ឆ្នាំ ២០១០-២០១៩
ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ

ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ

យើង​ត្រូវការ​កម្លាំង​ ជំនឿស៊ប់ ការ​ផ្លាស់ប្រែចិត្តជឿ​ លទ្ធភាព​ដឹកនាំ​ ប្រាជ្ញា និង​សំឡេង​របស់​អ្នក ។

ជូនចំពោះ​អែលឌើរ រ៉ាសបាន, ស្ទីវ៉ែនសុន,និង រេនឡាន់ យើងជាបងប្អូន​ប្រុស ​​​សូម​ស្វាគម​ន៍​អ្នកមក​ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ យើង​ថ្លែង​អំណរគុណ​សម្រាប់​វិរណៈ​ដែល​ទ្រង់​ប្រទាន​ដល់ព្យាការី​របស់​យើង គឺ​ប្រធាន​ថូម៉ាស់ អេស ម៉នសុន ។

បងប្អូន​ប្រុសស្រី នៅពេល​យើង​ជួប​គ្នា​កាលពី​សន្និសីទទូទៅ​ប្រាំមួយ​ខែ​មុន គ្មាន​គ្នា​យើងណា​ម្នាក់​រំពឹង​ថា​មាន​ការ​ផ្លាស់ប្ដូរ​ដែល​នឹង​ប៉ះពាល់អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​សមាជិក​ទូទាំង​សាសនាចក្រ​ទេ ។ អែលឌើរ អិល ថម ភែរី បាន​ផ្ដល់​សារលិខិត​ប្រកប​ដោយ​អានុភាព​អំពី​​តួនាទី​ដ៏​ពិសេស​ថា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​មាន​នៅក្នុង​ផែនការ​របស់​ព្រះ ។ យើង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពេល​យើង​ដឹង​ថា​ជំងឺ​មហារីក​នឹង​យក​លោក​ចេញពី​យើង​ក្នុង​ពេលឆាប់ៗ ។

ទោះបី​សុខភាព​របស់​ប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ ទ្រុតទ្រោម​ក្ដី ក៏​លោក​បន្ដ « ធ្វើកាតព្វកិច្ច » នៅក្នុងកិច្ចការ​របស់​ព្រះអម្ចាស់​ដែរ ។ លោក​បាន​ទ្រុតទ្រោមខ្លាំង​កាលពី​ខែ​មេសា​មុន ប៉ុន្តែ​លោក​តាំងចិត្ត​ប្រកាស​ធ្វើជា​សាក្សី​ដរាបណា​លោក​នៅ​មាន​ដង្ហើម ។ បន្ទាប់មក គ្រាន់តែ​ ៣៤ ថ្ងៃ​បន្ទាប់ពី​មរណភាព​របស់អែលឌើរ ភែរី នោះ​ប្រធាន​ផាកកឺ​ក៏​បានបោះជំហាន​ទៅ​ឯម្ខាង​ទៀត​នៃ​វាំងនន​ផងដែរ ។

យើង​មិន​បាន​ឃើញ​​​អែលឌើរ រីឆាដ ជី ស្កត នៅ​សន្និសីទ​ទូទៅ​លើក​មុន​របស់​យើង ប៉ុន្តែ​យើង​បាន​ចងចាំ​អំពី​សាក្សី​ដ៏មានអានុភាព​អំពីព្រះអង្គសង្គ្រោះ ដែល​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​មុនៗ​ជាច្រើន ។ ហើយ​កាល​ពី ១២ ថ្ងៃ​មុន អែលឌើរ ស្កត ត្រូវ​បាន​ហៅ​ឲ្យ​ត្រឡប់ទៅ​ផ្ទះ រួបរួម​នឹង​ភរិយា​ជាទី​ស្រឡាញ់​​របស់លោក ជេននីន ។

ខ្ញុំ​មាន​ឯកសិទ្ធិ​​ដើម្បី​នៅ​ជាមួយនឹង​បងប្អូនប្រុសទាំង​នេះ អំឡុង​ថ្ងៃ​ចុង​ក្រោយ​របស់​ពួកលោក រួមទាំង​មាន​សមាជិក​គ្រួសារ​សាច់បង្កើត​របស់​ប្រធាន​ផាកកឺ និង​អែលឌើរ ស្កត មុន​ពេល​លោក​លាចាក​លោកនេះ​ផងដែរ ។ វា​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​ជឿ​ថា មិត្តដ៏​មាន​តម្លៃ​ទាំង​បី​​រូប​នេះ ដែល​ជាអ្នកបម្រើ​ដ៏​សំខាន់​របស់​ព្រះអម្ចាស់ ត្រូវលាចាក​ទៅ​​ដូច្នេះ​ណាស់ ។ ខ្ញុំ​នឹក​ពួកលោក​​រកពាក្យ​ថ្លែង​ពុំបាន ។

នៅពេល​ខ្ញុំគិត​អំពី​ព្រឹត្តការណ៍​ដែល​ពុំ​រំពឹងទុក​នេះ ចំណាប់អារម្មណ៍​មួយ ដែល​ខ្ញុំ​កត់ចំណាំ​ពុំបំភ្លេច​បានគឺ​ថា ខ្ញុំបាន​សង្កេត​មើល​ទៅ​ភរិយាដែល​នៅរស់ទាំងនេះ ។ ខ្ញុំពុំ​អាច​បំភ្លេច​បាន​អំពី​ភាព​ស្ងប់​របស់​បងស្រី ដូណា ស្ម៊ីធ ផាកកឺ និងបង​ស្រី បាបារ៉ា ដេថុន ភែរី មាន ពេលពួកគាត់​អង្គុយ​នៅជិត​គ្រែ​ស្វាមី​របស់ពួកគេ ដែល​ពួកគាត់​ជាស្ត្រី​ដែលពេញ​ដោយ​ក្ដីស្រឡាញ់ សេចក្ដីពិត និង​សេចក្ដីជំនឿ​ដ៏​បរិសុទ្ធ ។

នៅពេល​បងស្រី ផាកកឺ អង្គុយ​នៅជិត​ស្វាមី​របស់គាត់​ នៅដង្ហើម​ចុង​ក្រោយ​របស់​លោក គាត់​គឺជា​គំរូ​នៃភាព​សុខសាន្ដ ដែល​បានមក​ពីការ​យល់ដឹង​គ្រប់យ៉ាង ។ ទោះជា​គាត់​ដឹង​ថា ដៃគូ​ជាទីស្រឡាញ់​របស់គាត់​អស់រយៈពេល​ជិត ៧០ ឆ្នាំ​នឹង​លាចាក​ទៅក្នុងពេល​ឆាប់ៗ​ក្ដី ក៏គាត់​បាន​បង្ហាញ​នូវភាព​ស្ងប់​​នៃ​ស្ត្រី​ដែលពេញ​ទៅដោយ​សេចក្ដីជំនឿ​មួយ​រូប​ដែរ ។ គាត់​ហាក់ដូចជា​ទេវតា ដូច​ជា​នៅក្នុង​រូបថត​របស់​ពួកគាត់​នៅ​ពេល​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ព្រិកហាំ ស៊ីធី រដ្ឋ​យូថាហ៍ ផងដែរ ។

ខ្ញុំ​បានឃើញ​នូវ​ក្ដីស្រឡាញ់​ និង​សេចក្ដីជំនឿ​ដូចគ្នា​​​បង្ហាញ​មកពី​បងស្រី ភែរី ។ ការលះបង់​របស់​គាត់​ចំពោះ​ស្វាមី​របស់ខ្លួន និង​ព្រះអម្ចាស់​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រណោះ​យ៉ាង​ខ្លាំង ។

នៅក្នុង​ម៉ោង​ចុង​ក្រោយ​របស់​ស្វាមី​ពួកគាត់ និង​បន្ដ​រហូត​មកដល់​បច្ចុប្បន្ននេះ ស្ត្រី​ដ៏រឹង​មាំ​ទាំង​​នេះ បាន​បង្ហាញ​នូវ​ភាព​រឹងមាំ និង​ភាពក្លាហាន ដែល​ស្ត្រី​រក្សា​សេចក្ដីសញ្ញា​គ្រប់រូប​តែងតែ​បង្ហាញ ។ វា​មិនអាច​ធ្វើបាន​ទេ ដើម្បី​វាស់វែង​ពី​ឥទ្ធិពល​នៃ​ស្ត្រី​មាន​ចរិយា​បែប​នេះ ដែល​មិនគ្រាន់​តែ​សម្រាប់​ក្រុមគ្រួសារ​ពួកគាត់​ទេ ប៉ុន្តែ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផងដែរ ក្នុងនាម​ជា​ភរិយា ជា​ម្ដាយ និង​ជា​ជីដូន ជា​បងស្រី និង​ជាមីង ជាគ្រូបង្រៀន និង​ជា​អ្នកដឹកនាំ ហើយ​ជា​ពិសេស​ជា​អ្នក​ការពារ​សេចក្ដី​ជំនឿ​​ដ៏​ជា​គំរូ និង​ការ​លះបង់ ។

ការណ៍​នេះ​មាន​ពិត​នៅ​ក្នុង​គ្រប់​ជំនាន់​នៃ​ដំណឹងល្អ ចាប់​តាំង​ពី​ជំនាន់​អ័ដាម និង​អេវ៉ា​មក​ម្ល៉េះ ។ ប៉ុន្តែ​ស្ត្រី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​ខុស​ប្លែក​ពី​ស្ត្រី​ផ្សេងៗ ដោយ​សារ​គ្រាកាន់កាប់ត្រួតត្រា​នេះ គឺ​ពិសេស​ពី​គ្រា​ណាៗ​ទាំង​អស់ ។ ភាព​ខុសប្លែក​នេះ នាំមក​នូវ​ឯកសិទ្ធិ និង​ការ​ទទួលខុសត្រូវ ។

សាម​សិប​ប្រាំមួយ​ឆ្នាំ​កន្លង​ទៅ ក្នុង​ឆ្នាំ ១៩៧៩ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ធ្វើការ​ព្យាករណ៍​ដ៏​អស្ចារ្យ​មួយ​អំពី​ឥទ្ធិពល​ដែល​ស្ត្រី​រក្សា​សេចក្ដីសញ្ញា​នឹង​មាន​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​នាពេល​អនាគត។ លោក​បាន​ព្យាករណ៍​ថា ៖ « ការរីកចម្រើន​ចម្បង​​បំផុត ដែល​​កំពុង​តែ​កើតមាន​ក្នុង​សាសនាចក្រ​នៅថ្ងៃ​ចុង​ក្រោយ នឹង​កើត​មានឡើង​ដោយសារ​តែ​ស្ត្រី​ល្អៗ​ជាច្រើន​​ក្នុង​​ពិភព​លោក… នឹង​នាំមក​ក្នុង​សាសនាចក្រ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក ។ ការណ៍​នេះ នឹង​កើត​មានឡើង​ក្នុងកម្រិត​មួយ ដែល​ស្ត្រី​នៃ​សាសនាចក្រ​ឆ្លុះបញ្ចាំង​ពី​សេចក្ដីសុចរិត និង​បញ្ញា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុងកម្រិត​មួយ​ដែល​ស្ត្រី​នៃ​សាសនាចក្រ ត្រូវ​បាន​គេ​មើលឃើញ​ថា ខុសប្លែក និង​ផ្សេង​ពីគេ-- ក្នុង​​របៀប​ដ៏​រីករាយ--​ខុស​ពី​ស្ត្រីខាង​លោកិយ » ។

បងប្អូនស្រីជាទីស្រឡាញ់​របស់​ខ្ញុំ អ្នក​គឺជា​សហការី​ដ៏​សំខាន់​របស់​យើង ក្នុង​យុគ​សម័យ​ចុង​ក្រោយ​នេះ ជា​ជំនាន់​ដែល​ប្រធាន​ឃឹមបឹល​បានទាយទុក​ជាមុន​នោះ គឺ​សព្វ​ថ្ងៃនេះ ។ អ្នក​ជាស្ត្រី​ដែល​លោក​បាន​មើលឃើញ​ជាមុន​នោះ ! ជីវិត​របស់​អ្នក​ក្នុង​​គុណធម៌ ពន្លឺ ក្ដីស្រឡាញ់ ចំណេះដឹង ភាព​ក្លាហាន អត្តចរិក សេចក្ដីជំនឿ និង​សេចក្ដីសុចរិត នឹង​នាំ​ស្ត្រី​ល្អៗ​នៃ​ពិភពលោក​មក​កាន់​សាសនាចក្រ​ក្នុង​ចំនួន​ដ៏​នឹក​ស្មាន​មិនដល់​មួយ ​ដើរ​ជាមួយ​នឹង​ក្រុមគ្រួសារ​អ្នក !

យើងជា​បងប្អូនប្រុស ត្រូវការ​កម្លាំង​ ជំនឿស៊ប់ ការ​ផ្លាស់ប្រែចិត្តជឿ​ លទ្ធភាព​ដឹកនាំ​ ប្រាជ្ញា និង​សំឡេង​របស់​អ្នក ។ នគរ​នៃព្រះ​គឺពុំមាន និង​ពុំអាច​មានពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ រួច​ហើយ​រក្សា​​សេចក្ដីសញ្ញា ជាស្ត្រី​ដែល​អាច​និយាយ​ដោយ​អានុភាព និង​សិទ្ធិអំណាច​នៃ​ព្រះបាន​ទេ !

ប្រធាន ផាកកឺ បាន​ប្រកាស​ថា​ ៖

« យើង​ត្រូវការ​ស្ត្រី​ដែល​ចេះ​រៀបចំ ស្ត្រី​ដែលអាច​រៀបចំ ។ យើងត្រូវការ​ស្ត្រី​ដែល​មានលទ្ធភាព​គ្រប់គ្រង ដែល​អាច​ដាក់​ផែនការ និង​ដឹកនាំ ហើយ​ចាត់ចែង ជា​ស្ត្រី​ដែលអាច​បង្រៀន ជា​ស្ត្រី​ដែល​អាច​និយាយ​ដោយ​មុតមាំ ។. …

« យើង​ត្រូវការ​ស្ត្រី​ដែល​មាន​អំណោយទាន​ចេះ​ញែកដឹង ដែល​អាច​មើល​ឃើញ​ពី​ទំនោរ​នៅក្នុង​ពិភពលោក ហើយ​ដឹង​ហេតុការណ៍​នៃ​អ្នកទាំងឡាយ​ដែលពុំ​ពឹងផ្អែក​លើ​សេចក្ដីពិត ឬ មាន​គ្រោះថ្នាក់ ទោះ​ជា​មានប្រជាប្រិយភាព​ក្ដី » ។

ថ្ងៃ​នេះ ខ្ញុំ​សូម​បន្ថែម​ថា យើង​ត្រូវការ​ស្ត្រី​ដែល​ចេះ​ធ្វើ​ឲ្យ​រឿង​សំខាន់​កើតឡើង​តាមរយៈ​សេចក្ដីជំនឿ និង​អ្នក​ដែល​ជា​អ្នកការពារ​សីលធម៌ និង​ក្រុមគ្រួសារ​នៅ​លើ​ពិភពលោក​ដែលពេញ​ដោយ​អំពើបាប​នេះ​ដោយ​ភាពក្លាហាន ។ យើង​ត្រូវការ​ស្ត្រី​ដែល​លះបង់​ក្នុង​ការ​ការពារ​ដល់​កូនចៅ​របស់​ព្រះ​នៅ​តាម​ផ្លូវ​នៃសេចក្ដីសញ្ញា​ឆ្ពោះ​ទៅ​ការលើក​តម្កើង ជាស្ត្រី​ដែល​ចេះ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ដែល​យល់​អំពី​ព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​អំណោយទានពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ស្ត្រី​ដែល​ចេះ​អំពាវនាវរក​ព្រះចេស្ដា​ពី​ស្ថានសួគ៌​ដើម្បី​ការពារ និង​ពង្រឹង​ដល់​កូនចៅ និង​ក្រុមគ្រួសារ ជាស្រ្ដី​ដែល​បង្រៀន​ដោយ​មិនចេះ​ភ័យខ្លាច ។

ខ្ញុំ​មាន​ពរ​ដោយសារ​ស្ត្រី​មាន​ចរិយា​ដូចនេះ នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ភរិយា​ដែល​ចែកឋាន​ទៅ​របស់​ខ្ញុំ ឈ្មោះ ដានស្សិល គឺជា​ស្ត្រី​ដូចនេះ​ឯង ។ ខ្ញុំ​នឹង​មាន​អំណរគុណ​ជានិច្ច​ចំពោះ​ឥទ្ធិពល​ផ្លាស់ប្ដូរ​ជីវិត ដែល​នាង​មាន​មក​លើ​ខ្ញុំនៅ គ្រប់ ទម្រង់​នៃ​ជីវិតខ្ញុំ រួមទាំង​កិច្ចខិតខំ​រក​បច្ចេកទេស​ថ្មី ក្នុង​ការវះកាត់​​បេះដូង​ផងដែរ ។

ហាសិប​ប្រាំបី​ឆ្នាំ​មុន ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ធ្វើការ​វះកាត់​ឲ្យ​ក្មេង​ស្រីតូច​ម្នាក់ ដែល​មាន​ជំងឺ​ជា​ទម្ងន់​មកពី​ជំងឺ​បេះដូង​ពី​កំណើត ។ បងប្រុស​របស់​នាង បាន​ស្លាប់​​ទៅហើយ​ ​ដោយសារ​ស្ថានភាព​ស្រដៀងគ្នា​នេះ ។ ឪពុក​ម្ដាយ​របស់​នាង​បាន​អង្វរ​សូម​ជំនួយ ។ ខ្ញុំ​ពុំ​មាន​សុទិដ្ឋិនិយម​អំពី​លទ្ធផល​ទេ ប៉ុន្តែ​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យអស់ពីលទ្ធភាព​ដើម្បី​សង្គ្រោះ​ជីវិត​នាង ។ ទោះជា​ខ្ញុំ​ខំ​អស់​ពី​លទ្ធភាព​ក្ដី នាង​នៅតែ​ស្លាប់ ។ ក្រោយមក ​ឪពុក​ម្ដាយ​ដដែល​នោះ​ បាន​នាំ​កូន​ស្រី​ម្នាក់ទៀត​មក​ខ្ញុំ ដែល​ទើបតែ​មាន​អាយុ ១៦ ខែ ដែល​បាន​កើត​មក​មាន​បេះដូង​មិន​គ្រប់​លក្ខណៈ ។ តាម​សំណើ​របស់​ពួកគេ ខ្ញុំ​បានធ្វើ​ការវះកាត់​ម្ដង​ទៀត ។ កូនតូច​នេះ​ក៏ស្លាប់​ផងដែរ ។ ការបាត់បង់​ដ៏​ឈឺចាប់​លើក​ទី​បី​នៅក្នុង​គ្រួសារ​មួយ​នេះ បានធ្វើ​ឲ្យខ្ញុំ​ឈឺចាប់​ណាស់ ។

ខ្ញុំ​បាន​ទៅ​ផ្ទះ​វិញ​ពេញ​ដោយទុក្ខ​ព្រួយ ។ ខ្ញុំ​បាន​ទម្លាក់ខ្លួន​ដេក​នៅលើ​ឥដ្ឋ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ហើយ​បាន​យំ​ពេញ​មួយ​យប់ ។ ដានស្សិល នៅជិត​ស្ដាប់ខ្ញុំ ពេលខ្ញុំ​និយាយ​ដដែលៗ​ថា ខ្ញុំ​នឹង​មិន​ធ្វើ​ការ​វះកាត់​បេះដូង​ណា​ទៀត​នោះ ។ បន្ទាប់​មក​ ប្រហែលជា​ម៉ោង ៥:០០ ព្រឹក ដានស្សិល​បាន​មើល​ខ្ញុំ ហើយ​បាន​សួរ​ដោយ​ក្ដី​ស្រឡាញ់ថា « បងឈប់យំ​ហើយ​ឬនៅ ? សូម​ទៅ​ស្លៀក​ពាក់ ។ ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ។ សូម​ទៅ​ធ្វើការ​ចុះ ! បង​ត្រូវ​​រៀន​បន្ថែម​ទៀត ។ ប្រសិនបើ​បង​ឈប់នៅពេល​នេះ អ្នក​ផ្សេង​នឹង​ត្រូវ​រៀនដោយ​ឈឺចាប់​​​នូវ​អ្វី​ដែល​បង​បាន​ដឹងរួច​ហើយ​នោះ » ។​

អូ៎! ខ្ញុំ​ពិត​ជា​ត្រូវការ​ទស្សនៈ​ ភាពមុតមាំ និង​ក្ដីស្រឡាញ់​របស់​ភរិយា​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ ហើយ​រៀន​បន្ថែម​ទៀត ។ ប្រសិនបើ​​គ្មានការ​លើកទឹកចិត្ត​ដ៏​បំផុសគំនិត​ពី ដានស្សិល ទេ នោះ​ខ្ញុំ​នឹង​គ្មានជំនាញ​​វះកាត់​បេះដូង ហើយ​ក៏​នឹង​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើការ​វះកាត់​ក្នុង​ឆ្នាំ ១៩៧២ ដែល​បានជួយ​សង្គ្រោះ​ជីវិត​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែរ ។

បងប្អូន​ស្រី​អើយ តើ​បងប្អូន​ដឹង​ពី​ទំហំ​នៃ​ឥទ្ធិពល​របស់​បងប្អូន នៅពេល​បងប្អូន​និយាយ​រឿង​ទាំងឡាយ​ដែល​ចេញពី​ចិត្ត និង​គំនិត​របស់​បងប្អូន ពេល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ឬ​ទេ ? ប្រធានស្ដេក​ដ៏​ល្អ​ម្នាក់ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ប្រជុំ​ក្រុមប្រឹក្សា​ស្ដេក ដែល​ពួកគេ​ពិភាក្សា​អំពី​បញ្ហា​លំបាក​មួយ ។ ក្នុង​ពេលមួយ​ គាត់​បាន​ដឹងថា ប្រធាន​អង្គការ​បឋមសិក្សា​ស្ដេក ពុំ​បាន​និយាយ​អ្វីសោះ ដូច្នេះគាត់​សួរ ថាតើ​ប្រធាន​កុមារ​មាន​ចំណាប់​អារម្មណ៍​អ្វី ។ គាត់​បាន​និយាយថា « មែនហើយ ខ្ញុំ​មាន » រួចហើយ​គាត់បាន​ចែកចាយ​គំនិត ដែល​បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ការ​ប្រជុំ​ទាំងមូល ។ ប្រធាន​ស្ដេក​បាន​បន្ដ​ថា « ពេល​ប្រធាន​កុមារ​​កំពុង​និយាយ ព្រះវិញ្ញាណ​បានថ្លែងទីបន្ទាល់​ដល់ខ្ញុំ​ថា ប្រធានកុមារ​នោះ​បាន​ផ្ដល់សំឡេង​​ជា​វិវរណៈ​ដែល​យើង​កំពុង​ស្វែងរក​នៅក្នុង​ក្រុមប្រឹក្សា » ។

បងប្អូន​ស្រីជាទីស្រឡាញ់ មិនថា​ការ​ហៅ​បម្រើរបស់​បងប្អូនជា​អ្វី ស្ថានភាព​បងប្អូន​យ៉ាងណាទេ យើង​ត្រូវការ​ចំណាប់អារម្មណ៍ គំនិត និង​ការ​បំផុសគំនិត​ពី​បងប្អូន ។ យើង​ត្រូវការ​បងប្អូន​ឲ្យ​ចែកចាយ​ដោយ​ម៉ឺងម៉ាត់​នៅ​ក្នុង​​ក្រុមប្រឹក្សា​ស្ដេក និង​វួដ​របស់​អ្នក ។ យើង​ត្រូវការ​បងស្រី​ដែលបាន​រៀបការ​រួច​ម្នាក់ៗ ឲ្យថ្លែង​ជា « ការរួមចំណែក និង ជា ដៃគូ​ពេញលេញ »១០ នៅពេល​អ្នករួប​រួមគ្នា​នឹង​ស្វាមី​អ្នក​នៅក្នុង​ការ​គ្រប់គ្រង​គ្រួសារ​អ្នក ។ ទាំងអ្នក​រៀបការ ឬ​នៅលីវ អ្នក​មាន​សមត្ថភាព​ដាច់ដោយឡែក និង​គំនិត​ពិសេស​ដែល​អ្នក​បាន​ទទួល ជា​អំណោយទាន​មក​ពី​ព្រះ ។ យើង​ជា​បងប្អូនប្រុស ពុំ​អាច​ចម្លង​ឥទ្ធិពល​ពិសេស​របស់​អ្នក​បាន​ទេ ។

យើង​ដឹង​ថា សកម្មភាព​​​ដ៏ខ្ពស់បំផុត នៃ​ការ​បង្ក​បង្កើត គឺជា​ការ​បង្កបង្កើត​នៃ​ស្ត្រី​ !១១ យើង​ត្រូវការ​កម្លាំង​របស់អ្នក !

ការ​វាយ​ប្រហារទាស់​នឹង​សាសនាចក្រ គោលលទ្ធិ និង​មាគ៌ា​នៃជីវិត​របស់​យើង នឹង​បង្កើនឡើង ។ ដោយ​សារ​រឿង​នេះ យើង​ត្រូវការ​ស្ត្រី​ដែល​មានការ​យល់​ដឹង​រឹងមាំ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​អ្នក​ដែល​នឹង​ប្រើ​ការ​យល់ដឹង​នោះ​ដើម្បី​បង្រៀន និង​ជួយ​បីបាច់​ដល់​ជំនាន់​ដែល​កំពុង​ទប់ទល់​នឹង​អំពើបាប​នេះ ។១២ យើង​ត្រូវការ​ស្ត្រី​ដែល​អាច​ដឹង​ហេតុការណ៍​​ពី​ការ​បោកបញ្ឆោត​នៅគ្រប់​ទម្រង់​ ។ យើង​ត្រូវការ​ស្ត្រី​ដែល​ចេះ​ទទួល​ព្រះចេស្ដា​ដែលព្រះ​ធ្វើ​ឲ្យ​មាន សម្រាប់​អ្នករក្សា​សេចក្ដីសញ្ញា និង​អ្នក​ដែលបង្ហាញ​ជំនឿ​របស់ពួកគេ​ដោយទំនុកចិត្ត និង​សេចក្ដីសប្បុរស ។ យើង​ត្រូវការ​ស្ត្រី​ដែលមានភាព​ក្លាហាន និង​ទស្សនវិស័យ របស់​មាតា​អេវ៉ា​របស់​យើង ។

បងប្អូន​ស្រីជា​ទីស្រឡាញ់​របស់​ខ្ញុំ គ្មានអ្វី​សំខាន់​ចំពោះ​ជីវិត​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ជាង​ការ​ផ្លាស់ប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​អ្នក​ឡើយ ។ គឺជា​ស្ត្រី​ដែល​បានផ្លាស់ប្រែចិត្តជឿ ជាស្ត្រីរក្សា​​​សេចក្ដីសញ្ញា-- ជាស្ត្រី​ដូច​ជា​ភរិយា​​ជា​ទីស្រឡាញ់​របស់​ខ្ញុំ វិនឌី --​ដែល​រស់នៅ​សុចរិត នឹង​មាន​ភាព​លេចធ្លោ​នៅក្នុង​ពិភពលោក​អាប់អួរ​នេះ ហើយ​ដែល​នឹង​ត្រូវ​បាន​គេ​មើលឃើញ​ខុសប្លែក និង​មាន​លក្ខណៈ​ផ្សេង​នៅក្នុង​របៀប​ ដ៏​រីករាយ​បំផុត នោះ ។

ដូច្នេះ​នៅថ្ងៃ​នេះ ខ្ញុំ​សូម​អង្វរ​ដល់បងប្អូនស្រី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ​ឲ្យ​បោះជំហាន​ទៅ​មុខ ! សូម​ទទួល​យក​កន្លែង​ត្រឹមត្រូវ និង​ដែលតម្រូវ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក នៅក្នុង​សហគមន៍ និង​នគរ​នៃព្រះ--ច្រើនជាង​អ្នកធ្លាប់​ធ្វើពី​មុន ។ ខ្ញុំ​សូមអង្វរ​ដល់អ្នក​ឲ្យ​បំពេញ​តាម​ការ​ព្យាករណ៍​របស់​ប្រធាន ឃឹមបឹល ។ ហើយខ្ញុំ​សន្យា​នឹង​អ្នក នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទថា នៅពេល​អ្នកធ្វើដូច្នោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្កើន​ឥទ្ធិពល​របស់​អ្នក​ក្នុង​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ !

ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពីភាពពិត​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​អំពីព្រះចេស្ដានៃ​ការប្រោសលោះ ព្រះចេស្ដានៃដង្វាយធួន និង​ព្រះចេស្ដា​ញែក​ឲ្យ​បរិសុទ្ធ​របស់​ទ្រង់ ។ ហើយ ក្នុងនាម​ជា​សាក្សី​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូមអរគុណ​ដល់​បងប្អូនស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ហើយ​សូមប្រទានពរ​ដល់​អ្នក​ឲ្យសម្រេច​សក្ដានុពល​ពេញលេញ​របស់​អ្នក ដើម្បី​បំពេញ​នូវ​រង្វាស់​នៃ​ការ​បង្កបង្កើត​របស់​អ្នក នៅពេល​យើង​ដើរ​គៀក​ដៃគ្នា​នៅក្នុង​កិច្ចការ​ពិសិដ្ឋ​នេះ ។ យើង​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់​រួមគ្នា ។ ខ្ញុំ​សូម​​ថ្លែង​ទីបន្ទាល់​​ អំពី​ការណ៍នេះក្នុង​នាមជា​បងប្រុស​របស់​អ្នក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។