ឆ្នាំ ២០១០-២០១៩
ព្រះ​គង់​នៅ​ឯ​ចង្កូត​នាវា
តុលា 2015


ព្រះ​គង់​នៅ​ឯ​ចង្កូត​នាវា

ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​ទាំងឡាយ ជា​សេចក្ដីពិត និង​គោលលទ្ធិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​រកបាន​នៅក្នុង​នាវា​ចាស់​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះ​គង់​នៅឯ​ចង្កូត​នាវា​នោះ ។

កាល​ពី​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំមុន ខ្ញុំ​បាន​អញ្ជើញ​អ្នកស្ដាប់​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រិកហាំ យ៉ង់ ឲ្យ​នៅ​នឹង​នាវា​ចាស់​ស៊ីយ៉ូន ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​តោងឲ្យ​​ជាប់ដោយ​​ដៃ​ទាំងពីរ ។1 តាំង​ពី​នោះ​មក ខ្ញុំ​រីករាយ​ដោយ​​ដឹង​ថា គ្រួសារ​ខ្ញុំ និង​អ្នក​ផ្សេង​ទៀត​មួយ​ចំនួន​បាន​ស្ដាប់ ហើយ​បាន​សួរសំណួរ​នេះ​ដល់​ខ្ញុំ​ថា « តើ​មាន​អ្វី​នៅក្នុង​នាវា​ចាស់ស៊ីយ៉ូន​នោះ​ដែល​យើង​គួរ​តោង​ជាប់​បាន ? » ខ្ញុំ​បាន​រំឭក​ពួកគេ​អំពី​អ្វី​ដែល​ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍ ៖ « យើង​នៅលើ​នាវា​ចាស់​ស៊ីយ៉ូន ។ … [ ព្រះ ] គង់​នៅ​ឯ​ចង្កូត​នាវា​នោះ ហើយ​នឹង​នៅតែ​គង់​ទីនោះ ។ ... ទ្រង់​បញ្ជា ណែនាំ ហើយ​​ដឹកនាំ ។ បើ​មនុស្ស​នឹង​មាន​ទំនុកចិត្ត​ទាំងស្រុង​ទៅលើ​ព្រះ​របស់​ពួកគេ មិនដែល​លះបង់​ចោល​សេចក្ដី​សញ្ញា ឬ​ព្រះ​របស់ខ្លួន នោះ​ទ្រង់​នឹង​ណែនាំ​យើង​ ហើយដឹកនាំ​យើង​យ៉ាង​ត្រឹមត្រូវ » ។2

ច្បាស់​ណាស់ ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​នាវា​ចាស់​ស៊ីយ៉ូន​នោះ ជាមួយ​នឹង​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ដ៏​ច្បាស់លាស់ ហើយ​សាមញ្ញ ដែល​នឹង​ជួយ​យើង​ឲ្យ​ស្ថិត​នៅលើ​គន្លង​នោះ ឆ្លងកាត់​សមុទ្រ​បញ្ហា​នៃ​ជីវិត​រមែង​ស្លាប់ ។ នេះ​ជា​សេចក្ដីពិត​មួយ​ចំនួន ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តែងតែ​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី និង​ពួកសាវក​ដែល​កំពុង​រស់នៅ ។ ទោះបី​ពួកលោក​មាន​ជីវិត​រមែង​ស្លាប់ ហើយ​មិន​ឥតខ្ចោះ​ក្ដី ក៏​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ត្រូវបាន​បំផុស​ឲ្យ​ជួយ​យើង​ចៀសវាង​ពី​​ឧបសគ្គ​ទាំងឡាយ ដែល​ជា​ការគំរាម​កំហែង​ដល់​ជីវិត​ខាង​វិញ្ញាណ ហើយ​ជួយ​យើង​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​ដោយ​សុវត្ថិភាព ទៅកាន់​ទិសដៅ​សួគ៌ាចុងក្រោយ ហើយខ្ពស់​បំផុត​របស់​យើង ។

អំឡុង​ពេល​ជិត ៤០ ឆ្នាំ របស់​ខ្ញុំ​នៅក្នុង​ចំណោម​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ខ្ញុំ​បាន​ក្លាយ​ជា​សាក្សី​ ​មួយ​រូប ពេលដែល​ការបំផុស​ដ៏​ស្ងាត់ស្ងៀម និង​វិវរណៈ​ដ៏​ជ្រាលជ្រៅ​បាន​ជំរុញ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ពួក​ព្យាការី និង​ពួកសាវក ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ផ្សេងៗ​ទៀត ព្រមទាំង​ថ្នាក់​ដឹកនាំ​អង្គការ​ជំនួយ​នានា​ផងដែរ ។ ខណៈ​ដែល​មិន​ឥតខ្ចោះ ឬ​មិន​ត្រូវ​រហូត នោះ​បុរស និង​ស្ត្រី​ដ៏​ល្អ​ទាំងនេះ បាន​ឧទ្ទិស​យ៉ាង​ឥតខ្ចោះ​ដល់​ការដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​​ឲ្យ​ឆ្ពោះ​ទៅ​មុខ ដូច​ដែល​ទ្រង់បាន​​ដឹកនាំ ។

ហើយ​អ្នក​អាច​ជឿជាក់​យ៉ាង​ប្រាកដ​អំពី​ការពិត​នេះ ៖ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ពួក​ព្យាការី និង​ពួកសាវក​ដែល​កំពុង​រស់នៅ ។ នេះ​ជា​របៀប​ដែល​ទ្រង់​តែងតែ​បាន​ធ្វើ​កិច្ចការ​ទ្រង់ ។ ពិតណាស់ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្នោះ​ថា​ទទួល​ខ្ញុំ » ។3 យើង​មិន​អាច​បំបែក​ព្រះគ្រីស្ទ​ចេញពី​អ្នក​បម្រើ​របស់​ទ្រង់បាន​ឡើយ ។ បើ​គ្មាន​ពួក​សាវក​ពី​ដំបូង​របស់​ទ្រង់​ទេ យើង​ប្រាកដ​ជា​គ្មាន​ដំណើររឿង​ដែល​ជា​សាក្សី​ផ្ទាល់​ភ្នែក​ជាច្រើន​អំពី​ការបង្រៀន ការងារបម្រើ​ ការរងទុក្ខ​របស់​ទ្រង់​ក្នុង​សួន​គែតសេម៉ានី និង​ការសុគត​លើ​ឈើ​ឆ្កាង​របស់​ទ្រង់​ឡើយ ។ បើ​គ្មាន​សក្ខីភាព​របស់​ពួកលោក​ទេ នោះ​យើង​ប្រាកដ​ជា​គ្មាន​ទីបន្ទាល់​មកពី​ពួកសាវក​អំពី​ផ្នូរ​ទទេ និង​ដំណើរ​រស់​ឡើង​វិញ​ឡើយ ។

ទ្រង់​បាន​បញ្ជា​ពួក​សាវក​ដំបូង​ទាំងនោះ ៖

« ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ៖

« បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង » ។4

កាតព្វកិច្ច​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជាថ្មី​នៅ​ជំនាន់​របស់​យើង ពេលដែល​ព្រះអម្ចាស់​បាន​ហៅ យ៉ូសែប ស៊្មីធ ឲ្យ​ស្ដារ​សាសនាចក្រ​ឡើង​វិញ ដោយ​មាន​ពួក​សាវក​ដែល​ត្រូវបាន​តែងតាំង ដើម្បី​ប្រកាស​ដំណឹងល្អ​ទ្រង់​ម្ដង​ទៀត​ ពីមុន​ទ្រង់​នឹង​យាង​មក ។

វា​តែងតែ​ជា​ការលំបាក​មួយ​សម្រាប់​ពិភពលោក​ក្នុង​ការទទួល​យក​ពួក​ព្យាការី និង​ពួកសាវក​ដែល​កំពុង​រស់នៅ តែ​វា​ចាំបាច់ខ្លាំងណាស់​ដើម្បី​ធ្វើ​ដូច្នោះ ដើម្បី​យល់​បាន​ពេញលេញ​ពី​ដង្វាយធួន និង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ភាពពេញលេញ​នៃ​ពរជ័យ​​បព្វជិតភាព ដែល​ត្រូវ​បាន​ប្រទាន​​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ ។

មនុស្ស​ច្រើន​ណាស់​ដែល​គិត​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​សមាជិក​គួរតែ​មាន​ភាពឥតខ្ចោះ ឬ​ស្ទើរតែ​ឥតខ្ចោះ ។ ពួកគេ​ភ្លេច​ថា ព្រះគុណ​របស់​ព្រះអម្ចាស់​គឺ​គ្រប់គ្រាន់​ដើម្បី​សម្រេច​បាន​កិច្ចការ​ទ្រង់​តាមរយៈ​មនុស្ស​រមែង​ស្លាប់​ទាំងឡាយ ។ ថ្នាក់​ដឹកនាំ​របស់​យើង​មាន​បំណង​ល្អ​បំផុត តែ​ពេលខ្លះ​យើង​ក៏​ធ្វើ​កំហុស​ដែរ ។ រឿង​នេះ​មិន​ប្លែក​ទេ​ ចំពោះ​ទំនាក់ទំនង​សាសនាចក្រ ដ្បិត​រឿង​ដូចគ្នា​នេះ​កើតឡើង​ក្នុង​ទំនាក់ទំនង​មិត្តភក្ដិ អ្នកជិតខាង និង​អ្នករួម​ការងារ ព្រមទាំង​រវាង​ស្វាមី​ភរិយា និង​គ្រួសារ​ដែរ ។

ការរកមើល​ភាពខ្សោយ​របស់​មនុស្ស​ដទៃ​គឺ​ងាយស្រួល​ណាស់ ។ ទោះយ៉ាង​ណា យើង​ធ្វើ​កំហុស​ដ៏​ធ្ងន់ធ្ងរ ដោយ​ការកត់ចំណាំ​តែ​ធម្មជាតិ​ជា​មនុស្ស​របស់​គ្នា​ទៅវិញ​ទៅមក ហើយ​មើល​រំលង​ព្រះហស្ដ​ព្រះ​ដែល​ធ្វើ​កិច្ចការ​តាមរយៈ​អស់អ្នក​ដែល​ទ្រង់​បាន​ហៅ​នោះ ។

ការផ្ដោត​ទៅលើ​របៀប​ដែល​ព្រះអម្ចាស់​បំផុស​ដល់​ថ្នាក់​ដឹកនាំ​ជម្រើស​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​បំផុស​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​ការណ៍​ដ៏​អស្ចារ្យ​ទាំងឡាយ ថ្វីបើ​ពួកគេ​មាន​ធម្មជាតិ​ជា​មនុស្ស​ក៏​ដោយ​នោះ គឺជា​របៀប​មួយ​ដែល​យើង​តោងជាប់​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​នៅ​តែមាន​សុវត្ថិភាព​លើ​នាវា​ចាស់​ស៊ីយ៉ូននោះ ។

សេចក្ដីពិត​ទីពីរ​គឺ​គោលលទ្ធិ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះ​បាន​ប្រទាន​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្ដី​សញ្ញា និង​ការបង្រៀន​បន្ថែម​ទៀត​ជាច្រើន​ដល់​សាសនាចក្រ ។ ការណ៍ទាំងនេះ​រួមមាន​នូវ​ចំណេះដឹង​មួយ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដែល​ជា​ផែនទី​មួយ​ថាតើ​យើង​មក​ពី​កន្លែង​ណា គោលបំណង​របស់​យើង​នៅលើ​ផែនដី​ជាអ្វី និងទី​កន្លែង​ដែល​យើង​នឹង​ទៅ​ពេល​យើង​ស្លាប់ ។ ផែនការ​នេះ​ក៏​ផ្ដល់​ដល់​យើង​នូវ​ទស្សនៈ​ដ៏​ពិសេស​អស់កល្ប​មួយ​ថា យើង​ជា​បុត្រា​បុត្រី​វិញ្ញាណ​របស់​ព្រះ ។ ដោយ​យល់​ដឹង​ថា នរណា​ជា​ព្រះវរបិតាសួគ៌​របស់​យើង និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទទួលយក​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​វត្តមាន​ដ៏​អស់កល្ប​របស់​ទ្រង់​វិញ ។

គ្រប់ពេល​ដែល​ខ្ញុំ​បី​ទារក​ទើប​នឹង​កើត ខ្ញុំ​ឆ្ងល់ ៖ « តើ​កូន​ជា​នរណា កូន​តូច​អើយ ? តើ​កូន​នឹង​ក្លាយ​ជា​នរណា តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ? »

យើង​សួរ​សំណួរ​ឆ្លុះ​បញ្ចាំង​ស្រដៀង​គ្នានេះ ពេល​មនុស្ស​ម្នាក់​ដែល​យើង​ស្រឡាញ់​ស្លាប់ ៖ « តើ​ពួកគេ​នៅទីណា ? តើ​ពួកគេ​កំពុង​មើល ហើយ​ដកធិសោធន៍​អ្វី​ខ្លះ ? តើ​ជីវិត​នៅតែ​បន្តទៀត​​ទេ ? តើ​អ្វី​ទៅ​ជា​លក្ខណៈ​នៃ​ទំនាក់ទំនង​ដ៏​ជា​ទីស្រឡាញ់​បំផុត​នៅក្នុង​ពិភព​ដ៏​អស្ចារ្យ​នៃ​វិញ្ញាណ​អ្នក​ស្លាប់​ទាំងឡាយ​នោះ ? »

នៅក្នុង​ពិភព​នោះ គ្រួសារ​យើង​មាន​ចៅស្រី​ពីរនាក់ សារ៉ា និង អីមិលី និង​ចៅប្រុស​ម្នាក់ គឺ ណាថាន ។ ជាមួយ​នឹង​ការស្លាប់​របស់​ចៅ​ម្នាក់ៗ ក្រុមគ្រួសារ​យើង​បាន​តោង​ជាប់​ទៅនឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដោយ​ដៃ​ទាំងពីរ​របស់​យើង ។ សំណួរ​របស់​យើង​ត្រូវបាន​ឆ្លើយតប ជាមួយ​នឹង​ការលួងលោម និង​ការបញ្ជាក់​អះអាង តាមរយៈ​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ ។ ថ្វីបើ​យើង​នឹក​ចៅៗ​របស់​យើង តែ​យើង​ដឹង​ថា ពួកគេ​នៅរស់ ហើយ​យើង​ដឹង​ថា យើង​នឹង​ជួប​ពួកគេ​ម្ដង​ទៀត ។ យើង​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​ការយល់ដឹង​ខាង​វិញ្ញាណ​នេះ ក្នុង​គ្រាវឹកវរ​ផ្ទាល់ខ្លួន និង​នៃ​គ្រួសារ​នេះ ។

សេចក្ដីពិត​ដ៏​សំខាន់​មួយ​ទៀត​នៅក្នុង​សាសនាចក្រ គឺ​ថា ព្រះវរបិតាសួគ៌​បាន​បង្កើត​អ័ដាម និង​អេវ៉ា សម្រាប់​គោលបំណង​ដ៏​ខ្ពង់ខ្ពស់​មួយ ។ វា​ជា​ទំនួល​ខុសត្រូវ​របស់​ពួកគាត់—ហើយ​បន្ត​មកទៀត ជា​ទំនួល​ខុសត្រូវ​របស់​ពូជពង្ស​របស់​ពួកគាត់—ដែល​ត្រូវ​បង្កើត​រូបកាយ​រមែង​ស្លាប់​សម្រាប់​កូន​វិញ្ញាណ​របស់​ព្រះ ដើម្បី​ពួកគេ​អាច​ដកពិសោធន៍​ជីវិត​រមែង​ស្លាប់ ។ ដោយ​ដំណើរការ​នេះ ព្រះវរបិតាសួគ៌​បញ្ជូន​កូន​វិញ្ញាណ​របស់​ទ្រង់​ឲ្យ​មក​ផែនដី ដើម្បី​រៀន ហើយ​​លូតលាស់ តាមរយៈ​បទពិសោធន៍​នៃ​ជីវិត​ផែនដី ។ ដោយសារ​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់ ព្រះ​បញ្ជូន​សារទូត​សួគ៌ា និង​ពួក​សាវក ដើម្បី​បង្រៀន​ពួកគេ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ព្រះនាម​ជា​ព្រះអង្គ​សង្គ្រោះ ។

អស់​ជា​ច្រើន​សតវត្សរ៍ ព្យាការី​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួកលោក ពេល​ពួកលោកបាន​​ព្រមាន​មនុស្ស​ពី​គ្រោះថ្នាក់​ទាំងឡាយ​មុន​វា​កើត​ឡើង ។ ពួកសាវក​របស់​ព្រះអម្ចាស់ មាន​កាតព្វកិច្ច​ដើម្បី​មើលថែ ព្រមាន ហើយ​ឈោង​ជួយ​ដល់​អស់អ្នក​ដែល​កំពុង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ជីវិត ។

ម្ភៃ​ឆ្នាំ​កន្លង​មក​ហើយ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចេញ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ នៅក្នុង​ឯកសារ​ដ៏​បំផុស​គំនិត​នោះ យើង​បញ្ចប់​ជាមួយ​នឹង​កថាខណ្ឌ​ខាងក្រោម​នេះ ៖ « យើង​សូម​ព្រមាន​ថា បុគ្គល​ណា​ដែល​បំពាន​លើ​សេចក្ដី​សញ្ញា​នៃ​ព្រហ្មចារីភាព ដោយ​បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ ឬ​មិន​បាន​បំពេញ​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ គង់តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ។ លើស​ពី​នេះ​ទៅទៀត យើង​សូម​ព្រមាន​ថា ការបែកបាក់​នៅក្នុង​គ្រួសារ​នឹង​នាំ​មក​នូវ​មហន្តរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិសាសន៍ ដូច​ដែល​បាន​ទាយទុក​ជាមុន ដោយ​ពួកព្យាការី​សម័យ​បុរាណ និង​ពួក​ព្យាការី​សម័យ​ទំនើប » ។5

ក្នុង​នាម​ជា​ពួក​សាវក យើង​សូម​អះអាង​បញ្ជាក់​ពី​ការព្រមាន​ដ៏​ឱឡារិក​នេះ​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​នេះ ។ សូម​ចងចាំង​ថា ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​ទាំងឡាយ គឺជា​សេចក្ដីពិត និង​គោលលទ្ធិ​ដែល​មិនអាច​កាត់​ថ្លៃ​បាន ដែល​មាន​នៅក្នុង​នាវា​ចាស់​ស៊ីយ៉ូន​នេះ ជា​កន្លែង​ដែល​ព្រះ​គង់​នៅឯ​ចង្កូត ។

គោលលទ្ធិ​ដ៏​សំខាន់​មួយ​ទៀត ដែល​យើង​គប្បី​ប្រកាន់​ខ្ជាប់ គឺ​ត្រូវ​ប្រតិបត្តិ​ថ្ងៃ​ឈប់សម្រាក ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​បន្ត​មិន​ប្រឡាក់​ដោយ​លោកិយ ផ្ដល់​ដល់​យើង​នូវ​ការសម្រាក​ខាង​រាងកាយ ហើយ​ផ្ដល់​ដល់​យើង​ម្នាក់ៗ​នូវ​ភាពស្រស់បស់​ខាង​វិញ្ញាណ ក្នុង​ការថ្វាយ​បង្គំ​ព្រះវរបិតា និង​ព្រះរាជបុត្រា រៀងរាល់​ថ្ងៃ​អាទិត្យ ។6 ពេល​យើង​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក នោះ​វា​ជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។7

ជា​ផ្នែក​នៃ​ការប្រឹងប្រែង​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ជា​ទី​រីករាយ​ចិត្ត យើង​បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់ និង​សមាជិក​សាសនាចក្រ ឲ្យ​ចងចាំ​ថា ការប្រជុំ​សាក្រាម៉ង់​គឺជា​របស់​ព្រះអម្ចាស់ ហើយ​គប្បី​ផ្អែក​យ៉ាង​មាំមួន​លើ​ការបង្រៀន​របស់​ទ្រង់ ។ ការធ្វើ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ គឺជា​ពេល​ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​របស់​យើង​ជាថ្មី ហើយ​បញ្ជាក់​ជា​ថ្មី​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​ចងចាំ​ការលះបង់ និង​ដង្វាយធួន​របស់​ទ្រង់ ។

ស្មារតី​នៃ​ការថ្វាយបង្គំ​ដដែល​នេះ គប្បី​ជ្រាបចូល​ក្នុង​ការតម​អាហារ និង​ការប្រជុំ​ថ្លែង​សក្ខីភាព​របស់​យើង​រៀងរាល់​ខែ ។ ការប្រជុំ​សាក្រាម៉ង់​នេះ គឺ​សម្រាប់​សមាជិក​ដើម្បី​បង្ហាញ​ការដឹងគុណ សេចក្ដី​ស្រឡាញ់ និង​ការពេញចិត្ត​ដល់​ព្រះវរបិតាសួគ៌​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ព្រមទាំង​ដើម្បី​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​រឿង​ទាំងនេះ ។ ការប្រជុំ​តម​អាហារ និង​ថ្លែង​សក្ខីភាព ជា​ពេល​មួយ​ដើម្បី​ចែកចាយ​គំនិត​ដ៏​បំផុស​ខ្លីៗ ហើយ​ថ្លែង​សក្ខីភាព​ដ៏​រឹងមាំ ។ វា​មិនមែន​ជា​ពេល​ដើម្បី​ផ្ដល់​សុន្ទរកថា​មួយ​នោះ​ទេ ។

ក្មេង​តូចៗ​គួរ​អនុវត្ត​ចែកចាយ​សក្ខីភាព​របស់​ពួកគេ​នៅក្នុង​ថ្នាក់​កុមារ និង​ជាមួយ​ឪពុកម្ដាយ​ខ្លួន​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ រហូត​ទាល់តែ​ពួកគេ​យល់​ពី​អត្ថន័យ​ដ៏​សំខាន់​នៃ​សក្ខីភាព​មួយ ។

ការសង្កត់ធ្ងន់​ថ្មីៗ​នេះ អំពី​ការធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ជា​ទីរីករាយ​ចិត្ត គឺជា​លទ្ធផល​ដោយ​ផ្ទាល់​នៃ​ការបំផុស​ពី​ព្រះអម្ចាស់ តាមរយៈ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សមាជិក​ក្រុមប្រឹក្សា​វួដ គប្បី​ជួយ​គណៈប៊ីស្សព បីបួន​សប្ដាហ៍​ជាមុន ដោយ​ពិនិត្យ​មើល​តន្ត្រី និង​ប្រធានបទ​ទាំងឡាយ​ដែល​ត្រូវបាន​ផ្ដល់​សម្រាប់​ការប្រជុំ​សាក្រាម៉ង់​នីមួយៗ ។

យើង​ទាំងអស់​គ្នា​មាន​ពរជ័យ ពេល​ដែល​ថ្ងៃ​ឈប់សម្រាក​ត្រូវបាន​បំពេញ​ដោយ​សេចក្ដី​ស្រឡាញ់​សម្រាប់​ព្រះអម្ចាស់​នៅ​គេហដ្ឋាន និង​នៅ​ព្រះវិហារ ។ ពេល​កូនចៅ​របស់​យើង​ត្រូវបាន​បង្រៀន​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​ពួកគេ​រៀន​ទទួល​អារម្មណ៍ និង​ឆ្លើយតប​ដល់​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ យើង​ទាំងអស់​គ្នានឹង​មាន​បំណង ចូលរួម​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ទទួលទាន​សាក្រាម៉ង់ កាលណា​យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ហើយ​អ្នក​ទាំងអស់ ទាំង​ក្មេង​ទាំង​ចាស់ ដែល​កំពុង​រែក​បន្ទុក​ធ្ងន់​នឹង​មាន​អារម្មណ៍​ថា​បាន​លើក​ឡើង​ខាង​វិញ្ញាណ និង​ទទួល​ការលួងលោម ដែល​មក​ពី​ការឧទ្ទិស​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ជា​ការសញ្ជឹង​គិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។

យើង​មាន​អំណរគុណ​ណាស់ ដែល​ព្រះគ្រីស្ទ​តែងតែ​គង់​នៅ​ជិត រង់ចាំ និង​ស្ម័គ្រ​ព្រះទ័យ​ជួយ​យើង ពេល​យើងអធិស្ឋាន​សុំជំនួយ ហើយ​​មាន​ឆន្ទៈ​ដើម្បី​ប្រែចិត្ត ហើយ​មករក​ទ្រង់ ។

ឥឡូវ​នេះ ពេល​យើង​ពិចារណា​សេចក្ដីពិតតែ​​មួយ​ចំនួន ដែល​មាន​នៅក្នុង​នាវា​ចាស់​ស៊ីយ៉ូន ចូរ​យើង​បន្ត​នៅលើ​នោះ ហើយ​ចាំ​ថា តាម​និយមន័យ នាវា​គឺ​ជា​យាន្ត​ជំនិះ​មួយ ហើយ​គោលបំណង​របស់​យាន្ត​ជំនិះ​គឺ​ដើម្បី​នាំ​យើង​ទៅកាន់​គោលដៅ​មួយ ។

គោលដៅ​នៃ​នាវា​របស់​យើង គឺ​ពរជ័យ​ពេញលេញ​នៃ​ដំណឹងល្អ នគរ​ស្ថានសួគ៌ សិរីល្អ​សេឡេស្ទាល និង​វត្តមាន​របស់​ព្រះ !

ផែនការ​របស់​ព្រះ​ត្រូវបាន​បង្កើត​ឡើង ។ ទ្រង់​គង់​នៅឯ​ចង្កូត​នាវា ហើយ​នាវា​ដ៏​អស្ចារ្យ និង​ប្រកប​ដោយ​អំណាច​របស់​ទ្រង់​រសាត់​ឆ្ពោះ​ទៅ​សេចក្ដី​សង្គ្រោះ និង​ភាពលើក​តម្កើង ។ សូម​ចាំ​ថា យើង​មិន​អាច​ទៅដល់​ទីនោះ​ដោយ​ការលោត​ចេញ​ពី​នាវា​នោះ ហើយ​ព្យាយាម​ហែល​ទៅ​ទីនោះ​ដោយ​ខ្លួន​យើង​បាន​ឡើយ ។

ភាពលើក​តម្កើង​ជា​គោលដៅ​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​នេះ ហើយ​គ្មាន​នរណា​ម្នាក់​ទៅដល់​ទីនោះ​ដោយ​គ្មាន​មធ្យោបាយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ ពិធីបរិសុទ្ធ និង​គោលការណ៍​ណែនាំ​ដែល​មាន​នៅក្នុង​សាសនាចក្រ​ឡើយ ។

នេះ​ជា​សាសនាចក្រ​ដែល​យើង​រៀន​ពី​កិច្ចការ​របស់​ព្រះ ហើយ​ទទួល​ព្រះគុណ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​សង្គ្រោះ​យើង ។ វា​គឺ​នៅក្នុង​សាសនាចក្រ​នេះ​ហើយ ដែល​យើង​ស្ថាបនា​ការប្ដេជ្ញា​ចិត្ត និង​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ក្រុមគ្រួសារ​អស់កល្ប ដែល​ក្លាយ​ជា​លិខិត​ឆ្លងដែន​របស់​យើង​ទៅកាន់​ភាពលើក​តម្កើង ។ វា​គឺ​សាសនាចក្រ​នេះ​ហើយ ដែល​ទទួល​បាន​អំណាច​បព្វជិតភាព​ដើម្បី​រុញ​យើង​ទៅ​មុខ ឆ្លង​កាត់ ផ្ទៃ​ទឹក​នៃ​ជីវិត​រមែង​ស្លាប់​ដែល​មិន​អាច​ទាយទុកជា​មុន​បាននេះ ។

ចូរ​យើង​មាន​អំណរគុណ​ចំពោះ​នាវា​ចាស់​ស៊ីយ៉ូន​ដ៏​ស្រស់ស្អាត​ ដ្បិត​បើ​គ្មាន​វា​ទេ យើង​ប្រាកដ​ជា​ត្រូវបាន​បោះចោល​ឲ្យ​រសាត់​តាម​ខ្យល់ ឯកោ ហើយ​គ្មាន​អំណាច ត្រូវ​ផាត់​ទៅ​ទាំងគ្មាន​ចង្កូត ឬ​ចង្វារ វិលកួច​ទៅ​តាម​ចរន្ត​ទឹក​ដ៏​ខ្លាំង​នៃ​ខ្យល់ និង​រលក​របស់​មារសត្រូវ​ជា​មិន​ខាន ។

បងប្អូន​ប្រុស​ស្រី ចូរ​តោង​ឲ្យ​ជាប់ ហើយជិះ ​នៅលើ​នាវា​ដ៏​រុងរឿង​នេះ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​យើង​នឹង​ទៅដល់​គោលដៅ​ដ៏​អស់កល្ប​របស់​យើង ។ នេះ​ជា​ទីបន្ទាល់ និង​ការអធិស្ឋាន​របស់​ខ្ញុំ​សម្រាប់​យើង​ទាំងអស់​គ្នា នៅក្នុង​ព្រះនាម​នៃ​ទ្រង់ ដែល​ដឹកនាំ​នាវា​ចាស់​ស៊ីយ៉ូន​នេះ ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។