សន្និសីទទូទៅ
អំណាច​នៃ​ការ​ស៊ូទ្រាំ

អំណាច​នៃ​ការ​ស៊ូទ្រាំ

មាន​តែ​សេចក្ដី​ជំនឿ និង​បន្ទូល​នៃ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​ព្រលឹង​របស់​យើង​ឲ្យ​ល្មម​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​យើង—ហើយ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។

ពេល​មើល​ឡើង​វិញ​នូវ​ការ​បង្រៀន​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​នៃ​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ខ្ញុំ​បាន​រក​ឃើញ​ពាក្យ​មួយ​ដែល​លោក​តែង​តែ​ប្រើ​នៅ​ក្នុង​សុន្ទរកថា​ជាច្រើន ។ ពាក្យ​នេះ​គឺ​ អំណាច ។

នៅ​ក្នុង​សន្និសីទ​ដំបូង បន្ទាប់​ពី​លោក​ត្រូវ​បាន​គាំទ្រ​ជា​សាវក ប្រធាន​ណិលសុន បាន​ថ្លែង​អំពី​អំណាច ។ លោក​បាន​បន្ត​បង្រៀន​អំពី​អំណាច​អស់​ជាច្រើន​ឆ្នាំ ។ ចាប់​តាំង​ពី​យើង​បាន​គាំទ្រ​ប្រធាន​ណិលសុន ជា​ព្យាការី​របស់​យើង​មក លោក​បាន​បង្រៀន​អំពី​គោលការណ៍​នៃ​អំណាច—ជា​ពិសេស​ព្រះចេស្ដា​របស់​ព្រះ​—និង​របៀប​ដែល​យើង​អាច​ទទួល​បាន​វា ។ លោក​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ទាញ​យក​ព្រះ​ចេស្ដា​របស់​ព្រះ នៅពេល​យើង​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ពី​របៀប​ដែល​ការ​ប្រែ​ចិត្ត​នាំ​យក​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ចូល​មក​ក្នុង​ជីវិត​របស់​យើង និង​របៀប​ដែល​បព្វជិតភាព—អំណាច និង​សិទ្ធិអំណាច​នៃ​ព្រះ​—ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​ដែល​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។ ប្រធាន ណិលសុន បាន​ថ្លែង​ទីបន្ទាល់​ថា អំណាច​របស់​ព្រះ​មាន​ដល់​មនុស្ស​ទាំងអស់​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

ជាពិសេស ខ្ញុំ​មាន​ចិត្ត​រំភើប​តាមរយៈ​សំណូម​ពរ​មួយ​ដែល​ប្រធាន ណិលសុន​បាន​ស្នើ​សុំ​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា​ឆ្នាំ​២០២០ ។ លោក​បាន​ណែនាំ​យើង​ឲ្យ​« សិក្សា និង​អធិស្ឋាន​ដើម្បី​រៀន​បន្ថែម​អំពី​អំណាច និង​ចំណេះដឹង​ដែល​បងប្អូន​ត្រូវ​បាន​ប្រគល់​ឲ្យ— ឬ​ដែល​បងប្អូន​នឹង​ទទួល​នៅ​ពេល​ក្រោយ »​ ។

ដោយ​ឆ្លើយ​តប​នឹង​សំណូម​ពរ​នេះ ខ្ញុំ​បាន​សិក្សា និង​អធិស្ឋាន ហើយ​បាន​រៀន​ពី​រឿង​មាន​ប្រយោជន៍​មួយ​ចំនួន​អំពី​អំណាច និង​ចំណេះ​ដឹង​ដែល​ខ្ញុំ​​ត្រូវ​បាន​ប្រគល់​ឲ្យ— ឬ​ដែល​ខ្ញុំ​នឹង​ទទួល​នៅ​ពេល​ក្រោយ ។

ការ​យល់ដឹង​ពី​រឿង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​បាន​រក​ឃើញ​ថា​វា​អាច​ធ្វើ​ទៅ​បាន តាមរយៈ​ការ​សិក្សា​វា​នៅ​ក្នុង​គំនិត​របស់​យើង និង​ការ​អធិស្ឋាន​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​បំភ្លឺ​យើង ។ អែលឌើរ រីឆាដ ជី ស្កត បាន​ផ្ដល់​និយមន័យ​យ៉ាង​ច្បាស់​មួយ​អំពី​ព្រះចេស្ដា​របស់​ព្រះ ៖ វា​គឺជា​ « ព្រះ​ចេស្ដា​ដើម្បី​ធ្វើ​ច្រើន​ជាង​យើង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង » ។

ការ​បំពេញ​ដួង​ចិត្ត​យើង និង​ព្រលឹង​យើង​ដោយ​បន្ទូល​នៃ​ព្រះ ព្រមទាំង​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះ ដើម្បី​ជួយ​យើង​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​នេះ ។ បើ​គ្មាន​ការ​នាំ​យក​បន្ទូល​នៃ​ព្រះ និង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ចាក់​ចូល​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ទេ នោះ​ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់​យើង​អាច​នឹង​ធ្លាក់​ចុះ ហើយ​យើង​អាច​នឹង​បាត់​បង់​ការ​ទទួល​បាន​អំណាច​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ប្រទាន​ដល់​យើង ។ សេចក្ដី​ជំនឿ​ស្ទាក់ស្ទើរ​គឺ​មិន​គ្រប់​គ្រាន់​ទេ ។ មាន​តែ​សេចក្ដី​ជំនឿ និង​បន្ទូល​នៃ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​ព្រលឹង​របស់​យើង​ឲ្យ​ល្មម​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​យើង—ហើយ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។

ពេល​ស៊ិស្ទើរ ចនសុន និង​ខ្ញុំ​ចិញ្ចឹម​បី​បាច់​កូនៗ​របស់​យើង យើង​បាន​លើក​ទឹក​ចិត្ត​ពួកគេម្នាក់ៗដើម្បី​រៀន​លេង​ឧបករណ៍​តន្ត្រី​មួយ ។ ប៉ុន្តែ​យើង​នឹង​អនុញ្ញាត​ឲ្យ​កូនៗ​យើង​រៀន​តន្ត្រី ប្រសិន​បើ​ពួកគេ​ធ្វើ​ផ្នែក​របស់​ពួកគេ ហើយហាត់សមឧបករណ៍​តន្ត្រី​របស់​ពួកគេ ។ នៅ​ថ្ងៃ​សៅរ៍​មួយ កូនស្រីរបស់​យើង ចាលីន មាន​ចិត្ត​រំភើប​ដើម្បី​ចេញ​ទៅ​លេង​នឹង​មិត្ត​របស់​នាង ប៉ុន្តែ​នាង​មិន​ទាន់​បាន​ហាត់​សម​ព្យាណូ​នៅ​ឡើយ​ទេ ។ ដោយ​ដឹង​ថា នាង​បាន​តាំង​ចិត្ត​ដើម្បី​ហាត់​សម​រយៈពេល​៣០ នាទី នាង​បាន​ដាក់​នាឡិកា​កំណត់​ម៉ោង ដោយសារ​នាង​មិន​ចង់​ហាត់​ឲ្យ​លើស​មួយ​នាទី​ឡើយ ។

ពេល​នាង​ដើរ​កាត់​ម៉ាស៊ីន​មីក្រូវ៉េវ​ដើម្បី​ទៅ​ហាត់​សម​ព្យាណូ នោះ​នាង​បាន​ឈប់​ហើយ​ចុច​ប៊ូតុង​មួយ​ចំនួន ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​កំណត់​ម៉ោង នាង​បាន​កំណត់​ឲ្យ​ម៉ាស៊ីន​មីក្រូវ៉េវ​ចម្អិន​អាហារ​រយៈពេល​៣០​នាទី ហើយ​ចុច​ចាប់ផ្ដើម ។ បន្ទាប់​ពី​ហាត់​បាន​ប្រមាណ​ជា​២០ នាទី​មក នាង​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​បាយ​ដើម្បី​មើល​ថាតើ​នាង​នៅ​សល់​ពេល​ប៉ុន្មាន​ទៀត ក៏​បាន​ឃើញ​ថា​មីក្រូវ៉េវ​នោះ​មាន​ភ្លើង​ឆេះ ។

បន្ទាប់​មក​នាង​បាន​រត់​ទៅ​រក​ខ្ញុំ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទីធ្លា​ក្រោយ​ផ្ទះ ដោយ​ស្រែក​ថា ភ្លើង​ឆេះ​ផ្ទះ​ហើយ ។ ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ភ្លាម ហើយ​ខ្ញុំ​បាន​ឃើញ​ថា មីក្រូវ៉េវ​នោះ​មាន​ភ្លើង​ឆេះ​មែន ។

ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ ខ្ញុំ​លូក​ដៃ​ទៅ​ដក​ឌុយ​នៅ​ខាង​ក្រោយ​មីក្រូវ៉េវ​នោះ ហើយ​ប្រើ​ខ្សែ​ភ្លើង​លើក​យក​មី​ក្រូវ៉េវ​នោះ​ចេញ ។ ដោយ​សង្ឃឹម​ចង់​ធ្វើ​ជា​វីរបុរស​ជួយ​សង្គ្រោះ​ដល់​ផ្ទះ​របស់​យើង ខ្ញុំ​បាន​ប្រើ​ខ្សែ​ភ្លើង​ចង​គ្រវី​មីក្រូវ៉េវ​ដែល​ឆេះ​នោះ​កុំ​ឲ្យ​ប៉ះ​នឹង​ខ្លួន​របស់​ខ្ញុំ ហើយ​ចេញ​ទៅ​ទីធ្លា​ក្រោយ​រួច​គ្រវែង​មីក្រូវ៉េវនោះ ទៅលើស្មៅ ។ រួច​ខ្ញុំ​បាន​ទាញ​ទុយោ​ទឹក​ទៅ​ពន្លត់​ភ្លើង​នៅ​ទី​នោះ ។

តើ​មាន​អ្វី​កើត​ឡើង ? មីក្រូវ៉េវ​ត្រូវការ​អ្វី​មួយ​ដើម្បី​ស្រូប​យក​ថាមពល​របស់​វា ហើយ​ពេល​គ្មាន​អ្វី​នៅ​ខាង​ក្នុង​ដើម្បី​ស្រូប​យក​ថាមពល​របស់​វា នោះ​ម៉ាស៊ីន​នោះ​ស្រូប​យក​ថាមពល​វា​ខ្លួន​ឯង ហើយ​ធ្វើ​ឲ្យ​ឡើង​កម្ដៅ ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ ដុត​បំផ្លាញ​ខ្លួន​ឯង​ឲ្យ​ទៅ ជា​ផេះ​បាន ។ មីក្រូវ៉េវ​របស់​យើង​បាន​ឆេះ​ទាំង​ស្រុង ដោយសារ​គ្មាន​អ្វី​នៅ​ខាង​ក្នុង ។

ដូច​គ្នា​នេះ​ដែរ អ្នក​ដែល​មាន​សេចក្ដី​ជំនឿ និង​បន្ទូល​នៃ​ព្រះ​ចាក់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​នឹង​មាន​លទ្ធភាព​ស្រូប​យក ហើយ​យក​ឈ្នះ​លើ​ព្រួញ​អណ្ដាត​ភ្លើង ដែល​មារសត្រូវ​នឹង​បញ្ជូន​មក​ដើម្បី​បំផ្លាញ​យើង​យ៉ាង​ពិត​ប្រាកដ ។១០ បើ​មិន​ដូច្នោះ​ទេ សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​ការ​ជឿ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​យើង​នឹង​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ ហើយ​ដូច​គ្នា​នឹង​មីក្រូវ៉េវ​ទទេ​ដែរ យើង​អាច​នឹង​មាន​គ្រោះថ្នាក់ ។

ខ្ញុំ​បាន​រៀន​ថា ការ​មាន​បន្ទូល​នៃ​ព្រះ​ចាក់​យ៉ាង​ជ្រៅ​ក្នុង​ព្រលឹង​ខ្ញុំ រួម​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ អនុញ្ញាត​ឲ្យ​យើង​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​យក​ឈ្នះ​លើ​មារសត្រូវ និង​អ្វីៗ​ដែល​វា​អាច​នឹង​គ្រវែង​មក​ដាក់​ខ្ញុំ ។ នៅពេល​យើង​ជួប​ឧបសគ្គ យើង​អាច​ពឹង​ផ្អែក​លើ​ការ​សន្យា​របស់​ព្រះអម្ចាស់​ដែល​បាន​បង្រៀន​ដោយ​ប៉ុល​ថា « ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែងតែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ » ។១១

យើង​ដឹង​ថា កាល​ពី​កុមារភាព ព្រះអង្គ​សង្គ្រោះ « កាន់ តែ មាន វ័យ ចម្រើន ធំ ឡើង មាន កំឡាំង ខាង វិញ្ញាណ រឹត តែ ច្រើន ឡើង ប្រកប ដោយ ប្រាជ្ញា ដ៏ ពោរពេញ ហើយ ព្រះគុណ នៃ ព្រះ ក៏ សណ្ឋិត លើ ទ្រង់ ផង » ។១២ យើង​ដឹង​ថា ពេល​ទ្រង់​ចម្រើន​វ័យ « ព្រះយេស៊ូវ ក៏ កាន់ តែ ធំ ប្រកប ដោយ ប្រាជ្ញា រឹត តែ ច្រើន ឡើង ហើយ ជា ទី គាប់ ព្រះហឫទ័យ ដល់ ព្រះ និង ចិត្ត មនុស្ស ផង » ។១៣ ហើយ​យើង​ដឹង​ថា លុះ​ពេល​នៃ​ការ​បម្រើ​របស់​ទ្រង់​បាន​ចាប់ផ្ដើម នោះ​អ្នក​ដែល​បាន​ស្ដាប់​ឮ​ទ្រង់​« នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ដោយ​អំណាច » ។១៤

តាមរយៈ​ការ​រៀបចំ​ខ្លួន ព្រះអង្គ​សង្គ្រោះ​បាន​ចម្រើន​វ័យ​នៅ​ក្នុង​ព្រះចេស្ដា ហើយ​មាន​លទ្ធភាព​ដើម្បី​តតាំង​នឹង​រាល់​ការ​សាកល្បង​របស់​សាតាំង ។១៥ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រៀបចំ​ខ្លួន​តាមរយៈ​ការ​សិក្សា​បន្ទូល​នៃ​ព្រះ ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង នោះ​យើង​ក៏​អាច​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​តតាំង​នឹង​ការ​ល្បួង​នានា​បាន​ដែរ។

អំឡុង​គ្រានៃ​ការ​ដាក់កំហិត​ចំពោះ​ប្រមូល​ផ្ដុំ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​ធម្មតា ខ្ញុំ​ពិតជាបានតាំងចិត្ត​ដើម្បី​បន្ត​សិក្សា ហើយ​រៀន​បន្ថែម​ទៀត​ពី​ព្រះចេស្ដា​នៃ​ព្រះ​ដែល​កើត​មាន​ចំពោះ​យើង ពេល​យើង​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​នៃ ព្រះវិហារ​បរិសុទ្ធ ។ ដូច​ដែល​បាន​សន្យា​នៅ​ក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ យើង​ទុក​ព្រះវិហារ​បរិសុទ្ធ​នោះ​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ ។១៦ ពុំ​មាន​កាល​ផុតកំណត់​ទាក់ទង​នឹង​ព្រះចេស្ដា​នៃ​ព្រះ​ប្រទាន​មក​លើ​អស់​អ្នក​ដែល​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ ទាំង​គ្មាន​ការ​ដាក់កំហិត​ចំពោះ​ការ​ទទួល​នូវ​ព្រះចេស្ដារនោះ​អំឡុង​គ្រាជំងឺ​រាតត្បាត​ដែរ ។ ព្រះចេស្ដារ​របស់ទ្រង់​កាត់បន្ថយ​នៅក្នុង​ជីវិតយើង តែ​នៅពេល​ដែល​យើង​មិន​រក្សា​សេចក្ដីសញ្ញា​របស់​យើង ហើយ​យើង​មិន​រស់នៅ​តាម​របៀប​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​បន្ដ​សក្ដិសម​ដើម្បី​ទទួល​ព្រះចេស្ដារ​របស់ទ្រង់ ។

ពេល​ភរិយាខ្ញុំ និង​ខ្ញុំបម្រើ​ជា​ថ្នាក់​ដឹកនាំ​បេសកកម្មនៅ​ប្រទេស​ថៃ ឡាវ និង​ភូមា យើង​បាន​ឃើញ ដោយផ្ទាល់ពី​ព្រះចេស្ដា​នៃ​ព្រះ​កើត​មាន​ដល់​អ្នក​ដែល​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មូលនិធិ​ជំនួយ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ​អាច​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​បាន បន្ទាប់​ពី​ពួកគេ​ខំអស់​ពី​លទ្ធភាព​តាមរយៈ​ការពលិកម្ម និង​ការ​រៀបចំ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​នឹក​ចាំ​ពី​ការ​ជួប​នឹង​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​២០ នាក់​មក​ពី​ប្រទេស​ឡាវ​នៅ​អាកាសយាន្តដ្ឋាន​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ជួយ​ដឹក​ពួកគេ​ទៅ​អាកាសយាន្ត​ដ្ឋាន​មួយ​ទៀត​ក្នុង​ក្រុង​បាង​កក ដើម្បី​បន្ត​ជើង​យន្ត​ហោះ​របស់​ពួកគេ​ឆ្ពោះ​ទៅ​ទី​ក្រុង​ហុង​កុង ។ សមាជិក​ទាំង​នេះ​គឺ​ពោរ​ពេញ​ដោយ​ក្ដី​រំភើប ដែល​នៅ​ទីបំផុត​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដំណាក់​របស់​ព្រះអម្ចាស់ ។

ពេល​យើង​បាន​ជួប​ពួក​បរិសុទ្ធ​ដ៏​ល្អ​ទាំង​នេះ​ត្រឡប់​មក​វិញ ពួកគេ​មាន​ភាព​ចាស់​ទុំ​នៃ​ដំណឹងល្អ​បាន​បន្ថែម និង​អំណាច​ដែល​មាន​មក​ជាមួយ​ការ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​របស់​ពួកគេ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ត្រូវ​បាន​បង្ហាញយ៉ាងច្បាស់ ។ ពួក​បរិសុទ្ធ​ទាំង​នេះ​កើត​មាន​យ៉ាង​ច្បាស់​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​« ប្រដាប់​ដោយ​ព្រះចេស្ដា​[ របស់​ទ្រង់ ] » ។១៧ អំណាច​ដើម្បី​ធ្វើ​បាន​ច្រើន​ជាង​ពួកគេ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​នេះ​បាន​ផ្ដល់​កម្លាំង​ឲ្យ​ពួកគេ​ដើម្បី​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ដែល​សមាជិក​សាសនាចក្រ​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ ហើយ​ចេញ​ទៅ​ថ្លែង​« ពី​ដំណឹង​ធំ និង​រុងរឿង​អស្ចារ្យ តាម​សេចក្ដី​ពិត »១៨ ពេល​ពួកគេ​បន្ត​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ប្រទេស​ឡាវ ។

អំឡុង​គ្រា​ដែល​យើង​មិន​អាច​ចូលរួម​ព្រះវិហារបរិសុទ្ធ​បាន តើ​យើង​ម្នាក់ៗ​បាន​ពឹង​ផ្អែក​លើ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​កំណត់​ទិសដៅ​ដ៏​ច្បាស់​លាស់​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ​ឬទេ ? ប្រសិន​បើ​យើង​រក្សា សេចក្ដី​សញ្ញា​ទាំង​នេះ​វា​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង​ការ​រំពឹង​ទុក​ពី អនាគត និង​ការ​តាំង​ចិត្ត​ដ៏​ច្បាស់​មួយ​ដើម្បី​ស័ក្ដិសម​ទទួល​បាន​អ្វី គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​បាន​សន្យា​តាមរយៈ​សេចក្ដី​ស្មោះត្រង់​របស់​យើង ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្វែងរក​អំណាច​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ប្រទាន​ឲ្យ​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ស្វែង​រក​អំណាច​នេះ យើង​នឹង​មាន​ពរ​ដោយ​ការ​យល់ដឹង កាន់តែទូលំទូលាយ​ពី សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​យើង​មាន​ចំពោះ​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​ព្រះវរបិតា​សួគ៌​ស្រឡាញ់​បងប្អូន និង​ខ្ញុំ នោះ​ទ្រង់​បាន​ចាត់​ព្រះរាជ​បុត្រា​ស្ងួនភ្ញា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មក​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង ព្រះ​អង្គ​ប្រោសលោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​មាន​គ្រប់​ព្រះចេស្ដា​១៩ ហើយ​ពោល​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕