ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៨ ឯកសារ គ្រូបង្រៀន ៖ ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ


« មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១៨ ឯកសារ​គ្រូបង្រៀន

ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គ សង្គ្រោះ

ព្រះគម្ពីរ បង្រៀនថា មានតែ​តាមរយៈ​« បុណ្យ​គុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏​បរិសុទ្ធ » ទេទើប​យើង អាច ទទួលបាន ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ( នីហ្វៃទី​២ ២:៨ ) ។ ក្នុងអំឡុង​មេរៀននេះ សិស្ស​នឹង​ពន្យល់​អំពី​តម្រូវការ​របស់​ពួកគេ​ដើម្បី​ទទួលបាន​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ដក​បទពិសោធន៍​ពីព្រះគុណ​របស់ទ្រង់ ហើយ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាចធ្វើបាន ដើម្បី​ពឹងផ្អែកលើ​ទ្រង់​បន្ថែម​ទៀត ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់ និង​អ្នកបម្រើ​របស់​ទ្រង់​ទាំងឡាយ​បង្រៀន​អំពី​សារៈ​សំខាន់​នៃ​ព្រះគុណ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ជា​ឯកជន​ពី​តម្រូវការ និង​បំណង​ប្រាថ្នា​ដ៏អស្ចារ្យ​បំផុត​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះ ។ ឧទាហរណ៍​ពួកគេ​អាច​សរសេរ​ពី​ការល្បួង ឬ​អំពើបាប​ដែលពួក​គេចង់ យកឈ្នះភាព ទន់ខ្សោយ ដែល ពួកគេ កំពុង ពុះពារ ឧបសគ្គ ឬ​ការសម្រេច​ចិត្ត​ដែល​ពួកគេ​ប្រឈម មុខ កិច្ចការធំៗ​ដែល​ពួកគេ ត្រូវការ​ជំនួយ​ដើម្បី​បំពេញ ឬ​បុគ្គលិក​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​ពួកគេ​ប្រាថ្នា​ចង់អភិវឌ្ឍ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រក្សា​បំណង​ប្រាថ្នា​ទាំងនេះ​ក្នុង​ចិត្ត នៅពេល​ពួកគេ​ពិភាក្សា​អំពី​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​អំឡុង​ពេល​មេរៀន​នេះ ។

ដើម្បី​ស្វែងយល់​ពី​ការយល់ដឹង​របស់​សិស្ស​អំពីព្រះគុណ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យពន្យល់​ពីអ្វី​ដែល​ពួកគេ​យល់អំពី​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រកមើល​ថាតើ​ពួកគេ​មាន​សំណួរអ្វី​ខ្លះ ។ ប្រសិន​បើ​ចាំបាច់ សូម​បង្ហាញ​និយម​ន័យ​ខាងក្រោម ៖

ព្រះគុណ​គឺជា​ជំនួយ ឬ​កម្លាំង​ដ៏ទេវភាព​ដែល​បាន​ប្រទាន​ដល់​យើង តាមរយៈ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។​… ពាក្យ​ថា ព្រះគុណ ដូច​ដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ សំដៅ​ជា​ចម្បង​ទៅលើ​ព្រះចេស្តា​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង និង ការព្យាបាល​ខាង​វិញ្ញាណ​ដែល​បាន​ផ្ដល់​តាមរយៈ​សេចក្ដី​មេត្តាករុណា និងសេចក្ដី​ស្រឡាញ់ របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( Gospel Topics « Grace » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

សូម​ពិចារណា​បង្ហាញ​រូបភាព​ដើម​ទំពាំង​បាយ​ជូរ​ដូច​ខាង​ក្រោម ។ សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​រឿង​ប្រៀបប្រដូច​អំពី​ដើម​ទំពាំងបាយជូរ​ពិត​ភ្លាមៗ មុន​នឹង​ទៅ​សួនច្បារ​គែតសេម៉ានី ដើម្បី​អនុវត្ត​ដង្វាយធួន​របស់​ទ្រង់ ។

រូបភាព
ដើម​ទំពាំង​បាយជូរ

សូម​ឲ្យ​សិស្ស​រំឭក យ៉ូហាន ១៥:១–៨ ដោយ​រកមើល​អ្វី​ដែល​និមិត្តរូប​នៃដើម​ទំពាំង​បាយជូរ មែក និង​ផ្លែ​អាច​បង្រៀន​យើង​អំពី​អំណោយ​ទាន​នៃ​ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ពាក្យ​ប្រៀបធៀប​នៃដើម​ទំពាំងបាយជូរ និង​ព្រះគុណ​ពិត ៖

  • តើ​និមិត្ត​រូប​នៃដើម​ទំពាំងបាយ​ជូរ មែក និង​ផ្លែ​តំណាង​ឲ្យ​អ្វី ? តើ​វាអាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​តម្រូវការ​របស់យើង ដើម្បី​ទទួលបាន​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ? ( អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដូច​ខាង​ក្រោម ៖ កាល​យើង​នៅ​ជាប់​នឹង​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​នាំ​មក​នូវ​កិច្ចការ​ល្អ ) ។

  • តើ​ការ​នៅ​ជាប់ ឬ​បន្តនៅ​នឹង​ព្រះគ្រីស្ទ​មាន​លក្ខណៈ​បែប​ណា ? ( អ្នក​អាច​ចង់​រំឭក​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ​សង្គ្រោះ ? តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ មាន​អារម្មណ៍​ថា​ត្រូវ​បំបែក​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ និង​អំណោយទាន​នៃ​ព្រះគុណ​របស់​ទ្រង់ ?

អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ផ្ទាល់ ។

យើង​អាច​ទទួល​ព្រះគុណ​របស់​ព្រះអម្ចាស់​នៅក្នុងជីវិត​របស់​យើង ។

សូម​ពិចារណា​បង្ហាញ រូបភាព​អំណោយ និង​ការបង់ថ្លៃ ដែល​មាន​នៅក្នុង​ផ្នែក​ទី ២​នៃ​ឯកសារ​រៀបចំ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ដែល​ជាអំណោយ​ទាន ឬ​អ្វី​ផ្សេង​ទៀត​ដែល​ទទួល​បាន ។ ( សិស្ស​អាច​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រំព្ញក​ឡើង​វិញ​ក្នុង​ផ្នែកទី ២​ឬ សម្ភារ មួយ​ចំនួន​ប្រសិនបើ​ចាំបាច់ តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ? ។ ប្រសិន​បើ​ពួកគេ​បាន​ពន្យល់​ពីគំនិត​ទាំង​នេះ​នៅ​ដើម​មេរៀន​រួចហើយ នោះអ្នក​អាច​បន្ត​ជាមួយ​នឹង​សាច់រឿង​ខាង​ក្រោម ) ។

សូម​បង្ហាញ​និង​អាន​ដំណើរ​រឿង​ខាង​ក្រោម​ឲ្យ​ឮៗ ។

សាគូរ៉ា មាន​អារម្មណ៍​ថា​នាង​ចេះតែ​មាន​គុណវិប្បត្តិ​កើតឡើង​ឥត​ឈប់ឈរ ហើយ​មិនល្អ​គ្រប់គ្រាន់​សម​នឹង​ទទួល​ជំនួយ​របស់​ព្រះអម្ចាស់​ឡើយ ។

ថូប៊ូស ជឿថា មុនពេល​គាត់​អាចទទួល​បាន​ជំនួយ​ពីព្រះអម្ចាស់ ដើម្បី​យកឈ្នះ​លើ​ការ​ញៀន​រូប​អាសគ្រាម​របស់គាត់ ដំបូង​គាត់ត្រូវតែ​ធ្វើអ្វី​គ្រប់យ៉ាង​ដែលគាត់​អាច​ធ្វើបាន​ដើម្បី​យកឈ្នះវា ។

អ៊ីលីណា​ជឿ​ជាក់​ថា ការ​ខិត​ខំ​របស់​នាង ​មិន​សំខាន់ ហើយ​វា​ពិត​ជា​មិន​ចាំបាច់​អ្វីទេ បើ​ប្រៀប​ធៀប​ទៅនឹង​ព្រះគុណ​នៃ​ការ​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ។

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ទៅកាន់ សាគូរ៉ា ថូប៊ូស និង អ៊ីលីណា ។ សូម​ពិចារណា​ថា តើ​អ្នក​អាច​សួរ​សំណួរ​មួយណា​នៃ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​សិក្សា​កាន់តែ​ស៊ីជម្រៅ ៖

  • តើ​ការ​ភាន់​ច្រឡំ​អ្វីខ្លះ​ដែល​បុគ្គល​ម្នាក់​នេះ​ធ្លាប់​មាន អំពី​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការ​យល់​ខុស​បែប​នេះ​អាច​បង្អាក់​សមត្ថភាព​របស់​គាត់ ឬ​នាង​ក្នុង​ការទទួលបាន ឬ​ពឹងផ្អែក​លើ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • តើ​ការបង្រៀន ឬ​គោលការណ៍​អ្វី​ដែល​ទាក់ទង​នឹង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​បុគ្គល​នេះ ?

សូម​ពិចារណា​សរសេរ​សេចក្តីពិត​ដែល​សិស្ស​ស្វែងរក​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​នេះ ៖ ព្រះគុណ​ជា​អំណោយ​ទាន​មួយ​ដែល​យើង​មិន​អាច​រក​បាន​ដោយ​ខ្លួន​ឯង ប៉ុន្តែ​យើង​ទទួល​បាន នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ ។ យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ពីមុន អំឡុង​ពេល និង​ក្រោយ​ពេល​ដែល​យើង​ខិតខំ​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព ។

សូម​រំឭក​សិស្ស​ថា​ពួកគេ​ត្រូវ​បាន​អញ្ជើញ​នៅក្នុង ផ្នែកទី ៣ នៃ​ឯកសារ​រៀបចំ នេះ ដើម្បី​សិក្សា​ដំណើររឿង​នៃ​ព្រះគម្ពីរ​ដែល​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ព្រះគុណ​របស់​ព្រះអម្ចាស់​អាច​ដំណើរការ​ក្នុង​ជីវិត​របស់​យើង ។ ( អ្នក​អាច​ផ្តល់​ពេល​ឲ្យ​សិស្ស​រំព្ញក​ដំណើររឿង​នៃ​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ) ។ សូម​បំបែក​សិស្ស​ជា​ក្រុមតូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​វគ្គ​បទ​គម្ពីរ​របស់​ពួកគេ និង​ចែកចាយ​ចម្លើយ​របស់​ពួកគេ ទៅក្នុង សំណួរ​ទាំងបី​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត ។ របៀប​មួយ​ដ៏​ប្រសើរ​ដែល​យើង​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​នៅក្នុង​ចិត្ត​របស់​ពួកគេ​គឺ​ផ្តល់​ពេល​វេលា​ឲ្យ​ពួកគេ​នៅ​ក្នុង​ថ្នាក់​ដើម្បី​គិតពិចារណា ឬ​សរសេរ​អំពី​អ្វី​ដែល​ពួកគេ​យល់ និង​មាន​អារម្មណ៍ ។ បន្ទាប់មក​យើង​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​សកម្មភាព​ជាក់លាក់ ដែល​ពួកគេ​គួរ​យក​មក​អនុវត្ត អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

អ្នក​អាច​បញ្ចប់​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​តម្រូវការ​ផ្ទាល់ខ្លួន និង​បំណង​ប្រាថ្នា​ដែល​ពួកគេ​បាន​សរសេរ​នៅ​ពេល​ចាប់​ផ្តើម​ថ្នាក់ ។ សូម​ផ្តល់ពេល​ដល់ពួកគេ​គិត​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​អាចធ្វើបាន ដើម្បី​អញ្ជើញ​ព្រះគុណ​របស់​ព្រះអម្ចាស់ ឲ្យ​មាន​កាន់តែ​បរិបូរណ៍​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ឆ្ពោះទៅ​មុខ​ដោយ​សេចក្តីជំនឿ ហើយ​ពឹងផ្អែក​ទាំងស្រុង​លើ​អំណាច​ដ៏ទេវភាព​របស់​ទ្រង់ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​ផ្ញើ​សារ​ខាងក្រោម​នេះ ឬ​សារ​របស់​អ្នក​ផ្ទាល់​ទៅ​សិស្ស​ពីមុន​ចូល​រៀន​ថ្នាក់​បន្ទាប់ ៖ នៅពេល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៩ សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​ជីវិត​របស់​គេ​នឹង​ត្រូវ​បាន​ប្រទានពរ​ដោយសារ​ការ​យល់​កាន់តែ​ច្បាស់​អំពី​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​អស់​អ្នក​នៅ​ក្នុង​ពិភពវិញ្ញាណ ។