ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់

មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

រៀងរាល់​ថ្ងៃ យើង​មាន​ឱកាស​ដើម្បី​គោរព​ដល់​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​យើង ដោយ​ការធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះអង្គ​សង្រ្គោះ ។ ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ យើង​ប្តេជ្ញាចិត្ត​ដើម្បី​ធ្វើតាម​ព្រះ​អង្គសង្រ្គោះ និង​រស់នៅ​ស្របតាម​ការបង្រៀន​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:៥ ) ។ ជា​សំណាង​ល្អ ភាព​ជាសិស្ស​មិនមែន​ជា​ការប្រណាំង ឬ​ការប្រកួត​ប្រជែង​នោះទេ ។ ផ្ទុយ​ទៅវិញ វា​ជា​ដំណើរ​ពេញ​មួយ​ជីវិត​ដែល​យើង​ធ្វើ​ដោយ​មាន​ការគាំទ្រ​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សិស្ស​ដទៃ​ទៀត ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ កាល​អ្នក​សិក្សា​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ជំពូក​ចុងក្រោយ​នេះ សូម​ពិចារណា​អំពី​ជំនួយ និង​ពរជ័យ​ដែល​អ្នក​អាច​ទទួល​បាន កាល​អ្នក​ខិតខំ​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ភាព​ជា​សិស្ស​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ?

សិស្ស​គឺជា​អ្នក​ដើរ​តាម​ដែល​មាន​ចិត្តល្អ ។ ហើយ​គ្មាន​នរណា​ធ្វើ​ជា​គំរូ​ដល់​ភាពជា​សិស្ស​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ភាពជាសិស្ស​របស់ទ្រង់ កាល​ទ្រង់​បានធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​ដទៃ គឺជា​គំរូ​ដ៏​អស្ចារ្យ​សម្រាប់​យើង ។ នៅ​ពីរបី​ម៉ោង​មុន​ពេល​ព្រះអង្គ​សង្គ្រោះ​នឹង​ត្រូវ​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដើម្បី​បំពេញ​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ទ្រង់​បាន​ឈប់​ដើម្បី​លាង​ជើង​របស់​ពួកសាវក​ទ្រង់​ដោយ​ទន់ភ្លន់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានពិពណ៌នា​ឱកាស​នេះ​ថា ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

កាល​ដែល​ពិធី​ជប់លៀង​ដ៏​ពិសិដ្ឋ​នៃ​បុណ្យ​រំលង​ចុង​ក្រោយ​កំពុង​រៀបចំ នោះ​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះទ័យ​ក្តុកក្តួល​យ៉ាង​ខ្លាំង ។ មានតែ​ទ្រង់​ទេ​ដែល​ដឹង​ពីអ្វី​ដែល​កើត​នៅពេល​ខាងមុខ​ភ្លាមៗ ។ …

កាល​នៅ​កណ្តាល​នៃ​ការទទួល​ទាន​អាហារ​នេះ និង​ការ​មាន​ព្រះទ័យ​ក្តុកក្តួល​បែប​នេះ​ព្រះគ្រីស្ទ​បាន​ក្រោក​ឡើង​ដោយ​ស្ងាត់ស្ងៀម ប្រុងប្រៀប​ព្រះអង្គ​ទ្រង់​ដូចជា​ទាសករ ឬ​អ្នក​បម្រើ ហើយ​បាន​លុត​ជង្គង់​លាង​ជើង​ឲ្យ​ពួក​សាវក ។ … រហូតដល់​វិនាទី​ចុងក្រោយ—និង​លើស​ពីនោះ​ទៅទៀត—ទ្រង់​បានធ្វើ​ជា​អ្នក​បម្រើ​ដែល​គាំទ្រ​ដល់​ពួកគេ​ជានិច្ច ។ ( « He Loved Them unto the End » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ )

រូបភាព
ព្រះយេស៊ូវ​លាងជើង​របស់​ពេត្រុស

បន្ទាប់ពី​ការ​បម្រើ​ដ៏​ពិសិដ្ឋ​នេះ ព្រះយេស៊ូវ​បាន​បង្រៀន​សេចក្តីពិត​ដល់​សាវក​ទ្រង់ ដែល​អាច​ដឹកនាំ​យើង​ទាំងអស់​គ្នា កាល​យើង​ស្វែងរក​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន យ៉ូហាន ១៣:១៤–១៧, ៣៤–៣៥; ១៤:១៥ ហើយ​សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​រៀន​អំពី​ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ស៊ីស្ទើរ សីលវ៉ា អេច អាល់រីឌ អតីត​ទីប្រឹក្សា នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ស៊ីស្ទើរ សីលវ៉ា អេច អាល់រីឌ

យើង​ត្រូវតែ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក និងបម្រើ​គ្នា​ទៅវិញ​ទៅមក ។ ជាការពិត​ណាស់ នេះ​គឺជា​ខ្លឹមសារ​នៃ​ភាព​ជា​សិស្ស​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិតប្រាកដ ។ ( « The Essence of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​នរណា​ម្នាក់​មក​ពី​ព្រះគម្ពីរ ឬ​ពី​ជីវិត​របស់​អ្នក​ផ្ទាល់ ដែល​ធ្វើ​ជា​គំរូ​ពី​ខ្លឹមសារ​នៃ​ភាពជាសិស្ស​នេះ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ២

តើ​អ្វី​ដែល​ជា​តម្រូវការ​ពី​ខ្ញុំ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

ព្រះ​យេស៊ូវ បាន​កំណត់​បទដ្ឋាន​សម្រាប់​ភាពជាសិស្ស​ដូច​តទៅ​នេះ « បើអ្នកណាចង់ មកតាមខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់ចិត្ត​ខ្លួន​ឯង​ទាំងផ្ទុក​ឈើឆ្កាង​ខ្លួ​នរាល់ តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ » ( លូកា ៩:២៣ ) ។ ទ្រង់​បាន​ពន្យល់​ថា « បើ​សិន​ជា​អ្នក​ណា​ចង់​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន នោះ​គឺ​ត្រូវ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចេញ​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត និង​គ្រប់​ទាំង​សេចក្ដី​សម្រើប​ខាង​លោកិយ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ខ្ញុំ​ចុះ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ១៦:២៦ សូមមើល​ផង​ដែរ ខទី ២៥ [ នៅក្នុង​បទ​ជម្រើស​នានា​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ ] ) ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ អូលីសេស សូរ៉េស

ការផ្ទុក​ឈើឆ្កាង​យើង ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​តម្រូវ​ឲ្យ​យើង​ធ្វើតាម​គំរូ​ទ្រង់ ហើយ​ខិតខំ​ក្លាយ​ដូចជា​ទ្រង់ ហើយ​ប្រឈម​នឹង​ស្ថានភាព​ជីវិត​ដោយ​អំណត់ កាត់​ចិត្ត​ចោល​ចំណង់​ខាង​សាច់ឈាម ហើយ​រង់ចាំ​ព្រះអម្ចាស់ ។ ( « Take Up Our Cross » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៥–១១៦ )

រូបភាព
ព្រះគ្រីស្ទ និង​អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​កំលោះ ដោយ ហែនរិច ហូហ្វម៉ាន់

អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​វ័យ​កំលោះ​ម្នាក់​បាន​ទូលសួរ​ព្រះអង្គ​សង្គ្រោះ​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​ ដើម្បី​ទទួលបាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ាថាយ ១៩:១៦–២១ ដោយ​រក​មើល​ដំណើររឿង​ពីរ ៖ (១) តើ​អ្វី​ដែលធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​ចំពោះ​សំណួរ​របស់​អ្នក​កំលោះ​រូប​នោះ ? (២) តើ​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អ្វី​ខ្លះ​ដល់​យុវជន​រូបនោះ​អំពី​ភាពជា​សិស្ស ?

អែលឌើរ លែរី អរ ឡ័ររ៉ែន នៃ​ក្រុម​ចិតសិប​នាក់ បាន​បង្រៀន​របៀប​ដែល​យើង​អាច​អនុវត្ត​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ទៅនឹង​ជីវិត​របស់​យើង ៖

រូបភាព
អែលឌើរ លែរី អរ ឡ័ររ៉ែន

ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​ចូលរួម ធ្វើ​លំហាត់​ខាង​វិញ្ញាណ​មួយ​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ អាច​ជា​យប់​នេះ​អំឡុង​ពេល​អ្នក​អធិស្ឋាន ។ សូម​ទូល​សួរ​ព្រះអម្ចាស់​ដោយ​រាបសា​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​មាន​អ្វី​កំពុង​រារាំង​ទូលបង្គំ​មិនឲ្យ​រីកចម្រើន​បាន ? » ឬ​សំណួរ​ម្យ៉ាងទៀត ៖ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » បន្ទាប់​មក សូម​រង់ចាំ​ចម្លើយ​ដោយ​ស្ងប់ស្ងៀម ។ បើ​អ្នក​សួរ​ដោយ​ស្មោះ ចម្លើយ​នឹង​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់​ក្នុង​ពេល​ឆាប់ៗ ។ វា​នឹង​ជា​វិវរណៈ​ដែល​បម្រុង​ទុក​សម្រាប់​អ្នក ។ ( « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

ព្រះគម្ពីរ​បង្រៀន​យើង​ថា ជាអកុសល អ្នក​កំលោះ​ស្ដុកស្ដម្ភ​វ័យ​ក្មេង​នៅក្នុង​ដំណើររឿង​នេះ « នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន » ( ម៉ាថាយ ១៩:២២ ) ។ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះអម្ចាស់ វាតែងតែ​តម្រូវ​ឲ្យ​មាន​ការលះបង់ ។ ប៉ុន្តែ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ខណៈ​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ដោយ​ការពិចារណា​លើ​ការសន្យា​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​សេចក្តី​សុខសាន្ត​នៅក្នុង​ជីវិតនេះ និង​ជីវិត​អស់កល្ប​ជានិច្ច នៅ​បរលោកនាយ នោះ​ភាព​ជាសិស្ស​គឺ​មានតម្លៃ​សម​នឹង​បង់ថ្លៃ ។ វាគឺជា​តម្លៃ​ដែល​យើង មិន អាច​បង់​បាន ។ តាម​ការវាស់វែង តម្រូវការ​នៃ​ភាពជា​សិស្ស​គឺ​តិច តិចជាង ពរជ័យ​ដែល​បាន​សន្យា​ខ្លាំង​ណាស់ ។ ( « Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២០ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ចំណាយពេល​ខ្លះ ហើយ​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន​នូវ​សំណួរ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » កាល​អ្នក​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ សូម​ចងចាំ​ពាក្យ​ខាងក្រោម​នេះ មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​ជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​ទីមួយ ៖ « ជំហាន​ដំបូង​នៅលើ​ផ្លូវ​នៃ​ភាពជាសិស្ស​ចាប់ផ្តើម ជា​សំណាងណាស់ ដែល​យើង​ឈរ​នៅ​កន្លែង​ត្រឹមត្រូវ ! ( « The Way of the Disciple » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧៧ ) ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រឹងមាំ និង​ទ្រទ្រង់​ដោយ​របៀបណា កាល​ខ្ញុំ​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ភាពជាសិស្ស​នេះ ?

ប្រសិនបើ នៅពេល​ខ្លះ អ្នក​ងឿងឆ្ងល់ ថាតើ​ពរជ័យ​នៃភាព​ជាសិស្ស​ដែល​បាន​សន្យា​ទុក​នោះ សម​នឹង​តម្លៃដែរ​ឬ​ទេ នោះ​សូមចងចាំ​ការណ៍​នេះ​ថា ៖ « មាគ៌ា [ របស់​ព្រះអម្ចាស់ ] គឺ​ជា​ផ្លូវ​ដែល​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុងពិភព​ដែល​នឹង​មក​ដល់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » មាននៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ព្យាការី​យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​ ៖ « ពួក​សុចរិត​ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​ជឿ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​បាន​ស៊ូទ្រាំ​នូវ​ឈើឆ្កាង​ទាំង​ឡាយ​នៃ​ពិភពលោក … នឹង​គ្រង​នគរ​ព្រះ​ទុកជា​មរតក … ហើយ​សេចក្ដី​អំណរ​របស់​គេ​នឹង​បាន​ពោរពេញ​រហូត​ត​ទៅ » ( នីហ្វៃទី ២ ៩:១៨ ) ។

អ្នក​អាច​សួរខ្លួនឯង​នូវ​អ្វី​ដែល​ព្រះអង្គសង្រ្គោះ​បាន​សួរ​ពួកសិស្ស​របស់​ទ្រង់​ជាយូរ​មកហើយ ៖ « ដ្បិតបើមនុស្សណា នឹងបានលោកីយ៍ទាំង មូល តែបាត់ព្រលឹងទៅនោះ តើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬ តើមនុស្សនឹងយកអ្វីទៅដូរឲ្យ បានព្រលឹងខ្លួនវិញ ? » ( ម៉ាថាយ ១៦:២៦ ) ។

រូបភាព
យុវមជ្ឈិមវ័យ​ញញឹម

ព្រះអម្ចាស់​មិនត្រឹម​តែសន្យាដល់​ពួកសិស្ស​របស់ទ្រង់​នូវ​រង្វាន់​ដ៏​អស់កល្ប​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​សន្យា​ដល់​យើង កាល យើង​ព្យាយាម​ដើម្បី​ធ្វើតាម​ទ្រង់ ។ របៀប​មួយ​ក្នុងចំណោម​របៀប​ទាំងនោះ​ដែល​ទ្រង់​ប្រទានពរ​ដល់​យើង​គឺ​តាមរយៈ​ការផ្តល់​ឲ្យ​យើង​នូវ​អំណរ​ដ៏​យូរអង្វែង​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ ក៏​មាន​ពរជ័យ​ជាច្រើន​ដែល​យើង​ទទួល​ផងដែរ ។ នៅក្នុង​សំបុត្រ​មួយ​ទៅកាន់​ពួករ៉ូម សាវក​ប៉ុល បាន​គិតពិចារណា​ពី​វិធី​មួយចំនួន​ដែល​ព្រះអម្ចាស់​គាំទ្រ​ដល់​អស់អ្នក​ដែល​ដើរ​តាម​ទ្រង់ ទោះ​ជា​ពួក​គេជួបនឹង​ឧបសគ្គ​ផ្ទាល់ខ្លួន​ក៏​ដោយ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន រ៉ូម ៨:១៦–១៨, ២៨, ៣៥, ៣៨–៣៩ ហើយ​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​អ្នក​កាល​ដែល​អ្នក​ខិតខំ​ធ្វើតាម​ទ្រង់ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​សរសេរ​បញ្ហា​ប្រឈម​ជាក់លាក់​មួយ​ដែល​អ្នក​កំពុង​ជួបប្រទះ—ឬ​ការ​ផ្លាស់ប្ដូរ​ដែល​អ្នក​កំពុង​ព្យាយាម​ធ្វើ—កាល​អ្នក​ព្យាយាម​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូម​កត់ត្រា​ពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក អាច​ជួយ​អ្នក​ឲ្យ​ស្មោះត្រង់​ក្នុង​ភាព​ជា​សិស្ស​របស់អ្នក ។