ឆ្នាំ ២០១០-២០១៩
ចងចាំ​ដល់​អង្គ​ដែល​យើង​ទុក​ចិត្ត
តុលា 2015


ចងចាំ​ដល់​អង្គ​ដែល​យើង​ទុក​ចិត្ត

សេចក្តី​សង្ឃឹម​របស់​យើង​ដើម្បី​រស់​នៅ​ម្តង​ទៀត​ជាមួយ​ព្រះវរបិតា គឺ​ពឹង​ផ្អែក​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

កាល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ យាយ​ខាង​ម្តាយ​ខ្ញុំ​ដែល​មាន​សក់ស កម្ពស់ ( មួយ​ម៉ែត្រ​កន្លះ ) បាន​មក​លេង​ខ្ញុំ​ពីរបី​សប្តាហ៍​នៅ​ផ្ទះ​របស់​ពួក​ខ្ញុំ ។ នា​រសៀល​មួយ​អំឡុង​ពេល​គាត់​ស្នាក់​នៅ​ទីនោះ បងប្រុស​ពីរ​នាក់​របស់​ខ្ញុំ និង ខ្ញុំ​បាន​សម្រេចចិត្ត​ជីក​រណ្ដៅ​នៅលើ​វាល​មួយ​នៅ​ផ្លូវ​ម្ខាង​ទៀត​ពី​ផ្ទះ​ខ្ញុំ ។ ខ្ញុំ​ពុំ​ដឹង​ថា ហេតុអ្វី​ពួក​ខ្ញុំ​ធ្វើ​ដូច្នោះឡើយ តែភាគច្រើន​ក្មេង​ប្រុសៗ​ជីក​រណ្តៅ ។ យើង​បាន​ប្រឡាក់​ខ្លួន​តិចតួច ប៉ុន្តែ​ពុំមាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ។ ក្មេង​ប្រុស​ផ្សេង​ទៀត​ដែល​ជា​អ្នក​ភូមិផង​របង​ជិត​យើង បាន​ឃើញ​ពី​ក្តីរំភើប​ក្នុងការ​ជីក​រណ្តៅ​នោះ ហើយ​បាន​ចាប់ផ្តើម​ជួយ​ជីក​ពួក​ខ្ញុំ ។ ក្រោយ​មក​ពួក​ខ្ញុំ​ទាំងអស់​គ្នាប្រឡាក់​ខ្លួន​ខ្លាំង​ជាង​មុន ។ ដី​នោះ​រឹង​ណាស់ ដូច្នេះ​ពួក​ខ្ញុំ​បានទាញ​ទុយោ​ទឹក​ស្រោច​សួន​ផ្កា​មក ហើយ​បើក​ទឹក​បន្តិច​ដាក់​ក្នុង​បាត​រណ្តៅ​នោះ ដើម្បី​បន្ទន់​ដី ។ យើង​បាន​ប្រឡាក់​ភក់​ខ្លះៗ​នៅពេល​យើង​ជីក ហើយ​រណ្តៅ​នោះ​វា​កាន់តែ​ជ្រៅ​ទៅៗ ។

មាន​ម្នាក់​ក្នុង​ក្រុម​របស់​ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​គួរតែ​ធ្វើ​រណ្តៅ​របស់​យើង​ឲ្យ​ក្លាយ​ជា​អាង​ហែល​ទឹក​ដូច្នេះ​ពួក​ខ្ញុំបាន​ដាក់​ទឹក​ពេញ​រណ្តៅ​នោះ ។​ ដោយ​សារ​ខ្ញុំ​ក្មេង​ជាង​គេ ហើយ​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​ខ្លួន នោះ​ខ្ញុំ​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​លោត​ចូល​ក្នុង​រណ្តៅ​នោះ ហើយ​សាកល្បង​វា ។ ឥឡូវ​នេះ​ខ្ញុំ​ប្រឡាក់​ពេញ​ខ្លួន​តែ​ម្តង ។ ខ្ញុំ​ពុំ​បាន​ចាប់​ផ្តើម ដោយ​មាន​គម្រោង​ឲ្យ​ប្រឡាក់​ភក់​ពេញ​ខ្លួន​ឡើយ ប៉ុន្តែ​នោះ​ជា​លទ្ធផល​ដែល​ខ្ញុំ​បាន​ទទួល ។

នៅពេល​អាកាសធាតុ​ចាប់ផ្តើម​ត្រជាក់ ខ្ញុំបាន​ឆ្លង​ផ្លូវ​ដោយ​មាន​បំណង​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ យាយ​របស់​ខ្ញុំ​បាន​ជួប​ខ្ញុំ​នៅ​ទ្វារ​មុខ​ផ្ទះ ហើយ​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ក្នុង​ផ្ទះ​ឡើយ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ប្រសិន​បើ​គាត់​ឲ្យ​ខ្ញុំ​ចូល នោះខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្ទះ​ដែល​គាត់​ទើប​តែ​សម្អាត​នោះ​ប្រឡាក់​ហើយ ។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​នឹង​ធ្វើ​ក្នុង​ស្ថានភាព​នោះ ដោយ​រត់​ទៅ​តាម​ទ្វារ​ក្រោយ​ដើម្បី​ចូល​ផ្ទះ ប៉ុន្តែ​គាត់​បាន​ទៅ​ដល់​ទីនោះ​មុន​លឿន​ជាង​ខ្ញុំ​គិត​ទៅ​ទៀត ។ ខ្ញុំ​ខឹង​នឹង​គាត់ ខ្ញុំ​បាន​ទន្ទ្រាំ​ជើង ហើយ​ទាមទារ​ចូល​ទៅ​ក្នុង​ផ្ទះ ប៉ុន្តែ​ទ្វារ​នៅតែ​បិទ ។

ខ្ញុំ​ទទឹក​ខ្លួន​ជោគ ប្រឡាក់​ភក់ រងារ ហើយ​ដោយ​ការគិត​តាម​បែប​កុមារភាព​របស់​ខ្លួន នោះ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​ស្លាប់​នៅ​រាន​ហាល​ក្រោយ​ផ្ទះ​នោះ​ហើយ ។ ទីបំផុត ខ្ញុំ​បាន​សួរ​គាត់​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ។ ពីមុន​ខ្ញុំ​បាន​ដឹង​វា​នោះ ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​កំពុង​ឈរ​នៅ​រានហាល​ខាង​ក្រោយ​ផ្ទះ ខណៈ​ដែល​យាយ​របស់​ខ្ញុំ​បាន​បាញ់​ទឹក​ពី​ទុយោ​ដាក់​ខ្ញុំ ។ បន្ទាប់​ពី​យូរ​ក្រែល​មក យាយ​របស់​ខ្ញុំ​បាន​ប្រកាស​ថា​ខ្ញុំ​ស្អាត​ហើយ ព្រមទាំង​បាន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ ។ ខ្ញុំ​មាន​ភាពកក់​ក្តៅ​ពេល​នៅ​ក្នុង​ផ្ទះ ហើយ​ខ្ញុំ​អាច​ស្លៀកពាក់​ខោអាវ​ស្ងួត​វិញ ។

ជាមួយ​នឹង​ការប្រៀប​ប្រដូច​ពី​ជីវិត​ពិត​បែប​នេះ សូម​ពិចារណា​ពី​ព្រះបន្ទូល​ដូច​តទៅ​នេះ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ « ហើយ​គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អា​ចចូល​ទៅក្នុង​នគរ​របស់​ទ្រង់​បាន​ឡើយ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ចូល​ទៅក្នុង​ទីម្រាក​របស់​ទ្រង់​បាន​ទេ លើកលែង​តែ​អ្នកនោះ បាន​លាង​សម្លៀកបំពាក់​របស់ខ្លួន ដោយ​នូវ​លោហិត​របស់​យើង ពីព្រោះ​មក​ពី​សេចក្តី​ជំនឿ​របស់​គេ និង ការ​ប្រែចិត្ត​ពីគ្រប់​ទាំង​អំពើ​បាប​របស់​គេ និង ការស្មោះត្រង់​របស់​គេ​រហូត​ដល់​ទី​បំផុត » ។

ការឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ត្រូវ​យាយ​របស់​ខ្ញុំ​បាញ់​ទឹក​លាង​ជម្រះ​ខ្លួន​ឲ្យ​នោះ ពុំ​មែនជាទី​រីករាយ និង សុខស្រួល​ឡើយ ។ ការ​ដែល​ត្រូវបាន​បដិសេធ​នូវ​ឱកាស​ដើម្បី​ត្រឡប់ ហើយ​ទៅនៅ​ជាមួយ​ព្រះវរបិតា​របស់​យើង​នៅ​ឋានសួគ៌ ដោយសារ​តែ​យើង​បាន​ជ្រើសយក​ការបន្ត​នៅ​កខ្វក់ ឬ ប្រឡាក់​ដោយ​ភក់​នៃ​រណ្តៅ​អំពើ​បាប​នឹង​ក្លាយ​ជា​សោកនាដកម្ម​ដ៏​អស់កល្ប ។ យើង​ពុំ​គួរ​បោក​បញ្ឆោត​ខ្លួន​ឯង អំពី​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ត្រឡប់ និង បន្ត​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតា​របស់​យើង​ក្នុង​ឋានសួគ៌​ឡើយ ។ យើង​ត្រូវតែ​ស្អាតស្អំ ។

ពីមុន​យើង​មក​កាន់​ផែនដី​នេះ យើង​បាន​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ដ៏​ធំ​មួយ​ក្នុង​នាម​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ ។ យើង​ម្នាក់ៗ​បាន​យក​ចិត្ត​ទុកដាក់​ស្តាប់ ហើយ​គ្មាន​នរណា​ម្នាក់​ងងុយ​ដេក​ឡើយ ។ នៅក្នុង​ក្រុមប្រឹក្សា​នោះ ព្រះវរបិតា​របស់​យើង​ដែល​គង់​ឋាន​សួគ៌​បាន​បង្ហាញ​ផែនការ​មួយ​ដល់​យើង ។ ដោយសារ​ផែនការ​នោះ​បាន​រក្សា​សិទ្ធិ​ជ្រើសរើស​របស់​យើង ហើយ​តម្រូវ​ថា​យើង​ត្រូវ​រៀន​ពី​បទពិសោធន៍​របស់​យើង​ផ្ទាល់ ពុំ​មែន​មកពី​បទពិសោធន៍​ទ្រង់​ទេ នោះ​ទ្រង់​បា​ន​ដឹង​ថា​យើង​នឹង​ប្រព្រឹត្តិ​អំពើ​បាប ។ ទ្រង់​ក៏​បាន​ដឹង​ថា​អំពើ​បាប នឹង​ធ្វើ​ឲ្យ​យើង​ប្រែ​ជា​មិន​ស្អាត​ស្អំ ហើយ​ពុំ​អាច​ត្រឡប់​ទៅ​ទី​វត្តមាន​របស់​ទ្រង់​វិញ​ឡើយ ដោយសារ​កន្លែង​ដែល​ទ្រង់​គង់​នៅ​នោះ​ពិត​ជា​ស្អាត​ជាង​ផ្ទះ​ដែល​យាយ​របស់​ខ្ញុំ​បាន​សម្អាត​ទៅ​ទៀត ។

ដោយសារ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌​សព្វ​ព្រះទ័យ​នឹង​យើង ហើយ​មាន​គោលបំណង​របស់​ទ្រង់ « ដើម្បីនាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់ [ យើង ] » នោះ​ផែនការ​របស់​ទ្រង់​រួម​មាន​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ជា​អង្គ​ដែល​អាច​ជួយ​យើង​ឲ្យ​បាន​ស្អាតស្អំ ទោះបីជា​យើង​កខ្វក់​យ៉ាង​ណា​ក្តី ។ នៅពេល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ បាន​ប្រកាស​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​ម្នាក់ នោះ​ខ្ញុំ​ជឿ​ថា​យើង​ទាំងអស់​គ្នា​បាន​បែរ ហើយ​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​កូន​ច្បង​នៃ​វិញ្ញាណ ជា​អង្គ​ដែល​បាន​រីកចម្រើន​ស្ទើរតែ​ក្លាយ​ដូច​ជា​ព្រះវរបិតា ។ ខ្ញុំ​ជឿ​ថា​យើង​ទាំងអស់​គ្នា​បាន​ដឹង​ថា អង្គ​នោះ​គឺ​ត្រូវតែ​ជា​ទ្រង់ ហើយ​គ្មាន​នរណា​ម្នាក់​ទៀត​ក្នុង​ចំណោម​ពួក​យើង​អាច​ធ្វើការណ៍​នេះ​បាន​ឡើយ ប៉ុន្តែ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​ធ្វើ ហើយ​ទ្រង់​នឹង​ធ្វើ ។

នៅក្នុង​ច្បារ​គែតសេម៉ានី និង នៅលើ​ឈើ​ឆ្កាង​នៃ​ភ្នំ​កាល់កូថា ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ទាំង​ព្រះកាយ និង វិញ្ញាណ បាន​ញាប់ញ័រ​ដោយសារ​តែ​ការឈឺចាប់ ព្រះ​លោហិត​បាន​ហូរ​ចេញ​ពី​គ្រប់​រន្ធ​ញើស ទូល​អង្វរ​ជាមួយ​ព្រះវរបិតា​ទ្រង់ ឲ្យ​យក​ពែងល្វីង​ចេញ​ពី​ទ្រង់​ ប៉ុន្តែ​ទ្រង់​នៅតែ​សោយ​វា ។ ហេតុអ្វី​ទ្រង់​បាន​ធ្វើ​ការណ៍​នោះ ? នៅក្នុង​បន្ទូល​របស់​ទ្រង់ ទ្រង់​មាន​ព្រះទ័យ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​វរបិតា​ទ្រង់ ហើយ​សម្រេច « ការរៀបចំ​របស់​ទ្រង់​​ចំពោះ​កូន​ចៅ​មនុស្ស » ។ ទ្រង់​មាន​ព្រះទ័យ​គោរព​សេចក្តី​សញ្ញា​របស់​ទ្រង់ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ​យើង​វិញ ។ តើ​ទ្រង់​បាន​ស្នើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​តបស្នង​វិញ​នោះ ? ទ្រង់​បាន​ទូលអង្វរ​យ៉ាង​សាមញ្ញ​ជាមួយ​យើង ឲ្យ​សារភាព​អំពើ​បាប​របស់​យើង ហើយ​ប្រែចិត្ត​ដូច្នេះ​យើង​នឹង​ពុំ​រងទុក្ខ​ដូច​ជា​ទ្រង់​រង​ទុក្ខ​ឡើយ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ប្រែ​ជា​ស្អាតស្អំ ដូច្នេះ​យើង​នឹង​ពុំ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ដំណាក់​សួគ៌​របស់​ព្រះវរបិតា​យើង​ឡើយ ។

ទោះបី​ជា​ការចៀសវាង​ពី​អំពើ​បាប​គឺ​ជា​គំរូ​ដែល​ចង់​បាន​នៅក្នុង​ជីវិត​នេះ​ក្តី ក៏​អំពើ​បាប​ដែល​យើង​ បាន​ប្រព្រឹត្ត ឬ យើង​បាន​ធ្លាក់​កប់​យ៉ាង​ជ្រៅ ចូល​ក្នុង​រណ្តៅ​នៃ​អំពើ​បាប​ជម្រៅ​ណា​ក្តី​ក៏​វា​ពុំ​មាន​បញ្ហា​ឡើយ ដរាប​ណា​ប្រសិទ្ធិភាព​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​ខ្វល់ខ្វាយ​នោះ ។ វាមិន​ជា​ការអ្វី​ឡើយ​ប្រសិន​បើ​យើង ​មាន​ភាព​អៀន​ខ្មាស់ ឬ អាម៉ាស់​ដោយសារ​អំពើ​បាប​របស់​ខ្លួន ដូច​ដែល​ព្យាការី​នីហ្វៃ​បាន​និយាយ​ថា « ដែល​រំខាន​យើង​ដោយ​ងាយ » ។ វា​មិន​ជា​ការអ្វី​ឡើយ​ប្រសិន​បើ​មាន​គ្រា​ណា​មួយ​នោះ យើង​ បាន​ប្តូរ​អំណាច​មរតក​របស់​បង​ច្បង​សម្រាប់​អហារ​មួយ​ចំអែត​នោះ ។១០

អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ បាន​រងទុក្ខ « ការឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង » ដូច្នេះ « ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់​ឈាម​ថា​តើ​ត្រូវ​ជួយ​រាស្ត្រ​របស់​ទ្រង់​បែប​ណា » ។១១ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ទ្រង់​មាន​ព្រះឆន្ទៈ​ដើម្បី​យាង​ចុះ​មក១២ លើ​ផែន​ដី​នេះ ហើយ​យាង​ចុះ​ក្រោម « គ្រប់​ទាំងអស់ »១៣ ហើយ​រងទុក្ខ « ខ្លាំង​ជាង​មនុស្ស​ណាៗ​ទាំងអស់ » ដែល​ធ្លាប់​រងទុក្ខ ។១៤ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ព្រះ​កំពុង​ទូល​អង្វរ​ពី​បណ្តឹង​ក្តី​របស់​យើង​ចំពោះ​ព្រះវរបិតា​ទ្រង់ ដោយ​មាន​បន្ទូល ៖ ព្រះវរបិតា​​អើយ សូម​ទត​មើល​ការរងទុក្ខ​ទាំងឡាយ និង ការសុគត​របស់អ្នក​ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែលព្រះ​អង្គសព្វព្រះហឬទ័យ​​ចុះ … ហេតុដូច្នោះ​ហើយ ឱព្រះវរបិតា​អើយ អ្នក​ផង​ទាំងនេះ​ជា​បងប្អូន​របស់​ទូល​បង្គំ ដែល​ជឿ​ដល់​ព្រះនាម​របស់​ទូល​បង្គំ ដើម្បី​ឲ្យ​ពួកគេ​អាច​មក​រក​ទូល​បង្គំ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។​១៥ នោះ​ជា​អ្វី​ដែល​ពិត​ជា​សំខាន់​ណាស់ ហើយ​ជា​អ្វី​ដែល​គួរ​តែ​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា ឲ្យ​រំឭក​សេចក្តី​សង្ឃឹម និង ការប្តេជ្ញា​ចិត្ត​ដើម្បី​ព្យាយាម​ម្តង​ទៀត ដោយសារ​ទ្រង់​ពុំ​ដែល​ភ្លេច​យើង​ឡើយ ។១៦

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​អង្គ​សង្គ្រោះ​នឹង​ពុំ​ងាក​ចេញ​ពី​យើង​ឡើយ នៅពេល​យើង​បន្ទាប​ខ្លួន​ស្វែងរក​ទ្រង់​ដើម្បី​ប្រែចិត្ត នោះ​ទ្រង់​នឹង ពុំ​ចាត់​ទុក​យើង​ថា​ជា​មនុស្ស​ចោលម្សៀត​ឡើយ ទ្រង់​នឹង ពុំ​មាន​បន្ទូល​ថា « អូ៎ ពុំ​គួរ​ជា​រូប​អ្នក​ទៀត​ឡើយ » ទ្រង់​នឹង ពុំ​បដិសេធ​យើង ដោយសារ​តែ​ការពុំ​យល់​ថា​វា​ពិបាក​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ចៀសវាង​ពី​អំពើ​បាប​ឡើយ ។ ទ្រង់​យល់​ពី​វា​យ៉ាង​ច្បាស់​ក្រឡែត រួម​ទាំង​អារម្មណ៍​ទុក្ខ​ព្រួយ ភាព​អាម៉ាស់ និង ការលំបាក​ដែល​វា​ជា​លទ្ធផល​ដែល​ចៀស​ពុំ​រួច​នៃ​អំពើ​បាប ។

ការប្រែចិត្ត​គឺ​ពិត ហើយ​វា​ពិត​ជា​សក្តិសិទ្ធិ​មែន ។ វា​ពុំមែន​ជា​បទពិសោធន៍​ប្រឌិត ឬ ជា​ផលិតផល « នៃ​គំនិត​ដ៏​ឆ្កួត​វង្វេង​មួយ » ឡើយ ។១៧ វា​មាន​អំណាច​ដើម្បី​សម្រាល​បន្ទុក ហើយ​ផ្តល់​សេចក្តី​សង្ឃឹម​ជំនួស​វិញ ។ វា​អាច​នាំ​ទៅរក​ការផ្លាស់ប្តូរ​ដ៏​ធំ​នៃ​ដួងចិត្ត​ដែល​នាំ​ឲ្យ​គ្មាន « បំណង​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្តិ​អំពើ​ល្អ​ជានិច្ច​វិញ ។១៨ ភាព​ចាំបាច់​នៃ​ការប្រែចិត្ត​នោះ​ពុំ​ងាយ​ស្រួល​ឡើយ ។ កិច្ចការ​ដ៏​សំខាន់​នៃ​ភាព​អស់កល្ប​ជានិច្ច​នោះ​ក៏​ពុំ​ងាយ​ស្រួល​ផងដែរ ។ ប៉ុន្តែ​លទ្ធផល​នោះ​គឺ​វា​សក្តិសម​នឹង​ការខំប្រឹង​នោះ ។ ដូច​ប្រធាន ប៊យ ខេ ផាកកឺ បាន​ថ្លែង​ទីបន្ទាល់​នៅក្នុង​សុន្ទរកថា​ចុងក្រោយ​របស់​លោក​ទៅ​ដល់​ពួក​ចិតសិប​នាក់​ក្នុង​សាសនាចក្រ ៖ « គំនិត​នោះ​គឺ​ថា ៖ ដង្វាយធួន​ពុំ​បន្សល់​ស្លាកស្នាម ពុំ​បន្សល់​តម្រុយ​អ្វី​ឡើយ ។ អ្វី​ដែល​វា​ប៉ះបូវ​នោះ​បាន​ធ្វើ​រួច​ហើយ ។ … ដង្វាយធួន​ពុំ​បន្សល់​តម្រុយ ពុំ​បន្សល់​ស្លាកស្នាម​អ្វី​ឡើយ ។ វា​ជា​សះស្បើយ​ហើយ ហើយ​អ្វី​ដែល​វា​ព្យាបាល​ហើយ​នោះ​បន្ត​សះស្បើយ​រហូត » ។១៩

ដូចគ្នា​នេះ​ផងដែរ សេចក្តី​សង្ឃឹម​របស់​យើង​ដើម្បី​រស់​នៅ​ម្តង​ទៀត​ជាមួយ​ព្រះវរបិតា គឺ​ពឹង​ផ្អែក​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ផ្អែក​លើ​ឆន្ទៈ​នៃ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​អំពើ​បាប​សោះ បាន​លើក​ដាក់​លើ​ទ្រង់ ទោះជា​ការពិត​ថា​សេចក្តី​យុត្តិធម៌​ពុំ​បាន​ទាមទារ​ពី​ទ្រង់​ក្តី ក៏​ទម្ងន់​ទាំង​ស្រុង​នៃ​ការរំលង​របស់​មនុស្ស​លោក រួម​មាន​ទាំង​អំពើ​បាប ដែល​បុត្រាបុត្រី​មួយ​ចំនួន​របស់​ព្រះ​បាន​ជ្រើស​យក នូវ​ការរងទុក្ខ​ដែល​ពុំ​ចាំបាច់​ដោយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​យើង​មាន​ចំណែក​ក្នុង​អំណាច​ដ៏​ធំ​ចំពោះ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជាង​មនុស្ស​ផ្សេងៗ​ទៀត​ទាំង​អស់ ដោយសារ​យើង​ដឹង​ថា ប្រសិន​បើ​ធ្វើ​សេចក្តីសញ្ញា បន្ត​ប្រែចិត្ត ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​ទ្រង់​នឹង​ឲ្យ​យើង​គ្រង​មរតក​ជាមួយ​ទ្រង់២០ ហើយ​ដូច​ជា​ទ្រង់​ដែរ យើង​នឹង​ទទួល​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន ។២១ នោះ​គឺ​ជា​គោលលទ្ធិ​ដ៏​សំខាន់ ហើយ​ថែម​ទាំង​ពិត​ទៀត​ផង ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ ឲ្យ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា « ដូច្នេះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ជា​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់​គ្រប់​លក្ខណ៍​ដែរ »២២ អាច​ធ្វើ​ទៅ​បាន​យ៉ាង​ឥត​ខ្ចោះ ជាជាង​លំបាក​នឹង​ឈោង​ដល់ ។

ព្រះគម្ពីរ​បង្រៀន​ថា បុគ្គល​គ្រប់រូប​ត្រូវ « បាន​ជំនុំជម្រះ​ស្រប​តាម​សេចក្តី​ជំនុំជម្រះ​ដ៏​បរិសុទ្ធ​នៃ​ព្រះ » ។២៣ នៅ​ថ្ងៃ​នោះ​នឹង​គ្មាន​ឱកាស​លាក់​មុខ​ពី​ក្រុម​ដ៏​ធំ ឬ ចង្អុល​ទៅ​អ្នក​ដទៃ ជា​ការ​ដោះសារ​ចំពោះ​ភាព​មិន​ស្អាតស្អំ​របស់​យើង​ឡើយ ។ គួរឲ្យ​មាន​អំណរគុណ​ណាស់ ព្រះគម្ពីរ​ក៏​បង្រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​គឺ​ជា​អង្គ​ដែល​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង ជា​អង្គ​គាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ជា​អង្គ​ដែល​ហៅ​យើង​ថា​ជា​មិត្ត​ទ្រង់ ជា​អង្គ​ដែល​ស្រឡាញ់​យើង​ដល់​ទីបំផុត ហើយ​ទីបំផុត​ទ្រង់​នឹង​ក្លាយ​ជា​ចៅក្រម​របស់​យើង ។ ពរជ័យ​មួយ​ដែល​យើង​មើល​រំលង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​គឺ​ថា « ព្រះវរបិតា … បាន​ប្រគល់​គ្រប់​ការជំនុំជម្រះ​ដល់​ព្រះរាជ​បុត្រា​វិញ » ។២៤

បងប្អូន​ប្រុស​ស្រី ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ មាន​ចម្ងល់​ថា​តើ​អ្នក​អាច​ចេញ​ពី​រណ្តៅ​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​ជីក​នោះ​បាន​ឬ​ទេ សូម​ចាំ​ពី​អ្នក​ដែល​ឈរ « នៅ​ចន្លោះ [ ពួក​យើង ] និង សេចក្តី​យុត្តិធម៌ » ដែល​ជា​អង្គ​ដែល « ពោរពេញ​ទៅ​ដោយ​ចិត្ត​ប្រោសប្រណី​ដល់​កូន​ចៅ​មនុស្ស » ហើយ​ជា​អង្គ​ដែល​ទទួល​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​ទុច្ចរិត និង អំពើ​រំលង​របស់​យើង ហើយ « បាន​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្តី​យុត្តិធម៌ » ។២៥ ម្យ៉ាង​ទៀត ដូច​ជា​នីហ្វៃ​បាន​ធ្វើ​នៅពេល​លោក​មាន​ចម្ងល់ នោះ​សូម​គ្រាន់តែ​ចាំ​ពី « អង្គ​ដែល [ អ្នក ] ទុកចិត្ត »២៦ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បន្ទាប់​មក​ប្រែចិត្ត ហើយ​ដក​ពិសោធន៍​ម្ដងទៀត​នូវ « ការភ្លឺ​ថ្លា​នៃ​សេចក្តី​សង្ឃឹម​ដ៏​ឥតខ្ចោះ » ។២៧ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។