ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៦ ឯកសារ​គ្រូបង្រៀន ៖ ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន ៖ ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន

ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​យេស៊ូវ​គ្រីស្ទ​បង្គាប់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូចជា​ទ្រង់ ( សូមមើល នីហ្វៃ​ទី​៣ ២៧:២៧ ) ។ នៅក្នុង​មេរៀននេះ សិស្ស​នឹង​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្រ្គោះ តាមរយៈ​ការអភិវឌ្ឍន៍​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​បន្ថែមទៀត ។ ពួកគេ​ក៏នឹង​មាន​ឱកាស​ដើម្បី​ជ្រើសរើស​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ជាក់លាក់​មួយ ហើយ​តាំងចិត្ត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អភិវឌ្ឍន៍​គុណលក្ខណៈ​ទាំងនោះ​ឲ្យ​បាន​ទាំងស្រុង ។ 

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គ្រីស្ទ​បានបង្គាប់​សិស្ស​របស់​ទ្រង់​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ដាក់តាំង ឬ​អញ្ជើញ​សិស្ស​ឲ្យ​អាន សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ​ឲ្យ​ឮៗ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ការស្គាល់ អ្វីមួយ ការធ្វើ អ្វីមួយ និង ការប្រែក្លាយ ជា​អ្វីមួយ ខុសគ្នា​អ្វីខ្លះ ?

សូម​សង្ខេប​បរិបទ​ពី នីហ្វៃទី ៣ ២៧ និង​បន្ទាប់មក សូមអាន នីហ្វៃទី ២ ២៧:២៧ ជាមួយ​គ្នា ។ ឬ​អ្នក​អាច​មើល​ឃ្លីប​ដូចគ្នា​មកពី Book of Mormon Videos មាន​នៅលើ​គេហទំព័រ ( ChurchofJesusChrist.org ) ។ សូម​ពិចារណា​ដាក់​បង្ហាញ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​បង្គាប់​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ប្រែក្លាយ​ដូចជា​ទ្រង់ ។

អ្នក​អាច​ដាក់​បង្ហាញ​រូបភាព​មួយចំនួន​ដែល​ពិពណ៌នា​អំពី​គុណលក្ខណៈ​របស់​ព្រះគ្រីស្ទ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ​ពីរ​ខាងក្រោម​ដើម្បី​អាន ដោយ​រកមើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ៖

  • តើ​គុណលក្ខណៈ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អ្វីខ្លះ​ដែល​អ្នក​ចង់​អភិវឌ្ឍន៍​បន្ថែមទៀត ? ( សូម​ពិចារណា​សរសេរ​គុណលក្ខណៈ​ទាំងឡាយ​ដែល​សិស្ស​រកឃើញ​នៅលើ​ក្តារខៀន ) ។

  • តើអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរ តាម​រយៈ​ការព្យាយាម​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ? ( អ្នក​អាច​មើល សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុង​ផ្នែក ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។

សូម​ពិចារណា​ចែកចាយ​អ្វីមួយ​ដែល​មាន​លក្ខណៈ​ដូច​សាច់រឿង​ខាងក្រោម ៖

នៅពេល​មើល​បញ្ជី​នៃ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ អេលីហ្សា​មាន​អារម្មណ៍​ក្តុកក្តួល ។ នាង​ឆ្ងល់​ពី​របៀប​ដែល​នាង​អាច​បញ្ចូល​គុណលក្ខណៈ​ទាំងអស់​នោះ​ទៅក្នុង​ជីវិត​របស់នាង ។ វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទេ ។

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូចជា​អេលីហ្សា ដែរ​ឬ​ទេ ? តើ​ដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​នឹង​ផ្ដល់​ឲ្យ​នាង ?

  • តើ​ការប្រឈម​អ្វី​ទៀត​ដែល​យើង​អាច​ជួបប្រទះ នៅពេល​យើង​ខិតខំ​អភិវឌ្ឍន៍​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ?

  • តើ​គោលការណ៍​ដំណឹងល្អ​អ្វី​ដែល​យើង​អាច​មាន​អារម្មណ៍​កាន់តែ​មាន​សង្ឃឹម​កាល​យើង​ខិតខំ​អភិវឌ្ឍន៍​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ? ( ប្រសិនបើ​ចាំបាច់ សិស្ស​អាច​ពិចារណា សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ឬ​បទគម្ពីរ​ដូចជា​មាន​ខាងក្រោម ៖ ម៉ូសាយ ៤:២៧; អេធើរ ១២:២៧ ឬ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៧–១៨; ៩៣:១៣ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ប្រើ​ដំណើររឿង ។ ដំណើររឿង​ទាំងឡាយ​អាច​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍ ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ និង​បង្ហាញ​ពី​ការអនុវត្ត ។ រួមជា​មួយនឹង​ដំណើរ​រឿង​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ដំណើររឿង​ដែល​ជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​បង្ហាញ​ពី​របៀប​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៅក្នុង​បរិបទ​ទំនើប​មួយ ។ គ្រូ​បង្រៀន និង​សិស្ស​ក៏​អាច​ចែកចាយ​ដំណើររឿង​ដែល​បំផុស​គំនិត​ពី​ជីវិត​របស់​ពួកគេ​ផងដែរ ។

ដើម្បី​បង្ហាញ​ពី​គោលគំនិត​នៃ​ការប្រែក្លាយ​ដូចជា​ព្រះអម្ចាស់​បន្តិច​ម្តងៗ នោះ​អ្នក​អាច​បង្ហាញ​រូបភាព​ភ្នំ​ហ្វូជី ហើយ​អាន​បទពិសោធន៍​របស់​អែលឌើរ ស្កត់ ឌី និង​ស៊ីស្ទើរ វីតធីង ។ ( ឬ​អ្នក​អាច មើល ឬ​ស្តាប់​អែលឌើរ វីតធីង ចែកចាយ​បទពិសោធន៍​នេះ នៅក្នុង​សន្និសីទ​ទូទៅ [ ចាប់ពី​នាទី​ទី ២:៣៥ ដល់​នាទី​ទី ៣:០៩ ] ) ។

រូបភាព
ភ្នំ​ហ្វីជី
រូបភាព
អែលឌើរ ស្កត់ ឌី វីតធីង

កាលពី​ពីរ​បី​ឆ្នាំ​មុន ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ឈរ​នៅ​ដើម​ផ្លូវ​នៃ​ជើង​ភ្នំ​ដ៏​ខ្ពស់​បំផុត​របស់​ប្រទេស​ជប៉ុន ភ្នំ​ហ្វូជី ។ ពេល​យើង​បាន​ចាប់​ផ្ដើម​ការឡើង​ភ្នំ​របស់​យើង យើង​បាន​សម្លឹង​មើល​ទៅ​លើ​កំពូល​ភ្នំ​ដែល​នៅ​ឆ្ងាយ​នោះ ហើយ​ឆ្ងល់​ថាតើយើង​អាច​ឡើង​ទៅ​ដល់​ទីនោះ​ឬ​ទេ ។

កាលដែល​យើង​បាន​ធ្វើ​ដំណើរ​ទៅ យើង​អស់​កម្លាំង ឈឺ​សាច់ដុំ និង​ទទួល​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​នោះ ។ តាម​ផ្លូវ​ចិត្ត វាសំខាន់​ចំពោះ​យើង​ដើម្បី​ផ្ដោត​តែ​ទៅលើ​ជំហាន​បន្ទាប់​ទៀត​ប៉ុណ្ណោះ ។ យើង​និយាយ​ថា « ខ្ញុំ​អាច​នឹង​មិន​ទៅ​ដល់​កំពូល​ឆាប់ៗ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​បោះ​ជំហាន​បន្ទាប់​នេះ នៅពេល​ឥឡូវ​នេះ » ។ យូរៗ​ទៅ កិច្ចការ​ដ៏​លំបាក​នោះ​បាន​ក្លាយ​ជា​អ្វី​ដែល​អាច​សម្រេច​បាន​នៅ​ទី​បំផុត—មួយ​ជំហាន​ម្ដងៗ ។ ( ស្កត់ ឌី វីតធីង « Becoming like Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១២ )

  • តើ​បទពិសោធន៍​របស់​អែលឌើរ និង​ស៊ីស្ទើរ​វីតធីង ទាក់ទង​នឹង​ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

បន្ទាប់​ពី​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​រួចហើយ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ វីតធីង ៖

រូបភាព
អែលឌើរ ស្កត់ ឌី វីតធីង

ការក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ នឹង​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត និង​គំនិត​យើង តាមពិត​ទៅ ថែមទាំង​លក្ខណៈ​សម្បត្តិ​របស់​យើង​ផង ហើយ​ការធ្វើ​ដូច្នោះ​អាច​ធ្វើ​ទៅបាន តែ​តាមរយៈ​ព្រះគុណ​ដ៏​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ …

ដើម្បី​មើល​ឃើញ​ការរីក​ចម្រើន​ដ៏​ពិត បងប្អូន​នឹង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ដូច​គ្នា​នឹង​ការឡើង​ភ្នំ​ដែល​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ទុក​ជា​មុន និង​មាន​ការតស៊ូ និង​ការអត់ធ្មត់​អំឡុង​ពេល​ឡើង ដូច្នេះ​ការធ្វើ​ដំណើរ​នេះ​ក៏​នឹង​តម្រូវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង និង​ការលះបង់​ដ៏​ពិត​ផងដែរ ។ ពួកគ្រីស្ទាន​ដ៏​ពិត ដែល​យើង​ពុះពារ​ដើម្បី​ក្លាយ​ដូច​ជា​លោកគ្រូ​របស់​យើង តែងតែ​តម្រូវ​ឲ្យ​យើង​ធ្វើ​អស់​ពី​សមត្ថភាព ។ ( ស្កត់ ឌី វីតធីង « Becoming like Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៣, ១៤ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់មក​ជ្រើសរើស​សកម្មភាព​មួយ​​ខាងក្រោម​ដែល​អាច​បំពេញ​តម្រូវការ​សិស្ស​របស់អ្នក​បាន​ល្អបំផុត ៖

  1. សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​បំពេញ « ឥរិយាបទ​សកម្មភាព » ដែល​មាន​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ឬ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​អាច​រៀន​ចេញពី​បទពិសោធន៍​នេះ ។

  2. សូម​ផ្តល់ ពេល​ឲ្យ​សិស្ស​ជ្រើសរើស និង​អាន ( ឬ​ចាប់ផ្តើម​អាន ) សុន្ទរកថា​មួយ ឬ​ច្រើន​នៅក្នុង​ផ្នែក « ចង់​បានបន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ​នេះ ។ ពួកគេ​ក៏​អាច​ស្វែងរក​ធនធាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដើម្បី​សិក្សា​ដោយ​ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។

  3. សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ចេញពី​ព្រះគម្ពីរ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​អំពី​គុណលក្ខណៈ​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​ធ្វើតាម​នោះ ។ ( សូមមើល ជំហាន ទី ២ នៅក្នុង​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  4. សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​តាមរយៈ​ការនិយាយ​ជាមួយ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​អំពី​ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ ។ ( សូមមើល​សកម្មភាព « ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់ » នៅក្នុង​ផ្នែក​ទី ១ ឬ ជំហាន ទី​បី នៃសកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ​ទុក​ជា​គំនិត ) ។

ដើម្បី​បញ្ចប់​ថ្នាក់ នោះ​អ្នក​អាច​ដាក់​បង្ហាញ​សំណួរ​ដូច​តទៅនេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត និង​កត់ត្រា​ចំណាប់ អារម្មណ៍​របស់​ពួកគេ ។

  • តើ​ការអភិវឌ្ឍ ឬ​ការពង្រឹង​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​បាន​ជ្រើសរើស​អាច​មាន​ឥទ្ធិពល​លើ​ជីវិត និង​ទំនាក់ទំនង​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ជំហាន​តូចៗ និង​សាមញ្ញៗ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​បណ្តុះ​គុណលក្ខណៈ​នេះ ?

  • តើ​អ្នក​នឹង​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​អភិវឌ្ឍ ឬ​ពង្រឹង​គុណលក្ខណៈ​នេះ​ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​ទទួល​អារម្មណ៍ បានរៀន ឬ​បាន​សរសេរ​នៅអំឡុង​ការពិភាក្សា​នា​ថ្ងៃនេះ ។ អ្នក​ក៏​គួរ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ផង​ដែរ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​លើកក្រោយ សូមពិចារណា​ផ្ញើ​សារ​ដូច​ដូច​តទៅ​នេះ ឬ​សារ​មួយ​របស់​អ្នក​ផ្ទាល់ ៖ កាល​អ្នក​សិក្សា មេរៀន​ទី ២៧ សូម​ពិចារណា​ពី​ទំនាក់ទំនង​រវាង​ពាក្យ សង្ឃឹម ពន្លឺ និង ជីវិត ។