ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ
    Footnotes
    Theme

    ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ

    សូម​ឲ្យ​យើង​បង្ហាញ​ការ​ដឹងគុណ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​តាមរយៈ​ការ​បម្រើ​ដោយ​សេចក្ដីស្រឡាញ់​ចំពោះ​បងប្អូន​ប្រុសស្រី​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

    តើ​មាន​ពរជ័យ​ណា​ដែល​អស្ចារ្យ​ជាង​នេះ​ដើម្បី​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​វិវរណៈ​ជា​បន្ដបន្ទាប់​មក​ពី​ព្រះ ! នៅពេល​យើង​ទន្ទឹង​ចាំ ហើយ​ឱបក្រសោប​យក « ការតាំង​របស់​ទាំង​អស់​ឡើង​វិញ »  ដែល​មាន ហើយ​នឹង​កើត​មាន​តាមរយៈ​ព្រឹត្តការណ៍​ដែល​បាន​ព្យាករ​ទុក​នៃ​ជំនាន់​របស់​យើង នោះ​យើង​កំពុង​រៀបចំ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

    ហើយ​តើ​មាន​វិធី​ណា​ដែល​ល្អប្រសើរ​ជាង​ដើម្បី​រៀបចំ​ខ្លួន​ដើម្បី​ជួប​ទ្រង់ ជាជាង​ការ​ព្យាយាម​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ តាមរយៈ​ការ​បម្រើ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ! ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​អ្នក​ដើរ​តាម​ទ្រង់​នៅ​ការ​ចាប់​ផ្ដើម​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ « បើ​សិន​ជា​អ្នក​ស្រឡាញ់​យើង ចូរ​បម្រើ​យើង » ។  ការ​បម្រើ​របស់​យើង​ចំពោះ​អ្នកដទៃ​គឺ​បង្ហាញ​អំពី​ភាព​ជា​សិស្ស និង​ការ​ដឹងគុណ ព្រមទាំង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ពី​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

    ពេល​ខ្លះ យើង​គិត​ថា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំដុំ និង​ជា​វីរជន « ដើម្បី​រាប់​ថា » ជា​ការបម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ— ក៏​ដូចជា​ខ្លួន​យើង​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ? តាមរយៈ​អំណោយ​នៃ​ដង្វាយធួន និង​ការ​រស់ឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ទ្រង់—ដែល​យើង​ប្រារព្ធ​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​ដ៏​ស្រស់​ត្រកាល​នេះ — « សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅ [ លើ ] អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគត​កាល » ។ ប៉ុន្តែ​ទ្រង់​បាន​ញញឹម មាន​បន្ទូល យាង​ជាមួយ ស្ដាប់ ចំណាយ​ពេល លើក​ទឹក​ចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស ។ ទ្រង់​បាន​បម្រើ​ដល់​គ្រួសារ និង​មិត្តភក្ដិ អ្នក​ជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដែល​ស្គាល់ និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ទង្វើរ​នៃ​ការ​បម្រើ « សាមញ្ញៗ » ទាំង​នោះ និង​សេចក្ដីស្រឡាញ់​ផ្ដល់​ជា​ខ្នាត​គំរូ​សម្រាប់​ការ​បម្រើ​របស់​យើង​សព្វថ្ងៃ​នេះ ។

    នៅពេល​បងប្អូន​មាន​ឯកសិទ្ធិ​ដើម្បី​ធ្វើ​ជា​តំណាង​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការខិតខំ​បម្រើ​របស់​បងប្អូន ចូរ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ​ជាមួយ​នឹង​បុគ្គល​នេះ ឬ​គ្រួសារ​នេះ​យ៉ាង​ដូចម្ដេច ? តើ​ព្រះវិញ្ញាណ​បំផុស​ឲ្យខ្ញុំ​ធ្វើ​អ្វី​ខ្លះ ? »

    ការ​បម្រើ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​ផ្សេងៗ​ដ៏​អស្ចារ្យ​ជា​លក្ខណៈ​បុគ្គល ។ ដូច្នេះ​តើ​វា​មាន​រូបរាង​យ៉ាង​ណា ?

    ការ​បម្រើ​អាច​មាន​ដូចជា គណៈប្រធាន​កូរ៉ុមអែលឌើរ និង​សមាគមសង្គ្រោះ​ប្រឹក្សា​គ្នា​អំពី​ការ​ចាត់តាំង​ប្រកប​ដោយការ​អធិស្ឋាន ។ ជាជាង​អ្នកដឹកនាំ​គ្រាន់តែ​ហុច​ក្រដាស​មួយ​សន្លឹក​ទៅ​ឲ្យ ការ​បម្រើ​អាច​ជា ការ​ប្រឹក្សា​អំពី​បុគ្គល និង​ក្រុមគ្រួសារ​ចំពោះ​មុខ​គ្នា​នៅពេល​ការ​ចាត់តាំង​ត្រូវបាន​ប្រគល់​ឲ្យ​ដើម្បី​បម្រើ​ដល់​បងប្អូន​ប្រុសស្រី ។ វា​អាច​ជា​ការ​ចេញ​ទៅ​ដើរ​កម្សាន្ត ការ​ជួបជុំ​គ្នា​សម្រាប់​កម្មវិធី​ពេល​យប់ ការ​ផ្ដល់​ការ​បម្រើ ឬ​ការបម្រើ​ជុំគ្នា ។ វា​អាច​ជា ការ​ចេញ​ទៅសួរសុខទុក្ខ​ដោយ​ផ្ទាល់ ឬ​និយាយ​តាម​ទូរសព្ទ ឬ​ផ្ញើសារ​តាម​អ៊ិនធើរណិត ឬ​ផ្ញើសារ​តាម​ទូរសព្ទ ។ វា​អាច​ជា​ការ​ជូន​កាត​ខួបកំណើត និង​ការ​ស្រែក​ហ៊ោ​លើក​ទឹកចិត្ត​នៅក្នុង​ការលេង​បាល់ទាត់ ។ វា​អាច​ជា​ការ​ចែកចាយ​បទគម្ពីរ ឬ​ពាក្យ​ដក​ស្រង់​មួយ​មកពី​សុន្ទរកថា​សន្និសីទ ដែល​នឹង​មាន​អត្ថន័យ​ដល់​បុគ្គល​ម្នាក់ៗ ។ វា​អាច​ជា​ការ​ពិភាក្សា​អំពី​សំណួរ​នៃ​ដំណឹងល្អ និង​ការ​ចែកចាយ​ទីបន្ទាល់​ដើម្បី​នាំ​ឲ្យ​មាន​សេចក្តីសប្បុរស និង​ភាព​សុខសាន្ដ ។ វា​អាច​ជា​ការ​ក្លាយ​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់​នរណា​ម្នាក់ ឬ​ការ​ខ្វល់ខ្វាយ​អំពី​បុគ្គល​នោះ ។ វា​ក៏​អាច​ជា​ការ​សម្ភាសន៍​ពី​ការ​បម្រើ​ដែល​ពិភាក្សា​អំពី​តម្រូវការ និង​ការ​ពង្រឹង​ដោយ​ត្រឹមត្រូវ និង​ប្រយ័ត្ន​ប្រយែង ។ វា​អាច​ជា​ការ​រៀបចំ​ក្រុមប្រឹក្សា​វួដ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែ​ច្រើន ។

    ការ​បម្រើ​ប្រភេទ​នេះ ជួយ​ពង្រឹង​ដល់​ស្ត្រី​ម្នាក់​ដែល​ផ្លាស់ទៅ​ឆ្ងាយ​ពី​ស្រុក​កំណើត នៅពេល​ស្វាមី​របស់​គាត់​បាន​ចាប់​ផ្ដើម​បញ្ចប់​ការ​សិក្សា ។ ដោយ​ពុំ​មាន​ទូរសព្ទ ហើយ​មាន​ទារក​តូច​ត្រូវ​មើល​ថែ នោះ​នាង​មាន​អារម្មណ៍​ថា ពុំ​ស្គាល់​ទីតាំង​ថ្មី វង្វេង ហើយ​ឯកោ ។ ដោយ​ពុំ​បាន​ជូន​ដំណឹង​ជា​មុន ស្ត្រី​សមាគមសង្គ្រោះ បាន​ទៅ​គោះ​ទ្វារ​ផ្ទះ​របស់​នាង​នាំ​យក​ស្បែកជើង​តូច​មួយ​សម្រាប់​ទារក រួច​ដាក់​ពួកគេ​នៅក្នុង​ឡាន​របស់​គាត់ ហើយ​ចេញ​ទៅ​រក​ហាង​លក់​ម្ហូប​អាហារ ។ បងស្រី​រូប​នេះ​បាន​រាយការណ៍​ដោយ​អំណរគុណ​ថា « គាត់​ជួយ​ជីវិត​ខ្ញុំ ! » 

    ការ​បម្រើ​ពិត​ត្រូវ​បាន​បង្ហាញ​ដោយ​បងស្រី​ចំណាស់​ម្នាក់​នៅ​អាហ្វ្រិក​ដែល​បាន​ចាត់​ឲ្យ​ស្វែងរក​បងប្អូន​ស្រី​ម្នាក់​ដែល​ពុំ​បាន​មក​ព្រះវិហារ​ជា​យូរ​មក​ហើយ ។ នៅពេល​គាត់​ចេញ​ទៅ​ផ្ទះ​បងប្អូនស្រី​នោះ គាត់​បាន​រកឃើញ​ថា ស្ត្រី​នោះ​ត្រូវ​បាន​គេ​វាយ ហើយ​ប្លន់​យក​របស់​របរ​អស់ ហើយ​មាន​អាហារ​បន្ដិចបន្ដួច​ទទួលទាន ហើយ​ពុំ​មាន​សម្លៀកបំពាក់​ដែល​គាត់​មាន​អារម្មណ៍​ថា សមរម្យ​សម្រាប់​ការ​ប្រជុំ​នៅ​ព្រះវិហារ​ថ្ងៃ​អាទិត្យ​ទេ ។ ស្ត្រី​ដែល​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​បាន​នាំ​ទៅ​ជាមួយ​គាត់​នូវ​ការ​យកចិត្ត​ទុកដាក់​ស្ដាប់ មាន​ផលិតផល​ពី​សួន​បន្លែ​ទៅ​ជាមួយ យក​ព្រះគម្ពីរ​ទៅ​អាន និង​ធ្វើ​ជា​មិត្ត ។ បងប្អូន​ស្រី​ដែល « ពុំ​បាន​ទៅ​ព្រះវិហារ​នោះ » មិន​យូរ​ប៉ុន្មាន​បាន​ត្រឡប់មក​ព្រះវិហារ​វិញ ហើយ​ឥឡូវ​មាន​ការ​ហៅ​បម្រើ ដោយសារ​តែ​គាត់​បាន​ដឹង​ថា គាត់​មាន​តម្លៃ និង​ទទួល​បាន​ក្ដីស្រឡាញ់ ។

    ការ​ប្រមូល​ផ្ដុំ​កិច្ចខិតខំ​របស់​សមាគម​សង្គ្រោះ​ជាមួយ​នឹង​កូរ៉ុម​អែលឌើរ​ដែល​បាន​រៀបចំ​ជាថ្មី​ឥឡូវ​នេះ នឹង​នាំ​មក​នូវ​សាមគ្គីភាព​ដែល​អាច​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​អស្ចារ្យ ។ ការ​បម្រើ​ក្លាយជា​កិច្ចខិតខំ​សហប្រតិបត្តិការ​មួយ​ដើម្បី​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​ទៅ « ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ​ដើម្បី​សួរសុខទុក្ខ » ហើយ « មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » ក៏​ដូចជា​ដើម្បី​សម្រេច​គោលបំណង​សមាគម​សង្គ្រោះ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក រៀបចំ​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។ ការ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ អាច​ត្រូវ​បាន​បំផុសគំនិត នៅពេល​ពួកគេ​ស្វែងរក​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​មើល​ការ​ខុសត្រូវ និង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅមក និង​គ្រួសារ ។

    ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​មួយ​ដល់​អ្នក ។ មាន​ម្ដាយ​ម្នាក់​បាន​ទទួល​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក ។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​ចាប់​ផ្ដើម​ទទួល​ការ​ព្យាបាល ហើយ​រំពេច​នោះ បងប្អូនស្រី​សមាគម​សង្គ្រោះ​បាន​ចេញ​ទៅ​ធ្វើ​ការ ដាក់ផែនការ​ថា​ជួយ​ឲ្យ​ល្អ​បំផុត​ខាង​ម្ហូបអាហារ មធ្យោបាយ​ធ្វើ​ដំណើរ​ទៅកាន់​ការណាត់​ជួប​ពេទ្យ និង​ការគាំទ្រ​ដទៃទៀត ។ ពួកគេ​បាន​ទៅ​សួរសុខទុក្ខ​គាត់​ជា​ទៀងទាត់ ផ្ដល់​ភាព​ជា​ដៃគូ​ដ៏​រីករាយ ។ ក្នុង​ពេល​នោះ​ដែរ កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​បាន​ធ្វើ​សកម្មភាព​មួយ​រំពេច ។ ពួកគេ​បាន​ជួយ​ធ្វើ​ការ​រៀបចំ​បន្ទប់​ដេក និង​បន្ទប់ទឹក​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ងាយ​ស្រួល​សម្រាប់​មើល​ថែ​ដល់​បងស្រី​ដែល​ឈឺ​នេះ ។ យុវជន​បាន​ជួយ​ធ្វើ​កិច្ចការ​ដើម្បី​ចូលរួម​នៅក្នុង​ការ​ខិតខំ​ដ៏​សំខាន់​នោះ ។ ហើយ​យុវនារី​បាន​ចូលរួម ៖ ពួកគេ​បាន​រៀបចំ​ដើម្បី​មើល​ថែ​សត្វ​ឆ្កែ​ដោយ​រីករាយ​ជា​រៀងរាល់​ថ្ងៃ ។ ពេលវេលា​កន្លង​ផុត​ទៅ វួដ​នោះ​បាន​បន្ដ​ធ្វើការ​បម្រើ​របស់​ពួកគេ ដោយ​បាន​បន្ថែម និង​កែសម្រួល​តាម​ដែល​ចាំបាច់ ។ វា​គឺ​ជា​កិច្ចការ​នៃ​សេចក្ដីស្រឡាញ់​យ៉ាង​ច្បាស់ សមាជិក​ម្នាក់ៗ​ចង់​ជួយ បង្ហាញ​នូវការ​យក​ចិត្ត​ទុកដាក់​ដោយ​មាន​សាមគ្គីភាព​តាម​របៀប​ផ្សេងៗ​ជា​បុគ្គល​ដើម្បី​ប្រទានពរ ពុំ​គ្រាន់តែ​ចំពោះ​ស្ត្រី​ដែល​រងទុក្ខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​សមាជិក​ម្នាក់ៗ​នៅក្នុង​គ្រួសារ​របស់​គាត់​ផងដែរ ។

    បន្ទាប់ពី​ការ​ខិតខំ​យ៉ាង​ក្លៀវក្លា ទីបំផុត​ស្ត្រី​រូប​នោះ​បាន​ទទួល​មរណភាព ហើយ​បាន​ចូល​ទៅកាន់​ទីសម្រាក ។ តើ​សមាជិក​វួដ​គិត​ថា​បាន​ធូរស្រាល ហើយ​ចាត់​ទុក​ថា​កិច្ចការ​ធ្វើ​បាន​យ៉ាងល្អ​ចប់​សព្វ​គ្រប់​ហើយ​ឬ ? ទេ យុវនារី​នៅ​បន្ដ​ដឹក​ឆ្កែ​រាល់​ថ្ងៃ កូរ៉ុម​បព្វជិតភាព​បន្ដ​បម្រើ​ដល់​ឪពុក និង​គ្រួសារ​របស់​គាត់ ហើយ​បងប្អូន​ស្ត្រី​បន្ដ​ឈោង​ទៅជួយ​ដោយ​ក្ដីស្រឡាញ់ ដើម្បី​កំណត់​ពី​ភាព​រឹងមាំ និង​តម្រូវការ​ទាំងឡាយ​របស់​គ្រួសារ​នោះ​បាន​បំពេញ ។ បងប្អូន​ប្រុស​ស្រី​អើយ នេះ​គឺ​ជា​ការបម្រើ—នេះ​គឺ​ជា​សេចក្ដីស្រឡាញ់​ដូច​ជា​ព្រះអង្គសង្គ្រោះ​មាន !

    ពរជ័យ​មួយ​ទៀត​អំពី​ការ​ប្រកាស​ដ៏​បំផុសគំនិត​ទាំង​នេះ គឺ​ជា​ឱកាស​សម្រាប់​យុវនារី​អាយុ​ពី ១៤ ដល់ ១៨ ឆ្នាំ ដើម្បី​ចូលរួម​នៅ​ក្នុងការ​បម្រើ​ជា​ដៃគូ​នឹង​បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ ក៏​ដូចជា​យុវជន​បម្រើ​ជា​ដៃគូ​បម្រើ​ជាមួយ​នឹង​បងប្អូនប្រុស​កាន់​បព្វជិតភាព​មិលគីស្សាដែក​ផងដែរ ។ យុវវ័យ​អាច​ចែកចាយ​អំណោយទាន​ពិសេស និង​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ នៅពេល​ពួកគេ​បម្រើ​អម​ត្រសង​នឹង​មជ្ឈិមវ័យ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ ការ​ឲ្យ​យុវវ័យ​ចូលរួម​នៅក្នុង​ការ​ចាត់តាំង​បម្រើ​ក៏​អាច​ជួយ​ដល់​សមាគមសង្គ្រោះ និង​កូរ៉ុម​អែលឌើរ ក្នុងការ​មើលថែ​ដល់​អ្នក​ដទៃ​ផងដែរ ដោយសារ​មាន​សមាជិក​ចូលរួម​បាន​ច្រើន ។

    នៅពេល​ខ្ញុំ​គិត​អំពី​យុវនារី​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ស្គាល់ ខ្ញុំ​រំភើប​ចំពោះ​បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ​ទាំងឡាយ​ដែល​នឹង​មាន​ឯកសិទ្ធិ​ត្រូវ​បាន​ផ្តល់ពរ​ដោយ​ភាព​អង់អាច ទេពកោសល្យ និង​ការ​ញាណ​ដឹង​ខាង​វិញ្ញាណ​របស់​ពួកយុវនារី នៅពេល​ពួកគេ​បម្រើ​គៀក​ដៃ​គ្នា ឬ​ទទួលបាន​ការបម្រើ​ពី​ពួកគេ ។ ហើយ​ខ្ញុំ​រំភើបចិត្ត​ផងដែរ​ចំពោះ​ឱកាស​ដែល​យុវនារី​នឹង​មាន​ដើម្បី​ទទួល​បាន​ការ​ណែនាំ និង​បង្រៀន ហើយ​ពង្រឹង​ដោយ​បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ​របស់​ពួកគេ ។ ឱកាស​ដើម្បី​ចូលរួម​នៅក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះ​នេះ នឹង​ជា​អត្ថប្រយោជន៍​ដ៏​ធំ​មួយ​ដល់​យុវនារី​ក្នុង​ការ​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​បំពេញ​តួនាទី​របស់​ពួកគេ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​សាសនាចក្រ និង​សហគមន៍ ព្រមទាំង​ជា​ដៃគូ​ធ្វើការ​បរិច្ចាគ​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ដូចជា ស៊ីស្ទើរ បូនី អិល អូស្ការ​សុន បាន​ចែកចាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ អំពី​យុវនារី « ចង់ បម្រើ ។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​ថា ពួកគេ​មាន​តម្លៃ ហើយ​សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ » ។

    តាមពិត យុវនារី​កំពុង​បម្រើ​ដល់​អ្នកដទៃ​រួច​ទៅ​ហើយ​ដោយ​ពុំបាច់​មាន​ការ​ចាត់តាំង ឬការ​ទទួល​ស្គាល់​ឡើយ ។ មាន​គ្រួសារ​មួយ​ដែល​ខ្ញុំ​ស្គាល់​បាន​ផ្លាស់​ទៅ​ទីតាំង​ថ្មី​មួយ​ដែល​ពួកគេ​ពុំ​ស្គាល់​នរណា​ម្នាក់ ។ នៅ​ក្នុង​សប្ដាហ៍​ដំបូង នោះ​មាន​យុវនារី​អាយុ ១៤ ឆ្នាំ​ម្នាក់​មក​ពី​វួដ​ថ្មី​របស់​ពួកគេ​បាន​បង្ហាញ​ខ្លួន​នៅ​មាត់​ទ្វារ​ផ្ទះ​ពួកគេ​ស្វាគមន៍​ពួកគេ​មក​តំបន់​ថ្មី​ជាមួយ​នឹង​នំ​មួយ​ចាន ។ ម្ដាយ​របស់​គាត់​ឈរ​ញញឹម​នៅ​ពី​ក្រោយ​គាត់ ជា​អ្នក​ជួយ​គាំទ្រ​ដល់​បំណងប្រាថ្នា​របស់​កូន​ស្រី​ដើម្បី​ធ្វើ​ការ​បម្រើ ។

    មាន​ថ្ងៃមួយ​ម្ដាយ​ម្នាក់​ទៀត​បាន​ងឿងឆ្ងល់​ដែល​កូន​ស្រី​អាយុ ១៦ ឆ្នាំ​របស់​គាត់​ពុំ​បាន​មក​ផ្ទះ​តាម​ម៉ោង​ធម្មតា​សោះ ។ នៅពេល​យុវនារី​នោះ​មក​ដល់​ផ្ទះ ម្ដាយ​បាន​សួរ​នាង​ទាំង​មួរម៉ៅ​ខ្លះៗ​ថា នាង​ទៅ​ឯ​ណា ។ យុវនារី ១៦ ឆ្នាំ​នោះ​បាន​តប​ទាំង​អៀនប្រៀន​ថា នាង​បាន​យក​ផ្កា​ទៅ​ជូន​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​រស់នៅ​ជិត​នោះ ។ នាង​បាន​កត់សម្គាល់​ឃើញ​ស្ត្រី​នោះ​នៅ​ឯកោ ហើយ​ទទួល​អារម្មណ៍​ឲ្យ​ទៅ​សួរសុខ​ទុក្ខ​គាត់ ។ ដោយ​មាន​ការ​អនុញ្ញាត​មក​ពី​ម្ដាយ យុវនារី​រូប​នោះ​បាន​បន្ដ​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ចំណាស់​នោះ ។ ពួកគេ​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​មាន​ទំនាក់ទំនង​ផ្អែមល្ហែម​អស់​ជាច្រើន​ឆ្នាំ ។

    យុវនារី​ម្នាក់ៗ និង​ជា​ច្រើនទៀត​ដូចជា​ពួកគេ បាន​កត់សម្គាល់​ឃើញ​ពី​តម្រូវការ​របស់​នរណា​ម្នាក់ ហើយ​បាន​ធ្វើ​ការ​បំពេញ​តម្រូវការ​នោះ ។ យុវនារី​មានបំណង​ប្រាថ្នា​ពី​ធម្មជាតិ​ដើម្បី​មើលថែ និង​ចែក​រំលែក​ដែល​អាច​ដឹកនាំ​យ៉ាង​ល្អ​តាមរយៈ​ការបម្រើ​នៅក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​បងប្អូន​ស្ត្រី​មជ្ឈិមវ័យ ។

    មិន​ថា​វ័យ​របស់​យើង​ប៉ុណ្ណា​ទេ នៅពេល​យើង​ពិចារណា​អំពី​របៀប​ដើម្បី​បម្រើ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត នោះ​យើង​សួរ​ថា « តើ [ គាត់ ]​មាន​តម្រូវការ​អ្វី​ខ្លះ ? » ពេល​ដាក់​សំណួរ​នោះ​រួម​ផ្គុំ​នឹង​បំណង​ប្រាថ្នា​ដោយស្មោះ​ដើម្បី​បម្រើ នោះ​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ធ្វើ​អ្វី​ដែល​លើក​តម្កើង និង​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ ។ ខ្ញុំ​បាន​ស្ដាប់​ឮ​រឿង​រាប់​មិន​អស់​មកពី​បងប្អូន​ប្រុសស្រី​ដែល​ត្រូវ​បាន​ប្រទានពរ​ដោយ​ទង្វើរ​ដ៏​សាមញ្ញ​មួយ​នៃ​ការ​រាប់​បញ្ចូល និង​ការ​ស្វាគមន៍​នៅ​ព្រះវិហារ ការ​ផ្ញើសារ​តាម​ទូរសព្ទ ឬ​អ៊ីម៉ែល​ដោយ​ចេះ​គិតគូរ ការ​ជួបផ្ទាល់​នៅពេល​មាន​បញ្ហា​លំបាក ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សកម្មភាព​ក្រុម ឬ​ការ​ផ្ដល់​ជំនួយ​នៅពេល​មាន​ស្ថានភាព​លំបាក ។ ឪពុក ឬ​ម្ដាយ​នៅលីវ អ្នក​ប្រែចិត្ត​ជឿ​ថ្មី សមាជិក​មិន​សូវ​សកម្ម ស្ត្រី​មេម៉ាយ និង​បុរស​ពោះម៉ាយ ឬ​យុវវ័យ​ដែល​កំពុង​មាន​បញ្ហា អាច​ត្រូវការ​នូវការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ហើយ​ជំនួយ​ជា​អាទិភាព​មកពី​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់ការ​បម្រើ ។ ការ​សហការ​រវាង​គណៈប្រធាន​កូរ៉ូម​អែលឌើរ និង​សមាគមសង្គ្រោះ អនុញ្ញាត​ឲ្យ​មាន​ការ​ចាត់តាំង​ត្រឹមត្រូវ​ធ្វើ​ឡើង ។

    រឿង​សំខាន់​បំផុត ការ​បម្រើ​ពិត​គឺ​សម្រេច​បាន​ម្ដង​មួយៗ​ដោយ​សេចក្ដីស្រឡាញ់​ជា​ការ​លើក​ទឹកចិត្ត ។ គុណតម្លៃ និង​គុណសម្បត្តិ និង​ភាពអស្ចារ្យ​នៃ​ការ​បម្រើ​ដោយ​ស្មោះ គឺ​ថា​វា​ពិត​ជា​បាន​ផ្លាស់ប្ដូរ​ជីវិត ! នៅពេល​ដួងចិត្ត​របស់​យើង​បើក ហើយ​មាន​ឆន្ទៈ​ស្រឡាញ់ និង​រាប់​បញ្ចូល លើកទឹកចិត្ត និង​លួងលោម​ចិត្ត នោះ​អំណាច​នៃ​ការ​បម្រើ​របស់​យើង​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ពុំ​អាច​ទប់​បាន ។ ដោយ​មាន​សេចក្ដីស្រឡាញ់​ជា​ការ​លើកទឹកចិត្ត នោះ​អព្ភូតហេតុ​ជាច្រើន​នឹង​កើត​មាន​ឡើង ហើយ​យើង​នឹង​រកឃើញ​វិធី​ជាច្រើន​ដើម្បី​នាំ​បងប្អូន​ប្រុសស្រី « ដែល​ពុំបាន​មក​ព្រះវិហារ » របស់​យើង​ឲ្យ​មក​រួម​ចំណែក​ក្នុង​ការ​ឱប​ក្រសោប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​វិញ ។

    ព្រះអង្គសង្គ្រោះ​ជា​គំរូ​របស់​យើង​នៅ​គ្រប់​រឿង—ពុំ​គ្រាន់តែ​នៅក្នុង​អ្វី​ដែល​យើង​គួរ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី មូលហេតុ យើង​គួរ​ធ្វើ​វា​ផងដែរ ។ « ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី​គឺ [ ជា ] ការ​អញ្ជើញ​មួយ​ចំពោះ​យើង—ដើម្បី​ដាក់​គោលដៅ​របស់​យើង​ឲ្យ​កាន់តែ​ខ្ពស់ ដើម្បី​បំភ្លេច​អំពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​យើង ហើយ​ឈោង [ ទៅ ] ជួយ​ដល់​អ្នកដទៃ » ។ នៅពេល​យើង​ទទួល​យក​ឱកាស​នោះ​ដោយ​ពេញ​បេះដូង​ដើម្បី​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​យើង នោះ​យើង​ត្រូវ​បាន​ផ្តល់ពរ​ដើម្បី​កាន់​តែ​បាន​បន្សុទ្ធ​ខាង​វិញ្ញាណ កាន់តែ​ធ្វើ​ស្របតាម​ព្រះទ័យ​របស់​ព្រះ ហើយ​កាន់តែ​អាច​យល់​អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​ជួយ​មនុស្ស​ម្នាក់ៗ​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ ។ យើង​នឹង​កាន់តែ​ត្រៀម​ខ្លួន​ទទួល​ស្គាល់​ពរជ័យ​ទាំងឡាយ​របស់​ទ្រង់ និង​ចង់​ផ្ដល់​ពរជ័យ​នោះ​ដល់​អ្នក​ទៃ ។ ដួងចិត្ត​របស់​យើង​នឹង​ច្រៀង​ស្រុះ​គ្នា​ជាមួយ​នឹង​សំឡេង​របស់​យើង ៖

    ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្ញុំ​ព្រះអង្គ

    កាលដឹង​ថា​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ

    មាន​ព្រះជា​កម្លាំង និង​បង្គោល

    ខ្ញុំ​សូម​ធ្វើ​ជា​បាវ​នៃ​ទ្រង់ ។

    ព្រះសង្គ្រោះ​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​គ្នា—

    ខ្ញុំ​នឹង​ដើរ​តាម​ទ្រង់ ។១០

    សូម​ឲ្យ​យើង​បង្ហាញ​ការ​ដឹងគុណ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​តាមរយៈ​ការ​បម្រើ​ដោយ​សេចក្ដីស្រឡាញ់​ចំពោះ​បងប្អូន​ប្រុសស្រី​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។១១ ជា​លទ្ធផល​នឹង​នាំ​ឲ្យ​មាន​អារម្មណ៍​សាមគ្គីភាព​ដូចជា​ប្រជាជន​នៅក្នុង​ទ្វីប​អាមេរិក​ពី​បុរាណ ដែល​បាន​រីករាយ​រយៈពេល ១០០ ឆ្នាំ បន្ទាប់​ពី​ការ​លេច​មក​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ដែនដី​របស់​ពួកគេ ។

    « ហើយ​ហេតុការណ៍​បានកើតឡើងថា គ្មាន​ការ​ទាស់​ទែង​គ្នា ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅក្នុងចិត្ត​របស់​មនុស្ស ។

    … នៅក្នុង ខ​ទី ១៦ យើង​អាន​ថា « ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ។១២

    ខ្ញុំ​រីករាយ​នឹង​ថ្លែង​ជា​សាក្សី​ផ្ទាល់​ខ្លួន​ថា ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​វិវរណៈ​ទាំងនេះ​គឺ​ត្រូវ​បាន​បំផុសគំនិត​ពី​ព្រះ ហើយ​ថា យើង​នឹង​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ជួប​នឹង​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ នៅ​ការ​យាង​មក​របស់​ទ្រង់ នៅពេល​យើង​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ទាំងនេះ​ដោយ​ដួងចិត្ត​ស្មោះស្ម័គ្រ ។ យើង​នឹង​កាន់តែ​ជិត​ប្រែក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​ស៊ីយ៉ូន ហើយ​នឹង​ទទួល​អំណរ​ដ៏​មហិមា​ជាមួយ​នឹង​អស់អ្នក​ដែល​យើង​បាន​ជួយ​នៅ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស ។ ខ្ញុំ​សូម​អធិស្ឋាន​ដោយ​ចិត្ត​រាបសា និង​ក្លៀវក្លា សូម​ឲ្យ​យើង​បាន​ធ្វើ​ដូច្នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។