ឆ្នាំ ២០១០-២០១៩
« ត្រូវ​បាន​រើស​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះនាម​របស់​យើង »
តុលា 2015


« ត្រូវ​បាន​រើស​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះនាម​របស់​យើង »

វា​អស្ចារ្យ​ដើម្បី​មាន​បុរស​ចាស់ទុំ​ខាងវិញ្ញាណ និង​ការ​ចេះ​វិច្ឆ័យ​ល្អ​ដ៏​ខ្លាំង បម្រើ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​រៀមច្បង នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ ។

ក្នុង​ឆ្នាំ ១៩៩៦ ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សារព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្មវិធី ៦០ នាទី ។ ម៉ាយ វ៉ាលឡែស ជា​អ្នក​សារព័ត៌មាន​ដ៏​ជំនាញ និង​ពូកែ​សួរ​ម្នាក់ បាន​សម្ភាស​ប្រធាន ហ៊ិងគ្លី អំពី​ប្រធាន​បទ​សំខាន់​មួយ​ចំនួន ។

នៅ​ជិត​នឹង​ចុង​បញ្ចប់​នៃ​ការ​សន្ទនា លោក​និយាយថា « មាន​មនុស្ស​ខ្លះ​និយាយ​ថា ‹ សាសនាចក្រ​នេះ​គឺ​គ្រប់គ្រង​ដោយ​មនុស្ស​ចាស់ ។ នេះ​ជា​សាសនាចក្រ​មួយ​ដែល​ដឹកនាំ​ដោយ​បុរស​ចាស់ៗ › » ។

ប្រធាន​ហ៊ីងគ្លី ក៏​បាន​តប​ដោយ​រីករាយ និង​ពុំ​ស្ទាក់ស្ទើរ​ថា « តើ​វា​មិនអស្ចារ្យ​ទេ​ឬអី ដែល​មនុស្ស​ចាស់​ទុំ​ធ្វើ​ជា​អ្នកដឹកនាំ ជា​មនុស្ស​ដែល​ចេះ​វិនិច្ឆ័យ​ល្អ ដែលពុំ​ងាយ​ត្រូវ​រង​ឥទ្ធិពល​ពី​ស្ថានភាព​ផ្សេងៗ​នោះ ? » ( ការ​ចាក់ផ្សាយ​នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៦ ) ។

គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​វា​អស្ចារ្យ​ដើម្បី​មាន​បុរស​ចាស់ទុំ​ខាងវិញ្ញាណ និង​ការ​ចេះវិច្ឆ័យ​ល្អ​ដ៏​ខ្លាំង បម្រើ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​រៀមច្បង នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ—ហើយ​ហេតុអ្វី​ក៏​យើង​គប្បី​ស្ដាប់ ហើយ​ប្រុង​ស្ដាប់ (ម៉ូសាយ ២:៩) ចំពោះ​ការ​បង្រៀន​របស់​បុរស​ទាំងនោះ ដែល​ព្រះអម្ចាស់​បាន « បាន​រើស​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះនាម [ របស់​ទ្រង់ ] … ក្នុង​ចំណោម​គ្រប់​សាសន៍ គ្រប់ពូជមនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » (គ និង ស ១១២:១) ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​ពិចារណា​រួមគ្នា​អំពី​ប្រធាន​បទសំខាន់​នេះ ។

មេរៀន​ជីវិត

ខ្ញុំ​និយាយ​អំពី​ប្រធានបទ​នេះ​ចេញ​មក​ពី​ទស្សនៈ​វិស័យ​មួយ​យ៉ាង​ជាក់ច្បាស់ ។ កាលពី ១១ ឆ្នាំ​មុន ខ្ញុំ​ជា​សមាជិក​នៃ​ពួក​ដប់ពីរ​នាក់​ក្មេង​ជាងគេ តាម​វ័យ​ខ្ញុំ ។ អំឡុង​ឆ្នាំ​នៃ​ការ​បម្រើ​របស់​ខ្ញុំ វ័យ​ជា​មធ្យម​របស់​បុរស​ដែល​បម្រើ​ក្នុង​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ គឺ ៧៧ វស្សា—ដែល​វ័យ​ចំណាស់​បំផុត​ជា​មធ្យម​ក្នុង​ពួកសាវក​មាន​ចន្លោះ​លើស​ពី ១១ ឆ្នាំ​ក្នុង​គ្រា​នៃ​ការកាន់​កាប់​ត្រួត​ត្រា​នេះ ។

ខ្ញុំ​ត្រូវ​បាន​ប្រទានពរ​ដោយ​សមាជិក​កូរ៉ុម​ដែល​ខ្ញុំ​បម្រើ​ជាមួយ ដែល​ជា​សាវក​មាន​បទពិសោធន៍ និង​ការយល់ដឹង ជា​រួម ដោយ​ផ្ទាល់​ខ្លួន និង​ខាង​វិជ្ជាជីវៈ ។ ឧទាហរណ៍​មួយ​ចេញ​មក​ពី​ទំនាក់ទំនង​របស់​ខ្ញុំ​នឹង​អែលឌើរ រ៉ូបឺត ឌី ហែល បង្ហាញពី​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ខ្ញុំ​បាន​រៀន​ និង​បម្រើ​ជាមួយ​នឹង​អ្នកដឹកនាំ​ទាំងនេះ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ចំណាយពេល​នា​រសៀល​ថ្ងៃ​អាទិត្យ​មួយ​នៅ​ជាមួយនឹង​អែលឌើរ ហែល ក្នុង​ផ្ទះ​របស់​លោក ពេល​លោក​ទើប​បាន​ជា​សះស្បើយ​ពី​ជំងឺ​ធ្ងន់ធ្ងរ​មួយ ។ យើង​បាន​ពិភាក្សា​អំពី​ក្រុមគ្រួសារ​របស់​យើង ការទទួលខុសត្រូវ​ក្នុង​កូរ៉ុម​របស់​យើង និង​បទពិសោធន៍​សំខាន់ៗ ។

មក​ដល់​កន្លែង​មួយ ខ្ញុំ​បាន​សួរ​អែលឌើរ ហែល ថា « លោក​គឺជា​ស្វាមី ឪពុក កីឡាករ អកាសយានិក នាយកប្រតិបត្តិ​អាជីវកម្ម និង​ជា​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​ដ៏​ជោគជ័យ ។ តើ​លោក​បាន​រៀន​មេរៀន​អ្វី​ខ្លះ នៅ​ពេល​លោក​មាន​វ័យចំណាស់ ហើយ​មាន​កំណត់​ដោយ​សមត្ថភាព​រូបកាយ​ចុះ​ខ្សោយ​នោះ ?

អែលឌើរ ហែល បាន​ឈប់​មួយ​សន្ទុះ ហើយ​តប​ថា « នៅ​ពេល​អ្នក​ពុំ​អាច​ធ្វើ​អ្វី​ដែល​អ្នក​តែងតែ​ធ្វើ នោះ​ចូរ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត​ទៅ​បាន​ហើយ » ។

ខ្ញុំ​ភ្ញាក់ព្រើត​ចំពោះ​ចម្លើយ​ដ៏​សាមញ្ញ និង​ទូលំទូលាយ​នោះ​របស់​លោក ។ បងៗ​សាវក​ជាទីស្រឡាញ់​របស់​ខ្ញុំ​បាន​ចែកចាយ​មេរៀន​ជីវិត​មួយ​ជាមួយ​ខ្ញុំ--ជា​មេរៀន​មួយ​ដែល​បាន​រៀន​តាមរយៈ​ការ​រងទុក្ខ​ខាង​រូបកាយ​ដ៏​លំបាក និង​ការ​ស្រាវជ្រាវ​ខាង​វិញ្ញាណ ។

ការមាន​កំណត់ និង​ភាព​ទន់ខ្សោយ​របស់​មនុស្ស

ការមាន​កំណត់ ដែល​ជា​ផល​នៃ​ការ​វិវត្តន៍​វ័យ​តាម​ធម្មជាតិ តាមពិត​អាច​ប្រែក្លាយ​ទៅ​ជា​ធនធាន​ដ៏​អស្ចារ្យ​នៃ​ការរៀនសូត្រ និង​ការយល់ដឹង​ខាង​វិញ្ញាណ ។ កត្តា​នានាដែល​មនុស្ស​ជាច្រើន​ជឿថា​នឹង​ដាក់កំណត់​លើ​ប្រសិទ្ធភាព​នៃ​ពួកអ្នក​បម្រើ​ទាំងនេះ អាច​ប្រែក្លាយ​ទៅ​ជា​កម្លាំង​ដ៏ខ្លាំង​បំផុត​មួយ​ចំនួន​របស់​ពួកលោក ។ ការមានកំណត់​ខាង​រូបកាយ អាច​ពង្រីក​ទស្សនៈ ។ ថាមពល​ដែល​មាន​កម្រិត អាច​បញ្ជាក់​អំពី​អាទិភាព ។ កង្វះ​សមត្ថភាព​ដើម្បី​ធ្វើ​រឿង​មួយ​ចំនួន អាច​នាំ​ឲ្យ​ផ្ដោត​ទៅលើ​រឿង​ដ៏​សំខាន់ៗ​បំផុត ។

មនុស្ស​ខ្លះ​បាន​ផ្ដល់​យោបល់​ថា​អ្នកដឹកនាំ​វ័យក្មេង មាន​កម្លាំង​មាំមួន គឺ​ត្រូវការ​ចាំបាច់​នៅ​ក្នុង​សាសនាចក្រ ដើម្បី​ថ្លែង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ពិភពលោក​ទំនើប​របស់​យើង ។ ប៉ុន្តែ​ព្រះអម្ចាស់​ពុំ​បាន​ប្រើ​ទស្សនវិជ្ជា និង​ការអនុវត្ត​ខាង​ការ​ដឹកនាំ​សម័យ​ទំនើប​ដើម្បី​សម្រេច​គោលបំណង​របស់​ទ្រង់​ទេ ( សូមមើល អេសាយ ៥៥:៨–៩) ។ យើង​អាច​រំពឹង​ថា ប្រធាន និង​អ្នកដឹកនាំ​រៀម​ច្បង​ដទៃ​ទៀត​នៃ​សាសនាចក្រ នឹង​ជា​បុរស​ដែល​មាន​បទពិសោធន៍​ចាស់​ទុំ​ខាង​វិញ្ញាណ ។

គំរូ​បើក​បង្ហាញ​របស់​ព្រះអម្ចាស់​អំពី​ការ​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ ផ្ដល់​ការគាំទ្រ និង​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ភាពទន់ខ្សោយ​របស់​មនុស្ស ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ការមានកំណត់​នៃ​ជីវិត​រមែង​ស្លាប់​របស់​បុរស​ទាំងនេះ បញ្ជាក់​យ៉ាង​ពិត​ប្រាកដ​ពី​ប្រភព​នៃ​វិវរណៈ​ដ៏​ទេវភាព ដែល​កើតមាន​មក​តាមរយៈ​ពួកលោក ។ ពិតណាស់ បុរស​ទាំងនេះ​ត្រូវ​បាន​ហៅ​ដោយព្រះ​តាមរយៈ​ការព្យាករណ៍ ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។

គំរូ​នៃ​ការ​រៀបចំ

យ៉ាង​ហោចណាស់​ខ្ញុំ​បាន​សង្កេត​មើល​នៅក្នុង​បងប្អូន​ប្រុស​របស់​ខ្ញុំ ចំណែក​មួយ​នៃ​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការ​ឲ្យ​មាន​បុរស​ចាស់ទុំ និង​ចេះ​វិនិច្ឆ័យ បម្រើ​នៅ​ក្នុង​តំណែង​ដឹកនាំ​រៀម​ច្បង​ក្នុង​សាសនាចក្រ ។ បុរស​ទាំងនេះ​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់​ដែល​ពួកលោក​ធ្វើ​ជា​តំណាង បម្រើ និង​ស្រឡាញ់ អស់​មួយ​រយៈពេល​វែង ។ ពួកលោក​បាន​រៀន​ដើម្បី​យល់​ភាសា​ដ៏​ទេវភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​គំរូ​របស់​ព្រះអម្ចាស់​ក្នុង​ការទទួល​វិវរណៈ ។ បុរស​សាមញ្ញ​ទាំងនេះ ស្ថិត​នៅក្នុង​ដំណើរ​ការ​នៃការ​អភិវឌ្ឍ​ដ៏​ខ្លាំង​បំផុត ដើម្បី​ពង្រីក​​​ទស្សនៈ​វិស័យ​របស់​ពួកលោក ជះឥទ្ធិពល​ដល់​យោបល់​របស់​ពួកលោក បង្កើត​នៅ​ក្នុង​ខ្លួន​ពួកលោក​នូវ​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​មកពី​គ្រប់​ជាតិសាសន៍ និង​គ្រប់​​ស្ថានភាព ហើយ​បញ្ជាក់​ពី​ភាព​ពិត​នៃ​ការ​ស្ដារឡើងវិញ ។

ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ដដែលៗ​អំពី​ការ​ព្យាយាម​ដ៏​ឧស្សាហ៍​របស់​បង​ប្អូនប្រុស​ខ្ញុំ ដើម្បី​បំពេញ និង​តម្កើង​ទំនួលខុសត្រូវ​របស់​ពួកលោក ខណៈ​ពេល​ដែល​ពុះពារ​នឹង​បញ្ហា​ខាង​រូបកាយ​ដ៏​ធ្ងន់ធ្ងរ ។ បុរស​ទាំងនេះ​ពុំ​បាន​រស់នៅ​ដោយ​គ្មាន​ការរងទុក្ខ​ឡើយ ។ ប៉ុន្ដែ​ពួក​លោក ត្រូវ​បាន​ប្រទានពរ និង​ពង្រឹង​កម្លាំង​ដើម្បី​ដើរ​ឆ្ពោះទៅមុខ​ដោយ​អង់អាច ខណៈ​ដែល​កំពុង​រងទុក្ខ​ក្នុង​ការឈឺចាប់ ។

ពេល​បម្រើ​ជាមួយ​នឹង​អ្នកតំណាង​របស់​ព្រះអម្ចាស់​ទាំងនេះ ខ្ញុំ​បាន​ដឹង​អំពី​បំណងប្រាថ្នា​ដ៏​មហិមា​របស់​ពួកលោក គឺ​ចង់​ញាណ​ដឹង ហើយ​ធ្វើ​តាមព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​របស់​ពួកលោក និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ។ នៅពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា ការ​បំផុស​គំនិត​ត្រូវ​បាន​ទទួល ហើយ​ការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើឡើង ដែល​ឆ្លុះ​បញ្ចាំង​អំពី​កម្រិត​នៃ​ពន្លឺ និង​សេចក្ដីពិត ហួស​ពី​បញ្ញា ហេតុផល និង​បទពិសោធន៍​ដឹង​របស់​មនុស្ស​ទៅ​ទៀត ។ នៅពេល​យើង​ធ្វើការ​ជាមួយគ្នា​ដោយ​មាន​សាមគ្គីភាព​នៅក្នុង​បញ្ហា​លំបាកៗ ការ​យល់ដឹង​អំពី​បញ្ហា​ជា​រួម​របស់​យើង បាន​ពង្រីក​ឡើង​តាម​របៀប​ដែល​អស្ចារ្យ ដោយ​សារ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​មាន​ពរ​ដើម្បី​សង្កេត​មើល​ឃើញ​ជា​ប្រចាំ​នូវ​ចរិតលក្ខណៈ សមត្ថភាព និង​ចរិត​របស់​ពួក​លោក​ម្នាក់ៗ​ដែល​ជា​អ្នកដឹកនាំ​ដ៏​ថ្លៃថ្នូរ​ទាំងនេះ ។ មនុស្ស​មួយ​ចំនួន​បាន​រាប់ថា​ភាព​មិនល្អ​ឥតខ្ចោះ​របស់​បងប្អូនប្រុស​ទាំងនេះ​ក្នុង​នាម​ជា​មនុស្ស គឺជា​បញ្ហា និង​ការ​បាត់បង់​សេចក្ដីជំនឿ ។ សម្រាប់​ខ្ញុំ​ភាព​មិន​ល្អ​ឥតខ្ចោះទាំងនោះ គឺជា​ការលើកទឹកចិត្ត និង​ការ​លើកកម្ពស់​សេចក្ដីជំនឿ ។

មេរៀន​បន្ថែម

ឥឡូវ​ខ្ញុំ​បាន​ឃើញ​បងប្អូនប្រុស​ប្រាំ​នាក់​របស់​ខ្ញុំ ទទួល​នូវ​ការ​ផ្លាស់ប្ដូរ តាមរយៈ​សេចក្ដី​ស្លាប់ខាង​រូបកាយ​ទៅ​ទទួល​ទំនួលខុសត្រូវ​ថ្មី​នៅ​ក្នុង​ពិភព​វិញ្ញាណ ៖ ប្រធាន​ ជែមស៍ អ៊ី ហ្វោស្ដ, ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី, អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន អែលឌើរ អិល ថម ភែរី, និង​ប្រធាន ប៊យដ៍ ឃេ ផាកកឺ និង អែលឌើរ រីឆាដ ជី ស្កត ។

បុរស​ដ៏​អង់អាច​ទាំងនេះ​បាន​លះបង់ « អស់ពី​ព្រលឹង​ទាំងមូល » របស់​ពួក​លោក ( អោមណៃ ១:២៦ )—ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ។ ការ​បង្រៀន​សរុប​ជា​រួម​របស់​ពួកលោក គឺ​ពុំអាច​កាត់ថ្លៃ​បាន​ឡើយ ។

ពួកអ្នក​បម្រើ​ទាំងនេះ បាន​ចែកចាយ​ជាមួយ​យើង​នៅក្នុង​ឆ្នាំ​បញ្ចប់​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ពួកលោក​នូវ​មេរៀន​ដ៏​សង្ខេប​ខាង​វិញ្ញាណ​ប្រកប​ដោយ​អានុភាព ដែល​ត្រូវ​បាន​រៀន​អស់​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ការបម្រើ​ដែល​បាន​ឧទ្ទិស​នេះ ។ ពួកអ្នកដឹកនាំ​ទាំងនេះ​បាន​ប្រាប់​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​មាន​តម្លៃ​មហិមា​នៅគ្រា​មួយ ដែល​មនុស្ស​មួយ​ចំនួន​អាច​នឹង​ជឿ​ថា ពួកលោក​បាន​ផ្ដល់​ឲ្យ​តែ​តិចតួច​ប៉ុណ្ណោះ ។

ចូរ​ពិចារណា​អំពី​ការបង្រៀន​ចុង​ក្រោយ​របស់​ពួកព្យាការី​ដ៏​ឆ្នើម​នៅក្នុង​បទគម្ពីរ ។ ឧទាហរណ៍ នីហ្វៃ បាន​បញ្ចប់​កំណត់ត្រា​របស់​លោក​ដោយ​ពាក្យ​សម្ដី​ទាំងនេះ ៖ « ដ្បិត​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា​ដូច្នេះ ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព​ធ្វើតាម » ( នីហ្វៃទី ២ ៣៣:១៥ ) ។

នៅ​ជិត​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក យ៉ាកុប បាន​ដាស់តឿន​ថា ៖

« ចូរ​អ្នករាល់គ្នា​ប្រែចិត្ត​ចុះ ហើយ​ចូល​តាម​ទ្វារ​តូច ហើយ​បន្ដ​ទៅតាម​ផ្លូវ​ចង្អៀត រហូត​ដល់អ្នក​បាន​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« ចូរ​មាន​ប្រាជ្ញា​ឡើង ចុះ​តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត ? » ( យ៉ាកុប ៦:១១–១២ ) ។

មរ៉ូណៃ​បាន​បញ្ចប់​កិច្ចការ​របស់​លោក​ក្នុង​ការ​រៀបចំ​ផ្ទាំង​ចំណារ​ទាំង​គិត​ទុកជាមុន​ដោយ​ក្ដី​សង្ឃឹម​អំពី​ការ​រស់ឡើងវិញ ៖ « មិន​យូរ​ប៉ុន្មាន​ទេ ខ្ញុំ​នឹង​ទៅ​សម្រាក​នៅ​ឯ​ស្ថាន​បរមសុខ​នៃ​ព្រះ លុះ​ដល់​វិញ្ញាណ និង​រូបកាយ​ខ្ញុំ​បាន​រួមគ្នាវិញ ហើយ​ខ្ញុំ​នឹង​ត្រូវ​ចេញមក​ដោយជោគជ័យ កាត់តាម​អាកាស ដើម្បីមក​ជួប​អ្នករាល់គ្នា នៅខាង​មុខ​វេទិកា​ជំនុំជំរះ​ដ៏​គាប់​ព្រះហឬទ័យ​នៃ​ព្រះយេហូវ៉ា​ដ៏មហិមា ដែល​ជា​ចៅក្រម​ដ៏​អស់កល្បជានិច្ច​នៃ​មនុស្ស​រស់ និងមនុស្ស​ស្លាប់​ផង » (មរ៉ូណៃ ១០:៣៤ ) ។

អ្នក និង​ខ្ញុំ​មានពរ​ដើម្បី​រៀន​មកពី​ការបង្រៀន និង​ទីបន្ទាល់​ចុងក្រោយ​របស់​ពួកព្យាការី និង​ពួកសាវក​ថ្ងៃ​ចុង​ក្រោយ ។ ឈ្មោះ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ពុំ​មែនជា​ នីហ្វៃ, យ៉ាកុប និង មរ៉ូណៃ​ទេ-- តែ​ជា​ប្រធាន​ហ្វោស្ដ ប្រធាន​ ហ៊ីងគ្លី អែលឌើរ វ៉ីតលីន អែលឌើរ ភែរី ប្រធាន ផាកកឺ និង អែលឌើរ ស្កត ។

ខ្ញុំ​ពុំ​ផ្ដល់​យោបល់​ថា សារលិខិត​ចុង​ក្រោយ​របស់​បុរស​ជាទីស្រឡាញ់​ទាំងនេះ​ចាំបាច់ គឺ​មានតម្លៃ​ដ៏​អស្ចារ្យ ឬ​សំខាន់​បំផុត​ក្នុង​ការ​បម្រើ​របស់​ពួកលោក​នោះ​ទេ ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ការ​រៀនសូត្រ​ខាង​វិញ្ញាណ និង​បទពិសោធន៍​ជីវិត​​ទាំង​មូល​​របស់​ពួកលោក បាន​ជួយ​អ្នកដឹកនាំ​ទាំងនេះ​គូស​បញ្ជាក់​អំពី​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច​ដោយ​ភាពពិត​ទាំងស្រុង និង​អំណាច​ជ្រាត​ចូល​ដ៏​អស្ចារ្យ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

នៅក្នុង​សុន្ទរកថា​សន្និសីទ​ចុង​ក្រោយ​របស់​លោក ក្នុង​ខែ​មេសា ឆ្នាំ ២០០៧ ប្រធាន ហ្វោស្ដ​បាន​ប្រកាស​ថា ៖

« ព្រះអង្គ​សង្គ្រោះ បាន​ប្រទាន​សេចក្ដីសុខសាន្ដ​ដ៏​មាន​តម្លៃ​មួយ​ដល់​យើង​ទាំងអស់គ្នា តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្តែ​នោះ​អាច​កើត​មាន​តែ​នៅពេល​ណា​យើង​មាន​ឆន្ទៈ​ដើម្បី​បណ្ដេញ​អារម្មណ៍​អវិជ្ជមាន​នៃ​កំហឹង គំនុំ ឬ​ការ​សងសឹក​ចោល​ចេញ​ប៉ុណ្ណោះ ។ …

« ចូរ​យើង​ចងចាំ​ថា យើង​ត្រូវការ​ការអភ័យទោស ក្លាយ​ទៅ​ជា​ត្រូវ​បាន​អភ័យទោស ។ … ខ្ញុំ​ជឿ​ដោយ​អស់​ពី​ដួងចិត្ត និង ព្រលឹង​របស់​ខ្ញុំ ទៅលើ​អំណាច​នៃ​ការព្យាបាល​ដែល​កើត​មាន​ចំពោះ​យើង នៅពេល​យើង​ធ្វើតាម​ឱវាទ​របស់​ព្រះអង្គ​សង្គ្រោះ ‹ ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់ › [ គ និង ស ៦៤:១០ ] » ( « The Healing Power of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៩ ) ។

សារលិខិត​របស់​ប្រធាន ហ្វោស្ដ គឺ​ជា​មេរៀនដ៏​មាន​អានុភាព​មួយ​ក្នុង​ជីវិតមក​ពី​បុរស​ដែល​ខ្ញុំ​ស្រឡាញ់ និង ចេញ​មក​ពី​មនុស្ស​ដែល​មាន​ការអភ័យ​ទោស​បំផុត​មួយ​រូប​តាម​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន​ហ៊ីងគ្លី ក៏​បានថ្លែង​ទីបន្ទាល់​នៅក្នុង​សន្និសីទ​ទូទៅ​មុន​របស់​លោក នៅក្នុង​ខែ តុលា ឆ្នាំ ២០០៧ ៖ « ខ្ញុំ​សូម​​បញ្ជាក់ជា​សាក្សី​អំពី​ការ​ហៅ​បម្រើ​របស់​ព្យាការី​យ៉ូសែប អំពី​ការងារ​នេះ អំពី​ការបិទភ្ជាប់​ទីបន្ទាល់​របស់​លោក​ដោយ​លោហិត​របស់​លោក ពេល​ធ្វើ​ទុក្ករកម្ម​ដើម្បី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ … អ្នក និង​ខ្ញុំ ត្រូវ​បាន​ប្រឈម​មុខ​នឹង​សំណួរ​ចំៗ​អំពីការ​ទទួលយក​សេចក្ដីពិត​នៃ​ការ​និមិត្ត​ដំបូង និង​អ្វី​ដែល​កើតមាន​តាម​ក្រោយ​មក​នោះ ។ សំណួរ​មួយ​អំពីភាព​ពិត​របស់​វា​គឺ​ផ្ដោត​ទៅលើ​សុពលភាព​នៃ​សាសនាចក្រ​នេះ ។ ប្រសិនបើ​ការនិមិត្ត​​ជា​សេចក្ដីពិត ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​វា​ពិត នោះ​កិច្ចការ​ដែល​យើង​កំពុងធ្វើ​គឺជា​កិច្ចការ​សំខាន់​នៅលើ​ផែនដី » ( « The Stone Cut Out of the Mountain,» Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៦ )។

សាក្សី​មក​ពី​ប្រធាន​ហ៊ិងគ្លី បញ្ជាក់​នូវ​មេរៀន​ដ៏​មាន​អានុភាព​មួយ​ក្នុង​ជីវិត ចេញ​មក​ពី​បុរស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ដឹង​ថា លោក​គឺជា​ព្យាការី​របស់​ព្រះ​មួយ​រូប ។

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

អែលឌើរ វ៉ឺតលីន បាន​ផ្ដល់​នូវ​សារលិខិត​សន្និសីទ​ទូទៅ​ចុង​ក្រោយ​របស់​លោក នៅ​ខែ​តុលា ឆ្នាំ ២០០៨ ។

« ខ្ញុំ​នៅ​ចងចាំ​ដំបូន្មាន [ របស់​ម្ដាយ​ខ្ញុំ ] ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំនៅ​ថ្ងៃ​មួយ​ជា​យូរ​មកហើយ ពេល​ក្រុម​របស់​ខ្ញុំ​ចាញ់​ការ​លេង​បាល់​ឱប ។ ‹ រឿង​អ្វី​កើតឡើង​ឲ្យ​កើត​ទៅ ចូរ​ស្រឡាញ់​វា › ។

« … ភាព​មិន​អនុគ្រោះ បើ​យើង​គ្រប់គ្រង​ដោយ​ត្រឹមត្រូវ នោះ​វា​អាច​ក្លាយជា​ពរជ័យ​មួយ​នៅក្នុង​ជីវិត​របស់​​យើង ។ …

« នៅ​ពេល​យើង​ទន្ទឹង​ចាំ​ការ​ចេះលេងសើច ស្វែងរក​ទស្សនៈ​វិស័យ​ដ៏​អស់​កល្បជានិច្ច យល់​អំពី​គោលការណ៍​នៃ​ការ​បង់ថ្លៃ​សង ហើយ​ខិត​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​អាច​ស៊ូទ្រាំ​ការលំបាក និង​ការ​សាកល្បង ។ យើង​អាច​និយាយ ដូច​ម្ដាយ​របស់​ខ្ញុំ​ថា ‹ រឿង​អ្វី​កើតឡើង​ឲ្យ​កើត​ទៅ ចូរ​ស្រឡាញ់វា › » ( « Come What May, and Love It, » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។

សារលិខិត​របស់​អែលឌើរ វ៉ឺតលីន គឺជា​មេរៀន​ដ៏​មាន​អានុភាព​មួយ​នៃ​ជីវិត ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ចេញ​​មក​ពី​បុរស​ម្នាក់​ដែល​មាន​​ទេសនកថា​ដ៏​រស់រវើក​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​លំបាកៗ​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អែលឌើរ អិល ថមភែរី

អែលឌើរ ភែរី​បានឈរ​នៅ​វេទិកា​នេះ​កាលពី​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ ។ ពេល​នោះ យើង​មិន​នឹក​ស្មាន​ដល់​ថា ទីបន្ទាល់​របស់​លោក នឹង​ជា​ទីបន្ទាល់​ចុង​ក្រោយ​របស់​លោក​ក្នុង​សន្និសីទទូទៅ​នោះ​ទេ ។

« សូម​ឲ្យ​ខ្ញុំ​បញ្ចប់​ដោយ​ថ្លែង​បន្ទាល់ ( នៅ​​វ័យ​ប្រាំបួន​ទសវត្សរ៍​របស់​ខ្ញុំ​នៅលើ​ផែនដី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​លទ្ធភាព​ពេញលេញ​នឹង​និយាយ​ការណ៍​នេះ ) ថា​ខ្ញុំ​កាន់តែ​ចាស់​ប៉ុណ្ណា ខ្ញុំ​កាន់តែ​ទទួល​ស្គាល់​ថា គ្រួសារ​ជា​ស្នូល​នៃ​ជីវិត ហើយ​ជា​កូនសោ​ចាក់​បើក​យក​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។

« ខ្ញុំ​អរគុណ​ដល់​ភរិយា​ខ្ញុំ កូនៗ​ខ្ញុំ ចៅៗ និង ចៅៗ​ទួត​ខ្ញុំ និង … សាច់ញាតិ​ ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​បាន​បរិបូរណ៌​ក្រៃលែង មែនហើយ​គឺ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សី​ដ៏​រឹងមាំ​បំផុត និង​ពិសិដ្ឋ​បំផុត​របស់ខ្ញុំ អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​នេះ » (« Why Marriage and Family Matter—Everywhere in the World, » Liahona, ខែ ឧសភា ឆ្នាំ ២០១៥, ៤២) ។

សារលិខិត​របស់​អែលឌើរ ភែរី គឺ​ជា​មេរៀន​ជីវិត​មួយ​មកពី​បុរស​ដែល​ខ្ញុំគោរព​​ស្រឡាញ់ ដែល​យល់ដឹង​តាមរយៈ​បទពិសោធន៍​​ទំនាក់ទំនង​ដ៏​សំខាន់​ទូលំទូលាយ រវាង​គ្រួសារ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

ប្រធាន​ផាកកឺ បាន​គូស​បញ្ជាក់​នៅក្នុង​សន្និសីទ​ទូទៅ​កាល​ពីប្រាំមួយ​ខែ​កន្លង​ទៅ​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។

« ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះដ៏មាន​ព្រះជន្មរស់ ។ ទ្រង់​ជា​អង្គ​ដឹកនាំ​សាសនាចក្រ​នេះ ។ តាមរយៈ​ដង្វាយធួន​ទ្រង់ និង អំណាច​នៃ​បព្វជិតភាព នោះ​ក្រុមគ្រួសារ​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ អាច​នៅ​ជាមួយ​គ្នា​រហូត​ដល់​អស់កល្ប​ជានិច្ច ។ …

« ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ … ដង្វាយធួន​ដែល​អាច​លាង​សម្អាត​គ្រប់​ប្រឡាក់​ស្នាម​មិន​ថា វា​លំបាក ឬ​យូរ​ប៉ុណ្ណា ឬ​ញឹកញាប់​ប៉ុណ្ណា​ទេ ។ ដង្វាយធួន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​ជា​ថ្មី ដើម្បី​ឆ្ពោះ​ទៅ​មុខ​ដោយ​ស្អាតបាត និង​សក្ដិសម » («The Plan of Happiness, » Liahona, ខែ ឧសភា ឆ្នាំ ២០១៥, ២៨ ) ។

សារលិខិត​ចុង​ក្រោយ​របស់​ប្រធាន ផាកកឺ គឺជា​មេរៀន​ជីវិត​មួយ ពី​បុរស​ដែល​ខ្ញុំ​គោរព​ស្រឡាញ់ ហើយ​ចេញ​មកពី​បុរស​ម្នាក់​ដែល​បាន​ប្រកាស​ដោយ​មុតមាំ និង​ដដែលៗ​ថា គោលបំណង​« នៃ​សកម្មភាព​សាសនាចក្រ​ទាំងអស់​ក្នុង​សាសនាចក្រ គឺ​ដើម្បី​មើល​ថា​ស្វាមី និង​ភរិយា​រួម​នឹង​កូនៗ​ពួកគេ​មាន​ក្ដីរីករាយ​នៅ​ក្នុង​គេហដ្ឋាន និង​បាន​ផ្សារភ្ជាប់​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( Liahona, ខែ ឧសភា ឆ្នាំ ២០១៥, ២៦ ) ។

រូបភាព
អែលឌើរ រីឆាត ជី ស្កត

អែលឌើរ ស្កត បាន​ប្រកាស​នៅក្នុង​សុន្ទរកថា​នៃ​សន្និសីទ​ចុង​ក្រោយ​របស់​លោក នៅខែ​តុលា ឆ្នាំ ២០១៤ ៖ « ពិតណាស់ យើង​បាន​មក​ក្នុង​ជីវិត​រមែងស្លាប់ ដើម្បី​មាន​ការរីកចម្រើន​ពី​ការសាកល្បង​ទាំងឡាយ ។ ឧបសគ្គ​នានា​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​យើង ហើយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ទាំងនោះ​បាន។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​មក​រក​ទ្រង់​ដោយ​សកម្ម នោះ​យើង​អាច​ស៊ូទ្រាំ​គ្រប់​ការ​ល្បួង គ្រប់ការ​ឈឺចាប់ គ្រប់​ឧបសគ្គ​ដែល​យើង​ជួប « ( « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤, ៩៤) ។

សារលិខិត​របស់​អែលឌើរ ស្កត គឺ​ជា​មេរៀន​ជីវិត​ប្រកប​ដោយ​អានុភាព ចេញ​មកពី​បុរស​ដែល​ខ្ញុំ​ស្រឡាញ់ និង​ជាសាក្សី​ពិសេស​សំណព្វ​មួយ​រូប​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ( សូមមើល គ និង ស ១០៧:២៣) ។

ការសន្យា និង​ទីបន្ទាល់

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ( គ និង ស ១:៣៨ ) ។ សូម​ឲ្យ​យើង​ស្ដាប់ និង​ប្រុង​ស្ដាប់​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ដែល​បាន​បង្រៀន​ដោយ​អ្នក​តំណាង​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យា​ថា ជំនឿ​របស់​យើង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ត្រូវ​បាន​ការពារ ហើយ​យើង​នឹង​ទទួលបាន​ការណែនាំ​និង​ការការពារ​ខាង​វិញ្ញាណ សម្រាប់​ស្ថានភាព និង​តម្រូវ​ការ​ជាក់លាក់​របស់​យើង ។

ដោយ​អសើ​ពី​ថាមពល​នៃ​ព្រលឹង​របស់​ខ្ញុំ​ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង មាន​ព្រះជន្ម​រស់ ទ្រង់​ដឹកនាំ​កិច្ចការ​ទាំងឡាយ​នៃ​សាសនាចក្រ​ដ៏​សកម្ម និង ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់​តាមរយៈ​ពួកអ្នក​បម្រើ​របស់​ទ្រង់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​នាម​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។