សន្និសីទទូទៅ
ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច

ថ្ងៃ​នេះ ខ្ញុំ​សូម​ពង្រីក​ការហៅ​របស់​ខ្ញុំ​ឲ្យ​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​មក​ពី​គ្រប់​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក​នេះ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ អំឡុង​សប្ដាហ៍​ចុងក្រោយ​នៃ​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ « ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ចដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការទាំងនេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង » ។

ក្នុង​ចំណោម « ការទាំងនោះ​ត្រូវ​តែ​មក​ដល់ » ពីមុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ វា​មាន « ចម្បាំង និង​ដំណឹង​ពី​ចម្បាំង … អំណត់ ជំងឺ​អាសន្នរោគ និង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ » ។

នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ហើយ​គ្រប់​ទាំង​អស់​នឹង​នៅក្នុង​ស្ថានភាព​ចលាចល … មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត ព្រោះ​សេចក្ដី​ភ័យខ្លាច​នឹង​មាន​មក​លើ​អស់​ទាំង​មនុស្ស។ » ។

ប្រាកដ​ណាស់ យើង​រស់នៅ​ក្នុង​ជំនាន់​មួយ​ដែល​មាន​ស្ថានភាព​ចលាចល ។ មនុស្ស​ជាច្រើន​ភ័យខ្លាច​ពី​អនាគត ហើយ​ដួងចិត្ត​ជាច្រើន​បាន​ងាកចេញ​ពី​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ និង​ព្រះរាជបុត្រា​របស់ ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

របាយការណ៍​ព័ត៌មាន​បាន​ពោរពេញ​ទៅដោយ​សាច់រឿង​ហិង្សា ។ មាតិកា​អសីលធម៌​បាន​ចេញផ្សាយ​តាម​អ៊ីនធឺណិត ។ ទីបញ្ចុះសព ព្រះវិហារ វិហារ​អ៊ីស្លាម វិហារ​ជីហ្វ និង​ទីសក្ការៈ​ខាង​សាសនា​ត្រូវ​បាន​បំផ្លាញ​ចោល ។

ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​មួយ​បាន​រាលដាល​ដល់​គ្រប់​ទីកន្លែង​លើ​ផែនដី​នេះ​—​មនុស្ស​រាប់លាន​នាក់​បាន​ឆ្លង មនុស្ស​រាប់រយ​លាន​នាក់​បាន​ស្លាប់ ។ ពិធី​ចែក​សញ្ញាបត្រ​នៅ​សាលា កម្មវិធី​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ អាពាហ៍ពិពាហ៍ ការបម្រើ​យោធា និង​ព្រឹត្តិការណ៍​ជីវិត​សំខាន់ៗ​ផ្សេងទៀត​ជាច្រើន​ត្រូវ​បាន​បង្អាក់ ។ លើសពី​នេះ មនុស្ស​រាប់​មិន​អស់​បាន​នៅ​តែឯង និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ។

ការរំខាន​ផ្នែក​សេដ្ឋកិច្ច​ភ្លាមៗ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​មនុស្ស​ជាច្រើន ជាពិសេស​សម្រាប់​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ក្នុង​ចំណោម​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​នៃ​យើង ។

យើង​បាន​ឃើញ​មនុស្ស​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​យ៉ាង​ខ្លាំងក្លា​ដើម្បី​តវ៉ា​ដោយ​សន្ដិវិធី ហើយ​យើង​ឃើញ​មាន​កុប្បកម្ម​ពី​ហ្វូង​មនុស្ស​ដែល​ខឹង​សម្បារ ។

ទន្ទឹម​គ្នា​នេះ​ដែរ យើង​បន្ដ​ឃើញ​វិបត្តិ​នានា​នៅ​ទូទាំង​ពិភពលោក​នេះ ។

ជារឿយៗ ខ្ញុំ​គិត​ដល់​បងប្អូន​ដែល​រងទុក្ខ ព្រួយ​បារម្ភ ភ័យ​ខ្លាច ឬ​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​សូម​ធានា​ដល់​បងប្អូន​ម្នាក់ៗ​ថា ព្រះអម្ចាស់​ស្គាល់​បងប្អូន ថា​ទ្រង់​ជ្រាប​ពី​កង្វល់ និង​ភាពតានតឹង​របស់​បងប្អូន ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន—​យ៉ាង​ខ្លាំង និង​ផ្ទាល់ខ្លួន យ៉ាង​ជ្រាលជ្រៅ និង​ជារៀង​រហូត ។

រាល់យប់​ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​សូម​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរ​ដល់​មនុស្ស​ទាំងអស់ ដែល​មាន​ទុក្ខសោក ការឈឺចាប់ ភាពឯកោ និង​ក្រៀមក្រំ ។ ខ្ញុំ​ដឹង​ថា ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ក៏​បាន​ពោល​ពាក្យ​អធិស្ឋាន​ដូចគ្នា​នោះ​ដែរ ​បងប្អូន ។

ខ្ញុំ​បាន​ចំណាយ​ពេល​បីបួន​ថ្ងៃ​នៅ​ឆ្នាំមុន​នៅ​ភាគ​ឦសាន​សហរដ្ឋ ដើម្បី​ទៅលេង​ទីកន្លែង​ប្រវត្តិ​សាសនាចក្រ និង​ប្រវត្តិ​អាមេរិក ចូលរួម​ការប្រជុំ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​របស់​យើង ហើយ​ទៅជួប​នឹង​រដ្ឋាភិបាល និង​អ្នកដឹកនាំ​អាជីវកម្ម​នានា ។

នៅ​ថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ខ្ញុំ​បាន​ថ្លែង​ទៅកាន់​ការប្រជុំ​ដ៏​ធំ​មួយ​នៅក្បែរ​ក្រុង​បុសស្ដុន រដ្ឋ​ម៉ាសាឈូសេត ។ កាល​ខ្ញុំ​កំពុង​ថ្លែង ខ្ញុំ​ត្រូវបាន​បំផុស​គំនិត​ឲ្យ​និយាយ​ថា « ខ្ញុំ​អង្វរករ​ជាមួយ​បងប្អូន … ឲ្យ​អធិស្ឋាន​សម្រាប់​ប្រទេស​នេះ សម្រាប់​ថ្នាក់ដឹកនាំ​យើង សម្រាប់​ប្រជាជន​យើង និង​សម្រាប់​ក្រុមគ្រួសារ​ដែល​រស់នៅ​ក្នុង​ជាតិ​សាសន៍​ដ៏​អស្ចារ្យ​នេះ ដែល​បាន​បង្កើតឡើង​ដោយ​ព្រះ » ។

ខ្ញុំ​ក៏​បាន​និយាយ​ផងដែរ​ថា អាមេរិក និង​ជាតិ​សាសន៍​ជា​ច្រើន​លើ​ផែនដី​នេះ ដូច​គ្រា​កន្លង​ទៅ​នៅ​ពី​អតីតកាល កំពុង​នៅ​លើ​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ​ទៀត ហើយ​ត្រូវការ​ការអធិស្ឋាន​របស់​យើង ។

ការអង្វរករ​របស់​ខ្ញុំ​មិន​បាន​មាន​នៅ​ក្នុង​សុន្ទរកថា​ដែល​បាន​ត្រៀម​ទុក​របស់​ខ្ញុំ​ឡើយ ។ ពាក្យ​ពេចន៍​ទាំង​នោះ​បាន​កើត​មាន​ដល់​ខ្ញុំ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បំផុស​គំនិត​ខ្ញុំ​ឲ្យ​អញ្ជើញ​បងប្អូន​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ឲ្យ​អធិស្ឋាន​សម្រាប់​ប្រទេស និង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ។

ថ្ងៃ​នេះ ខ្ញុំ​សូម​ពង្រីក​ការហៅ​របស់​ខ្ញុំ​ឲ្យ​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​មក​ពី​គ្រប់​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក​នេះ មិន​ថា​បងប្អូន​អធិស្ឋាន​ដោយ​របៀប​ណា ឬ​បងប្អូន​អធិស្ឋាន​ទៅ​កាន់​ព្រះ​ណា​ទេ តែ​សូម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​បងប្អូន—​មិន​ថា​បងប្អូន​មាន​សាសនា​អ្វី​នោះ​ទេ—​ហើយ​សូម​អធិស្ឋាន​សម្រាប់​ប្រទេស​បងប្អូន និង​សម្រាប់​ថ្នាក់​ដឹកនាំ​ជាតិ​របស់​បងប្អូន ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ខែ​តុលា​កន្លង​ទៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត ថ្ងៃ​នេះ​យើង​ឈរ​នៅ​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ដ្រ ហើយ​ជាតិ​សាសន៍​លើ​ផែនដី​នេះ​ត្រូវការ​ការបំផុស​គំនិត និង​ការដឹកនាំ​ដ៏​ទេវភាព​យ៉ាង​ខ្លាំង ។ នេះ​ពុំ​មែន​ជា​រឿង​នយោបាយ ឬ​គោលនយោបាយ​នោះ​ទេ ។ នេះ​គឺ​អំពី​សេចក្ដី​សុខសាន្ដ និង​ការព្យាបាល​ដែល​អាច​មាន​ដល់​ព្រលឹង​បុគ្គល​ម្នាក់ៗ ក៏​ដូច​ជា​ដល់​ព្រលឹង​នៃ​ប្រទេស​ទាំងឡាយ​ផងដែរ—ទីក្រុង ទី​ប្រជុំជន និង​ភូមិ​របស់​ពួកគេ—​តាម​រយៈ​ម្ចាស់​នៃ​មេត្រីភាព និង​ប្រភព​នៃ​ការព្យាបាល​ទាំងអស់ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អំឡុងពេល​ពីរ​បី​ខែ​មុន ខ្ញុំ​ទទួល​បាន​ចំណាប់​អារម្មណ៍​ថា របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ស្ថានភាព​បច្ចុប្បន្ន​របស់​ពិភពលោក​នេះ​គឺ ត្រូវ​ឲ្យ​មនុស្ស​ទាំងអស់​ពឹង​ផ្អែក​កាន់​តែ​ពេញលេញ​ថែម​ទៀត​លើ​ព្រះ ហើយ​បែរ​ដួងចិត្ត​ពួកគេ​ទៅ​រក​ទ្រង់​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះសរ ។ ការបន្ទាប​ខ្លួន​យើង និង​ការស្វែងរក​ការបំផុស​គំនិត​ពី​ស្ថានសួគ៌​ដើម្បី​ស៊ូទ្រាំ ឬ​យក​ឈ្នះ​អ្វី​ដែល​មាន​នៅ​ចំពោះ​មុខ​យើង នឹង​ជា​របៀប​ដ៏​មាន​សុវត្ថិភាព និង​ប្រាកដ​ប្រជា​បំផុត​ដើម្បី​ឈាន​ទៅ​មុខ​ដោយ​ទំនុកចិត្ត ឆ្លងកាត់​គ្រា​ដ៏​លំបាក​ទាំងនេះ ។

ព្រះគម្ពីរ​លើក​ឡើង​ពី​ការអធិស្ឋាន​របស់​ព្រះយេស៊ូវ ព្រម​ទាំង​ការបង្រៀន​របស់​ទ្រង់​អំពី​ការអធិស្ឋាន​អំឡុង​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ។ បងប្អូន​នឹង​ចងចាំ​ការអធិស្ឋាន​របស់​ព្រះអម្ចាស់ ៖

« ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ ។

« សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ ។ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ ។

« សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ ។

« សូម​អត់ទោស​សេចក្តី​កំហុស​របស់​យើងខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ។

« សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​កាន់​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្តី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះចេស្តា និង​សិរីល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់​កល្ប​ជានិច្ច ។ អាម៉ែន » ។

ការអធិស្ឋាន​ដ៏​ល្អ​ដែល​ផ្ដោត​ចំ ដែល​បាន​ថ្លែង​ជា​ញឹកញាប់​ទូទាំង​គ្រិស្ដសាសនា​នេះ បញ្ជាក់​ច្បាស់​ថា វា​សមរម្យ​ដើម្បី​អង្វរ​សូម​ដោយ​ចំៗ​ដល់ « ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ » សូម​រក​ចម្លើយ​ចំពោះ​អ្វី​ដែល​កំពុង​អំពល់ទុក្ខ​ដល់​យើង ។ ហេតុដូច្នេះ​ហើយ ចូរ​យើង​អធិស្ឋាន​សូម​ការដឹកនាំ​ពី​សួគ៌ា ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អធិស្ឋាន​ជានិច្ច ។ សូម​អធិស្ឋាន​សម្រាប់​គ្រួសារ​របស់​បងប្អូន ។ សូម​អធិស្ឋាន​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ ។ សូម​អធិស្ឋាន​សម្រាប់​អ្នកក្លាហាន​ដែល​នៅ​ជួរ​មុខ​ក្នុង​ការប្រយុទ្ធ​បច្ចុប្បន្ន​ប្រឆាំង​នឹង​ជំងឺ​សង្គម បរិស្ថាន នយោបាយ និង​ជីវសាស្ដ្រ ដែល​ប៉ះពាល់​ដល់​មនុស្ស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​វ័យ​ក្មេង និង​ចាស់ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​កុំ​ឲ្យ​កំណត់​អ្នក​ដែល​យើង​អធិស្ឋាន​ឲ្យ​ឡើយ ។ ទ្រង់​មាន​បន្ទូល​ថា « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ។

លើ​ឈើឆ្កាង​នៅ​កាល់វ៉ារី ជា​ទី​ដែល​ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​អំពើបាប​របស់​យើង ទ្រង់​បាន​អនុវត្ត​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ពេល​ទ្រង់​អធិស្ឋាន​ថា ៖ « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។

ការអធិស្ឋាន​ដោយ​ស្មោះ​សម្រាប់​អស់​អ្នក​ដែល​យើង​អាច​ចាត់ទុក​ថា​ជា​សត្រូវ​របស់​យើង បង្ហាញ​ពី​ជំនឿ​របស់​យើង​ថា ព្រះ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​យើង និង​ដួងចិត្ត​របស់​មនុស្ស​ដទៃទៀត​បាន ។ ការអធិស្ឋាន​បែប​នោះ​គួរតែ​ពង្រឹង​ដល់​ការតាំងចិត្ត​របស់​យើង ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​អ្វី​ដែល​ចាំបាច់​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ក្រុមគ្រួសារ និង​សហគមន៍​យើង ។

មិន​ថា​បងប្អូន​រស់នៅ​ទីណា មិន​ថា​បងប្អូន​និយាយ​ភាសា​អ្វី ឬ​បងប្អូន​ជួប​នឹង​ឧបសគ្គ​អ្វី​នោះទេ ព្រះ​ទ្រង់​ស្ដាប់ និង​ឆ្លើយតប​នឹង​បងប្អូន​តាម​ពេល​វេលា​របស់​ទ្រង់ និង​តាម​ផ្លូវ​របស់​ទ្រង់ ។ ដោយសារ​យើង​ជា​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​យើង​អាច​ទូល​ទ្រង់​សូម​ជំនួយ ការធូរស្បើយ និង​បំណង​ប្រាថ្នា​ថ្មី​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​វិជ្ជមាន​ក្នុង​ពិភពលោក​នេះ ។

ជា​រឿយៗ ការអធិស្ឋាន​សូម​យុត្តិធម៌ សន្ដិភាព​ដល់​អ្នកក្រីក្រ និង​អ្នកឈឺ​មិន​គ្រប់គ្រាន់​ឡើយ ។ ក្រោយពី​យើង​លុត​ជង្គង់​អធិស្ឋាន​ហើយ យើង​ត្រូវ​ក្រោកឡើង ហើយ​ធ្វើ​អ្វី​ដែល​យើង​អាច​ជួយ​បាន—​ដើម្បី​ជួយ​ទាំង​ខ្លួនយើង និង​មនុស្ស​ដទៃ ។ ១០

ព្រះគម្ពីរ​ពោរពេញ​ទៅ​ដោយ​គំរូ​របស់​មនុស្ស​នៃ​សេចក្ដី​ជំនឿ ដែល​បាន​បូកផ្សំ​ការអធិស្ឋាន​ជា​មួយ​នឹង​សកម្មភាព ដើម្បី​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ និង​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ។ ឧទាហរណ៍ ក្នុង​ព្រះគម្ពីរ​មរមន យើង​អាន​អំពី​អេណុស ។ គេ​សង្កេត​ឃើញ​ថា « ប្រហែល​ជា​ពីរ​ភាគ​បី​នៃ​គម្ពីរ​ដ៏​ខ្លី​របស់​លោក​បាន​រៀបរាប់​ពី​ការអធិស្ឋាន ឬ​ការអធិស្ឋាន​ជា​បន្ដ​បន្ទាប់ ហើយ​មួយ​ភាគ​បី​ទៀត​ប្រាប់​ពី​អ្វី​ដែល​លោក​បាន​ធ្វើ បន្ទាប់ពី​លោក​បាន​ទទួល​ចម្លើយ​ហើយ » ។ ១១

យើង​មាន​គំរូ​ជា​ច្រើន​ស្ដី​ពី​របៀប​ដែល​ការអធិស្ឋាន​បាន​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ក្នុង​ប្រវត្តិ​សាសនាចក្រ​របស់យើង​ផ្ទាល់ ដោយ​ចាប់ផ្ដើម​ពី​ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ក្បែរ​ផ្ទះ​ឪពុក​ម្ដាយ​របស់​លោក​នៅ​រដូវ​ផ្ការីក​ឆ្នាំ ១៨២០ ។ ដោយ​ស្វែងរក​ការអភ័យទោស និង​ការដឹកនាំ​ខាង​វិញ្ញាណ នោះ​ការអធិស្ឋាន​របស់​យ៉ូសែប​បាន​បើក​ស្ថានសួគ៌ ។ សព្វថ្ងៃ យើង​ទទួល​បាន​ប្រយោជន៍​ពី​ព្យាការី​យ៉ូសែប និង​បុរស​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ស្មោះត្រង់​ដទៃទៀត ដែល​បាន​អធិស្ឋាន និង​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ជាញឹកញាប់ ខ្ញុំ​គិត​ដល់​ការអធិស្ឋាន​របស់​ស្ដ្រី​ស្មោះត្រង់​ដូចជា ម៉ារី ហ្វៀលឌីង ស្ម៊ីធ ដែល​បាន​ដឹកនាំ​គ្រួសារ​របស់​នាង ដោយ​មាន​ជំនួយ​ពី​ព្រះ ចេញពី​ការបៀតបៀន​ដែល​កើនឡើង​នៅ​រដ្ឋ​អិលលីណោយ​ទៅកាន់​ទីសុវត្ថិភាព​នៅ​ជ្រលង​ភ្នំ​នេះ ជា​កន្លែង​ដែល​គ្រួសារ​នាង​បាន​រីកចម្រើន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ក្រោយពី​ការលុត​ជង្គង់​ចុះ​អធិស្ឋាន​ដោយ​ស្មោះ នោះ​នាង​បាន​ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​យកឈ្នះ​ឧបសគ្គ​របស់​នាង ហើយ​ផ្ដល់​ពរ​ដល់​គ្រួសារ​នាង ។

ការអធិស្ឋាន​នឹង​លើក​ស្ទួយ​យើង ហើយ​បង្រួប​បង្រួម​យើង​រួមគ្នា​ជា​បុគ្គល ជា​គ្រួសារ ជា​សាសនាចក្រ និង​ជា​ពិភពលោក​មួយ ។ ការអធិស្ឋាន​នឹង​មាន​ឥទ្ធិពល​លើ​អ្នកវិទ្យាសាស្ដ្រ ហើយ​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​វ៉ាក់សាំង និង​ឱសថ​ព្យាបាល​ដែល​នឹង​បញ្ចប់​ការរាតត្បាត​ទូទាំង​ផែនដី​នេះ ។ ការអធិស្ឋាន​នឹង​លួងលោម​អស់​អ្នក​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ។ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការការពារ​ផ្ទាល់ខ្លួន​យើង ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ជម្រុញ​ឲ្យ​បងប្អូន​បង្កើន​ការតាំងចិត្ត​របស់​បងប្អូន​ចំពោះ​ការអធិស្ឋាន​ទ្វេ​ដង ។ ខ្ញុំ​សូម​ជម្រុញ​ឲ្យ​បងប្អូន​អធិស្ឋាន​នៅក្នុង​បន្ទប់​ខ្លួន នៅពេល​ប្រចាំថ្ងៃ​របស់​បងប្អូន ក្នុង​គេហដ្ឋាន​បងប្អូន ក្នុង​វួដ​បងប្អូន និង​ក្នុង​ដួងចិត្ត​បងប្អូន​ជានិច្ច ។ ១២

ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​សម្រាប់​ការអធិស្ឋាន​របស់​បងប្អូន​ឲ្យ​ពួកយើង ។ ខ្ញុំ​សូម​ជម្រុញ​ឲ្យ​បងប្អូន​បន្ដ​អធិស្ឋាន ដើម្បី​យើង​អាច​ទទួល​បាន​ការបំផុស​គំនិត និង​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​ឲ្យ​ឆ្លងផុត​គ្រា​ដ៏​លំបាក​ទាំងនេះ ។

ការអធិស្ឋាន​អាច​ផ្លាស់ប្ដូរ​ជីវិត​ផ្ទាល់​របស់​យើង​បាន ។ ដោយ​មាន​ការជម្រុញ​ដោយ​ការអធិស្ឋាន​ដ៏​ស្មោះស យើង​អាច​កែលម្អ និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះផងដែរ ។

ខ្ញុំ​ស្គាល់ពី​អំណាច​នៃ​ការអធិស្ឋាន​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ ។ ថ្មីៗ​នេះ ខ្ញុំ​នៅ​តែ​ឯង​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​ទើប​ឆ្លងកាត់​ការព្យាបាល​វេជ្ជសាស្ដ្រ​លើ​ដៃ​ខ្ញុំ ។ វា​ត្រូវ​របួស​ខ្លាំង ឡើង​ហើម ហើយ​វា​ឈឺ​ខ្លាំង​ណាស់ ។ ពេល​ខ្ញុំ​អង្គុយ​នៅ​តុ​ធ្វើការ ខ្ញុំ​មិន​អាច​ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​បាន​ឡើយ ដោយ​សារ​ខ្ញុំ​ត្រូវ​បាន​រំខាន​ដោយ​ការឈឺចាប់​នេះ ។

ខ្ញុំ​លុតជង្គង់​នៅ​ក្នុង​ការ​អធិស្ឋាន​ទូល​សុំ​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ​ផ្ដោតចិត្ត ដើម្បី​ខ្ញុំ​អាច​សម្រេច​កិច្ចការ​របស់​ខ្ញុំ​បាន ។ ខ្ញុំ​បាន​ក្រោកឡើង ហើយ​បាន​ត្រឡប់​ទៅ​កាន់​គំនរ​ក្រដាស​នៅ​លើ​តុ​ខ្ញុំ​វិញ ។ សឹង​តែ​ភ្លាមៗ​នោះ ភាពច្បាស់លាស់ និង​ការផ្ដោតចិត្ត​បាន​កើត​មាន​ដល់​គំនិត​ខ្ញុំ ហើយ​ខ្ញុំ​អាច​បញ្ចប់​បញ្ហា​បន្ទាន់ៗ​បាន ។

ស្ថានភាព​ចលាចល​បច្ចុប្បន្ន​ក្នុង​ពិភពលោក​នេះ​អាច​មើល​ទៅ​គួរ​ឲ្យ​ខ្លាច ពេល​យើង​គិត​ដល់​ទំហំ​នៃ​បញ្ហា និង​ឧបសគ្គ​ទាំងឡាយ ។ ប៉ុន្ដែ​វា​ជា​ទីបន្ទាល់​ដ៏​ក្លៀវក្លា​របស់​ខ្ញុំ​ថា ប្រសិនបើ​យើង​នឹង​អធិស្ឋាន ហើយ​ទូល​សូម​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ និង​ការដឹកនាំ​ដែល​ចាំបាច់ នោះ​យើង​នឹង​ដឹង​ពី​របៀប​ដែល​យើង​អាច​ផ្ដល់​ពរ​ដល់​គ្រួសារ អ្នកជិតខាង សហគមន៍ និង​ប្រទេស​របស់​យើង​ដែល​យើង​កំពុង​រស់នៅ ។

ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន រួច​ហើយ​ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើការ​ល្អ » ១៣ ដោយ​ការចម្អែត​ដល់​ជនក្រីក្រ ការផ្ដល់​ការលើក​ទឹកចិត្ត និង​ការគាំទ្រ​ដល់​អ្នកដែល​ត្រូវការ ព្រមទាំង​ការឈោង​ទៅ​ជួយ​ដោយ​ក្ដី​ស្រឡាញ់ ការអភ័យទោស សេចក្ដី​សុខសាន្ដ និង​ការសម្រាក​ដល់​មនុស្ស​ទាំងអស់​ដែល​មករក​ទ្រង់ ។ ទ្រង់​បន្ដ​ឈោង​មកជួយ​យើង ។

ខ្ញុំ​សូម​អញ្ជើញ​សមាជិក​សាសនាចក្រ​ទាំងអស់ ព្រមទាំង​អ្នកជិតខាង និង​មិត្ត​របស់​យើង​ពី​ក្រុម​ជំនឿ​ផ្សេងទៀត​ទូទាំង​សកលលោក ឲ្យ​ធ្វើ​អ្វី​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រឹក្សា​ដល់​ពួកសិស្ស​របស់​ទ្រង់ ៖ « ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច » ១៤ ​សម្រាប់​សេចក្ដី​សុខសាន្ដ ការលួងលោម សុវត្ថិភាព និង​ឱកាស​នានា​ដើម្បី​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

អំណាច​នៃ​ការអធិស្ឋាន​គឺ​អស្ចារ្យ​ណាស់ ហើយ​ការអធិស្ឋាន​របស់​យើង​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​គឺ​ចាំបាច់​ណាស់​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ! ចូរ​យើង​ចងចាំ និង​កោត​សរសើរ​ដល់​អំណាច​នៃ​ការអធិស្ឋាន ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕