​គឺ​នៅ​ស្មុគស្មាញ ។ មាន​សំនួរ​មួយ​ចំនួន​ពី​ជម្រៅ​និង​ភាពធន់​របស់​វា ។ សូមមើល ​ជា​ឧទាហរណ៍ « The Great Rwanda Debate: Paragon or Prison? » Economistថ្ងៃទី​២៧​ ខែមីនា ឆ្នាំ​២០២១ ទំព័រ ៤១–៤៣ ។

  3. គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:១៩បាន​បញ្ជាក់​ន័យ​បន្ថែម ។

  4. សូមមើល ហេព្រើរ ៤:១៥ ។

  5. នីហ្វៃ​ទី​១ ២១:១៥–១៦ ។

  6. សូមមើល អាលម៉ា ៧:១១–១៣ ។

  7. សូមមើល ហេព្រើរ ៤:១៦សូមមើល​ផងដែរ អេសាយ ៤១:១០៤៣:២៤៦:៤៦១:១–៣ ។

  8. ពាក្យ​ដាស់តឿន ៖ យើង​គួរ​តែ​តទល់​នឹង​ការល្បួង ដើម្បី​បង្កើត​ទ្រឹស្តី​ផ្ទាល់​ខ្លួន ដូចជា ដោយ​របៀបណានិង នៅពេលណាដោយ​មិន​គិត​ពី​ហេតុផល​ល្អ ឬ​អាច​ជឿ​ទុក​ចិត្ត​បាន​នោះទេ ។ យើង​មិន​អាច​ប្រឌិត​អ្វីមួយ​ឡើង ដោយ​ព្រះ​មិន​បាន​បើកសម្តែង​នោះទេ ។

  9. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាឆ្នាំ ២០១៨ ) ទំព័រ ៥២ សូមមើល​ផងដែរ អេសាយ ៦១:២–៣វិវរណៈ ២១:៤ ។ « អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​វិញ » ទំនង​ជា​មានន័យ​ថា លទ្ធផល​នៃ​ភាព​អយុត្តិធម៌​នឹង​ត្រូវ​បាន​ដោះស្រាយ កាត់​បន្ថយ ឬ​លើក​ស្ទួយ ។ នៅ​ក្នុង​សុន្ទរកថា​សន្និសីទទូទៅ​ចុងក្រោយ​របស់​លោក « Come What May, and Love Itអែលឌើរ យ៉ូសែប ប៊ី វឺធលីន បាន​មាន​ប្រសាសន៍​ថា « នៅទីបំផុត រាល់​ដំណក់ទឹក​ភ្នែក​នៅថ្ងៃ​នេះ​នឹង​ត្រឡប់​ទៅ​ជា​ដំណក់ទឹក​ភ្នែក​នៃ​អំណរ និង​ការ​ដឹងគុណ​រាប់មិនអស់​វិញ … គោលការណ៍​នៃ​សំណង​នឹង​យកឈ្នះ » ។ គោលការណ៍​នៃ​សំណង​នឹង​កើត​មាន ( Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។

  10. សូមមើល យ៉ូហាន ១៦:៣៣ ។

  11. សូមមើល នីហ្វៃទី២ ២:២ ។

  12. សូមមើល យ៉ូប ៤២:១០, ១២–១៣យ៉ាកុប ៣:១ ។

  13. អាលម៉ា ៤០:៥ ។

  14. សូម​មើល ម៉ូសាយ ៤:៩ ។

  15. សូមមើល រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះឈ្នះLiahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៣ ។ គិតខ្លឺមានន័យ​ថា​ដែល​មើល​ឃើញ​តែ​ជិតៗ ។

  16. ឧទាហរណ៍ មេទ័ព​មរ៉ូណៃ បាន​បញ្ជាក់​ថា វា​គឹជា​ខុស​ឆ្គង​ដែល​មនុស្ស​ឈរ​ក្បែរ ហើយ « មិនធ្វើ​អ្វីសោះ » ពេល​ពួកគេ​អាច​ជួយ​ដល់​មនុស្ស​ដទៃ ( សូមមើល អាលម៉ា ៦០:៩–១១សូមមើល​ផង​ដែរ កូរិនថូស​ទី២ ១:៣–៤ ) ។ 

  17. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៧សូមមើល​ផង​ដែរ​ក្នុង​ខ ទី ២៦, ២៨–២៩

  18. យ៉ូហាន ៨:៧ ។

  19. សូមមើល យ៉ូហាន ៨:១០–១១ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ អំពី​ខទី ១១ រួម​មាន « ហើយ​ស្ត្រី​នោះ​បាន​សរសើរ​តម្កើង​ព្រះ​តាំង​ពី​ពេល​នោះ​មក ហើយ​បាន​ជឿ​ចំពោះ​ព្រះនាម​របស់​ទ្រង់ » ដោយ​លើក​ឡើង​ថា កង្វះ​នៃ​ការ​ថ្កោលទោស​របស់​ព្រះអង្គ​សង្គ្រោះ និង​បទបញ្ញត្តិ​របស់​ទ្រង់ « កុំឲ្យ​ប្រព្រឹត្ត​បាប​ទៀត » បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ស្ដ្រី​នោះ​ពេញ​មួយ​ជីវិត ។

  20. ប្រាយអិន ស្ទីវីនសិន Just Mercy: A Story of Justice and Redemptionឆ្នាំ​២០១៥ ) ទំព័រ ៣០៨–៩ ។

  21. សូមមើល ម៉ាថាយ ២៥:៣១–៤៦ ។

  22. សូមមើល កិច្ចការ ១០:៣៨សូមមើល​ផង​ដែរ រ័សុល អិម ណិលសុន « The Second Great CommandmentLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៦–១០០ ។

  23. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៧, ២២–២៣ ។

  24. ឱវាទ​ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង « ការ​ស្ដារឡើងវិញ​នៃ​ភាព ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយឆ្នាំនៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

  25. អាលម៉ា ៦២:៤១ ។

  26. សូមមើល Amos C. Brown, in Boyd Matheson « It Can Be Well with This Nation’ If We Lock Arms as Children of God » Church Newsថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅគេហទំព័រ thechurchnews.com ។

  27. អាលម៉ា ៣១:៣៨ ។

  28. សូមមើល លូកា ១០:២៩–៣៧ ។ ដើម្បីព្យាបាល​អ្នកខូចចិត្តគឺ​ត្រូវ​ស្តារ ចិត្ត ឆន្ទៈ បញ្ញា ឬ​អារម្មណ៍​របស់​បុគ្គល​នោះ​បាន​បែក​ខ្ចាយ​ឬខ្ទេចខ្ទាំ​( សូមមើល ជេមស៍ ស្ត្រង The New Strong’s Expanded Exhaustive Concordance of the Bibleឆ្នាំ​២០១០ ], Hebrew dictionary section ទំព័រ ១៣៩ និង ២៧១ ) ។

  29. សូមមើល ឧទាហរណ៍ រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះLiahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ; ដាល្លិន អេក អូក « Love Your EnemiesLiahonaខែ វិច្ឆិកា ២០២០ ទំព័រ ២៦–២៩ ។ ប្រធាន​ណិលសុន បាន​ទូន្មាន​ថា « នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ » ។ ការណ៍​នេះ​គឺ​លើស​ពី​ការ​គ្រាន់​តែ​បដិសេធ​ចំពោះ​ឥរិយាបថ និង​សកម្មភាព​នៃ​ការ​រើស​អើង​ទៅ​ទៀត ។ ប្រធាន​អូក បាន​ដក​ស្រង់​ពី Reverend Theresa A. Dear ថា « ការ​រើស​អើង​ពូជ​សាសន៍​មាន​នៅ​លើ​ការ​ស្អប់ ការជិះជាន់ អកម្មភាព​ការឃុបឃិត​ការព្រងើយ​កន្តើយ និង​ភាព​ស្ងៀម​ស្ងាត់ » ។ បន្ទាប់​មក​លោក​បាន​ថ្លែង​ថា « ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​ដើម្បី​ជួយ​លុប​បំបាត់​នូវ​ការ​រើស​អើង​ពូជ​សាសន៍ » ។

  30. សូមមើល អេសាយ ៦១:៣ ។ ការ​ទទួល​មកុដ​នៃ​ភាព​ស្រស់​ស្អាត​មួយ​មានន័យ​ថា យើង​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​នគរព្រះ ។ សូមមើល​ផង​ដែរ ដូណាល់ ដបុលយូ ផារី, ជេ អេ ផារី និង ធីណា អិម ភីធើរសិន Understanding Isaiahឆ្នាំ​១៩៩៨ ) ទំព័រ ៥៤១–៤៣ ។