ព្រះគម្ពីរ
ម៉ូសេ 4


ជំពូក​ទី ៤

(មិថុនា–តុលា ១៨៣០)

របៀប​ដែល​សាតាំង​ក្លាយ​ទៅ​ជា​អារក្ស — វា​ល្បួង​នាង​អេវ៉ា — លោក​អ័ដាម ហើយ​នាង​អេវ៉ា​បាន​ធ្លាក់ ហើយ​សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​ពិភពលោក។

ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ សាតាំង​នោះ​ដែល​អ្នក​បាន​បញ្ជា ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង គឺជា​អ្នក​ដដែល ដែល​មាន​តាំង​ពី​ដើមដំបូង​មក ហើយ​វា​បាន​មក​ចំពោះ​យើង​ដោយ​ទូល​ថា — មើល​ចុះ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ធ្វើ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់ ប្រយោជន៍​កុំ​ឲ្យ​ព្រលឹង​ណា​មួយ​ត្រូវ​បាត់​ឡើយ ហើយ​ទូលបង្គំ​នឹង​ប្រព្រឹត្ត​ការ​នោះ​ជាមិនខាន ហេតុ​ដូច្នោះ​ហើយ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​កិត្តិយស​របស់​ព្រះ​អង្គ​ចុះ។

ប៉ុន្តែ​មើល​ចុះ ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​ជាទី​ស្ងួនភ្ងា និង​ជា​ទី​ជម្រើស​របស់​យើង​ចាប់​តាំង​ពី​ដើមដំបូង​មក បាន​ទូល​ដល់​យើង​ថា — ព្រះ​វរបិតា​អើយ សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ព្រះ​អង្គ​បាន​ជា​របស់​ផង​ព្រះ​អង្គ​រហូត។

ហេតុ​ដូច្នោះ​ហើយ មក​ពី​សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស ហើយ​ក៏​មក​ពី​វា​បាន​ចង់​ឲ្យ​យើង​ប្រទាន​ដល់​វា​នូវ​ព្រះ​ចេស្ដា​របស់​យើង​ផ្ទាល់ គឺ​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ។

ហើយ​វា​ក្លាយ​ទៅ​ជា​សាតាំង មែន​ហើយ គឺជា​អារក្ស ជា​បិតា​នៃ​អស់​ទាំង​ការ​កុហក ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​ដើម្បី​ដឹក​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ តាម​ចិត្ត​របស់​វា គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​សំឡេង​របស់​យើង​នោះ​ហើយ។

ហើយ​ឥឡូវ​នេះ ពស់​ជា​សត្វ​មាន​ឧបាយកល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឡើង។

ហើយ​សាតាំង​បាន​ដាក់​ទៅ​ក្នុង​ចិត្ត​ពស់ (ត្បិត​វា​បាន​ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​វា) ហើយ​វា​ក៏​ខំ​ល្បួង​បញ្ឆោត​នាង​អេវ៉ា ត្បិត​វា​មិន​ស្គាល់​គំនិត​នៃ​ព្រះ​ទេ ហេតុ​ដូច្នោះ​ហើយ បាន​ជា​វា​ខំ​រក​បំផ្លាញ​ពិភពលោក​ចោល។

ហើយ​វា​និយាយ​ទៅ​ស្ត្រី​ថា ៖ មែន​ហើយ តើ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា — អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​គ្រប់​មុខ​នៅ​ក្នុង​សួនច្បារ​មែន​ឬ? (ហើយ​វា​បាន​និយាយ​តាម​មាត់​ពស់)។

ហើយ​ស្ត្រី​បាន​និយាយ​ទៅ​ពស់​ថា ៖ យើង​អាច​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួនច្បារ​បាន

ប៉ុន្តែ​ចំពោះ​ផ្លែ​ដើម​ឈើ​មួយ ដែល​អ្នក​ឃើញ​នៅ​កណ្ដាល​សួនច្បារ នោះ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា — អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​មិន​ត្រូវ​ពាល់​ប៉ះ​ផង ក្រែងលោ​អ្នក​ត្រូវ​ស្លាប់។

១០ហើយ​ពស់​បាន​និយាយ​ទៅ​ស្ត្រី​ថា ៖ អ្នក​ប្រាកដជា​មិន​ស្លាប់​ទេ

១១ត្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ពួក​ព្រះ​ដែរ ដោយ​ដឹង​ខុសត្រូវ។

១២ហើយ​កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​ជា​ផ្លែ​ល្អ​សម្រាប់​ធ្វើ​ជា​អាហារ ហើយ​ថា​ផ្លែ​នោះ​ក្លាយ​ទៅ​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​នាង​បាន​ប្រាជ្ញា នាង​ក៏​យក​ផ្លែ​បរិភោគ ហើយ​ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​នាង​ដែល​នៅ​ជាមួយ​នាង​ដែរ ហើយ​គាត់​ក៏​បរិភោគ​តាម។

១៣ហើយ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា​ខ្លួន​នៅ​អាក្រាត។ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង។

១៤ហើយ​គេ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ កាល​គេ​កំពុងតែ​ដើរ​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ ហើយ​អ័ដាម​និង​ប្រពន្ធ​គាត់ ក៏​ទៅ​ពួន​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួនច្បារ។

១៥ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ហៅ​ទៅ​អ័ដាម ដោយ​មាន​បន្ទូល​ទៅ​គាត់​ថា ៖ អ្នក​ទៅ​ឯណា?

១៦ហើយ​គាត់​បាន​ទូល​ថា ៖ ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួនច្បារ ហើយ​ទូលបង្គំ​នឹក​ភ័យខ្លាច ពី​ព្រោះ​ទូលបង្គំ​ឃើញ​ថា​ទូលបង្គំ​នៅ​ខ្លួន​អាក្រាត​ទទេ ហើយ​ទូលបង្គំ​ក៏​រត់​ទៅ​ពួន។

១៧ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​អ័ដាម​ថា ៖ តើ​អ្នក​ណា​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា អ្នក​នៅ​ខ្លួន​អាក្រាត​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​បញ្ជា​ដល់​អ្នក​ថា អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ បើ​សិន​ជា​អ្នក​បរិភោគ នោះ​អ្នក​ច្បាស់​ជា​នឹង​ត្រូវ​ស្លាប់​ជាមិនខាន​ឡើយ​នោះ​ឬ​អី?

១៨ហើយ​បុរស​ទូល​ឆ្លើយ​ថា ៖ ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូលបង្គំ ហើយ​បាន​បញ្ជា​ថា នាង​ត្រូវ​នៅ​ជាមួយ​នឹង​ទូលបង្គំ នាង​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ទៅ។

១៩ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​មាន​បន្ទូល​ទៅ​ស្ត្រី​ថា ៖ តើ​នេះ​ជា​អ្វី​ទៅ​ដែល​នាង​បាន​ប្រព្រឹត្ត? ហើយ​ស្ត្រី​បាន​ទូល​ឆ្លើយ​ថា ៖ ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន​ទៅ។

២០ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​ពស់​ថា ៖ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ឯង​នឹង​ត្រូវ​បណ្ដាសា​ធ្ងន់​ជាង​អស់ ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត

២១ហើយ​យើង​នឹង​ដាក់​សេចក្ដី​ខ្មាំង​រវាង​ឯង​និង​ស្ត្រី គឺ​រវាង​ពូជ​ឯង​និង​ពូជ​នាង ហើយ​គេ​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ។

២២ទៅ​ស្ត្រី នោះ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ យើង​នឹង​ចម្រើន​ឲ្យ​នាង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង​ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ។ នាង​នឹង​បង្កើត​កូន​ដោយ​ឈឺ​ចាប់ ហើយ​ចិត្ត​នាង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី​នាង ហើយ​គាត់​នឹង​ត្រួតត្រា​លើ​នាង។

២៣ហើយ​ទៅ​អ័ដាម នោះ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ដោយ​ព្រោះ​អ្នក​បាន​ស្ដាប់​តាម​សំឡេង​នៃ​ប្រពន្ធ​អ្នក ហើយ​បាន​បរិភោគ​ផ្លែ​នៃ​ដើម​ឈើ​នោះ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ថា — អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ នោះ​ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​អ្នក អ្នក​ត្រូវ​រកស៊ី​ពី​ដី​ដោយ​នឿយហត់​អស់​១​ជីវិត។

២៤ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​បរិភោគ​អស់​ទាំង​តិណជាតិ​ដែល​ដុះ​នៅ​ស្រែ​ចម្ការ។

២៥អ្នក​នឹង​បាន​អាហារ​បរិភោគ​ដោយ​ការ​បែកញើស ដរាប​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ — ត្បិត​ច្បាស់​ជា​នឹង​ស្លាប់​ជាមិនខាន​ឡើយ — ពី​ព្រោះ​អ្នក​ត្រូវ​បាន​យក​ចេញ​ពី​ដី​មក ត្បិត​អ្នក​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

២៦ហើយ​អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា « អេវ៉ា » ពី​ព្រោះ​នាង​ជា​ម្ដាយ​នៃ​ជីវិត​ទាំង​អស់ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ហៅ​ស្ត្រី​ទី​១​ថា​ដូច្នោះ​ហើយ ដែល​មាន​ជា​ច្រើន។

២៧ចំពោះ​អ័ដាម ហើយ​ព្រម​ទាំង​ប្រពន្ធ​គាត់​ផង នោះ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ធ្វើ​អាវ​ពី​ស្បែក​ឲ្យ​ពាក់​បិទបាំង​កាយ។

២៨ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង​ថា ៖ មើល​ចុះ មនុស្ស​បាន​ត្រឡប់​ដូច​ជា​យើង​មួយ​ដែរ ទាំង​ដឹង​ខុសត្រូវ​ផង ហើយ​ឥឡូវ​នេះ ខ្លាចក្រែង​គេ​លូកដៃ​គេ​ទៅ ហើយ​បេះ​ផ្លែ​ពី​ដើម​ជីវិត​ផង ហើយ​បរិភោគ ហើយ​រស់​ជា​រៀង​ដរាប​ទៅ

២៩ហេតុ​ដូច្នេះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ នឹង​បណ្ដេញ​គាត់​ចេញ​ពី​សួនច្បារ​អេដែន ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​បាន​យក​គាត់​ចេញ​មក

៣០ព្រោះ​ដរាបណា​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ក៏​នឹង​មិន​ផ្ដល់​ផល​ដែល​ឥត​ប្រយោជន៍​ដែរ ត្បិត​កាលណា​ព្រះ​បន្ទូល​យើង​ចេញ​ពី​ព្រះ​ឱ​ស​យើង​ទៅ នោះ​នឹង​បាន​សម្រេច។

៣១ម្ល៉ោះ​ហើយ យើង​ក៏​បណ្ដេញ​មនុស្ស​ចេញ ហើយ​យើង​បាន​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួនច្បារ​អេដែន និង​ដាវ​ដែល​ជា​អណ្ដាត​ភ្លើង​រេ​បែរ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត។

៣២(នេះ​ហើយ​ជា​ព្រះ​បន្ទូល​ដែល​យើង​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ហើយ​ព្រះ​បន្ទូល​ទាំង​នោះ​សុទ្ធ​តែ​ពិត ដូចដែល​យើង​សព្វ​ព្រះ​ហឫទ័យ ហើយ​យើង​បាន​មាន​បន្ទូល​ទៅ​អ្នក។ ចូរ​មើល​ឲ្យ​ឃើញ​ថា​អ្នក​មិន​បង្ហាញ​ព្រះ​បន្ទូល​ទាំង​នោះ​ដល់​អ្នក​ណា​ឡើយ រហូត​ដល់​យើង​បញ្ជា​អ្នក គឺ​លើក​លែងតែ​ចំពោះ​ពួក​អ្នក​ដែល​ជឿ​ប៉ុណ្ណោះ។ អាម៉ែន ៕)