ឆ្នាំ ២០១០-២០១៩
ចូរ​យើង​ខិតខំ​ទៅ
កំណត់ចំណាំ​នៅ​បាត

Hide Footnotes

បាវចនា

ចូរ​យើង​ខិតខំ​ទៅ

បំណង​ប្រាថ្នា​របស់​បងប្អូន​ដើម្បី​គោរព នឹង​មាន​កាន់តែ​ខ្លាំង​នៅពេល​បងប្អូន​ចងចាំ ហើយ​នឹក​គិត​អំពី​អ្វី​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​កាល​ពី​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ នៅពេល​យើង​មក​ដល់​ពេល​បញ្ចប់​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំ​សូម​ចូល​រួម​នឹង​បងប្អូន​ចំពោះ​ព្រះអម្ចាស់​សម្រាប់ការ​ដឹកនាំ​និង​ឥទ្ធិពល​ដ៏​បំផុសគំនិត​របស់​ទ្រង់ ។ តន្ត្រី​ប្រគំ​ឡើង​យ៉ាង​ពីរោះ ហើយ​មាន​ភាព​លើក​តម្កើង ។ សារលិខិត​ទាំងឡាយ​ពុំ​គ្រាន់តែ​ស្អាង​យើង​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្លាស់ប្ដូរ​ជីវិត​ផងដែរ !

នៅក្នុង​ជំនុំ​មុតមាំ យើង​បាន​គាំទ្រ​គណៈប្រធាន​ទីមួយ​ថ្មី ។ បុរស​ពីរនាក់​ដ៏​អស្ចារ្យ​បាន​ដាក់​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ ហើយ​ពួក​ចិត​សិប​នាក់​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី​ចំនួន​ប្រាំ​បី​រូប​ត្រូវ​បាន​ហៅ ។

ឥឡូវ​ទំនុកតម្កើង​ដ៏​ល្អ​សង្ខេប​អំពី​សេចក្ដីសម្រេច​ខិតខំ​ជាថ្មី សំណូមពរ និង​ការទទួល​ខុសត្រូវ​របស់​យើង​ដើម្បី​ឆ្ពោះទៅ​មុខ ៖

ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់

ដើម្បី​កាល​ដាច់​ជីវិត​យើង​នឹង​បាន​ទទួល​រង្វាន់

ចូរ​យើង​កាន់​ដាវ​ច្បាំង​សម្រាប់​សេចក្ដី​ទៀងត្រង់

ជា​ដាវ​នៃ​សេចក្ដីពិត ។

ចូរ​កុំ​ខ្លាច​ទោះជា​ខ្មាំង​សត្រូវ​ចំអក

ចូរ​ក្លាហាន​ព្រោះ​ព្រះអម្ចាស់​នៅ​ខាង​យើង

យើង​នឹង​មិន​ស្ដាប់​តាម​សម្ដី​ពួក​ទុច្ចរិត​វាចា​

តែ​យើង​នឹង​គោរព​តែ​ព្រះ​ប៉ុណ្ណោះ ។

ខ្ញុំ​សូម​ដាស់​តឿន​ដល់​បងប្អូន​ឲ្យ​សិក្សា​សារលិខិត​សន្និសីទ​នេះ​ឲ្យ​បាន​ញឹកញាប់—សិក្សា​ឡើង​វិញ—អំឡុង​ប្រាំមួយ​ខែ​ក្រោយ ។ សូម​ស្វែងរក​វិធី​ប្រកប​ដោយ​មនសិការ​ដើម្បី​បញ្ចូល​សារលិខិត​ទាំងនេះ​នៅក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ​របស់​បងប្អូន ការ​បង្រៀន​ដំណឹង​ល្អ​របស់​បងប្អូន ការ​សន្ទនា​របស់​បងប្អូន​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ និង​នៅក្នុង​ការ​ពិភាក្សា​របស់​បងប្អូន​ជាមួយ​នឹង​អ្នក​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង ។ មនុស្ស​ល្អៗ​ជាច្រើន​នឹង​ឆ្លើយតប​ចំពោះ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​សន្និសីទ​នេះ នៅពេល​វា​ផ្ដល់​ឲ្យ​ដោយ​ក្ដីស្រឡាញ់ ។ ហើយ​បំណង​ប្រាថ្នា​របស់​បងប្អូន​ដើម្បី​គោរព នឹង​មាន​កាន់តែ​ខ្លាំង​នៅពេល​បងប្អូន​ចងចាំ ហើយ​នឹក​គិត​អំពី​អ្វី​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​កាល​ពី​ពីរថ្ងៃ​កន្លង​ទៅ​នេះ ។

សន្និសីទ​ទូទៅ​នេះ​គូស​ចំណាំ​នូវ​ការ​ចាប់ផ្ដើម​នៃ យុគ​សម័យ​ថ្មី​មួយ​នៃ​ការ​ធ្វើ​ការងារ​បម្រើ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការ​កែ​តម្រូវ​ដ៏​សំខាន់​តាម​របៀប​ដែល​យើង​អាច​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ។ បងប្អូន​ប្រុស​ស្រី—ទាំង​ចាស់​ទាំង​ក្មេង—នឹង​បម្រើ​គ្នា​តាម​របៀប​ថ្មី ហើយ​កាន់​តែ បរិសុទ្ធ ។ កូរ៉ុម​អែលឌើរ​នឹង​ត្រូវ​បាន​ពង្រឹង​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បុរស ស្ត្រី និង​កុមារ​នៅ​ជុំវិញ​ពិភពលោក ។ បងប្អូន​ស្រី​ក្នុង​សមាគម​សង្គ្រោះ​នឹង​បន្ត​ធ្វើ​ការងារ​បម្រើ​តាម​របៀប​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​វិសេស​របស់​ខ្លួន ដោយ​ផ្ដល់​ឱកាស​ដល់​ប្អូន​ស្រី​វ័យ​ក្មេង​ដើម្បី​ចូល​រួម​នឹង​ពួកគេ​ដូច​ដែល​បាន​ចាត់​តាំង​យ៉ាង​សមរម្យ ។

សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំង​នៅ​សង្ខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ។

នៅទីបំផុត ភាព​លើក​តម្កើង​តម្រូវ​ឲ្យ​យើង​មាន​ភក្ដីភាព​ក្នុង​ពេល​ឥឡូវ​នេះ​ចំពោះ​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ទទួល​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅ​ពេល​នេះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥៩ ដែល​កំពុង​ដំណើរ​ការ ហើយ​ច្រើន​ទៀត​កំពុង​សាង​សង់ ។ យើង​ចង់​នាំ​យក​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​នៅ​ជិត​នឹង​សមាជិក​សាសនាចក្រ ។ ដូច្នេះ​ឥឡូវ​នេះ យើង​រីករាយ​ដើម្បី​ប្រកាស​នូវ​គម្រោង​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំពីរ​បន្ថែម​ទៀត ។ ព្រះវិហារ​បរិសុទ្ធ​ទាំង​នោះ​នឹង​មាន​ទីតាំង​នៅក្នុង​តំបន់​ដូច​តទៅនេះ ៖ សាលតា អាហ្សង់ទីន, បង់ហ្គាលូរ៉ូ ឥណ្ឌា, ម៉ាណាហ្គៅ នីខារ៉ាហ្គៅ, ខាហ្គាយ៉ាន ឌឺ អូរូ ហ្វីលីពិន, ឡេតុន យូថាហ៍ រីចម៉ន វើរជីញ៉ា និង​ទីក្រុង​ធំ​មួយ​ដែល​ទើបតែ​បាន​កំណត់​នៅ​ប្រទេស​រុស្ស៊ី ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​ប្រហែល​ជា​ពុំ​អាច​ផ្លាស់​ប្ដូរ​ជីវិត​បងប្អូន​បាន​ទេ ប៉ុន្តែ​ពេលវេលា​ដែល​បងប្អូន​ចំណាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​របស់​បងប្អូន ។ នៅ​ក្នុង​ស្មារតី​នោះ ខ្ញុំ​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ​ស្គាល់​អំពី​រឿងទាំងឡាយ​ដែល​បងប្អូន​អាច​ទុក​មួយ​អន្លើរ​សិន ដើម្បី​បងប្អូន​អាច​ចំណាយ​ពេល​កាន់តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ​មាន​ភាព​សុខុដុម និង​សេចក្ដីស្រឡាញ់​កាន់តែ​ខ្លាំង​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន និង​មាន​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង​ដើម្បី​យកចិត្ត​ទុកដាក់​ចំពោះ​ទំនាក់ទំនង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​បងប្អូន ។ ខ្ញុំ​សូម​ផ្តល់ពរ​ដល់​បងប្អូន​ឲ្យ​មាន​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះអម្ចាស់ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​ដើរ​តាម​ទ្រង់ ក្នុង​នាម​ជា​សិស្ស​ពិត​របស់​ទ្រង់ ។

ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​បន្លឺ​សំឡេង​ថ្លែង​ទីបន្ទាល់ ដូច​ជា​ខ្ញុំ​ធ្វើ​ឥឡូវ​នេះ ដើម្បី​យើង​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ! ព្រះយេស៊ូវ​គឺ​ជាព្រះគ្រីស្ទ ។ នេះគឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ដែល​ទ្រង់​ដឹកនាំ​តាមរយៈ​ពួក​អ្នកបម្រើ​ដែល​បាន​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ។ ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​គ្រប់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។