ឆ្នាំ ២០១០-២០១៩
នុ៎ះ​ន៏ម្តាយ​អ្នក !
តុលា 2015


នុ៎ះ​ន៏ម្តាយ​អ្នក !

គ្មាន​សេចក្ដី​ស្រឡាញ់​ណា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ជិត​ស្មើ​នឹង​ក្ដីស្រឡាញ់​ដ៏​សុទ្ធ​សាធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជាង​ក្ដីស្រឡាញ់​ដែល​ពុំ​គិត​ពី​ខ្លួន​ឯង ដែល​ម្ដាយ​ដ៏​លះបង់​មួយ​រូប​មាន​ចំពោះ​កូន​របស់​ខ្លួន​ឡើយ ។

ខ្ញុំ​សូម​ចូលរួម​ជាមួយ​អ្នក​ទាំងអស់​គ្នា​ដើម្បី​ស្វាគមន៍​ដល់​អែលឌើរ រ៉ូណល អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង អែលឌើរ ឌេល ជី រេនឡាន់ និង ភរិយា​របស់​ពួកលោក​ចំពោះ​កិច្ចការ​ដ៏​ផ្អែមល្ហែម​ដែល​ពួកលោក​អាច​ស្រមៃ​គិត​ដល់​នេះ ។

លោក​អេសាយ​បាន​សរសេរ​ពី​ការ​ព្យាករ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ថា « ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » ។ ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ បាន​គូស​បញ្ជាក់ថា « [ ព្រះយេស៊ូវ ] យាង​មក​កាន់​ពិភពលោក … ​ដើម្បី​ផ្ទុក​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក » ។ ទាំង​គម្ពីរ​ពី​បុរាណ និង​សម័យ​ទំនើប​បាន​ថ្លែង​ថា « ទ្រង់​បាន​ប្រោស​លោះ​គេ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប » ។ ទំនុក​តម្កើង​ជា​ទីចូលចិត្ត​មួយ អង្វរ​ដល់​យើង « ចូរ​ស្ដាប់​សំឡេង​ព្រះសង្គ្រោះ​ដ៏​អស្ចារ្យ​របស់​អ្នក ! »

លើក, បី, ទ្រ, សង្គ្រោះ  ។ ពាក្យ​ទាំងនេះ គឺជា​ពាក្យ​ដ៏​មាន​អានុភាព​ដែល​ពិពណ៌នា​អំពី​ព្រះមែស៊ី ។ វា​ជួយ ហើយ​ផ្ដល់​នូវ​ក្ដីសង្ឃឹម​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​សុវត្ថិភាព​ពី​កន្លែង​ដែល​យើង​នៅ​ទៅ​កន្លែង​ដែល​យើង​​ត្រូវ​នៅ--ប៉ុន្តែ​មិន​អាច​ទៅដល់ ដោយ​គ្មាន​ជំនួយ​នោះ​ឡើយ ។ ពាក្យ​ទាំងនេះ​ក៏​អធិប្បាយ​ពី​បន្ទុក និង​ការពុះពារ ការ​នឿយហត់ -- ជាពាក្យ​សមរម្យ​បំផុត​នៅក្នុង​ការ​ពិពណ៌នា​អំពី​បេសកកម្ម​នៃ​អង្គ​ដ៏​មាន​តម្លៃ​មហិមា ដែល​លើក​យើង​ឡើង ពេល​យើង​ធ្លាក់​ចុះ បីទ្រ​យើង​ឡើង​ពេល​យើង​អស់​កម្លាំង សង្គ្រោះ​យើង​ឲ្យ​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ព្រះ​វរបិតា​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង … ដូច​ជា​យើង​ត្រូវ​បាន​លើក​ឡើង​ … នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង … មក … រក​យើង » ។

ប៉ុន្តែ​តើ​អ្នក​អាច​ស្ដាប់​យល់​នូវ​ពាក្យ​ទាំងនេះ​ដោយ​ទិដ្ឋភាព​ផ្សេង អំពី​ការខិតខំ​របស់​មនុស្ស ដែល​យើង​ប្រើ​ពាក្យ លើក និង បីទ្រ ហើយ លើក​ស្ទួយធ្វើការ និង សង្គ្រោះ? នៅ​ពេល​ព្រះយេស៊ូវ បាន​មាន​បន្ទូល​ទៅកាន់ យ៉ូហាន ក្នុង​ពេល​ធ្វើ​ដង្វាយធួន ក៏​ដូចជា​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង​ទាំងអស់​គ្នា​ផង​ដែរ​ថា « នុ៎ះ​ន៏ ម្តាយ​អ្នក ! »

ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស​ពី​លើ​វេទិកា​នេះ​អំពី​អ្វី​ដែល​ធ្លាប់​បាន​ថ្លែង​នៅទីនេះ​កាលពី​មុន ៖ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ជិត​ស្មើ​នឹង​ក្ដីស្រឡាញ់​ដ៏​សុទ្ធ​សាធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជាង​ក្ដីស្រឡាញ់​ដែល​ពុំ​គិត​ពី​ខ្លួន​ឯង ដែល​ម្ដាយ​ដ៏​លះបង់​មួយ​រូប​មាន​ចំពោះ​កូន​របស់​ខ្លួន​ឡើយ ។ នៅពេល​អេសាយ​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​ចង់​ពិពណ៌នា​អំពី​ក្ដីស្រឡាញ់​របស់​ព្រះយេហូវ៉ា នោះ​លោក​បាន​ប្រើ​រូបភាព​នៃ​ការលះបង់​របស់​ម្ដាយ​ម្នាក់ ។ លោក​បាន​សួរ​ថា « ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះឬ ? » លោក​បាន​ថ្លែង​បញ្ជាក់​ថា គំនិត​នេះ​មិន​ទំនង​សោះ ប៉ុន្តែ​វា​រឹត​តែ​មិន​ទំនង​ទៅ​ទៀត​ពេល​គិត​ថា ព្រះគ្រីស្ទ​នឹង​បំភ្លេច​យើង​រហូត​នោះ ។

ក្ដីស្រឡាញ់​ដ៏​មុតមាំ​បែប​នេះ « តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស … មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន … ប៉ុន្ដែ … ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់ » ។ អ្វីដែល​ជា​ការ​លើក​ទឹកចិត្ត​បំផុត​នោះ គឺថា​ភក្ដីភាព​ដូច្នោះ « ពុំ​ដែល​រលត់​ឡើយ » ។ ព្រះយេហូវ៉ា​មាន​បន្ទូល​ថា « ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ​សេចក្តី​សប្បុរស​របស់​យើង​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ » ។១០ ម្ដាយ​របស់​យើង​ក៏​ថ្លែង​ដូច្នោះ​ដែរ ។

អ្នក​ឃើញ​ហើយ​ថា ពួកគាត់​ពុំ​គ្រាន់តែ​ស៊ូទ្រាំ​ដើម្បី​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​បន្ដ នៅ​ជាមួយ​យើង​ទៀត ។ វា​ពុំ​គ្រាន់តែ​ជា​ការពរពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បីទ្រ​ពេញ​មួយ​ជីវិត ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ជា​ម្ដាយ​មាន​ជោគជ័យ​ដ៏​អស្ចារ្យ ។ ប្រាកដ​ណាស់ មាន​ករណី​ឈឺចាប់​ដែល​ពុំ​បាន​រាប់​បញ្ចូល ប៉ុន្តែ​ម្ដាយ​ភាគ​ច្រើន​ដឹង​ពី​ធម្មជាតិ ដោយ​សភាវគតិ​ថា នេះ​គឺជា​ទំនុក​ចិត្ត​ដ៏​ពិសិដ្ឋ​មួយ​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ។ ទំហំ​នៃ​ការ​យល់​ដឹង​នេះ ជាពិសេស​ចំពោះ​ម្ដាយ​វ័យ​ក្មេង​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់ ។

ថ្មីៗ​នេះ មាន​ម្ដាយ​វ័យ​ក្មេង​ដ៏​អស្ចារ្យ​ម្នាក់​បាន​សរសេរ​មក​ខ្ញុំ ៖ « តើ​មនុស្ស​ម្នាក់​អាច​ស្រឡាញ់​កូន​ខ្លួន​យ៉ាង​ខ្លាំង រហូត​ដល់​សុខចិត្ត​លះបង់​រាល់​ចំណែក​នៃ​សេរីភាព​របស់​ខ្លួន​បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​ក្ដីស្រឡាញ់​ក្នុង​ជីវិត​រមែង​ស្លាប់​មាន​កម្លាំង​ខ្លាំង​ក្លា​រហូត​ធ្វើ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ទទួល​យក​ទំនួលខុសត្រូវ ភាព​ទន់ខ្សោយ ការ​បារម្ភ​និង​ការ​ឈឺចាប់ ហើយ​នៅ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទោះ​ជា​ជួប​នឹង​រឿង​អវិជ្ជមាន​ដដែលៗ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​សេច​ក្ដីស្រឡាញ់​ក្នុង​ជីវិត​រមែង​ស្លាប់​បែប​ណា​ទៅ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក នឹង​លែង​ជា​របស់​អ្នក​តទៅទៀត​ពេល​អ្នក​មាន​កូន​នោះ ? ក្ដីស្រឡាញ់​របស់​ម្ដាយ មាន មកពី​ស្ថានសួគ៌ ។ គ្មាន​ការពន្យល់​អ្វី​ផ្សេង​ទៀត​អំពី​វា​ទេ ។ អ្វី​ដែល​ម្ដាយ​គ្រប់រូប​ធ្វើ គឺ​ជា​ធាតុ​សំខាន់​នៃ​កិច្ចការ​របស់​ព្រះគ្រីស្ទ ។ ដោយ​ដឹង​ថាវា​គួរ​តែ​គ្រប់គ្រាន់​ដើម្បី​ប្រាប់​យើង​អំពី​ឥទ្ធិពល​នៃ​ក្ដីស្រឡាញ់ ដែល​ពេលខ្លះ​វា​ពុំ​អាច​ថ្លែង​បាន ហើយ​លើស​លប់ កើតឡើង​ម្ដង​ហើយ​ម្ដងទៀត រហូត​ដល់​កូន​គ្រប់​រូប​នៅលើ​ផែនដី មាន​សុវត្ថិភាព ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ដែល​យើង​ក៏​អាច​[ រួម ]​នឹង​ព្រះគ្រីស្ទ​ពោល​ឡើង​ផងដែរ​ថា ‹ [ ព្រះ​បិតា​អើយ ! ] ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ​ហើយ › ១១  » ។

ដោយ​បាន​ចាំ​អំពី​សំបុត្រ​ដ៏​សមសួន​នោះ ខ្ញុំ​ចង់​ចែកចាយ​បទពិសោធន៍​ចំនួន​បី ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​ម្ដាយ ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​ការ​បម្រើ​របស់​ខ្ញុំ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ៖

ដំណើរ​រឿង​ដំបូង​របស់​ខ្ញុំ គឺ​ជា​ការ​ព្រមាន​មួយ ដែល​រំឭក​យើង​ថា ពុំ​មែន​គ្រប់ការ​ខិតខំ​របស់​ម្ដាយ​ត្រូវ​បាន​សម្រេច​នោះទេ យ៉ាង​ហោច​ណាស់​ពុំ​ភ្លាមៗ​ឡើយ ។ ការរំឭក​នោះ​កើត​ចេញ​មកពី​ការ​សន្ទនា​របស់​ខ្ញុំ​នឹង​មិត្ត​សម្លាញ់​ម្នាក់​មាន​វ័យ​ជាង ៥០ ឆ្នាំ ដែល​បាន​ចេញពី​សាសនាចក្រ​នេះ ទាំង​គាត់​បាន​ដឹង​ក្នុង​ចិត្ត ថា​វា​គឺជា​ការពិត ។ មិនថា​ខ្ញុំ​ព្យាយាម​លួងលោម​គាត់​ប៉ុណ្ណា​ទេ ខ្ញុំ​ពុំ​អាច​មើល​ឃើញ​មាន​ក្ដីសុខសាន្ដ​ដល់​គាត់​សោះ ។ ទីបំផុត គាត់​បាន​តប​ខ្ញុំថា ។ គាត់​និយាយ​ថា « ជែហ្វ ទោះ​ជា​មាន​ការ​ឈឺចាប់​ប៉ុណ្ណា​ចំពោះ​ខ្ញុំ​ដើម្បី​ឈរ​នៅចំពោះ​ព្រះក្ដី តែ​ខ្ញុំពុំ​អាច​មិន​គិត​ពី​ការ​ឈរ​ចំពោះ​មុខ​ម្ដាយ​របស់​ខ្ញុំ​បាន​ទេ ។ ដំណឹងល្អ និង​កូនៗ គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​របស់​គាត់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ដែរ » ។

ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា បន្ទាប់ពី​គាត់​បាន​ទទួល​រមណភាព​ទៅ ម្ដាយ​របស់​គាត់​បាន​ទទួល​មិត្ត​ខ្ញុំ​ដោយ​ដៃ​ពីរ ពេញ​ដោយ​ក្ដីស្រឡាញ់ ដែល​នោះ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​នឹង​ធ្វើ ។ ប៉ុន្តែ​ផ្នែក​នៃ​រឿង​នេះ​ដែល​គួរ​ប្រុងប្រយ័ត្ន​គឺថា កូនៗ អាច ធ្វើ​ឲ្យ​ដួងចិត្ត​ម្ដាយ​ខ្ទេចខ្ទាំ ។ នៅទីនេះ​ផងដែរ យើង​មើល​ឃើញ​ការ​ប្រៀបធៀប​មួយ​ទៀត​ជាមួយ​នឹង​ព្រះ ។ ខ្ញុំ​ពុំ​ចាំបាច់​រំឭក​យើង​ថា ព្រះយេស៊ូវ​បាន​សុគត​ដោយ​ដួង​ចិត្តសង្រេង ជា​អង្គ​ដែល​មាន​ទុក្ខ​ព្រួយ​លំបាក តប់​ប្រមល់​​មក​ពី​ការរែក​បន្ទុក​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក​នោះ​ទេ ។ ដូច្នេះ​នៅក្នុង​គ្រា​នៃ​ការ​ល្បួង​ណា​ក៏​ដោយ សូម​ឲ្យ​យើង « មើល​ម្ដាយ [ របស់​យើង ] » ក៏​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ កុំ​ឲ្យ​ពួក​គាត់​សោកសៅ​ចំពោះ​អំពើបាប​យើង​ឡើយ ។

ទីពីរ ខ្ញុំ​បាន​និយាយ​នឹង​យុវជន​ម្នាក់​ដែល​ចូល​ក្នុង​បេសកកម្ម​ដោយ​សក្ដិសម ប៉ុន្តែ​ដោយ​ជម្រើស​ផ្ទាល់​ខ្លួន គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​តែ​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការ​រងទុក្ខ​ខ្លះៗ​ដែល​គាត់​មាន​ចំពោះ​ស្ថានភាព​នោះ ។ គាត់​នៅ​តែ​មាន​ភាព​សក្ដិសម ប៉ុន្តែ​គាត់​សង្ស័យ​ចំពោះ​ជំនឿ​របស់​គាត់ បន្ទុក​ខាង​សតិអារម្មណ៍​របស់​គាត់​មាន​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ការឈឺចាប់​ខាង​វិញ្ញាណ​របស់​គាត់ មាន​កាន់​តែ​ធ្ងន់ធ្ងរ ។ សតិអារម្មណ៍​របស់​គាត់​បាន​ប្រែ​ទៅ​ជា​ឈឺចាប់ ច្របូក​ច្របល់ ខឹង ហើយ​អស់​សង្ឃឹម ។

ប្រធាន​បេសកកម្ម​ប្រធាន​ស្ដេក និង​ប៊ីស្សព​របស់​គាត់ បាន​ចំណាយ​ពេល​រាប់​ម៉ោង​ស្រាវជ្រាវ យំ ហើយ​ប្រសិទ្ធពរ​ដល់​គាត់ នៅពេល​ពួកគេ​ព្យាយាម​ជួយ​គាត់ ប៉ុន្តែ​ដំបៅ​ភាគ​ច្រើន​របស់​គាត់ មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក​រហូត​ធ្វើ​ឲ្យ​គាត់​ត្រូវ​លាក់​វា​ទុក​ក្នុងខ្លួន ។ ឪពុក​ជាទី​ស្រឡាញ់​ក្នុងរឿង​នេះ បាន​ជួយ​ស្រោច​ស្រង់កូន​រូប​នេះ​ដោយ​អស់​ពី​ដួងចិត្ត​របស់​គាត់ ប៉ុន្តែ​ដោយ​ស្ថានភាព​ដ៏​មមាញឹក​នៃ​ការងារ​របស់​គាត់ ជាញឹកញាប់​ក្មេង​ប្រុស​ម្នាក់​នេះ និង​ម្ដាយ​របស់​គាត់ គឺ​ជា​អ្នក​ដែល​ត្រូវ​ពុះពារ​នឹង​បញ្ហា​ខាង​វិញ្ញាណ​ដែល​កើត​មាន​ដ៏​យូរ​អង្វែងនោះ ។ ពួកគេ​បាន​ស្វែងរក​ការ​ព្យាបាល​រួមគ្នា ទាំង​យប់​ទាំង​ថ្ងៃ ដែល​ដំបូង​ឡើយ​ជា​សប្ដាហ៍ បន្ទាប់មក​ជា​ខែ ហើយ​ក្លាយ​ទៅ​ជា​ឆ្នាំ ។ អំឡុង​ពេល​ដ៏​ជូរ​ចត់នោះ ( ភាគ​ច្រើន​គាត់​តូចចិត្ត ប៉ុន្តែ​ពេល​ខ្លះ​ម្ដាយ​ក៏​តូច​ចិត្ត​ដែរ ) ហើយ​ការភ័យ​ខ្លាច​មិន​ចេះ​ចប់ ( ភាគច្រើន​ជា​របស់​ម្ដាយ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ជា​របស់​គាត់ ) ម្ដាយ​នោះ​បាន​ថ្លែង​ទីបន្ទាល់​ម្តង​ទៀត--គាត់​បាន​ថ្លែង​ទីបន្ទាល់​ទៅ​កូន​របស់​ខ្លួន​អំពី​ព្រះចេស្ដា​របស់​ព្រះ សាសនាចក្រ​របស់​ទ្រង់ ជា​ពិសេស​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូន​រូប​នេះ--ហើយ​នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​ទៀត ជា​របៀប​ទទួល​បន្ទុក​ដ៏​ស្រស់ស្អាត​ដែល​ម្ដាយ​មាន​ចំពោះ​កូន ។ ក្នុង​ពេល​ដំណាល​គ្នា​នោះ គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ក្ដី​ស្រឡាញ់​មិន​ល្អៀង និង​ជា​អមត​ផ្ទាល់ខ្លួន​ចំពោះ​កូន​ផង​ដែរ ។ ដើម្បី​នាំ​ផ្នែក​សំខាន់​ដ៏​ចាំបាច់​ទាំងពីរ​នោះ​មក​រួមគ្នា​ក្នុង​ជីវិត​របស់​គាត់--​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គ្រួសារ​គាត់--គាត់​បាន​ចាក់​ស្រោច​ព្រលឹង​របស់​គាត់​នៅ​ក្នុង​ការ​អធិស្ឋាន​ពុំ​ចេះ​ចប់​ពុំ​ចេះ​ហើយ ។ គាត់​បាន​តមអាហារ ហើយ​យំ ហើយ​គាត់​បាន​យំ និង​បាន​តមអាហារ បន្ទាប់មក​គាត់​ស្ដាប់​ហើយ​ស្ដាប់ទៀត នៅពេល​កូនប្រុស​រូបនេះ​ប្រាប់​គាត់​ដដែលៗ​ថា​ដួងចិត្ត​របស់​គាត់​ត្រូវ​ខ្ទេចខ្ទាំ​នោះ ។ ដូច្នេះ​ម្តាយ​នោះ​បាន​គាំទ្រ​គាត់--ម្ដងទៀត--តែ​ពេលនេះ​វា​ពុំ​មែន​មាន​រយៈពេល​ប្រាំបួន​ខែ​ឡើយ ។ គ្រា​នេះ គាត់​បាន​គិត​ថា​ការ​ជួយ​កូន​ឲ្យ​ឆ្លង​ផុត​ការ​សាកល្បង​ខាង​វិញ្ញាណ​ដ៏​ធ្ងន់ធ្ងរ​នេះ​ត្រូវ​ចំណាយ​ពេល​ដ៏​យូរ ។

ប៉ុន្តែ​ដោយ​ព្រះគុណ​នៃ​ព្រះ ការ​តស៊ូ​ផ្ទាល់ខ្លួន​របស់​គាត់ និង​ជំនួយ​ពី​អ្នកដឹកនាំ​សាសនាចក្រ មិត្តភក្ដិ សមាជិក​គ្រួសារ និង​អ្នក​ជំនាញ ម្ដាយ​ដ៏​ទទូច​អង្វរ​រូប​នេះ បាន​មើល​ឃើញ​កូន​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​ដែល​ជា​ដែនដី​សន្យា​វិញ ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ យើង​ទទួល​ស្គាល់​ថា ពរជ័យ​ដូច្នេះ​ពុំ​អាច ឬ​យ៉ាង​ហោចណាស់ ពុំ​កើត​មាន​ចំពោះ​ឪពុកម្ដាយ​គ្រប់រូប ដែល​ឈឺចាប់​យ៉ាង​ធំ​ក្រៃលែង​ចំពោះ​ស្ថានភាព​របស់​កូនៗ​ពួកគេ ប៉ុន្តែ​ករណី​នេះ​មាន​នូវ​សេចក្តី​សង្ឃឹម​មួយ ។ ហើយ​ខ្ញុំ​ត្រូវតែ​និយាយ​ថា ស្ថានភាព​ខាង​ផ្លូវភេទ​របស់​កូន​ប្រុស​រូប​នេះ ពុំ​មែន​ជា​ការ​ផ្លាស់ប្ដូរ​ដោយ​អព្ភូតហេតុទេ--គ្មាន​នរណា​រំពឹងថា​នឹង​កើត​ឡើង​ទេ ។ ប៉ុន្តែ​បន្ដិចម្ដងៗ ដួងចិត្ត​របស់​គាត់​បាន​ផ្លាស់ប្ដូរ ។

គាត់​ចាប់ផ្ដើម​ត្រឡប់​មក​ព្រះវិហារ​វិញ ។ គាត់​បាន​ជ្រើស​រើស​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​សក្ដិសម ។ គាត់​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​វិញ ហើយ​ទទួល​ការ​ហៅ​ឲ្យ​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេលព្រឹក ដែល​គាត់​មាន​ជោគជ័យ​យ៉ាង​ល្អ ។ ហើយ​ឥឡូវ បន្ទាប់ពី រយៈពេល​ប្រាំឆ្នាំ គាត់​បាន​ចូល​ទៅក្នុង​បេសកកម្ម​វិញ​ដើម្បី​បញ្ចប់​ការបម្រើ​ដល់​ព្រះអម្ចាស់​របស់​គាត់ តាម​សំណើរផ្ទាល់ខ្លួន​របស់​គាត់ ដោយ​មាន​ជំនួយ​ខ្លាំង​ពី​សាសនាចក្រ ។ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ចំពោះ​ភាព​ក្លាហាន សេចក្ដី​សុចរិត និង​ការតាំងចិត្ត​របស់​ក្មេង​ប្រុស​រូបនេះ និង គ្រួសារ​របស់​ខ្លួន​ដើម្បី​ខិតខំ​ដោះស្រាយ​បញ្ហា ហើយ​ជួយ​គាត់​ឲ្យ​រក្សា​ជំនឿ​របស់​ខ្លួន ។ គាត់​បាន​ដឹង​ថា គាត់​ជំពាក់​គុណ​ច្រើន​បំផុត ប៉ុន្តែ​គាត់​បាន​ដឹង​ថា គាត់​បាន​ជំពាក់​គុណ​ដល់​តួអង្គ​នៃ​ព្រះមែស៊ី​ពីរ​អង្គ​នៅ​ក្នុង​ជីវិត​របស់​គាត់ ដែល​តួអង្គ​ទាំងពីរ​នោះ​បាន​គាំទ្រ​គាត់ ហើយ​លើក​ទ្រ​គាត់​ឡើង គាំទ្រ​គាត់ ហើយ​សង្គ្រោះ​គាត់--គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ម្ដាយ​ដ៏​បរិសុទ្ធ​របស់​គាត់​ដែល​មាន​ការ​តាំងចិត្ត​ដើម្បី​ជួយ​ប្រោសលោះ​គាត់ ។

រឿងចុង​ក្រោយ រឿង​នេះ​កើត​ឡើង​នៅ​ឯ​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ម៉ិកស៊ិក​ប្រទេស ម៉ិកស៊ិក កាល​ពី​បី​សប្ដាហ៍​មុន ។ ប្រធាន ហិនរី ប៊ី អាវរិង និង​ខ្ញុំ​បាន​មើល​ឃើញ​មិត្ត​សំឡាញ់​ឈ្មោះ លីស្សា ធូតថល ភីភើរ ឈរ​នៅ​ក្នុង​កម្មវិធី​ឧទ្ទិស​ឆ្លង​ដ៏​បំផុស​គំនិត​នោះ ។ ប៉ុន្តែ​គាត់បាន​ឈរ​ទាំង​លំបាក ដោយ​សារ​គាត់​ប្រើ​ដៃ​ម្ខាង​លើក​ពរ​កូន​ស្រី​ពិការ​ជាទី​ស្រឡាញ់​របស់​នាង ឈ្មោះ ដូរ៉ា ឯ​ដៃ​ម្ខាង​ទៀត កាន់​ដៃស្ដាំ​របស់​ដូរ៉ា​ដែល​​កម្រើក​មិន​បាន​ដើម្បី​ឲ្យ​កូន​ស្រី​ដ៏​មាន​តម្លៃ​អស់កល្ប​របស់​ព្រះ​រូប​នេះ អាច​ក្រវី​កន្សែង​ដៃ ហើយ​ទេវតា​នៃ​ស្ថានសួគ៌​ពោល​ក្នុង​ចិត្ត​នាង​ថា « ហូសាណា ហូសាណា ហូសាណា ថ្វាយព្រះ និង​កូនចៀម » ។១២

ចំពោះ​ម្ដាយ​គ្រប់​ទីកន្លែង​រាប់​តាំង​ពី​អតីតកាល​រហូត​ដល់ បច្ចុប្បន្ន​នេះ ឬ​នៅ​អនាគតកាល ខ្ញុំ​សូម​និយាយ​ថា « សូម​អរគុណ​អ្នក​ម្តាយ​ទាំងអស់​គ្នា ។ អរគុណ​ចំពោះ​ការ​ផ្ដល់​កំណើត ចំពោះ​ការ​តម្រែ​តម្រង់​ផ្លូវកូនៗ ចំពោះ​ការ​បង្កើត​ចរិក​លក្ខណៈ និង​ចំពោះ​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ » ។ ចំពោះ​ម្ដាយ​អេវ៉ា ​សារ៉ា រេបេកា និង រ៉ាជែល ចំពោះ​ម៉ារា​នៃ​ស្រុក​ណាសារ៉ែត និង​ចំពោះ​មាតា​នៅ​ស្ថានសួគ៌ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​សម្រាប់​តួនាទី​ដ៏​សំខាន់​របស់​អ្នក​ក្នុង​ការបំពេញ​គោលបំណង​ដ៏​អស់​កល្ប​ជានិច្ច ។ ចំពោះ​ម្ដាយ​គ្រប់រូប នៅ​គ្រប់ស្ថានភាព​ទាំងអស់ រួមទាំង​អ្នក​ដែល​កំពុង​មាន​បញ្ហា​ផងដែរ—ហើយ​ចំពោះ​អ្នក​ទំាងអស់​គ្នា—ខ្ញុំ​សូម​និយាយ​ថា « ចូរមានភាព​សុខសាន្ដ​ចុះ ។ សូម​ជឿ​ទៅលើ​ព្រះ និង​ខ្លួន​ឯង ។ អ្នក​បាន​ធ្វើ​ល្អ​ជាង​អ្នក​គិត​ទៅ​ទៀត ។ ពិតណាស់ អ្នក​គឺជា​អ្នក​សង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន១៣ ហើយក៏​ដូចជា​លោក​ចៅហ្វាយ​ដែល​អ្នក​ដើរតាម សេចក្ដី​ស្រឡាញ់​របស់​អ្នក ‹ ពុំ​ដែល​រលត់​ឡើយ ›១៤ » ។ ខ្ញុំ​ពុំ​អាច​បង្ហាញ​នូវ​ការគោរព​ដល់​អ្នក​ផ្សេង​ឲ្យ​ខ្ពស់​ជាង​អ្នក​បាន​ទេ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕