ឆ្នាំ ២០១០-២០១៩
ការរកឃើញ​ភាព​ជាព្រះ​នៅក្នុងខ្លួន
តុលា 2015


ការរកឃើញ​ភាព​ជាព្រះ​នៅក្នុងខ្លួន

យើង​មក​កាន់​ផែនដី​នេះ​ដើម្បី​ចិញ្ចឹម​បីបាច់ និងរុករក​​​គ្រាប់ពូជ​នៃ​និស្ស័យ​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ។

បងប្អូន​ស្រី ពួក​យើង​ស្រឡាញ់​បងប្អូនណាស់ ! ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា ជីវិត​នេះ គឺជា​អំណោយមួយ ។ ព្រះមានផែនការ​មួយ​សម្រាប់​យើង​ម្នាក់ៗ ហើយ​គោលបំណង​របស់​យើង​ម្នាក់ៗ​មាន​តាំង​ពីមុន​យើង​មក​កាន់​ផែនដីនេះ​មក​ម្ល៉េះ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួលស្គាល់​អព្ភូតហេតុ​នៃ​កំណើត​របស់​ទារក​ម្នាក់​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះអម្ចាស់ ។ យើងម្នាក់ៗ​អភិវឌ្ឍ​រាងកាយ​នៅក្នុង​ផ្ទៃ​ម្ដាយ​របស់​យើង កាល​យើងពឹងផ្អែក​ទៅលើ​រូបកាយ​របស់​គាត់​ជាច្រើន​ខែ ដើម្បី​ផ្គត់ផ្គង់​យើង ។ ប៉ុន្តែ​នៅទីបំផុត ដំណើរការ​នៃការ​ចាប់​កំណើត--ជា​ព្រឹត្តការណ៍​សំខាន់​​សម្រាប់​ទាំង​ម្ដាយ និង​ទារក--​បាន​ញែក​យើង​ចេញ​ពី​គ្នា ។

រូបភាព
ទារក​ទើប​កើត

នៅ​ពេល​ទារក​ចេញ​មក​ក្នុង​ពិភពលោក​នេះ បំរែបំរួល​សីតុណ្ហភាព និងពន្លឺ ព្រមទាំង​ការប្រលែង​សម្ពាធ​ពី​ដើម​ទ្រូង​របស់​ទារក នាំ​ឲ្យ​ទារក​នោះ​ចាប់​ផ្ដើម​ដក​ដង្ហើម​ជា​លើក​ដំបូង ។ សួត​តូចៗ​ទាំង​នោះ​បាន​បំពេញ​ដោយ​ខ្យល់​ភ្លាម​នៅគ្រា​ដំបូង សរីរាង្គ​នានា​ចាប់​ផ្ដើម​មាន​សកម្មភាព ហើយ​ទារក​ចាប់​ផ្ដើម​ដក​ដង្ហើម ។ នៅពេល​ទងផ្ចិត​ត្រូវ​គេ​បាន​ចង តំណជីវិត​រវាង​ម្ដាយ និង​ទារក បាន​បែក​ចេញ​ពី​គ្នា​ជា​រៀង​រហូត ហើយ​ជីវិត​របស់​ទារក​បាន​ចាប់​ផ្ដើម​នៅលើ​ផែនដី ។

យ៉ូប​បាន​ពោល​ថា « ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​បង្កើត​ខ្ញុំ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​បាន​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជីវិត » ។1

យើង​មក​កាន់​ពិភពលោក​នេះ « នាំ​យក​សិរីល្អ​ខ្លះពី​ស្ថានសួគ៌ » មកជាមួយ ។2 « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក» បង្រៀន​​ថា ​យើង​ម្នាក់ៗ « ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះបិតា​មាតា​សួគ៌ » ហើយ « យើង​ម្នាក់ៗ​មាន​ « និស្ស័យ និង​ជោគ​វាសនា​នៃព្រះ » ។3 ព្រះវរបិតា​សួគ៌​បាន​ចែក​ចំណែក​មួយ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​ជាមួយ​នឹង​យើង​ដោយ​សប្បុរស ។ និស្ស័យ​នៃ​ព្រះ​នោះ កើត​មាន​ជា​អំណោយ​ទាន​មួយ​មក​ពី​ទ្រង់​ជាមួយ​នឹង​ក្ដី​ស្រឡាញ់​មួយ​ដែល​មាន​តែ​ឪពុក​ម្ដាយ​ប៉ុណ្ណោះ​ទើប​ដឹង ។

យើង​មក​កាន់​ផែនដី​នេះ​ដើម្បី​ចិញ្ចឹម​បីបាច់ និងរុករក​​​គ្រាប់ពូជ​នៃ​និស្ស័យ​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ។

យើង​ដឹង​ពី​ហេតុផល

អេលីន ខានុន ជា​អតីត​ប្រធាន​យុវនារី​ទូទៅ បាន​មានថ្លែង​ថា « នៅក្នុងជីវិត​របស់​ស្ត្រីគឺ​មាន​ថ្ងៃ​សំខាន់​ពីរ ៖ ថ្ងៃ​ដែល​នាង​កើត​មក និង​ថ្ងៃ​ដែល​នាង​ដឹង​ពី​ហេតុផល » ។4

យើង​ដឹង​ពី​ហេតុផល ។ យើង​កើត​មក​លើ​ផែនដី​នេះ​ដើម្បី​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​ ហើយ​រៀបចំ​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ព្យាយាម​ធ្វើតាម​ទ្រង់​​គ្រប់ដង្ហើម​ចេញចូល​របស់​យើង ។ និស្ស័យ​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​ម្នាក់ៗ ត្រូវ​បាន​បន្សុទ្ធ ហើយ​តម្កើង​ឡើង​ដោយ​កិច្ច​ខិតខំ​ដែល​យើង​ធ្វើ​ដើម្បី​ខិត​ទៅ​កាន់​តែ​ជិត​ព្រះបិតា និង​ព្រះរាជ​បុត្រា​ទ្រង់ ។

និស្ស័យ​នៃ​ព្រះ​របស់​យើង គឺ​ពុំ​ទាក់​ទង​នឹងការ​សម្រេច​បាន​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​យើង ដូចជា​ ឋានៈ​ដែល​យើង​មាន ចំនួន​ការ​រត់​ប្រណាំង​ដែល​យើង​រត់ ឬ​ប្រជាប្រិយភាព និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​របស់​យើងនោះទេ ។ និស្ស័យ​នៃ​ព្រះ​របស់​យើង​កើត​មក​ពី​ព្រះ ។ វា​បាន​បង្កើត​ឡើង​នៅក្នុង​ជីវិត​មួយ​ពីមុន​កំណើត​របស់​យើង ហើយ​នឹង​បន្ដ​រហូត​ដល់​អស់កល្ប​ជានិច្ច ។

យើង​ត្រូវបាន​​ស្រឡាញ់​

យើង​សម្គាល់​នូវ​និស្ស័យ​នៃព្រះ​របស់​យើង នៅពេល​យើង​ផ្ដល់ និង​ទទួលអារម្មណ៍​នៃ​ក្ដីស្រឡាញ់​របស់ព្រះបិតា​ដែល​គង់នៅស្ថាន​សួគ៌​របស់​យើង ។ យើង​មាន​សិទ្ធិ​សេរីភាព​ដើម្បី​បីបាច់​វា ឲ្យ​រីកលូតលាស់ ។ ពេត្រុស​បាន​ពោល​ថា យើង​ត្រូវ​បាន​ « ​ប្រទាន​សេចក្តី​សន្យា​ដ៏​ធំ​បំផុត » ឲ្យ ដើម្បី​យើង « ​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ។5 នៅពេល​យើង​យល់​ថា​ខ្លួន​យើង​ជា​នរណា--ជា​បុត្រី​នៃ​ព្រះ-- នោះ​យើង​ចាប់​ផ្ដើម​យល់​អំពី​សេចក្ដីសន្យា​ដ៏​ធំ​បំផុត​ទាំងឡាយ​នោះ ។

ការ​មើល​ទៅ​ក្រៅ​បង្អួច មិនគ្រាន់តែ​មើល​ទៅ​ក្នុង​កញ្ចក់ អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​ខ្លួន​យើង​ដូចជា​ទ្រង់ ។ យើង​ងាក​ទៅរក​ទ្រង់ក្នុងការ​អធិស្ឋាន​ដោយ​ធម្មតា ហើយ​យើង​​ចង់​អាន​ព្រះបន្ទូល​ទ្រង់ ហើយ​ធ្វើ​តាមព្រះទ័យ​ទ្រង់ ។ យើងអាច​ទទួល​អារម្មណ៍​មានតម្លៃ​ផ្ទាល់​ខ្លួនមក​ពី​ទ្រង់ ជាជាង​មកពី​មនុស្ស​ក្នុង​ពិភពលោក​នៅជុំវិញយើង ឬ​អ្នក​នៅក្នុង​ Facebook ឬ Instagram ។

បើ​អ្នក​មានចម្ងល់​អំពីនិស្ស័យ​នៃ​ព្រះ​នៅក្នុង​ខ្លួនអ្នក សូម​លុត​ជង្គង់ចុះ​អធិស្ឋាន ហើយ​ទូល​សួរ​ទៅ​ព្រះវរបិតាសួគ៌​ថា « តើ​ខ្ញុំ​ម្ចាស់​ពិត​ជា​បុត្រី​របស់ទ្រង់​មែនឬ ហើយ​តើ​ទ្រង់​ស្រឡាញ់​ខ្ញុំ​ម្ចាស់​ដែរ​ទេ ? អែលឌើរ អិម រ័សុល បាឡឺដ បាន​ថ្លែង​ថា « សារលិខិត​ដ៏​ផ្អែម​ល្ហែម​បំផុត​មួយ ដែល​ព្រះវិញ្ញាណ​នឹង​​ទំនាក់​ទំនង​ទៅ​អ្នក គឺ​ជា​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចំពោះ​អ្នក » ។6

យើង​ជា​របស់​ផងទ្រង់ ។ ប៉ុល បាន​ពោល​ថា « ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ » ។7 ជាញឹកញាប់ ចម្រៀង​ដំបូង​របស់​កុមារ ដែល​យើង​ច្រៀង​គឺ​បទ « ខ្ញុំ​ជាកូន​របស់ព្រះ » ។8 ឥឡូវ​ជា​ពេល​ដើម្បី​យក​ឃ្លា​​ដ៏​មាន​ន័យ​ « ខ្ញុំ​ជា​កូន​របស់​ព្រះ » មក​បន្ថែម​ពាក្យ​ « ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? » យើង​អាច​នឹង​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​ខ្ញុំ​នឹង​ធ្វើអ្វីខ្លះ ដើម្បី​ខ្ញុំ​អាច​រស់នៅ​ឲ្យ​សមជា​កូន​របស់​ព្រះ ? » « តើ​ខ្ញុំ​អាច​អភិវឌ្ឍ​និស្ស័យ​នៃ​ព្រះ ​ដែល​មាន​នៅក្នុង​ខ្លួន​ខ្ញុំ​យ៉ាង​ដូចម្ដេច ? »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ថ្លែង​ថា « ព្រះ​បាន​បញ្ជូន​អ្នក​មក​ទីនេះ​ដើម្បី​រៀបចំ​សម្រាប់​អនាគត​មួយ​ដ៏​ល្អ​ប្រសើរ​លើស​ពី​អ្វី​ដែល​អ្នក​អាច​នឹក​គិត​ដល់ទៅ​ទៀត » ។9 មួយ​ថ្ងៃ​ម្ដងៗ អនាគត​នោះ នឹង​មាន​ជីវិត​ឡើង នៅពេល​អ្នក​ធ្វើច្រើនជាង​គ្រាន់តែ​មានវា ហើយ​វា​កើត​មានយ៉ាង​រស់​រវើក ​នៅពេល​អ្នក​រស់នៅ​ដើម្បី​បំពេញ​​តាម​រង្វាស់​នៃ​ការ​បង្កបង្កើត​របស់អ្នក ។​ ការណ៍​នេះ​យាង​ឲ្យ​ព្រះអម្ចាស់​ចូល​មក​ក្នុង​ជីវិត​របស់អ្នក ហើយ​អ្នក​ចាប់​ផ្ដើម​ទុក​ឲ្យ​ព្រះទ័យ​ទ្រង់​ក្លាយ​ជា​ឆន្ទៈ​របស់​អ្នក ។

យើង​រៀន​ដោយសារ​តែ​និស្ស័យ​នៃ​ព្រះ​របស់​យើង

និស្ស័យ​នៃ​ព្រះ​ដឹកនាំ​ឲ្យ​យើង​មាន​បំណងប្រាថ្នា​ចង់​ដឹង​សេចក្ដីពិត​ដ៏​អស់កល្ប​ទាំងនេះ​ដោយ​ខ្លួន​យើង ។​

ថ្មីៗ​នេះ​មាន​យុវនារី​ម្នាក់​ឈ្មោះ អាមី ​បាន​បង្រៀន​ខ្ញុំ​មេរៀន​នេះ ពេល​នាង​សរសេរ ៖ « សព្វថ្ងៃ​នេះ​ការ​ធ្វើ​ជា​យុវវ័យ​ម្នាក់​គឺ​មាន​ការ​លំបាក​ណាស់ ។ ផ្លូវ​កាន់តែ​តូច​ចង្អៀត ។ សាតាំង​ពិត​ជា​ព្យាយាម​ខ្លាំង​ណាស់ ។ វា​មាន​តែ​ត្រូវ ឬ​ខុស​ប៉ុណ្ណោះ​​ព្រោះ​គ្មាន​អ្វី​នៅ​កណ្ដាល​ទេ ។

នាង​បាន​បន្ដ ៖ « មិត្តល្អ ពេល​ខ្លះពិបាក​រកណាស់ ។ សូម្បីពេល​អ្នក​គិត​ថា អ្នក​មាន​មិត្ត​ល្អ​ដែល​នឹង​មិន​ចាកចេញ តែ​វា​អាច​ផ្លាស់ប្ដូរ​បាន​ដោយ​សារមូលហេតុ​ណាមួយ ។ នោះជា​ហេតុ​ដែលខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង ដែល​​ខ្ញុំ​មាន​គ្រួសារ ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ធ្វើ​ជា​ដៃគូ​របស់​ខ្ញុំ នៅពេល​ណា​មាន​បញ្ហា​ជាមួយ​នឹង​មិត្ត​ភក្ដិ » ។

អាមី បាន​បន្ដ​ទៀត ៖ « យប់​មួយ ខ្ញុំ​មាន​បញ្ហា ។ ​ខ្ញុំ​បាន​ប្រាប់​បងស្រី​ខ្ញុំ​ថា ខ្ញុំ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ទេ » ។

ក្រោយមក នា​យប់​នោះ បងស្រី​នាង​បាន​ផ្ញើ​សារ​ឲ្យ​នាង ដោយ​ដក​ស្រង់​ពាក្យ​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ពេល​លោក​បាន​ថ្លែង ៖ « កុំរាថយ ។ … កុំ​ឈប់ ។ អ្នក​ត្រូវ​បន្ដ​ដើរ​ទៅមុខ​ទៀត ។ អ្នក​ត្រូវ​បន្ដ​ព្យាយាម ។ មានជំនួយ និង​សុភមង្គល​នៅ​ខាង​មុខ ។ …នៅ​ទីបំផុត​វា​នឹង​​បាន​ប្រសើរ​ឡើង ។ សូម​ទុក​ចិត្ត​ព្រះ ហើយ​ជឿ​ថា​រឿង​ល្អៗ​នឹង​កើតឡើង »។10

អាមី បានពន្យល់​ថា ៖ « ខ្ញុំ​បាន​ចងចាំ​ការ​អាន​នោះ ហើយ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នូវ​ក្ដីស្រឡាញ់​ពី​ព្រះ បើ​ទ្រង់​ពិត​ជា​គង់​នៅ​ទីនោះ​សម្រាប់ខ្ញុំ​មែន » ។

នាង​បាន​​និយាយ៖ «កាល​ខ្ញុំ​បាន​ទូលសូម ហើយ​ជឿ​ថា ទ្រង់​គង់នៅទីនោះ​ភ្លាម​ស្រាប់​តែខ្ញុំ​មាន​អារម្មណ៍​រីករាយ កក់ក្ដៅ​ជា​ទីបំផុត ។ រក​ពាក្យ​មក​ថ្លែង​ពុំ​បាន​ឡើយ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ » ។

ដោយ​សារ​អ្នក​គឺ​ជា​បុត្រី​ទ្រង់ នោះទ្រង់​ជ្រាប​ថា​អ្នកអាច​ប្រែក្លាយ​ជា​យ៉ាងណា ។ ទ្រង់​ជ្រាប​ពី​ភាព​ភ័យខ្លាច និង​សុបិន្ត​របស់​អ្នក ។ ទ្រង់​គាប់ព្រះទ័យ​នឹង​សក្ដានុពល​របស់អ្នក ។ ទ្រង់​រង់​ចាំ​អ្នក​ឲ្យ​មក​រក​ទ្រង់​ក្នុង​ការ​អធិស្ឋាន ។ ដោយសារ​អ្នក​ជា​បុត្រី​ទ្រង់ នោះទ្រង់​ត្រូវការ​អ្នក​ដូចជា​អ្នក​ត្រូវការ​ទ្រង់​ដែរ ។ អ្នក​ទាំងឡាយ​ដែល​អង្គុយ​នៅ​ជុំវិញ​អ្នក​ក្នុងការ​ប្រជុំ​នេះ ត្រូវការ​អ្នក ។ ពិភពលោក​នេះ​ត្រូវការ​អ្នក ហើយ​និស្ស័យ​នៃ​ព្រះ​របស់​អ្នក អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ជា​សិស្ស​ជាទី​ទុក​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​កូនចៅ​ទាំង​អស់​របស់​ទ្រង់ ។ នៅពេលណា​យើង​ចាប់​ផ្ដើម​មើល​ឃើញ​ភាព​ជា​ព្រះ​នៅក្នុង​ខ្លួន​យើង នោះ​យើង​អាច​មើល​ឃើញ​វា​នៅ​ក្នុង​ខ្លួន​អ្នកដទៃ​ដែរ ។

យើងបម្រើ​ដោយសារ​តែ​និស្ស័យ​នៃ​ព្រះ​របស់​យើង

និស្ស័យ​នៃ​ព្រះដឹកនាំ​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់បម្រើ​អ្នកដទៃ ។

រូបភាព
ម្ដាយ និង​កូន អំឡុង​ពេល​មាន​គ្រោះ​ទុរភិក្ស​នៅ អេធីយ៉ូពី

ថ្មីៗ​នេះ សារ៉ុន អ៊ូប៊ែង ជានាយក​សេវាកម្ម​មនុស្ស​ធម៌ និង​សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ បានប្រាប់​អំពី​បទពិសោធន៍​មួយ​ដែល​អែលឌើរ គ្លីន អិល ផេស បាន​ចែកចាយ ។ មាន​គ្រោះទុរភិក្ស និង​គ្រោះ​រាំងស្ងួត​កំពុង​សាយភាយ​នៅក្នុង ​អេធីយ៉ូពី នៅ​ពាក់​កណ្ដាល​ទសវត្សរ៍ ១៩៨០ ។ ដើម្បី​ផ្ដល់​ជំនួយ កន្លែង​​ផ្ដល់​អាហារ​ជាទឹក និង​អាហារ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ទាំងឡាយ​ដែល​អាច​មក​បាន ។ មាន​បុរស​ស្រេកឃ្លាន​ដ៏​ចំណាស់​ម្នាក់​បាន​ដើរ​ចម្ងាយ​យ៉ាង​ឆ្ងាយ​មក​កន្លែង​ចែក​អាហារ ។ កាល​គាត់​បាន​ដើរ​កាត់​ភូមិ​មួយ ​គាត់​ក៏​បាន​​ឮ​សំឡេង​ទារក​យំ ។ គាត់បាន​ខំ​ដើរ​រក​រហូត​គាត់​បាន​ឃើញ​ទារក​តូច​នោះ​អង្គុយ​នៅ​លើ​ដី​ជិត​សព​ម្ដាយ​ខ្លួន ។ បុរស​នោះបាន​លើក​បី​ទារក​ ហើយ​បន្ដ​ដើរ ចម្ងាយ ៤០គ.ម ទៅ​កន្លែង​ចែក​អាហារ ។ កាល​គាត់​មកដល់ ពាក្យដំបូង​ដែល​គាត់​ពោល​ឡើង​គឺ​ពុំមែន​ថា « ខ្ញុំ​ឃ្លាន » ឬ « ជួយ​ខ្ញុំ​ផង » នោះទេ ។ ប៉ុន្តែ​គាត់​បាន​ពោល​ថា « តើ​មាន​អ្វី​​សម្រាប់​ទារក​តូច​នេះទេ ? »11

និស្ស័យ​នៃ​ព្រះ​នៅក្នុង​ខ្លួន​យើង​បញ្ឆេះ​បំណង​ប្រាថ្នា​របស់​យើង​ឲ្យ​ឈោង​ទៅ​ជួយ​អ្នកដទៃ ហើយ​បំផុស​យើង​ឲ្យ​ធ្វើ​សកម្មភាព ។ ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើង​រក​បាន​កម្លាំង​ដើម្បី​ធ្វើ​ដូច្នោះ​បាន ។ តើព្រះអម្ចាស់​សួរ​ដល់​យើង​ថា « តើមាន​អ្វី​សម្រាប់​បុត្រី​នេះ បងប្រុស​នេះ ឪពុក​រូប​នេះ ឬ​មិត្តរូបនេះទេ ?

មាន​តែ​តាមរយៈ​ការ​ខ្សឹប​ប្រាប់​នៃព្រះវិញ្ញាណប៉ុណ្ណោះ ទើប​និស្ស័យ​នៃ​ព្រះ​របស់អ្នក​សង្ស័យ បន្ទាប់​ពីការ​ដកដង្ហើមលើក​ដំបូង អាច​រកឃើញ​ក្ដីសុខសាន្ដ​ដើម្បី​ដកដង្ហើម​ម្ដងទៀតបាន ។

នៅពេល​ព្យាការី​ថ្លែង ពាក្យ​របស់លោក​ឮ​សូរ​ជាមួយ​នឹង​និស្ស័យ​នៃ​ព្រះរបស់​យើង ហើយ​ផ្ដល់​​កម្លាំង​ឲ្យ​យើង​ធ្វើតាម ។

ការ​ទទួលទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ នាំយកក្ដីសង្ឃឹម​ទៅ​រក​ភាព​ជាព្រះ​នៅក្នុង​ខ្លួន​យើង ហើយ​យើង​ចងចាំ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សន្យា​ថា នៅពេល​អ្នក​ព្យាយាម​រក​មើល​ពី​ជម្រៅ​នៃ​និស្ស័យ​នៃព្រះ ដែល​មាន​នៅក្នុង​ខ្លួនអ្នក នោះអ្នក​នឹង​ចាប់​ផ្ដើម​តម្កើង​បន្ថែម​នូវ​អំណោយទាន​ដ៏​មាន​តម្លៃ​របស់​អ្នក ។ ចូរ​ឲ្យ​វា​ដឹកនាំ​អ្នក​ឲ្យ​ប្រែ​ក្លាយ​ជា​បុត្រី​របស់​ទ្រង់ ដោយ​ដើរ​នៅ​លើ​ផ្លូវ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ —ជា​កន្លែង​ដែល​យើង​នឹង​ « ត្រូវ​បាន​ជូន​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ប្រទាន​ដង្ហើម​ដល់ [ យើង ] » ។12 នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូប ៣៣:៤  ។

  2. « Ode: Intimations of Immortality from Recollections of Early Childhood, » The Complete Poetical Works of William Wordsworth ( ឆ្នាំ ១៩២៤), ទំព័រ ៣៥៩ ។

  3. « ក្រុម​គ្រួសារ ៖ A Proclamation to the World » EnsignLiahona ខែ តុលា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  4. Elaine Cannon, «‹Let Me Soar,› Women Counseled,» Church News ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៨១ ទំព័រ ៣ ។

  5. ពេត្រុស ទី ២ ១:៤  ។

  6. អិម រ័សុល បាឡឺដ « Women of Righteousness,» Ensign ខែមេសា ឆ្នាំ ២០០២, ៧២ Liahona ខែ​ធ្នូ ឆ្នាំ ២០០២, ៤២។

  7. រ៉ូម ៨:១៦  ។

  8. សូមមើល « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុកដំកើង លេខ ៣០១ ។

  9. ឌៀថើរ អេស្វ អុជដូហ្វ, « Living the Gospel Joyful, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២១ ។

  10. ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ Liahona ខែ​មករា ឆ្នាំ ២០០០ ទំព័រ ៤៥ ។

  11. សូមមើល Glenn L. Pace « Infinite Needs and Finite Resources» Ensign ខែ មិថុនា ឆ្នាំ ១៩៩៣ ទំព័រ ៥២ Tambuli, ខែ​មិនា ឆ្នាំ ១៩៩៥, ១៨–១៩ ។

  12. នីហ្វៃទី ២ ៩:២៦  ។