ឆ្នាំ ២០១០-២០១៩
ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ
ខែ មេសា ឆ្នាំ ២០១៨


ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ

យើង​អាច​ទទួល​បាន​ភាព​សុខសាន្ត​ដ៏​ពេញ​លេញ និង​ការ​ធ្វើ​ជា​ដៃគូ​នឹង​ព្រះអង្គសង្គ្រោះ​របស់​យើង នៅ​ពេល​យើង​រៀន​អភ័យទោស​ដល់​ជន​ដែល​រំលង​នឹង​យើង ។

« លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប​ដែល​រៀបចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ ។

គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ ។

តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះសព​ព្រះអម្ចាស់យេស៊ូវ​ទេ ។

កំពុង​ដែល​មាន​សេចក្តី​ងឿងឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀកពាក់​ភ្លឺ​ព្រោងពា្រយ​ឈរ​ជិត​គេ ។

គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ?

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ » ។

ថ្ងៃ​ស្អែក​គឺជា​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ យើង​នឹង​ចងចាំ​តាម​វិធី​ពិសេស​មួយ​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ នៅ​ទីបំផុត យើង​នឹង​បាន​រស់​ឡើង​វិញ​ដូចជា​ទ្រង់ ហើយ​រស់​ជា​រៀង​រហូត ។

តាមរយៈ​អព្ភូតហេតុ​នៃ​ដង្វាយធួន​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ក៏​អាច​ទទួល​អំណោយទាន​នៃ​ការ​អភ័យទោស​ពី​អំពើបាប និង​កំហុស​របស់​យើង​ផង​ដែរ បើ​យើង​ទទួល​យក​ឱកាស និង​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ប្រែ​ចិត្ត ។ ហើយ​ដោយ​ការ​ទទួល​ពិធី​បរិសុទ្ធ​ចាំបាច់ ការ​រក្សា​សេចក្ដី​សញ្ញា និង​ការ​គោព​តាម​បទបញ្ញត្តិ យើង​អាច​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្ដោត​លើ​ការ​អភ័យទោស ដែល​ជា​អំណោយទាន​ដ៏​ចាំបាច់ ហើយ​មាន​តម្លៃ​ដែល​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង ។

នា​យប់​មួយ​ក្នុង​ខែ ធ្នូ ឆ្នាំ​១៩៨២ ភរិយា​ខ្ញុំ ធែរី និង​ខ្ញុំ​បាន​ភ្ញាក់​ឡើង​ដោយសារ​សំឡេង​ទូរសព្ទ​មួយ​នៅក្នុង​ផ្ទះ​របស់​យើង នៅ​ប៉ូកាតេឡូ រដ្ឋ​អៃដាហូ ។ នៅ​ពេល​ខ្ញុំ​លើក​ទូរសព្ទ ខ្ញុំ​បាន​ឮ​តែ​សំឡេង​ខ្សឹប​ខ្សួល​ប៉ុណ្ណោះ ។ នៅ​ទីបំផុត បងស្រី​ខ្ញុំ​បាន​និយាយ​ទាំង​ពិបាក​ចិត្ត​ថា « ថមមី បាន​ស្លាប់​ហើយ » ។

មាន​អ្នក​បើក​ឡាន​ម្នាក់​វ័យ ២០ ឆ្នាំ ស្រវឹង​ស្រា​បាន​បើក​ឡាន​ក្នុង​ល្បឿន​យ៉ាង​លឿន​លើស​ពី ១៣៥ គ.ម. ក្នុង​មួយ​ម៉ោង កាត់​ភ្លើង​ក្រហម​នៅ​ជាយ​ក្រុង​ឌេនវើរ រដ្ឋ​ខូឡូរ៉ាដូ ។ គាត់​បាន​បើក​ឡាន​ទៅ​បុក​ឡាន​ប្អូន​ប្រុស​របស់​ខ្ញុំ ថមមី យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​គាត់ និង​ភរិយា​គាត់ ចូអាន ស្លាប់​ភ្លាមៗ ។ ពួកគេ​បាន​បើក​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែល​មាន​កូន​ស្រី​ម្នាក់​នៅចាំ បន្ទាប់​ពី​ពិធី​ជប់​លៀង​បុណ្យ​គ្រីស្ទម៉ាស់​មួយ ។

រំពេច​នោះ​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ទៅ​ឌេនវើរ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​បន្ទប់​រក្សា​សាក​សព​ក្នុង​មន្ទីរ​ពេទ្យ ។ យើង​បាន​ជួប​ជុំ​នឹង​ឪពុក​ម្ដាយ និង​សាច់​ញាតិ​របស់​ខ្ញុំ ហើយ​បាន​សោក​សៅ​ដោយ​បាត់​បង់ ថមមី និង​ចូអាន ជា​ទីស្រឡាញ់​របស់​យើង ។ យើង​បាន​បាត់​បង់​ពួកគេ​ដោយសារ​តែ​អំពើ​ឧក្រិដ្ឋ​ដែល​មិន​សម​ហេតុផល​មួយ ។ ពួកយើង​បាន​ខូច​ចិត្ត ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​យុវជន​ល្មើស​នោះ ។

ថមមី គឺជា​មេធាវី​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌​នៃ​សហរដ្ឋ​អាមេរិក ហើយ​ជិត​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ដ៏​រឹង​មាំ​សម្រាប់​ការ​ការពារ​ដី និង​ធនធាន​ធម្មជាតិ​របស់​អាមេរិក​ដើម​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

មួយ​រយៈ​ក្រោយ​មក តុលាការ​បាន​កាត់​ទោស​យុវជន​នោះ​ឲ្យ​ជាប់​ទោស​ពី​បទ​សម្លាប់​មនុស្ស ។ ឪពុកម្ដាយ និង​បង​ស្រី​ច្បង​របស់​ខ្ញុំ ខាធី បាន​ចូល​រួម​ការ​កាត់​ទោស​នោះ​ទាំង​ទុក្ខ​ក្រៀម​ក្រំ និង​ភាពសោក​សៅ ។ ឪពុក​ម្ដាយ​របស់​អ្នក​បើក​ឡាន​ស្រវឹង​ស្រា​នោះ​ក៏​នៅ​ទី​នោះ​ដែរ ហើយ​បន្ទាប់​ពី​ការ​កាត់​ទោស​បាន​បញ្ចប់​ទៅ ពួកគេ​បាន​អង្គុយ​នៅ​លើ​កៅ​អី​វែង​មួយ ហើយ​យំ ។ ឪពុក​ម្ដាយ និង​បងស្រី​ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​នោះ កាល​ពួកគាត់​បាន​ខិតខំ​ទប់​អារម្មណ៍​របស់​ខ្លួន​ឯង ។ ក្រោយ​មក​ទៀត ឪពុក​ម្ដាយ និង​បងស្រី​ខ្ញុំ​បាន​ក្រោក​ឡើង​ដើរ​សំដៅ​ទៅ​ឪពុក​ម្ដាយ​របស់​អ្នក​បើក​ឡាន​នោះ ហើយ​បាន​ផ្ដល់​នូវ​ការ​លួង​លោម​ចិត្ត និង​ការ​អភ័យទោស​ដល់​ពួកគេ ។ ឪពុក​ទាំងពីរ​បាន​ចាប់​ដៃគ្នា ហើយ​ម្ដាយ​ទាំងពីរ​បាន​កាន់​ដៃ​គ្នា យើង​ទាំងអស់​គ្នា​ពោរពេញ​ដោយ​ភាព​សោក​សៅ​ដ៏​ក្រៀម​ក្រំ ហើយ​ទទួល​ស្គាល់​ថា គ្រួសារ​ទាំង​សងខាង​បាន​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង ។ ម៉ាក់ ប៉ា និង​ខាតធី បាន​ចាកចេញ​ទៅ​ដោយ​ភាព​រឹង​មាំ និង​ភាព​ក្លាហាន​ដ៏​ស្ងាត់ស្ងៀម ហើយ​បាន​បង្ហាញ​ដល់​គ្រួសារ​យើង​អំពី​អត្ថន័យ​នៃ​ការ​អភ័យ​ទោស ។

ការ​ផ្ដល់​ការ​អភ័យទោស​នៅ​ក្នុង​គ្រា​ទាំងនោះ​បាន​បន្ទន់​ចិត្ត​ខ្ញុំ ហើយ​បាន​បើក​ផ្លូវ​មួយ​ទៅ​រក​ការ​ព្យាបាល ។ យូរៗ​ទៅ ខ្ញុំ​បាន​រៀន​មាន​ដួងចិត្ត​អភ័យទោស​មួយ ។ មាន​តែ​តាមរយៈ​ជំនួយ​របស់​ម្ចាស់នៃ​មេត្រីភាព​ប៉ុណ្ណោះ ទើប​បន្ទុក​ដ៏​ឈឺចាប់​របស់​ខ្ញុំ​ត្រូវ​បាន​សម្រាល ។ ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​នឹក​ថមមី និង​ចូអាន ជានិច្ច ប៉ុន្តែ​ការ​អភ័យទោស​នៅ​ពេល​នេះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចងចាំ​ពួកគេ​ជាមួយ​នឹង​អំណរ​ដ៏​មាន​សេរីភាព​មួយ ។ ហើយ​ខ្ញុំ​ដឹង​ថា យើង​នឹង​ជួប​ជុំ​គ្នា​ជា​គ្រួសារ​ម្ដង​ទៀត ។

ខ្ញុំ​ពុំ​មែន​ណែនាំ​ថា ឲ្យ​យើង​លើកលែង​ទោស​ដល់​ទង្វើ​ខុស​ច្បាប់​នោះ​ទេ ។ យើង​យល់​យ៉ាង​ច្បាស់​ថា បុគ្គល​ម្នាក់ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ និង​កំហុស​រដ្ឋប្បវេណី​របស់​ខ្លួន ។ ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ នោះ​យើង​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវ​តែ​អភ័យទោស ទោះ​ជា​ពេល​ដែល​មនុស្ស​ដទៃ​ទំនង​ជា​មិន​ស័ក្ដិសម​នឹង​ការ​អភ័យទោស​របស់​យើង​ក្ដី ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ៖

« ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ៖

តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក​ទ្រង់​ក៏​មិន​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ » ។

យើង​អាច​ទទួល​បាន​ភាព​សុខសាន្ត​ដ៏​ពេញ​លេញ និង​ការ​ធ្វើ​ជា​ដៃគូ​នឹង​ព្រះអង្គសង្គ្រោះ​របស់​យើង នៅ​ពេល​យើង​រៀន​អភ័យទោស​ដល់​ជន​ដែល​រំលង​នឹង​យើង ។ ការ​ធ្វើ​ជា​ដៃ​គូ​នេះ​នាំ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង​តាម​វិធី​មួយ​ដ៏​អស្ចារ្យ ហើយ​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។

សាវក​ប៉ុល​បាន​ទូន្មាន ៖

« ដូច្នេះ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង …​ដល់​ព្រះ​ចុះ

ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក … ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ » ។

ព្រះអម្ចាស់​ផ្ទាល់​បាន​ប្រកាស ៖

« ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អ្នក​ណា​ដែល​មិន​អត់​ទោស​ដល់​បង​ប្អូន​របស់​ខ្លួន​ចំពោះ​ការ​រំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះ​អម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ​គឺជា​បាប​ដ៏​ធំ​ជាង ។

យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ។

ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ​យើង​មាន​ភាព​ច្បាស់​លាស់ អ្នក​មាន​បាប​ត្រូវ​តែ​យល់​ព្រម​អភ័យទោស​ដល់​មនុស្ស​ដទៃ បើ​គាត់​សង្ឃឹម​ចង់​ទទួល​បាន​ការ​អភ័យទោស​ដែរ ។

បងប្អូន​ប្រុស​ស្រី នៅ​ក្នុង​ជីវិត​របស់​យើង តើ​មាន​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ដែរ​ឬ​ទេ ? តើ​យើង​មាន​អ្វី​ដែល​មើល​ទៅ​ដូចជា​មាន​អារម្មណ៍​ថា​មាន​អំនួត និង​កំហឹង​ដែរ​ឬ​ទេ ? តើ​យើង​កំពុង​បណ្ដោយ​ឲ្យ​អំនួត​រារាំង​យើង​ពី​ការ​អភ័យទោស និង​ការ​បំភ្លេច​វា​ចោល​ដែរ​ឬ​ទេ ? ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​អភ័យ​ទោស​ទាំង​ស្រុង ហើយ​អនុញ្ញាត​ឲ្យ​ការ​ព្យាបាល​កើត​ឡើង​នៅ​ក្នុង​ចិត្ត ។ ហើយ​ទោះ​ជា​ការ​អភ័យទោស​មិន​កើត​មាន​នៅ​ថ្ងៃ​នេះ​ក្ដី សូម​ដឹង​ថា នៅពេល​យើង​ចង់​ធ្វើ​វា ហើយ​ខិតខំ​ធ្វើ​វា នោះ​វា​នឹង​កើត​ឡើង—ដូចជា​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ទីបញ្ចប់ ក្រោយ​ពី​ការ​ស្លាប់​របស់​ប្អូន​ប្រុស​ខ្ញុំ​ដែរ ។

សូម​ចងចាំ​ថា កត្តា​ដ៏​សំខាន់​មួយ​នៃ​ការ​អភ័យទោស​រួម​មាន​នូវ​ការ​អភ័យទោស​ដល់​ខ្លួន​ឯង​ផង​ដែរ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​« អ្នក​ណា​ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​អង្វរ​ដល់​យើង​ទាំងអស់​គ្នា​ឲ្យ​ចងចាំ ហើយ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​លើ​ឈើ​ឆ្កាង​នៃ​ភ្នំ​គាល់កូថា នៅ​ក្នុង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​របស់​ទ្រង់ ទ្រង់​បាន​បន្លឺ​បន្ទូល​ទាំង​នេះ ៖​« ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។

ដោយ​មាន​ស្មារតី​នៃ​ការ​អភ័យទោស​មួយ និង​ការ​ធ្វើ​តាម​វា ដូចជា​ឪពុក​ម្ដាយ និង​បងស្រី​ខ្ញុំ​បាន​ធ្វើ នោះ​យើង​អាច​ស្គាល់​អំពី​ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ​នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា សេចក្ដី​សុខសាន្ត​នេះ​នឹង​កើត​មាន​ក្នុង​ជីវិត​របស់​យើង នៅ​ពេល​យើង​ស្ដាប់​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។ នៅ​ពេល​យើង​អភ័យទោស ខ្ញុំ​សូម​សន្យា​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ពង្រឹង​យើង ហើយ​ព្រះចេស្ដា​របស់​ទ្រង់ និង​អំណរ​នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង ។

ផ្នូរ​នោះ​នៅ​ទទេ​ស្អាត ។ ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ស្គាល់​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះគុណ​របស់​ទ្រង់ ដែល​ជា​អនុភាព​ដ៏​រឹងមាំ​ដែល​មាន​ល្មម​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល​អ្វីៗ​គ្រប់​យ៉ាង ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។