ឆ្នាំ ២០១០-២០១៩
ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នក
ខែ មេសា ឆ្នាំ ២០១៨


ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នក

ខ្ញុំ​សូម​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា បងប្អូន​នឹង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ​ដែល​បាន​ចាត់​ឲ្យ​ទៅ​បងប្អូន​ដោយ​សេចក្ដី​សប្បុរស ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​នៅ​ថ្ងៃ​នេះ​ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះអម្ចាស់ នៅ​ក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​របស់​ទ្រង់​នៅ​រដូវ​កាល​បុណ្យ​អ៊ីស្ទើរ​នេះ ។ ខ្ញុំ​សូម​អំណរ​គុណ​ចំពោះ​ព្រះវរបិតា​សួគ៌​សម្រាប់​អំណោយទាន​នៃ​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ ដែល​បាន​យាង​មក​ផែនដី​ដោយ​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​ធ្វើ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង ។ ខ្ញុំ​មាន​អំណរ​គុណ​ដោយ​ដឹង​ថា ទ្រង់​បាន​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ រាល់​ថ្ងៃ​ខ្ញុំ​មាន​ពរ​ដោយ​ដឹង​ថា ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ ខ្ញុំ​អាច​រស់​ឡើង​វិញ​ដើម្បី​រស់​នៅ​ជា​រៀង​រហូត​នៅ​ថ្ងៃ​ណា​មួយ​នៅ​ក្នុង​គ្រួសារ​ជាទីស្រឡាញ់​មួយ ។

ខ្ញុំ​ដឹង​រឿង​ទាំងនោះ​តាមរយៈ​វិធី​តែ​មួយ​គត់​ដែល​យើង​គ្រប់​គ្នា​អាច​ដឹង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​មក​កាន់​គំនិត និង​ដួង​ចិត្ត​ខ្ញុំ​ថា វា​គឺជា​រឿង​ពិត—ពុំ​មែន​តែ​ម្ដង​ឡើយ ប៉ុន្តែ​ជា​រឿយៗ ។ ខ្ញុំ​ត្រូវការ​ការ​លួង​លោម​ចិត្ត​ជា​បន្ត​បន្ទាប់​នោះ ។ យើង​ទាំងអស់​គ្នា​ដក​ពិសោធន៍​រឿង​សោកនាដកម្ម​ដែល​យើង​ចាំបាច់​ត្រូវ​ការ​ការ​បញ្ជាក់​ជា​ថ្មី​មក​ពី​ព្រះវិញ្ញាណ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នេះ​នៅ​ថ្ងៃ​មួយ ពេល​ខ្ញុំ​បាន​ឈរ​ជាមួយ​នឹង​ឪពុក​របស់​ខ្ញុំ​ក្នុង​មន្ទីរ​ពេទ្យ​មួយ ។ យើង​បាន​មើល​អ្នក​ម្ដាយ​ខ្ញុំ​ដង្ហើម​ចុង​ក្រោយ—រួច​ហើយ​គាត់​ក៏​បាន​ចែក​ឋាន​ទៅ ។ នៅ​ពេល​យើង​សម្លឹង​មើល​មុខ​របស់​គាត់ គាត់​បាន​ញញឹម​កាល​ការ​ឈឺចាប់​បាន​រសាយ​បាត់​ទៅ ។ បន្ទាប់​ពី​គ្រា​ដ៏​ស្ងប់​ស្ងាត់​មួយ​មក លោក​ឪពុក​ខ្ញុំ​បាន​និយាយ​មុន​គេ ។ គាត់​ពោល​ថា « ក្មេង​ស្រី​តូច​ម្នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ » ។

គាត់​បាន​ពោល​ពាក្យ​នេះ​យ៉ាង​ទន់ភ្លន់ ។ គាត់​ទំនង​ជា​មាន​ភាព​សុខសាន្ត ។ គាត់​កំពុង​ប្រាប់​អ្វី​មួយ​ដែល​គាត់​បាន​ដឹង​ថា​ជា​ការ​ពិត ។ គាត់​បាន​ចាប់ផ្ដើម​ប្រមូល​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់ អ្នក​ម្ដាយ​ខ្ញុំ​ដោយ​ស្ងៀម​ស្ងាត់ ។ គាត់​បាន​ចេញ​ទៅ​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​ម្នាក់ៗ​ដែល​បាន​ជួយ​ម្ដាយ​ខ្ញុំ​អស់​ជាច្រើន​ថ្ងៃ ។

លោក​ឪពុក​ខ្ញុំ​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​គ្រា​នោះ​ដើម្បី​មាន​អារម្មណ៍ ដើម្បី​ដឹង​និង​ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ ។ គាត់​បាន​ទទួល​ការ​សន្យា​ដូច​ដែល​មនុស្ស​ជាច្រើន​បាន​ទទួល​ដែរ​ថា « ឲ្យ​ពួក​គេ​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​ពួក​គេ »​( គ. និង ស. ២០:៧៩ ) ។

នៅ​ថ្ងៃ​នេះ​ខ្ញុំ​សង្ឃឹម​នឹង​បង្កើន​បំណង​ប្រាថ្នា និង​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ចូរ​ចងចាំ​ថា ទ្រង់​គឺ​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ព្រះវរបិតា និង​ព្រះរាជ​បុត្រា​គឺជា​អង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​វិញ្ញាណ ។ ( សូម​មើល គ. និង ស. ១៣០:២ ) ។ វា​គឺជា​ការ​ជ្រើស​រើស​របស់​បងប្អូន​ដើម្បី​ទទួល​យក​ទ្រង់ ហើយ​ស្វាគមន៍​ទ្រង់​ចូល​មក​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន ។

លក្ខខណ្ឌ​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នោះ​ត្រូវបាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ពាក្យ​ពេចន៍​ដែល​ត្រូវ​បាន​ពោល​ឡើង​រៀង​រាល់​សប្ដាហ៍ ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​យើង​ជានិច្ច​នោះ​ទេ ។ ដើម្បី​មាន​ព្រះវិញ្ញាណ​ដែល​បាន​ចាត់​មក​ឲ្យ​យើង នោះ​យើង​ត្រូវ​តែ​« ចងចាំ [ ព្រះអង្គ​សង្គ្រោះ ] ជានិច្ច » ហើយ​« កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ »​( គ. និង ស. ២០:៧៧ ) ។

រដូវ​កាល​នេះ​ជួយ​យើង​ឲ្យ​ចងចាំ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ និង​ការ​ក្រោក​ចេញ​ពី​ផ្នូរ​របស់​ទ្រង់ ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ពួក​យើង​ជាច្រើន​បាន​ចងចាំ​ពី​ទិដ្ឋភាព​នោះ​នៅ​ក្នុង​ការ​ចងចាំ​របស់​យើង ។ នៅ​ពេល​មួយ ខ្ញុំ​បាន​ឈរ​ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ​នៅ​មុខ​ផ្នូរ​ក្នុង​ទីក្រុង​យេរូសាឡិម ។ មាន​មនុស្ស​ជាច្រើន​ជឿ​ថា នោះ​គឺ​ជា​ផ្នូរ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ត្រូវ​បាន​គេ​ឆ្កាង​បាន​លេច​ឡើង​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ និង​ព្រះ​ដ៏​មាន​ព្រះជន្មរស់ ។

អ្នក​នាំ​ផ្លូវ​ដែល​គួរ​ឲ្យ​គោរព​នៅ​ថ្ងៃ​នោះ​បាន​បក់​ដៃ​របស់​គាត់ ហើយ​និយាយ​មក​កាន់​យើង​ថា « សូម​អញ្ជើញ​មក​មើល​ផ្នូរ​ទទេ​ស្អាត​មួយ » ។

យើង​បាន​ឈាន​ជើង​ចូល​ទៅ ។ យើង​បាន​ឃើញ​កៅ​អី​វែង​ថ្ម​មួយ​នៅ​ក្បែរ​ជញ្ជាំង ។ ប៉ុន្តែ​រូបភាព មួយ​ទៀត​បាន​ផុស​មក​ក្នុង​គំនិត​របស់​យើង ដូចជា​យើង​បាន​ឃើញ​ថ្ងៃ​នោះ​យ៉ាង​ពិត​ប្រាកដ ។ វា​គឺជា​រូបភាព​របស់​ម៉ារា​ដែល​ត្រូវ​ពួក​សាវក​ទុក​ឲ្យ​នៅ​ម្នាក់​ឯង​នៅ​ឯ​ផ្នូរ​នោះ ។ នោះ​គឺ​ជា​អ្វី​ដែល​ព្រះវិញ្ញាណ​អនុញ្ញាត​ឲ្យ​ខ្ញុំ​មើល​ឃើញ ហើយ​ស្ដាប់​ឮ​ក្នុង​គំនិត​របស់​ខ្ញុំ ច្បាស់​ដូចជា​ខ្ញុំ​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។

« ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ

ឃើញ​ទេវតា​ពីរ​អង្គ ស្លៀកពាក់​ស អង្គុយ​មួយ​ខាង​ក្បាល មួយ​ចុង​ជើង​ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះសព​ព្រះយេស៊ូវ ។

ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះអម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ ។

នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ? នាង​ស្មាន​ថា​ទ្រង់​គឺ​ជា​អ្នក​ថែ​ច្បារ​ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះសព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ ។ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ២០:១១–១៧ ) ។

ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​អំពី​អារម្មណ៍​ដែល​ម៉ារា​មាន​នៅ​ឯ​ផ្នូរ​នោះ និង​អារម្មណ៍​នៃ​ពួក​សិស្ស​ពីរ​នាក់​ផ្សេង​ទៀត​នៅ​តាម​ផ្លូវ​ទៅ​ភូមិ អេម៉ោស នៅ​ពេល​ពួកគេ​បាន​ដើរ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​គិត​ថា​ទ្រង់​គឺជា​អ្នក​ដំណើរ​ម្នាក់​ទៅ​កាន់​ក្រុង​យេរូសាឡិម ។

« តែ​គេ​ឃាត់​ទ្រង់​ដោយ​ពាក្យ​ថា សូម​នៅ​ជាមួយ​នឹង​យើង​ខ្ញុំ​សិន ពីព្រោះ​ល្ងាច​ថ្ងៃ​ទាប​ណាស់​ហើយ ។ ដូច្នេះ​ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជាមួយ​នឹង​គេ ។

« កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ ។

នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម ។

នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្តី​ខ្មួលខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​យើង ហើយ​សម្ដែង​ពី​គម្ពីរ​តាម​ផ្លូវ​នោះ​ទេ​ឬ​អី ? » ( លូកា ២៤:២៩–៣២ ) ។

ពាក្យ​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ជាថ្មី​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម​កាល​ពី​ជាង ៧០ ឆ្នាំ​មុន ។ នៅ​ជំនាន់​នោះ ការ​ប្រជុំ​សាក្រាម៉ង់​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច ។ នៅ​ខាង​ក្រៅ​ងងឹត​ខ្លាំង​ណាស់ ។ ក្រុម​ជំនុំ​បាន​ច្រៀង​ពាក្យ​ស្រដៀង​គ្នា​នេះ ។ ខ្ញុំ​បាន​ស្ដាប់​ឮ​វា​ជាច្រើន​ដង ។ ប៉ុន្តែ​ការ​ចងចាំ​ចុង​ក្រោយ​បំផុត​របស់​ខ្ញុំ​គឺ​អំពី​អារម្មណ៍​មួយ​នៅ​យប់​ជាក់​លាក់​មួយ ។ វា​បាន​នាំ​ខ្ញុំ​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ។ បើ​ខ្ញុំ​សូត្រ​ពាក្យ​ទាំង​នោះ​ឡើង​វិញ ប្រហែល​ជា​វា​នឹង​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ម្ដង​ទៀត ៖

សូម​គង់​នឹង​ខ្ញុំ​យប់យន់​រាត្រី ។

ពេល​ថ្ងៃ​កន្លង​ហួស​ទៅ

ស្រមោល​ងងឹត​ក៏​ខិត​មក​ជិត

យប់​យន់​ក៏​ចូល​មក​ដល់ ។

សូម​គង់​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​ភ្ញៀវ

សូម​គង់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ ។

សូម​គង់​នឹង​ខ្ញុំ​យប់យន់​រាត្រី ។

ខ្ញុំ​បាន​ដើរ​ជាមួយ​ទ្រង់

ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ជ្រួត​ជ្រាប​ពេក​ពន់

ដែល​បាន​ប្រាស្រ័យ​នឹង​ទ្រង់

ព្រះ​បន្ទូល​បំពេញ​ព្រលឹង​ខ្ញុំ

ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ជិត​ទ្រង់ ។

ឱ! ព្រះអង្គ​គង់​នឹង​ខ្ញុំ​យប់​នេះ

មើលហ្ន៎ យប់យន់​ដល់​ហើយ ។

ឱ! ព្រះអង្គ​គង់​នឹង​ខ្ញុំ​យប់​នេះ

មើលហ្ន៎ យប់យន់​ដល់​ហើយ ។

អ្វី​ដែល​មាន​តម្លៃ​លើស​ពី​ការ​ចងចាំ​អំពី​ព្រឹត្តិការណ៍​នោះ​គឺជា​ការ​ចងចាំ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ដក់​ក្នុង​ដួង​ចិត្ត​យើង និង​ការ​បញ្ជាក់​របស់​ទ្រង់​ជា​បន្ត​បន្ទាប់​អំពី​សេចក្ដី​ពិត ។ អ្វី​ដែល​មាន​តម្លៃ​លើស​ពី​ការ​មើល​ឃើញ​នឹង​ភ្នែក​របស់​យើង ឬ​ការ​ចងចាំ​ពាក្យ​ដែល​បាន​និយាយ និង​បាន​អាន​គឺ​ជា​ការ​នឹកចាំ​អំពី​អារម្មណ៍​ដែល​មាន​ជាមួយ​នឹង​សំឡេង​ដ៏​ស្ងៀម​ស្ងាត់​របស់​ព្រះវិញ្ញាណ ។ ខ្ញុំ​កម្រ​ទទួល​បាន​អារម្មណ៍​ដូច​ដែល​ពួក​អ្នក​ដំណើរ​នៅលើ​ផ្លូវ​ទៅ​ភូមិ អេម៉ោស បាន​ទទួល​ណាស់—ជា​អារម្មណ៍​ស្រទន់ ប៉ុន្តែ​ដ៏​កក់​ក្ដៅ​មួយ​នៅ​ក្នុង​ដួង​ចិត្ត ។ ជានិច្ចកាល វា​គឺ​ជា​អារម្មណ៍​នៃ​ពន្លឺ និង​ការ​អះអាង​ដ៏​ស្ងាត់ស្ងៀម ។

យើង​មាន​ការ​សន្យា​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​ដៃគូ ដរាប​ណា​យើង​មាន​ការ​ដឹកនាំ​ពិត​អំពី​របៀប​ទទួល​បាន​អំណោយទាន​នោះ ។ ពាក្យ​ទាំង​នោះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់ ដែល​បាន​ដាក់​ដៃ​នៅ​លើ​ក្បាល​របស់​យើង ហើយ​ពោល​ថា « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ នៅ​គ្រា​នោះ បងប្អូន និង​ខ្ញុំ​មាន​ការ​អះអាង​ថា ទ្រង់​នឹង​បាន​ចាត់​មក ។ ប៉ុន្តែ​កាតព្វកិច្ច​របស់​យើង​គឺ​ត្រូវ​បើក​ដួង​ចិត្ត​របស់​យើង​ដើម្បី​ទទួល​ការ​បម្រើ​ពី​ព្រះវិញ្ញាណ​ពេញ​មួយ​ជីវិត ។

បទពិសោធន៍​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ផ្ដល់​នូវ​ការ​ណែនាំ​មួយ ។ លោក​បាន​ចាប់ផ្ដើម ហើយ​បាន​បន្ត​ការងារ​បម្រើ​របស់​លោក​ជាមួយ​ការ​សម្រេច​ចិត្ត​ថា ប្រាជ្ញា​របស់​លោក​មិន​គ្រប់​គ្រាន់​ទេ ដើម្បី​ដឹង​អំពី​ផ្លូវ​ដែល​លោក​គួរ​ដើរ​នោះ ។ លោក​បាន​ជ្រើស​មាន​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។

បន្ទាប់​មក យ៉ូសែប​បាន​ជ្រើសរើស​សូម​ដល់​ព្រះ ។ លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះ​នឹង​ឆ្លើយ​តប ។ ចម្លើយ​នោះ​បាន​កើត​ឡើង នៅ​ពេល​លោក​នៅ​ជា​ក្មេង​ប្រុស​ម្នាក់ ។ សារលិខិត​ទាំង​នោះ​បាន​កើត​ឡើង នៅ​ពេល​លោក​ចាំបាច់​ត្រូវ​ដឹង​អំពី​របៀប​ដែល​ព្រះ​នឹង​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​លួង​លោម​ចិត្ត ហើយ​បាន​ដឹកនាំ​លោក​ពេញ​មួយ​ជីវិត​របស់​លោក ។

លោក​បាន​គោរព​តាម​ការ​បំផុស​គំនិត​នៅ​ពេល​វា​មាន​ការ​លំបាក ។ ឧទាហរណ៍ លោក​បាន​ទទួល​ការដឹកនាំ​ឲ្យ​បញ្ជូន​ពួក​ដប់​ពីរ​នាក់​ទៅ​ប្រទេស​អង់គ្លេស នៅ​ពេល​លោក​ត្រូវ​ការ​ពួកគេ​ចាំបាច់​បំផុត ។ លោក​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ ។

លោក​បាន​ទទួល​យក​ការកែតម្រូវ និង​ការ​លួង​លោម​ចិត្ត​មក​ពី​ព្រះវិញ្ញាណ នៅ​ពេល​លោក​ជាប់​ឃុំឃាំង ហើយ​ពួក​បរិសុទ្ធ​បាន​ទទួល​រង​ការ​ជិះជាន់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ។ ហើយ​លោក​បាន​គោរព​តាម នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​គុក​កាតធេច ទោះ​ជា​លោក​បាន​ដឹង​ថា លោក​ជួប​នឹង​គ្រោះថ្នាក់​នៃ​ជីវិត​រមែង​ស្លាប់​ក្ដី ។

ព្យាការី យ៉ូសែប​បាន​បង្ហាញ​គំរូ​មួយ​ដល់​យើង​អំពី​របៀប​ទទួល​ការដឹកនាំ និង​ការ​លួង​លោម​ខាង​វិញ្ញាណ​ជា​បន្ត​បន្ទាប់​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​ជ្រើស​រើស​ទីមួយ​ដែល​លោក​បាន​ធ្វើ​គឺ​មាន​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។

ទីពីរ​គឺ​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ ។

ទីបី​គឺ​ការគោរព​តាម​យ៉ាង​ម៉ឺង​ម៉ាត់ ។ ការ​គោរព​ប្រតិបត្តិអាច​មាន​ន័យ​ថា ធ្វើ​ឲ្យ​លឿន ។ វា​ប្រហែល​ជា​មាន​ន័យ​ថា រៀបចំ​ខ្លួន ។ ឬ​ប្រហែល​ជា​មាន​ន័យ​ថា រង់​ចាំ​ដោយ​អត់ធ្មត់​សម្រាប់​ការ​បំផុស​គំនិត​បន្ថែម​ទៀត ។

ហើយ​ទីបួន​គឺ​ការ​អធិស្ឋាន​ដើម្បី​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ និង​ដួង​ចិត្ត​របស់​មនុស្ស​ដទៃ ព្រមទាំង​របៀប​ជួយ​ពួកគេ​ជំនួស​ព្រះអម្ចាស់​ផង​ដែរ ។ យ៉ូសែប​បាន​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ​ដែល​មាន​ទុក្ខ​ព្រួយ នៅពេល​ស្ថិត​នៅក្នុង​គុក ។ ខ្ញុំ​មាន​ឱកាស​ដើម្បី​សង្កេត​មើល​ពួក​ព្យាការី​របស់​ព្រះ នៅ​ពេល​ពួក​លោក​អធិស្ឋាន ទូល​សូម​ការ​បំផុស​គំនិត ទទួល​ការ​ដឹកនាំ និង​ធ្វើ​តាម​វា ។

ជារឿយៗ ខ្ញុំ​បាន​ឃើញ​ថា ការ​អធិស្ឋាន​របស់​ពួក​លោក​គឺ​សម្រាប់​មនុស្ស​ដែល​ពួក​លោក​ស្រឡាញ់ ហើយ​បម្រើ ។ កង្វល់​របស់​ពួក​លោក​ចំពោះ​មនុស្ស​ដទៃ​ទំនង​ដូចជា​បើក​ដួង​ចិត្ត​របស់​ពួក​លោក​ដើម្បី​ទទួល​បាន​ការ​បំផុស​គំនិត ។ រឿង​នោះ​អាច​កើត​មាន​ចំពោះ​បងប្អូន​ផង​ដែរ ។

ការ​បំផុស​គំនិត​នឹង​ជួយ​យើង​ឲ្យ​បម្រើ​ដល់​មនុស្ស​ដទៃ​ជំនួស​ព្រះអម្ចាស់ ។ បងប្អូន​ធ្លាប់​ឃើញ​រឿង​នោះ​នៅ​ក្នុង​បទពិសោធន៍​របស់​បងប្អូន ដូចជា​ខ្ញុំ​ដែរ ។ មាន​ពេល​មួយ ប៊ីស្សព​របស់​ខ្ញុំ​បាន​ពោល​មក​ខ្ញុំ—ជា​គ្រា​មួយ​ដែល​ភរិយា​របស់​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ភាព​តាន​តឹង​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​គាត់—ដោយ​ពោល​ថា« រាល់​ពេល​ដែល​ខ្ញុំ​ឮ​មនុស្ស​ម្នាក់​នៅ​ក្នុង​វួដ​ដែល​ត្រូវ​ការ​ជំនួយ កាល​ខ្ញុំ​ទៅ​ដល់​ទីនោះ​ដើម្បី​ជួយ ខ្ញុំ​រក​ឃើញ​ថា ភរិយា​របស់​លោក​ទៅ​ដល់​ទី​នោះ​ពី​មុន​ខ្ញុំ ។ តើ​នាង​ធ្វើ​កិច្ចការ​នោះ​តាម​របៀប​ណា ?

នាង​គឺ​ប្រៀប​បាន​នឹង​ពួក​អ្នក​បម្រើ​ដ៏​អស្ចារ្យ​នៅ​ក្នុង​នគរ​ព្រះ ។ វា​ទំនង​ជា​មាន​រឿង​ពីរ​យ៉ាង​ដែល​ពួកគេ​ធ្វើ ។ ពួក​អ្នក​បម្រើ​ដ៏​អស្ចារ្យ​មាន​ភាព​សក្ដិសម​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃគូ​ខ្ជាប់​ខ្ជួន​មួយ ។ ហើយ​ពួកគេ​សក្ដិសម​នឹង​អំណោយទាយ​នៃ​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ អំណោយទាន​ទាំង​នោះ​បាន​ចម្រើន​ឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ នៅ​ពេល​ពួកគេ​បាន​ប្រើ​វា​នៅ​ក្នុងការ​បម្រើ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ជំនួស​ព្រះអម្ចាស់ ។

វិធី​ដែល​ការ​អធិស្ឋាន ការ​បំផុស​គំនិត និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះអម្ចាស់​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុងការ​បម្រើ​របស់​យើង ត្រូវ​បាន​រៀបរាប់​ចំពោះ​ខ្ញុំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ពាក្យ​ទាំង​នេះ​ថា ៖

« បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​សម្រេច​ឲ្យ ។

« បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ ។

« នោះ​ខ្ញុំ​នឹង​ទូលសូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជាមួយ​នៅ​អស់កល្ប​រៀង​ទៅ ។

« គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​លោកិយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នករាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជាមួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នករាល់​គ្នា​ដែរ ។

« ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នករាល់​គ្នា ។

« បន្ដិច​ទៀត លោកិយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នករាល់​គ្នា​នឹង​រស់​ដែរ ។

« នៅ​ថ្ងៃ​នោះ អ្នករាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នក​រាល់​គ្នា​ដែរ ។

« អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ( យ៉ូហាន ១៤:១៤–២១ ) ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា ព្រះវរបិតា​ស្គាល់​បងប្អូន ជ្រាប​ពី​អារម្មណ៍​របស់​បងប្អូន ព្រមទាំង​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បងប្អូន​នា​ពេល​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​កំពុង​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់​អស់​អ្នក​ដែល​មាន​អំណោយ​ទាន​នោះ អ្នក​ដែល​សូម​ពរជ័យ​នោះ ហើយ​ខិតខំ​ដើម្បី​មាន​ភាពសក្ដិសម ។ ទាំង​ព្រះវរបិតា ព្រះរាជ​បុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​បង្ខំ​អង្គ​ទ្រង់​ឲ្យ​ចូល​ទៅ​ក្នុង​ជីវិត​របស់​យើង​ឡើយ ។ យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ទាំងអស់​ថា ៖

« មើល យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​នោះ យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ យើង​នឹង​បរិភោគ​ជាមួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជាមួយ​នឹង​យើង​ដែរ ។

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយ​នឹង​យើង ដូចជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយ​នឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ ។

អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​ដល់​ពួកជំនុំ​ទាំង​ប៉ុន្មាន​ចុះ » ( វិវរណៈ ៣:២០–២២ ) ។

ខ្ញុំ​សូម​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា បងប្អូន​នឹង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ​ដែល​បាន​ចាត់​ឲ្យ​ទៅ​បងប្អូន​ដោយ​សេចក្ដី​សប្បុរស ។ ហើយ​ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​បើក​ចិត្ត​បងប្អូន​ជានិច្ច​ដើម្បី​ទទួល​យក​ទ្រង់ ។ បើ​បងប្អូន​ទូល​សូម​ការ​បំផុស​គំនិត​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​បងប្អូន​នឹង​ទទួល​បាន​វា​តាម​របៀប​របស់​ព្រះអម្ចាស់ និង​តាម​ពេលវេលា​របស់​ទ្រង់ ។ ព្រះ​បាន​ធ្វើ​កិច្ចការ​នោះ​ដល់​ក្មេង​ប្រុស​យ៉ូសែប ស្ម៊ីធ ។ ទ្រង់​ធ្វើ​កិច្ចការ​នោះ​នា​សព្វ​ថ្ងៃ​នេះ​ដល់​ព្យាការី​បច្ចុប្បន្ន​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ទ្រង់​បាន​ដាក់​បងប្អូន​នៅ​ក្នុង​ជីវិត​នៃ​កូនចៅ​ផ្សេង​ទៀត​របស់​ព្រះ​ដើម្បី​ឲ្យ​បងប្អូន​បម្រើ​ពួកគេ​ជំនួស​ទ្រង់ ។ ខ្ញុំ​ដឹង​រឿង​នោះ​ពុំ​មែន​តែ​តាមរយៈ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នឹង​ភ្នែក​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កាន់តែ​មាន​អនុភាព​តាម​រយៈ​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ដល់​ដួង​ចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ និង​ចំពោះ​កូនចៅ​របស់​ទ្រង់​នៅ​ពិភព​វិញ្ញាណ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​ការ​លួង​លោម​ចិត្ត និង​ការ​ដឹកនាំ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា សូម​ឲ្យ​បងប្អូន​មាន​អំណរ​ក្នុង​ការ​មាន​ព្រះវិញ្ញាណ​ធ្វើ​ជា​ដៃ​គូ​របស់​បងប្អូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « សូម​គង់​នឹង​ខ្ញុំ​យប់យន់​រាត្រី » ទំនុក​តម្កើងលេខ ៩៧ ។