ឆ្នាំ ២០១០-២០១៩
ដោយ​ព្រមព្រៀង​គ្នា
ខែ មេសា ឆ្នាំ ២០១៨


ដោយ​ព្រមព្រៀង​គ្នា

ដើម្បី​ទៅ​ដល់​ជោគវាសនា​ដ៏​អស្ចារ្យ​របស់​យើង យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​ចាំបាច់​ត្រូវ​មាន​សាមគ្គីភាព ។

សត្វ​លោក​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅលើ​ផែនដី​គឺ សត្វ​មេអំបៅ​ពណ៌​ចម្រុះ ។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ិកស៊ីក​ដើម្បី​ចំណាយ​ពេល​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​នឹង​គ្រួសារ​ខាង​ស្វាមី​របស់​ខ្ញុំ ពួក​យើង​បាន​ទៅ​លេង​ជម្រក​មេអំបៅ ដែល​មាន​មេអំបៅ​ពណ៌ចម្រុះ​រាប់​លាន​ក្បាល​ចំណាយពេល​នៅ​រដូវ​រងារ ។ វា​គួរ​ឲ្យ​ស្រឡាញ់​ណាស់​នៅពេល​មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ ហើយ​យើង​អាច​នឹក​គិត​អំពី​គំរូ​នៃ​សាមគ្គីភាព និង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​ដ៏​ទេវភាព​ដែល​ការ​បង្កបង្កើត​របស់​ព្រះ​បាន​បើកសម្ដែង ។

រូបភាព
Monarch butterfly
រូបភាព
Cluster of butterflies

មេអំបៅ​ពណ៌ចម្រុះ​គឺ​ជា​អ្នក​ស្ទង់មើល​ទិសដៅ​ដ៏​ជំនាញ ។ ពួក​វា​បាន​ប្រើ​ទីតាំង​របស់​ព្រះអាទិត្យ​ដើម្បី​រក​ទិសដៅ​ដែល​ពួកវា​ត្រូវ​ទៅ ។ ជា​រៀងរាល់​និទារឃរដូវ ពួកវា​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​ម៉ិកស៊ីក​ទៅកាន់​ប្រទេស​កាណាដា ហើយ​ជា​រៀងរាល់​រដូវ​ស្លឹកឈើ​ជ្រុះ ពួកវា​ត្រឡប់​មកព្រៃ​ឈើស្រល់​ដ៏​ពិសិដ្ឋ​នៅ​ប្រទេស​ម៉ិកស៊ីក​វិញ ។ ស្លាប​តូច​ទទះ​ម្ដងៗ ពួក​វា​ធ្វើ​ដូច​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ អំឡុង​ពេល​ធ្វើ​ដំណើរ ពួក​វា​ដង្គុំ​គ្នា​នៅ​ពេល​យប់​នៅលើ​ដើមឈើ​ដើម្បី​ការពារ​ពួកវា​ពី​ភាព​ត្រជាក់ និង​ពី​សត្វ​ដែល​ចង់ស៊ី​ពួកវា ។

រូបភាព
Kaleidoscope of butterflies
រូបភាព
A second kaleidoscope of butterflies

ក្រុម​មេអំបៅ​នោះ​ត្រូវ​បាន​ហៅ​ថា kaleidoscope ( កាលីដូស្កូប ) ។ តើ​នោះ​ពុំ​មែនជា​រូបភាព​ដ៏​ស្អាត​ទេ​ឬ​អី ? មេអំបៅ​នីមួយៗ​នៅ​ក្នុង kaleidoscope គឺ​ពិសេស និង​ដាច់​ដោយ​ឡែក ប៉ុន្តែ​សត្វលោក​ដែល​ហាក់​ដូចជា​ងាយ​ស្លាប់​ទាំង​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​អង្គ​បង្កបង្កើត​ជា​ទីស្រឡាញ់​ដែល​មាន​សមត្ថភាព​ដើម្បី​នៅ​រស់ ធ្វើ​ដំណើរ បង្កើត​ជីវិត​ចម្រើន​ជា​ច្រើន​ឡើង នៅពេល​ពួកវា​ហើរ​ទៅ​ពី​មួយ​ផ្កា​ទៅ​មួយ​ផ្កា ពង្រាយ​លំអង​ផ្កា ។ ហើយ​ទោះ​បី​ជា​មេអំបៅ​នីមួយៗ​មាន​ភាព​ខុសគ្នា​ក្ដី ក៏​ពួក​វា​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ជា​កន្លែង​ដ៏​ស្រស់ស្អាត និង​មាន​ផលផ្លែ ។

ក៏​ដូចជា​មេអំបៅ​ពណ៌ចម្រុះ​ដែរ យើង​ស្ថិត​នៅក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​យើង​វិញ ដែល​យើង​នឹង​រួបរួម​គ្នា​ជាមួយ​នឹង​ព្រះមាតាបិតា​សួគ៌​របស់​យើង ។ ក៏ដូចជា​មេអំបៅ​ដែរ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អាកប្បកិរិយា​ដ៏​ទេវភាព ដែល​អនុញ្ញាត​ឲ្យ​យើង​ស្ទង់មើល​ទិសដៅ​នៅ​ក្នុងជីវិត​ដើម្បី « [ បំពេញ ] តាម​រង្វាស់​នៃ​ការ​បង្កបង្កើត​របស់ [ យើង ] » ។ ក៏​ដូចជា​ពួក​វា​ដែរ បើ​យើង​វេញ​ដួងចិត្ត​របស់​យើង​រួមគ្នា  នោះព្រះអម្ចាស់​នឹង​ការពារ​យើង « ដូចជា​មេមាន់ [ ប្រមូល ] កូន​វា​នៅក្រោម​ស្លាប​ដូច្នោះ​ដែរ »  ហើយ​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ក្រុម​មេអំបៅ​ដ៏​ស្រស់ស្អាត ។

កុមារា​កុមារី យុវនារី​យុវជន បងប្អូន​ប្រុសស្រី យើង​រួម​ដំណើរ​ជាមួយ​គ្នា ។ ដើម្បី​ទៅ​ដល់​ជោគវាសនា​ដ៏​អស្ចារ្យ​របស់​យើង យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​ចាំបាច់​ត្រូវ​មាន​សាមគ្គីភាព ។ ព្រះអម្ចាស់​បាន​បញ្ជា​យើង​ថា « ចូរ​រួមគ្នា​តែ​មួយ ហើយ​បើសិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ » ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​នៃ​សាមគ្គីភាព​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់ ។ ពួក​ទ្រង់​មាន​ព្រះបំណង​តែមួយ ក្ដីស្រឡាញ់​តែមួយ កិច្ច​ការ​តែ​មួយ « ព្រះហឬទ័យ​នៃ​ព្រះរាជបុត្រា ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឬទ័យ​នៃ​ព្រះវរបិតា » ។១០

តើ​យើង​អាច​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះអម្ចាស់​អំពី​សាមគ្គីភាព​ជាមួយ​នឹង​ព្រះវរបិតា​របស់​ទ្រង់ ហើយ​កាន់តែ​មាន​សាមគ្គីភាព​ជាមួយ​នឹង​ពួកទ្រង់ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ដូចម្ដេច ?

មាន​លំនាំ​ដ៏​បំផុសគំនិត​មួយ​រកឃើញ​នៅក្នុង កិច្ចការ ១:១៤ ។ យើង​អានថា « [ មនុស្ស ] ទាំង​នេះ​មាន​ចិត្ត ព្រមព្រៀង​គ្នា ​ដោយ​ព្យាយាម​ក្នុង​សេចក្ដីអធិស្ឋាន​ជាមួយ​នឹង​ពួក​ស្រីៗ » ។១១

ខ្ញុំ​គិត​ថា​វា​សំខាន់​ដែល​ឃ្លា « ព្រមព្រៀង​គ្នា » បាន​លេច​ឡើង​ជាច្រើន​ដង​នៅក្នុង​គម្ពីរ​កិច្ចការ ដែល​យើង​អាន​អំពី​អ្វី​ដែល​ពួក​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​មួយ​រំពេច​បន្ទាប់ពី​ទ្រង់​បាន​យាង​ឡើងទៅ​ស្ថានសួគ៌​វិញ ជា​តួអង្គ​រស់ឡើង​វិញ​នោះ ក៏​ដូចជា​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​ដោយសារ​តែ​ការ​ខិតខំ​របស់​ពួកគេ​ផងដែរ ។ វា​សំខាន់​ផងដែរ​ដែល​យើង​ស្វែងរក​លំនាំ​ដូចគ្នា​នៅក្នុង​ចំណោម​ពួកបរិសុទ្ធ​ស្មោះត្រង់​នៅ​ទ្វីប​អាមេរិក​ក្នុង​គ្រា​ដែល​ព្រះអម្ចាស់​បាន​យាង​ទៅ​ជួប និង​បម្រើ​ពួកគេ​នោះ ។ « ព្រមព្រៀង​គ្នា » មានន័យ​ថា​យល់​ស្រប មាន​សាមគ្គី​ភាព និង​រួម​ទាំងអស់ ។

មាន​អ្វី​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​ស្មោះត្រង់​បាន​ធ្វើ​នៅ​ក្នុង​សាមគ្គីភាព​នៅ​កន្លែង​ទាំងពីរ គឺ​ថា​ពួកគេ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ បាន​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ជាមួយ​គ្នា ហើយ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក​ដោយ​ក្ដីស្រឡាញ់ ។១២

អ្នកដើរ​តាម​ព្រះអម្ចាស់​គឺ​មាន​ចិត្ត​រួមគ្នា​តែ​មួយ​នៅក្នុង​គោលបំណង សេចក្ដីស្រឡាញ់ និង​នៅក្នុង​កិច្ចការ ។ ពួកគេ​បាន​ដឹង​ថា​ខ្លួន​ពួកគេ​ជា​នរណា ពួកគេ​បាន​ដឹង​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ហើយ​ពួកគេ​បាន​ធ្វើ​វា​ដោយ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ពួកគេ​គឺជា​ចំណែក​នៃ​ក្រុម​មេអំបៅ​ដ៏​សំខាន់​ដែល​ហើរ​ឆ្ពោះ​ទៅមុខ​ដោយ​ព្រមព្រៀង​គ្នា ។

ពរជ័យ​មួយ​ចំនួន​ដែល​ពួកគេ​បាន​ទទួល​គឺ​ថា ពួកគេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​អព្ភូតហេតុ​ជាច្រើន​បាន​កើត​ឡើង​នៅក្នុង​ចំណោម​ពួកគេ សាសនាចក្រ​រីកចម្រើន ពុំ​មាន​ការ​ឈ្លោះ​ទាស់ទែង​នៅក្នុង​ចំណោម​ប្រជាជន ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ​នៅ​គ្រប់​រឿង​ទាំងអស់ ។១៣

ពួក​យើង​អាច​គិត​ថា មូលហេតុ​ដែល​ពួកគេ​មាន​សាមគ្គីភាព គឺ​ដោយសារ​តែ​ពួកគេ​បាន​ស្គាល់​ព្រះអម្ចាស់​ដោយ​ផ្ទាល់ ។ ពួកគេ​បាន​នៅជិត​នឹង​ទ្រង់ ហើយ​ពួកគេ​បាន​ធ្វើជា​សាក្សី​ក្នុង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ អព្ភូតហេតុ​ដែល​ទ្រង់​បាន​ធ្វើ និង​ការ​រស់ឡើង​វិញ​របស់​ទ្រង់ ។ ពួកគេ​បាន​ឃើញ ហើយ​បាន​ពាល់​ស្នាម​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​ទ្រង់ ។ ពួកគេ​បាន​ស្គាល់​ជាក់​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ ពួកគេ​បាន​ដឹង​ថា « ទ្រង់​ជា​ប្រភព​នៃ​ការ​ព្យាបាល​ទាំងអស់ ភាព​សុខសាន្ដ និង​ការ​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច » ។១៤

ទោះ​ជា​យើង​ពុំ​បាន​មើល​ឃើញ​ព្រះអង្គសង្គ្រោះ​នឹង​ភ្នែក​ក្ដី ក៏​យើង​អាច​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ នៅពេល​យើង​ខិត​ទៅកាន់​តែ​ជិត​ទ្រង់ នៅពេល​យើង​ស្វែងរក​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ យើង​នឹង​មាន​ការ​យល់ដឹង​កាន់តែ​ល្អ​ប្រសើរ​អំពី​គោលបំណង​របស់​យើង នោះ​សេចក្តីស្រឡាញ់​នៃ​ព្រះ​នឹង​មាន​នៅក្នុង​ដួងចិត្ត​របស់​យើង ១៥ យើង​នឹង​មាន​ការ​តាំងចិត្ត​ដើម្បី​ធ្វើ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុម kaleidoscopes នៃ​គ្រួសារ​របស់​យើង វួដ និង​សហគមន៍ ហើយ​យើង​នឹង​បម្រើ​គ្នា​ទៅវិញ​ទៅមក « តាម​របៀប​ថ្មី និង​កាន់តែ​ល្អ​ប្រសើរ » ។១៦

អព្ភូតហេតុ​ទាំងឡាយ​បាន​កើត​ឡើង​នៅ​ពេល​កូនចៅ​របស់​ព្រះ​ធ្វើ​ការ​រួមគ្នា​ដោយ​បាន​ដឹកនាំ​តាមរយៈ​ព្រះវិញ្ញាណ​ដើម្បី​ឈោង​ទៅ​រក​អ្នកដទៃ​ដែល​ខ្វះខាត ។

រូបភាព
Flooded street with rescuers

យើង​ស្ដាប់​ឮ​រឿង​ជាច្រើន​អំពី​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ជិតខាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅពេល​មាន​គ្រោះ​មហន្តរាយ​វាយ​ប្រហារ ។ ឧទាហរណ៍ នៅពេល​ទីក្រុង ហោស្ដុន​បាន​រងទុក្ខ​ដោយ​ទឹក​ជំនន់​ដ៏​ធំ​កាល​ពី​ឆ្នាំ​មុន មនុស្ស​បាន​បំភ្លេច​អំពី​តម្រូវការ​ផ្ទាល់ខ្លួន ហើយ​បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ ។ ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់​បាន​ស្វែងរក​ជំនួយ​ពី​សហគមន៍ ហើយ​បាន​កងនាវា​នៃ​ទូក ៧៧ ទូក​បាន​រៀបចំ​ឡើង​យ៉ាង​លឿន ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​ជុំវិញ​តំបន់​ដែល​រងគ្រោះ​ជិតខាង ហើយ​បាន​ដឹក​ជញ្ជូន​គ្រួសារ​ទាំងមូល​ជា​ច្រើន​គ្រួសារ​ទៅ​កាន់​សាលាប្រជុំ​មួយ​របស់​យើង ជា​កន្លែង​ដែល​ពួកគេ​បាន​ទទួល​ជម្រក និង​ជំនួយ​ចាំបាច់​ជាច្រើន ។ ទាំង​សមាជិក និង​អ្នក​ពុំ​មែនជា​សមាជិក​បាន​ធ្វើ​ការ​រួមគ្នា​ក្នុង​គោលបំណង​តែ​មួយ ។

រូបភាព
Missionaries teaching Spanish

នៅ​សាន់ឌីអាហ្គោ ឈីលី ប្រធាន​សមាគម​សង្គ្រោះ​មាន​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ពួកជន​អន្ដោប្រវេស្ដន៍​នៅក្នុង​សហគម​ន៍​របស់​គាត់​មកពី​ហៃទី ។ តាមរយៈ​ការ​ប្រឹក្សា​រួមគ្នា​ជាមួយ​នឹង​ពួកអ្នក​ដឹកនាំ​បព្វជិតភាព​របស់​គាត់ គាត់ និង​អ្នកដឹកនាំ​ដទៃ​ទៀត បាន​បង្កើត​គំនិត​បង្រៀន​ភាសា​អេស្ប៉ាញ​ដល់​ជន​អន្ដោប្រវេស្ដន៍ ដើម្បី​ជួយ​ពួកគេ​ចូលរួម​កាន់តែ​ល្អ​ប្រសើរ​នៅក្នុង​ផ្ទះ​ថ្មី​របស់​ខ្លួន ។ រាល់​ព្រឹក​ថ្ងៃ​សៅរ៍ ពួកអ្នកផ្សព្វផ្សាយ​សាសនា​បាន​ប្រមូល​ផ្ដុំគ្នា​ជាមួយ​នឹង​សិស្ស​ដែល​ចង់​រៀន​របស់​ពួកគេ ។ អារម្មណ៍​សាមគ្គីភាព​នៅក្នុង​អគារ​នោះ​គឺ​ជា​គំរូ​ដ៏​បំផុសគំនិត​នៃ​ប្រជាជន​មកពី​ប្រវត្តិ​ផ្សេងៗ​កំពុង​បម្រើ​ដោយ​ព្រមព្រៀង​គ្នា ។

រូបភាព
Volunteers in Mexico

នៅ​ប្រទេស​ម៉ិកស៊ិក មាន​សមាជិក​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​ទៅ​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ការ​រញ្ជួយដី​ដ៏​ធំពីរ ។ ពួកគេ​បាន​ទៅ​ដោយ​មាន​ឧបករណ៍ គ្រឿង​ម៉ាស៊ីន និង​សេចក្ដីស្រឡាញ់​ដល់​អ្នកជិត​ខាង​របស់​ពួកគេ ។ នៅ​ពេល​អ្នក​ស្ម័គ្រចិត្ត​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សាលាប្រជុំ​មួយ​របស់​យើង​រង់ចាំ​ការ​ណែនាំ នោះ​ចៅហ្វាយ​ក្រុង អាយហាន់តាន់ បាន​ស្រក់​ទឹក​ភ្នែក នៅពេល​គាត់​បាន​មើល​ឃើញ​នូវការ​បង្ហាញ​ពី « សេចក្ដីស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ » ដូច្នេះ ។១៧

ឥឡូវ ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​ប្រឹក្សា​ជាមួយ​គ្នា​រាល់​ខែ​នៅក្នុង​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ​របស់​យើង ដើម្បី​យើង​ទាំងអស់​គ្នា​អាច​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​វួដ ឬសាខា kaleidoscope របស់​យើង—ជា​កន្លែង​មួយ​ដែល​យើង​ទាំងអស់​គ្នា​ចុះ​សម្រុង និង​ត្រូវការ ។

ផ្លូវ​របស់​ពួកយើង​គ្រប់គ្នា​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ​យើង​ដើរ​ផ្លូវ​នោះ​ជាមួយ​គ្នា ។ ផ្លូវ​របស់​យើង​គឺ​ពុំ​មែន​ជា​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​កន្លែង​ដែល​យើង​ធ្លាប់​ទៅ​នោះ​ទេ វា​គឺ​ជា​កន្លែង​ដែល​យើង​នឹង​ទៅ និង​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ​នៅក្នុង​សាមគ្គីភាព ។ នៅពេល​យើង​ប្រឹក្សា​រួមគ្នា​ដោយ​បាន​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មើល​ឃើញ​ថា​យើង​នៅ​ត្រង់​ណា ហើយ​យើង​ត្រូវ​នៅកន្លែង​ណា ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ទស្សនវិស័យ​មួយ​ដល់​យើង ដែល​ភ្នែក​ធម្មជាតិ​របស់​យើង​ពុំ​អាច​មើល​ឃើញ​ដោយសារ « វិវរណៈ​គឺ​មាន​នៅ​ក្នុង​ចំណោម​យើង » ១៨ ហើយ​នៅពេល​យើង​ដាក់​វិវរណៈនោះ​រួមគ្នា នោះ​យើង​អាច​មើល​ឃើញ​កាន់តែ​ច្រើន ។

នៅពេល​យើង​ធ្វើ​ការ​រួមគ្នា គោលបំណង​របស់​យើង​គួរ​តែ​សម្លឹងមើល និង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ គ្រឿង​លើក​ទឹកចិត្ត​របស់​យើង​គួរ​តែ​ជា​សេចក្ដីស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ និង​អ្នកជិត​ខាង​របស់​យើង ១៩ ហើយ​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​យើង​គួរ​តែ​ជា « ការ​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម » ២០ ដូច្នេះ​យើង​អាច​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​ត្រឡប់​មកវិញ​ដ៏​រុងរឿង​របស់​ព្រះអង្គសង្គ្រោះ​យើង ។ វិធី​តែ​មួយ​ដែល​យើង​នឹង​អាច​ធ្វើ​ដូច្នោះ​បាន​គឺ « ដោយ​ការព្រមព្រៀង​គ្នា » ។

ដូចជា​មេអំបៅ​ពណ៌ចម្រុះ ចូរ​យើង​បន្ដ​ដំណើរ​ជាមួយគ្នា​ក្នុង​គោលបំណង​រួមគ្នា យើង​ម្នាក់ៗ​មាន​លក្ខណ និង​ការ​បរិច្ចាគ​ផ្ទាល់ខ្លួន​របស់​យើង ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​នេះ​កាន់តែ​ស្រស់ស្អាត និង​មាន​ផលផ្លែ—បោះ​ជំហាន​តូចៗ​មួយ​ជំហាន​ម្ដងៗ ហើយ​មាន​ភាព​សុខុដុម​ជាមួយនឹង​បទបញ្ញត្តិ​របស់​​ព្រះ​របស់​យើង ។

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​បាន​សន្យា​នឹង​យើង​ថា នៅពេល​យើង​រួម​ប្រជុំ​គ្នា​នៅក្នុង​ព្រះនាម​របស់​ទ្រង់ នោះ​ទ្រង់​ស្ថិត​នៅ​កណ្ដាល​ពួក​យើង ។២១ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ទ្រង់​មាន​ព្រះជន្មរស់ ហើយ​ថា​ទ្រង់​បាន​រស់ឡើង​វិញ​នៅ​ព្រឹក​និទារឃរដូវ​ដ៏​ស្រស់ស្អាត​ដូចជា​ថ្ងៃ​នេះ ។ ទ្រង់​គឺ​ជា​ក្សត្រ​នៃ​អស់​ទាំងក្សត្រ « ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ [ ជា ] ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ » ។២២

សូម​ឲ្យ​យើង​បាន​តែ​មួយ​នៅ​ក្នុង​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ នៅពេល​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ការ​អធិស្ឋាន​ដោយ​រាបសា​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល អ័ប្រាហាំ ៣:២៦; ៤:៧, ៩–១២, ១៥, ១៨, ២១, ២៤–២៥ ។

  2. រឿង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​មេអំបៅ​ពណ៌ចម្រុះ​គឺ​ថា វា​នាំ​មេអំបៅ​បី​ជំនាន់​ធ្វើ​ដំណើរ​ពី​ទិស​ខាង​ជើង​ទៅ​ប្រទេស​កាណាដា ។ ទោះជា​យ៉ាងណា « ជំនាន់​ដែល​ខ្លាំង​ជាងគេ » ធ្វើ​ដំណើរ​ពីទិស​ខាង​ត្បូង​ទៅ​ប្រទេស​ម៉ិកស៊ិក ចំណាយ​ពេល​រដូវ​រងារ​នៅ​ទីនោះ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ភាគ​ខាង​ជើង​វិញ ។ ( សូមមើល « Flight of the Butterflies » [video, 2012]; “‘Flight’: A Few Million Little Creatures That Could,” WBUR News, Sept. 28, 2012, wbur.org ) ។

  3. សូមមើល « Why Do Monarchs Form Overnight Roosts during Fall Migration? » learner.org/jnorth/tm/monarch/sl/17/text.html ។

  4. សូមមើល « What Is a Group of Butterflies Called ? » amazingbutterflies.com/frequentlyaskedquestions.htm; សូមមើល​ផងដែរ “kaleidoscope,” merriam-webster.com ។ Kaleidoscope មក​ពី​ពាក្យ​ក្រិក kalos ( ស្រស់ស្អាត ») និង eidos ( « បង្កើត » ) ។

  5. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក» Liahona ខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  6. គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៩ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:២៥ ។

  7. សូមមើល ម៉ូសាយ ១៨:២១ ។

  8. នីហ្វៃទី ៣ ១០:៤ ។

  9. គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៧ ។

  10. ម៉ូសាយ ១៥:៧ ។

  11. កិច្ចការ ១:១៤ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  12. រឿង​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម ៖ ជ្រើសរើស​សាវក​ថ្មី និង « បុរស​ស្មោះត្រង់​ប្រាំ​ពីរ​នាក់​រាយការណ៍ » ហើយ​គាំទ្រ​ពួកគាត់ ( សូមមើល កិច្ចការ ១:២៦, ៦:៣–៥ ) ជួបជុំ​គ្នា​នៅ​ថ្ងៃ​បុណ្យទី ៥០ ( សូមមើល កិច្ចការ ២:១ ) ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កិច្ចការ ២:២២–៣៦, ៣:១៣–២៦, ៤:១០, ៣៣, ៥:៤២ ) ហៅ​មនុស្ស​ឲ្យ​ប្រែចិត្ត ហើយ​ជ្រមុជទឹក​ពួកគេ ( សូមមើល កិច្ចការ ២:៣៨–៤១ ) បាន​បន្ដ​នៅក្នុង​ភាព​រាប់អាន ហើយ​កាច់​នំប៉័ង និង​នៅក្នុង​ការអធិស្ឋាន ( សូមមើល កិច្ចការ ២:៤២ ) ជួបជុំ​គ្នា ហើយ​មាន​អ្វីៗ​ជា​រួម ( សូមមើល កិច្ចការ ២:៤៤–៤៦, ៤:៣៤–៣៥ ) បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល កិច្ចការ ២:៤៦ ) បាន​ទទួលទាន​អាហារ​របស់​ពួកគេ​ដោយ​រីករាយ និង​ដួងចិត្ត​តែ​មួយ ( សូមមើលកិច្ចការ ២:៤៦ ) បាន​សរសើរ​ព្រះ ហើយ​ប្រជាជន​ទាំងអស់​ស្រឡាញ់ ( សូមមើល កិច្ចការ ២:៤៧ ) មាន​ការ​គោរពប្រតិបត្តិ​ចំពោះ​សេចក្ដីជំនឿ ( សូមមើល កិច្ចការ ៦:៧ ) ប្រគល់​ខ្លួន​ពួកគេ​ក្នុងការ​អធិស្ឋាន​ជា​បន្ដបន្ទាប់ ហើយ​បង្រៀន​ព្រះបន្ទូល ( សូមមើលកិច្ចការ ៦:៤ ) ។ រឿង​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ​នៅ​ទ្វីប​អាមេរិក ៖ ផ្សាយដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ៣ ២៨:២៣ ) បាន​បង្កើត​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ៤ ១:១ ) បាន​ជ្រមុជទឹក​ប្រជាជន ( សូមមើល នីហ្វៃទី ៤ ១:១ ) មនុស្ស​គ្រប់រូប​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ដោយ​យុត្តិធម៌ ( សូមមើល នីហ្វៃទី ៤ ១:២ ) មាន​អ្វីៗ​ទាំងអស់​ជា​រួម​នៅ​ក្នុង​ចំណោម​ពួកគេ ( សូមមើល នីហ្វៃទី ៤ ១:៣ ) សាងសង់​ទីក្រុង​ឡើងវិញ ( សូមមើល នីហ្វៃទី ៤ ១:៧–៩ ) បាន​រៀបការ ( សូមមើល នីហ្វៃទី ៤ ១:១១ ) បាន​ដើរ​តាម​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​មកពី​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ៤ ១:១២ ) បាន​បន្ដ​តមអាហារ និង​អធិស្ឋាន ( សូមមើល នីហ្វៃទី ៤ ១:១២ ) ជួបជុំ​គ្នា​ជាញឹកញាប់​ដើម្បី​អធិស្ឋាន និង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ៤ ១:១២ ) ។

  13. ពរជ័យ​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​បាន​ទទួល​នៅ​ទីក្រុង​យេរូសាឡិម ៖ ពួកគេ​បាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល កិច្ចការ ២:៤, ៤:៣១ ) ពួកគេ​បាន​ទទួល​អំណោយទាន​ខាង​ភាសា និង​ការ​ព្យាករ ហើយ​និយាយ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ ( សូមមើល កិច្ចការ ២:៤–១៨ ) ទីសម្គាល់ និង​ការណ៍អស្ចារ្យ​ជាច្រើន​បាន​ធ្វើ​ឡើង​ដោយ​ពួកសាវក ( សូមមើល កិច្ចការ ១:៤៣ ) អព្ភូតហេតុ​បាន​កើតឡើង ( សូមមើល កិច្ចការ ៣:១–១០, ៥:១៨–១៩, ៦:៨, ១៥ ) មនុស្ស​ចូលរួម​ក្នុង​សាសនាចក្រ​កាន់តែ​ច្រើន ( សូមមើល កិច្ចការ ២:៤៧, ៥:១៤ ) ។ ពរជ័យ​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​បាន​ទទួល​នៅ​ទ្វីប​អាមេរិក ៖ ប្រជាជន​បាន​ផ្លាស់​ប្រែចិត្តជឿ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ៣ ២៨:២៣, នីហ្វៃទី ៤ ១:២ ) ជំនាន់​មួយ​ត្រូវ​បាន​ប្រទាន​ពរ ( សូមមើល នីហ្វៃទី ៣ ២៨:២៣ ) ពុំមាន​ការ​ឈ្លោះប្រកែក និង​ការ​ទាស់ទែង​នៅក្នុង​ចំណោម​ពួកគេទេ ( សូមមើល នីហ្វៃទី ៤ ១:២, ១៣, ១៥, ១៨ ) ពុំ​មាន​អ្នក​មាន ឬ​អ្នក​ក្រ​ឡើយ ( សូមមើល នីហ្វៃទី ៤ ១:៣ ) ពួកគេ​ទាំងអស់​បាន​មាន​សេរីភាព ហើយ​ទទួលទាន​អំណោយទាន​ស្ថានសួគ៌ ( សូមមើលនីហ្វៃទី ៤ ១:៣ ) មាន​ភាព​សុខសាន្ដនៅ​លើ​ដែនដី ( សូមមើល នីហ្វៃទី ៤ ១:៤ ) អព្ភូតហេតុ​ដ៏ធំ​បាន​កើតឡើង ( សូមមើល នីហ្វៃទី ៤ ១:៥, ១៣ ) ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ​រីកចម្រើន​យ៉ាង​ខ្លាំង ( សូមមើល នីហ្វៃទី ៤ ១:៧, ១៨ ) ពួកគេ​មាន​កម្លាំង​ខ្លាំង ហើយ​បាន​តមអាហារ​យ៉ាង​ច្រើន ហើយបាន​ក្លាយ​ជា​មនុស្ស​សប្បុរស និង​ជា​ទីស្រឡាញ់ ( សូមមើល នីហ្វៃទី ៤ ១:១០ ) ពួកគេ​ត្រូវ​បាន​ប្រទានពរ​ស្របតាម​ការ​សន្យា​ជា​ច្រើន​ដែល​បាន​ធ្វើ​ចំពោះ​ពួកគេ​ដោយ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ៤ ១:១១ ) ពុំ​មាន​ការ​ទាស់ទែង​នៅ​ក្នុង​ដែនដីទេ ដោយសារ​តែ​សេចក្ដីស្រឡាញ់​នៃ​ព្រះ​មាន​នៅ​ក្នុង​ដួងចិត្ត​មនុស្ស ( នីហ្វៃទី ៤ ១:១៥ ) ពុំ​មាន​ការ​ឈ្នានីស ការ​ទាស់ទែងគ្នា ការ​ច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការ​កាប់​សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណា​មួយ​ឡើយ ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយព្រះហស្ត​នៃ​ព្រះ​ឡើយ ( សូមមើលនីហ្វៃទី ៤ ១:១៦ ) គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​ចែកទៅ​ជា​ពួក​លេមិន ឬ​ពួកណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំងអស់​គ្នា​ទៅជា​រូប​មួយ គឺ​ជា​កូនចៅ​នៃ​ព្រះ និង​ជា​អ្នកគ្រង​នគរ​ព្រះ​ទុក​ជា​មរតក ( សូមមើល នីហ្វៃទី ៤ ១:១៧ ) ព្រះអម្ចាស់​ប្រទានពរ​ដល់ពួកគេ​នៅ​គ្រប់ការ​ទាំងអស់​របស់​ពួកគេ ( សូមមើល នីហ្វៃទី ៤ ១:១៨ ) ។

  14. ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៥ ។

  15. សូមមើល នីហ្វៃទី ៤ ១:១៥ ។

  16. ជែហ្វ្រី អ័រ ហូឡិន « Emissaries to the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦២ ។

  17. មរ៉ូណៃ ៧: ៤៧ ។

  18. នែល អិល អាន់ឌើរសិន នៅក្នុង « Auxiliary Panels Use New Training Library » Liahona ខែ មេសា ឆ្នាំ ២០១១ ទំព័រ ៧៦ ។

  19. សូមមើល ម៉ាថាយ​២២:៣៧–៤០ ។

  20. យ៉ាកុប ៥:៦១ ។

  21. សូម​មើល ម៉ាថាយ ១៨:២០ ។

  22. ធីម៉ូថេទី ១ ៦:១៥ ។