សន្និសីទទូទៅ
ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់

ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់

សូម​ចាប់ផ្ដើម​ដំណើរការ​នេះ​ឥឡូវ​ដើម្បី « ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ដូច្នេះ​ថា​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​ជាមួយ​បងប្អូន​យ៉ាង​បរិបូរណ៍ ។

អរុណ​សួស្តី បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ។ ក្នុង​នាមជា​សិស្ស​ម្នាក់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ការប្រជុំ​តាម​អ៊ីនធឺណិត​សម្រាប់​សន្និសីទ​នេះ ដែល​មាន​មនុស្ស​មកពី​គ្រប់​តំបន់​ទូទាំង​ពិភពលោក​ចូលរួម ។

នេះ​ជា​ឆ្នាំ​ដែល​មិន​ធម្មតា​ខ្លាំង​មួយ ។ សម្រាប់​ខ្ញុំ វា​ចាប់ផ្ដើម​ដោយ​ការចាត់តាំង​មកពី​គណៈប្រធាន​ទីមួយ​ឲ្យ​ទៅ​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះអម្ចាស់​នៅ​ទីក្រុង ឌូបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ ខ្ញុំ​នឹង​មិន​ភ្លេច​ភាពអស្ចារ្យ​នៃ​អគារ​នោះ​ទេ ។ ប៉ុន្ដែ​លើសពី​អគារ​ទៅទៀត ខ្ញុំ​នឹង​តែង​តែ​ចងចាំ​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដែល​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អប្រពៃ​ដើម្បី​ចូល​ទៅ​អគារ​ដ៏​ពិសិដ្ឋ​នោះ ។ ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួលទាន​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ការស្ដារ​ឡើងវិញ ការឧទ្ទិស​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពួកគេ​បាន​មក​ដោយ​មាន​ដួងចិត្ត​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។ ពួកគេ​បាន​ពោរពេញ​ដោយ​អំណរគុណ​ដល់​ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌​សម្រាប់​ការប្រទាន​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ដែល​នាំ​ទៅរក​ការតម្កើង​ឡើង ។ ពួកគេ​បាន​មក​ដោយ​ភាពស័ក្ដិសម ។

មិន​ថា​នៅ​ទីណា​នោះ​ទេ ព្រះវិហារ​បរិសុទ្ធ​តែង​ឈរ​ខ្ពស់​លើ​របៀប​នៃ​ពិភពលោក​នេះ ។ គ្រប់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់​ក្នុង​ពិភពលោក​នេះ—​ទាំងអស់​ចំនួន ១៦៨—​ឈរ​ជា​ទីបន្ទាល់​ដល់​សេចក្ដី​ជំនឿ​របស់​យើង​នៅក្នុង​ជីវិត​ដ៏​អស់កល្ប និង​អំណរ​នៃ​ការធ្វើ​ជា​ទីបន្ទាល់​ដល់​ក្រុមគ្រួសារ​របស់​យើង និង​ព្រះវរបិតាសួគ៌​យើង ។ ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ក្រុមព្រះ និង​ដំណឹងល្អ​ដ៏​អស់កល្ប​ការតាំង​ចិត្ត​របស់​យើង​ដើម្បី​រស់នៅ​តាម និង​បង្រៀន​សេចក្ដីពិត និង​ឆន្ទៈ​យើង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទាំង​អស់​ក្នុង​សាសនាចក្រ​គឺ​មាន​ពាក្យ « បរិសុទ្ធ​ដល់​ព្រះអម្ចាស់ » ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ និង​ជា​ជម្រក​ពី​ពិភពលោក​នេះ ។ ព្រះវិញ្ញាណ​របស់​ទ្រង់​គ្រប​ដណ្តប់​ការពារ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​នៅក្នុង​អគារ​ដ៏​ពិសិដ្ឋ​ទាំងនោះ ។ ទ្រង់​ដាក់​បទដ្ឋាន​ឲ្យ​យើង​ធ្វើ​តាម ពេល​យើង​ចូល​ជា​ភ្ញៀវ​របស់​ទ្រង់ ។

ឪពុក​ក្មេក​របស់​ខ្ញុំ ប្លេន ថ្វិចឈែល ដែល​ជា​បុរស​ដ៏​ល្អបំផុត​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​អស្ចារ្យ​មួយ ។ ស៊ិស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ទៅ​លេង​គាត់ ពេល​គាត់​ជិត​បញ្ចប់​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​គាត់ ។ ពេល​យើង​បាន​ចូល​បន្ទប់​របស់​គាត់ ប៊ីស្សព​របស់​គាត់​ទើបតែ​ចេញ​ទៅ ។ ពេល​យើង​ជម្រាបសួរ​ប៊ីស្សព ខ្ញុំ​បាន​គិត​ថា « លោក​ជា​ប៊ីស្សព​ល្អ​ម្នាក់ ។ លោក​មក​ទីនេះ​ធ្វើ​ការងារ​បម្រើ​ដល់​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​វួដ​លោក » ។

ខ្ញុំ​បាន​ថ្លែង​ទៅកាន់ ប្លេន ថា « ជាការ​ល្អ​ណាស់​ដែល​ប៊ីស្សព​បាន​មក​លេង » ។

ប្លេន បាន​មើល​មកខ្ញុំ ហើយ​បាន​ឆ្លើយ​ថា « វា​ហួស​ពី​ល្អ​ទៅទៀត​កូន ។ ប៉ា​បាន​សូម​ឲ្យ​ប៊ីស្សព​មក ដោយសារ​ប៉ា​ចង់​មាន​ការសម្ភាស​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ប៉ា ។ ប៉ា​ចង់​ទៅ​ដោយ​ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ។ ហើយ​គាត់​បាន​ធ្វើ​មែន !

ឃ្លា « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » បាន​ដក់​ជាប់​ក្នុងចិត្ត​ខ្ញុំ ។ វា​ផ្ដល់​ជា​ទស្សនវិស័យ​ថ្មី​ទាំងស្រុង​មួយ​អំពី​ការត្រូវបាន​សម្ភាស​ជាប្រចាំ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ។ បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​សាសនាចក្រ​ពីដើម​ដល់​ឆ្នាំ ១៨៩១ ហើយ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​ត្រូវ​បាន​ចារ​ដោយ​ប្រធាន​សាសនាចក្រ ។

មិន​ថា​សម្រាប់​យុវវ័យ ឬ​មជ្ឈិមវ័យ ការសម្ភាស​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​មិនមែន​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិនត្រូវ​ធ្វើ​នោះទេ ។ បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មិនមែន​ជា​បញ្ជី​ត្រួត​ពិនិត្យ លិខិត​ថ្កោលទោស ឬ​ជា​សំបុត្រ​សម្រាប់​កន្លែង​អង្គុយ​ពិសេស​នោះទេ ។ វា​មាន​គោលបំណង​ដ៍​ខ្ពង់​ខ្ពស់ និង​បរិសុទ្ធ​ជាង​នោះ​ ។ ដើម្បី​ស័ក្ដិសម​នឹង​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ បងប្អូន​ត្រូវតែ​រស់នៅ​ស្របតាម​ការបង្រៀន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

នៅ​ក្នុង​ការសម្ភាស​របស់​បងប្អូន បងប្អូន​មាន​ឱកាស​ស្រាវជ្រាវ​ព្រលឹង​របស់​ខ្លួន​អំពី​សេចក្ដី​ជំនឿ​ផ្ទាល់ខ្លួន​បងប្អូន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ បងប្អូន​មាន​ពរជ័យ​ដើម្បី​បង្ហាញ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ពី​ឆន្ទៈ​របស់​បងប្អូន​ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​គោលលទ្ធិ​នៃ​ដំណឹងល្អ ការបំពេញ​តាម​ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ​របស់​បងប្អូន និង​គុណសម្បត្តិ​របស់​បងប្អូន​ស្ដីពី​ភាពស្មោះត្រង់ ព្រហ្មចារីភាព ភក្ដីភាព ការគោរព និង​ការរក្សា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុកជា​បរិសុទ្ធ ។ ទាំងនោះ​គឺជា​គោលការណ៍​គ្រឹះ​នៃ​ជីវិត​ដែល​ស្មោះស្ម័គ្រ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​កិច្ចការ​របស់​ទ្រង់ ។

បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​ថា បងប្អូន​កំពុង​តែ​ខិតខំ​រស់នៅ​តាម​ច្បាប់​របស់​ព្រះអម្ចាស់ ហើយ​ស្រឡាញ់​អ្វី​ដែល​ទ្រង់​ស្រឡាញ់ ៖ ការបន្ទាប​ខ្លួន ការស្លូតបូត ការខ្ជាប់ខ្ជួន សេចក្ដី​សប្បុរស ទឹកចិត្ត​ក្លាហាន ចិត្ត​មេត្តា​ករុណា ការអភ័យទោស និង​ការគោរព​ប្រតិបត្តិ ។ ហើយ​បងប្អូន​តាំងចិត្ត​ធ្វើតាម​បទដ្ឋាន​ទាំងនោះ ពេល​បងប្អូន​ចុះ​ហត្ថលេខា​នៅលើ​ឯកសារ​ដ៏​ពិសិដ្ឋ​នោះ ។

បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​បើក​ទ្វារ​ស្ថានសួគ៌​ឲ្យ​បងប្អូន និង​មនុស្ស​ដទៃ​ទទួល​បាន​ពិធី និង​ពិធីបរិសុទ្ធ​ដ៏​សំខាន់​អស់កល្ប​រួមមាន ពិធីការ​បុណ្យ​ជ្រមុជ​ទឹក អំណោយទាន​ពិសិដ្ឋ អាពាហ៍ពិពាហ៍ និង​ការផ្សារភ្ជាប់ ។

ការ « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » គឺជា​ការរំឭក​អំពី​អ្វី​ដែល​រំពឹង​ពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​រក្សា​សេចក្ដីសញ្ញា ។ ឪពុក​ក្មេក​ខ្ញុំ ប្លេន បាន​ឃើញ​ថា​វា​ជា​ការរៀបចំ​ខ្លួន​ដ៏​មាន​តម្លៃ​សម្រាប់​ថ្ងៃ ដែល​គាត់​នឹង​ឈរ​យ៉ាង​រាបសា​នៅ​ចំពោះ​ព្រះអម្ចាស់ ។

សូម​ពិរចាណា​ពី​ពេល​ដែល​ម៉ូសេ​បាន​ឡើង​ភ្នំ​ហោរែប ហើយ​ព្រះអម្ចាស់​ព្រះយេហូវ៉ា​បាន​បង្ហាញ​ព្រះកាយ​ដល់​លោក​នៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ។ ព្រះ​បាន​បង្គាប់​លោក​ថា « កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ » ។

ការដោះ​ស្បែកជើង​យើង​ចេញ​នៅ​មាត់ទ្វារ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺជា​ការ​ទម្លាក់​ចុះ​បំណង​ប្រាថ្នា ឬ​ការកំសាន្ដ​ខាង​លោកិយ​ដែល​បង្អាក់​យើង​ពី​ការរីក​ចម្រើន​ខាង​វិញ្ញាណ ការទុក​រឿង​ទាំងនោះ​មួយ​អន្លើរ​ដែល​បណ្ដាល​ឲ្យ​យើង​គិត​មិន​ត្រូវ​អំពី​ជីវិត​រមែង​ស្លាប់​ដ៏​មាន​តម្លៃ​របស់​យើង ការមិន​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ទាស់ទែង​គ្រប់គ្រង​លើ​យើង និង​ការស្វែងរក​ពេលវេលា​ដើម្បី​បាន​បរិសុទ្ធ ។

តាម​ការរៀបចំ​ដ៏​ទេវភាព នោះ​រូបរាង​កាយ​របស់​យើង​គឺជា​ការបង្កើត​របស់​ព្រះ ជា​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វិញ្ញាណ​របស់​យើង ហើយ​គួរតែ​ប្រព្រឹត្ត​ចំពោះវា​ដោយ​គារវភាព ។ ខ្លឹមសារ​ក្នុង​បទចម្រៀង​កុមារ​គឺ​ពិត​ខ្លាំង​ណាស់ « រូបកាយ​ខ្ញុំ​ជា​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវ​ថែទាំ​ខ្លាំង​បំផុត » ។ ពេល​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​បង្គាប់​ថា « ញែក​ចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មានទោស​នៅ​ចំពោះ​យើង » ។ ព្រះអម្ចាស់​បាន​សួរ​ថា « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? »​រួច​ហើយ​ទ្រង់​បាន​ឆ្លើយ​ថា « ត្រូវ​ឲ្យ​បាន​ដូចជា​យើង » ។ ដើម្បី « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » នោះ​យើង​ខិត​ខំ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។

ខ្ញុំ​ចាំ​ថា​បាន​ស្ដាប់​ប្រធាន ហូវើដ ដបុលយូ ហាន់ធើរ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ជា​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ​ទី ១៤ ។ លោក​បាន​ពោល​ថា « វា​ជា​បំណង​ប្រាថ្នា​ដ៏ជ្រាលជ្រៅ​បំផុត​ក្នុង​ចិត្ត​ខ្ញុំ ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​គ្រប់រូប​មាន​ភាពស័ក្ដិសម​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​នឹង​សព្វព្រះទ័យ បើ​សមាជិក​មជ្ឈិមវ័យ​គ្រប់រូប​មាន​ភាពស័ក្ដិសម​—​ហើយ​កាន់—​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព » ។ ខ្ញុំ​សូម​បន្ថែម​ថា បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​កំណត់​ការប្រើប្រាស់​នឹង​ធ្វើជា​ផ្លូវ​ដ៏​ច្បាស់​មួយ​សម្រាប់​យុវវ័យ​ដ៏​មាន​តម្លៃ​របស់​យើង ។

ប្រធាន​ណិលសុន​បាន​រំឭក​សម្ដី​របស់​ប្រធាន​ហាន់ធើរ​ថា « នៅ​ថ្ងៃ​នោះ ថ្ងៃ​ទី​៦​ខែ មិថុនា​ឆ្នាំ ១៩៩៤​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​កាន់ ក្លាយ​ជា​របស់​ខុសគ្នា​មួយ​ក្នុង​កាបូប​របស់​ខ្ញុំ ។ ពីមុន​នោះ វា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ទៅដល់​ទីបញ្ចប់​មួយ ។ វា​គឺជា​មធ្យោបាយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ចូល​ក្នុង​ដំណាក់​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់ ប៉ុន្ដែ​ក្រោយពី​លោក​បាន​ធ្វើ​ការប្រកាស​នោះ​មក វា​ក្លាយជា​ទីបញ្ចប់​មួយ ។ វា​ក្លាយ​ជា​តំណាង​នៃ​ការគោរព​ប្រតិបត្តិ​របស់​ខ្ញុំ​ចំពោះ​ព្យាការី​នៃ​ព្រះ » ។

ប្រសិនបើ​បងប្អូន​មិន​ទាន់​បាន​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ ឬ​បើ​បណ្ណ​របស់​បងប្អូន​ហួស​កំណត់ សូម​តម្រង់​ជួរ​នៅមុខ​បន្ទប់​ប៊ីស្សព គឺ​ដូចជា​ពួកបរិសុទ្ធ​ពីដើម​បាន​ឈរ​នៅ​មុខ​ទ្វារ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​នៅ​ឆ្នាំ ១៨៤៦ ដែរ ។បុព្វការីជន​របស់​ខ្ញុំ​បាន​នៅក្នុង​ចំណោម​អ្នកស្មោះត្រង់​ទាំងនោះ ។ ពួកគាត់​បាន​បោះបង់​ទីក្រុង​ដ៏​ស្រស់ស្អាត​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​ទៅ​ភាគខាង​លិច ប៉ុន្ដែ​ពួកគាត់​បាន​ដឹង​ថា មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​កំពុង​រង់ចាំ​ពួកគាត់​នៅ​ព្រះវិហារ​បរិសុទ្ធ ។ សារ៉ា រិច បាន​សរសេរ​ចេញពី​ការធ្វើ​ដំណើរ​ដ៏​យ៉ាប់យ៉ឺន​នៅ​រដ្ឋ​អាយអូវ៉ា​ថា « ប្រសិនបើ​ពុំមែន​ដោយសារ​សេចក្ដី​ជំនឿ និង​ចំណេះដឹង​ដែល​បាន​ប្រទាន​ដល់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ … នោះ​ការធ្វើ​ដំណើរ​របស់​យើង​នឹង​ហាក់បី​ដូចជា​ការធ្វើ​ដំណើរ​មួយ​ដែល​លោតផ្លោះ​ដ៏​ឆ្ងាយ​ក្នុង​ទី​ងងឹត​ដូច្នោះ​ដែរ » ។ នោះ​ជា​អ្វី​ដែល​យើង​ខកខាន បើ​យើង​ឆ្លងកាត់​ជីវិត​នេះ​តែឯង ដោយ​គ្មាន​ការបំផុស​គំនិត និង​សេចក្ដី​សុខសាន្ដ​ដែល​បាន​សន្យា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេនោះ ។

សូម​ចាប់ផ្ដើម​ដំណើរការ​នេះ​ឥឡូវ​ដើម្បី « ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ដើម្បី​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​ជាមួយ​បងប្អូន​យ៉ាង​បរិបូរណ៍ ហើយ​បទដ្ឋាន​របស់​ទ្រង់​នឹង​នាំ​បងប្អូន​ឲ្យ « មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ។១០

ថ្នាក់ដឹកនាំ​យុវវ័យ ប្រធាន​កូរ៉ុម​អែលឌើរ ប្រធាន​សមាគម​សង្គ្រោះ និង​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូន នឹង​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន ហើយ​ប៊ីស្សព ឬ​ប្រធាន​សាខា​បងប្អូន​នឹង​ណែនាំ​បងប្អូន​ដោយ​ក្ដីស្រឡាញ់ ។

យើង​បាន​ជួប​នឹង​គ្រា​មួយ ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​បិទ ឬ​កំណត់​ការប្រើប្រាស់ ។ សម្រាប់​ប្រធាន​ណិលសុន និង​ពួកយើង​ដែល​បម្រើ​ក្បែរ​លោក ការសម្រេច​ចិត្ត​ដ៏​បំផុស​គំនិត​ឲ្យ​បិទ​ព្រះវិហារ​បរិសុទ្ធ​គឺជា​រឿង « ដ៏​ឈឺចាប់ » និង « គួរឲ្យ​ព្រួយ​បារម្ភ » ។ ប្រធាន​ណិលសុន​បាន​សួរ​ខ្លួន​លោក​ថា « តើ​ខ្ញុំ​នឹង​និយាយ​អ្វី​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ? តើ​ខ្ញុំ​នឹង​និយាយ​អ្វី​ទៅ​កាន់​ព្រិកហាំ យ៉ង់ វិលហ្វួឌ វូឌដ្រុព្វ និង​ប្រធាន​ទាំងឡាយ​ផ្សេងទៀត រហូត​មក​ដល់​ប្រធាន ថូម៉ាស អេស ម៉នសុន ? »១១

ឥឡូវ យើង​មាន​អំណរ​ដែល​បើក​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ជា​បណ្ដើរៗ​សម្រាប់​ការផ្សារភ្ជាប់ និង​អំណោយទាន​ពិសិដ្ឋ​ក្នុង​កម្រិត​កំណត់​មួយ ។

ប៉ុន្ដែ​ការមាន​ភាពស័ក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ពុំ​បាន​ផ្អាក​ឡើយ ។ ខ្ញុំ​សូម​បញ្ជាក់​ថា មិន​ថា​បងប្អូន​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ឬ​អត់​ទេ បងប្អូន​ត្រូវ​មាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​នៅ​រឹងមាំ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ចុង​ឆ្នាំ​មុន ស៊ិស្ទើរ​រ៉ាសបាន និង​ខ្ញុំ​មាន​ការចាត់តាំង​មួយ​នៅ​ប្រទេស​នូវែលសេឡង់ ហើយ​បាន​ថ្លែង​ទៅកាន់​ក្រុម​យុវមជ្ឈិមវ័យ​នៅលីវ​ដ៏​ធំ​មួយ ។ ពួកគេ​មិន​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ស្រួល​នោះ​ទេ ព្រះវិហារ​បរិសុទ្ធ​នៅ​ហាមីលថិន​កំពុង​ជួសជុល ហើយ​ពួកគេ​នៅ​ចាំ​ការបើក ការដ្ឋាន សាងសង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​អុកលេន​នៅ​ឡើយ ។ ប៉ុន្ដែ ខ្ញុំ​មាន​អារម្មណ៍​បំផុស​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ ឬ​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ទោះជា​ពួកគេ​មិន​អាច​បង្ហាញ​វា​នៅ​ព្រះវិហារ​បរិសុទ្ធ​ក្ដី ក៏​ពួកគេ​អាច​បង្ហាញ​ខ្លួនឯង​ដល់​ព្រះអម្ចាស់​ថា ពួកគេ​បរិសុទ្ធ និង​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ទ្រង់​ដែរ ។ ការមាន​ភាពស័ក្ដិសម​ដើម្បី​កាន់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព គឺជា​ការការពារ​មួយ​ពី​សត្រូវ ដោយសារ​បងប្អូន​បាន​តាំងចិត្ត​ដ៏​មុតមាំ​ចំពោះ​ព្រះអម្ចាស់​អំពី​ជីវិត​របស់​បងប្អូន និង​ជា​ការសន្យា​មួយ​ថា ព្រះវិញ្ញាណ​នឹង​គង់​ជាមួយ​បងប្អូន ។

យើង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ពេល​យើង​ស្វែងរក​បុព្វការីជន​របស់​យើង ហើយ​ដាក់​ឈ្មោះ​ពួកលោក​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ ។ ខណៈ​ព្រះវិហារ​បរិសុទ្ធ​យើង​បាន​បិទ យើង​នៅតែ​អាច​បន្ត​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​របស់​យើង​បាន​ដដែល ។ ដោយ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះ​ក្នុង​ចិត្ត​យើង នោះ​យើង​ឈរ​ជំនួស​ពួកលោក​ដើម្បី « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ។

ពេល​ខ្ញុំ​បម្រើ​ជា​នាយក​ប្រតិបត្តិ​នៅ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ឮ​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី យោង​ទៅ​បទគម្ពីរ​នេះ ដែល​បាន​ថ្លែង​ដោយ​ព្រះអម្ចាស់​អំពី​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ៖ « ចូរ​ឲ្យ​កិច្ចការ​នៃ​ព្រះវិហារ​របស់​យើង និង​កិច្ចការ​ទាំងអស់​ដែល​យើង​បានចាត់​ដល់​អ្នក មាន​តទៅ ហើយ​កុំ​ឈប់ឈរ​ឡើយ ហើយ​ចូរ​ឲ្យ​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​ខ្ជាប់ខ្ជួន និង​សេចក្ដី​អត់ធន់​របស់​អ្នក និង​កិច្ចការ​របស់​អ្នក​កើន​ទៅជា​ពីរ ហើយ​អ្នក​ក៏​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ដែរ ព្រះអម្ចាស់​នៃ​ពួកពល​បរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។១២

កិច្ចការ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ចងភ្ជាប់​ទៅ​នឹង​រង្វាន់​ដ៏​អស់កល្ប​របស់​យើង ។ ថ្មីៗ​នេះ យើង​ត្រូវបាន​ដាក់​ឲ្យ​សាកល្បង ។ ព្រះអម្ចាស់​បាន​ហៅ​យើង​ឲ្យ​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ « សេចក្តី​​ព្យាយាម … សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​អត់ធន់ » ។១៣ ការ « ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » តម្រូវ​ឲ្យ​មាន​គុណសម្បត្តិ​ទាំង​នោះ ។ យើង​ត្រូវ​តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការរស់​នៅ​តាម​បទបញ្ញតិ្ត ខិតខំ​យកចិត្ត​ទុកដាក់​លើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ហើយ​មាន​អំណរ​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បន្ដ​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ ហើយ​អត់ធន់​ពេល​យើង​រង់ចាំ​រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​បើក​ជា​ថ្មី​យ៉ាង​ពេញលេញ ។

ពេល​ព្រះអម្ចាស់​អំពាវនាវ​ឲ្យ​យើង​បង្កើន​ការខិតខំ​របស់​យើង « ជា​ពីរ » នោះ​ទ្រង់​សុំ​ឲ្យ​យើង​បង្កើន​ភាពសុចរិត​យើង ។ ឧទាហរណ៍ យើង​អាច​ពង្រីក​ការសិក្សា​ព្រះគម្ពីរ ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ និង​ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​យើង ថា​យើង​អាច​ចែកចាយ​ក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ដំណាក់​របស់​ព្រះអម្ចាស់ ជាមួយ​អស់​អ្នក​ដែល​រៀបចំ​ខ្លួន​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ជាពិសេស​សមាជិក​គ្រួសារ​យើង ។

ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា កាល​បងប្អូន​ខិតខំ​បង្កើន​សេចក្តី​សុចរិត​ជា​ពីរ នោះ​បងប្អូន​នឹង​មាន​អារម្មណ៍​រំឭក​ថ្មី​ក្នុង​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះ ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​នឹង​មាន​អារម្មណ៍​បរិបូរណ៍​ពី​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​នឹង​មាន​អំណរ​ចំពោះ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​ខ្លួន ហើយ​បងប្អូន​នឹង​មាន​អារម្មណ៍​សុខសាន្ដ​ដោយ​ដឹង​ថា​បងប្អូន « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕