ឆ្នាំ ២០១០-២០១៩
ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់​ឮ
តុលា 2015


ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់​ឮ

ប្រសិន​បើ​យើង​មើល​ទៅ​ព្រះគ្រីស្ទ ហើយ​បើក​ភ្នែក និង​ត្រចៀក​របស់​យើង នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ពរ​ឲ្យ​យើង​មើល​ឃើញ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការ​ក្នុង​ជីវិត​របស់​យើង ។

ក្នុងការ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ធ្វើ​អព្ភូតហេតុ​នៃ​ការ​ព្យាបាល​យ៉ាង​អស្ចារ្យ ហើយ​បាន​បង្រៀន​ដោយ​សិទ្ធិ​អំណាច និង​អំណាច​ដែល​ព្រះគម្ពីរ​បាន​ចែង​ថា « ដំណឹង​ពី​ទ្រង់​បាន​ឮ​សុសសាយ​ទូទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី … មាន​មនុស្ស​កកកុញ​ជាប់​តាម​ទ្រង់» ។

មនុស្ស​មួយ​ចំនួន​ដែល​បាន​ឃើញ​ទ្រង់​ព្យាបាល ហើយ​ស្ដាប់​ទ្រង់​បង្រៀន​បាន​បដិសេធ​ទ្រង់ ។ អ្នក​ខ្លះ​ទៀត​បាន​ដើរ​តាម​ទ្រង់​មួយ​រយៈ ប៉ុន្តែ​ក្រោយ​មក​បាន​ដកខ្លួន​ថយ​ពី​ទ្រង់ ។ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ បាន​គង់នៅ​ទីនោះ នៅ​ពីមុខ​ពួកគេ ប៉ុន្តែ​ពួកគេ​ពុំ​បាន​ស្គាល់​ទ្រង់​ថា​ជា​នរណា​ឡើយ ។ ពួកគេ​មើល​មិន​ឃើញ ហើយ​ជ្រើស​បែរ​ខ្លួន​ចេញ​ទៅ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​ពួកគេ ៖

« យើង​បាន​មក​រក​រាស្ត្រ​យើង តែ​រាស្ត្រ​យើង​មិន​បាន​ទទួល​យើង​សោះ » ។

« ត្រចៀក​ពួកគេ​ធ្ងន់ ហើយ​ភ្នែក​ពួកគេ​បាន​ធ្មេច » ។

ទោះ​ជា​យ៉ាង​ណា​ក៏​មាន​បុរស​ស្ត្រី​ជាច្រើន​នាក់ រួម​ទាំង​ពួក​សាវក​ស្មោះត្រង់​របស់​ទ្រង់​ដែរ ដែល​បាន​ផ្ដោត​ជីវិត​ខ្លួន​ទៅ​លើ​ទ្រង់ ។ ទោះជា​ពួកគេ​ត្រូវ​ពុះពារ​នឹង​ការ​អូសទាញ​ខាង​លោកិយ ការ​បំភ័ន្ត​ពី​រឿង​ដែល​ទ្រង់​បាន​បង្រៀន ហើយ​សូម្បី​តែ​ការ​ភ័យ​ខ្លាច​ក្ដី ពួកគេ​បាន​ជឿ​លើ​ទ្រង់ ស្រឡាញ់​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ។

ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​ពួកគេ​ថា « តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ » ។

ពីមុន​ការ​រងទុក្ខ​របស់​ទ្រង់​នៅ​ក្នុង ច្បារ​គែតសេម៉ានី និង​នៅ​កាលវ៉ារី ព្រះយេស៊ូវ​បាន​ធ្វើ​ការ​សន្យា​ដ៏​អស្ចារ្យ​នេះ​ដល់​ពួក​សាវក​របស់​ទ្រង់ ៖ « អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា » ។

ព្រះយេស៊ូវ​បាន​បំពេញ​ការសន្យា​នោះ ៖​នៅ​ពេល​ចាប់ផ្តើម​បុណ្យ​ថ្ងៃ​ទី​៥០ ពួកសិស្ស​ត្រូវបាន​ប្រទាន​ពរ​ដោយ​បុណ្យជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តាមរយៈ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត និង ការគោរព​ប្រតិបត្តិ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ក្លាយ​ជា​គូកន​ពួកគេ បាន​ផ្លាស់ប្តូរ​ដួងចិត្ត ព្រមទាំង​ប្រទានពរ​ពួកគេ​ឲ្យ​មាន​នូវ​សាក្សី​នៃ​សេចក្តី ពិត​ជាប់​ជានិច្ច ។

អំណោយទាន និង​ពរជ័យ​ទាំងនេះ​បាន​ពង្រឹង​ពួក​សិស្ស​របស់​ព្រះអម្ចាស់ ។ ទោះ​ជា​ពួកគេ​បាន​រស់​នៅ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់ ហើយ​ច្របូល​ច្របល់​ក្ដី ពួកគេ​បាន​ទទួល​អំណោយទាន​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​មាន​ភ្នែក​អាច​មើល​ឃើញ ហើយ​ត្រចៀក​អាច​ស្ដាប់​ឮ ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​បាន​ចាប់ផ្ដើម​មើល​ឃើញ​សេចក្ដី​ពិត​នៃ​រឿង​នានា ជាពិសេស​មើល​ឃើញ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​កិច្ចការ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកគេ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បំភ្លឺ​ដល់​ការ​យល់​ដឹង​របស់​ពួកគេ ហើយ​ពួកគេ​បាន​ស្ដាប់​ឮ​ព្រះ​សុរសៀង​របស់​ព្រះអម្ចាស់​កាន់​តែ​ច្បាស់​ឡើង ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រួតជ្រាប​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។ ពួកគេ​បាន​ព្យាយាម ហើយ​គោរព​ប្រតិបត្តិ ។១០ ពួកគេ​បាន​ផ្សាយ​ដំណឹង​ល្អ​ដោយ​អង់អាច និង​អំណាច ព្រមទាំង​ស្ថាបនា​នគរ​ព្រះ ។១១ ពួកគេ​មាន​អំណរ​នៅក្នុង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

យើង​មាន​ចរិត​លក្ខណៈ​ស្រដៀង​គ្នា​ជាច្រើន នឹង​បុរស​ស្ត្រី​ស្មោះត្រង់​ទាំងនោះ​នៅ​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ យើង​ក៏​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​អព្ភូតហេតុ​នៅ​ក្នុង​ចំណោម​យើង—រួម​មាន​ការ​ព្យាបាល​អ្នកឈឺ ការ​លាង​សម្រាត​យើង​ចេញ​ពី​អំពើ​បាប ការ​ផ្លាស់ប្ដូរ​ដួង​ចិត្ត​យើង និង​ការ​បើក​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះ​ទាំង​សងខាង​នៃ​វាំងនន ។ នៅ​ក្នុង​ជំនាន់​យើង យើង​ក៏​មាន​ពួក​ព្យាការី ពួក​សាវក​នៅ​រស់ អំណាច​បព្វជិតភាព អំណោយទាន​វិញ្ញាណ និង​ពរជ័យ​ដ៏​ធំ​នៃ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី សង្គ្រោះ​ដែរ ។

ជំនាន់​យើង​គឺជា​ជំនាន់​ដ៏​គ្រោះថ្នាក់​មួយ—ជា​គ្រា​នៃ​អំពើ​អាក្រក់ និង​ការល្បួង​ដ៏​ធំ ជា​គ្រា​នៃ​សេចក្ដី​បំភ័ន្ត និង ការ​វឹកវរ ។ ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​ទាំងនេះ ព្យាការី​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​អំពាវនាវ​ឲ្យ​យើង​ជួយ​សង្គ្រោះ​ជន​ដែល​មាន​របួស​នៅ​ក្នុង​វិញ្ញាណ១២ ឲ្យ​ឈរ​ការពារ​សេចក្ដី​ពិត​ដោយ​ក្លាហាន១៣ ហើយ​ស្ថាបនា​នគរ​ព្រះ ។​១៤ ឥឡូវ​នេះ​ទោះ​ជា​ជីវភាព​ខាង​វិញ្ញាណ ឬ​សេចក្ដីជំនឿ ឬ​ការ​គោរព​ប្រតិបត្តិ​របស់​យើង​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​ក្ដី វា​ពុំ​គ្រាប់​គ្រាន់​សម្រាប់​កិច្ចការ​ដែល​មាន​នៅ​ខាង​មុខ​ឡើយ ។ យើង​ត្រូវ​ការ​ពន្លឺ និង​អំណាច​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ យើង​ត្រូវ​ការ​ភ្នែក​ដែល​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​ព្រះអង្គ​សង្គ្រោះ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​យើង និង​ត្រចៀក​ដែល​ស្ដាប់​ឮ​ព្រះ​សុរសៀង​របស់​ទ្រង់​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ។

ពរជ័យ​ដ៏​អស្ចារ្យ​នេះ​កើត​មាន​នៅ​ពេល​យើង​បើក​ដួងចិត្ត​របស់​យើង ហើយ​ទទួល១៥ គឺ​ទទួល​យក​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ គោលលទ្ធិ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​ដោយ​ពិតប្រាកដ​មក​ដាក់​ក្នុង​ជីវិត​របស់​យើង ។ យើង​ពុំ​ចាំបាច់​ត្រូវតែ​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ជា​មនុស្ស​ល្អ ហើយល្អ​ប្រសើរ​ឡើង​រាល់ថ្ងៃ ។ យើង​ត្រូវ​ខិតខំ​រស់នៅ​តាម​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដ៏​ច្បាស់ ហើយ​សាមញ្ញ​នេះ ។ ប្រសិន​បើ​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ ធ្វើ​ដោយ​សេចក្ដី​ជំនឿ​ជឿ​លើ​ទ្រង់ ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង គោរព​តាម​ព្រះ បញ្ញត្តិ​របស់​ទ្រង់ ហើយ​ចងចាំ​ទ្រង់​ជានិច្ច នោះ​យើង​នឹង​ទទួល​បាន​ភាព​ជាដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការ​គោរព​ប្រតិបត្តិ​ដ៏​សាមញ្ញ​យាង​ព្រះវិញ្ញាណ​ឲ្យ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ នៅក្នុង​ផ្ទះ​របស់​យើង យើង​អធិស្ឋាន​ដោយ​សេចក្តីជំនឿ ស្រាវជ្រាវ​ពី​ព្រះគម្ពីរ ហើយ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ។ នៅក្នុង​សាលាជំនុំ​របស់​យើង យើង​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ធ្វើការ​សន្យា​ពិសិដ្ឋ​ចំពោះ​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ យើង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​បងប្អូន​ប្រុស​ស្រី​របស់​យើង​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ នៅ​ក្នុង​ក្រុម​គ្រួសារ និង​ការ​ចាត់តាំង​របស់​យើង​ពី​ព្រះអម្ចាស់ យើង​ឈោងដៃទៅ​ជួយ​ដល់​អ្នក​ដទៃ សម្រាល​បន្ទុក​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​ដឹង​ថា ប្រសិន​បើ​យើង​ធ្វើ​រឿង​ទាំងនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ! យើង​នឹង​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បទពិសោធន៍​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទ្រង់​នឹង​ក្លាយ​ជា​ដៃ​គូ​របស់​យើង ។ ប្រសិន​បើ​យើង​មើល​ទៅ​ព្រះគ្រីស្ទ ហើយ​បើក​ភ្នែក និង​ត្រចៀក​របស់​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ពរ​ឲ្យ​យើង​មើល​ឃើញ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​របស់​យើង កំពុង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់​ជាមួយ​នឹង​ការធានា និង ភស្ដុតាង ។ យើង​នឹង​មើល​ឃើញ​រាល់​បងប្អូន​ប្រុសស្រី​របស់​យើង​កាន់​តែ​ច្បាស់​តាម​របៀប​ដែល​ព្រះ​មើល​ឃើញ​ពួកគេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា ។ យើង​ស្ដាប់​ឮ​ព្រះសុរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះគម្ពីរ ក្នុង​ការខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ និង​នៅ​ក្នុង​ប្រសាសន៍​នៃ​ពួក​ព្យាការី​នៅ​រស់ ។​១៦ យើង​នឹង​មើល​ឃើញ​ព្រះចេស្ដា​នៃ​ព្រះ​ ស្ថិតនៅ​លើ​ព្យាការី​របស់​ទ្រង់ និង​រាល់​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​ដែលពិត ហើយ​សកម្ម ហើយ​យើង​នឹង​ស្គាល់​ដោយ​ភាព​ពិត​ប្រាកដ​ថា​នេះ​គឺជា​កិច្ចការ​បរិសុទ្ធ​របស់​ព្រះ ។១៧ យើង​នឹង​មើល​ឃើញ ហើយ​យល់​ពី​ខ្លួន​ឯង និង​ពិភពលោក​ជុំវិញ​យើង​តាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ទត​ឃើញ ។ យើង​នឹង​មាន​អ្វី​ដែល​សាវក​ប៉ុល​បាន​ហៅ​ថា « គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ » ។១៨ យើង​មាន​ភ្នែក​ដែល​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​ស្ដាប់​ឮ ហើយ​នឹង​ស្ថាបនា​នគរ​ព្រះ ។

ជីវិត​អាច​នឹង​ជួប​ការ​លំបាក ការ​ភ័ន្ត​ច្រឡំ និង ការ​បាក់ទឹកចិត្ត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​បងប្អូន​ថា តាមរយៈ​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពន្លឺ​នៃ​ដំណឹងល្អ​នៃ​យេស៊ូវ​គ្រីស្ទ​នឹង​ភ្លឺ​កាត់​ការ​ភ័ន្ដ​ច្រឡំ ការ​ឈឺចាប់ និង​ភាព​ងងឹត ។ ទោះ​ជា​វា​មក​ជា​សូរ​ដ៏​ខ្លាំង ឬ​ជា​លំហូរ​ដ៏​ទន់ភ្លន់​ក្ដី អំណាច​ខាងវិញ្ញាណ​ដ៏​រុង​រឿង​នោះ​នឹង​ញ៉ាំង​ឲ្យ​សេចក្ដី​ស្រឡាញ់ និង​ការលួងលោម​ដែល​ព្យាបាល​ចូល​ទៅ​ក្នុង​ព្រលឹង​រង​របួស​ដែល​បាន​ប្រែចិត្ត កំចាត់​ភាព​ងងឹត​ដោយ​ពន្លឺ​នៃ​សេចក្ដីពិត ហើយ​បណ្ដេញ​ការ​បាក់​ទឹក​ចិត្ត​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះគ្រីស្ទ ។ យើង​នឹង​មើល​ឃើញ​ពរជ័យ​ដែល​កើត​មាន ហើយ​យើង​នឹង​ស្គាល់​ដោយ​សាក្សី​នៃ​ព្រះវិញ្ញាណ​ថា ព្រះអម្ចាស់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ពិតណាស់ បន្ទុក​របស់​យើង​នឹង « ត្រូវ​បាន​លេប​ទៅ​ក្នុង​អំណរ​នៃ [ ព្រះដ៍​ប្រោសលោះ​របស់​យើង ] » ។១៩

បទពិសោធន៍​មួយ​ដែល​ឪពុកម្ដាយ​ខ្ញុំ​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​បាន​គូសបង្ហាញពី​សារៈសំខាន់ និង​អំណាច​នៃ​ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់​ឮ ។ នៅ​ឆ្នាំ ១៩៨២ ឪពុកម្ដាយ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ដាវ៉ាអូ​ហ្វីលីពីន ។ នៅ​ពេល​ម្ដាយ​ខ្ញុំ​បាន​បើក​សំបុត្រ​នោះ ហើយ​បាន​ឃើញ​ពី​ទីកន្លែង​ដែល​ពួកគាត់​ត្រូវ​បាន​ហៅ គាត់​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា « ទេ ! បង​ត្រូវ​តែ​ទូរសព្ទ​ប្រាប់​ពួកគេ​ថា យើង​មិន​អាច​ទៅ​ប្រទេស​ហ្វីលីពីន​បាន​ទេ ។ ពួកគេ​ដឹង​ហើយ​ថា​បង​មាន​ជំងឺ​ហឺត » ។ ឪពុក​ខ្ញុំ​បាន​រងទុក្ខ​ដោយ​សារ​ជំងឺ​ហឺត​នេះ​អស់​ជាច្រើន​ឆ្នាំ ហើយ​ម្ដាយ​ខ្ញុំ​បារម្ភ​ពី​គាត់​ខ្លាំង​ណាស់ ។

ពីរ​បី​យប់​ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​ដាស់​ឪពុក​ឡើង​នៅ​ម៉ោង​ប្រហែល ២:៣០ ព្រឹក ។ គាត់​បាន​ពោល​ថា « មើលីន តើ​បង​បាន​ឮ​សំឡេង​នោះ​ទេ ? »

« បង​អត់​បាន​ឮ​សំឡេង​អី​ទេ » ។

« មែន​ហើយ នៅ​យប់​នេះ​អូន​បាន​ឮ​ដូច​គ្នា​បីដង ពោល​ថា ‹ ហេតុអ្វី​អ្នក​ព្រួយ​បារម្ភ ? តើ​អ្នក​មិន​ដឹង​ថា យើង​ដឹង​ថា​គាត់​មាន​ជំងឺ​ហឺត​ទេ​ឬ ? យើង​នឹង​មើល​ថែ​គាត់ ហើយ​យើង​នឹង​មើល​ថែ​អ្នក ។ ចូរ​ត្រៀម​ខ្លួន​បម្រើ​នៅ​ប្រទេស​ហ្វីលីពីន​ចុះ › » ។

រូបភាព
Merlin and Helen Clark

ឪពុកម្ដាយ​ខ្ញុំ​បាន​បម្រើ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​មាន​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ដៃ​គូ​ពួកគាត់ ហើយ​ពួកគាត់​មាន​ពរ ព្រមទាំង​បាន​ការពារ ។ ឪពុក​ខ្ញុំ​ពុំ​ដែល​មាន​បញ្ហា​ណា​មួយ​ជាមួយ​នឹង​ជំងឺ​ហឺត​ឡើយ ។ គាត់​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​បេសកកម្ម ហើយ​គាត់ និង​ម្ដាយ​ខ្ញុំ​បាន​ហ្វឹកហ្វឺន​ពួក​អ្នក​ផ្សាយ​សាសនា​រាប់​រយ​នាក់ និង ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​​រាប់​ពាន់​នាក់​ត្រៀម​ខ្លួន​សម្រាប់​ការ​កើត​មាន​វួដ និង​ស្ដេក​នៅ​លើ​កោះ​មិន​ដាណាអូ ។ ពួកគាត់​បានទទួលពរ ដោយ​មាន​ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់​ឮ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ។ ខ្ញុំ​ដឹង​ថា ប្រសិន​បើ​យើង​ទទួល​យក​ទ្រង់​ដាក់​ក្នុង​ជីវិត​របស់​យើង ហើយ​រស់​នៅ​តាម​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​របស់​ទ្រង់​ដែល​ច្បាស់ ហើយ​សាមញ្ញ យើង​នឹង​រីករាយ​នឹង​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​មាន​អំណោយ​ទាន​ដ៏​មាន​តម្លៃ​នៃ​ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់​ឮ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។