ឆ្នាំ ២០១០-២០១៩
ហេតុអ្វី​ជា​សាសនាចក្រ​នេះ
តុលា 2015


ហេតុអ្វី​ជា​សាសនាចក្រ​នេះ

វា​មាន​តម្លៃ​ដើម្បី​ឈប់​មួយ​ភ្លែត​ពិចារណា​ពី​ហេតុផល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ជ្រើសរើស​ប្រើ​ព្រះវិហារ​មួយ ជា​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​អនុវត្ត​កិច្ចការ​របស់​ទ្រង់ និង​ព្រះវរបិតា​ទ្រង់ ។

នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏​រីករាយ ហើយ​សាសនាចក្រ​ផ្ទាល់​បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ដឹង​ថា មាន​ជន​ដែល​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ជឿ​សាសនា ក៏​ប៉ុន្តែ​បាន​បដិសេធ​មិន​ចូល​រួម​ក្នុង​ព្រះវិហារ ឬមិន​ត្រូវការ​ស្ថាប័ន​មួយ​បែប​នេះ​ទេ ។ ចំពោះ​ពួកគេ ការ​អនុវត្តខាង​សាសនា​គឺជា​រឿង​ផ្ទាល់ខ្លួន​សុទ្ធ​សាធ ។ ប៉ុន្តែ​សាសនាចក្រ​គឺ​ជា​ការ​បង្កបង្កើត​របស់​ទ្រង់​ដែល​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង​ផ្ដោតទៅ​លើ—ព្រះយេស៊ូវ​គ្រីស្ទ ។ វា​មាន​តម្លៃ​ដើម្បី​ឈប់​មួយ​ភ្លែត​ពិចារណា​ពី​ហេតុផល​ដែល​ទ្រង់​ជ្រើស​ប្រើ​ព្រះវិហារ​មួយ ជា​សាសនាចក្រ​របស់​ទ្រង់​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​អនុវត្ត​កិច្ចការ​របស់​ទ្រង់ និង​ព្រះវរបិតា​ទ្រង់ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។​

ដោយ​ផ្ដើម​ជាមួយ​អ័ដាម ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស ហើយ​ពិធី​បរិសុទ្ធ​ដ៏​សំខាន់​នៃ​សេចក្ដី​សង្គ្រោះ ដូចជា​បុណ្យ​ជ្រមុជទឹក ត្រូវ​បាន​ធ្វើ​ឡើង​តាម​លំដាប់​បព្វជិតភាព​ក្នុង​គ្រួសារ​ ។ កាល​ដែល​សង្គម​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​លើស​ពី​ការ​គ្រាន់​តែ​ជា​ក្រុម​គ្រួសារ ព្រះ​ក៏​បាន​ហៅ​ព្យាការី អ្នក​នាំ​សារ និង​គ្រូបង្រៀន​ផ្សេង​ទៀត ។ នា​ជំនាន់​ម៉ូសេ យើង​បាន​អាន​រចនា​សម្ព័ន្ធ​ជា​ផ្លូវ​ការ​មួយ​ដោយ​មាន​ពួក​អែលឌើរ ពួក​សង្ឃ និង​ពួក​ចៅក្រម ។ ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះគម្ពីរ​មរមន អាលម៉ា​បាន​ស្ថាបនា​ព្រះវិហារ​មួយ​ដោយ​មាន​ពួក​សង្ឃ និង ពួក​គ្រូ ។

បន្ទាប់​មក​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ ព្រះយេស៊ូវ​បាន​រៀបចំ​កិច្ចការ​របស់​ទ្រង់​តាម​របៀប​មួយ ដែល​ដំណឹងល្អ​អាច​បាន​ស្ថាបនា​ដំណាល​គ្នា​ក្នុង​ប្រជាជាតិ​ជាច្រើន និង​ប្រជាជន​ផ្សេងៗ​គ្នា ។ អង្គការ​នោះ​គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នេះ​ដែល​បាន​បង្កើត​ឡើង​ដោយ​មាន « ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។​ វា​បាន​រួម​បញ្ចូល​នូវ​អ្នក​ដឹកនាំ​បន្ថែម​ទៀត​ដូចជា ពួក​ចិតសិប​នាក់ ពួក​អែលឌើរ ពួក​ប៊ីស្សព ពួក​សង្ឃ ពួក​គ្រូ និង​ពួក​ឌីកុន ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះយេស៊ូវ​បាន​ស្ថាបនា​សសនាចក្រ​នៅ​អឌ្ឈគោល​ខាង​លិច​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​ឡើង​វិញ ។

ក្រោយ​ពីការ​ក្បត់​សាសនា និង​ការ​បែក​បាក់​នៃ​សាសនាចក្រ​ដែល​ទ្រង់​បាន​រៀបចំ​ឡើង​កាល​ទ្រង់​គង់​នៅ​លើ​ផែនដី នោះ​ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ​ម្ដងទៀត​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ គោលបំណង​ពី​បុរាណ​នៅតែ​បន្ត ៖ គឺ​ការប្រកាស​ដំណឹងល្អ​នៃ​ព្រះសិក្ខាបទ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ចាត់ចែង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ—គឺ​មាន​ន័យ​ថា ដើម្បី​នាំ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ។ ហើយ​ឥឡូវ​នេះ តាមរយៈ​ការ​ប្រើ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ​ជា​ឧបករណ៍ នោះការ​សន្យា​នៃ​សេចក្ដី​ប្រោស​លោះ​អាច​ទទួល​យក​បាន សូម្បី​តែ​វិញ្ញាណ​នៃ​មរណជន​ដែល​មិន​បាន​ស្គាល់​ពីព្រះ​គុណ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ផង​ដែរ ។

តើ​សាសនាចក្រ​របស់​ទ្រង់​សម្រេច​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? វា​ពិត​ជា​សំខាន់​ណាស់​ដើម្បី​ទទួល​ស្គាល់​ថា ព្រះរាជ​បំណង​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​គឺ​ការរីកច​ម្រើន​របស់​យើង ។ ព្រះបំណង​ទ្រង់​គឺ​ឲ្យ​យើង​បន្ត « បាន​ព្រះគុណ​ថែម​លើ​ព្រះគុណ​ជា​បន្ត​បន្ទាប់​មក​រហូត​ដល់ [ យើង​ទទួល​បាន ] នូវ​ភាព​ពោរពេញ » នៃ​រាល់​អ្វីៗ​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ ។ ការណ៍​នោះ​តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​គ្រាន់តែ​មាន​ចិត្ត​ល្អ ឬ​អារម្មណ៍​ស្លូត​បូត​ទៅ​ទៀត ។ វា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការ​ប្រែ​ចិត្ត បុណ្យ​ជ្រមុជទឹក​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ និង​ការ​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដោយ​សេចក្ដី​ជំនឿ ។ មនុស្ស​ម្នាក់​មិន​អាច​សម្រេច​រឿង​នេះ​បាន​ពេញ​លេញ​តែ​ម្នាក់​ឯង​បាន​ឡើយ ដូច្នេះ​ហេតុផល​ដ៏​ចម្បង​មួយ​ដែល​ព្រះអម្ចាស់​មាន​ព្រះវិហារ​គឺ​ដើម្បី​បង្កើត​សហគមន៍​នៃ​ពួក​បរិសុទ្ធ​មួយ​ឡើង ដែល​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង « ផ្លូវតូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

« ហើយ [ ព្រះគ្រីស្ទ ]​ បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន

« … សម្រាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង

« ទាល់តែ​យើង​រាល់​គ្នា​បាន​រួបរួម​ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដូច​គ្នា​ទាំង​អស់ គឺ​បាន​ដល់​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដី​ពោរពេញ​ផង​ព្រះគ្រីស្ទ »

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « មេ​ផ្ដើម ហើយ​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ [ របស់​យើង » ។ ការ​រួបរួម​ខ្លួន​យើង​ទៅ​នឹង​រូបកាយ​នៃ​ព្រះគ្រីស្ទ—ដែល​ជា​សាសនាចក្រ—វា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​លើក​ដាក់​ព្រះនាម​របស់​ទ្រង់​លើ​ខ្លួន​យើង ។១០ យើង​ត្រូវ​បាន​ប្រាប់​ថា សាសនាចក្រ​កាល​ពី​បុរាណ « បាន​ជួប​ជុំ​គ្នា​ជា​ញឹក​ញាប់ ដើម្បី​តមអាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​ទៅវិញ​ទៅ​មក​អំពី​សុខុមាលភាព ដល់​ព្រលឹង​ពួកគេ »១១ « ហើយ​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ។១២ ដូច្នេះ​វា​មាន​នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ។ ដោយ​ចូលរួម​ដោយ​សេចក្ដី​ជំនឿ យើង​បង្រៀន ហើយ​ស្អាង​គ្នា​ហើយ​ខិតខំ​ឲ្យ​បាន​ដល់​រង្វាស់​ពេញ​លេញ​នៃ​ភាព​ជា​សិស្ស ជា « ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។ យើង​ព្យាយាម​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី « បាន​ស្គាល់​ព្រះរាជបុត្រ​នៃ​ព្រះ »១៣ រហូត​ដល់​ថ្ងៃ​នោះ ពេល « គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង … ថា ចូរ​ឲ្យ​ស្គាល់​ព្រះយេហូវ៉ា​ចុះ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ » ។១៤

នៅ​ក្នុង​សាសនាចក្រ​យើង​មិន​គ្រាន់​តែ​រៀន​ពី​គោលលទ្ធិ​មក​ពី​ព្រះ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​ក៏​ដក​ពិសោធន៍​ការ​អនុវត្ត​វា​ផង​ដែរ ។ ក្នុង​នាម​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ សមាជិក​សាសនាចក្រ​បម្រើ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ យើង​ទាំងអស់​គ្នា​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ យើង​អាច​ធ្វើ​ឲ្យ​គេ​អាក់អន់​ចិត្ត ហើយ​ក៏​មាន​ការអាក់អន់​ចិត្ត​ដែរ ។ ជារឿយៗ យើង​សាកល្បង​គ្នា​ដោយ​ទម្លាប់​ប្លែកៗ​របស់​យើង ។ ក្នុង​រូបកាយ​នៃ​ព្រះគ្រីស្ទ យើង​ត្រូវ​ធ្វើ​ច្រើន​ឲ្យ​ហួស​ពី​ការ​គិត និង ពាក្យ​លើក​តម្កើង ហើយឲ្យ​មាន​បទពិសោធន៍ « ផ្ទាល់ខ្លួន »​ដ៏​ពិត​មួយ ពេល​យើង​រៀន « រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ » ។១៥

សាសនា​នេះ​ពុំ​មែន​ខ្វល់ខ្វាយ​តែ​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ យើង​គឺ​ជា​ភ្នែក ដៃ ក្បាល ជើង និង​អវៈយវៈ​ផ្សេង​ទៀត​នៃ​រូបកាយ​របស់​គ្រីស្ទ ហើយ​សូម្បី​តែ « អវយវៈ … ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ » ។១៦ យើង​ត្រូវការ​ការហៅ​ទាំងនេះ ហើយ​យើង​ត្រូវការ​បម្រើ ។

មាន​បុរស​ម្នាក់​នៅ​ក្នុង​វួដ​របស់​ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​ដោយ​គ្មាន​ការ​គាំទ្រ​ពី​ឪពុក​ម្ដាយ ហើយ​រារាំង​មិន​ឲ្យ​ទៅ​សកម្មភាព​​ក្នុង​សាសនាចក្រ​របស់​គាត់ ។ គាត់​បាន​ប្រាប់​រឿង​នេះ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​មួយ ៖ « ឪពុក​ខ្ញុំ​មិន​យល់​ថា​ហេតុអ្វីក៏​មនុស្ស​គ្រប់​គ្នា​ចង់​ទៅ​ព្រះវិហារ​កាល​ដែល​ពួកគេ​អាច​ទៅ​លេង​ជិះ​ស្គីបាន​នោះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ទៅ​ព្រះវិហារ​ខ្លាំង​ណាស់ ។ ក្នុង​សាសនាចក្រ​នេះ យើង​ទាំងអស់​គ្នា​មាន​ដំណើរ​ដូចគ្នា ហើយ​ខ្ញុំ​ត្រូវ​បាន​បំផុស​គំនិត​នៅ​ក្នុង​ដំណើរ​នោះ​ដោយ​យុវវ័យ​រឹង​មាំ កុមារ​បរិសុទ្ធ និង​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​រៀន​ពី​ពួក​មជ្ឈិមវ័យ​ផ្សេង​ទៀត ។ ខ្ញុំ​ត្រូវ​បាន​ពង្រឹង​ដោយ​ទំនាក់ទំនង​នោះ ហើយ​មាន​ចិត្ត​រីករាយ​អំណរ​ចំពោះ​ការរស់​នៅ​តាម​ដំណឹងល្អ » ។

វួដ និង​សាខា​នៃ​សាសនាចក្រ​មាន​ការ​ជួបជុំ​នៃ​ការ​សម្រាក និង​ការ​រំឭក​ចាំ​រាល់​សប្ដាហ៍ ជា​ពេលវេលា និង​ទីកន្លែង​មួយ​ដើម្បី​ទុក​ពិភពលោក​មួយ​អន្លើរ—គឺ​ជា​ថ្ងៃ​ឈប់​សម្រាក ។ វា​គឺ​ជា​ថ្ងៃ​ដើម្បី មាន​ « ចិត្ត​រីករាយ​ក្នុង​ព្រះយេហូវ៉ា »១៧​ ដើម្បី​ដក​ពិសោធន៍​ការ​ព្យាបាលខាង​វិញ្ញាណ ដែល​កើត​មាន​ជាមួយ​នឹង​ពិធី​សាក្រាម៉ង់ ហើយ​ទទួល​ការ​សន្យា​ជាថ្មី​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​បាន​គង់​នៅ​នឹង​យើង ។១៨

ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៃ​ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​រូបកាយ​ព្រះគ្រីស្ទ គឺជា​ការ​ស្ដី​បន្ទោស​ចំពោះ​អំពើបាប និង​កំហុស ទោះ​បី​វា​ហាក់​ដូចជា​ពុំ​មែន​ជា​ពរជ័យ​នៅ​គ្រាមួយ​ក្ដី ។ យើង​ពូកែ​ដោះសា ហើយ​ធ្វើ​ឲ្យ​ឃើញ​ថា​កំហុស​របស់​យើង​ត្រូវ ហើយ​ពេល​ខ្លះ​យើង​គ្រាន់​តែ​មិន​បាន​ដឹង​ពី​កន្លែង​ដែល​យើង​គួរ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ឬ​ក៏​របៀប​ដែល​ធ្វើ​វា​ប៉ុណ្ណោះ ។ ប្រសិន​បើ​គ្មាន​ជន​ដែល​អាច​ស្ដីបន្ទោស​យើង « ដោយ​ការ​តឹង​រឹង កាល​ណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ទេ​១៩ យើង​អាច​ខ្វះ​ភាព​ក្លាហាន​ដើម្បី​ផ្លាស់ប្ដូរ ហើយ​ដើរ​តាម​លោក​ចៅហ្វាយ​កាន់​តែ​ល្អ​ឥត​ខ្ចោះ ។ ការ​ប្រែចិត្ត​គឺជា​រឿង​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ការ​រាប់​អាន​ចំពោះ​រឿង​នេះ​ពេល​ខ្លះ ជា​ផ្លូវ​ដ៏​ឈឺចាប់ គឺ​មាននៅ​ក្នុង​សាសនាចក្រ ។២០

នៅ​ក្នុង​ការ​ពិភាក្សា​ពី​សាសនាចក្រ​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ យើង​ត្រូវ​គិត​ពី​រឿង​ពីរ​យ៉ាង​ជានិច្ច ។ ទីមួយ យើង​មិន​បាន​ព្យាយាម​រក​ការ​ប្រែចិត្ត​ជឿ​ទៅ​លើ​សាសនាចក្រ​ទេ ប៉ុន្តែ​ទៅ​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ជា​ការ​ប្រែចិត្តជឿ​មួយ​ដែល​សាសនាចក្រ​បាន​ជួយ​សម្រប​សម្រួល ។២១ ព្រះគម្ពីរមរមន​បាន​បង្ហាញ​ពី​បញ្ហា​នេះ​យ៉ាង​ច្បាស់ ពេល​ចែង​ថា មនុស្ស​ទាំងអស់ « បាន ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ហើយ ចូលរួម​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ  » ។២២ ទីពីរ យើង​ត្រូវ​ចងចាំ​ថា ដើម​ឡើយ សាសនាចក្រ​គឺជា​គ្រួសារ ហើយ​សូម្បីតែ​នៅ​សព្វ​ថ្ងៃ​នេះ​ជា​ស្ថាប័ន​ផ្សេង​គ្នា​ក្ដី គ្រួសារ និង សាសនាចក្រ​បម្រើ ហើយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ស្ថាប័ន​ទាំង​ពីរ​មិន​អាច​ជំនួស​គ្នា​បានទេ ហើយ​ប្រាកដ​ណាស់​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ល្អ​បំផុត​ខ្លួន​ក្ដី ក៏​សាសនាចក្រ​មិន​អាច​ជំនួស​ឲ្យ​ឪពុកម្ដាយ​បាន​ឡើយ ។ គោលបំណង​នៃ​ការ​បង្រៀន​ដំណឹងល្អ និង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​សាសនាចក្រ​មាន​គឺ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជីវិត​អស់​កល្ប ។

មាន​នូវ​ហេតុផល​ចម្បង​ទីពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ការ​តាមរយៈ​ព្រះវិហារ ជា​សាសនាចក្រ​របស់​ទ្រង់ គឺ​ដើម្បី​សម្រេច​រឿង​ដ៏​ចាំបាច់​ដែល​មិន​អាច​សម្រេច​បាន​ដោយ​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​តូចៗ ។ ឧទាហរណ៍​ដ៏​ច្បាស់​មួយ​គឺ​ទាក់ទង​នឹង​​ភាព​ក្រីក្រ ។ វា​ពិត​ណាស់​ថា ក្នុង​នាម​ជាបុគ្គល និង​ជា​ក្រុម​គ្រួសារ យើង​មើល​ថែ​តម្រូវ​ការ​របស់​អ្នក​ដទៃ ដោយ « ចែក​រំលែក​គ្នា​ទៅវិញ​ទៅ​មក​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ស្រប​តាម​សេចក្ដី​ខ្វះខាត និង​សេចក្ដី​ត្រូវការ​របស់​គេ » ។២៣ ប៉ុន្តែ​ដោយ​រួប​រួម​គ្នា​ក្នុង​សាសនាចក្រ សមត្ថភាព​ដើម្បី​មើល​ថែ​ជន​ក្រីក្រ ហើយ​អ្នក​​ខ្វះខាត ត្រូវ​បាន​បែងចែក ដើម្បី​បំពេញ​តាម​ការ​ត្រូវ​ការ​ដ៏​ធំ ហើយ​ភាព​ខ្លួនទីពឹង​ខ្លួនដែល​សង្ឃឹម​ចង់បាន​ត្រូវ​បាន​កើត​ឡើង​ពិត​ចំពោះ​មនុស្ស ។២៤ ជាង​នេះ​ទៀត សាសនាចក្រ សមាគម​សង្គម​សង្គ្រោះ និង​កូរ៉ុម​បព្វជិតភាព​របស់​ខ្លួន មាន​សមត្ថភាព​ផ្ដល់​ជំនួយ​ដល់​មនុស្ស​យ៉ាង​ច្រើន​នៅ​ទីកន្លែង​ជាច្រើន​ដែល​រង​ទុក្ខ​ដោយ​គ្រោះ​ធម្មជាតិ សង្គ្រាម និង​ការ​បៀតបៀន ។

ប្រសិន​បើ​គ្មាន​សមត្ថភាព​នៃ​សាសនាចក្រ​របស់​ទ្រង់​ទេ បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​នាំ​យក​ដំណឹងល្អ​ទៅ​ជុំវិញ​ពិភពលោក​មិន​អាច​សម្រេច​បាន​ឡើយ ។២៥ វា​នឹង​គ្មាន​កូនសោ​ជា​សាវក រចនាសម្ព័ន្ធ មធ្យោបាយ​ហិរញ្ញវត្ថុ​ និង​ពលិកម្ម ព្រមទាំង​ការ​លះបង់​ពី​សំណាក់​អ្នក​ផ្សាយ​សាសនា​រាប់រយ​ពាន់​នាក់​ដែល​ចាំបាច់​ត្រូវ​អនុវត្ត​កិច្ចការ​នេះ​ឡើយ ។ សូម​ចាំ​ថា « ដំណឹងល្អ​នៃ​នគរ​នេះ [ ត្រូវ ] ប្រកាស​ដល់​ពិភពលោក​ទាំងមូល ដើម្បី​ជា​សាក្សី​ដល់​គ្រប់​ជាតិសាសន៍ ហើយ​បន្ទាប់​មក​ចុង​បញ្ចប់​នឹង​មក​ដល់ » ។២៦

សាសនាចក្រ​អាច​សង់ ហើយ​ដំណើរការ​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ដំណាក់​របស់​ព្រះអម្ចាស់​ដែល​ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា​សំខាន់ៗ​ត្រូវ​បាន​ធ្វើ​ឡើង ។ យ៉ូសែប ស៊្មីធ​បាន​ថ្លែង​គោលបំណង​របស់​ព្រះ​នៅ​ក្នុង​ការប្រមូល​រាស្ត្រ​របស់​ទ្រង់​នៅ​គ្រប់​ជំនាន់​គឺ « ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះអម្ចាស់​ជា​ទី​ដែល​ទ្រង់ [ អាច ] បើក​សម្ដែង​ដល់​រាស្ត្រ​ទ្រង់​នូវ​ពិធី​បរិសុទ្ធ​នៃ​ដំណាក់​របស់​ទ្រង់ និង​សិរីល្អ​នៃ​នគរ​របស់​ទ្រង់ ហើយ​បង្រៀន​ពួកគេ​ពី​របៀប​នៃ​សេចក្ដី​សង្គ្រោះ ដ្បិត​មាន​ពិធី​បរិសុទ្ធ និង គោលការណ៍​ជាក់​លាក់​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​មួយ ឬ​ដំណាក់​ដែល​បាន​សង់​ឡើង​ក្នុង​គោលបំណង​នោះ ពេល​វា​ត្រូវ​បាន​បង្រៀន ហើយ​បាន​អនុវត្ត » ។២៧

ប្រសិន​បើ​មនុស្ស​ម្នាក់​ជឿ​ថា ផ្លូវ​ទាំងអស់​ដឹកនាំ​ទៅ​ស្ថានសួគ៌ ឬ​ថា​គ្មាន​តម្រូវការ​ជាក់លាក់​ចំពោះ​សេចក្ដី​សង្គ្រោះ នោះ​គាត់​នឹង​មិន​ឃើញ​ពី​សេចក្ដី​ត្រូវការ​សម្រាប់​ការ​ប្រកាស​ដំណឹងល្អ ឬ​សម្រាប់​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញាក្នុងការប្រោសលោះ​មនុស្ស​នៅ​រស់ ឬ​អ្នក​ស្លាប់​នោះ​ទេ ។ ប៉ុន្តែ​យើង​ពុំមែន​និយាយ​តែ​រឿង​នៃ​អមតៈភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​និយា​យ​ពី​ជីវិត​អស់​កល្ប​ផង​ដែរ ហើយ​ដោយសារ​រឿង​នោះ​ហើយ​ទើប​ផ្លូវ​នៃ​ដំណឹងល្អ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ចាំបាច់ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​ត្រូវការ​ព្រះវិហារ​មួយ ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​ទាំង​នោះ​កើត​មាន​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ—ទាំង​អ្នក​នៅ​រស់ និង​អ្នក​ស្លាប់ ។

ហេតុផល​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​លើក​ឡើង ទាក់ទិន​នឹង​ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​គឺ​ជា​រឿង​ដ៏​វិសេស​វិសាល—គឺ​សរុប​សេចក្ដីទៅ សាសនាចក្រ​គឺជា​នគរ​ព្រះ​នៅ​លើ​ផែនដី ។

កាល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ស្ថាបនា​ឡើង​នៅ​ទសវត្សរ៍ ១៨៣០ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា « ចូរ​លើក​ចិត្ត​ឡើង ហើយ​អរ​សប្បាយ​ចុះ ដ្បិត​ដល់​អ្នក​នោះ​នគរ ឬ​ម្យ៉ាង​ទៀត កូនសោ​ទាំងឡាយ​នៃ​សាសនាចក្រ​ត្រូវ​បាន​ប្រទាន​ឲ្យ​ហើយ » ។២៨ នៅក្នុង​សិទ្ធិ​អំណាច​នៃ​កូនសោ​ទាំងនេះ អ្នក​កាន់​តំណែង​បព្វជិតភាព​របស់​សាសនាចក្រ រក្សា​ភាព​បរិសុទ្ធ​នៃ​គោលលទ្ធិ​របស់​ព្រះ​​អង្គ​សង្គ្រោះ និង​សេចក្ដី​សុចរិត​នៃ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​របស់ទ្រង់​ ។២៩ ពួកគាត់​ជួយ​រៀបចំ​អ្នក​ទាំងឡាយ​ដែល​ចង់​ទទួល​ពិធី​ទាំងនោះ​វិនិច្ឆ័យ​ទៅលើ​គុណសម្បត្តិ និង​ភាព​សក្ដិសម​នៃ​អ្នក​ទាំង​ឡាយ​ដែល​ដាក់​ស្នើ រួច​ហើយ​ត្រូវ​ធ្វើ​ពិធី​ទាំងនោះ ។

ដោយ​មាន​កូនសោ​នៃ​នគរ ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អាច​ស្គាល់​ទាំង​សេចក្ដី​ពិត និង​ភាព​ក្លែងក្លាយ ហើយ​ថ្លែង​ដោយ​សិទ្ធិ​អំណាច​ជា​ថ្មី​ម្ដង​ទៀត​ថា « ព្រះ​អម្ចាស់​មាន​បន្ទូល​ដូច្នេះ » ។ គួរ​ឲ្យ​សោក​ស្ដាយ មាន​មនុស្ស​ខ្លះ​បាន​តូចចិត្ត​នឹង​សាសនាចក្រ​ដោយ​សារ​ពួកគេ​ចង់​កំណត់​សេចក្ដី​ពិត​ផ្ទាល់ខ្លួន ប៉ុន្តែ​ភាពពិត​ជាក់ស្តែង​នោះ គឺ​ជា​ពរជ័យ​មួយ​ដ៏​លើស​លប់​ដើម្បី​ទទួល​បាន​ « ការ​ចេះ​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល [មាន] នៅ​ពេល​នេះ និង​ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ »៣០ ដរាប​ណា​ព្រះអម្ចាស់​នឹង​បើក​សម្ដែង​វា ។ សាសនាចក្រ​ការពារ និង ផ្សព្វផ្សាយ​វិវរណៈ​របស់​ព្រះ—គឺ​កាណុង​នៃ​ព្រះគម្ពីរ ។

ពេល​ដានីយ៉ែល​បក​ស្រាយ​សុបិន​របស់​ស្ដេច​នេប៊ូក្នេសា ដោយ​បាន​ធ្វើ​ឲ្យ​ស្ដេច​អង្គ​នោះ​ជ្រាប​ « ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ »៣១​ គាត់​បាន​ប្រកាស​ថា « ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ [ ផ្សេង ] ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » ។៣២ សាសនាចក្រ​នេះ​ដែល​ជា​នគរ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ព្យាករ​ទុក​នោះ​ពុំ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ទេ ប៉ុន្តែ​បាន​តាំង​ឡើង​ដោយ​ព្រះ​នៃ​ស្ថានសួគ៌ ហើយ​នឹង​រមៀល​ចេញ​ទៅ​ដូចជា​ថ្ម​ « ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ » ដើម្បី​មាន​ពាសពេញ​ផែនដី ។៣៣

ជោគវាសនា​របស់​សាសនាចក្រ​នេះ​គឺ​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ការ​យាង​ត្រឡប់​មក​វិញ និង​ការគ្រង​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពីមុន​ថ្ងៃ​នោះ​មក​ដល់ វា​នឹង​គ្មាន​នគរ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទិដ្ឋភាព​ណា​មួយ​ខាង​នយោបាយ​ឡើយ—ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍ នេះ ទេ » ។៣៤​ ផ្ទុយ​ទៅ​វិញ វា​គឺជា​ឃ្លាំង​នៃ​សិទ្ធិ​អំណាច​របស់​ទ្រង់​នៅ​លើ​ផែនដី ជា​ទី​ចាត់ចែង​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ ជា​អ្នក​មើល​ថែ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ជា​អ្នក​ការពារ ហើយ​ប្រកាស​សេចក្ដី​ពិត​របស់​ទ្រង់ ជា​កន្លែង​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ហើយ « ជា​ទី​ការពារ និង​ជា​ទី​ជម្រក​ពី​ព្យុះ​សង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំងមូល » ។៣៥

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​ការ​អង្វរ និង​ការអធិស្ឋាន​របស់​ព្យាការី ៖

« ចូរ​ទូល​ដល់​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់​អាច​បាន​ចេញ​ទៅ​លើ​ផែនដី ប្រយោជន៍​ឲ្យ​បណ្ដា​ជន​នៅ​លើ​ទី​នោះ​អាច​បាន​ទទួល​នគរ​របស់​ទ្រង់​ផង ហើយ​ចូរ​ប្រុងប្រៀប​ជា​ស្រេច រង់​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ក្នុង​កាល​កូន​មនុស្ស​នឹង​ចុះ​មក​ពី​ស្ថានសួគ៌​បំពាក់​ដោយ​សិរី​ល្អ​របស់​ទ្រង់​ក្នុង​ភាព​ភ្លឺថ្លា​ដើម្បី​ទៅ​ជួប​នគរ​ព្រះ​ដែល​តាំង​នៅ​លើ​ផែនដី ។

« ហេតុដូច្នោះ​ហើយ សូម​ឲ្យ​នគរ​ព្រះ​បាន​ចេញ​ទៅ​ប្រយោជន៍​ឲ្យ​នគរ​ស្ថានសួគ៌​អាច​បាន​មក​ដល់ ប្រយោជន៍​ឲ្យ​ព្រះអង្គ ឱ​ព្រះអង្គ​អើយ អាច​បាន​សិរី​ល្អ​នៅ​លើ​ស្ថានសួគ៌ ព្រមទាំង​នៅ​លើ​ផែនដី​ផង ប្រយោជន៍​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​អាច​បាន​ចាញ់ ដ្បិត​កិត្តិយស ព្រះចេស្ដា និង​សិរីល្អ​ជា​របស់​ផង​ទ្រង់​ដ៏​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​តទៅ » ។៣៦

នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។