ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ


« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន

ការឱបក្រសោប​នូវ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ

យើង​រៀន​ចេញ​ពី Lectures on Faith ថា ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ តម្រូវ​ឲ្យ​យើង​មាន « គំនិត​ត្រឹមត្រូវ​អំពី​ចរិត​លក្ខណៈ និង​គុណលក្ខណៈ​របស់ទ្រង់ » ( [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៨ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពន្យល់​ពី​របៀបដែល​គុណ​លក្ខណៈ​នៃ​សេចក្ដី​យុត្តិធម៌ និង​សេចក្តី​មេត្តាករុណា​របស់​ព្រះ គឺ​ជា​ការបង្ហាញ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ទេវភាព​របស់​ទ្រង់ ។ ពួកគេ​ក៏នឹង​ពិចារណា​ពីអ្វី​ដែល​ពួកគេ​អាច​ធ្វើ​ផងដែរ ដើម្បី​បង្ហាញ​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះ និង​ពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ ។

យោបល់​សម្រាប់​ការបង្រៀន

ហេណុក និង​អាលម៉ា​បង្រៀន​អំពី​គុណលក្ខណៈ​ដ៏​ទេវភាព នៃ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់ ។

អ្នក​អាច​ចាប់​ផ្ដើម​មេរៀន​នេះ ដោយ​ការបង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម ៖

  • នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ព្រះយេហូវ៉ា​ចាត់ចែង​សេចក្ដី​យុត្តិធម៌​យ៉ាង​តឹងរ៉ឹង និង​ច្បាស់​លាស់ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទ​គឺ​ពោរពេញ​ដោយ​ការអត់ទោស និង​ក្ដីមេត្តា​ករុណា ។ ខ្ញុំ​ចូលចិត្ត​ជឿ​លើ​ព្រះ​នៃ​ព្រះគម្ពីរសញ្ញាថ្មី ជាង​ព្រះ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។

  • តើ​អ្នក​ឃើញ​បញ្ហា​អ្វី​ខ្លះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់ និង​ទទួល​យកថា​ទាំង​សេចក្ដីយុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​គឺជា​គុណលក្ខណៈ​ដ៏ទេវភាព ?

  • តើ​យើង​អាច​បង្កើត​បញ្ហា​អ្វីខ្លះ​សម្រាប់​ខ្លួនយើង និង​អ្នកដទៃ ប្រសិន​បើ​យើង​ផ្តោត​លើ​សេចក្ដី​យុត្តិធម៌ ហើយ​មិន​អើពើ​នឹង​សេចក្ដី​មេត្តាករុណា ឬ​ផ្តោត​លើ​សេចក្ដី​មេត្ដាករុណា ហើយ​មិន​អើពើ​នឹង​សេចក្ដី​យុត្តិធម៌​នោះ ?

សូម​ពិចារណា​សរសេរ​លើ​ក្ដារខៀន​នូវ សេចក្ដី​យុត្តិធម៌; សេចក្ដី​មេត្តាករុណានិង សេចក្ដី​ស្រឡាញ់ ។ សូម​អញ្ជើញ​សិស្ស ឲ្យ​ធ្វើ​ការ​ជា​ក្រុម​តូចៗ ។ សូម​ពន្យល់​ថា ពួកគេ​នឹង​ទទួលបាននូវ​សំណៅចែក​មួយ​ច្បាប់​ជាមួយ​ការណែនាំ ដែល​នឹង​ជួយ​ពួកគេ​យល់​កាន់តែ​ស៊ីជម្រៅអំពី​ទំនាក់ទំនង​រវាង​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

សេចក្ដី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៧

ពីមុន​អ្នក​ចាប់ផ្ដើម​ការពិភាក្ស​ជាក្រុម សូមអាន​ជាមួយគ្នា​នូវ​គន្លឹះ​ការពិភាក្សា​ដូច​ខាងក្រោម ៖

ការ​កែលម្អ​ការពិភាក្សា​ជា​ក្រុម​របស់​យើង

សូម​ខិតខំ​ឲ្យ​មាន​ការចូលរួម​ប្រកប​ដោយ​តុល្យភាព ។ យើង​រៀន​បាន​ប្រសើរបំផុត នៅពេល​យើង​ឮ​ពី​សមាជិក​ក្រុម​ទាំងអស់ មិនមែន​ត្រឹម​តែ​ម្នាក់​ឬ​ពីរ​នាក់​នោះទេ ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​រួសរាយ និង​ពូកែ​វរហា សូម​ប្រយ័ត្ន កុំ​និយាយ​តែឯង រំខាន ឬ​និយាយ​ច្រើនជាងអ្នក​ដទៃ ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្ងាត់ស្ងៀម និង​មិនសូវ​មាត់ករ សូម​ក្លាហាន​ហើយ​និយាយ​ស្ដី​ឡើង ដើម្បី​ឲ្យ​អ្នក​ដ៏ទៃ​អាច​ឮ​ពី​អ្នក ។ សូម​បោះបង់​ចោល​គំនិត​ដែល​គិត​ថា គំនិត​របស់​អ្នក​មិន​សំខាន់ ។

សូម​អាន​សាច់​រឿង​ខាង​ក្រោម​រួមគ្នាឲ្យ​ឮៗ ៖

ហ្សេន មានអារម្មណ៍​តានតឹង​ដោយសារ​ក្រឹត្យវិន័យ និង​បទ​បញ្ញត្តិ​របស់​ព្រះ ។ ជា​យូរ​មក​ហើយ គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​ល្អ​គ្រប់​គ្រាន់ ហើយ​តែង​តែ​ធ្វើ​ខុស ។ ដោយ​បាក់​ទឹកចិត្ត​ដោយសារ​ការខ្វះ « ភាពរីក​ចម្រើន » របស់​គាត់ ថ្មីៗនេះ​គាត់​បាន​ធ្លាក់​ចូល​ទៅក្នុង​អំពើបាប​ដ៏ធ្ងន់ធ្ងរ​មួយ ។ គាត់​បាត់បង់​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​លែង​ស័ក្តិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ទៀត​ហើយ ។ គាត់​ឆ្ងល់​ថា តើ​ព្រះ​នៅតែ​ស្រឡាញ់​គាត់​ឬ​អត់ ដោយសារ​តែការ​ជ្រើសរើស​មិន​ល្អ​របស់​គាត់ ។ ថ្មីៗនេះ គាត់​បាន​និយាយ​ជាមួយ​នឹង​មិត្ត​គាត់ ម៉ៃយ៉ា​ថា « ជីវិត​របស់​ខ្ញុំ​គ្មាន​តម្លៃ​សោះ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ព្រះ​បាន​បោះបង់​ខ្ញុំ​ហើយ » ។ ម៉ៃយ៉ា​បាន​តប​ថា ៖ « កុំ​បារម្ភ​អី ។ ព្រះ​ឡាញ់​យើង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទ្រង់​នឹង​សង្គ្រោះ​ឯង មិន​ថា​ឯង​បាន​ធ្វើ​អ្វី​ឡើយ ។ នេះ​ជា​មូលហេតុ​ដែល​មាន​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

សូម​រំឭក​ឡើង​វិញ​ដោយ​សង្ខេប​អំពី​លក្ខខណ្ឌ​ដែល​មាន​មុន​ទឹកជំនន់ ។ បន្ទាប់មក​សូម​មើលនៅក្នុង ម៉ូសេ ៧:២៨–២៩, ៣២–៣៣, ៣៧ហើយ​រក​មើល​អ្វី​ដែលហេណុក​បាន​រៀន​អំពី​និស្ស័យ​នៃ​ព្រះ ចេញ​ពី​ការ​ដែល​ទ្រង់​ទត​ឃើញ​រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់​របស់​ទ្រង់​រងទុក្ខ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​ហ្សេន​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​គាត់ ទោះបី​ជា​គាត់​ធ្វើ​ខុស​បញ្ញត្តិ​ក៏ដោយ ? តើ​ចំណេះដឹង​នេះ​អាច​ជួយ​ហ្សេន ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ? ( អ្នក​អាច​អាន សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ដែល​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ) ។

  • តើ​សេចក្ដី​យុត្តិធម៍​របស់​ព្រះ​ជួនកាល​បង្ហាញ​ដោយ​កំហឹង ឬ​ភាពក្រេវក្រោធ​របស់​ទ្រង់ ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​តាម​របៀប​ណា ? ( សូម​ពិចារណា​អាន​ជាមួយ​គ្នា​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន​ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ ប្រសិន​បើ​ព្រះ​មិន​យុត្តិធម៍​ទេ តើ​វា​អាច​ធ្វើឲ្យ​ជំនឿ​របស់​យើង​លើ​ទ្រង់​ចុះ​ខ្សោយ​យ៉ាង​ដូចម្តេច ?

  • តើ​អ្វី​អាច​ជា​ការ​យល់​ខុស​អំពី​ទស្សនៈ​របស់​ម៉ៃយ៉ា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? ( វា​អាច​មានប្រយោជន៍​ដើម្បី​អាន សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅក្នុង​ផ្នែក​ទី ១ ) ។ តើ​អ្វី​ទៅ​ជា​វិធី​ល្អ​ជាង​នេះ ដើម្បី​ពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? តើ​អ្នក​បាន​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាម​របៀប​ណា​ខ្លះ ?

សេចក្ដី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៧

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ការពិភាក្សា អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត ឬ​ការយល់ដឹង​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សារៈ​សំខាន់​ជាពិសេស​ចំពោះ​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។

អ្នក​អាច​បន្ត​ពិភាក្សា​អំពី​ទស្សនៈ​របស់ ហ្សេន និង ម៉ៃយ៉ា អំពី​ព្រះ ដោយ​និយាយ​ដោយ​សង្ខេប​អំពី​ជម្រើស​ដែល កូរីអានតុនបាន​ធ្វើ​ពេល​កំពុង​បម្រើ​បេសកកម្ម ( សូម​មើល អាលម៉ា ៣៩:១–៥ ) ។ សូម​មើលនៅក្នុង អាលម៉ា ៤២:១៥, ២២, ២៤–២៥ ដើម្បី​រៀន​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​កូរីអានតុន​អំពី​សេចក្ដី​យុត្តិធម៍ សេចក្ដី​មេត្តាករុណា និងអំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ ហ្សេន គិត​ឡើងវិញ​ពី​របៀប​ដែល​គាត់​មាន​ទស្សនៈ​ចំពោះ​ភាព​មិនគ្រប់គ្រាន់ កំហុស និង​អំពើបាប​របស់​គាត់​យ៉ាង​ដូចម្តេច ? តើ​អាកប្បកិរិយា និងសកម្មភាព​របស់​ហ្សេន អាច​នឹង​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ប្រសិន​បើ​គាត់​បាន​រៀន​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា « ជន​ដែល​ប្រែ​ចិត្ត » ? ( សូម​មើល អាល់ម៉ា ៤២:២៤ ) ។

  • តើ​អ្វីខ្លះ​ដែល​អ្នក​និយាយ​គឺ​ជាការ​យល់​ខុស​អំពី​ទស្សនៈ​របស់​ម៉ៃយ៉ា​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​នឹង​កែប្រែ​អ្វី​ខ្លះ​អំពី​ទស្សនៈ​របស់​នាង ដើម្បី​ធ្វើ​ឲ្យ​ស្រប​គ្នា​នឹង​ការ​បង្រៀន​របស់​អាលម៉ា ?

  • តើ​ជីវិត​របស់ ហ្សេន អាច​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ប្រសិន​បើ​គាត់​ផ្តោត​ការយក​ចិត្តទុក​ដាក់​តិចតួច​ទៅលើ​ការបរាជ័យ​របស់​គាត់ ហើយ​ផ្តោត​ខ្លាំង​លើ​បំណង​ប្រាថ្នា​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការ​ប្រទាន​ឱកាសជាលើក​ទីពីរ ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូ​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ និង អែលឌើរ លីន ជី រ៉ូប៊ីន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​ការ​ផ្ដោត​លើ​សេចក្ដី​អត់សង្កត់ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ​បាន​ប្រទានពរ​ដល់​ជីវិត របស់​អ្នក យ៉ាង​ដូចម្ដេច ?

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​បង្ហាញ​សេចក្ដីពិត​ខាងក្រោម​ជាមួយ​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​សេចក្ដីពិត​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សេចក្ដីពិត​មួយ ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំង​នេះ ហើយ​បន្ទាប់​មក កត់ត្រា​គំនិត​និង​អារម្មណ៍​របស់​ពួកគេ​ដើម្បី​ឆ្លើយសំណួរ ៖

  • ព្រះ​មាន​អារម្មណ៍​សោកសៅ​យ៉ាង​ខ្លាំង ពេល​យើង​រង​ទុក្ខ​ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង ។ ( សូម​មើល ម៉ូសេ ៧:៣៧ ) ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា នៅពេល​អ្នក​គិត​អំពី​ព្រះវរបិតាសួគ៌​ដែល​កំពុង​ព្រះកន្សែង ពេល​អ្នក​រងទុក្ខ​ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​របស់​អ្នក ? តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​បង្ហាញ​អំណរ​គុណ ចំពោះ​កង្វល់ និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ?

  • តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​យើង​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​សេចក្ដី​មេត្តាករុណា ។ ( សូមមើល អាលម៉ា ៤២:២៤ ) ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​យ៉ាងណានៅពេល​អ្នក​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​បំពេញ​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដូច្នេះ​អ្នក​អាច​ប្រែចិត្ត និង​ទទួល​បាន​សេចក្ដី​មេត្តាករុណា ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​អំណរគុណ ចំពោះ​ពលិកម្ម​ធួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ?

សម្រាប់​ពេល​ក្រោយ

ក្នុង​អំឡុង​សប្តាហ៍ សូម​ពិចារណា​ផ្ញើសារ​ខាងក្រោម ឬ​សារ​ដែល​អ្នក​បង្កើតទៅកាន់​សិស្ស​របស់​អ្នក ៖ ពេល​អ្នក​អាន ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៨សូម​គិត​អំពី​មធ្យោបាយផ្សេងៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ ( ជួយ ឬ​គាំទ្រ ) អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ សូម​ពិចារណា​មើល​វីដេអូ​ខ្លី « Succor His People » ( ០:៤២ ) ជាមួយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។