សន្និសីទទូទៅ
បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់

បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់

ពេល​វេលា​នៃ​សេចក្ដី​ទុក្ខ​វេទនា និង​ការខកចិត្ត ពុំ​ផ្លាស់ប្ដូរ​ព្រះនេត្រ​ចាំ​មើល​របស់​ព្រះអម្ចាស់​ទេ កាលដែល​ទ្រង់​ទត​មើល​យើង​ដោយ​ប្រោស​ប្រណី ប្រទាន​ពរជ័យ​ដល់​យើង ។

នៅ​ថ្ងៃមួយ ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយសាសនា​វ័យក្មេង​កំពុង​ធ្វើ​ការ​នៅក្នុង​សាខា​តូច​មួយ​នៅ​លើកោះ​តូច​មួយ​នៃ​កោះ អាម៉ាមី អូហ្សីម៉ា ប្រទេស​ជប៉ុន នោះ​ដៃគូ​ខ្ញុំ និង​ខ្ញុំ​ត្រេកអរ​ដែល​ដឹង​ថា​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នឹង​មក​ធ្វើ​ទស្សនកិច្ច​តំបន់​អាស៊ី ហើយ​សមាជិក​ទាំងអស់ ព្រមទាំង​អ្នក​ផ្សព្វផ្សាយសាសនា​នៅ​ប្រទេស​ជប៉ុន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​កាន់​ទីក្រុង​តូក្យូ ដើម្បី​ស្ដាប់​ព្យាការី​នៅ​ក្នុង​សន្និសីទ​ប្រចាំ​តំបន់​មួយ ។ សមាជិក​សាខា ដៃគូ​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់ផ្ដើម​ដាក់​ផែនការ​ដោយ​រំភើប​សម្រាប់​សន្និសីទ​នោះ មាន​ការជិះទូក​រយៈ​ពេល ១២ ​ម៉ោង ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​កើត​ទៅ​កាន់​ប្រទេស​ជប៉ុន បន្ទាប់​មក​ទៀត​ត្រូវ​ជិះ​រថភ្លើង ១៥​ម៉ោង​ទៀត​ដើម្បី​ទៅ​ទីក្រុង​តូក្យូ ។ តែ​គួរ​ឲ្យ​សោកស្ដាយ វាពុំ​អាច​ធ្វើ​ទៅបាន​ទេ ។ យើង​បាន​ទទួល​ដំណឹង​មក​ពី​ប្រធាន​បេសកកម្ម​របស់​យើង​ថា ដៃគូ​ខ្ញុំ និង​ខ្ញុំ​មិន​អាច​ទៅ​ចូលរួម​សន្និសីទ​នៅ​ទីក្រុង​តូក្យូ​ទេ ដោយសារ​តែ​ចម្ងាយ និង​ពេល​វេលា​ធ្វើ​ដំណើរ ។​

ខណៈ​ដែល​សមាជិក​ក្នុង​សាខា​តូច​របស់​យើង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តូក្យូ នោះ​ពួក​យើង​ត្រូវ​នៅ​ចាំ​ផ្ទះ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នោះ​មក វា​ហាក់​ដូច​ជា​ស្ងប់ស្ងាត់ និង​ឥតន័យ ។ យើង​បាន​ធ្វើ​ការប្រជុំ​សាក្រាម៉ង់​តែឯង​នៅក្នុង​រោងជំនុំ​ដ៏​តូច​នោះ ខណៈ​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ពួក​អ្នក​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ជប៉ុន​បាន​ចូលរួម​សន្និសីទ​នោះ ។

អារម្មណ៍​នៃ​ការខក​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មាន​ខ្លាំង​ឡើង ពេល​ខ្ញុំ​បាន​ស្តាប់​សមាជិក​សាខា​ត្រឡប់​មក​ពី​សន្និសីទ​វិញដោយ​ត្រេកអរ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​បាន​ប្រាប់​ថា ប្រធាន​ឃឹមបឹល​បាន​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​តូក្យូ ។ ពួកគេ​រំភើប​ចិត្ត​ជា​ខ្លាំង ពេល​ដែល​ពួកគេ​បាន​ចែកចាយ​ពី​ការសម្រេច​ក្ដី​សុបិន​របស់​ពួកគេ ។ ពួកគេ​បាន​ពិពណ៌នា​ពី​របៀប​ដែល​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អាច​ទប់​សេចក្ដី​អំណរ​របស់​ពួកគេ​ ពេល​ដែល​ឮ​ការប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ការទះដៃ​ក៏​ផ្ទុះ​ឡើង​ដោយ​ឯកឯង ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ខ្ញុំ​អាច​នៅ​ចងចាំ​ពី​ការ​ខកចិត្ត​ដែល​ខ្ញុំ​មាន​មក​ពី​ការ​នឹក​ដល់​ការ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នោះ ។

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​បទពិសោធន៍​នេះ កាលដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​មនុស្ស​ផ្សេង​ទៀត​ប្រឈម​នឹង​ការខកចិត្ត និង​ការ​សោកស្ដាយ​ធំធេង​ជាង​ខ្ញុំ ​កាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទៅទៀត— គឺ​មេរោគ​កូវីដ-១៩ រាតត្បាត​ទូទាំង​ពិភពលោក ។

នៅ​ដើម​ឆ្នាំ​នេះ ពេល​ដែល​មេជំងឺ​រាតត្បាត​បាន​រាលដាល​ខ្លាំង គណៈប្រធាន​ទីមួយ​បាន​សន្យា​ថា « សាសនា​ចក្រ និង​សមាជិក​នៃសាសនាចក្រ​នឹង​ប្តេជ្ញាចិត្ត​ដោយ​ស្មោះត្រង់ នៅក្នុង​ការ​ធ្វើ​ជា​ពលរដ្ឋ​ល្អ និង​អ្នក​ជិត​ខាង​ល្អ » ហើយ​នឹង « មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត » ។ ហេតុ​ដូច្នោះ​ហើយ យើង​បាន​ជួប​នូវ​ការផ្អាក​ការប្រជុំ​សាសនាចក្រ​ទូទាំង​ពិភពលោក ការបញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាង​ពាក់​កណ្ដាល​ឲ្យ​ត្រឡប់​មក​ប្រទេស​ពួកគេ​វិញ និង​ការបិទ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​នៅ​ទូទាំង​សាសនាចក្រ ។ បងប្អូន​រាប់​ពាន់​នាក់​កំពុង​រៀបចំ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់—រួម​ទាំង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ បងប្អូន​ផ្សេង​ទៀត​បាន​បញ្ចប់​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​បងប្អូន​មុន​កំណត់ ឬ​ត្រូវបាន​ដោះលែង​ជា​បណ្ដោះអាសន្ន ហើយ​ចាត់តាំង​ឡើងវិញ ។

អំឡុង​ពេល​នេះ រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ខាង​ផ្នែក​អប់រំ​បាន​បិទ​សាលា​ទាំងឡាយ—ដែល​​បាន​ផ្លាស់ប្តូរ​ការបញ្ចប់​ការសិក្សា ហើយ​បាន​បង្ខំ​ឲ្យ​មាន​ការលុប​ចោល​ព្រឹត្តិការណ៍ និង​សកម្មភាព​ទាក់ទង​នឹង​សាលា និង​កីឡា និង​វប្បធម៌​សង្គម​ផ្សេងៗ​ទៀត ។ បងប្អូន​ជា​ច្រើន​បាន​រៀបចំ​សម្រាប់​ព្រឹត្តការណ៍​ដែល​ពុំ​បាន​ចូល​រួម ការសម្ដែង ដែល​ពុំ​បាន​ឮ និង​រដូវកាល​កីឡា​ដែល​មិន​បាន​លេង ។

អ្វី​ដែល​កាន់តែ​សោកសៅ​ថែម​ទៀត​នោះ​ គឺ​ការគិត​អំពី​គ្រួសារ​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​អំឡុង​ពេល​នេះ ភាគច្រើន​មិន​អាច​ធ្វើ​ពិធី​បុណ្យ​សព ឬ​ការជួបជុំ​ដ៏​ទន់ភ្លន់​ផ្សេងៗ​ទៀត​ដូច​ដែល​ពួកគេ​សង្ឃឹមទេ ។

និយាយ​ឲ្យ​ខ្លី​ទៅ មាន​បងប្អូន​ជា​ច្រើន​នាក់​ណាស់ បាន​ជួប​នឹង​ការខកចិត្ត ទុក្ខព្រួយ និង​ការបាក់​ទឹក​ចិត្ត ។ ដូច្នេះ​តើ​យើង​ព្យាបាល ស៊ូទ្រាំ និង​ឆ្ពោះ​ទៅ​មុខ​នៅពេល​អ្វីៗ​ហាក់ដូចជា​ខ្ទេចខ្ទាំ​ដោយ​របៀប​ណា ?

ព្យាការី​នីហ្វៃ​បាន​ចាប់​ផ្ដើម​ឆ្លាក់​ផ្ទាំង​តូច នៅពេល​ដែល​គាត់​ធំឡើង ។ ពេល​ដែល​លោក​បាន​មើល​ត្រឡប់​ទៅ​ជីវិត និង​ការងារ​បម្រើ​របស់​លោក នោះ​លោក​បាន​ផ្ដល់​នូវ​ការឆ្លុះ​បញ្ចាំង​ដ៏​សំខាន់​មួយ នៅក្នុង​ខ​ទី​មួយ​នៃ​ព្រះគម្ពីរ​មរមន ។ ខគម្ពីរ​នេះ​មាន​គោលការណ៍​សំខាន់​មួយឲ្យ​យើង​ពិចារណា​នៅ​ក្នុង​ជំនាន់​យើង ។ បន្ទាប់​ពី​ពាក្យ​ពេចន៍​ដ៏​ល្បី​របស់​លោក​ដែល​ថា « ខ្ញុំ​នីហ្វៃ ដោយ​បាន​កើត​មក​ពី​ឪពុក​ម្ដាយល្អ » នោះ​លោក​សរសេរ​ថា « …ហើយ​ដោយ​បាន​ឃើញសេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​ខ្ញុំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ​ដែរ » ។

ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះគម្ពីរ​មរមន យើង​ស្គាល់​ពី​សេចក្ដី​ទុក្ខ​វេទនា​ជា​ច្រើន​ដែល​នីហ្វៃ​និយាយ​ដល់ ។ ប៉ុន្តែ​ក្រោយ​ពី​ការទទួល​ស្គាល់​អំពី​សេចក្ដី​ទុក្ខ​វេទនា​ទាំងឡាយ​របស់​លោក នៅក្នុង​ដំណើរ​ជីវិត​របស់​លោក នីហ្វៃ​ផ្ដល់​នូវ​ទស្សនៈ​ខាង​ដំណឹងល្អ​របស់​លោក​ថា គង់តែ​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​លោក​ដែរ ។ ពេល​វេលា​នៃ​សេចក្ដី​ទុក្ខ​វេទនា និង​ការខកចិត្ត ពុំ​ផ្លាស់ប្ដូរ​ព្រះនេត្រ​ចាំ​មើល​របស់​ព្រះអម្ចាស់​ទេ កាលដែល​ទ្រង់​ទត​មើល​យើង​ដោយ​ប្រោស​ប្រណី ប្រទាន​ពរជ័យ​ដល់​យើង ។

ថ្មីៗ​នេះ លីសា និង ខ្ញុំ​បាន​ជួប​ជាក់ស្ដែង​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា​ប្រហែលជា ៦០០ នាក់​នៅក្នុង​ប្រទេស​អូស្ត្រាលី ដែលពួកគេ​ភាគ​ច្រើន​ស្ថិត​នៅក្រោម​ការឃុំ ឬ​ការ​ដាក់​កំហិត​ដែល​ទាក់ទង​នឹង​កូវីដ ១៩ ហើយ​ពួកគេ​ជាច្រើន​ធ្វើការ​ពី​ផ្ទះ​របស់ពួកគេ ។ យើង​ពិចារណា​ជាមួយ​គ្នា​នៅ​ក្នុង​គម្ពី​រសញ្ញា​ថ្មី ព្រះគម្ពីរមរមន និង គោលលទ្ធិ និង​សេចក្ដីសញ្ញា​​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​​ឲ្យ​សម្រេច​នូវ​កិច្ចការ​ដ៏អស្ចារ្យនៅ​ក្នុង​សេចក្ដីទុក្ខ​វេទនា ។ អ្វីៗ​ទាំងអស់​ត្រូវ​បាន​កំណត់​បន្ថែម​តាមរយៈ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ ជាជាង​តាមរយៈ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដែលជា​លទ្ធផល​នៃ​ការដាក់កំហិត និង​ការ​ឃុំខ្លួន​ពួកគេនោះ ។

យើង​អាន​អំពី​ប៉ុល និង​ស៊ីឡាស ដែលខណៈ​នោះ​បាន​ជាប់​ក្នុង​គុក​ជ្រៅ បាន​អធិស្ឋាន ច្រៀង បង្រៀន ថ្លែង​ទីបន្ទាល់—ថែមទាំង​ជ្រមុជ​ទឹក​ឲ្យ​អ្នកយាម​គុក​ទៀត​ផង ។

ចំណែក​ឯ​ប៉ុល​វិញ នៅ​ទីក្រុង​រ៉ូម នៅក្រោម​ការជាប់​ឃុំ​នៅក្នុង​ផ្ទះ​អស់​ពីរ​ឆ្នាំ គាត់​នៅ​បន្ត « អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ »បង្រៀន​គ្រប់​ទាំង​សេចក្តី​ពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

នីហ្វៃ និង​លីហៃ ជា​កូន​ប្រុស​ហេលេមិន បន្ទាប់​ពី​ត្រូវបាន​គេ​បំពាន ហើយ​ដាក់​គុក ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភ្លើង​ការពារ​ពេល​ដែល « សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ … បាន​ចាក់​ទំ​លុះ [ អ្នក​ចាប់​ពួកគេ ] ទៅ​ដល់​ទាំង​ព្រលឹង » ។

អាលម៉ា និង​អាមូលេក​នៅ​ក្រុង​អាំម៉ូណៃហា បាន​ឃើញ​ថា​មនុស្ស​ជា​ច្រើន « ជឿ … ហើយ​បាន​ចាប់​ផ្ដើម​ប្រែចិត្ត ហើយ​ពិចារណា​មើល​បទគម្ពីរ​ទាំង​ឡាយ » សូម្បី​តែពួកគេ​ត្រូវបាន​គេ​ចំអក​ឲ្យ ហើយ​គ្មាន​ចំណី ទឹក ឬ​សម្លៀក​បំពាក់ ត្រូវ​គេ​ចង និង​ឃាំង​ក្នុង​គុក​ក្ដី ។

ហើយ​ចុងក្រោយ​គឺ យ៉ូសែប ស្ម៊ីធ កើតទុក្ខ​នៅក្នុង​គុគ​លីប៊ើធី ដោយ​មាន​អារម្មណ៍​ថា​ត្រូវបាន​បោះបង់ បន្ទាប់មក​បាន​ស្ដាប់​ឮព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា « គ្រប់​ការណ៍​ទាំង​នេះ … នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ »១០ហើយ « ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក​ជា​រៀង​ដរាប​ត​ទៅ » ។១១

ពួកគេ​ម្នាក់ៗ បាន​យល់​នូវ​អ្វី​ដែល​នីហ្វៃ​បាន​ដឹង ​៖ ទោះ​ជា​ពួកគេ​មាន​ក្ដីទុក្ខវេទនា​ក្នុង​ដំណើរជីវិត​ពួកគេ​ក៏ដោយ ក៏​ពួកគេ​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះអម្ចាស់ដែរ ។

យើង​ក៏​អាច​ទាញ​យក​ភាពដូច​គ្នា​នេះ​ក្នុង​នាម​ជា​សមាជិក​ម្នាក់ៗ និង​ជា​ព្រះវិហារ​មួយ ក្នុង​របៀប​ដែល​យើង​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់ អំឡុង​គ្រា​ដ៏​លំបាក​ដែល​យើង​បាន​ជួប​ជា​ច្រើន​ខែ​ចុងក្រោយ​នេះ ។ កាល​ដែល​ខ្ញុំ​ដកស្រង់​នូវ​គំរូ​ទាំងនេះ សូម​ឲ្យ​គំរូ​ទាំងនេះ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​បងប្អូន​ផងដែរ អំពី​ភាពជា​អ្នក​មើល​ឆុត​នៃ​ព្យាការី​ដែល​នៅ​រស់​របស់​យើង ដែល​បាន​រៀបចំ​យើង​ជាមួយ​នឹង​ការកែ​សម្រួល​នានា​ពី​មុន​តម្រុយ​នៃ​ជំងឺ​រាតត្បាត​ទៅ​ទៀត ដែល​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ដែល​បាន​កើត​ឡើង ។

ទី​មួយ ការផ្ដោត​កាន់តែ​ខ្លាំង​ទៅលើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ ។

កាល​ពី​ពីរ​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​ថា « យើង​បាន​ស៊ាំ​នឹង​ការគិតថា ‹ សាសនាចក្រ › ជា​អ្វី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​របស់​យើង ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​គេហដ្ឋាន ។ យើង​ចាំបាច់​ត្រូវ​កែសម្រួល​លំនាំ​នេះ ។… សាសនាចក្រ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន បាន​គាំទ្រ​ដោយ​អ្វី​ដែល​មាន​នៅក្នុង​អគារ​របស់​យើង… » ។១២ នេះ​ជា​ការកែសម្រួល​ប្រកប​ដោយ​ការព្យាករ ! ការរៀនសូត្រ​ដំណឹងល្អ​ក្នុង​គេហដ្ឋាន​បាន​ដាក់​ចូល​ក្នុង​ការអនុវត្ត ជាមួយ​នឹង​ការបិទ​សាលាប្រជុំ​ជា​បណ្ដោះ​អាសន្ន ។ ទោះបីជា​ពិភពលោក​ចាប់​ផ្ដើម​មាន​ភាព​ធម្មតា ហើយ​យើង​ត្រឡប់​មក​សាលជំនុំ​វិញ​ក្ដី យើង​នឹង​នៅតែ​ចង់​រក្សា​លំនាំ​នៃ​ការសិក្សា​ដំណឹងល្អ​នៅ​ផ្ទះ​របស់​យើង និង​លំនាំ​រៀនសូត្រ​ដែល​បាន​បង្កើត​អំឡុង​ជំងឺ​រាតត្បាត​នេះ ។

គំរូ​ទីពីរ​​អំពី​ការបាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​គឺ​ជា​វិវរណៈ​ទាក់ទង​នឹង ការងារ​បម្រើ​នៅក្នុង​មធ្យោបាយ​មួយ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​បរិសុទ្ធ ។

ក្នុង​ឆ្នាំ ២០១៨ ប្រធាន​ណិលសុន​បាន​ណែនាំ​ការងារ​បម្រើ​ជា​ការកែ​សម្រួល​មួយ « ក្នុង​របៀប​ដែល​យើង​មើល​ថែ​គ្នា​ទៅវិញ​ទៅមក » ។១៣ ជំងឺ​​រាតត្បាត​បាន​នាំ​ឲ្យ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​ការងារ​បម្រើ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង ។ បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ យុវជន និង​យុវនារី និង​អ្នក​ដទៃ​ទៀត​បាន​ឈោង​ទៅ​ជួយ​ថែទាំ​ទីធ្លា ផ្ដល់ទំនាក់ទំនង ការ​សន្ទនា អាហារ ផ្ញើ​សារ​តាម​បច្ចេកវិទ្យា និង​ពិធី​បរិសុទ្ធ​សាក្រាម៉ង់​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវការ ។ សាសនាចក្រ​ផ្ទាល់​ក៏​បាន​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត​អំឡុង​ជំងឺ​រាតត្បាត​នេះ​ជាមួយ​នឹង​ការបរិច្ចាគ​របស់​របរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់កន្លែង​អាហារ ​ទី​ជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង និង​មជ្ឈមណ្ឌល​គាំទ្រ​ជន​អន្តោប្រវេសន៍ ព្រម​ទាំង​ជាមួយ​គម្រោង​នានា​ដែល​ចាត់ចែង​ស្ថានភាព​កង្វះ​ស្បៀង​ធ្ងន់ធ្ងរ​បំផុត​នៅលើ​ពិភពលោក ។ បងប្អូន​ស្ត្រី​ក្នុង​សមាគម​សង្គ្រោះ និង​គ្រួសារ​ពួកគេ​បាន​ឆ្លើយ​តប​ដល់​ការអញ្ជើញ​ឲ្យ​ធ្វើ​ម៉ាស់​រាប់លាន​សម្រាប់​បុគ្គលិក​ថែទាំ​សុខភាព ។

គំរូ​ចុង​ក្រោយ​នៃ​ការ​ទទួល​ពរ​របស់​យើង ​អំឡុង​គ្រា​មិនអនុគ្រោះគឺ ការរកឃើញ​អំណរ​ជាខ្លាំង​នៅក្នុង​ការ​ត្រឡប់ទៅកាន់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​វិញ ។

ការណ៍​នេះ​ពិពណ៌នា​បាន​ល្អ​បំផុត​ជាមួយ​នឹង​រឿង​មួយ ។ ពេល​ស៊ីស្ទើរ ខេតលីន ផមម័រ បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​របស់​នាង​កាល​ពី​ខែ​មេសា​មុន​នេះ នាង​រំភើប​ចិត្ត​ដែល​ត្រូវបាន​ហៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ប៉ុន្តែ​បាន​មាន​អារម្មណ៍​ថា​វា​សំខាន់ និង​ពិសេស​ដូច​គ្នា​ក្នុង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​នាង និង​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​កំណត់​ពេល​សម្រាប់​អំណោយទាន​ពិសិដ្ឋ​របស់​នាង ការប្រកាស​បាន​មក​ដល់​ថា​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន ដោយសារ​តែជំងឺរាតត្បាត​ទូទាំង​ពិភពលោក ។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ដ៏​ខូចចិត្ត​នេះ នាង​បាន​ទទួល​ដំណឹង​ថា នាង​នឹង​ត្រូវ​ចូលរៀន​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ( MTC ) ​តាម​អ៊ីនធឺណិត​ពី​ផ្ទះ​របស់​នាង ។ ទោះ​ជា​មាន​ការខកចិត្ត​ទាំងអស់​នេះ​ក្ដី ក៏​ខេតលីន​បាន​ផ្ដោត​លើ​ការរក្សា​ស្មារតី​នាង​ឲ្យ​បាន​ខ្ពស់ ។

នៅក្នុង​ចន្លោះ​ខែ​ទាំងនេះ ស៊ីស្ទើរ​ផមម័រ​មិន​ដែល​បាត់បង់​ក្ដី​សង្ឃឹម​ក្នុង​ការចូល​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ គ្រួសារ​នាង​បាន​តម​អាហារ និង​អធិស្ឋាន ដើម្បី​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​បើក​មុន​ការចេញ​ដំណើរ​របស់​នាង ។ ជាញឹកញាប់ ខេតលីន​ចាប់ផ្ដើម​ព្រឹក​នៃ​ការបំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ផ្ទះ​របស់​នាង​ដោយ​ការនិយាយ​ថា « តើ​ថ្ងៃ​នេះ​នឹង​ជា​ថ្ងៃ​ដែល​យើង​ទទួល​អព្ភូតហេតុ​មួយ ហើយ​ព្រះវិហារ​បរិសុទ្ធ​បើក​វិញ​ឬ ? »

នៅ​ថ្ងៃ​ទី ១០ ខែ សីហា គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​របស់​ខេតលីន​នឹង​បើក​ឡើងវិញ​សម្រាប់​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់ នៅ​ចំ​ថ្ងៃ​ដែល​នាង​ត្រូវ​ហោះហើរ​ពេល​ព្រលឹម​ទៅកាន់​បេសកកម្ម​របស់​នាង​តែ​ម្ដង ។ នាង​នឹង​មិន​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទៅ​ទាន់​ជើង​ហោះហើរ​របស់​នាង​នោះ​ទេ ។ ជាមួយ​នឹង​ក្ដី​សង្ឃឹម​បន្តិច​បន្តួច​ថា​នឹង​បាន​ជោគជ័យ គ្រួសារ​នាង​បាន​ទាក់ទង​ទៅ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ម៉ៃឃើល វិលលីងហ្កា ដើម្បី​មើល​ថា​បើ​មាន​មធ្យោបាយ​ណា​មួយ ដែល​អព្ភូតហេតុ​ដែល​ពួកគេ​បាន​អធិស្ឋាន​សូម​នោះ​អាច​ត្រូវបាន​ឆ្លើយ​តប ។ ការតម​អាហារ និង​ការអធិស្ឋាន​របស់​ពួក​គេ​ត្រូវបាន​ឆ្លើយតប !

នៅ​ម៉ោង ២ ព្រឹក តែ​ប៉ុន្មាន​ម៉ោង​ពីមុន​ជើង​ហោះហើរ​របស់​នាង ទាំង​ទឹកភ្នែក ស៊ីស្ទើរ​ផមម័រ និង​គ្រួសារ​នាង​បាន​ទទួល​ការស្វាគមន៍​ដោយ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ញញឹម​ពព្រាយ ដោយ​ពោល​ពាក្យ​ថា « អរុណសួរស្ដី គ្រួសារ​ផមម័រ ! » ស្វាគមន៍​មកកាន់​ព្រះវិហារបរិសុទ្ធ ! ពេល​នាង​បាន​បញ្ចប់​អំណោយទាន​ពិសិដ្ឋ​របស់​នាង ពួកគេ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យចេញ​ឲ្យ​បាន​ឆាប់ ដោយសារ​គ្រួសារ​បន្ទាប់​ទៀត​កំពុង​រង់ចាំ​នៅ​មាត់​ទ្វារ​ព្រះវិហារបរិសុទ្ធ ។ ពួកគេ​បើក​ឡាន​ទៅ​ព្រលាន​យន្តហោះ​តែ​ម្ដង ទាន់ពេល​ឡើង​យន្តហោះ​ទៅ​បេសកកម្ម​របស់​នាង ។

ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​បាន​ខកខាន​ជា​ច្រើន​ខែ​មក​នេះ ហាក់​ដូច​ជា​កាន់តែ​ផ្អែមល្ហែម​ជាង​ដែល​យើង​បាន​មើល​ឃើញ​ពី​មុន​មក កាលដែល​ព្រះវិហារ​នៅ​ជុំវិញ​ពិភពលោក​បើក​ឡើង​វិញ​ជា​ដំណាក់​កាល ។

កាលខ្ញុំ​បញ្ចប់ សូម​ស្ដាប់​ប្រសាសន៍​ដ៏​លើក​ទឹកចិត្ត សាទរ លើកស្ទួយ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ គ្មាន​នរណា​ម្នាក់​ទាយ​ថា លោក​បាន​សរសេរ​វា​នៅក្នុង​សេចក្ដី​ទុក្ខ​វេទនា និង​នៅ​ដាច់​ពី​គេ ត្រូវបានបង្ខំ និង​ដាក់​កំហិត​ឲ្យ​នៅ​ផ្ទះ​នៅ​ទីក្រុង​ណៅវូ កំពុង​លាក់​ខ្លួន​ពី​ពួក​អ្នក​ដែល​ស្វែងរក​ចាប់​ខ្លួន​លោក​ដោយ​ខុស​ច្បាប់​នោះ​ទេ ។

« ឥឡូវ​នេះ តើ​យើង​ឮ​អ្វី​នៅ​ក្នុង​ដំណឹងល្អ ដែល​យើង​បាន​ទទួល​នោះ ? គឺ​សំឡេង​រីករាយ ! គឺ​សំឡេង​នៃ​សេចក្ដី​មេត្តាករុណា​ពី​ស្ថានសួគ៌ ហើយ​ជា​សំឡេង​នៃ​សេចក្ដី​ពិត​ចេញ​ពី​ផែនដី ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ពួក​អ្នក​ស្លាប់ ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ ជា​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​ដ៏​ធំ ។…

« … តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ … ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យជម្នះ ! ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​អរ​សប្បាយ ហើយ​រីករាយ​ជា​អតិបរមា​ចុះ ។ ចូរ​ឲ្យ​ផែនដី​ទម្លាយ​សំឡេង​ច្រៀង​ចេញ​មក » ។១៤

បងប្អូន​ប្រុសស្រី ខ្ញុំ​ជឿ​ថា ថ្ងៃ​មួយ បងប្អូន​ម្នាក់ៗ​នឹង​មើល​ត្រឡប់​ទៅ​ព្រឹត្តិការណ៍​ដែល​បាន​លុបចោល​ទាំងឡាយ ភាពសោកសៅ ការខកចិត្ត និង​ភាពឯកោ ដែល​មាន​ដោយសារ​តែ​គ្រា​ឧបសគ្គ​នេះ ​ឃើញ​ថា​វា​ត្រូវបាន​គ្រប​ដោយ​ពរជ័យ​ជម្រើស ហើយ​ចម្រើន​ជំនឿ និង​ទីបន្ទាល់​កាន់តែ​ខ្លាំង ។ ខ្ញុំ​ជឿ​ថា នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត សេចក្ដី​ទុក្ខ​វេទនា​របស់​បងប្អូន ទីក្រុង​អាំម៉ូណៃហា​របស់​បងប្អូន គុគ​លីប៊ើធី​របស់​បងប្អូន នឹង​ត្រូវបាន​ឧទ្ទិស​សម្រាប់​សេចក្ដី​រីកចម្រើន​របស់​បងប្អូន​វិញ ។១៥ ខ្ញុំ​អធិស្ឋាន​ព្រមជាមួយ​នីហ្វៃ​ថា សូម​ឲ្យ​យើង​ទទួល​ស្គាល់​ការរងទុក្ខ​ទាំងឡាយ​នៅ​ក្នុង​ដំណើរជីវិត​យើង ព្រមទាំង​ទទួល​ស្គាល់​ថា យើង​ជាទី​សព្វព្រះទ័យ​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ព្រះអង្គ​ផ្ទាល់​បាន​ស្គាល់​នូវការ​រងទុក្ខ ហើយជា​ចំណែក​នៃ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់ទ្រង់​បាន​យាង​ចុះ​ក្រោម​គ្រប់ទាំងអស់ ។១៦ ទ្រង់​យល់​អំពី​ទុក្ខព្រួយ ការឈឺចាប់ និង​ការ​អស់​សង្ឃឹម​របស់​យើង ។ ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះ​ប្រោស​លោះ​ជា​ក្ដីសង្ឃឹម​ការលួងលោមចិត្ត និង​ជា​អង្គ​ដ៏​ប្រោស​ឲ្យ​រួច​របស់​យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់​អំពីការណ៍នេះ នៅក្នុងព្រះនាមដ៏បរិសុទ្ធ​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។