ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់


« មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១១ ឯកសាររៀបចំ​សម្រាប់​ថ្នាក់ » ​ឯកសារ​គ្រូបង្រៀន​អំពី​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
យុវមជ្ឈិមវ័យ​ញញឹម​នៅក្នុង​ព្រះវិហារ

មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់

នៅពេល​ដែល​ការចូលរួម​ព្រះវិហារ​ក្នុង​ចំណោម​និកាយ​ផ្សេងៗ​កំពុងតែ​ធ្លាក់ចុះ​នៅ​កន្លែង​ជាច្រើន​ជុំវិញ​ពិភពលោក នោះ​វា​អាច​ជា​ការសំខាន់​ជាពិសេស​ក្នុង​ការស្វែងរក​ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​អំពី មូលហេតុ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​ព្រះវិហារ​ឡើង​នៅអំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់ទ្រង់ ហើយ​បន្ទាប់មក​បានស្តារ​ព្រះវិហារ​ឡើងវិញ​នៅ​សម័យ​ចុងក្រោយ​នេះ ។ កាល​ដែល​អ្នក​សិក្សា សូម​គិត​អំពី​របៀប​ដែល​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះអម្ចាស់​បាននាំមក ឬ​អាច​នាំមក​ជីវិត​របស់​អ្នក​នូវ​គោលបំណង​បន្ថែម​កម្លាំង និង​អំណរ ។

ផ្នែក​ទី ១

តើ​ពរជ័យ​ពិសេស​អ្វី​ខ្លះ​ដែល​អាច​ទទួលបាន​តែ​តាមរយៈ​សមាជិកភាព​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ ?

សាវក​ប៉ុល​បាន​បង្រៀន​ថា សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺ « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ( អេភេសូរ ២:២០ ) ។ នៅអំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះ​យេស៊ូវគ្រីស្ទ​បាន​ជ្រើសរើស​បុរស​ដប់ពីរនាក់ ហើយ​បាន​តែងតាំង​ពួកលោក​ឲ្យ​ធ្វើជាសាវក​របស់ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ដល់​ពួកលោក​នូវ​សិទ្ធិ​អំណាច និង​កូនសោរ​បព្វជិតភាព ដើម្បី​ពួកលោក​អាច​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ បង្រៀន​ដំណឹងល្អ​របស់ទ្រង់ ថ្លែងទីបន្ទាល់អំពី​សេចក្តីពិត​របស់​ទ្រង់ ហើយ​ធ្វើការ​ក្នុង​ព្រះនាម​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១០:១, ៧–៨; ១៦:១៩; កិច្ចការ ១:២១–២២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៣ ) ។ អ្នក​អាច​មើល « Jesus Calls Twelve Apostles to Preach and Bless Others » ( ១:៣០ ) ដើម្បី​រៀន​បន្ថែម​ទៀត ។

បន្ទាប់ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ទ្រង់​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ពួកសាវក​របស់​ទ្រង់ ដែល​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សមាជិក​សាសនាចក្រ​ចាប់​ផ្ដើម​ធ្វើ​ខុស ។ បន្ទាប់ពី​ការស្លាប់​របស់​ពួកសាវក « មនុស្ស​បាន​បង្ខូច​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​បានធ្វើ​ការផ្លាស់ប្តូរ​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​អង្គការ​សាសនាចក្រ និង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ ។ ដោយសារ​ការក្បត់សាសនា​ដ៏​ធំ​នេះ ព្រះអម្ចាស់​បាន​ដក​សិទ្ធិ​អំណាច​បព្វជិតភាព​ចេញពី​ផែនដី » ( Gospel Topics « Apostasy » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ ការណ៍​នេះ​ត្រូវបាន​ហៅថា ការក្បត់​សាសនា​ដ៏​ធំ ។

ស្ថានភាព​នៃ​ការក្បត់សាសនា​នេះ​បានបន្ត រហូតដល់​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ចំពោះ​យ៉ូសែប ស្ម៊ីធ ក្នុងឆ្នាំ ១៨២០ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–២០ ) ។ ពីរបី​ឆ្នាំ​បន្ទាប់ពី​ការបង្ហាញ​ព្រះកាយ​នេះ ព្រះ​យេស៊ូវគ្រីស្ទ​បាន​បញ្ជូន​សារទូត​ជាច្រើន​មកកាន់​យ៉ូសែប ស្ម៊ីធ ដែល​សារទូត​ទាំងនោះ​បាន​ប្រគល់​ដល់​លោក​នូវ​សិទ្ធិ​អំណាច និង​កូនសោ​បព្វជិភាព ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១–១៦; ១២៨:១៩–២១ ) ។ តាមរយៈ​សិទ្ធិអំណាច​ដ៏​ទេវភាព​ទាំងនេះ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ហៅ​ពួកសាវក​ថ្មី ហើយ​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​នៅលើ​ផែនដី​នេះម្ដងទៀត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០ ) ។

រូបភាព
ការស្តារឡើង​វិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ដោយ វលធើរ រេន

សព្វថ្ងៃនេះ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​កាន់​សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​ទាំងអស់ ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ការណ៍​នេះ​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​យើង​ម្នាក់ៗ ដែល​ចង់ធ្វើឲ្យ​បាន​ល្អជាងមុន ហើយ​ចូលមក​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

កាល​និយាយ​ពី​សារៈសំខាន់​នៃ​ការចូលរួម​នៅក្នុង​ព្រះវិហារ​សម្រាប់ « មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​ខាងសាសនា​ដ៏​ល្អ » ប្រធាន ដាល្លិន អេក អូក​នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « ការ​ចូលរួម និង​សកម្មភាព​នៅ​ក្នុង​ព្រះវិហារ​មួយ ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ហើយ​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ជីវិត​របស់​មនុស្ស​ដទៃ​ផងដែរ » ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤ ) ។ បន្ទាប់មក​លោក​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ពិតណាស់ យើង​អះអាង​ថា បទគម្ពីរ​ទាំង​សម័យ​បុរាណ និង​សម័យ​ទំនើប បង្រៀន​យ៉ាង​ច្បាស់​ពី​ដើម​កំណើត និង​ការចាំបាច់​ដើម្បី​មាន​ព្រះវិហារ​មួយ ដែល​បាន​ដឹកនាំ​ដោយ និង​ជាមួយ​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​នៃ​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ក៏​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​នេះ ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​បង្រៀន​គោលលទ្ធិ​ដ៏​ពេញលេញ​របស់​ទ្រង់ និង​ដើម្បី​គ្រប់គ្រង​ជា​ផ្លូវការ​ដោយមាន​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់ សម្រាប់​ធ្វើ​ពិធីបរិសុទ្ធ​ដែល​ចាំបាច់ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ [ សូមមើល យ៉ូហាន ៣:៥ ] ។ សមាជិក​ដែល​បោះបង់​ការ​ចូលរួម​ក្នុង​សាសនាចក្រ និង​ពឹងផ្អែក​តែលើ​ជីវភាព​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ដោយ​ញែក​ខ្លួន​ពួកគាត់​ចេញ​ពី​កត្តា​ចាំបាច់​ក្នុង​ដំណឹងល្អ​ទាំងនេះ ៖ អំណាច និង​ពរជ័យ​នៃ​បព្វជិតភាព ភាព​ពេញលេញ​នៃ​គោលលទ្ធិ​ដែល​បាន​ស្ដារ​ឡើង​វិញ និង​ការ​លើក​ទឹកចិត្ត និង​ឱកាស​ដើម្បី​អនុវត្ត​គោលលទ្ធិ​នោះ ។ ពួកគាត់​បាត់បង់​ឱកាស​របស់​ពួកគាត់ ដើម្បី​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បីទទួល​បាន​ភាពដ៏​នៅអស់កល្ប​ជានិច្ច ។ ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៥ )

រូបភាព
ការតែងតាំង បព្វជិតភាព

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​ផងដែរ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ប្រសិន​បើ​គ្មាន​អំណាច​បព្វជិតភាព​នៅ​លើ​ផែនដីនេះទេ នោះ​មារសត្រូវ​នឹង​មាន​សេរីភាព​ដើម្បី​រាត​ត្បាត ហើយ​គ្រងរាជ្យ​ដោយ​គ្មាន​ការ​រឹត​បណ្ដឹង ។ វា​នឹង​គ្មាន​អំណោយ​ទាននៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹក​នាំ ហើយ​បំភ្លឺ​យើង គ្មាន​ពួក​ព្យាការី​ដើម្បី​ថ្លែង​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ គ្មាន​ព្រះ​វិហារ​បរិសុទ្ធ​ដែល​យើង​អាច​ធ្វើ​សេចក្ដី​សញ្ញា​អស់​កល្ប​ជានិច្ច​ដ៏​ពិសិដ្ឋ គ្មាន​សិទ្ធិ​អំណាច​ដើម្បី​ប្រសិទ្ធពរ ឬ​ជ្រមុជ​ទឹក ព្យាបាល ឬ លួងលោម​ឡើយ ។ ( « Blessings of the Priesthood » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៣២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​ពន្យល់​ទៅនរណា​ម្នាក់​ដែល​មិនមែន​ជាសមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សាសនាចក្រ​ផ្តល់​ពរ​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ដោយ​របៀប​ណា ?

អែលឌើ ឌី.ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ពរជ័យ​ទាំងឡាយ​នៃ​ការចូលរួម​នៅក្នុង​សាសនាចក្រ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

វា​ពិតជា​សំខាន់​ដើម្បី​ដឹង​ថា ព្រះរាជបំណង​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​គឺ​ការរីក​ចម្រើន​របស់យើង ។ … ការណ៍​នោះ​តម្រូវ​ឲ្យមាន​លើសពី​ការគ្រាន់តែ​មាន​ចិត្តល្អ ឬ​អារម្មណ៍​ស្លូតបូត​ទៅទៀត ។ វា​តម្រូវឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជ​ទឹក​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​ដោយ​សេចក្ដីជំនឿ ។ មនុស្ស​ម្នាក់​មិន​អាច​សម្រេច​រឿង​នេះ​បាន​ពេញលេញ​តែម្នាក់ឯង​បាន​ឡើយ ដូច្នេះ​ហេតុផល​ដ៏ចម្បង​មួយ ដែល​ព្រះអម្ចាស់​មាន​ព្រះវិហារ​គឺ​ដើម្បី​បង្កើត​សហគមន៍​នៃ​ពួកបរិសុទ្ធ​មួយ​ឡើង ដែល​នឹង​ជួយគ្នា​ទៅវិញ​ទៅមក​នៅក្នុង « ផ្លូវតូច ហើយ​ចង្អៀត​នោះ​ដែល​នាំទៅឯ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » [ នីហ្វៃ​ទី​២ ៣១:១៨ ] ។ ( « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

សាវក​ប៉ុល​បាន​បង្រៀន​ពី​របៀប​ដែល​ការក្លាយ​ជា​ផ្នែក​នៃ​សហគមន៍​នៃ​ពួកបរិសុទ្ធ​ពង្រឹង​យើង ហើយ​អាច​ទាញ​យើង​ឲ្យ​ខិតកាន់​តែជិត​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន អេភេសូរ ៤:១១–១៤ ហើយ​សូម​ពិចារណា​គូសចំណាំ​របៀប​ផ្សេងៗ​នៃ​ការចូលរួម​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ អាច​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។

អែលឌើរ គ្រីស្តូហ្វឺសិន ក៏​បា​ន​ពន្យល់​ដែរ​ថា បទពិសោធន៍​នានា​ជាមួយ​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ចាំបាច់​ដើម្បី​អនុវត្ត​ដំណឹងល្អ​របស់​ព្រះអម្ចាស់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ក្នុង​នាម​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ សមាជិក​សាសនាចក្រ​បម្រើ​គ្នា​ទៅវិញ​ទៅមក នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ។ យើង​ទាំងអស់​គ្នា​គឺ​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ យើង​អាច​អាក់អន់ចិត្ត ឬ​ក៏​ធ្វើ​ឲ្យគេអាក់អន់ចិត្ត ។ ជាញឹកញាប់​យើង​សាកល្បង​គ្នា​ទៅវិញ​ទៅមក​ជាមួយនឹង​លក្ខណៈពិសេស​ផ្ទាល់ខ្លួន​របស់យើង ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ យើងត្រូវធ្វើច្រើនឲ្យហួសពីការគិត និងពាក្យលើក​តម្កើង ហើយឲ្យមានបទពិសោធន៍ « ផ្ទាល់ខ្លួន » ដ៏ពិតមួយ ពេលយើងរៀន « រស់នៅ​ជាមួយគ្នា​ដោយនូវ​សេចក្ដី​ស្រឡាញ់ » [ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:៤៥ ] ។ ( « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

យើង​អាច​ទទួល​បាន​បទ​ពិសោធ « ជាក់ស្តែង » ក្នុងការ​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់​តាមរយៈ​ការហៅ​នៅក្នុង​សាសនាចក្រ ការចាត់តាំង​ការងារ​បម្រើ ការបម្រើ​អ្នក​ដទៃ ឬ​ការរៀន​ចុះសម្រុង​ជាមួយ​អ្នក​ដែល​មាន​លក្ខណៈខុស​ពី​យើង ។ សូម​គិត​អំពី​បទពិសោធន៍ « ជាក់់ស្តែង » ដែល​អ្នក​មាន ឬ​កំពុង​ជួបប្រទះ​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ សូម​ជ្រើសរើស​បទពិសោធន៍​មួយ ហើយ​សរសេរ​ពី​របៀប​ដែល​វា​បាន​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​ការបង្រៀន​ដំណឹងល្អ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​អ្នក​មិន​ទៅ​ព្រះវិហារ​ទេ សូម​ពិចារណា​កត់ត្រា​ពី​របៀប​ដែល​អ្នក និង​អ្នក​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​អាច​ទទួល​បាន​ពរជ័យ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ទៅ​ព្រះវិហារ​វិញ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​វួដ ឬ​សាខា​របស់​ខ្ញុំ​ក្លាយជា​កន្លែង​ដែល​កាន់តែ​មាន​ការស្វាគមន៍​ចំពោះ​មនុស្ស​ទាំងអស់ ?

សូម​គិត​ថាតើ​វា​មាន​អារម្មណ៍​បែបណា​ដែល​ទទួល​បាន​ការស្វាគមន៍​យ៉ាងកក់ក្តៅ និង​ស្មោះត្រង់​នៅពេល​ចូលរួម​នៅ​ព្រះវិហារ ។ តើ​នៅពេល​ណា​ដែល​អ្នក​បាន​ជួយ​នរណា​ម្នាក់​ក្នុង​វួដ ឬ​សាខា​របស់​អ្នក​ឲ្យ​ទទួល​អារម្មណ៍​បែប​នោះ ?

រូបភាព
មនុស្ស​ពីរនាក់​ជជែក​គ្នា​នៅ​ឯ​ព្រះវិហារ
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

មរ៉ូណៃ​បង្រៀន​ពី​សារៈសំខាន់​នៃ​ការរាប់អាន​នៅក្នុង​សាសនាចក្រ ។ សូម​អាន មរ៉ូណៃ ៦:៤–៥ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​បង្កើត​អារម្មណ៍​នៃ​ការមានចំណែក​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។

សូម​ពិចារណាពី​ការធ្វើតាម​គំរូ​នៃ​ការរាប់អាន​ដែល​បាន​ចែកចាយ​ដោយ​ស៊ីស្ទើរ ខារូល អិម ស្ទីហ្វិន អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ ។

រូបភាព
បងស្រី ខារូល អិម ស្ទីហ្វិន

[ ម៉ារៀ ] មាន​មិត្តភក្តិ​ជាច្រើន ដែល​មិន​សូវ​សកម្ម ឬ​មិនទាន់​បាន​ឮ​អំពី​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បានស្តារឡើងវិញ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅឡើយ ។ នាង​បាន​អនុវត្ត​សេចក្តីជំនឿ​របស់​នាង និង​ការអធិស្ឋាន​រាល់ថ្ងៃ ដើម្បី​ដឹង​ថា​តើ​នរណា​ត្រូវការ​ជំនួយ​របស់​នាង ហើយ​បន្ទាប់មក​នាង​ធ្វើតាម​ការបំផុសគំនិត​ដែល​នាង​ទទួលបាន ។ នាង​បាន​ហៅ​ទូរសព្ទ បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​នាង និង​ប្រាប់​មិត្តភក្តិ​របស់​នាង​ថា « ពួកយើង​ត្រូវការ​បងប្អូន » ។ គាត់​មាន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នៅ​អាផាតមិនរបស់​នាង​រាល់​សប្តាហ៍ ហើយ​អញ្ជើញ​អ្នក​ជិតខាង សមាជិក និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មក—ហើយ​នាង​ធ្វើ​ម្ហូបអាហារ​ឲ្យ​ពួកគេ​ហូប ។ នាង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មក​ព្រះវិហារ រង់ចាំ​ពួកគេ ហើយ​អង្គុយ​នៅជិត​ពួកគេ​នៅពេល​ពួកគេ​មក​ដល់ ។ ( « We Have Great Reason to Rejoice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៦ )

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​នរណា​នៅក្នុង​វួដ ឬ​សាខា​របស់អ្នក​ដែល​អ្នក​អាច​ផ្តល់​ពរជ័យ​ដោយការ​ឈោង​ទៅ​ជួយ​នោះ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​នៃ​ព្រះអង្គសង្រ្គោះ​នៅពេល​ពួកគេ​មក​ព្រះវិហារ ? សូម​ពិចារណា​មើល « Inviting Others to ‘Come and Stay’ » ( ១:៣៩ ) សម្រាប់​ជា​ឧទាហរណ៍​នៃ​របៀប​នៃ​រាប់អាន ។