ឆ្នាំ ២០១០-២០១៩
សេចក្ដីពិតដ៏​ច្បាស់ និង​មានតម្លៃ
តុលា 2015


សេចក្ដីពិតដ៏​ច្បាស់ និង​មានតម្លៃ

ការ​​ប៉ះប៉ូវ​ដ៏​សប្បុរស​​របស់​ព្រះវរបិតា​សួគ៌​​​ចំពោះ​ការរស់នៅ​ក្នុង​គ្រា​លំបាក​នានា​នោះ គឺ​ថាយើងក៏​​រស់នៅ​​ក្នុង​កាលដ៏ពេញកំណត់ផង​ដែរ ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកហើយ តាំងតែ​ពី​សន្និសីទ​ទូទៅ​បាន​ប្រារព្ធ​ឡើង​មក នោះ​ទាំង​ប្រធាន ប៊យដ៍ ឃេ ផាកកឺ និង អែលឌើរ អិល ថម ភែរី ព្រមទាំង រីឆាដ ជី ស្កត មិន​​ធ្លាប់​ថា​មិន​បាន​អង្គុយ​នៅ​ពី​ក្រោយ​វេទិកា​នេះ ហើយ​មាន​ប្រសាសន៍​នៅ​ក្នុង​សម័យ​ប្រជុំ​ទាំង​នេះ​​ឡើយ ។​ អនុស្សាវរីយ៍​របស់​យើង​ជាមួយ​ពួក​លោក​ គឺ​គួរ​ឲ្យ​រំជួល​ចិត្ត​ណាស់ ហើយ​ខ្ញុំ​សូម​បង្ហាញ​ការគោរព​របស់​ខ្ញុំ​ចំពោះ​ពួក​លោក ពួក​លោក​​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​រៀងៗ​ខ្លួន ប៉ុន្តែ​សាក្សី និង ​ទីបន្ទាល់​របស់​ពួក​លោកអំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយ​ធួន​របស់​ទ្រង់​​​មាន​ភាព​ចុះសម្រុង​គ្នា​ណាស់ ។

លើស​ពីនោះ​ទៀត ខ្ញុំ ក៏​ដូច​ជា​បងប្អូន​​គ្រប់គ្នា បាន​ឃើញ​ភាពរឹងមាំ ហើយ​គាំទ្រ​ដល់​ប្រធាន ថូម៉ាស អេស ម៉នសុន​ថា​ជា​ព្យាការី​ អ្នក​មើល​ឈុត និង អ្នក​ទទួ​លវិវរណៈ ហើយ​ខ្ញុំ​មាន​ការស្ងើច​សរសើរ​ចំពោះ​ភាពស្មោះត្រង់​របស់​លោក និង ការបម្រើ​ក្នុង​កាតព្វកិច្ច​ដ៏​ពេញលេញ​របស់​លោក​ជា​សាវក​ អស់​រយៈពេល​ជាង​៥០​ឆ្នាំ​ដ៏​អស្ចារ្យ​នេះ ។​

ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បន្ទាប់ពី​ម៉ោង ៩​ព្រឹក ដូច​ដែល​គណៈប៊ីស្សព​ជាអធិបតី​កំពុង​ចាប់​ផ្តើម​ការ​ប្រជុំ​ជាមួយ​គណៈប្រធាន​តំបន់​អាស៊ី ដែល​បាន​មក​ទី​នេះ​សម្រាប់​សន្និសីទ នោះ​ប្រធាន​ម៉នសុន​រួម​ទាំង​ទីប្រឹក្សា​ទាំង​ទ្វេ​រប​ស់​លោក​បាន​ហៅ​ខ្ញុំ​ទៅ​ជួប ។ មួយ​សន្ទុះ​ក្រោម​មក នៅពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​ដែល​នៅ​ជាប់​នឹង​ការិយាល័យ​របស់​លោក​នោះ ខ្ញុំ​មើល​ទៅ​ដូច​ជា​ជ្រួលច្រាល​ក្នុង​ចិត្ត​ដោយ​អង្គុយ​នៅតុ​ម្ខាង​ទៀត នៅពេល​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ស្រទន់​ដែល​រម្ងាប់​ភាព​ឆ្លេឆ្លា​របស់​ខ្ញុំ ។​ ដោយ​មើល​វ័យ​ខ្ញុំ លោក​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ហាក់បី​ដូច​ជា​ក្មេង​បន្តិច ហើយ​មើល​ទៅមុខ​ក្មេង​ជាង​អាយុ​ទៅទៀត ។

ប៉ុន្មាន​នាទី​ក្រោយ​មក ប្រធាន​ម៉នសុន​បាន​ពិពណ៌នា​ពី​កិច្ចការ​ដែល​ស្តី​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ លោក​បានផ្តល់​ការ​​ហៅ​ឲ្យ​បម្រើ​​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ដល់​ខ្ញុំ ។ លោក​បាន​សួរ​ខ្ញុំ បើសិន​ខ្ញុំ​យល់​ព្រម​ទទួល​ការហៅ​បម្រើ​នោះ​ឬ​ទេ ក្រោយ​មក​នោះ​ខ្ញុំ​ពិត​ជា​បាន​បញ្ចេញតែ​សំឡេង​ដូច​ជានិយាយ​ពុំ​រួច ដោយ​ក្តីភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នោះ​ខ្ញុំ​បាន​តប​បព្ជាក់​ទៅលោក​វិញ ។ ក្រោយ​មក​ ពី​មុន​ខ្ញុំ​អាច​រៀបរាប់​ពី​មនោសញ្ចេតនា​ដ៏​ធំធេង​ដែល​មិន​អាច​រៀបរាប់​បាន​របស់​ខ្ញុំ ដែលភាគច្រើន​ជា​អារម្មណ៍​​ដែលគិត​ថាខ្លួន​ឯង​​ខ្វះ​ចន្លោះ នោះ​ប្រធាន​ម៉នសុន បាន​មាន​ថ្លែង​មកខ្ញុំ ដោយ​រៀបរាប់​ពី​របៀប​ដែល​លោក​ត្រូវបាន​ហៅ​កាល​ពី​ច្រើន​ឆ្នាំ​មុន​ ឲ្យ​ធ្វើ​ជា​សាវក​ដោយ​ប្រធាន ដេវីឌ អូ ម៉ាក់ខេ ដែល​នៅពេល​នោះ​លោក​ក៏​មាន​អារម្មណ៍​ថា​ខ្លួនលោក​ខ្វះ​ចន្លោះ​ផងដែរ ។ លោក​បាន​បង្គាប់​ខ្ញុំ​ដោយ​ស្រទន់​ថា « ប៊ីស្សព ស្ទីវ៉ែនសុន ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​អស់​ប៊ីស្សព​ដែល​ទ្រង់​បាន​ហៅ​សម​នឹង​កិច្ចការ​នោះ » ។ ប្រសាសន៍​ដ៏​រាបសា​ទាំង​នេះ​របស់​ព្យាការី បាន​ក្លាយ​ជា​ប្រភព​មួយ​នៃ​ភាពសុខសាន្ត ជា​ភាព​ស្ងប់​មួយ​នៅក្នុង​ព្យុះ​នៃ​ការពិនិត្យ​មើល​ខ្លួន​ឯង​​យ៉ាង​ឈឺ​ចាប់ និង អារម្មណ៍​ដ៏​ទន់ភ្លន់​​នៅក្នុង​កាល​នៃ​ភាព​ឈឺចាប់ ដែល​បាន​កើត​ឡើង​ទាំង​យប់ និង ថ្ងៃ​តាំងពី​នោះ​មក ។

​នៅថ្ងៃ​បន្ទាប់​មក ​ខ្ញុំ​បាន​និយាយ​អ្វី​ដែល​ខ្ញុំ​ទើប​តែ​រៀបរាប់​ប្រាប់​អ្នក​នេះ​ ដល់ភរិយា​ជាទីស្រឡាញ់​របស់​ខ្ញុំ ឡេសា ដែល​អង្គុយ​នៅ​កន្លែង​មួយ​ស្ងាត់​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដោយ​ឃើញ​ទេសភាព​ដ៏​ស្ងប់ស្ងាត់​នៃ​ព្រះវិហារ​បរិសុទ្ធ និង រោងឧបោសថ​ជាប្រវត្តិ​សាស្ត្រ​នៅ​ពីមុខ​យើង ។ នៅពេល​យើង​ព្យាយាម​ស្វែងយល់ និង ទទួល​ស្គាល់​ពី​ព្រឹត្តិការណ៍​​នៅ​ថ្ងៃ​នោះ នោះ​យើង​បាន​ដឹង​ថា​យុថ្កា​របស់​យើង គឺ​​ជា​សេចក្តី​ជំនឿរបស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង ​ចំណេះ​ដឹង​របស់​យើង​អំពី​ផែនការ​នៃ​សុភមង្គល​​ដ៏​មហិមា ។ ការណ៍​នេះ​បានឲ្យ​ខ្ញុំ​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ឡេសា ។ គាត់​គឺ​ជា​ពន្លឺ​ និង ជា​ជីវិត​របស់​ខ្ញុំ ហើយ​ជា​បុត្រី​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ជីវិត​របស់​​គាត់​គឺ​ជា​ជីវិត​បែប​ដែលបម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង និង មាន​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​ចំពោះ​មនុស្ស​ទាំងអស់ ។ ខ្ញុំ​​នឹង​ព្យាយាម​បន្ត​សក្តិសម​ចំពោះ​ពរជ័យ​នៃ​ការ​រួមរស់​អស់កល្ប​ជានិច្ច​របស់​យើង ។

ខ្ញុំ​សូម​បង្ហាញ​សេចក្តីស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​របស់​ខ្ញុំ​ចំពោះ​កូនប្រុស​ទាំង​បួន​នាក់​របស់​យើង និង គ្រួសារ​របស់​ពួកគេ មាន​កូនយើង​បីនាក់​ និង ភរិយា​ដ៏​ស្រស់ស្អាត​របស់​ពួកគេ​នៅ​ទីនេះ​ ដែល​ជា​ម្តាយ​នៃ​ចៅ​ទាំង​ប្រាំ​មួយ​នាក់​របស់​យើង ដែល​ចៅ​ទី​បួ​ន​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​មាន​ការអនុញ្ញាត​ជាពិសេស​ដើម្បី​មិន​ទាន់​ចូលគេង ហើយ​កំពុង​មើល​ការចាក់ផ្សាយ​ផ្ទាល់​នេះ​ជាមួយ​នឹង​ប្រធាន​បេសកកម្ម​​ និង ភរិយា​របស់​លោក ចេញ​ពី​ផ្ទះ​បេសកកម្ម​នៅ​ប្រទេស តៃវ៉ាន់ ។​ ខ្ញុំ​ស្រឡាញ់​ពួកគេ​គ្រប់គ្នា ហើយ​ស្រឡាញ់​របៀប​ដែល​ពួកគេ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ ។

ខ្ញុំ​សូម​បង្ហាញ​សេចក្តី​ស្រឡាញ់របស់​ខ្ញុំ​ចំពោះ​សមាជិក​ម្នាក់ៗ​នៃ​គ្រួសារ​របស់​ខ្ញុំ ៖ ចំពោះ​ម្តាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ ឪពុក​ខ្ញុំ​ដែល​បាន​ចែកឋាន​កាល​ពី​ឆ្នាំ​មុន ដែល​បាន​បណ្តុះ​ទីបន្ទាល់​នៅក្នុង​ខ្លួន​ខ្ញុំ ដែល​វាស្ថិត​ក្នុង​ចិត្ត​ខ្ញុំតាំងតែ​ពី​អនុស្សវរីយ៍​ពីអតីតកាល​របស់​ខ្ញុំនោះ​មកម្ល៉េះ ។ ខ្ញុំ​សូម​បន្ត​ថ្លែង​អំណរគុណ​នេះ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ និង ស្វាមី ឬ ភរិយា​ដ៏​ស្មោះត្រង់​របស់​ពួកគេ ព្រមទាំង​គ្រួសារ​របស់​ឡេសា ដែល​ពួកគេ​ភាគច្រើន​មាន​វត្តមាន​​នៅទីនេះក្នុង​ថ្ងៃ​នេះ ។ ខ្ញុំ​សូម​បង្ហាញ​អំណរគុណ​នេះ​ដល់​សាច់​ញាតិ មិត្តភក្ដិ អ្នកផ្សព្វផ្សាយសាសនា ថ្នាក់​ដឹកនាំ និង គ្រូបង្រៀន​ និង អស់​អ្នក​ដែល​ខ្ញុំ​បាន​ស្គាល់ ។

ខ្ញុំ​បាន​ទទួល​ពរជ័យ​​ដែល​ធ្វើការ ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ពួកដប់​ពីរ​នាក់ ពួកចិតសិបនាក់ និង គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ ។ ខ្ញុំ​សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ និង ការគោរព​ចំពោះ​បងប្អូន​ប្រុសស្រី​គ្រប់​រូប ហើយ​នឹងព្យាយាម​បម្រើ​ ដើម្បី​មាន​ភាពសក្តិសម​ចំពោះ​ទំនាក់ទំនង​បន្ត​ទៀត​ជាមួយ​គ្នា ។ គណៈប៊ីស្សព​ជា​អធិបតីរីករាយ​នឹង​ការរួបរួម​​សួគ៌ានេះ ។ ខ្ញុំ​នឹង​នឹករឭក​សហការី​របស់​ខ្ញុំ​ដែល​ធ្វើ​ការជាមួយ​ខ្ញុំ​រាល់​ថ្ងៃ​គឺ ប៊ីស្សព កូសសែ និង ប៊ីស្សព ដេវីស ព្រមទាំង បុគ្គលិក​នានា ។

ខ្ញុំ​ឈរ​នៅ​ពីមុខ​បងប្អូន ​ក្នុង​នាម​ជា​ភស្តុតាង​នៃ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​កត់ត្រា​នៅក្នុង​កណ្ឌ​ទី​មួយ​​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៖ « ដើម្បី​ឲ្យ​មាន​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង អាច​បាន​ប្រកាស​ប្រាប់ ដោយ​ពួកកំសោយ និង ពួក​រាបទាប ដល់​អស់​ចុង​[ ផែនដី ] និង នៅ​ចំពោះ​ពួក​មហាក្សត្រ និង ពួក​អ្នក​ត្រួតត្រា​ទាំងឡាយ » ។ បន្ទូល​ទាំង​នេះ​បាន​មក​បន្ទាប់​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រកាស​ បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​ចំពោះ​កូនចៅ​របស់​ទ្រង់ ៖​ « ហេតុដូច្នោះ​ហើយ យើង​ជា​ព្រះអម្ចាស់​ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មក​លើ បណ្តា​ជន​ទាំងឡាយ​នៅ លើ​ផែនដី​នោះ​បាន​ហៅ យ៉ូសែប ស៊្មីធ ជុញ្ញ័រ​ជា​អ្នក​បម្រើ​​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថាន​សួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡា​យ​ដល់​លោក » ។​

ព្រះវរបិតាសួគ៌​ និង ព្រះរាជបុត្រា​របស់​ទ្រង់​ដ៏​ជាទីស្រឡាញ់ គឺ​ព្រះយេហូវ៉ា ជាមួយ​នឹង​ចំណេះដឹង​តាំង​តែ​ដើម​រៀង​​មក ដោយ​បើក​ឋានសួគ៌ និង សម័យ​កាន់កាប់ត្រួតត្រា​នេះ ដើម្បី​​ប៉ះប៉ូវ​នឹង​គ្រោះ​នានា​ដែល​ទ្រង់​ជ្រាប​ថា​នឹង​មកដល់ ។ សាវក​ប៉ុល​បាន​រៀបរាប់​ពី​គ្រោះកាច​ដែល​នឹង​មក​នេះ​ថា​ជា « ​គ្រា​លំបាក​ណាស់ » ។ សម្រាប់​ខ្ញុំ ការណ៍​នេះ​បង្ហាញ​ថា ការ​​ប៉ះប៉ូវ​ដ៏​សប្បុរស​​របស់​ព្រះវរបិតា​សួគ៌​​​ចំពោះ​ការរស់នៅ​ក្នុង​គ្រា​លំបាក​នានា​នោះ គឺ​ថាយើងក៏​​រស់នៅ​​ក្នុង​កាលដ៏ពេញកំណត់ផង​ដែរ ។

នៅពេល​ខ្ញុំ​សោកសៅ​ចំពោះ​ភាព​ខ្វះចន្លោះ​របស់​ខ្ញុំ​ក្នុង​សប្ដាហ៍​នេះ ខ្ញុំ​បាន​ទទួល​នូវអារម្មណ៍​ជាក់លាក់ ទាំង​ការ​វាយ​ផ្ចាល និង​ការ​លួងលោម​ចិត្ត ៖ ដែល​ពុំ​​ផ្ដោត​តែ​លើ​អ្វីដែល​ខ្ញុំពុំ​អាច​ធ្វើ​នោះទេ ប៉ុន្តែ​ទៅលើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​វិញ ។ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិតដ៏​ច្បាស់ និង​មានតម្លៃ​នៃ​ដំណឹងល្អ ។

ទាំងនេះ​គឺជា​ពាក្យ​ដែលខ្ញុំ​បាន​ចែកចាយ​រាប់រយ​ដង​មក​ហើយ​ជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​នៅក្នុងសាសនាចក្រ និង​អ្នក​ដែល​ពុំ​មែនជា​សមាជិក ៖ « ព្រះ​ជា​ព្រះវរបិតា​សួគ៌​ពេញ​ដោយ [ ​សេចក្តី​​ស្រឡាញ់ ]​ របស់​យើង ។ យើង​គឺជា​កូនចៅ​ទ្រង់ ។ … ទ្រង់​ព្រះកន្សែង​ជាមួយ​យើង ពេល​យើង​រងទុក្ខ ហើយ​រីករាយ​ពេល​យើង​ធ្វើអ្វី​ដែល​ត្រូវ ។ ទ្រង់​ចង់​ទាក់ទង​នឹង​យើង ហើយ​យើង​អាច​ទាក់ទង​នឹង​ទ្រង់​តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះ ។ …

« ព្រះវរបិតាសួគ៌​ បានប្រទាន​ដល់យើង ជា​កូនចៅរបស់ទ្រង់ នូវ​របៀប​មួយ … ដើម្បី​​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់ទ្រង់​វិញ ។ … ចំណុច​សំខាន់​នៃ ផែនការ​របស់​ព្រះវរបិតា[ សួគ៌ ] ​របស់​យើង គឺ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់​មកកាន់​ផែនដី​ដើម្បី​ធួន​ចំពោះអំពើបាប​របស់​មនុស្ស​លោក ។ ចេញ​ពី​សេចក្ដីពិតដ៏​ច្បាស់ និង​មានតម្លៃ​នេះ ​ខ្ញុំសូម​ថ្លែងទីបន្ទាល់​របស់​ខ្ញុំ ហើយ​ខ្ញុំសូម​ពោលពាក្យ​ទាំង​នេះ ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។