សន្និសីទទូទៅ
ការប្រែក្លាយ​ដូច​ជា​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ការប្រែក្លាយ​ដូច​ជា​ទ្រង់

មាន​តែ​ជា​មួយ​នឹង​ជំនួយ​ដ៏​ទេវភាព​របស់​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ដែល​យើង​គ្រប់គ្នា​អាច​រីកចម្រើន​ឆ្ពោះ​ទៅ​កាន់​ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ។

សូម្បី​តែ​ចំពោះ​សិស្ស​ដែល​សិក្សា​អំពី​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ហ្មត់ចត់​ក្ដី ក៏​ការដាស់តឿន​របស់​ព្រះអង្គ​សង្គ្រោះ « ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » គួរ​ឲ្យ​ភ័យខ្លាច និង​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅបាន ។ បងប្អូន​ប្រហែល​ជា​ដូច​ខ្ញុំ​ដែរ—បាន​ដឹង​យ៉ាង​ច្រើន​អំពី​កំហុស និង​ការបរាជ័យ​របស់​បងប្អូន ដូច្នេះ​បងប្អូន​អាច​នឹង​ឃើញ​ថា វា​ងាយស្រួល​ខាង​ផ្លូវ​ចិត្ត​ជាង​ដើម្បី​រស់នៅ​ក្នុង​របៀប​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការលូតលាស់​តែ​បន្តិច​បន្តួច និង​ដើរ​នៅលើ​ផ្លូវ​រាប​ស្មើ ។ យើង​ទាញ​ហេតុផល​ថា « ពិតណាស់ ការបង្រៀន​នេះ​មិន​ជាក់ស្ដែង និង​ជា​ការបំផ្លើស » ពេល​យើង​ជ្រើសរើស​ផ្លូវ​ស្រួល នោះ​យើង​ដុតបំផ្លាញ​កាឡារី​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ត្រូវការ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ប៉ុន្តែ​ចុះ​បើ​ការ « ត្រូវ​ឲ្យ​បាន​ដូច​ជា [ ទ្រង់ ] » ពុំ​មែន​ជា​ន័យ​ធៀប សូម្បី​តែ​នៅក្នុង​ស្ថានភាព​រមែង​ស្លាប់​របស់​យើង​នោះ ? ចុះ​បើ ដល់​កម្រិត​ណា​មួយ​នោះ វា​អាច​សម្រេច​បាន​នៅក្នុង​ជីវិត​នេះ ហើយ​បើ​វា​តាម​ពិត​ទៅ​ជា​លក្ខខណ្ឌ​ដែល​ត្រូវការ​ជាមុន ដើម្បី​បាន​នៅ​ជាមួយ​ទ្រង់​ម្ដង​ទៀត​នោះ ? ចុះ​បើ « ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ពិត​ប្រាកដ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មានន័យ​នោះ ? ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច ? តើ​ការប្រឹងប្រែង​កម្រិត​ណា ដែល​យើង​មាន​ឆន្ទៈ​ដើម្បី​ផ្ដល់​ឲ្យ ដើម្បី​អញ្ជើញ​ព្រះចេស្ដា​នៃ​អព្ភូតហេតុ​ឲ្យ​ចូល​ក្នុង​ជីវិត​យើង ដើម្បី​យើង​អាច​ផ្លាស់ប្ដូរ​ធម្មជាតិ​របស់​យើង​បាន ?

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « កាល​ដែល​យើង​ពិចារណា​ពី​ការត្រូវបាន​បញ្ជា​ដោយ​ព្រះយេស៊ូវ ឲ្យ​ប្រែក្លាយ​ដូច​ជា​ទ្រង់ នោះ​យើង​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​របស់​យើង​គឺជា​ស្ថានភាព​មួយ​ដែល​យើង​មិន​ចាំបាច់​តែ​ទុច្ចរិត​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ យើង​មិន​ដាក់​ចិត្ត​ឲ្យ​អស់ ហើយ​ខ្វះ​ភាពសោមនស្ស​ចំពោះ​បុព្វហេតុ​របស់​ទ្រង់—ដែល​ជា​បុព្វហេតុ​របស់​យើង​ផងដែរ ! យើង​លើកដម្កើង ប៉ុន្តែ​មិន​សូវ​ធ្វើត្រាប់​តាម​ទ្រង់​ទេ » ។ បព្វជិត​វ័យក្មេង​ម្នាក់​ឈ្មោះ ឆាលលេស អិម សែលដុន បាន​បង្ហាញ​គំនិត​ស្រដៀង​គ្នា​តាម​របៀប​នេះ ៖ « គ្រីស្ទសាសនា​របស់​យើង​ចូលចិត្ត​ភាពងាយស្រួល​ពេក ដល់​ថ្នាក់​មិន​ចង់​ធ្វើ​អ្វី​ដែល​ពិបាក និង​ធ្ងន់ធ្ងរ​ទេ ដូចជា​ការលើក​ឈើឆ្កាង » ។

តាមពិត​ទៅ យើង​ទាំងអស់​គ្នា​នៅក្រោម​ការណែនាំ​ឲ្យ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រែក្លាយ​ដូច​ព្រះវរបិតា​ដែរ ។ កាល​ដែល​យើង​រីកចម្រើន យើង​ក្លាយ​កាន់តែ​ពេញលេញ សម្រេច និង​អភិវឌ្ឍ​បាន​ពេញលេញ ។ ការបង្រៀន​ដូច្នោះ​មិន​ផ្អែក​លើ​គោលលទ្ធិ​របស់​និកាយ​ណាមួយ​ទេ ប៉ុន្តែ​មក​ពី​លោកគ្រូ​​ផ្ទាល់​តែ​ម្ដង ។ យើង​គួរតែ​រស់នៅ​តាមរយៈ​កែវ​ឆ្លុះ​នេះ ដែល​ការប្រាស្រ័យ​ទាក់ទង​គ្នា​ត្រូវបាន​ពិចារណា និង​ចំណងទាក់ទង​ត្រូវបាន​ចិញ្ចឹម​បីបាច់ ។ ពិតណាស់ ពុំ​មាន​វិធី​ណា​ផ្សេង​ទៀត​ដើម្បី​ព្យាបាល​របួស​នៃ​ចំណងទាក់ទង ឬ​នៃ​សង្គម​ដែល​បាក់បែក ជាង​ដែល​យើង​ម្នាក់ៗ​ត្រូវ​ធ្វើ​តាម​ម្ចាស់​នៃ​មេត្រីភាព​ឲ្យ​កាន់តែ​ពេញលេញ​នោះ​ទេ ។

ចូរ​យើង​ពិចារណា​ពី​របៀប​ដើម្បី​ចាប់ផ្ដើម​ការតាម​រក​ដោយ​គិតគូរ ដោយ​មនសិការ និង​ដោយ​ចេតនា នូវ​ការ​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ដោយ​ការទទួល​បាន​នូវ​គ្រប់​គុណលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដោះស្រាយ និង​ប្តេជ្ញាចិត្ត

កាលពី​ពីរ​បី​ឆ្នាំ​មុន ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ឈរ​នៅ​ដើម​ផ្លូវ​នៃ​ភ្នំ​ដ៏​ខ្ពស់​បំផុត​របស់​ប្រទេស​ជប៉ុន ភ្នំ​ហ្វូជី ។ ពេល​យើង​បាន​ចាប់​ផ្ដើម​ការឡើង​ភ្នំ​របស់​យើង យើង​បាន​សម្លឹង​មើល​ទៅ​លើ​កំពូល​ភ្នំ​ដែល​នៅ​ឆ្ងាយ​នោះ ហើយ​ឆ្ងល់​ថា​បើ​យើង​អាច​ឡើង​ទៅ​ដល់​ទីនោះ​ឬ​ទេ ។

រូបភាព
ភ្នំ​ហ្វីជី

កាលដែល​យើង​បាន​ធ្វើ​ដំណើរ​ទៅ យើង​អស់​កម្លាំង ឈឺ​សាច់ដុំ និង​ទទួល​ឥទ្ធិពល​នៃភាព​ខ្ពស់​នោះ ។ តាម​ផ្លូវ​ចិត្ត វាសំខាន់​ចំពោះ​យើង​ដើម្បី​ផ្ដោត​តែ​ទៅលើ​ជំហាន​បន្ទាប់​ទៀត​ប៉ុណ្ណោះ ។ យើង​និយាយ​ថា « ខ្ញុំ​អាច​នឹង​មិន​ទៅ​ដល់​កំពូល​ឆាប់ៗ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​បោះ​ជំហាន​បន្ទាប់​នេះ នៅពេល​ឥឡូវ​នេះ » ។ យូរៗ​ទៅ កិច្ចការ​ដ៏​លំបាក​នោះ​បាន​ក្លាយ​ជា​អ្វី​ដែល​អាច​សម្រេច​បាន​នៅ​ទី​បំផុត—មួយ​ជំហាន​ម្ដងៗ ។

ជំហាន​ដំបូង​នៅលើ​ផ្លូវ​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​នេះ គឺ​ត្រូវ​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ដូច្នោះ ។ ការយល់​ពី​ការដាស់តឿន​ឲ្យ​ក្លាយ​ដូច​ជា​ទ្រង់​គឺ​ជា​ការល្អ ប៉ុន្តែ​ការយល់​នោះ​ត្រូវ​ភ្ជាប់​នឹង​ការចង់​ផ្លាស់ប្ដូរ​ខ្លួន​យើង មួយ​ជំហាន​ម្ដងៗ លើស​ពី​មនុស្ស​ខាង​សាច់ឈាម ។ ដើម្បី​បង្កើត​បំណង​ប្រាថ្នា​នោះ យើង​ត្រូវ​តែ​ស្គាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ។ យើង​ត្រូវតែ​ស្គាល់​អ្វី​ដែល​ជា​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ហើយ​យើង​ត្រូវតែ​រកមើល​គុណលក្ខណៈ​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ការប្រជុំ​ថ្វាយ​បង្គំ និង​កន្លែង​បរិសុទ្ធ​ផ្សេងៗ​ទៀត ។ ពេល​យើង​ចាប់ផ្ដើម​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ យើង​នឹង​ឃើញ​ពី​គុណលក្ខណៈ​របស់​ទ្រង់​ឆ្លុះ​បញ្ចាំង​នៅក្នុង​មនុស្ស​ដទៃ​ទៀត ។ ការណ៍​នេះ​នឹង​លើក​ទឹកចិត្ត​យើង​នៅ​លើ​ដំណើរ​ស្វែងរក​របស់​យើង ដ្បិត​បើ​មនុស្ស​ដទៃ​ទៀត​អាច​ទទួល​បាន​គុណលក្ខណៈ​របស់​ទ្រង់ នោះ​ក្នុង​កម្រិត​ណា​មួយ យើង​ក៏​អាច​ទទួល​បាន​ផង​ដែរ ។

បើ​យើង​ស្មោះត្រង់​នឹង​ខ្លួនឯង ពន្លឺ​នៃ​ព្រះគ្រីស្ទ នៅក្នុង​ខ្លួន​យើង​ខ្សិប​ប្រាប់​ថា យើង​មិន​ទាន់​មាន​គុណលក្ខណៈ​ជាក់លាក់​មួយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ទេ ហើយ​យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង ។ ១០ ភាពស្មោះត្រង់​បែប​នោះ​សំខាន់​ខ្លាំង​ណាស់ បើ​យើង​ត្រូវ​រីកចម្រើន​ទៅមុខ​ក្នុង​ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់​នោះ ។ តាមពិត ភាពស្មោះត្រង់​គឺ​ជា​គុណលក្ខណៈ​មួយ​របស់​ទ្រង់ ។

រូបភាព
ការច្នៃ​កញ្ចក់​ផ្ទះ​ដ៏​រីករាយ

ឥឡូវ​នេះ ពួក​យើង​ដែល​ក្លាហាន អាច​ពិចារណា​ក្នុង​ការសួរ​ដល់​សមាជិក​គ្រួសារ​ដែល​ទុកចិត្ត ស្វាមី ឬ​ភរិយា មិត្តភក្ដិ ឬ​អ្នកដឹកនាំ​ខាង​វិញ្ញាណ ថា​តើ​គុណលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​ណា​មួយ​ដែល​យើង​ត្រូវការ—ហើយ​យើង​អាច​នឹង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការឆ្លើយ​តប ! ជួនកាល​យើង​មើល​ឃើញ​ខ្លួនឯង​ខុស​ពី​រូបរាង​ដើម​នៅ​ក្នុង​កញ្ចក់​ក្នុង​ផ្ទះ​លេង​រីករាយ ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ខ្លួនឯង​ថា​មាន​រាង​មូល​ជាង ឬ​ស្គម​ជាង​ខ្លួន​យើង​ពិត​ប្រាកដ ។

មិត្តភក្ដិ និង​គ្រួសារ​ដែល​គួរ​ឲ្យ​ទុកចិត្ត អាច​ជួយ​យើង​មើល​ឃើញ​ខ្លួន​ឯង​កាន់តែ​ជាក់ច្បាស់ ប៉ុន្តែ​សូម្បី​តែ​ពួកគេ ដែល​ស្រឡាញ់ និង​ជួយ​តាម​ដែល​ពួកគេ​ចង់​ធ្វើ អាច​មើល​ឃើញ​អ្វីៗ​មិន​បាន​ឥត​ខ្ចោះ​ទេ ។ ជា​លទ្ធផល វា​សំខាន់​ណាស់​ថា យើង​ក៏​សួរ​ដល់​ព្រះវរបិតា​សួគ៌​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង​ផងដែរ អំពី​អ្វី​ដែល​យើង​ត្រូវការ និង​ចំណុច​ដែល​យើង​គួរ​ផ្ដោត​ការប្រឹងប្រែង​របស់​យើង​ទៅ​លើ ។ ទ្រង់​មាន​ទស្សនៈ​ឥតខ្ចោះ​អំពី​យើង ហើយ​នឹង​បង្ហាញ​យើង​ពី​ភាពទន់ខ្សោយ​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់ ។ ១១ ប្រហែល​ជា​បងប្អូន​នឹង​រៀន​ថា បងប្អូន​ត្រូវការ​ការអត់ធ្មត់ ការបន្ទាប​ខ្លួន សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម ភាពឧស្សាហ៍​ព្យាយាម ឬ​ការគោរព​ប្រតិបត្តិ​កាន់តែ​ច្រើន​ឡើង នេះ​គ្រាន់តែ​រៀបរាប់​មួយ​ចំនួន​ប៉ុណ្ណោះ ។ ១២

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​មាន​បទពិសោធន៍​ដ៏​រំជួល​ចិត្ត​មួយ ពេល​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​បាន​ផ្ដល់​យោបល់​ត្រង់ៗ​ថា ខ្ញុំ​ត្រូវការ​អភិវឌ្ឍ​គុណលក្ខណៈ​ជាក់លាក់​មួយ ។ គាត់​ពុំ​បាន​និយាយ​បង្វែង​ពី​សេចក្ដី​ពិត​ទេ ដោយសារ​គាត់​បាន​ធ្វើ​វា​ដោយ​សេចក្ដី​ស្រឡាញ់ ។ នៅ​យប់​នោះ ខ្ញុំ​បាន​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​នឹង​ភរិយា​ខ្ញុំ ។ នាង​មាន​ចិត្ត​សប្បុរស​ណាស់ ទោះ​ជា​នាង​យល់ស្រប​នឹង​យោបល់​របស់​គាត់​ក្ដី ពី​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។

វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ដើម្បី​ធ្វើ​សកម្មភាព​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដោយ​ស្មោះត្រង់ ដែល​មាន​នៅក្នុង​ជំពូក ៦ ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ ១៣

ពេល​ដែល​បងប្អូន​បាន​ធ្វើ​ការវាយ​តម្លៃ​ដោយ​ស្មោះត្រង់ និង​បាន​តាំងចិត្ត​ដើម្បី​ចាប់ផ្ដើម​ឡើង​ភ្នំ បងប្អូន​នឹង​ត្រូវ​ប្រែចិត្ត ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដោយ​ក្ដី​ស្រឡាញ់​ថា « នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ— ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ » ។ ១៤

ការក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ នឹង​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត និង​គំនិត​យើង តាមពិត​ទៅ ថែមទាំង​លក្ខណៈ​សម្បត្តិ​របស់​យើង​ផង ហើយ​ការធ្វើ​ដូច្នោះ​អាច​ធ្វើ​ទៅបាន តែ​តាមរយៈ​ព្រះគុណ​ដ៏​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ ១៥

កំណត់ និង​អនុវត្ត

ឥឡូវ​នេះ ដោយ​បងប្អូន​បាន​តាំងចិត្ត​ដើម្បី​ផ្លាស់ប្ដូរ និង​ប្រែចិត្ត ហើយ​បាន​ស្វែងរក​ការណែនាំ​តាម​រយៈ​ការអធិស្ឋាន ការសញ្ជឹង​គិត​ដោយ​ស្មោះត្រង់ និង​ប្រហែល​ជា​ការប្រឹក្សា​ជាមួយ​មនុស្ស​ផ្សេង​ទៀត បងប្អូន​នឹង​ត្រូវ​ជ្រើសរើស​គុណលក្ខណៈ​មួយ​ដែល​នឹង​ក្លាយ​ជា​ការផ្ដោត​យ៉ាង​មោះម៉ុត​របស់​បងប្អូន ។ បងប្អូន​នឹង​ត្រូវ​តាំងចិត្ត​ដើម្បី​ប្រើ​ការប្រឹងប្រែង​ដ៏​មាន​អត្ថន័យ ។ គុណលក្ខណៈ​ទាំងនេះ​នឹង​មិន​បាន​មក​ដោយ​ងាយៗ និង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ព្រះគុណ​របស់​ទ្រង់ គុណលក្ខណៈ​ទាំងនោះ​នឹង​កើន​ឡើង​ជា​លំដាប់ នៅពេល​យើង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​វា ។

គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​ជា​អំណោយទាន​មក​ពី​ព្រះវរបិតាសួគ៌​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ប្រទាន​ពរ​ដល់​យើង និង​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ ហេតុ​នេះ​ហើយ កិច្ចប្រឹងប្រែង​របស់​យើង​ដើម្បី​ទទួល​បាន​គុណលក្ខណៈ​ទាំងនេះ នឹង​តម្រូវ​ឲ្យ​មាន​នូវ​ការទូល​អង្វរ​ចេញ​ពី​ចិត្ត​ដើម្បី​បាន​ជំនួយ​ដ៏​ទេវភាព​របស់​ទ្រង់ ។ បើ​យើង​ស្វែងរក​អំណោយទាន​ទាំងនេះ ដើម្បី​បម្រើ​មនុស្ស​ដទៃ​ទៀត​ឲ្យ​កាន់តែ​ប្រសើរ នោះ​ទ្រង់​នឹង​ប្រទានពរ​យើង​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​យើង ។ ការតាម​រក​ដោយ​អាត្មា​និយម​នូវ​អំណោយទាន​មួយ​មក​ពី​ព្រះ នឹង​ត្រូវ​បញ្ចប់​ដោយ​ការខកចិត្ត និង​រំខាន​ចិត្ត ។

ដោយ​ការ​ផ្ដោត​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​គុណលក្ខណៈ​ដែល​ត្រូវការ​មួយ កាលដែល​បងប្អូន​រីកចម្រើន​ក្នុង​ការទទួល​បាន​គុណលក្ខណៈ​នោះ គុណលក្ខណៈ​ដទៃ​ទៀត​ចាប់មាន​ដល់​បងប្អូន ។ តើ​មាន​នរណា​ម្នាក់​អាច​ផ្ដោត​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​សប្បុរសធម៌ ហើយ​មិន​កើន​ឡើង​នូវ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​រាបសា​នោះ ? តើ​មាន​នរណា​ម្នាក់​អាច​ផ្ដោត​ទៅ​លើ​ការគោរព​ប្រតិបត្តិ ហើយ​មិន​ទទួល​បាន​នូវ​ភាពឧស្សាហ៍​ព្យាយាម និង​សេចក្ដី​សង្ឃឹម​កាន់តែ​ច្រើន​ឡើង​នោះ បី​ទទួល​បាន​នូវ​គុណលក្ខណៈ​មួយ ក្លាយ​ទៅ​ជា​ជំនោរ​ដែល​លើក​ទូក​ទាំងអស់​នៅក្នុង​កំពង់ផែ​ឡើង ។

កំណត់ត្រា និង​ការគាំទ្រ

កាលដែល​ខ្ញុំ​ពុះពារ​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ វា​សំខាន់​ចំពោះ​ខ្ញុំ ដើម្បី​កត់ត្រា​បទពិសោធន៍​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន ។ កាលដែល​ខ្ញុំ​សិក្សា​ពី​គុណលក្ខណៈ​មួយ​របស់​ទ្រង់​យ៉ាង​ជ្រៅ​នៅក្នុង​គំនិត​ខ្ញុំ ព្រះគម្ពីរ​ក្លាយ​ជា​ថ្មី នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​គំរូ​ជា​ច្រើន​នៃ​គុណលក្ខណៈ​នេះ​នៅក្នុង​ការបង្រៀន ការងារ​បម្រើ និង​ពួកសិស្ស​របស់​ទ្រង់ ។ ភ្នែក​ខ្ញុំ​ក៏​កាន់តែ​ផ្តោត​លើ​ការស្គាល់​នូវ​គុណលក្ខណៈ​នោះ​នៅក្នុង​មនុស្ស​ដទៃ​ទៀត​ផងដែរ ។ ខ្ញុំ​បាន​សង្កេត​ឃើញ​បុគ្គល​ដ៏​ប្រពៃ​ទាំងឡាយ ទាំង​នៅក្នុង និង​នៅក្រៅ​សាសនាចក្រ ដែល​មាន​គុណលក្ខណៈ​ទាំងឡាយ​ដែល​ដូច​ទ្រង់ ។ ពួកគេ​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល​អំពី​របៀប​ដែល​គុណលក្ខណៈ​ទាំងនោះ អាច​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​មនុស្ស​ធម្មតា តាមរយៈ​ព្រះគុណ​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ដើម្បី​មើល​ឃើញ​ការរីក​ចម្រើន​ដ៏​ពិត បងប្អូន​នឹង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ដូច​គ្នា​នឹង​ការឡើង​ភ្នំ​ដែល​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ទុក​ជា​មុន និង​មាន​ការតស៊ូ និង​ការអត់ធ្មត់​អំឡុង​ពេល​ឡើង ដូច្នេះ​ការធ្វើ​ដំណើរ​នេះ​ក៏​នឹង​តម្រូវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង និង​ការលះបង់​ដ៏​ពិត​ផងដែរ ។ គ្រីស្ទសាសនា​ដ៏​ពិត ដែល​យើង​ពុះពារ​ដើម្បី​ក្លាយ​ដូច​ជា​លោកគ្រូ​របស់​យើង តែងតែ​តម្រូវ​ឲ្យ​យើង​ធ្វើ​អស់​ពី​សមត្ថភាព ។ ១៦

ឥឡូវ​នេះ ខ្ញុំ​សូម​ផ្តល់​ការ​ដាស់តឿន​សង្ខេប​មួយ ។ បទបញ្ញត្តិ​ដែល​ឲ្យ​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ពុំ​មាន​បំណង​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ថា​ខុស មិន​សក្ដិសម ឬ​មិន​ត្រូវបាន​ស្រឡាញ់​នោះ​ទេ ។ បទពិសោធន​នៃ​ជីវិត​រមែង​ស្លាប់​ទាំងមូល​របស់​យើង គឺ​អំពី​ការរីក​ចម្រើន ការព្យាយាម ការបរាជ័យ និង​ជោគជ័យ ។ ទោះ​ជា​ភរិយា​ខ្ញុំ និង​ខ្ញុំ​អាច​នឹង​ប្រាថ្នា​ថា យើង​អាច​បិទ​ភ្នែក​យើង ហើយ​បញ្ជូន​ខ្លួន​យើង​ឲ្យ​ទៅដល់​កំពូល​ភ្នំ​ដោយ​អព្ភូតហេតុ នោះ​វា​មិន​មែន​ជា​គោលបំណង​នៃ​ជីវិត​នេះ​នោះ​ទេ ។

បងប្អូន​ល្អ​គ្រប់គ្រាន់ បងប្អូន​ត្រូវបាន​ស្រឡាញ់ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា បងប្អូន​ពេញលេញ​នៅ​ឡើយ​ទេ ។ មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត ។ មាន​តែ​ជាមួយ​នឹង​ជំនួយ​ដ៏​ទេវភាព​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​អាច​រីកចម្រើន​ឆ្ពោះ​ទៅ​កាន់​ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ។

នៅ​ក្នុង​ពេល​ទាំងនេះ « គ្រប់​ទាំង​អស់ [ បង្ហាញ ] នៅ​ក្នុង​ស្ថានភាព​ចលាចល ហើយ … សេចក្ដី​ភ័យខ្លាច [ ហាក់​បី​ដូច​ជា ] មាន​មក​លើ​អស់​ទាំង​មនុស្ស »​ ១៧ ថ្នាំ​បន្សាប​តែ​មួយ ឱសថ​តែ​មួយ គឺ​ដើម្បី​ពុះពារ​ក្លាយ​ដូច​ព្រះអង្គ​សង្គ្រោះ ១៨ ព្រះប្រោសលោះ ១៩ របស់​មនុស្ស​លោក​ទាំងអស់ ជា​ពន្លឺ​លោកីយ៍ ២០ និង​ដើម្បី​ស្វែងរក​ទ្រង់​ដែល​បាន​ប្រកាស​ថា « ខ្ញុំ​ជា​ផ្លូវ » ។ ២១

រូបភាព
ព្រះប្រោសលោះ<nb/>៖

ខ្ញុំ​ដឹង​ថា ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់ តាម​រយៈ​ជំនួយ និង​កម្លាំង​ដ៏​ទេវភាព​របស់​ទ្រង់​គឺ​អាច​សម្រេច​ទៅ​បាន​មួយ​ជំហាន​ម្ដងៗ ។ បើ​មិន​ដូច្នោះ​ទេ ទ្រង់​នឹង​មិន​ប្រទាន​ដល់​យើង​នូវ​បទបញ្ញត្តិ​នេះ​ទេ ។ ២២ ខ្ញុំ​ដឹង​ការណ៍​នេះ—មួយ​ចំណែក​ដោយសារ​ខ្ញុំ​ឃើញ​គុណលក្ខណៈ​របស់​ទ្រង់​នៅក្នុង​បងប្អូន​ជា​ច្រើន ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ពី​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. នីហ្វៃទី ៣ ២៧:២៧ ។ សម្រាប់​ការដាស់តឿន​មក​ពី​ព្រះអង្គ​សង្គ្រោះ​ដែល​ទាក់ទង សូមមើល ម៉ាថាយ ៥:៤៨ ( « ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ); យ៉ូហាន​ទី១ ២:៦ ( « អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ » ); ម៉ូសាយ ៣:១៩ ( « ទ្រង់​ទត​ឃើញ​ថា​ល្អ ដូច​ជា​កូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លួន​ដូច្នោះ » ); អាលម៉ា ៥:១៤ ( « ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ​អើយ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​អ្នក​ហើយ​ឬ​នៅ ? » ); នីហ្វៃទី៣ ១២:៤៨ ( « ដូច្នេះ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ) ។

  2. នែល អេ ម៉ាក់ស្វែល Even As I Am( ឆ្នាំ ១៩៨២ ) ទំព័រ ១៦ ។

  3. ឆាលលេស អិម សែលដុន In His Steps ( ឆ្នាំ ១៩៧៩ ) ទំព័រ ១៨៥ ។

  4. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១២–១៧ ។

  5. សូមមើល ម៉ាថាយ ៥:៤៨   ។

  6. សូមមើល អេសាយ ៩:៦; នីហ្វៃទី២ ១៩:៦ ។

  7. សូមមើល កូរិនថូស ទី១ ២:១៤; ម៉ូសាយ ៣:១៩ ។

  8. សូមមើល ម៉ាថាយ ៧:២៣ ២៥:១២ ម៉ូសាយ ២៦:២៤សូមមើល​លេខយោង​ផងដែរ; ដាវីឌ អេ បែដណា « If Ye Had Known Me » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០២–៥ ។

  9. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញ ៩៣:២ ។

  10. សូម​មើល មរ៉ូណៃ ៧:១២–១៩ ។

  11. សូមមើល អេធើរ ១២:២៧ ។

  12. សូមមើល ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ ( ឆ្នាំ ២០១៩ ) ទំព័រ ៦« How Do I Develop Christlike Attributes? » សេចក្ដីយោង​ដល់​គុណលក្ខណៈ​ផ្សេង​ទៀត​របស់​ព្រះអង្គ​សង្គ្រោះ​មាន​នៅ​ពាសពេញ​ក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍​មួយ​ចំនួន​រួម​មាន ៖ ម៉ូសាយ ៣:១៩; អាលម៉ា ៧:២៣; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ ។

  13. សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង,ទំព័រ​១៤៩ ។

  14. រ័សុល អិម ណិលសុន​« We Can Do Better and Be Better »Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  15. សូមមើល Bible Dictionary « Grace »សូម​មើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Grace »គេហទំព័រ scriptures.ChurchofJesusChrist.org ។

  16. សូមមើល សែលដុន In His Stepsទំព័រ ២៤៦ ៖ « ប្រសិនបើ​និយមន័យ​របស់​យើង​ក្នុង​ការធ្វើ​ជា​ពួក​គ្រីស្ទាន​ម្នាក់ គ្រាន់តែ​ដើម្បី​រីករាយ​នឹង​ឯកសិទ្ធិ​ដើម្បី​ថ្វាយបង្គំ មាន​ចិត្តល្អ​បើ​យើង​មិន​ត្រូវ​លះបង់​អី មាន​ពេល​ដ៏​ល្អ ងាយស្រួល ហ៊ុំព័ទ្ធ​ដោយ​មិត្តភក្ដិ​ដ៏​រីករាយ និង​ដោយ​របស់​ដែល​ធ្វើ​ឲ្យ​ស្រណុក​ស្រួល រស់នៅ​ដោយ​គោរព ហើយ​ជាមួយ​គ្នានោះ​ដែរ ចៀសវាង​ពី​ភាពតានតឹង​ដ៏​ធំធេង​នៃ​អំពើ​បាប និង​បញ្ហា​របស់​ពិភពលោក ដោយសារ​វា​ឈឺចាប់​ណាស់​ក្នុង​ការទទួល​យក​វា—ប្រសិនបើ​នេះ​ជា​និយមន័យ​របស់​យើង​អំពី​គ្រីស្ទ​សាសនា ពិតណាស់ យើង​នៅ​ឆ្ងាយ​ណាស់​ពី​ការដើរ​តាម​ព្រះបាទ​ទ្រង់ ដែល​បាន​ត្រាច់ចរ​ដោយ​ស្រែក​ថ្ងូរ និង​ព្រះកន្សែង ហើយ​ក៏​ទួញសោក​ចំពោះ​មនុស្ស​ជាតិ​ដែល​បាត់បង់ ដែល​​ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ទ្រង់​ដែល​បាន​ស្រែក​ដង្ហោយ​ពី​ឈើ​ឆ្កាង​ដែល​បាន​លើក​ឡើង​ថា ‹ ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ › » ។

  17. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៩១ ។

  18. សូមមើល អេសាយ ៤៣:៣ ។

  19. សូមមើល យ៉ូប ១៩:២៥ ។

  20. សូម​មើល យ៉ូហាន ៨:១២ ។

  21. យ៉ូហាន ១៤:៦ ។

  22. សូមមើល នីហ្វៃទី១ ៣:៧ ។