សន្និសីទទូទៅ
គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា

យើង​អាច​ក្លាយ​ជា​ផ្នែក​នៃ​ការសម្រេច​នៃ​ការព្យាករ និង​ការសន្យា របស់​ព្រះអម្ចាស់—ជា​ផ្នែក​នៃ​ដំណឹងល្អ​ដែល​ផ្ដល់​ពរជ័យ​ដល់​ពិភពលោក​នេះ ។

បងប្អូន​ប្រុសស្រី ថ្មីៗ​នេះ ខ្ញុំ​បាន​ធ្វើ​ជា​អធិបតី​នៅក្នុង​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ដោយ​ធ្វើ​តាម​គោលការណ៍ កូវីដ-១៩ ។ ទាំង​កូន​ក្រមុំ និង​កូនកំលោះ សុទ្ធ​តែ​ជា​អ្នក​ត្រឡប់​ពី​បេសកកម្ម​ដ៏​ស្មោះត្រង់ មាន​ឪពុក​ម្ដាយ និង​បងប្អូន​ពួកគេ​ទាំងអស់​គ្នា​នៅ​ទីនោះ ។ វា​ពុំ​មែន​ងាយ​ស្រួល​ទេ ។ កូន​ក្រមុំ​គឺ​ជា​កូន​ទី​ប្រាំបួន​ក្នុង​ចំណោម​កូន​ដប់​នាក់ ។ បងប្អូន​ទាំង​ប្រាំបួន​របស់​នាង​បាន​អង្គុយ​តាម​លំដាប់​ពី​បង​បង្អស់​ទៅ​ប្អូន​បង្អស់ ពិត​ណាស់​ដោយ​មាន​គម្លាត​ពី​គ្នា ។

គ្រួសារ​នោះ​បាន​ព្យាយាម​ធ្វើ​ជា​អ្នក​ជិតខាង​ល្អ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​បាន​រស់នៅ ។ ទោះ​ជា​យ៉ាង​ណា មាន​សហគមន៍​មួយ​ដែល​មិន​ស្វាគមន៍​ទេ—ម្ដាយ​កូនក្រមុំ​បាន​និយាយ​ថា ដោយសារ​គ្រួសារ​ពួកគេ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

គ្រួសារ​នោះ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បង្កើត​មិត្តភាព​នៅ​សាលា ​ចូលរួម និង​ត្រូវបាន​គេ​ទទួល ប៉ុន្តែ​ពុំ​បាន​ជោគជ័យ​ទេ ។ គ្រួសារ​នោះ​បាន​អធិស្ឋាន ហើយ​អធិស្ឋាន​ទៀត ដើម្បី​ឲ្យ​ដួងចិត្ត​ពួកគេ​ត្រូវបាន​បន្ទន់ ។

យប់​មួយ គ្រួសារ​នោះ​បាន​ទទួល​អារម្មណ៍​ថា​ការអធិស្ឋាន​របស់​ពួកគេ​ត្រូវបាន​ឆ្លើយ​តប ប៉ុន្ដែ​តាម​របៀប​មួយ​ដែល​មិន​បាន​រំពឹង​ទុក​សោះ ។ ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ ។ ប៉ុន្តែ​មាន​អ្វី​មួយ​ផ្សេង​ទៀត​បាន​កើត​ឡើង ។ ភ្លើង​នោះ​បាន​បន្ទន់​ដួងចិត្ត​អ្នក​ជិតខាង​របស់​ពួកគេ ។

អ្នក​ជិត​ខាង និង​សាលា​ក្នុង​មូលដ្ឋាន​បាន​ប្រមូល​សម្លៀកបំពាក់ ស្បែកជើង និង​របស់​ចាំបាច់​ផ្សេងៗ​ទៀត​ដែល​គ្រួសារ​នោះ​ត្រូវការ ព្រោះ​ពួកគេ​បាន​បាត់បង់​អ្វីៗ​ទាំងអស់ ។ ចិត្ត​សប្បុរស​បាន​បើក​ផ្លូវ​ដល់​ការយល់គ្នា ។ វា​មិន​មែន​ជា​របៀប​ដែល​គ្រួសារ​នោះ​សង្ឃឹម ឬ​រំពឹង​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​បាន​ឆ្លើយតប​បែប​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា ពួកគេ​បង្ហាញ​ការដឹង​គុណ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​រៀន​តាម​រយៈ​បទពិសោធន៍​ដ៏​លំបាក និង​ចម្លើយ​ដែល​មិន​បាន​រំពឹង​ទុក​ចំពោះ​ការអធិស្ឋាន​ចេញ​ពី​ចិត្ត ។

ពិត​ហើយ សម្រាប់​អ្នក​ដែល​មាន​ដួងចិត្ត​ស្មោះត្រង់ និង​មាន​ភ្នែក​ទន្ទឹង​ចាំមើល នោះ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់​នឹង​បើក​បង្ហាញ​អំឡុង​ពេល​មាន​ឧបសគ្គ​ក្នុង​ជីវិត ។ ការប្រឈម​មុខ និង​ការលះបង់​យ៉ាង​ស្មោះត្រង់​នាំ​មក​នូវ​ពរជ័យ​ពី​ស្ថានសួគ៌ ។ នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​អាច​នឹង​បាត់បង់ ឬ​រង់ចាំ​អ្វីៗ​ដោយ​មិន​ដឹង​ពេល​ណា​បាន​វា ប៉ុន្តែ​នៅ​ទីបំផុត​យើង​នឹង​រកឃើញ​នូវ​អ្វី​ដែល​សំខាន់​បំផុត ។ នោះ​ជា​ការ​សន្យា​របស់​ទ្រង់ ។

ការ​ប្រកាស​ខួប​ពីរ​រយ​ឆ្នាំ​នៅ ឆ្នាំ ២០២០ របស់​យើង ចាប់​ផ្ដើម​ជាមួយ​នឹង​ការសន្យា​ជា​រួម​ដ៏​ជ្រាលជ្រៅ​ថា « ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់​ជាតិសាសន៍​នៅក្នុង​ពិភពលោក​នេះ » ។ ចំពោះ​យើង​ម្នាក់ៗ​នៅក្នុង​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ព្រះ​សន្យា ធ្វើ​សេចក្ដី​សញ្ញា និង​អញ្ជើញ​យើង​ឲ្យ​មក​ទទួលទាន​អំណរ និង​សេចក្ដី​ល្អ​ដ៏​បរិបូរ​របស់​ទ្រង់ ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​មនុស្ស​ទាំងអស់​​ត្រូវបាន​បញ្ជាក់​នៅពេញ​ព្រះគម្ពីរ ។ សេចក្ដី​ស្រឡាញ់​នោះ​រួម​មាន​សេចក្ដី​សញ្ញា​អ័ប្រាហាំ គឺ​ការប្រមូល​ផ្ដុំ​បុត្រា​បុត្រី​ទ្រង់​ដែល​បាន​ខ្ចាត់ខ្ចាយផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​ជីវិត​របស់​យើង ។

នៅក្នុង​គ្រួសារ​នៃ​សេចក្ដី​ជំនឿ មិន​ត្រូវ​មាន​​អ្នក​ដទៃ ឬ​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទេ គ្មាន​អ្នក​មាន និង​អ្នកក្រ គ្មាន « អ្នក​ដទៃ » ខាងក្រៅ​ទេ ។ ក្នុង​នាម​ជា « ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ » យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្លាស់ប្ដូរ​ពិភពលោក​ឲ្យ​ប្រសើរ​ឡើង ពី​ខាងក្នុង​មក​ខាង​ក្រៅ មនុស្ស​ម្នាក់ គ្រួសារ​មួយ អ្នក​ជិត​ខាង​ម្នាក់​ម្ដងៗ ។

រឿង​នេះ​កើត​ឡើង​ពេល​យើង​រស់នៅ និង​ចែកចាយ​ដំណឹងល្អ ។ នៅ​ដើម​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ព្យាការី​យ៉ូសែប​បាន​ទទួល​ការព្យាករ​ដ៏​អស្ចារ្យ​មួយ​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទិសទី​ស្វែងរក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​ដក​ពិសោធន៍​ព្រះចេស្ដារ​របស់​ទ្រង់ ដើម្បី​រីកចម្រើន និង​ផ្លាស់​ប្ដូរ ។

រូបភាព
ផ្ទះ​គ្រួសារ ស្ម៊ីធ

ការព្យាករ​នោះ​ត្រូវបាន​ទទួល​នៅ​ទីនេះ នៅ​ក្នុង​ផ្ទះ​ឈើ​របស់​គ្រួសារ​ស៊្មីធ ក្នុង​ទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក ។១០

រូបភាព
អែលឌើរ ស៊ិស្ទើរ ហ្គង​នៅ​ក្នុង​ផ្ទះ​គ្រួសារ​ស្ម៊ីធ

បញ្ចប់​នៅ​ឆ្នាំ ១៩៩៨ ផ្ទះ​ស្ម៊ីធ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ដើម​របស់​វា ។ បន្ទប់​គេង​ជាន់​ទីពីរ​មាន​ទំហំ​ដូច​គ្នា​គឺ ៥.៥ គុណ ៩ គុណ ៣ ម៉ែត្រ ជា​កន្លែង​ដែល​មរ៉ូណៃ​ជា​សារទូត​ដ៏​រុងរឿង​មក​ពី​ព្រះ​បាន​មក​ជួប​នឹង​យ៉ូសែប​វ័យ​ក្មេង​នៅ​រាត្រី​នៃ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ។១១

បងប្អូន​ចាំ​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​រឭក​ថា ៖

« [ មរ៉ូណៃ ] … បាន​ហៅ​ខ្ញុំ​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​ថា​ឈ្មោះ​របស់​ខ្ញុំ នឹង​មាន​ដើម្បី​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់ ក្នុង​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា ។…

« មរ៉ូណៃ​មាន​ប្រសាសន៍​ថា មាន​គម្ពីរ​មួយ​កប់​ទុក … ថា ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដ៏​អស់​កល្ប​ជានិច្ច​មាន​នៅ​ក្នុង​គម្ពីរ​នេះ » ។១២

យើង​ផ្អាក​នៅ​ទី​នេះ ។ យើង​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះបិតា​ដ៏អស់កល្ប និង​ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មិនមែន​ព្យាការីយ៉ូសែប​ទេ ហើយ​ក៏​មិនមែន​បុរស ឬ​ស្ត្រី​រមែង​ស្លាប់​ណាម្នាក់​ឡើយ ។

ប៉ុន្តែ សូម​ពិចារណា​ពី​របៀប​ដែល​ការព្យាករ​ដែល​ព្រះ​ប្រទាន​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ត្រូវ​បាន​សម្រេច ។១៣ ការព្យាករ​មួយ​ចំនួន​បាន​សម្រេច​លឿន​ជាង ការព្យាករ​មួយ​ចំនួន​ទៀត ប៉ុន្តែ​ទាំងអស់​ត្រូវ​បាន​សម្រេច ។១៤ នៅពេល​យើង​ស្តាប់​តាម​ព្រះវិញ្ញាណ​នៃ​ការព្យាករ​របស់​ព្រះអម្ចាស់ យើង​អាច​ក្លាយ​ជា​ផ្នែក​នៃ​ការសម្រេច​នៃ​ការព្យាករ និង​ការសន្យា​របស់​ទ្រង់ តាម​របៀប​របស់​យើង​ផ្ទាល់—ជា​ផ្នែក​នៃ​ដំណឹងល្អ​ដែល​ផ្ដល់​ពរជ័យ​ដល់​ពិភពលោក​នេះ ។

ក្នុង​ឆ្នាំ ១៨២៣​យ៉ូសែប​អាយុ ១៧​ឆ្នាំ​ដែល​គ្មាន​គេ​ស្គាល់ រស់នៅ​ក្នុង​ភូមិ​មួយ​ដែល​មិន​សូវ​មាន​គេ​ស្គាល់ នៅ​ប្រទេស​មួយ​ដែល​ទើប​នឹង​បាន​ឯករាជ្យ​ថ្មី ។ លើកលែង​តែ​វា​ជា​ការពិត តើ​លោក​អាច​នឹង​ស្រមៃ​និយាយ​ថា លោក​ជា​ឧបករណ៍​មួយ​ក្នុង​កិច្ចការ​របស់​ព្រះ ហើយ​បកប្រែ​ព្រះគម្ពីរ​ដោយ​អំណោយទាន និង​ព្រះចេស្ដារ​របស់​ព្រះ ដែល​នឹង​ត្រូវបាន​គេ​ស្គាល់​គ្រប់​ទីកន្លែង​ដោយ​របៀប​ណា ?

ប៉ុន្តែ ដោយសារ​វា​ជា​ការពិត បងប្អូន និង​ខ្ញុំ​អាច​ធ្វើ​សាក្សី​ថា ការព្យាករ​នេះ​កំពុង​ត្រូវបាន​សម្រេច ដូច​ដែល​យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ជួយ​ធ្វើ​ឲ្យ​វា​បាន​សម្រេច ។

បងប្អូន​ប្រុស​ស្រី យើង​ម្នាក់ៗ​ដែល​កំពុង​ចូលរួម​នៅក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០២០ នេះ នៅ​ទូទាំង​ពិភពលោក គឺ​នៅក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា​ដែល​បាន​និយាយ ។

ថ្ងៃ​នេះ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ រស់នៅ​ក្នុង ១៩៦ ជាតិ​សាសន៍ និង​ទឹកដី ដោយ​មាន​ស្តេក​របស់​សាសនាចក្រ​ចំនួន ៣,៤៤៦ នៅក្នុង ៩០ ជាតិ​សាសន៍ និង​ទឹកដី ។១៥ យើង​តំណាង​ឲ្យ​ទាំងតំបន់​ភូមិសាសន៍ ទាំង​មជ្ឈមណ្ឌល​នៃ​កម្លាំង​ផង ។

នៅក្នុង​ឆ្នាំ ១៨២៣ តើ​នរណា​នឹង​ស្រមៃ​ថា នៅ​ក្នុង​ឆ្នាំ ២០២០ នឹង​មាន​ប្រទេស​បី ដែល​ប្រទេស​នីមួយៗ​មាន​សមាជិក​សាសនាចក្រ​ច្រើន​ជាង​មួយ​លាន​នាក់​នោះ—សហរដ្ឋ ម៉ិកស៊ិក និង​ប្រេស៊ីល ?

ឬ ២៣ ប្រទេស ដែល​ប្រទេស​នីមួយៗ​មាន​សមាជិក​សាសនាចក្រ​ច្រើន​ជាង ១០០,០០០ នាក់—៣ ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ជើង ១៤ ប្រទេស​នៅ​ទ្វីប​អាមេរិក​កណ្ដាល និង​ខាង​ត្បូង ១ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ៤ ប្រទេស​នៅ​ទ្វីប​អាស៊ី និង ១ ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ?១៦

ប្រធាន រ័សុល អិម ណិលសុន ហៅ​ព្រះគម្ពីរ​មរមន​ថា​ជា « អព្ភូតហេតុ​ដ៏​អព្ភូតហេតុ » ។១៧ សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​នេះ​ថ្លែង​ទីបន្ទាល់​ថា « សូម​ឲ្យ​បាន​ដឹង​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​នឹង​គ្រប់​ទាំង​ប្រជាជន » ។១៨ សព្វ​ថ្ងៃ​នេះ សន្និសីទ​ទូទៅ​មាន ១០០ ភាសា ។ ប្រធាន​ណិលសុនបាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែលបាន​ស្តារ​ឡើងវិញ​របស់ទ្រង់​នៅក្នុង​ជាតិសាសន៍​ចំនួន ១៣៨ និង​បន្ត​បន្ទាប់​ទៀត ។

ចាប់​ផ្ដើម​ពី​ព្រះគម្ពីរ ៥០០០ ក្បាល​ដែល​បាន​បោះពុម្ព​ក្នុង​ឆ្នាំ ១៨៣០ ជា​កំណែ​ដំបូង​នៃ​ព្រះគម្ពីរ​មរមន នោះ​មាន​ព្រះគម្ពីរមរមន​ប្រហែល​ជា ១៩២ លាន​ក្បាល​ដែល​បាន​បោះពុម្ព​ទាំងស្រុង ឬ​ជា​ផ្នែក​នៅក្នុង ១១២ ភាសា ។ ព្រះគម្ពីរ​មរមន​ក៏​បានបកប្រែ​យ៉ាង​ទូលំទូលាយ​ជា​ឌីជីថល​ផងដែរ ។ ការបកប្រែ​នៃ​ព្រះគម្ពីរ​មរមន​បច្ចុប្បន្ន រួម​បញ្ចូល​ភាសា​និយាយ​ភាគច្រើន​បំផុត​នៃ​ពិភពលោក​ចំនួន ២៣ ដែល​ត្រូវបាន​និយាយ​ដោយ​ប្រជាជន ៥០ លាន​នាក់ ឬ​ច្រើន​ជាង​នេះ សរុប​ជា​ភាសា​កំណើត​របស់​ប្រជាជន​ប្រហែល​ជា ៤.១ ប៊ីលាន​នាក់ ។១៩

តាមរយៈ​មធ្យោបាយ​តូចតាច និង​សាមញ្ញ—ដែល​យើង​ម្នាក់ៗ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម—ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន ។

ឧទាហរណ៍ នៅ​សន្និសីទ​ស្តេក​មួយ​នៅ​ទីក្រុង​ម៉ុនរូ រដ្ឋ​យូថាហ៍ ដែល​មាន​ប្រជាជន ២,២០០ នាក់ ខ្ញុំ​បាន​សួរ​ថា​តើ​មាន​ប៉ុន្មាន​នាក់​ដែល​បាន​បម្រើ​បេសកកម្ម ។ ស្ទើរ​គ្រប់គ្នាបានលើកដៃ ។ នៅក្នុង​ឆ្នាំ​ថ្មីៗ​នេះ មក​ពី​ស្តេក​មួយ​នោះ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា ៥៦៤ នាក់​បាន​បម្រើ​នៅក្នុង​រដ្ឋ​ទាំង ៥០ នៅ​សហរដ្ឋ និង​ក្នុង ៥៣ ប្រទេស—នៅក្នុង​ទ្វីប​ទាំងអស់​លើកលែង​តែ​ទ្វីប​អង់តាក់ទិក ។

និយាយ​អំពី​ទ្វីប​អង់តាក់ទិក សូម្បី​នៅក្នុង​អ័ស្វាហា​នៅ​ចុង​ខាង​ត្បូង​នៃ​ប្រទេស​អាហ្សង់ទីន ខ្ញុំ​បាន​ឃើញ​ការព្យាករ​កំពុង​ត្រូវបាន​សម្រេច កាលដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​បាន​ចែកចាយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​កន្លែង​មួយ​ដែល​ហៅ​ថា « ចុង​ផែនដី » ។​២០

រូបភាព
ទាំង​គំនូរ​បង្កើត​ឡើង​ដោយ​បរិមាណ​ពួកបរិសុទ្ធ

ផ្ទាំង​រូបភាព​ដែល​បង្កើត​ឡើង​ដោយ​ក្រប​សៀវភៅ​ ពួកបរិសុទ្ធ ២១ ទាំង​បួន​ភាគ​របស់​យើង ពិពណ៌នា​ពី​ផ្ទាំង​ប៉ាក់​ពិភពលោក​អំពី​ផលផ្លែ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​នៅ​គ្រប់​ទិសទី ។ ប្រវត្តិ​សាសនាចក្រ​របស់​យើង​បោះ​យុថ្កា​លើ​ទីបន្ទាល់​នៃ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​មនុស្ស និង​ការធ្វើ​ដំណើរ​តាម​ដំណឹងល្អ​របស់​សមាជិក​ម្នាក់ៗ រួម​ទាំង ម៉ារី វីតម័រ ជា​បងស្រី​ដ៏​ស្មោះត្រង់​ដែល​មរ៉ូណៃ​បាន​បង្ហាញ​ផ្ទាំង​ព្រះគម្ពីរ​មរមន​ដល់ ។២២

រូបភាព
ទស្សនាវដ្តី​សាសនាចក្រ​ថ្មី

ក្នុង​ខែ មករា ឆ្នាំ ២០២១ ខាង​មុខ​នេះ ទស្សនាវដ្តី​សាសនាចក្រ​ទូទាំង​ពិភពលោក​ថ្មី​របស់​យើង​ចំនួន​បី—ប្រិយមិត្ត ដើម្បី​កម្លាំង​នៃ​យុវជននិង លីអាហូណាអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ចូលរួម និង​ចែកចាយ​នូវ​បទពិសោធន៍ និង​ទីបន្ទាល់​នៅ​ក្នុង​សហគមន៍​នៃ​សេចក្ដី​ជំនឿ​ទូទាំង​ពិភពលោក​របស់​យើង ។២៣

បងប្អូន​ប្រុសស្រី កាល​ដែល​យើង​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ការទទួល​នូវ​ពរជ័យ​ទាំងឡាយ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅរស់​ដែល​បាន​ស្ដារ​ឡើងវិញ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ហើយ​សិក្សា សញ្ជឹង​គិត និង​ចែកចាយ​អំពី​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​បន្ត នោះ​យើង​ចូលរួម​នៅក្នុង​ការសម្រេច​ការព្យាករ​ហើយ ។

យើង​កំពុង​ផ្លាស់​ប្ដូរ​ខ្លួន​យើង និង​ពិភពលោក​តាម​គំរូ​នៃ​ដំណឹងល្អ​ដែល​ផ្ដល់​ពរ​ដល់​ជីវិត​ទាំងឡាយ​នៅ​គ្រប់​ទិសទី ។

ប្អូនស្រី​អាហ្វ្រិក​ម្នាក់​និយាយ​ថា « ​ការបម្រើ​បព្វជិតភាព​របស់​ស្វាមី​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​កាន់តែ​មាន​ភាពអត់ធ្មត់ និង​សប្បុរស ។ ហើយ​ខ្ញុំ​ក្លាយ​ជា​ភរិយា និង​ម្ដាយ​កាន់តែ​ល្អ » ។

អ្នក​ប្រឹក្សា​ជំនួញ​អន្តរជាតិ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នា​ពេល​នេះ​នៅទ្វីប​អាមេរិក​កណ្ដាល​និយាយ​ថា មុន​ពេល​គាត់​បាន​រកឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះ គាត់​បាន​រស់នៅ​តាម​ផ្លូវ​ដោយ​គ្មាន​គោលដៅ ្លាំង ។

ក្មេងប្រុស​ម្នាក់​នៅ​អាមេរិក​ខាង​ត្បូង​ចិញ្ចឹម​មាន់ ហើយ​លក់​ស៊ុត​វា​ដើម្បី​ជួយ​ទិញ​បង្អួច​សម្រាប់​ផ្ទះ​គ្រួសារ​គាត់​កំពុង​សាងសង់ ។ គាត់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់​មុន ។ គាត់​នឹង​ឃើញបង្អួច​ស្ថាន​សួគ៌​បើក​មែន ។

នៅ​ក្នុង​តំបន់​ជ្រុង​ទាំងបួន​នៅ​សហគមន៍​ក្នុង​ភាគនិរតី​សហរដ្ឋ​អាមេរិក គ្រួសារ​អាមេរិក​ដាំ​គុម្ភ​ផ្កា​កូឡាប​មួយ​ដើម​ដ៏​ស្រស់​ស្អាត​រីក​នៅ​ក្នុង​វាល​ខ្សាច់ ជា​និមិត្តរូប​នៃ​សេចក្ដី​ជំនឿ​លើ​ដំណឹងល្អ និង​ភាពខ្លួន​ទីពឹង​ខ្លួន ។

បងប្រុស​ម្នាក់​ដែល​នៅរស់​ពី​សង្គ្រាម​ស៊ីវិល​ដ៏​ជូរចត់​នៅ​អាស៊ី​អា​គ្នេយ៏​ដែល​បាន​អស់​សង្ឃឹម​ថា​ជីវិត​គ្មាន​ន័យ​អ្វី​ទេ ។ គាត់​បាន​រកឃើញ​ក្ដី​សង្ឃឹម​នៅក្នុង​សុបិន​មួយ​ថា មាន​មិត្ត​រួម​ថ្នាក់​ចាស់​ម្នាក់​កាន់​ថាស​សាក្រាម៉ង់ ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះវរបិតាសួគ៌​អញ្ជើញ​យើង​នៅ​គ្រប់​ទិសទី​ឲ្យ​ស្គាល់​សេចក្ដី​ស្រឡាញ់​ទ្រង់ ឲ្យ​រៀន និង​លូតលាស់​តាមរយៈ​ការអប់រំ កិច្ចការ​ដ៏​គួរ​ឲ្យ​គោរព សេវាកម្ម​ខ្លួន​ទីពឹង​ខ្លួន និង​គំរូ​នៃ​សេចក្ដី​ល្អ និង​សុភមង្គល​ដែល​យើង​រកឃើញ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។

ពេល​យើង​សម្រេច​ដើម្បី​ទុកចិត្ត​ព្រះ ជួនកាល​តាម​រយៈ​ការទូល​អង្វរ​នៅក្នុង​គ្រា​ដ៏​ងងឹត​បំផុត ឯកោ​បំផុត មិន​ប្រាកដ​ប្រជា​បំផុត នោះ​យើង​រៀន​ថា ទ្រង់​ស្គាល់​យើង​ជាង ហើយ​ស្រឡាញ់​យើង​ជាង​ដែល​យើង​ស្គាល់ ឬ​ស្រឡាញ់​ខ្លួន​ឯង ។

នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវការ​ជំនួយ​ពី​ព្រះ ដើម្បី​បង្កើត​នូវ​ភាពយុត្តិធម៌ សមភាព ភាពត្រឹមត្រូវ និង​សន្តិភាព​ដែល​យូរ​អង្វែង​នៅក្នុង​ផ្ទះ និង​សហគមន៍​របស់​យើង ។ ដំណើររឿង ទីកន្លែង និង​កម្មសិទ្ធិ​ដ៏​ពិត​បំផុត ដ៏​ជ្រាលជ្រៅ​បំផុត ​ប្រាកដ​បំផុត​របស់​យើង​កើត​ឡើង នៅពេល​យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះ ស្វែងរក​ព្រះគុណ និង​អព្ភូតហេតុ​តាមរយៈ​ដង្វាយធួន​របស់​ព្រះរាជ​បុត្រា​ទ្រង់ ហើយ​បង្កើត​ទំនាក់ទំនង​ដ៏​ខ្ជាប់ខ្ជួន​តាមរយៈ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។

យើង​ត្រូវការ​សេចក្ដី​ល្អ និង​គតិបណ្ឌិត​ខាង​សាសនា​នៅក្នុង​ពិភពលោក​ដ៏​ខ្ចាត់ខ្ចាយ អ៊ូអែ បំពុល នៅ​សព្វថ្ងៃ​នេះ ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ទៀត ដើម្បី​រំឭក​ជា​ថ្មី បំផុស​គំនិត និង​ស្អាង​វិញ្ញាណ​មនុស្ស​លោក ?២៤

រូបភាព
ដាំ​ដើមឈើ​ក្នុង​ប្រទេស​ហៃទី
រូបភាព
ដាំ​ដើមឈើ​ក្នុង​ប្រទេស​ហៃទី
រូបភាព
ដាំ​ដើមឈើ​ក្នុង​ប្រទេស​ហៃទី

ការដាំ​ដើម​ឈើ​នៅក្នុង​ប្រទេស​ហៃទី​គ្រាន់តែ​ជា​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​រាប់រយ​អំពី​ការរួបរួម​របស់​មនុស្ស​ដើម្បី​ធ្វើ​ការណ៍​ល្អ ។ សហគមន៍​ក្នុង​មូលដ្ឋាន រួមមាន​សមាជិក​សាសនាចក្រ​យើង ១,៨០០ នាក់ បាន​បរិច្ចាគ​ដើម​ឈើ បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ដាំ​ដើមឈើ​ជិត ២៥,០០០ ដើម ។២៥ គម្រោង​ដាំ​ដើមឈើ​ឡើងវិញ​ច្រើន​ឆ្នាំ​នេះ បាន​ដាំ​ដើម​ឈើ​ជាង ១២១,០០០ រួច​ហើយ ។ គម្រោង​នេះ​បាន​គិត​ជា​មុន​រួច​ហើយ​ថា​នឹង​ដាំរាប់រយពាន់​ដើម​បន្ថែម​ទៀត ។

កិច្ចប្រឹងប្រែង​រួម​គ្នា​នេះ​ផ្ដល់​នូវ​ម្លប់ អភិរក្ស​ដី កាត់​បន្ថយ​ទឹក​ជំនន់​នា​ពេល​អនាគត ។ វា​ធ្វើ​ឲ្យ​ភូមិ​ឃុំ​ស្រស់​ស្អាត កសាង​សហគមន៍ បីបាច់​ប្រជាជន និង​ផ្ដល់​ជីជាតិ​ដល់​ដី ។ បើ​បងប្អូន​សួរ​ដល់​ប្រជាជន​ហៃទី​ថា នរណា​នឹង​ប្រមូល​ផល​ពី​ដើម​ឈើ​ទាំងនេះ ពួកគេ​និយាយ​ថា « នរណា​ក៏​ដោយ​ដែល​ឃ្លាន » ។

ប៉ែត​សិប​ភាគ​រយ​នៃ​ប្រជាជន​លើ​ពិភពលោក​ជាប់​ទាក់ទង​នឹង​សាសនា ។២៦ សហគមន៍​សាសនា​ឆ្លើយ​តប​យ៉ាង​លឿន​ដល់​តម្រូវការ​ភ្លាមៗ​បន្ទាប់​ពី​គ្រោះ​ធម្មជាតិ ក៏​ដូច​ជា​ដល់​តម្រូវការ​ជា​បន្ត​ខាង​អាហារ ជម្រក ការអប់រំ អក្ខរកម្ម​និង​ការបំពាក់បំប៉ន់​ការងារ ។ នៅ​ជុំវិញ​ពិភពលោក សមាជិក មិត្តភក្ដិ និង​សាសនាចក្រ​យើង ជួយ​ដល់​សហគមន៍​នានា​ឲ្យ​គាំទ្រ​ជន​ភៀសខ្លួន និង​ផ្ដល់​ទឹក បរិក្ខារ​អនាម័យ រទេះ​ជនពិការ និង​ការថែទាំ​ចក្ខុ—មនុស្ស​ម្នាក់ ភូមិ​មួយ ដើមឈើ​មួយ​ម្ដងៗ ។២៧ នៅ​គ្រប់​ទីកន្លែង យើង​ព្យាយាម​ធ្វើ​ជា​ឪពុក​ម្ដាយ​ល្អ និង​ប្រជាពលរដ្ឋ​ល្អ ដើម្បី​រួម​ចំណែក​នៅក្នុង​ភូមិឃុំ និង​សង្គម​របស់​យើង រួម​ទាំង​តាមរយៈ​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។២៨

ព្រះ​ប្រទាន​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ដល់​យើង—និង​ការទទួល​ខុសត្រូវ​ខាង​សីលធម៌ ។ ព្រះអម្ចាស់​ប្រកាស​ថា « យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​អ្នក​មានសេរី ហេតុ​ដូច្នេះ​ហើយ [ អ្នក ]​រាល់​គ្នា​ច្បាស់​ជា​មាន​សេរី​មែន » ។២៩ នៅក្នុង​ការប្រកាស​ពី « ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង »៣០ព្រះអម្ចាស់​សន្យា​ថា ដង្វាយធួន និង​ផ្លូវ​នៃ​ដំណឹងល្អ​របស់​ទ្រង់​អាច​ផ្ដាច់​ចំណង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​បាន ។៣១ ដោយ​សេចក្ដី​មេត្តា​ករុណា សេរីភាព​ដ៏​ប្រោសលោះ​នេះ​ថែម​ទាំង​មាន​ដល់​ពួក​អ្នក​ដែល​បាន​ចែកឋាន​ពី​ជីវិត​រមែង​ស្លាប់​នេះ​ទៀត​ផង ។

ច្រើន​ឆ្នាំ​កន្លង​មក​ហើយ សង្ឃ​ម្នាក់​នៅ​អាមេរិក​កណ្ដាល​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​សិក្សា « បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់ » ។ សង្ឃ​នោះ​បាន​និយាយ​ថា « វា​មើល​ទៅ​ពិតជា​យុត្តិធម៌ ដែល​ព្រះ​ប្រទាន​ឱកាស​ដល់​មនុស្ស​គ្រប់​រូប​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក មិន​ថា​នៅពេល​ណា ឬ​នៅកន្លែង​ណា​ដែល​ពួកគេ​បាន​រស់នៅ​នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ក្មេង​តូចៗ » ។៣២ សង្ឃនោះ​បាន​កត់សម្គាល់​ថា « សាវក​ប៉ុល​និយាយ​អំពី​មនុស្ស​ស្លាប់​កំពុង​រង់ចាំ​បុណ្យ​ជ្រមុជ​ទឹក និង​ការរស់​ឡើង​វិញ » ។៣៣ ពិធី​បរិសុទ្ធ​ជំនួស​ក្នុង​ព្រះវិហារបរិសុទ្ធ​សន្យា​ដល់ « គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា » ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បន្ត​នៅក្នុង « សេចក្ដី​ស្លាប់​នៃ​នរក ឬ​ផ្នូរ » ឡើយ ។៣៤

កាលដែល​យើង​រកឃើញ​ព្រះ ជួនកាល​ចម្លើយ​ដែល​មិន​បាន​រំពឹង​ទុក​ចំពោះ​ការអធិស្ឋាន នាំ​យើង​ពី​រស់នៅ​តាម​ផ្លូវ យក​យើង​ទៅកាន់​សហគមន៍ ដេញ​ភាពងងឹត​ចេញ​ពី​ព្រលឹង​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​ជម្រក​ខាង​វិញ្ញាណ និង​នៅក្នុង​សេចក្ដី​ល្អ​នៃ​សេចក្ដី​សញ្ញា និង​សេចក្ដី​ស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ។

កិច្ចការ​ធំៗ​ផ្ដើម​ចេញ​ពី​កិច្ចការ​តូចតាច ប៉ុន្តែ​អព្ភូតហេតុ​របស់​ព្រះ​ត្រូវ​បាន​បើក​បង្ហាញ​ជា​រៀង​រាល់​ថ្ងៃ ។ យើង​មាន​អំណរគុណ​សម្រាប់​អំណោយទាន​ដ៏​វិសេស​វិសាល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដែល​បាន​បើក​សម្ដែង ដែល​មាន​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​ដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ។

សូម​ឲ្យ​យើង​ទទួល​ការអញ្ជើញ​របស់​ព្រះ​ដោយ​ត្រេកអរ ដើម្បី​ទទួល និង​ជួយ​បំពេញ​ពរជ័យ​ដែល​បាន​សន្យា និង​បាន​ព្យាករ​របស់​ទ្រង់ នៅក្នុង​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា ខ្ញុំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕