សន្និសីទទូទៅ
ចូរ​សង្ឃឹម​ឡើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចូរ​សង្ឃឹម​ឡើង

ជំនឿ មិន​ងាករេ របស់​យើង​លើ​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ជំហាន​របស់​យើង​ហើយ​ផ្តល់​ឲ្យ​យើង​នូវ​សេចក្តីអំណរ ។

នៅ​ថ្ងៃចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ព្រះ​យេស៊ូវ គ្រីស្ទ បាន​មាន​បន្ទូល​ប្រាប់​សាវក​របស់​ទ្រង់ អំពី ការបៀតបៀន និង ការលំបាក​ដែល​ពួកគេ​ត្រូវ​ទទួល​សេចក្តីវេទនា ។  ទ្រង់​បាន​បញ្ចប់​ជាមួយ​ការ​អះអាង​ដ៏អស្ចារ្យ​នេះថា « នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ នេះ​គឺជា​សាររបស់​ព្រះអង្គ​សង្គ្រោះ ទៅកាន់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ទាំងអស់ ។ នោះ​គឺជា​ដំណឹងល្អ​បំផុត សម្រាប់​យើង​ម្នាក់ៗ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។

« ចូរ​សង្ឃឹម​ឡើង »​ក៏​ជា​ការអះអាង​ដែល​ត្រូវការ​នៅ​ក្នុង​ពិភលោក​ដែល​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​បញ្ជូន សាវក​របស់​ទ្រង់​មក​ផងដែរ ។ ក្រោយ​មក​សាវក​ប៉ុល​បាន​ប្រាប់​ពួក​កូរិនថូស​ថា ៖ « យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ » ( កូរិនថូសទី ២ ៤:៨–៩ ។

រូបភាព
ព្រះយេស៊ូវ​បម្រើ​ដល់​ពួកគេ​ម្ដង​ម្នាក់ៗ

ពីរពាន់​ឆ្នាំ​ក្រោយមក​យើង​ក៏ត្រូវ « គេ​សង្កត់​សង្កិន​គ្រប់​ជំពូក » ហើយ​យើង​ក៏ត្រូវ​ការសារលិខិត​ដូច​គ្នានេះដែរ គឺ​មិនត្រូវ​ទាល់​គំនិត តែ​ចូរ​សង្ឃឹម​ឡើង ។ ព្រះអម្ចាស់​មាន​សេចក្តី​ស្រឡាញ់​និង​ព្រះទ័យ​ខ្វល់ខ្វាយ​ជា​ពិសេស​ចំពោះ​បុត្រី​ដ៏​មាន​តម្លៃ​ទាំងឡាយ​របស់​ទ្រង់ ។ ទ្រង់​ជ្រាប​ពី​អ្វី​ដែល​បងប្អូន​ចង់​បាន ត្រូវការ និង សេចក្តី​ភ័យខ្លាច របស់​បង​ប្អូន ។ ព្រះអម្ចាស់​មាន​គ្រប់​ព្រះចេស្តា​ទាំងអស់ ។ សូម​ទុក​ចិត្ត​ទ្រង់ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀនថា « កិច្ចការ និង​ផែនការ និង​គម្រោងការណ៍​ទាំង​ឡាយ​នៃ​ព្រះ នោះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​សាបសូន្យ​បាន​ឡើយ » ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣:១ ) ។ ចំពោះបុត្រី​ទាំងឡាយ​របស់​ទ្រង់​ដែល​កំពុង​ស្មុគស្មាញ​ព្រះអម្ចាស់​បាន​ប្រទាន​ការអះអាង​ដ៏អស្ចារ្យ​នេះ ៖

« មើលចុះ ឱ​អ្នករាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ នេះ​ហើយ​ជា​សេចក្ដី​សន្យា​នៃ​ព្រះអម្ចាស់​ដល់អ្នក ។

« ហេតុដូច្នោះហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ត្បិត​យើង​ជា​ព្រះអម្ចាស់ គង់​នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក ហើយ​អ្នក​នឹង​ថ្លែង​ទីបន្ទាល់​អំពី​យើង គឺ​ព្រះយេស៊ូវ គ្រីស្ទ ថា​យើង​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្មរស់​នៅ » (គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៥–៦) ។

ព្រះអម្ចាស់​ឈរ​ក្បែរ​យើង ហើយ​ទ្រង់​មាន​បន្ទូល​ទៀត​ថា ៖

« អ្វី​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់ គឺ​យើង​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ ចូរ​សង្ឃឹម​ឡើង កូន​ក្មេង​តូច​អើយ ត្បិត​យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ​យើង​ពុំ​បាន​បោះបង់​ចោល​អ្នក​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦១:៣៦ ) ។

« ត្បិត​បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ » ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤ ) ។

បងប្អូនស្រី​ទាំងឡាយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ការសន្យា​ទាំងនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង គ្រា​នៃ​ការបៀតបៀន​និង សោដនាដកម្ម​ផ្ទាល់​ខ្លួន​ដែល​អនុវត្តន៍​ចំពោះ​បងប្អូន​ម្នាក់ៗ នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​របស់​បង​ប្អូន​នា​សព្វ​ថ្ងៃនេះ ។ វា​មាន​តម្លៃ​ណាស់​ហើយ​រំឮក​ដល់​យើង​ម្នាក់ៗ នៃ​ឃ្លា​ថា ចូរ​សង្ឃឹម​ឡើង ហើយ​មាន​អំណរ​នៅ​ក្នុង​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ កាល​ដែល​យើង​ឆ្ពោះ​ទៅ​មុខ ឆ្លងកាត់​ឧបសគ្គ​ទាំង​ឡាយ​នៃ​ជីវិត​រមែង​ស្លាប់ ។

សេចក្តី​វេទនា​និង​ឧបសគ្គ​ទាំងឡាយ គឺជា​បទពិសោធន៍​ទូទៅ​នៃ​ជីវិត​រមែង​ស្លាប់។ ការផ្ទុយ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ផែន​ការ​ដ៏​ទេវភាព​ដើម្បី​ជួយ​ឲ្យ​យើង​លូតលាស់​ហើយ​នៅ​ក្នុង​គ្រា​នៃ​ដំណើរការ​នេះ យើង​មាន​ការអះអាង​របស់​ព្រះ​ថា នៅ​ក្នុង​ទស្សវិស័យ​ដ៏​វែង​ឆ្ងាយ​នៃ​ភាព​អស់ក្បល ការផ្ទុយ​នឹង​មិន បណ្តោយ​ឲ្យ​យក​ឈ្នះ​លើ​យើង​បាន​ឡើយ ។ ដោយ​មាន​ជំនួយ របស់​ទ្រង់​និង ភាព​ស្មោះត្រង់​ព្រមទាំង​ការស៊ូទ្រាំ នោះយើង​នឹង​មាន​ជ័យ​ជំនះ ។ គឺ​ដូច​ជា​ការបែក​ចេញ​ពី​ជីវិត​រមែង​ស្លាប់ សេចក្តី​ទុក្ខ​វេទនា​ទាំងអស់​គឺ​ជា​រឿង​បណ្តោះអាសន្ន ។ នៅ​ក្នុង​ភាច​ចំរូងចំរាស​មុន​គ្រោះ​មហន្តរាយ​នៃ​សង្រ្គាម ប្រធានា​ធិបតី អាមេរិក លោក អ័ប្រាហាំ លីងគិន បាន​ធ្វើ​ការ​រំឭក​ដោយ​ឆ្លាតវៃ​ទៅ​កាន់​អ្នក​ស្តាប់​របស់​លោក​អំពី សុភាសិត​ពី​បុរាណ​ថា « អ្វី​គ្រប់​យ៉ាង​វា​នឹង​កន្លង​ផុត​ទៅ » ។

ដូច​បងប្អូន​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ទុក្ខលំបាក​នៃ​ជីវិត​រមែង​ស្លាប់ ដែល​ខ្ញុំនិយាយ—ដែល​វា​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការ ចូរ​សង្ឃឹម​ឡើង—ពេល​ខ្លះ​វា​កើត​ឡើង​ចំពោះយើង​ដូច​នឹង​អ្នក​ដទៃ​ដែរ ដូច​ជា​មនុស្ស​រាប់លាន​នាក់​កំពុង​រង​ទុក្ខ​ឆ្លងកាត់ គ្រោះ​មហន្តរាយ​នៃ ការរីក​រាលដាល​នៃ​ជម្ងឺ​កូវីដ-១៩ ។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ក្នុង​ប្រទេស​អាមេរិក​មនុស្ស​រាប់​លាន​នាក់ កំពុង​រងទុក្ខ​ដោយ គ្មាន កំណត់ នៃ​ភាពស្អប់ខ្ពើម និង ជម្លោះ ដែល​ហាក់​បី​ដូច​ជា​តែង​តែ​កើតឡើង នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ប៉ុន្តែ​គ្រា​នេះ​វា​ធ្ងន់ធ្ងរ​ជាង តាម​អ្វីៗ​ដែល​យើង​ជា​មនុស្ស​ចាស់​ភាគ​ច្រើន​មិន​ដែល​ជួប​ប្រទះ ។

នៅ​ក្នុង ជីវិត​ប្រចាំ​ថ្ងៃ បុគ្គល​ម្នាក់ៗ​ស្មុគស្មាញ​ជា​មួយ​នឹង ភាពលំបាក​នៃ​ជីវិត​រមែង​ស្លាប់​ជា​ច្រើន ដូច​ជា​ភាពក្រីក្រ ការរើសអើង​ជាតិ​សាសន៍ សុខភាព​មិន​ល្អ បាត់​បង់​ការងារ ឬ​ការខកចិត្ត​មានកូន​ដែលរឹងរូស វិបត្តិ​ក្នុង​អាពាពិពាហ៍ ឬ​មិនបាន​រៀប​អាពាពិពាហ៍ និង​ផល​នៃ​អំពើបាប—ពី​បាប​របស់​យើង​ឬ​របស់​អ្នក​ដទៃ ។

ប៉ុន្តែ​នៅ​ក្នុង​គ្រា​ទាំងនេះ យើង​មាន​ដំបូន្មាន​សួគ៌ា​ថា ចូរ​សង្ឃឹម​ឡើង ហើយ​ស្វែង​រក​សេចក្តី​អំណរ នៅ​ក្នុង​គោលការណ៍ និង​សេចក្តី​សន្យា​នៃ​ដំណឹងល្អ និង អ្នក​រាល់​គ្នា​និង​មាន​ផល​នៃ​ការងារ​របស់​បង​ប្អូន ។​ ដំបូន្មាន​នោះ​តែង​ផ្តល់​ឲ្យ​ដូច្នេះ​ទាំង​សម្រាប់​ព្យាការី​និង​សម្រាប់ យើង​ទាំងអស់​គ្នា ។ យើង​បាន​ដឹង​រឿង​នេះ​មក​ពី​បទពិសោធន៍​នៃ​បុព្វការីជន​របស់​និង​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ពួកលោក ។

រូបភាព
បងប្រុស​យ៉ូសែប

សូម​ចាំ​ពី​ស្ថាន​ភាព​របស់​ព្យាការី​យ៉ូសែប ស៊្មីធ ។ បើ​ក្រឡេក​មើល​តាម​ចក្ខុវិស័យ នៃ​ភាពលំបាក ក្នុង​ជីវិត​របស់​លោក​លោក​ជាមនុស្ស​ក្រីក្រ​មា្នក់​ទទួល​រង​នូវ​ការបៀត​បៀន ស្មុគស្មាញ វិបត្តិគ្រួសារ និង ទីបំផុត​ត្រូវ​គេ​ធ្វើ​ឃាត ។ ខណៈពេល​ដែល​លោក​បាន​រងទុក្ខ​នៅ​ក្នុង​គុក ភរិយា​និង កូនៗ​របស់​លោក ព្រមទាំង ពួកបរិសុទ្ធ ផ្សេង​ទៀត បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី រដ្ឋ មីសសួរី ។

នៅ​ពេល​យ៉ូសែប បាន​ទូល​អង្វរ​សូម​សម្រាល​បន្ទុក​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តប​ថា

« បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ អ្នក​នឹង​បាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ទាំង​អស់។ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៧–៨) ។

នេះ​គឺ​ជា​ដំបូន្មាន​ផ្ទាល់​ខ្លួន​និង​អស់កល្ប​ជានិច្ច​ដែល​បាន​ជួយ​ព្យាការី​យ៉ូសែប​ស្ម៊ីធ ឲ្យ​នៅ​បន្ត​ធ្វើ​ជា​មនុស្ស​ស្រស់​ស្រាយ មាន​អធ្យាស្រ័យ ព្រម​ទាំង​រក្សា​សេចក្តីស្រឡាញ់​និង​ភក្តីភាព​ចំពោះ​ប្រជាជន​របស់​លោក ។ គុណសម្បត្តិ​ដូចគ្នា​នេះ​ក៏​បាន​ជួយ​ពង្រឹង​ថ្នាក់​ដឹកនាំ និង​អ្នកត្រួសត្រាយ​ផ្លូវ ដែល​បាន​ដើរតាម ហើយ​ក៏អាច​ជួយ​ពង្រឹង​បងប្អូន​បានដែរ ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​ដើរ​កាត់​ព្រិល​ទឹកកក

សូមគិត​អំពីសមាជិក​ពីជំនាន់​មុន​ទាំងនោះ! ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ម្ដង​ហើយ​ម្ដង​ទៀត ។ នៅទីបញ្ចប់​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សាងសង់​ផ្ទះ​និង គេហដ្ឋាន​របស់​ពួកគេ​នៅក្នុង​ទីរហោស្ថាន ។  ក្រោយ​ពី ក្រុម​អ្នកត្រួស​ត្រាយ​ផ្លូវ​ដំបូង​បាន​មកដល់ ជ្រលង​ភ្នំ ហ្រ្គេត​សលត៍ លេក​បាន​ពីរ​ឆ្នាំ ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​នៅ​តែ​មាន​បញ្ហា​ក្នុង​ការរស់​នៅ​ក្នុង​តំបន់​ដែល​មិន​អំណោយ​ផល​នោះ​ហើយ​នៅ​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ។ សមាជិក​ភាគ​ច្រើន​នៅ​តាម​ផ្លូវ ឆ្លងកាត់​ទី​វាល ឬ មាន​បញ្ហា​ក្នុង​ការស្វែង​រកធន​ធាន​ដើម្បី​ធ្វើ​ការណ៍​នោះ​នៅ​ឡើយ ។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​និង​សមាជិក​ទាំង​នោះ​នៅ​តែ​មាន​ក្តី​សង្ឃឹម​និង​ក្តី​រីករាយ ។

ទោះ​បី​ពួកបរិសុទ្ធ​មិន​បាន​រៀបចំ​គេហដ្ឋាន​ថ្មី​របស់​ពួគេ​ក្ដី​ក៏​នៅ​ឯ​សន្និសីទ ទូទៅ​ខែ តុលា ឆ្នាំ ១៨៤៩ មាន ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនាថ្មី​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ប្រទេស​ស្កេនឌីណាវ៉ា បារាំង​អាល្លឺម៉ង់់ អ៊ីតាលី និង ប៉ាស៊ីហ្វិក​ខាង​ត្បូង ។  ទោះបី​ពួកគេ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាងណាក្តី​ក៏​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​បាន​សម្រេច​កិច្ចការ​សំខាន់​ថ្មី​ដែរ ។  ហើយ​បន្ទាប់​ពី​នោះ​បី​ឆ្នាំ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​៩៨​រូប​ទៀត​ក៏​ត្រូវ​បាន​ហៅ​ដើម្បី​ចាប់​ផ្តើម​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់​ផង​ដែរ ។ ថ្នាក់​ដឹកនាំ​មួយ​រូប​នៃ​សាសនាចក្រ​ពន្យល់​ថា បេសកម្ម​ទាំង​នេះ​« ជាទូទៅ មិនយូរ​ប៉ុន្មាន​ទេ ប្រហែល​ជា​មាន​រយៈពេល​តែ ៣​ទៅ ៧ ឆ្នាំ​យ៉ាង​យូរ ដែល​បុរស​ទាំងនេះ​ត្រូវ​បែក​ចេញ​ពី​ក្រុមគ្រួសារ​របស់​គាត់ » ។ 

បងប្អូន​ស្រី គណៈ​ប្រធាន​ទី​មួយ​ព្រួយ​បារម្ភ​ពី​បញ្ហា​ប្រឈម​របស់​បងប្អូន ។ យើង​ស្រឡាញ់​បងប្អូន ហើយ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច ។ ក្នុង​ពេល​ជា​មួយ​គ្នានេះ​ដែរ យើង​ក៏ថ្លែង​អំណរគុណ ដែល​ឧបសគ្គ​ខាង​រូបកាយ​របស់​យើង—ក្រៅ​ពី ការរញ្ជួយដី​ភ្លើងឆេះ ទឹកជំនន់ និង​ខ្យល់​ព្យុះ—ដែល​ជាទូទៅ​តិច​ជាង​អ្វី​ដែល​បុព្វការីជន​របស់​យើង​បាន​ជួប​ប្រទះ ។

នៅ​ក្នុង​ការលំបាក​ទាំងនេះ គឺ​នៅ​តែ​មាន​ការអះអាង​ដ៏​ទេវភាព​ជានិច្ច​ថា « ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា។ នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នក​រាល់​គ្នា »។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ) ។ តើ​រឿង​នេះ​កើត​ឡើង​យ៉ាង​ដូចម្ដេច ? តើ​វា​បាន​កើត​ឡើង​ចំពោះ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​យ៉ាង​ដូចម្ដេច ? តើ​វា​នឹង​កើត​ឡើង​ចំពោះ​ពួក​ស្រ្តី​នៃ​ព្រះ​នា​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាម​រយៈ​វិវរណៈ នៅ​ក្នុង​ខែ មេសា ឆ្នាំ ១៨៣០ ថា តាមរយៈ​ការធ្វើ​តាម​ការណែនាំ​របស់​ព្យាការី « ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ​[យើង]​ឡើយ » ។ ទ្រង់​មាន​បន្ទូល​ថា « មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម របស់​ទ្រង់​…​» ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៦ ។ « កុំ​ឲ្យ​ខ្លាច​ឡើយ ហ្វូង​តូច​អើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាន​នរក​រួម​គ្នា​ប្រឆាំង​នឹង​អ្នក​ចុះ ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង នោះ​ពួក​គេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ។ »​( គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៤ ) ។

ជាមួយ​នឹង​ការ​សន្យា​របស់​ព្រះអម្ចាស់ យើង «លើក​ចិត្ត​[របស់​យើង]​ឡើង ហើយ​អរ​សប្បាយ »​( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ ) និង « ដោយ​ទឹក​ចិត្ត និង​ទឹកមុខ​រីករាយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៥ ) យើង​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​នៃសេចក្តី​សញ្ញា ។ យើង​​ភាគច្រើន​មិន​បាន​ប្រឈមមុខ​នឹង​ការសម្រេច​ចិត្ត​ដែល​មាន​ផល​ប៉ះពាល់​ដ៏ធំធេង​ដូច​ជាការចាក​ចេញ​ពីផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅកាន​ទឹក​ដី​ដែល​មិនស្គាល់​នោះ​ទេ ។ ការសម្រេច​ចិត្ត​របស់​យើង​ភាគច្រើន គឺក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ដូចជា​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើងថា « ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ត្បិត​អ្នក​រាល់​គ្នា​កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៣ ) ។

មាន​អំណាច​ដែល​គ្មាន​ដែន​កំណត់ នៅក្នុង គោលទ្ធិ​នៃដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ស្តារឡើង​វិញ ។ សេចក្តី​ជំនឿ​មិនងាករេ​របស់យើង នៅក្នុង​គោលលទ្ធិ​នោះ​ដឹកនាំ​យើង និង​ផ្តល់​អំណរ​ដល់​យើង ។ វា​បំភ្លឺ​គំនិត​របស់​យើង ព្រមទាំង ផ្តល់​កម្លាំង និង មាន​ទំនុក​ចិត្តដល់​សកម្មភាព​របស់​យើង ។ ការ​ណែនាំ​ព្រមទាំង​ការបំភ្លឺ និង អំណាច​គឺជា​អំណោយ​ទាន​ដែល​បានសន្យា ដែល​យើងបានទទួល​ពី​ព្រះវរបិតា​សួគ៌​របស់​យើង ។ តាម​រយៈ​ការ​យល់​ដឹង និង ការអនុលោម​ជីវិត​យើង ទៅតាម​​គោលលទ្ធិនោះ រួមទាំង អំណោយ​ទាន​ដ៏ទេវភាព​នៃ​ការប្រែចិត្ត​ផង​ដែរ នោះ​យើង​អាច​នឹង​មាន​សង្ឃឹម​ឡើង​នៅពេល​យើង​បន្ត​ដើរ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង—ជា​ការ​រួប​រូម​និង​ភាព​តម្កើង​ឡើង ជាមួយ​ព្រះ​មាតា​បិតា​សួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ។

អែលឌើរ រីឆាដជី ស្កត បាន​បង្រៀន​ថា « បងប្អូន​អាច​ប្រឈម​មុខ​នឹង បញ្ហា​ធ្ងន់ធ្ងរ ។ «នៅពេល​ខ្លះ​វាហាបី​ដូច​ជាមាន​ឥទ្ធិពល​ខ្លាំងពេក ដែល​មិន​បង្អង់ដៃ​ហើយ​ធ្វើ​ឲ្យ​បងប្អូន​មានអារម្មណ៍ថា ហួស​ពីសមត្ថភាព​ដែល​បងប្អូន​អាច​គ្រប់គ្រង​បាន ។ សូម​កុំ​ប្រឈម​មុខ​នឹង​ពិភពលោក​តែ​ម្នាក់ឯង ។ ‹ ចូរ ទីពឹង ដល់ ព្រះយេហូវ៉ា ឲ្យ អស់ អំពី ចិត្ត កុំ ឲ្យ ពឹង ផ្អែក លើ យោបល់ របស់ ខ្លួន ឡើយ › [ សុភាសិត ៣:៥ ] ។… ជីវិត​តែង​តែ​មាន​ឧបសគ្គ វា​មិន​មែន​ចង់​ឲ្យ​បងប្អូន​បរាជ័យ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​បងប្អូន​អាច​ទទួល​បាន​ជោគជ័យ​តាមរយៈ​ការ​យក​ឈ្នះ​លើ​វា » ។

ខ្ញុំសូមថ្លែង ទីបន្ទាល់ថា​ទាំងអស់​នោះគឺជាផ្នែក​នៃ​ផែនការ​របស់​ព្រះ ជាព្រះវរបិតា និង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ខ្ញុំសូមអធិស្ឋានថា យើង​ទាំងអស់​គ្នា​នឹង​តស៊ូ​ដើរ​ឆ្ពោះ​ទៅកាន់​ទិសដៅ​សួគ៌ា​របស់យើង នៅក្នុង ព្រះនាម នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល យ៉ូហាន ១៣–១៦ ។

  2. សូមមើល នីហ្វៃទី ២ ២:១១ ។

  3. សុន្ទរកថា របស់ អ័ប្រាហាំ លីងគិន address to the Wisconsin State Agricultural Society, Milwaukee, Sept. 30, 1859; in John Bartlett, Bartlett’s Familiar Quotations​18th ed​( ២០១២) ទំព័រ ៤៤៤ ។

  4. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣១ ។

  5. សូមមើល Lawrence E. Corbridge,« Surviving and Thriving like the Pioneers » Ensign,ខែ កក្កដា ឆ្នាំ ២០២០ ទំព័រ ២៣–២៤ ។

  6. សូមមើល « Minutes of the General Conference of 6 October 1849 » General Church Minutes Collection, Church History Library, Salt Lake Cit ។

  7. George A. Smith, in Journal History of The Church of Jesus Christ of Latter-day Saints, ថ្ងៃទី​២៨​ខែ សីហា ឆ្នាំ ១៨៥២​ទំព័រ ១ Church History Library, Salt Lake City ។

  8. រីឆាដ ជី ស្កត Finding Peace, Happiness, and Joy (ឆ្នាំ ២០០៧) ទំព័រ ២៤៨-៤៩ ។