ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន ៖ ការ​ដាក់ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់យើង​មុន​ជីវិត​លើផែនដី


« មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន ៖ ការ​ដាក់ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់យើង​មុន​ជីវិត​លើផែនដី » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់

មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន

ការ​ដាក់ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់​យើង​មុនជីវិត​លើផែនដី

នៅ​ក្នុង​ជីវិត​មុន​ជីវិត​លើផែនដី​នេះ ព្រះវរបិតាសួគ៌​បាន​បង្រៀន​យើង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ។ នៅ​ទីនោះ យើង​មាន​ឱកាស​ក្រោក​គាំទ្រ​ផែនការ​របស់​ទ្រង់ និង​គាំទ្រ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រកឃើញ​មូលហេតុ​ដែល​យើង​បានដាក់​ទី​ទុកចិត្ត​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​អ្នកដឹក​នាំ​របស់​យើង​នៅក្នុង​ជីវិត​មុន​ជីវិតលើ​ផែនដីនេះ ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​របៀប​ដើម្បី​ឈរ​ជាមួយ​ទ្រង់​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​សាតាំង និង​កម្លាំង​របស់​វា​ក្នុង​ជីវិត​នេះ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​តាមដាន​លើ​ការ​រៀនសូត្រ​របស់​សិស្ស ។ សេចក្តីជំនឿ​របស់​សិស្ស​អាច​ត្រូវ​បាន​ពង្រឹង នៅពេល​ពួកគេ​ទទួល​បាន​ឱកាស​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ ដោយការ​ធ្វើ​តាម​ការ​អញ្ជើញ​ដែល​បាន​បន្ថែម​ក្នុង​អំឡុង​ថ្នាក់​ពីមុន ។ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ស្វែង​រក​ឱកាស​ដើម្បី​តាមដាន​ពី​របៀប​ដែល​សិស្ស​កំពុង​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​តាំងពី​ដើមដំបូង​មក ។

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​នៅក្នុង​ថ្នាក់ ដើម្បី​ស្វែង​រក​សេចក្ដី​ពិត​ដែល​ត្រូវ​បាន​បើក​សម្ដែង​អំពី​ជីវិត​មុន​ជីវិត​លើផែនដី​របស់​យើង ។ ( ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​សិស្ស​ជ្រើសរើស ផ្នែកទី ១ផ្នែកទី ២ នៃ​ឯកសារ​រៀបចំ ហើយ​រំឭក​វា​ដោយ​សង្ខេប​ឡើង​វិញ ។ សិស្ស​អាច​រកឃើញ​សេចក្ដី​ពិត​មួយ ឬ​ច្រើន​នៃ​សេចក្ដី​ពិត​ដូច​តទៅ ៖ នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​មហិមា ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ឆន្ទៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​សំខាន់​ចំពោះ​ជោគជ័យ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដី​នេះ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដ៏​អស្ចារ្យ​បំផុត និង​មាន​ព្រះបញ្ញាញាណ​ឈ្លាសវៃ​ជាង​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ) ។

នៅពេល​ដែល​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​អ្នក​រីកចម្រើន សូម​ពិចារណា​ថាតើ​សំណួរ​ខាងក្រោម​មួយណា​ដែល​អ្នក​អាច​សួរ ដែល​ទាក់ទង​នឹង​សិស្ស​របស់​អ្នក​បំផុត ។ ( កំណត់​ចំណាំ ដើម្បី​ជំរុញ​បទ​ពិសោធន៍​នៃការ​ផ្លាស់ប្រែ​ចិត្ត វា​អាច​ជា​ការ​ប្រសើរ​ក្នុងការ​សួរ​សំណួរ​តិច​ជាង​មុន និង​មាន​ការពិភាក្សា​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ប្រធានបទ​មួយ​ចំនួន ជាជាង​ការ​ព្យាយាម​សួរ​សំណួរ​ដែល​បាន​ផ្តល់ឲ្យទាំង​អស់ ) ។

  • តើ​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​អាច​ផ្តល់ពរ​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ជីវិត​របស់​ពួកគេ​គ្មាន​ន័យ ឬ​គ្មាន​គោលបំណង​ដោយ​របៀប​ណា ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ តើ​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​ជួយ​អ្នក​ក្នុង​គ្រា​លំបាក​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​ត្រូវ​ការ​ព្រះអង្គសង្គ្រោះ​មួយ​អង្គ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ? ( សូមមើល ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • ដោយ​ពិចារណា​លើ​ការចំណាយ​ផ្ទាល់ខ្លួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ចំណាយ​ដើម្បី​ធួន​សម្រាប់​អំពើ​បាប​របស់​យើង តើ​អ្វីខ្លះ​ជា​គំនិត ឬ​អារម្មណ៍​ដែល​អ្នក​មាន​អំពី​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ក្នុង​ការក្លាយ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ? ( សូម​មើល ម៉ូសេ ៤:២ ) ។

  • តើ​អ័ប្រាហាំ​បាន​រៀន​អ្វី​ខ្លះ​អំពី​ឋានៈ​ពិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដីនេះ ? ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការទាញ​យក​សេចក្តី​ពិត​ដែល​បាន​បង្រៀន​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​ការ​ដឹង​ពី​ភាព​អស្ចារ្យ​មុន​ជីវិត​លើផែនដី​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ដាក់ទី​ទុកចិត្ត​លើ​ទ្រង់​ដោយ​របៀប​ណា​ជាមួយ​នឹង​ឧបសគ្គ​ដែល​អ្នក​ប្រឈម​មុខ ?

ដើម្បី​បញ្ចប់​មេរៀន​ផ្នែក​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្រមៃ​មើល​ថាតើ​វា​ដូចម្តេច​ក្នុង​ការមាន​វត្តមាន​នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​មហិមា នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​បង្ហាញ​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ហើយ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬពីរ​នាក់​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។

ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យក​ឈ្នះ​ការ​ប្រយុទ្ធ​ជាមួយ​សាតាំង និង​អ្នក​ដើរ​តាម​វា​បាន ។

សូម​ដាក់​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មកជាមួយ អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​រូបភាព​នេះ​អាច​ខុស​ពី​អ្វី​ដែល​យើង​ដឹង​ពី​វិវរណៈ​សម័យ​ទំនើប​អំពី​សង្រ្គាម​នៅ​ស្ថានសួគ៌ ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផ្តោត​លើ​ ម៉ូសេ ៤:១–៤, វិវរណៈ ១២:៧–១១ និង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

រូបភាព
សេន មៃឃើល និង​មហា​ទេវតា ដោយ ហ្គុស្តាវ ដូរ៉េ

នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​បាន​ជា​សាតាំង​បះបោរ ? តើ​អ្វី​ជា​យុទ្ធសាស្ត្រ​របស់​វា​ក្នុង​អំឡុង​សង្គ្រាម​នៅ​ស្ថានសួគ៌ ? ( សូម​មើល ម៉ូសេ ៤:១, ៣–៤; វិវរណៈ ១២:៧–៩ ) ។ តើ​វាប្រើ​យុទ្ធសាស្ត្រ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច​នៅ​សម័យ​យើង ?

  • យោងតាម វិវរណៈ ១២:១១ តើ​យើង​បាន​យកឈ្នះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សាតាំង​និង​អ្នក​ដើរ​តាម​វា​ដោយ​របៀប​ណា​ក្នុង​ជីវិត​មុន​ជីវិតលើ​ផែនដី​នេះ ? ( អ្នក​អាច​បន្ថែម​ការពិភាក្សា​របស់​អ្នក​ដោយ​រំឭក​ឡើងវិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ បងប្រុស អាម៉ាត អេស ខូរប៊ីត នៅក្នុង​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ស្វែងរក​សេចក្ដីពិតដូច​ខាងក្រោម ហើយ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ ដូច​ដែល​យើង​បាន​ធ្វើ​ក្នុង​ជីវិត​មុន​ជីវិត​លើផែនដី នោះ​យើង​អាច​យក​ឈ្នះ​លើ​អំណាច​របស់​សាតាំង តាមរយៈ​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ) ។

  • តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​បាន​ជួយ​អ្នក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សាតាំង និង​ការល្បួង​របស់​វា​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ទីទុក​ចិត្ត​របស់​អ្នក​លើ​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ ក្នុង​ការ​ជួយ​អ្នក​យក​ឈ្នះ​លើ​អំណាច​របស់​សាតាំង ?

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​បង្ហាញ ហើយ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជ័គ ក្លេប៊ីនហ្គាត នៃ​ពួកចិតសិបនាក់ ៖

រូបភាព
អែលឌើរ ជ័គ ក្លេប៊ីនហ្គាត

[ ក្នុង​អំឡុង​សង្គ្រាម​នៅ​ស្ថានសួគ៌ ] ពួកយើង​ដែល​ប្រដាប់​ដោយ​សេចក្តី​ជំនឿ​លើ​ដង្វាយ​ធួន​នាពេល​អនាគត​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ទទួល​ថាមពល​ដោយ​ទីបន្ទាល់​អំពី​តួនាទី​ដ៏​ទេវភាព​របស់​ទ្រង់ អ្នក​ដែល​មាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ភាព​ក្លាហាន​ក្នុងការ​ប្រើ​វា​ដើម្បី​ការពារ​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ បាន​ប្រយុទ្ធ​នៅ​ជួរមុខ​នៃ​សង្គ្រាម​ពាក្យ​សំដី ។ យ៉ូហាន​បាន​បង្រៀន​ថា វិញ្ញាណ​ដ៏​ក្លាហាន​ទាំងនោះ និង​អ្នក​ដទៃ​ទៀត​បាន​យក​ឈ្នះ​លូស៊ីហ្វើរ « ដោយ​ឈាម​នៃ​កូនចៀម និង ដោយ​សារ​សេចក្តី​បន្ទាល់​របស់​ពួកគេ » ( វិវរណៈ ១២:១១ការ​សង្កត់ន័យ​ត្រូវ​បាន​បន្ថែម ) ។

មែនហើយ ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ និង​ស្នាម​លោហិត​នៅឯ​គែតសេម៉ានី និង​កាល់វ៉ារី​បាន​យកឈ្នះ​សង្គ្រាម​មុន​ជីវិត​លើផែនដី​នេះ ។ ប៉ុន្តែ ភាពក្លាហាន និង ទីបន្ទាល់មុន​ជីវិត​លើផែនដី​របស់​យើង ឆន្ទៈ​របស់​យើង​ក្នុង​ការ​ពន្យល់​វែកញែក និង​បញ្ចុះ​បញ្ចូល​វិញ្ញាណ​ដទៃទៀត ក៏​បាន​ជួយ​ទប់ស្កាត់​ជំនោរ​នៃ​ភាព​មិនពិត​ពី​ការរីករាល​ដាល​ដោយ​មិនមាន​ការ​ប្រឆាំងផងដែរ !

ដោយ​បាន​បញ្ចប់​ដំណើរ​បំពេញ​កាតព្វកិច្ច​មុន​ជីវិត​លើផែនដីដោយ​ជោគជ័យ​ក្នុង​ការ​ការពារ​របស់​ទ្រង់ យើង​បាន​ក្លាយ​ជា​សាក្សី​នៃ​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ប្រាកដ​ណាស់ ដោយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ក្នុង​ការ​ប្រយុទ្ធ ហើយ​ត្រូវ​បាន​ធានា​យ៉ាង​អស់​ពី​ចិត្តនិង​ដោយភាព​ក្លាហាន​របស់​យើង នោះ​ក្រោយ​មក​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​យើង—សមាជិក​នៃ​វង្ស​អ៊ីស្រាអែល—« ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង » ( អេសាយ ៤៣:១០ ) ។ សូម​យើង​សួរ​ខ្លួន​ឯង​ថា ៖ តើ​ការ​ប្រកាស​នេះ​នៅ​តែ​ជា​ការ​ពិត​សម្រាប់​យើង​នាសព្វ​ថ្ងៃ​នេះ​ឬ​ទេ ? ( ជ័គ ក្លេប៊ីនហ្គាត « Defending the Faith » Ensign ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ៤៩–៥០ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជ័គ ក្លេប៊ីនហ្គាត ហើយ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ឈរ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជំនាន់​របស់​យើង ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។

សម្រាប់​ពេល​ក្រោយ

ក្នុង​អំឡុង​សប្តាហ៍ អ្នក​អាច​ផ្ញើ​ការអញ្ជើញ​ខាង​ក្រោម​ទៅ​កាន់​សិស្ស ៖ នៅពេល​អ្នក​អាន ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៤ និង​សញ្ជឹង​គិត​អំពី​អព្ភូតហេតុ​នៃ​ការបង្ក​បង្កើត សូម​ពិចារណា​ផ្ញើ​ឲ្យ​ខ្ញុំ ឬ​យក​មក​ថ្នាក់​នូវ​រូបភាព​នៃ​ការបង្ក​បង្កើត​របស់​ព្រះ ដែល​អ្នក​យល់​ថា​ជា​ការបំផុស​គំនិត​ពិសេស ។