ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៧ ឯកសារ​រៀបចំ​សម្រាប់​គ្រូបង្រៀន ៖ ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក


« មេរៀនទី ២៧ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៧ ឯកសារ​គ្រូបង្រៀន » ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ២៧ ឯកសារ​គ្រូបង្រៀន

ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក

សិស្ស​អាច​មាន​អារម្មណ៍​សោកសៅ បាក់ទឹកចិត្ត និង​អស់សង្ឃឹម​ដោយសារ​ហេតុផល​ជាច្រើន ។ ផ្ទុយ​ទៅ​វិញ ពួកគេ​អាច​ពោរពេញ​ទៅ​ដោយ​អានុភាព​នៃ​ក្តី​សង្ឃឹម នៅពេល​ពួកគេ​ផ្ដោត​លើ​ពន្លឺ​នៃ​ពិភពលោក គឺ​ព្រះយេស៊ូវគ្រីស្ទ​នោះ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​គិត​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្កើន​ក្តីសង្ឃឹម​របស់​ពួកគេ​លើ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះ​យេស៊ូវគ្រីស្ទ​ប្រកាស​ថា​ទ្រង់​គឺជា​ពន្លឺ និង​ជាជីវិត​នៃ​ពិភពលោក​នេះ ។

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ អ្នក​អាច​បង្ហាញ​រូបភាព​ខាងក្រោម ៖

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​លាក់បាំង​ពន្លឺ

សូម​អាន​ឲ្យ​ឮៗ យ៉ូហាន ៨:១២ និង ម៉ូសាយ ១៦:៩ ហើយ​ស្នើសុំ​សិស្ស​ឲ្យ​មើល​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ភាពងងឹត ។ សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ កាល​យើង​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​ធ្វើ​ជាពន្លឺ និង​ជាជីវិត​នៃ​ជីវិត​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ភាព​ទាក់ទង​នៅក្នុង​មេរៀន​នេះ នោះ​អ្នក​អាច​បង្ហាញ និង​អាន​សំណួរ​ខាង​ក្រោម​ឲ្យ​ឮៗ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ​ខណៈដែល​ពួកគេ​មើល​វីដេអូ « The Light That Shineth in Darkness » ( ២:១៩ ) ។

  • តើ​ការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក​នេះ​ផ្តល់​ពរ ពង្រឹង និង​ជួយ​ខ្ញុំ​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ដកពិសោធន៍​ពន្លឺ ឬ​ជីវិត​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ ? តើ​ភាព​ខុសប្លែក​អ្វី​ខ្លះដែល​វា​បាន​ធ្វើ ឬ​វា​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក ?

បន្ទាប់​ពី​មើល​វីដេអូ​នេះ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​មាន​អំពី​សំណួរ​ទាំងនេះ ។ អ្នក​អាច​ឲ្យ​ពួកគេ​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ​ជា​ថ្នាក់រៀន ឬ​ជា​ក្រុម​តូចៗ ។

អ្នក​អាច​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ដែល​បាន​ភ្ជាប់មក​ជាមួយ ហើយ​អាន​ជាមួយ​គ្នា​នូវ សេចក្តី​ថ្លែងការណ៍​ដោយ ស៊ីស្ទើរ សារ៉ុន អូប៊ែង នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ ឬ​អ្នក​អាច​បង្ហាញ​អ្វី​ដែល​ដូចគ្នា វគ្គ​វីដេអូ ( ០:០០–១:១៧ ) មកពី​សុន្ទរកថា​របស់​គាត់ « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៤ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក
  • តើ​មាន​របៀប​ណាខ្លះ​ដែល​មារសត្រូវ « វា​ខំ​ធ្វើ​ឲ្យ​ពន្លឺ​យើង​ស្រអាប់ ផ្ដាច់​ទំនាក់ទំនង​របស់​យើង » ឬ​កាត់​យើង​ចេញពី​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ? ( សារ៉ុន អូប៊ែង « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត » ទំព័រ ៧៣ ) ។

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​យើង​អាច​ភ្ជាប់ ឬ​បន្ត​ភ្ជាប់​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភព​ពិត​នៃ​ពន្លឺ និង​ជីវិត ? ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​អ្វី​ដែល ពួកគេ​អាច​ធ្វើ ) ។

សេចក្តី​សង្ឃឹម​កើនឡើង​កាល​យើង​ជ្រើស​ការផ្តោត​អារម្មណ៍​របស់​យើង​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​បង្ហាញ​សេចក្តីពិត​ដូច​តទៅ នេះ​ចេញពី « ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » ៖ ព្រះយេស៊ូវគ្រីស្ទ « ជា​ពន្លឺ ជីវិត និង​ក្តី​សង្ឃឹម​ដល់​ពិភពលោក » ។

អាស្រ័យ​លើ​តម្រូវការ​របស់​សិស្ស​អ្នក វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពិនិត្យមើល​ឡើងវិញ​ដោយ​សង្ខេប​នូវ​និយមន័យ​នៃ​ក្តី​សង្ឃឹម និង សេចក្តី​ថ្លែងការ​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់មក​អ្នក​អាច​សួរ ៖

  • ពេល​យើង​មើល​ទៅ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភព​នៃ​ក្តីសង្ឃឹម​ចុងក្រោយ​របស់​យើង តើ​យើង​មាន​ពរជ័យ​ដោយ​របៀបណា ? ហេតុអ្វី​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​ក្តី​សង្ឃឹម​ក៏ជា​អំណោយទាន​ផងដែរ​នោះ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​អាច​នឹង​មាន​អារម្មណ៍​បាក់ទឹកចិត្ត សោកសៅ ឯកកោ ភិតភ័យ ឬ​ព្រួយបារម្ភ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើលឡើង​វិញ មរ៉ូណៃ ៧:៤០–៤២ និង អេធើរ ១២:៤ ដោយ​រកមើល​សេចក្តីពិត​អំពី​ក្តី​សង្ឃឹម​ទៅលើ​ព្រះ​គ្រីស្ទ ដែល​អាច​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ឆ្លងកាត់​ក្នុង​ជីវិត ។

បន្ទាប់​ពី​អនុញ្ញាត​ឲ្យសិស្ស​​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​រួចហើយ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ និង​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​បង្កើន​ក្ដីសង្ឃឹម​របស់​នរណាម្នាក់​លើ​ព្រះគ្រីស្ទ ។

សូម​ពិចារណា​ស្នើសុំ​ឲ្យ​សិស្ស​យោងទៅ ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​ធ្វើការ​សិក្សា​ចេញពី​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​មើល​ឡើងវិញ​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ។ សូម​បំបែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​សុំ​សិស្ស​ឲ្យ​ចែកចាយ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ដំណើររឿង​នេះ​អំពី​ក្ដីសង្ឃឹម​លើ​ព្រះគ្រីស្ទ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​មាន​ក្ដីសង្ឃឹម​លើ​ព្រះគ្រីស្ទ នោះ​អ្នក​អាច​បង្ហាញ​ទាំង​អស់ ឬ​មួយ​ផ្នែក​នៃ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន អុជដូហ្វ ដែល​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​ទីមួយ​នា​ពេល​នោះ ។ បន្ទាប់ពី​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បី​អាន និង​សញ្ជឹងគិត​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ក្ដី​សង្ឃឹម​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ពី​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ជាមួយ​យេរេមា ខ្ញុំ​សូម​ប្រកាស​ថា « មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា » [ យេរេមា ១៧:៧ ] ។

ជាមួយ​នឹង​យ៉ូអែល​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « ព្រះយេហូវ៉ា​[ គឺ ] ធ្វើ​ជា​ទី​ពំនាក់​ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំមួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល » [ យ៉ូអែល ៣:១៦ ] ។

ជាមួយ​នីហ្វៃ ខ្ញុំ​សូម​ប្រកាស​ថា « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » [ នីហ្វៃទី២ ៣១:២០ ] ។ …

ហើយ​ចំពោះ​អស់​អ្នក​ដែល​រងទុក្ខ—ចំពោះ​អស់​អ្នក​ដែល​បាក់ទឹក​ចិត្ត ព្រួយ​បារម្ភ ឬ​ឯកោ—ខ្ញុំ​សូម​និយាយ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ថា កុំ​ចុះ​ចាញ់ ។

កុំ​ចុះចាញ់ ។

ចូរ​កុំ​បណ្តោយ​ឲ្យ​ក្តី​អស់សង្ឃឹម​យក​ឈ្នះលើ​ស្មារតី​របស់​អ្នក​ឡើយ ។

ចូរ​ឱបក្រសោប ហើយ​ពឹងផ្អែក​លើ​ក្តី​សង្ឃឹម​នៃ​ពួក​អ៊ីស្រាអែល ដ្បិត​សេចក្តី​ស្រឡាញ់​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ បំភ្លឺ​ភាពងងឹត​ទាំងអស់ បន្ទន់​សេចក្តី​ទុក្ខ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​រីករាយ ។ ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៤ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ ហើយ​កត់ត្រា​ការយល់​ដឹង ចំណាប់អារម្មណ៍ ឬ​អារម្មណ៍​របស់​ពួកគេ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​នៅថ្ងៃនេះ ដែល​អាច​ជួយ​អ្នក​រកឃើញ​ក្តីសង្ឃឹម​នៅអំឡុងពេល​ស្មុគស្មាញ ឬ​អស់សង្ឃឹម ?

  • តើ​រឿង​សាមញ្ញ​អ្វីខ្លះ​ដែល​អ្នក អាច​ធ្វើ​ដើម្បី​បង្កើន​សេចក្តីជំនឿ និង​ក្តី​សង្ឃឹម​របស់​អ្នក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

សម្រាប់​ពេល​ក្រោយ

ដើម្បី​ជួយ​រៀបចំ​សិស្ស​សម្រាប់​ថ្នាក់​ចុងក្រោយ​នៅក្នុង​វគ្គសិក្សា​នេះ អ្នក​អាច​ផ្ញើ​សារដូច​ខាងក្រោម​នេះ​នៅអំឡុង​សប្តាហ៍ ៖ កាល​អ្នក​សិក្សា ឯកសារ​រៀបចំ ចុងក្រោយសម្រាប់​ថ្នាក់ សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ចេញពី​វគ្គ​សិក្សា​នេះ ។ តើ​អ្វី​ដែល​អ្នក​បានរៀន​មាន​ឥទ្ធិពល​លើ​ការយល់ដឹង និង​សេចក្តីជំនឿ​របស់អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?