ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២ ឯកសារ​គ្រូបង្រៀន ៖ ការពង្រឹង​ទីបន្ទាល់របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់


« មេរៀនទី ២ ឯកសារ​គ្រូបង្រៀន ៖ ការពង្រឹង​ទីបន្ទាល់របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ២ ឯកសារ​គ្រូបង្រៀន

ការពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់

នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បោះពុម្ព​ផ្សាយ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើងថា ៖ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ( ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពន្យល់​ពី​សារៈសំខាន់​នៃ​ព្រះ​បរមងារ​ដ៏​ពិសិដ្ឋ​របស់​ ព្រះគ្រីស្ទ និង​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​ពួកគេ​អាច​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការសិក្សា​ដោយ​ការអធិស្ឋាន​នូវ​ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្តោត​លើការ​ផ្លាស់ប្រែចិត្ត ជាជាង​ការបង្រៀន​គ្រប់ចំណុច​ទាំងអស់ ។ វា​មិនមែន​ជារឿង​ចម្លែក​ទេ ដែល​មាន​អារម្មណ៍​ថប់បារម្ភ​អំពី​ការបង្រៀន​គ្រប់​ចំណុចទាំងអស់​នៅក្នុង​មេរៀន ។ នៅពេល​អ្នក​មាន​អារម្មណ៍​បែបនេះ សូម​ពិចារណា​កែប្រែ​ការគិត​របស់​អ្នក​ឡើងវិញ ដើម្បី​ផ្តោត​លើអ្វី​ដែល​សិស្ស​របស់​អ្នក​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​គំនិត និង​ដួងចិត្ត​របស់​ពួកគេ ។ តើ​សិស្ស​មាន​ពេល​ដែល​ពួកគេ​ត្រូវការ​ដើម្បី​គិត​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀន​ឬ​ទេ ? សូម​ចងចាំ​ការ​ប្រឹក្សា​ដ៏ឈ្លាសវៃ​ពី​ប្រធាន ដាល្លិន អេក អូក « យើង​មិន​អាច​បង្ខំ​រឿង​ខាង​វិញ្ញាណ​បាន​ទេ » ( « In His Own Time, In His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​គំរូ​ខ្លះៗ​ពី​ពួក​អ្នកដឹកនាំ​ផ្នែក​សីលធម៌ និង​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​នៅ​ទូទាំង​ប្រវត្តិសាស្រ្ត ។ ( ឬ​អ្នក​អាច​ផ្ដល់​ឧទាហរណ៍​ផ្ទាល់ខ្លួន​របស់​អ្នក ) ។ សូម​ពិភាក្សា​ដោយ​សង្ខេប​អំពី​របៀប​ដែល​បុគ្គល​ទាំងនេះ​បានមាន​ឥទ្ធិពល​លើ​ពិភព​លោក​សម្រាប់​ការណ៍ល្អ ។ បន្ទាប់មក អ្នកអាច​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​សួរថា ៖

  • តើ​ព្រះយេស៊ូវគ្រីស្ទ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ដូចម្ដេច​នៅក្នុង​ចំណោម​ពួក​អ្នក​ដឹកនាំ​ផ្នែក​សីលធម៌ និង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​របស់​ពិភពលោក​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​នៅក្នុង ម៉ាថាយ ១៦:១៣–១៧ ឬ មើល « Thou Art the Christ » ( ១:៣០ ) ហើយ​រកមើល​ឃ្លា​ដែល​ពេត្រុស​បានប្រើ ដែល​ញែក​ព្រះយេស៊ូវ​ចេញពី​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី ។

  • តើ​អ្វី​ទៅ​ជារឿង​សំខាន់​ដ៏​អស់កល្ប​នៃ​ប្រសាសន៍​របស់​ពេត្រុស​ទៅកាន់​ព្រះយេស៊ូវ ៖ « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ? ( ម៉ាថាយ ១៦:១៦ ) ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យសិស្ស​រំឭក​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ សិស្ស​អាច​បង្ហាញ​សេចក្ដី​ពិត​ដូច​តទៅ ៖ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជាព្រះ​ដែល​ត្រូវបាន​ចាក់​ប្រេង​តាំង ឬ​ជា​ព្រះ​មែស៊ី ។ ទ្រង់​តំណាង​ឲ្យ​ព្រះវរបិតា និង​ជា​ផ្លូវតែ​មួយ​គត់​ដែល​យើង​អាច​បាន​សង្គ្រោះ ) ។

  • តើ​គំនិត​អ្វីខ្លះ​ដែល​អ្នក​មាន​អំពី​សារៈសំខាន់​នៃ​ការទទួលបាន និង​ការពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​ដែលថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ? ( អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​ទទួល​បាន​ទីបន្ទាល់​របស់​ពួកគេ​ដែលថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ប្រើ​ជំនួយ​ការសិក្សា ។ ជំនួយ​សម្រាប់​ការសិក្សាអាច​រក​បាន​នៅក្នុង​ផ្នែក​ព្រះគម្ពីរ​នៃ​បណ្ណាល័យ​ដំណឹងល្អ ដែល​រួមមាន​ធនធាន​ដូចជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយសេចក្ដី​យោង​នៃ​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន Bible Dictionaryនិង Topical Guide ។ ធនធាន​ទាំងនេះ​យកចេញ​ពី​បទដ្ឋាន​ព្រះគម្ពីរ​ដើម្បី​ជួយ​អ្នកអាន​ស្វែង​យល់​អំពី​ប្រធាន​បទ​ជាក់លាក់​ណាមួយ ។ នៅពេល​សិស្ស​សិក្សា​តាម​ប្រធានបទ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សារៈសំខាន់​នៃ​ការ​យល់ដឹង​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​វគ្គ​បទគម្ពីរ​ ដើម្បី​ជួយ​ពួកគេ​រកឃើញ​គោលបំណង​របស់​អ្នកនិពន្ធ​ដ៏​បំផុស​គំនិត ។

សូម​រំឭក​សិស្ស​ថា​នៅក្នុង​ការ​រៀបចំ​សម្រាប់​ថ្នាក់រៀន ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្រាវជ្រាវ​រក « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ និង​ស្វែករក ព្រះនាម​ដ៏​ពិសិដ្ឋ ព្រះបរមងារ និង​តួនាទី​ដែល​បាន​ផ្ដល់​ដល់​ព្រះអម្ចាស់ ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សិស្សអាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ជាមួយ​សិស្ស​ទាំងអស់ ឬ​ជា​មួយ​ក្រុម​តូចៗ ។ ប្រសិន​បើ​អ្នក​គិតថា​វា​អាច​បង្កើន​ការរៀន​សូត្រ​របស់​សិស្ស អ្នក​អាច​បង្ហាញ និង​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរមួយ ឬ​ទាំងពីរ​ខាងក្រោម ៖

  • តើ​អារម្មណ៍​អ្វី​ខ្លះ​ចូលមក​ក្នុង​ចិត្ត​របស់​អ្នក ពេល​អ្នក​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា [ សូម​បញ្ចូល​ព្រះនាម ព្រះបរមងារ ឬ​តួនាទី ] ?

  • តើ​ការ​ដឹងថា​ព្រះយេស៊ូវគ្រីស្ទ​ជា [ សូម​បញ្ចូល​ព្រះនាម ព្រះបរមងារ ឬ​តួនាទី ] មាន​ឥទ្ធិពល​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់​យ៉ាង​ដូច​ម្ដេច ?

អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស និង​សិក្សា ព្រះនាម ព្រះបរមងារ ឬ​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​ចង់ស្វែង​យល់​បន្ថែម ។

សាវក​របស់​ព្រះអម្ចាស់​គឺជា​សាក្សី​ពិសេស​ថា​ទ្រង់​គឺជា​ព្រះគ្រីស្ទ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​ដ៏​ទូលំទូលាយ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ​គឺមាន​នៅ​ក្នុងចំណោម​ពួកលោក ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ផងដែរ​នូវ​អ្វី​ដែល​ពួកគេ​បាន​ឮ​នាពេល​ថ្មីៗ​នេះ​អំពី​ព្រះអង្គសង្គ្រោះ​នៅលើ​បណ្តាញ​សង្គម ឬ​ក្នុង​ការកម្សាន្ត​ដ៏​ពេញនិយម​នានា ។

សូមអាន​ជាមួយ​គ្នា​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ហើយ​ពិចារណា​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ហៅ​សាវក​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​របស់​ទ្រង់​ពាស​ពេញ​ពិភពលោក​ទាំងអស់ ។ បន្ទាប់មក​សូម​សួរ ៖

  • តាម​ទស្សនៈ​របស់​អ្នក ហេតុអ្វី​បាន​ជា​ទីបន្ទាល់​របស់​សាវក​ដែល​បានហៅ​ដោយ​ព្រះអម្ចាស់​អាច​មាន​សារៈសំខាន់​ជាពិសេស​នៅក្នុង​ជំនាន់​របស់​យើង ?

  • តើ​សាក្សី​ពិសេស​ទាំងនេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ឬ​បាន​ទទួល​អារម្មណ៍​នៅពេល​ពួកគេ​មើល​វីដេអូ​មួយ​ឬ​ច្រើន​នៃ « Special Witnesses of Christ » នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ។ អ្នក​អាច​មើល​វីដេអូ​ដែល​ពួកគេ​ចូលចិត្ត​ជាមួយគ្នា​នៅក្នុង​ថ្នាក់ ) ។

សូម​រំឭក​សិស្សថា នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះអង្គសង្គ្រោះ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។ សូម​ផ្តល់​ច្បាប់​ចម្លង​ឯកសារ​ឲ្យ​សិស្ស ឬ​អញ្ជើញ​ពួកគេ​ឲ្យ​បើកវា​នៅលើ​ឧបករណ៍​អេឡិច​ត្រូនិច​របស់​ពួកគេ ។ អ្នក​អាច​បង្ហាញ​វីដេអូ « ដកស្រង់ចេញពី ‹ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក › » ( ២:៤៥ ) នៅក្នុង​ការរៀបចំ​ការពិភាក្សា​របស់​អ្នក​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ការដឹង​គុណ​កាន់​តែខ្លាំង​ចំពោះ​ឯកសារ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សូម​ឲ្យ​ពួកគេ​ចូលរួម​សកម្មភាព​ដូច​ខាងក្រោម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជាគូ ហើយ​ផ្តល់​ឲ្យ​សិស្សម្នាក់ៗនូវ​សំណៅ​ចែក​ខាងក្រោម ។ សូម​ប្រាកដ​ថា​សិស្ស​មាន​ពេល​ច្រើន​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ និង​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។

សារលិខិត​សម្រាប់​ជំនាន់​យើង​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ »

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » ត្រូវបាន​រៀបចំ​ជាមុន​សម្រាប់​ពេល​ដែល​យើង​ត្រូវការ​បំផុត ។ ( « General Conference: Strengthening Faith and Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧ )

សូម​ពិនិត្យ​មើល​ឡើងវិញ​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » សម្រាប់​សារលិខិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចាំបាច់​សម្រាប់​ជំនាន់​យើង ។ សូម​ត្រៀម​ខ្លន​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​រក​ឃើញ​ជាមួយ​ដៃគូ​សិក្សា​របស់​អ្នក ។

សារលិខិត​សម្រាប់​ជំនាន់​យើង​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ »

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ការ​និយាយ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

កាល​ដែល​លោកិយ​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ចូរ​យើង​និយាយ​អំពី​ទ្រង់​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ។ នៅ​ពេល​បុគ្គលិក​លក្ខណៈ​ពិត​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ នោះមនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​យើង​នឹង​ត្រៀមខ្លួន​ស្តាប់ ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩០ )

សូម​ពិនិត្យ​មើល​ឡើងវិញ​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » សម្រាប់​សារលិខិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​ខ្លាំង​ដើម្បី​ចែកចាយ​នៅក្នុង​ពិភពលោក​ដែល​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ត្រៀម​ខ្លន​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​រក​ឃើញ​ជាមួយ​ដៃគូ​សិក្សា​របស់​អ្នក ។

ការ​និយាយ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ដើម្បី​បញ្ចប់​ថ្នាក់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ​បាន​កើតមាន ឬ​អាច​ត្រូវ​បាន​ពង្រឹង​ដោយសារ​ការសិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។ សូម​ផ្តល់​ពេល​ដល់​ពួកគេ​ដើម្បី​កំណត់​គោលដៅ​នៃ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​បង្កើន​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​បន្ថែម ឬ​ទន្ទេញ​ឯកសារ​ដែល​បាន​បំផុស​គំនិត​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​ផ្ញើ​ឲ្យ​សិស្ស​របស់​អ្នក​មុនថ្នាក់​បន្ទាប់នូវ​គំនិត​ខាងក្រោម ឬ​គំនិត​ផ្សេង​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជំរុញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ៖ នៅពេល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៣សូម​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​បាន​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដី ។