សន្និសីទទូទៅ
មានពរ​ដល់​ព្រះនាម​ទ្រង់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


មានពរ​ដល់​ព្រះនាម​ទ្រង់

គោលបំណង​ចំពោះ​ការ​ទទួល​បព្វជិតភាព​របស់​យើង​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទូទៅ​ជំនួស​ព្រះអម្ចាស់ ដោយ​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ព្រះនាម​ទ្រង់ ។

បងប្អូនប្រុស​ ដែលជាអ្នក​បម្រើ​ដើរតាម នៅ​ក្នុង​បព្វជិតភាព​នៃ​ព្រះជាទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន​នារាត្រី​នេះ ។ ខ្ញុំ​មាន​ការ​គោរព និង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះ​បងប្អូន ។ ពេល​ខ្ញុំ​ជួប​សំណេះ​សំណាល​ ហើយ​ស្ដាប់​ឮ​ពី​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​របស់​បងប្អូន វា​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា មាន​នូវ​អំណាច​បព្វជិតភាព​កាន់​តែ​រីកចម្រើន​ឡើង​មួយ​នៅ​ក្នុង​ពិភពលោក​នេះ ដោយ​មាន​កូរ៉ុម​ដ៏​រឹងមាំ និង​ពួក​អ្នកកាន់បព្វជិតភាព​ដ៏​ស្មោះត្រង់​ជាង​ពេល​ណាៗ​ទាំងអស់ ។

ដោយសារ​ខ្ញុំ​ពុំ​សូវ​មានពេល​ច្រើន​ក្នុង​ល្ងាច​នេះ ខ្ញុំ សូម​និយាយ​ទៅ​កាន់​បងប្អូនណា​ដែល​ចង់​ធ្វើ​ឲ្យ​ការ​បម្រើ​បព្វជិតភាពកាន់តែមាន​ប្រសិទ្ធភាពឡើង ។ បងប្អូន​ដឹង​ពី​ការ​ទទួល​ខុសត្រូវ​ដើម្បី​​លើក​តម្កើង​ការ​ហៅ​បម្រើ​របស់​បងប្អូន ។ ប៉ុន្តែ​បងប្អូន​អាច​នឹង​ងឿងឆ្ងល់​ថា តើត្រូវ​តម្កើង​ការហៅ​នោះ​ដោយរ​បៀប​ណា ។

ខ្ញុំ​នឹង​ចាប់ផ្ដើម​ជាមួយ​ពួក​ឌីកុន​ថ្មី ដោយសារ​ពួកគេ​អាច​ទំនង​ជា​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​អត្ថន័យ​នៃ​ការ​លើកតម្កើង​ការបម្រើ​បព្វជិតភាព​របស់​ពួកគេ​ ។ ពួក​អែលឌើរ​ដែល​ទើប​តែ​ត្រូវ​បាន​តែងតាំង​ថ្មីៗ​ក៏​អាច​ចង់​ស្ដាប់​ផងដែរ ។ ហើយ​ប៊ីស្សព​នៅ​ក្នុង​សប្ដាហ៍ដំបូង​របស់​គាត់​ក្នុង​ការ​បម្រើ ក៏​អាច​នឹង​ចាប់អារម្មណ៍​ផងដែរ ។

វា​ដឹកនាំ​ឲ្យ​ខ្ញុំ​ក្រឡេក​ទៅ​មើល​គ្រា​ដែល​ខ្ញុំ​នៅ​ជា​ឌីកុន​នៅឡើយ ។ ខ្ញុំ​ចង់​ឲ្យ​មាន​មនុស្ស​ម្នាក់​ប្រាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​នឹង​ផ្តល់​យោបល់​នៅ​ពេល​នេះ ។ វាអាច​ជួយ​ខ្ញុំ​គ្រប់​ការចាត់​តាំង​បព្វជិតភាព​ដែល​ខ្ញុំ​មាន ចាប់តាំង​ពី​ពេល​នោះ​មក—សូម្បី​តែ​ការ​ចាត់តាំង​ដែល​ខ្ញុំ​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ​ក្តី ។

ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជាឌីកុន​នៅក្នុង​សាខា​តូច​មួយ​ដែល​ខ្ញុំ​ជា​ឌីកុនតែម្នាក់ ហើយ​បងប្រុស​ខ្ញុំ ធេដ ក៏​ជា​គ្រូតែ​ម្នាក់​ដែរ ។ យើង​គឺជា​គ្រួសារ​តែ​មួយគត់​នៅ​ក្នុង​សាខានោះ ។ សាខា​ទាំងមូល​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​យើង ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​បងប្រុស​ខ្ញុំ និង​ខ្ញុំ​គឺជា​អ្នក​ប្រែចិត្តជឿ​ថ្មី​ម្នាក់​ដែល​ទើប​ទទួល​បាន​បព្វជិតភាព ។ ខ្ញុំ​បាន​ជឿ​ថា កាតព្វកិច្ច​បព្វជិតភាព​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​ការ​ចែក​សាក្រាម៉ង់​នៅ​ក្នុង​បន្ទប់​ទទួល​ទាន​អាហារ​របស់​យើង ។

នៅពេល​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ រដ្ឋ​យូថាហ៍ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​នៅ​ក្នុង​វួដ​ធំ​មួយ​ដោយ​មាន​ឌីកុន​ជាច្រើន​នាក់ ។ នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ដំបូង​របស់​ខ្ញុំ​នៅ​ទី​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ពួក​ឌីកុន—ចំពោះ​ខ្ញុំ មើល​ទៅ​ហាក់​ដូច​ជា​កង់ទ័ព​ម្នាក់—ធ្វើ​ចលនា​មាន​របៀបរៀបរយ ​ប្រៀប​ដូច​ជា​ក្រុម​មួយ​ដែល​បាន​ហ្វឹកហាត់​ពេល​ពួកគេ​ចែក​សាក្រាម៉ង់ ។

ខ្ញុំ​ពិត​ជា​ភ័យខ្លាច​ខ្លាំង​ណាស់​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ ខ្ញុំ​បាន​ទៅ​កាន់​អគារ​វួដ​មុន​ម៉ោង​តែ​ម្នាក់​ឯង ដើម្បី​កុំ​ឲ្យ​មាន​គេ​ឃើញ​ខ្ញុំ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា វា​ជា​ វួដ​យ៉ាលែស ក្នុង​ទីក្រុង សលត៍ លេក ហើយ​វា​មាន​រូបសំណាក​នៅ​លើ​ដី ។ ខ្ញុំ​បាន​ទៅ​ពី​ក្រោយ​រូបសំណាក​នោះ ហើយ​បាន​អធិស្ឋាន​ដោយ​ក្លៀវក្លា​សូម​ជំនួយ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​ខុស ដោយសារ​ដល់​វេន​ខ្ញុំ​ត្រូវ​ចែកសាក្រាម៉ង់ហើយ ។ ការអធិស្ឋាន​នោះ​បាន​ឆ្លើយ​តប ។

ប៉ុន្តែ​ឥឡូវ​នេះ​ទើប​ខ្ញុំ​ដឹង​ថា មាន​របៀប​ដ៏​ប្រសើរ​មួយ​ដើម្បី​អធិស្ឋាន និង​​គិត កាល​យើង​ព្យាយាម​រីកចម្រើន​នៅ​ក្នុង​ការ​បម្រើ​បព្វជិតភាព​របស់​យើង ។ ខ្ញុំ​បាន​យល់​ដឹង​ពី​ហេតុផល​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​បព្វជិតភាព ។ គោលបំណង​ចំពោះ​ការ​ទទួល​បព្វជិតភាព​របស់​យើង​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទូទៅ​ជំនួស​ព្រះអម្ចាស់ ដោយ​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ព្រះនាម​ទ្រង់ ។

ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​ខ្ញុំ​បាន​ក្លាយ​ជា​ឌីកុន ទើប​ខ្ញុំ​យល់​ពី​អត្ថន័យ​នោះ​​ពិត​ប្រាកដ ។ ជា​ឧទាហរណ៍ៈ ក្នុង​នាម​ជា​សង្ឃជាន់​ខ្ពស់​មួយ​រូប ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ខុសត្រូវ​ការ​ប្រជុំ​សាក្រាម៉ង់​នៅ​មជ្ឈមណ្ឌល​ចាស់ជរា​មួយ ។ ខ្ញុំ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ចែក​សាក្រាម៉ង់ ។ ជំនួស​ឲ្យ​ការគិត​ពី​ដំណើរការ ឬរបៀប​ចែក​សាក្រាម៉ង់ ខ្ញុំ​បាន​មើល​ទៅផ្ទៃ​មុខ​មនុស្ស​ចាស់​ម្នាក់ៗ ។ ខ្ញុំ​បាន​ឃើញ​ពួកគាត់​ជា​ច្រើន​នាក់​សម្រក់​ទឹកភ្នែក ។ មាន​ស្ត្រី​ម្នាក់​បាន​ចាប់ដៃ​អាវ​ខ្ញុំ ហើយ​ងើយ​មើល​មុខ​ខ្ញុំ​ដោយ​ពោល​ឮៗ​ថា « អរគុណ ​អរគុណ​ចៅ​ខ្លាំង​ណាស់ » ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​​ការ​បម្រើ​ដែល​បានផ្ដល់​ឲ្យ​​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ នៅថ្ងៃ​នោះ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​អព្ភូតហេតុ​បែប​នោះ​កើតឡើង​ ជំនួស​ឲ្យ​ការ​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​ធ្វើ​ផ្នែក​ខ្ញុំឲ្យបាន​ល្អ ។ ខ្ញុំបាន​អធិស្ឋាន​សូម​ឲ្យ​មនុស្ស​ចាស់​ទាំងនោះ​បាន​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​តាមរយៈ​ការបម្រើ​ពេញ​ដោយក្តី​ស្រឡាញ់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា នេះគឺជា​គន្លឹះ​ទៅ​កាន់​ការ​បម្រើ និង​ការ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​ព្រះនាម​របស់ទ្រង់ ។

ខ្ញុំ​បាន​ស្ដាប់ឮ​បទពិសោធន៍​ថ្មីៗ​មួយ​ដែល​បាន​រំឭក​ខ្ញុំ​ពី​សេចក្ដីស្រឡាញ់​នោះ ។ កាលដែល​រាល់​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩ បង​ប្រុស​ម្នាក់​ដែល​ផ្ដល់​ការងារ​បម្រើ​បាន​ទទួល​យក​ការចាត់តាំង​មួយ​ពី​ប្រធាន​កូរ៉ុម​អែលឌើររបស់គាត់​ឲ្យ​ប្រសិទ្ធពរ និង​ចែកសាក្រាម៉ង់​ដល់​បងស្រី​ម្នាក់​ដែល​គាត់​ផ្ដល់​ការងារ​បម្រើ ។ កាល​គាត់​ទូរសព្ទ​ទៅ​បងស្រី​រូប​នេះ​ដើម្បី​ធ្វើ​ពិធីសាក្រាម៉ង់ បងស្រី​នោះ​បាន​ទទួល​យក​ដោយ​ទើស​ទាល់ ដោយ​មិន​ចង់​ឲ្យ​គាត់​ចេញ​ពី​ផ្ទះ​​នៅ​គ្រា​ដ៏​គ្រោះថ្នាក់​បែប​នេះ ហើយ​ដោយ​ជឿ​ផង​ដែរ​ថា រឿង​ទាំងឡាយ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់ៗ ។

ពេល​គាត់​ទៅ​ដល់​ផ្ទះ​បងស្រី​នោះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បងស្រី​រូបនោះ​មាន​សំណើ​មួយ ។ តើ​ពួកគេ​អាច​ដើរ​ទៅ​ផ្ទះ​ជាប់​ហ្នឹង ហើយ​ធ្វើ​ពិធីសាក្រាម៉ង់​ជាមួយ​នឹង​អ្នក​ជិត​ខាង​គាត់​ដែល​មាន​អាយុ ៨៧ ឆ្នាំ​បាន​ទេ ? ដោយមាន​សិទ្ធិ​អនុញ្ញាត​ពី​ប៊ីស្សព គាត់​បាន​យល់​ព្រម ។

អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍ និង​ដោយ​មាន​គម្លាត និង​វិធាន​ការសុវត្ថិភាព​ដ៏​ប្រុង​ប្រយ័ត្ន ពួក​បរិសុទ្ធ​មួយ​ក្រុម​តូច​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​រៀង​រាល់ថ្ងៃ​អាទិត្យ​ដើម្បី​ធ្វើ​ពិធី​សាក្រាម៉ង់​ដ៏​សាមញ្ញ​មួយ ។ ទោះ​ជា​មាន​នំប៉័ង​តែ​ពីរ​បី​ចំណិត និង​ពែង​ទឹក​តិចតួច​ក្ដី—ប៉ុន្តែ​មាន​ទឹក​ភ្នែក​ជាច្រើន​ដំណក់​បាន​ហូរ​ស្រក់​មក​ ដោយសារ​តែ​សេចក្ដីល្អ​នៃ​ព្រះ​ដែល​ពេញ​ដោយក្តី​ស្រឡាញ់ ។

នៅទីបំផុត បងប្រុស​ដែល​ផ្ដល់​ការងារបម្រើ​រូបនេះ គ្រួសារគាត់ និង​បងស្រី​ដែល​គាត់​ផ្ដល់​ការងារ​បម្រើ​អាច​ត្រឡប់​មក​ព្រះវិហារ​វិញ ។ ប៉ុន្តែ​ស្ត្រី​មេម៉ាយ​អាយុ ៨៧ ឆ្នាំ​ដែល​ជា​អ្នក​ជិតខាង ត្រូវ​បន្ត​នៅ​ក្នុង​ផ្ទះ​ដើម្បី​សុវត្ថិភាព​របស់​គាត់ ។ បងប្រុស​ដែល​ផ្តល់​ការងារបម្រើ—ចងចាំថា​ការចាត់តាំង​របស់​លោក​គឺ​ទៅ​បម្រើ​អ្នកជិតខាង​របស់​ស្រ្តី​ចំណាស់​រូបនោះ ពុំមែន​ទៅ​បម្រើ​ស្រ្តី​ចំណាស់​នោះទេ—តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គាត់​នៅ​តែ​ទៅផ្ទះ​ស្រ្តី​ចំណាស់​រូបនោះ​ដោយ​ស្ងាត់ៗ​រាល់​ថ្ងៃអាទិត្យ ដោយ​មាន​កាន់​ព្រះ​គម្ពីរ និង​នំប៉័ង​មួយ​ដុំ​តូច​នៅ​ក្នុង​ដៃ ដើម្បី​ធ្វើ​ពិធីសាក្រាម៉ង់ នៃ​លៀង​បរិសុទ្ធ​នៃ​ព្រះអម្ចាស់ ។

ការបម្រើ​បព្វជិតភាព​របស់​គាត់ ដូច​ខ្ញុំ​​នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​នៅ​គ្រា​នោះដែរ គឺ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់ ។ តាមពិតទៅ បង​ប្រុស​ដែល​ផ្តល់​ការងារបម្រើ​ ទើបបាន​សួរ​ប៊ីស្សព​របស់​គាត់ ប្រសិនបើ​មាន​នរណា​នៅក្នុង​វួដ​នេះ​ដែល​គាត់​អាច​ថែរក្សា​បាន ។ បំណងប្រាថ្នា​ដើម្បី​លើកតម្កើង​ការបម្រើ​បព្វជិតភាព​របស់​គាត់​បាន​រីកលូតលាស់​កាល​ដែល​គាត់​បម្រើ​​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ និង​តាមរបៀប​មួយ​ដែល​មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទើប​ញាណដឹង ។ ខ្ញុំ​ពុំ​បាន​ដឹងថា​តើ​បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារ​បម្រើ​បាន​អធិស្ឋាន​ សម្រាប់​អស់អ្នក​ដែល​គាត់​ធ្វើការ​បម្រើ ដើម្បី​ឲ្យ​គេ​ស្គាល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ដូចខ្ញុំ​ដែរ​ឬ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការបម្រើ​របស់​គាត់​ស្ថិត​ក្នុង​ព្រះនាម​នៃ​ព្រះ​អម្ចាស់ នោះ​លទ្ធផល​ក៏​បាន​ទទួល​ដូចគ្នា​ផងដែរ ។

លទ្ធផល​ដ៏​អស្ចារ្យ​ដូចគ្នា​នេះក៏​កើត​ឡើង ​នៅពេល​ខ្ញុំ​អធិស្ឋាន​អំពី​រឿងនេះ ពីមុន​ខ្ញុំ​ផ្តល់​ពរជ័យ​បព្វជិតភាព​ដល់​នរណា​ម្នាក់​ដែល​មាន​ជំងឺ ឬ​នៅ​គ្រាលំបាក ។ វា​បាន​កើត​ឡើង​ម្តង​នៅ​ក្នុង​មន្ទីរពេទ្យ នៅ​ពេល​ដែល​គ្រូពេទ្យ​​មិន​ចេះ​អត់ធ្មត់​ បាន​ជម្រុញ​ខ្ញុំ—ជាង​ការជម្រុញខ្ញុំ—បាន​បញ្ជា​ឲ្យ​ខ្ញុំ​ប្រញាប់​និង​ចេញ​ពី​ផ្លូវ​ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​ការងារ​របស់​ពួក​គេ​ជា​ជាង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ដើម្បី​ប្រទានពរ​បព្វជិតភាព។ ខ្ញុំ​បន្ត​នៅ​ហើយ​ខ្ញុំ​បាន ធ្វើការ​ប្រទានពរ ។ ហើយ​ក្មេងស្រី​តូច​ដែល​ខ្ញុំ​បាន​ប្រទានពរ​នៅ​ថ្ងៃនោះ​ដែល​គ្រូពេទ្យ​បានគិតថា ​នឹង​ស្លាប់​ប៉ុន្តែបាន​រស់វិញ ។ ខ្ញុំ​មាន​អំណរគុណ​នៅ​ពេល​នេះ​នៅ​ថ្ងៃនោះ​ដែល​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​ផ្លូវ​នោះ​ទេ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់ ចង់​ឲ្យ​ក្មេងស្រី​តូច​នោះ​មាន​ការប្រទានពរ ។ ហើយ​ខ្ញុំ​ដឹង​ថា ពរជ័យ​គឺ​ជា​អ្វី ៖ ខ្ញុំ​បាន​ប្រទានពរ​ឲ្យ​នាង​ដើម្បី​ត្រូវ​បាន​ព្យាបាល ។ ហើយ​នាង​ក៏​បាន​ព្យាបាល ។

វា​បាន​កើត​ឡើង​ជា​ច្រើន​ដង​ទៀត នៅ​ពេល​ខ្ញុំ​បាន​ផ្តល់​ពរ​ដល់​នរណា​ម្នាក់​ដែល​ឈឺធ្ងន់​មិនសង្ឃឹម​ថា​មាន​ជីវិត​រស់ឡើយ ដោយមាន​សមាជិក​គ្រួសារ​ឈរ​ជុំវិញ​គ្រែ ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ពរជ័យ​នៃ​ការ​ជាសះ​ស្បើយ ។ ទោះ​បី​ជា​ខ្ញុំ​មាន​ពេល​តែ​មួយ​ភ្លែត​ក៏​ដោយ ក៏​ខ្ញុំ​បាន​អធិស្ឋាន​ជានិច្ច​ដើម្បី​ដឹង​ថា តើ​ពរជ័យ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ ​ឲ្យ​​ខ្ញុំ​ផ្តល់​ឲ្យ​ក្នុង​ព្រះនាម​របស់​ទ្រង់​ដែរ ។ ហើយ​ខ្ញុំ​បាន​ទូលសួរ​អំពី​របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រទានពរ​ដល់​បុគ្គល​នោះ ពុំមែន​អ្វី​ដែល​ខ្ញុំ ឬ​មនុស្ស​ដែល​កំពុង​ឈរជិត​ទាំងនោះ​ចង់បាន​នោះឡើយ ។ បទពិ​សោធន៍​របស់​ខ្ញុំ​គឺថា សូម្បី​តែ​ពរជ័យ​នោះ​មិនមែន​ជា​ពរជ័យ​ដែល​អ្នក​ដទៃ​ប្រាថ្នា​ចង់​បាន​សម្រាប់​ខ្លួន​គេ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ក៏​ដោយ ក៏​ព្រះ​វិញ្ញាណ​បានជ្រួត​ជ្រាប​​ដួងចិត្ត​ ដើម្បី​ដកពិសោធន៍​ការ​ទទួលយក និង​ការលួងលោម​ជា​ជាង​ការខកចិត្ត​ដែរ ។

ការបំផុស​គំនិត​ដូចគ្នា​នេះ​កើត​ឡើង ​នៅ​ពេល​លោក​អយ្យកោ​បាន​តមអាហារ និង​អធិស្ឋាន​ទូលសូម​ការណែនាំ​ដើម្បីប្រទានពរ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​​សម្រាប់​មនុស្ស​ម្នាក់ៗ ។ ជាថ្មី​ម្តងទៀត ខ្ញុំ​បាន​ឮ​ពរ​ជ័យ​ដែល​បាន​ផ្តល់​ឲ្យ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​បុគ្គល​ដែល​ទទួល​ពរជ័យ​នោះ​ក៏​ភ្ញាក់​ផ្អើល​ផង​ដែរ ។ ច្បាស់ណាស់​ ពរជ័យ​នេះ​គឺ​មកពី​ព្រះអម្ចាស់—ទាំងការ​ព្រមាន និង​អត្ថន័យ​ក៏​ដូចជា​សេចក្តី​សន្យា​ដែល​បាន​ចែកចាយ​ក្នុង​ព្រះនាម​ទ្រង់​ដែរ ។ ការអធិស្ឋាន​របស់​លោក​អយ្យកោ និង​ការតមអាហារ​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ព្រះអម្ចាស់ ។

ក្នុងនាម​ជា​ប៊ីស្សព ខ្ញុំ​បាន​រៀន​ខណៈ​ដែល​កំពុង​សម្ភាស​ពីភាព​ស័ក្តិសម ដើម្បី​អធិស្ឋាន​ទូល​ទៅព្រះអម្ចាស់​​ប្រទាន​ឲ្យ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ទ្រង់​ចង់​ប្រទាន​ឲ្យ​បុគ្គល​រូបនោះ ដោយ​ប្រទាន​ការបំផុសគំនិត​ណាមួយ​ដែល​ទ្រង់​ចង់​ប្រទាន​ឲ្យ​តាមរយៈ​ការវិនិច្ឆ័យ​របស់​ខ្ញុំ​ផ្ទាល់ ។ វា​ពិបាក​ណាស់​ប្រសិនបើ​ព្រះអម្ចាស់ ជាទី​ស្រឡាញ់​ចង់​ប្រទាន​ពរ​បែប​ជា​ការកែលម្អ​ដល់​នរណា​ម្នាក់​នោះ ។ វា​ត្រូវការ​ការ​ខិតខំ​ដើម្បី​បែងចែក​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​មាន​ព្រះទ័យ​ចង់​បាន​សម្រាប់​អ្វី​ដែល​បងប្អូន​ចង់បាន និង​មនុស្ស​ផ្សេង​ទៀត​អាច​ចង់​បាន ។

ខ្ញុំ​ជឿថា​យើង​អាច​លើកតម្កើង​ការបម្រើ​បព្វជិតភាព​របស់​យើងពេញ​មួយ​ជីវិត​របស់​យើង អាច​លើស​ពី​មួយ​ជីវិត​នេះ​ទៀត ។ វា​អាស្រ័យ​លើ​ភាពខិតខំ​របស់​យើង​ក្នុង​ការ​ព្យាយាម​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​អម្ចាស់ និង​ការ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ស្តាប់​សំឡេង​របស់​ទ្រង់ ដើម្បី​យើង​អាច​ដឹង​បាន​ច្បាស់​នូវ​អ្វី​ដែល​ទ្រង់សព្វព្រះទ័យ​សម្រាប់​មនុស្ស​ដែល​យើង​កំពុង​បម្រើ​ជំនួស​ឲ្យទ្រង់ ។ ការលើក​តម្កើងនេះនឹង​ទទួល​បាន​ជា​ជំហានតូចៗ ។ វា​អាច​កើតឡើង​យឺតៗ ប៉ុន្ដែ​វា​នឹង​កើតឡើង​យ៉ាង​ប្រាកដ ។ ព្រះអម្ចាស់​បាន​សន្យា​យើង​ការណ៍​នេះថា ៖

« ដ្បិត​អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​កាល​បាន​បព្វជិតភាព​ទាំង​ពីរ​នេះ ដែល​យើង​បាន​ពោល​ដល់ ហើយ​បាន​តម្កើង​ការ​ហៅ​របស់​ខ្លួន នោះ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​ព្រះ​វិញ្ញាណ ចំពោះ​ការ​សាង​រូប​កាយ​របស់​ពួក​គេ​ជា​ថ្មី។

« ពួក​គេ​ត្រឡប់​ជា​កូន​ប្រុស​នៃ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​ជា​ពូជ​នៃ​លោក​អ័ប្រាហាំ និង​ជា​សាសនាចក្រ និង​នគរ និង​ជា​ពួក​រើស​តាំង​នៃ​ព្រះ ។

« ហើយ​អស់​អ្នក​ណា​ដែល​ទទួល​បព្វជិតភាព​នេះ ឈ្មោះ​ថា​ទទួល​យើង​ដែរ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា​កូនសោ​នៃ​បព្វជិត​ភាព​ត្រូវបាន​ស្ដារ​ឡើង​វិញ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់​បាន​យាង​ចុះ​ពីលើ​មេឃ​ដើម្បី​ស្តារ​បព្វជិត​ភាព​ឡើង​វិញ សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​បាន​លាតត្រដាង ហើយ​ដែល​ស្ថិត​នៅ​ខាង​មុខយើង ។ អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​វិញ ។ រាស្ត្រ​ព្រះអម្ចាស់​នឹង​ត្រូវបាន​រៀបចំ​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​ដ៏​រុងរឿង​របស់ទ្រង់ ។ ការស្តារឡើងវិញ​នឹង​បន្ត ។ ព្រះអម្ចាស់​នឹង​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​ដល់​ពួក​ព្យាការី និង​ពួកអ្នក​បម្រើ​ទាំងឡាយ​របស់​ទ្រង់ ។

បងប្អូន​អាច​មាន​អារម្មណ៍​តូចតាច ​បើ​ប្រៀបធៀប​នឹង​ការផ្លាស់ប្តូរ​ដ៏​ធំ​នៃ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ។ ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​បែបនេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទូល​សួរ​​ពី​របៀប​ដែល​ព្រះអម្ចាស់​គិត​ពី​បងប្អូន ។ ទ្រង់​ស្គាល់​បងប្អូន​ដោយ​ផ្ទាល់ ទ្រង់​ប្រទាន​បព្វជិតភាព​ដល់​បងប្អូន និង​ការខិតខំ​របស់​​បងប្អូន ហើយនិង​ការ​លើកតម្កើង​ការងារ​បព្វជិតភាព​ចំពោះទ្រង់ ពីព្រោះ​ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ទ្រង់​ទុកចិត្ត​បងប្អូន​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ទាំងឡាយដែល​ទ្រង់​ស្រឡាញ់​​ក្នុង​ព្រះនាម​ទ្រង់ ។

ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​ឥឡូវនេះ ដើម្បី​បងប្អូន​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ទំនុកចិត្ត​របស់​ទ្រង់ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ៕