ឆ្នាំ ២០១០-២០១៩
យុវនារី​នៅ​ក្នុង​កិច្ចការ
ខែ មេសា ឆ្នាំ ២០១៨


យុវនារី​នៅ​ក្នុង​កិច្ចការ

យុវនារី​គ្រប់រូប​នៅក្នុង​សាសនាចក្រ​គួរ​តែ​មាន​អារម្មណ៍​ថា​មាន​តម្លៃ មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ ហើយ​មាន​អារម្មណ៍​ថា​នាង​មាន​អ្វី​មួយ​មាន​តម្លៃ​ដើម្បី​បរិច្ចាគ​នៅក្នុង​កិច្ចការ​នេះ ។

មួយ​ឆ្នាំ​កន្លងទៅ នៅក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ទូទៅ​ក្នុង​សន្និសីទ ប៊ីស្សព ហ្គែរ៉ល កូសសែ បាន​និយាយ​ទៅកាន់​បុរស​នៅក្នុង​សាសនាចក្រ ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក​គឺ​ជា​ដៃគូ​ជិត​ស្និត​នៅក្នុង​ការ​សម្រេច​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ សារលិខិត​នោះ​ជា​ពរជ័យ​ដ៏​មហិមា​មួយ​នៅ​ក្នុងការ​ជួយ​ដល់​យុវជន​ដែល​កាន់​បព្វជិតភាព​អើរ៉ុន​មើល​ឃើញ​ចំណែក​ដែល​ពួកគេ​មាន​នៅក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ ការ​បម្រើ​រួម​គ្នា​របស់​ពួកគេ​ពង្រឹង​ដល់​សាសនាចក្រ ហើយ​នាំ​មក​នូវការ​ប្រែចិត្តជឿ និង​ការ​តាំង​ចិត្ត​កាន់តែ​មុតមាំ​នៅក្នុង​ដួងចិត្ត​របស់​យុវជន​យើង នៅពេល​ពួកគេ​មើល​ឃើញ​តម្លៃ​នៃ​ការ​បរិច្ចាគ​របស់​ពួកគេ និង​សារៈសំខាន់​នៃ​កិច្ចការ​នេះ ។

ថ្ងៃនេះ ខ្ញុំ​ចង់​បន្ថែម​ការនិយាយ​របស់​ខ្ញុំ​ទៅ​លើ​សារលិខិត​នោះ នៅពេល​ខ្ញុំ​និយាយ​អំពី​យុវនារី​ក្នុង​សាសនាចក្រ​ដែល​ចាំបាច់ និង​សំខាន់​ដូចគ្នា​នៅក្នុង​ការ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ក្រុមគ្រួសារ និង​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

ក៏​ដូចជា​ប៊ីស្សព កូសសែ ដែរ ខ្ញុំ​រស់នៅ​ក្នុង​សាខា​តូច​មួយ​អំឡុង​ពេល​ដ៏​ល្អ​នៃ​យុវវ័យ​របស់​ខ្ញុំ ហើយ​ជាញឹកញាប់ ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​បំពេញ​ការ​ចាត់តាំង និង​ការ​ហៅ​ដែល​ជា​ធម្មតា​ត្រូវ​ធ្វើ​ដោយ​មជ្ឈិមវ័យ ។ ឧទាហរណ៍ ពួក​យើង​ដែល​នៅ​ក្នុង​កម្មវិធី​យុវវ័យ ជាញឹកញាប់​ជួយ​រៀបចំ ហើយ​ដឹកនាំ​សកម្មភាព និង​ព្រឹត្តការណ៍​ពិសេស​របស់​យើង ។ ពួក​យើង​សរសេរ​រឿង​សម្ដែង បង្កើត​ក្រុមចម្រៀង​ដើម្បី​នាំ​ការកម្សាន្ដ​ក្នុង​សកម្មភាព​សាខា ហើយ​ចូលរួម​ពេញលេញ​នៅក្នុង​ការប្រជុំ​ទាំង​អស់ ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ភ្លេង​ក្នុង​សាខា ហើយ​ដឹកនាំ​ការ​ច្រៀង​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​រាល់​សប្ដាហ៍ ។ វា​ជា​បទពិសោធន៍​ដ៏​ល្អ​ចំពោះ​យុវនារី​អាយុ ១៦ ឆ្នាំ​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់រូប​ក្នុង​សាខា​រាល់​ថ្ងៃ​អាទិត្យ ដឹកនាំ​ពួកគេ​ច្រៀង​ទំនុកតម្កើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​សំខាន់ ហើយ​ដឹង​ថា​ខ្ញុំ​មាន​អ្វី​មួយ​ដើម្បី​បរិច្ចាគ ។ មនុស្ស​ពឹងផ្អែក​មក​លើ​ខ្ញុំដើម្បី​មាន​វត្តមាន​នៅ​ទីនោះ ហើយ​ខ្ញុំ​ចូលចិត្ត​អារម្មណ៍​ថា​ខ្លួន​មាន​ប្រយោជន៍ ។ បទពិសោធន៍​នោះ​បាន​ជួយ​ស្ថាបនា​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដូចជា​អ្វី​មាន​ចំពោះ​ប៊ីស្សព កូសសែ វា​បាន​ជួយ​ពង្រឹង​ជីវិត​ខ្ញុំ​នៅក្នុង​ការ​បម្រើ​ក្នុង​ដំណឹងល្អ ។

សមាជិក​ម្នាក់ៗ​គួរ​តែ​ដឹង​ថា​គាត់​សំខាន់​ប៉ុណ្ណា ។ មនុស្ស​ម្នាក់ៗ​មាន​អ្វី​មួយ​សំខាន់​ដើម្បី​បរិច្ចាគ ហើយ​មាន​ទេពកោសល្យ និង​សមត្ថភាព​ពិសេស​ដើម្បី​ជួយ​កំរិល​កិច្ចការ​សំខាន់​នេះ​ឆ្ពោះ​ទៅមុខ ។ យុវជន​របស់​យើង​មាន​កាតព្វកិច្ច​បព្វជិតភាព​អើរ៉ុន ត្រូវ​បាន​គេ​មើល​ឃើញ ដែល​បាន​ពិពណ៌នា​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ។ ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ អាច​នឹង​ពុំ​សូវ​មើល​ឃើញ​យុវនារី​នៅក្នុង​សាសនាចក្រ ចាប់តាំងពី​ពេលពួក​គេ​ទទួល​បុណ្យ​ជ្រមុជទឹក យុវនារី​បាន​ចុះ​សេចក្ដីសញ្ញា​មាន​ការទទួល​ខុសត្រូវ​ដើម្បី « ទួញយំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ត​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់សេចក្ដី និង​គ្រប់ទីកន្លែង​ដែល [ ពួកគេ ] បាន​នៅ​រហូត​ដល់​ពេល​ស្លាប់ » ។ យុវនារី​មាន​ឱកាស​ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ទាំងនេះ​នៅ​ក្នុង​វួដ និង​សាខា និង​នៅពេល​ពួកគេ​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ថ្នាក់ នៅក្នុង​ក្រុម​ប្រឹក្សា​យុវវ័យ និង​នៅក្នុង​ការហៅ​បម្រើ​ដទៃ​ទៀត ។ យុវនារី​គ្រប់រូប​នៅក្នុង​សាសនាចក្រ​គួរ​តែ​មាន​អារម្មណ៍​ថា​មាន​តម្លៃ មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ ហើយ​មាន​អារម្មណ៍​ថា​នាង​មាន​អ្វី​មួយ​មាន​តម្លៃ​ដើម្បី​បរិច្ចាគ​នៅក្នុង​កិច្ចការ​នេះ ។

នៅក្នុង ក្បួន​ខ្នាត​ភាគ ២ យើង​បាន​រៀន​ថា កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​នៅក្នុង​វួដ​របស់​យើង​រួមមាន « កិច្ចការ​អ្នក​ផ្សព្វផ្សាយសាសនា​របស់​សមាជិក ការ​ថែរក្សាអ្នក​ផ្លាស់​ប្រែចិត្ត​ជឿ ការធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​ឲ្យ​សកម្ម​ឡើង​វិញ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ និងការ​បង្រៀន​ដំណឹង​ល្អ » ។ កិច្ចការ​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​ប៊ីស្សព​ស្មោះត្រង់​របស់​យើង ដែល​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​វួដ​របស់​ពួកគាត់ ។ អស់ជា​ច្រើន​ឆ្នាំ​មក​ហើយ ឥឡូវ​គណៈប្រធាន​របស់​យើង​បាន​សួរ​សំណួរ​ថា « តើ​មាន​ផ្នែក​ណា​មួយ​ដែល​បាន​លើក​ឡើង​ទាំងនេះ គួរ​តែ​យុវនារី​របស់​យើង កុំ ចូលរួម ? » ចម្លើយ​គឺ​ថា កិច្ចការ​ទាំងឡាយ​មាន​អ្វី​មួយ​ដើម្បី​បរិច្ចាគ​នៅ​ក្នុង គ្រប់ ផ្នែក​ទាំងអស់​នៃ​កិច្ចការ​នេះ ។

ឧទាហរណ៍ ថ្មីៗ​នេះ​ខ្ញុំ​បាន​ជួប​នឹង​យុវនារី​ជាច្រើន​នៅ​តំបន់ ឡាស្វេហ្គាស ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ពួក​អ្នក​ផ្ដល់​ប្រឹក្សា​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ។ ពួកគេ​មាន​ភាព​ក្លៀវក្លា​អំពី​រឿង​ដែល​ពួកគេ​អាច​បង្រៀន និង​ជួយ​សមាជិក​ក្នុង​វួដ​របស់​ពួកគេ​ស្វែងរក​ជីដូនជីតា​ពួកគេ​នោះ ។ ពួកគេ​មាន​ជំនាញ​ដ៏​មាន​តម្លៃ​ខាង​កុំព្យូទ័រ បាន​រៀន​អំពី​របៀប​ប្រើ​កម្មវិធី FamilySearch ហើយ​មាន​ចិត្ត​រំភើប​ដើម្បី​ចែកចាយ​ចំណេះដឹង​នោះ​ជាមួយ​អ្នកដទៃ ។ វា​បង្ហាញ​ច្បាស់​ថា ពួកគេ​មាន​ទីបន្ទាល់ និង​ការ​យល់​ដឹង​អំពី សារៈសំខាន់​នៃ​ការ​ស្វែងរក​ឈ្មោះ​សម្រាប់​ជីដូនជីតា​ដែល​ស្លាប់​ទៅ​របស់​យើង ដើម្បី​ឲ្យ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ដ៏​សំខាន់ៗ​អាច​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ជា​ច្រើនខែ​កន្លង​ទៅ ខ្ញុំ​មាន​ឱកាស​ដើម្បី​សាកល្បង​គំនិត​មួយ​ជាមួយ​នឹង​យុវនារី​អាយុ ១៤ ឆ្នាំ​ម្នាក់ ។ ខ្ញុំ​ទទួល​បាន​សំណៅ​របៀបវារៈ​ក្រុមប្រឹក្សា​វួដ​ជាក់ស្ដែង​ចំនួន​ពីរ ហើយ​បាន​ឲ្យ​ទៅ អិមម៉ា និង មែកហ្គី ម្នាក់​មួយ​ច្បាប់ ។ ខ្ញុំ​សុំ​ឲ្យ​ពួកគេ​អាន​របៀប​វារៈ ហើយ​មើល​ថា​តើ​មាន​សកម្មភាព​ណា​មក​ពី​ក្រុមប្រឹក្សា​វួដ​ដែល​ពួកគេ​អាច​ធ្វើការ​បម្រើ ។ អិមម៉ា​បាន​មើល​ឃើញ​ថា គ្រួសារ​ថ្មី​បាន​ផ្លាស់មក​ក្នុង​វួដ ហើយ​នាង​និយាយ​ថា នាង​អាច​ជួយ​ពួកគេ​រៀបចំ​អីវ៉ាន់​ចូល​ផ្ទះ ។ នាង​បាន​គិត​ថា នាង​អាច​ធ្វើជា​មិត្ត​នឹង​កូនៗ​ក្នុង​គ្រួសារ​នោះ ហើយ​បង្ហាញ​ពួកគេ​អំពី​សាលា​រៀន​ថ្មី​របស់​ពួកគេ ។ នាង​បាន​មើល​ឃើញ​ថា​មាន​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​វួដ​នៅ​ពេល​ខាង​មុខ ហើយ​មាន​អារម្មណ៍​ថា មាន​របៀប​ជាច្រើន​ដែល​នាង​អាច​ធ្វើ​ការ​បម្រើ ។

មែកហ្គី បាន​មើល​ឃើញ​ថា មាន​មនុស្ស​ចំណាស់​ជា​ច្រើន​នៅ​ក្នុង​វួដ​ដែល​ត្រូវការ​ការ​ទៅ​សួរសុខទុក្ខ និង​ការ​តាមដាន ។ នាង​បាន​និយាយ​ថា នាង​ចូលចិត្ត​ទៅ​សួរ​សុខទុក្ខ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​សមាជិក​ចំណាស់ៗ​ដ៏​ល្អៗ​ទាំងនេះ ។ នាង​ក៏​មាន​អារម្មណ៍​ផងដែរ​ថា នាង​អាច​ជួយ​បង្រៀន​សមាជិក​វួដ​អំពី​របៀប​បង្កើត និង​ប្រើ​គណនី​គេហទំព័រ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ។ នៅក្នុង​របៀប​វារៈ​ទាំងនោះ​ពុំ​មាន​អ្វី​ណា​មួយ​ដែល​ថា​យុវនារី​ទាំងពីរ​នាក់​នេះ​ពុំ​អាច ជួយ​នោះ​ទេ !

តើ​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុមប្រឹក្សា​វួដ ឬ​មាន​ការហៅ​បម្រើ​ដទៃ​ទៀត​នៅក្នុង​វួដ មើលឃើញ​យុវនារី​ទាំងនេះ​ជា​ធនធាន​ដ៏​មាន​តម្លៃ​ដើម្បី​ជួយ​បំពេញ​តម្រូវការ​ជាច្រើន​នៅក្នុង​វួដ​របស់​យើង​ឬទេ ? តាម​ធម្មតា មាន​បញ្ជី​ដ៏​វែង​អំពី​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​មាន​នរណា​ម្នាក់​បម្រើ ហើយ​ជា​ញឹកញាប់​យើង​គិត​តែ​អំពី​មជ្ឈិមវ័យ​នៅក្នុង​វួដ​ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ​ប៉ុណ្ណោះ ។ ក៏​ដូចជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​របស់​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ឪពុក​របស់​ពួកគេ និង​បុរស​ដទៃ​ទៀត​ក្នុង​បព្វជិតភាព​មិកគីស្សាដែក​ដែរ យុវនារី​របស់​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ផ្ដល់​ការ​បម្រើ ហើយ​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​សមាជិក​វួដ​ជាមួយ​នឹង​ម្ដាយ​ពួកគេ ឬ​បងប្អូន​ស្ត្រី​ជា​គំរូ​ដទៃ​ទៀត ។ ពួកគេ​មាន​សមត្ថភាព ចង់​ធ្វើការ ហើយ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​យ៉ាង​ច្រើន​ជាង​ការគ្រាន់តែ​មក​ចូលរួម​ក្នុង​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ទៅទៀត !

រូបភាព
យុវនារី​កំពុង​ជួយ​ជាមួយ​នឹង​គ្រឿងទេស
រូបភាព
យុវនារី​កំពុង​បម្រើ
រូបភាព
យុវនារី​កំពុង​ជួយ​ជាមួយ​នឹងកុំព្យូទ័រ
រូបភាព
យុវនារី​កំពុង​សម្អាត
រូបភាព
យុវនារី​កំពុង​ដឹកនាំ​តន្ត្រី
រូបភាព
យុវនារី​កំពុង​បង្រៀន
រូបភាព
យុវនារី​ពាក់​អាវ​ដៃជំនួយ
រូបភាព
យុវនារី​​ស្វាគមន៍​នៅ​ឯ​ព្រះវិហារ

នៅពេល​យើង​ពិចារណា​អំពី​តួនាទី​ដែល​យុវនារី​របស់​យើង​នឹង​រំពឹងទុក​ឲ្យ​ធ្វើ​ការ​នៅ​ពេល​ខាង​មុខ នោះ​យើង​អាច​សួរ​ខ្លួន​យើង​អំពី​បទពិសោធន៍​ប្រភេទ​ណា​ដែល​យើង​អាច​ផ្ដល់​ទៅ​ឲ្យ​ពួកគេ​នា​ពេល​នេះ ដែល​នឹង​ជួយ​រៀបចំ​ពួកគេ​ដើម្បី​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ចេះ​ដឹង​ខាង​ដំណឹងល្អ ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ អង្គការ​ជំនួយ អ្នក​ធ្វើ​កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​ភរិយា ជា​ម្ដាយ ជា​អ្នកប្រឹក្សា គំរូ និង​ជា​មិត្ត ។ តាម​ធម្មតា ពួកគេ​អាច​ចាប់​ផ្ដើម​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​បំពេញ​តួនាទី​ជាច្រើន​ទាំងនោះ ។ ជា​ញឹកញាប់ យុវវ័យ​ត្រូវ​បាន​សុំ​ឲ្យ​ជួយ​បង្រៀន​មេរៀន​នៅ​ថ្ងៃអាទិត្យ​នៅក្នុង​ថ្នាក់​របស់​ពួកគេ ។ ឥឡូវ​មាន​ឱកាស​ជាច្រើន​សម្រាប់​យុវនារី​របស់​យើង​ធ្វើការ​បម្រើនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ពី​មុន​បំពេញ​ដោយ​អ្នក​ធ្វើ​ពិធី​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​អ្នក​ស្ម័គ្រចិត្ត នៅពេល​ពួកគេ​ចូលរួម​ជាមួយ​នឹង​ក្រុមយុវវ័យ​របស់​ពួកគេ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់ ។ យុវនារី​ដែល​មាន​វ័យ​ក្នុង​ថ្នាក់​កុមារ​របស់​យើង ឥឡូវ​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​ប្រជុំ​រៀបចំ​បព្វជិតភាព ដែល​នឹង​ជួយ​ពួកគេ​យល់​ថា ពួកគេ​ក៏​ជា​អ្នក​ចូលរួម​ដ៏​សំខាន់​នៅក្នុង​កិច្ចការ​ដែល​បាន​ដឹកនាំ​ដោយ​បព្វជិតភាព ។ ពួកគេ​កំពុង​រៀន​ថា បុរស ស្ត្រី យុវវ័យ និង​កុមារ គឺ​ជា​អ្នក​ទទួល​ពរជ័យ​បព្វជិតភាព ហើយ​ទាំងអស់​គ្នា​អាច​មាន​តួនាទី​ដ៏​សកម្ម​នៅក្នុង​ការ​រំកិល​កិច្ចការ​ដែល​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​ឆ្ពោះ​ទៅមុខ ។

ប៊ីស្សព​ទាំងឡាយ ជាញឹកញាប់ ពួក​យើង​ដឹង​ថា​កាតព្វកិច្ច​របស់​លោក​មាន​ច្រើន ប៉ុន្តែ​ក៏​ដូចជា​អាទិភាព​ខ្ពស់​បំផុត​មួយ​របស់​ប្រធាន គឺ​ធ្វើ​ជាអធិបតី​លើ​កូរ៉ុម​បព្វជិតភាព​ដែរ ក្បួន​ខ្នាត​ភាគ ២ ពន្យល់​ថា « ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ផ្ដល់​ការដឹកនាំ​ពី​បព្វជិតភាព​ទៅលើ​អង្គការ​យុវនារី ។ ពួកគាត់​មើល​ខុសត្រូវ​លើ និង​ពង្រឹង​ដល់​ក្រុមយុវនារី​ម្នាក់ៗ ដោយ​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ឪពុកម្តាយ និង​ពួកអ្នក​ដឹកនាំ​ក្រុម​យុវនារី​នៅក្នុង​កិច្ចខិតខំ​នេះ » ។ វា​ក៏​ចែង​ផងដែរ​ថា « ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់ ចូលរួម​ជា​ទៀង​ទាត់​នៅក្នុង​ការប្រជុំ​ក្រុម​យុវនារី ការបម្រើ និង​សកម្មភាព​ទាំងឡាយ » ។ ពួក​យើង​មាន​អំណរគុណ​ចំពោះ​ប៊ីស្សព​ដែល​ចំណាយ​ពេល​ទៅ​មើល​ថ្នាក់​យុវនារី ហើយ​ផ្ដល់​ឱកាស​ដល់​យុវនារី​បម្រើ​ជា​ជាង​គ្រាន់តែ​ធ្វើ​ជា​អ្នកមើល​អ្នកដទៃ​ធ្វើការ ។ អរគុណ​ដែល​បាន​មើល​ឲ្យ​ប្រាកដ​ថា​យុវនារី​របស់​បងប្អូន មាន​ការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​នៅក្នុង​ការបំពេញ​តម្រូវការ​របស់​សមាជិក​វួដ ! ឱកាស​បម្រើ​ដ៏​មាន​អត្ថន័យ​ទាំងនេះ​ប្រទានពរ​ដល់​ពួកគេ​ច្រើន​ជាង​សកម្មភាព​ដែល​ពួកគេ​គ្រាន់តែ​ទៅ​កម្សាន្ដ ។

ចំពោះ​យុវនារី​នៅក្នុង​សាសនាចក្រ ជាញឹកញាប់​ក្នុង​យុវវ័យ​របស់​អ្នក​អាច​នឹង​រវល់ ហើយ​មាន​ឧបសគ្គ ។ ពួកយើង​បាន​កត់សម្គាល់​ថា មាន​អ្នករាល់គ្នា​ជាច្រើន​ទៀត​កំពុង​មាន​បញ្ហា​នៅក្នុង​រឿង​តម្លៃ​ផ្ទាល់ខ្លួន មាន​ភាពអន្ទះអន្ទែង មាន​ភាពតានតឹង​កម្រិត​ខ្ពស់ ហើយ​ប្រហែល​ជា​អស់​សង្ឃឹម​ខ្លាំង ។ ចូរ​បង្វែរ​ការ​គិត​របស់​អ្នក​មក​គិត​អ្វី​ក្រៅពី​ខ្លួន​អ្នក ជំនួស​ឲ្យ​ការ​ស្ថិតនៅ​ក្នុង​បញ្ហា​ផ្ទាល់ខ្លួន​របស់​អ្នក ពីព្រោះ​វា​ពុំ​អាច​ដោះស្រាយ​អ្វី​បាន​ទេ ប៉ុន្តែ​ការ​បម្រើ​ជាញឹកញាប់​អាច​សម្រាល​បន្ទុក​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​បញ្ហា​របស់​អ្នក​ហាក់ដូចជា​ពុំសូវ​ពិបាក ។ របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើន​អារម្មណ៍​ឲ្យ​តម្លៃ​ខ្លួន​ឯង គឺ​ឲ្យ​បង្ហាញ​ថា​យើង​មាន​តម្លៃ​ច្រើន​ដើម្បី​បរិច្ចាគ​តាមរយៈ​ការបម្រើ​អ្នកដទៃ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​អ្នក​ឲ្យ​លើក​ដៃ​ស្ម័គ្រចិត្ត ហើយ​ធ្វើ​កិច្ចការ​នៅពេល​អ្នក​មើល​ឃើញ​មាន​តម្រូវការ​នៅ​ជុំវិញ​អ្នក ។ នៅពេល​អ្នក​បំពេញ​ការទទួល​ខុសត្រូវ​ដែល​អ្នក​បាន​ចុះ​សេចក្ដីសញ្ញា ហើយ​ចូលរួម​ក្នុងការ​ស្ថាបនា​នគរ​ព្រះ នោះ​មាន​ពរជ័យ​ជាច្រើន​នឹង​ចាក់​ស្រោច​មក​លើ​ជីវិត​អ្នក ហើយ​អ្នក​នឹង​រកឃើញ​អំណរ​ដ៏​ជ្រាលជ្រៅ និង​យូរ​អង្វែង​នៃ​ភាពជា​សិស្ស ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ យុវនារី​របស់​យើង​អស្ចារ្យ​ណាស់ ។ ពួកគេ​មាន​ទេពកោសល្យ មាន​ភាព​ក្លៀវក្លា​គ្មាន​កំណត់ ហើយ​មាន​ថាមពល និង​ក្ដីមេត្តា និង​ការ​យក​ចិត្ត​ទុក​ដាក់ ។ ពួកគេ ចង់ បម្រើ ។ ពួកគេ​ត្រូវការ​ដឹង​ថា​ពួកគេ​មាន​តម្លៃ ហើយ​សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ ក៏​ដូចជា​យុវជន​រៀបចំ​ខ្លួន​នៅក្នុង​បព្វជិតភាព​អើរ៉ុន​សម្រាប់​ការ​បម្រើ​កាន់តែ​សំខាន់​ពីមុន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​ផងដែរ នោះ​យុវនារី​របស់​យើង​កំពុង​រៀបចំ​ដើម្បី​ក្លាយជា​សមាជិក​នៃ​អង្គការ​ស្ត្រី​ដ៏​ធំបំផុត​នៅលើ​ផែនដី​—គឺ​សមាគម​សង្គ្រោះ ។ យុវនារី និង​យុវជន​ដ៏​ស្មោះត្រង់ រឹងមាំ ស្រស់​ស្អាត​ទាំង​នេះ កំពុង​រៀបចំ​ខ្លួន​រួមគ្នា​ដើម្បី​ធ្វើ​ជា​ភរិយា និង​ជា​ស្វាមី និង​ជា​ម្ដាយ និងជា​ឪពុក​​ដែល​នឹង​បង្កើត​ក្រុមគ្រួសារ​ដែល​មាន​តម្លៃ​ក្នុង​នគរសេឡេស្ទាល​របស់​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កិច្ចការ​របស់​ព្រះវរបិតាសួគ៌​យើង​នាំម​ក​នូវ​ជីវិត​អមត និង​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ យុវនារី​ដ៏​មាន​តម្លៃ​របស់​យើង​មាន​តួនាទី​ដ៏​សំខាន់​ដើម្បី​ជួយ​សម្រេច​កិច្ចការ​ដ៏​មហិមា​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល Gérald Caussé, « Prepare the Way, » Liahona, ខែ​ឧសភា ឆ្នាំ ២០១៧, ទំព័រ ៧៥–៧៨ ។

  2. ម៉ូសាយ ១៨:៩

  3. ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ទំព័រ ២២ ។

  4. ក្បួន​ខ្នាត​ភាគ ២ ចំណុច ១០.៣.១ ។

  5. សូម​មើល ម៉ាថាយ ១០:៣៩ ។

  6. សូមមើល ម៉ូសេ ១:៣៩ ។