ឆ្នាំ ២០១០-២០១៩
ដួងចិត្ត​របស់​ព្យាការី
ខែ មេសា ឆ្នាំ ២០១៨


ដួងចិត្ត​របស់​ព្យាការី

យើង​អាច​រីករាយ​ដែល​ព្យាការី​របស់​ព្រះអម្ចាស់​ត្រូវបាន​រើសតាំង ហើយ​កិច្ចការ​របស់​ព្រះអម្ចាស់​ត្រូវបាន​ធ្វើ​ឡើង​តាម​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដោយ​ទេវភាព ។

ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​យើង​ម្នាក់ៗ​នា​ថ្ងៃ​នេះ នៅក្នុង​គ្រា​សួគ៌ា​នេះ ។ អ្វី​ដែល​យើង​ទាំងអស់​គ្នា​បាន​ធ្វើ​ជា​សាក្សី​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត នៅពេល​ព្យាការី​ទី ១៧ នៃ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ​ត្រូវបាន​គាំទ្រ​នៅក្នុង​ជំនុំ​មុតមាំ ។

នៅពេល​ខ្ញុំ​បាន​ស្វែងរក​ការណែនាំ​ដើម្បី​ដឹង​អំពី​ប្រធាន​បទ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែង​នា​ថ្ងៃ​នេះ ចិត្ត​របស់​ខ្ញុំ​ត្រូវបាន​នាំ​ឆ្ពោះ​ទៅរក​ការសន្ទនា​​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​ជាមួយ​គណៈប្រធាន​ថ្មី​ដែល​ទើប​នឹង​បាន​ហៅ ។ នៅក្នុង​ការពិភាក្សា​នេះ ទីប្រឹក្សា​មួយ​រូប​បាន​ចែកចាយ​ប្រសាសន៍​ដ៏​មាន​ឥទ្ធិពល​ដូច​នេះ ៖ « ខ្ញុំ​សង្ឃឹម​យ៉ាង​ជ្រាលជ្រៅ​ថា សមាជិកភាព​នៃ​សាសនាចក្រ​អាច​ដឹង​អំពី​ទំហំ​នៃ​អ្វី​ដែល​បាន​កើត​ឡើង​ជាមួយ​នឹង​ការហៅ​នៃ​ព្យាការី​ថ្មី​គឺ​ប្រធាន រ័សុល អិម ណិលសុន និង​សារៈសំខាន់ ព្រមទាំង​ភាពពិសិដ្ឋ​នៃ​ជំនុំ​មុតមាំ​ដែល​នឹង​កើត​ឡើង​នៅ​សន្និសីទ​ទូទៅ » ។ លោក​បាន​សង្កេត​បន្ត​ទៀត​ថា « វា​អស់​រយៈពេល ១០ ឆ្នាំ​ហើយ ហើយ​មនុស្ស​ជាច្រើន​ជាពិសេស​ពួកយុវវ័យ​នៃ​សាសនាចក្រ​ពុំ​ចាំ ឬ​គ្មាន​បទពិសោធន៍​នឹង​រឿង​នេះ​ពីមុន​ឡើយ » ។

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

ការណ៍​នេះ​បណ្តាល​ឲ្យ​ខ្ញុំ​គិត​អំពី​បទពិសោធន៍​ដែល​ខ្ញុំ​បាន​មាន ។ ព្យាការី​ដំបូង​ដែល​ខ្ញុំ​ចាំ​គឺ​ប្រធាន ដេវីឌ អូ មិកឃេ ។ ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ​កាល​លោក​ទទួល​អនិច្ចកម្ម ។ ខ្ញុំ​ចាំ​អំពី​អារម្មណ៍​នៃ​ការបាត់បង់​ដែល​កើត​ឡើង​បន្ទាប់​ពី​លោក​បាន​ចែកឋាន​ទៅ និង​ការទួញយំ​របស់​ម្តាយ​ខ្ញុំ ព្រមទាំង​ការកើត​ទុក្ខ​ដែល​ក្រុមគ្រួសារ​ទាំង​មូល​របស់​យើង​បាន​ទទួល ។ ខ្ញុំ​ចាំ​អំពី​របៀប​ដែល​ពាក្យ​ថា « សូម​ប្រទាន​ពរ​ដល់​ប្រធាន ដេវីឌ អូ មិកឃេ ផង » បាន​របូត​ចេញ​ពី​មាត់​របស់​ខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន​នៅក្នុង​ការអធិស្ឋាន​របស់​ខ្ញុំ​ថា ប្រសិនបើ​ខ្ញុំ​ពុំ​ផ្តោត​ចិត្ត​លើ​អ្វី​ដែល​ខ្ញុំ​និយាយ ទោះបី​ជា​បន្ទាប់​ពី​មរណភាព​របស់​លោក​ក្តី នោះ​ខ្ញុំ​នឹង​និយាយ​ពាក្យ​ទាំង​នោះ​ដោយ​ស្វ័យ​ប្រវត្តិ ។ ខ្ញុំ​ឆ្ងល់​ថា តើ​គំនិត និង​ដួងចិត្ត​របស់​ខ្ញុំ​មាន​អារម្មណ៍ និង​ការជឿជាក់​ស្រដៀង​គ្នា​នោះ​លើ​ព្យាការី​បន្ទាប់​ពី​លោក​ដែរ​ឬ​អត់​នោះ​ទេ ។ ប៉ុន្តែ​ដូចជា​ឪពុកម្តាយ​ដែល​ស្រឡាញ់​កូន​ម្នាក់ៗ​របស់​ខ្លួន​ដែល ខ្ញុំ​បាន​ឃើញ​ពី​សេចក្តីស្រឡាញ់ ទំនាក់ទំនង និង​ទីបន្ទាល់​របស់​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែល​បន្ត​ពី​ប្រធាន មិកឃេ និង​ប្រធាន​នីមួយៗ​បន្ទាប់​ពី​នោះ ៖ ហារ៉ូល ប៊ី លី, ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ហាវើដ ដបុលយូ ហឹនធើរ, ហ្គរដុន ប៊ី ហ៊ិងគ្លី, ថូម៉ាស អេស ម៉នសុន និង​សព្វថ្ងៃ​នេះ​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​បាន​គាំទ្រ​ទាំងស្រុង​ដល់​ព្យាការី​គ្រប់​រូប​ជាមួយ​នឹង​ការលើក​ដៃ—ព្រមទាំង​ដួងចិត្ត​ដែល​លើក​ស្ទួយ​ផងដែរ ។

នៅពេល​ព្យាការី​ជាទីស្រឡាញ់​គ្រប់​រូប​របស់​យើង​បាន​ចែកឋាន​ទៅ វា​គឺ​ជា​រឿង​ធម្មជាតិ​ដើម្បី​ទទួល​អារម្មណ៍​នៃ​ទុក្ខ​ក្រៀមក្រំ និង​ការបាត់​បង់ ។ ប៉ុន្តែ ទុក្ខ​សោក​របស់​យើង​ត្រូវបាន​សម្រាល​ដោយ​អំណរ និង​សេចក្តីសង្ឃឹម​ដែល​កើត​ឡើង នៅពេល​យើង​ដក​ពិសោធន៍​នូវ​ពរជ័យ​ដ៏​មហិមា​នៃ​ការស្តារ​ឡើង​វិញ ៖ គឺ​ការហៅ និង​គាំទ្រ​ដល់​ព្យាការី​នៅរស់​ម្នាក់​នៅលើ​ផែនដី ។

ដោយសារ​តែ​ហេតុផល​នោះ ខ្ញុំ​នឹង​និយាយ​អំពី​ដំណើរ​ការ​របស់​ព្រះ​ដូច​ដែល​បាន​សង្កេត​មើល​ជាង ៩០ ថ្ងៃ​កន្លង​មក​នេះ ។ ខ្ញុំ​នឹង​ពិពណ៌នា​អំពី​វា​ជា​បួន​ផ្នែក ៖ ទីមួយ មរណភាព​របស់​ព្យាការី​របស់​យើង និង​ការរំលាយ​គណៈប្រធាន​ទីមួយ ទីពីរ រយៈពេល​នៃ​ការរង់ចាំ​ដើម្បី​រៀបចំ​គណៈប្រធាន​ទីមួយ​ថ្មី ទីបី ការហៅ​នៃ​ព្យាការី​ថ្មី និង​ទីបួន ការគាំទ្រ​ព្យាការី និង​គណៈប្រធាន​ទីមួយ​ថ្មី​នៅក្នុង​ជំនុំ​មុតមាំ ។

មរណភាព​របស់​ព្យាការី

រូបភាព
ពិធីបុណ្យសព​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន
រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

នៅ​ថ្ងៃ​ទី ២ ខែ មករា ឆ្នាំ ២០១៨ ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ថូម៉ាស អេស ម៉នសុន បាន​ទទួល​អនិច្ចកម្ម​ទៅ​កាន់​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ លោក​នឹង​នៅ​ក្នុង​ចិត្ត​របស់​យើង​ជា​រៀងរហូត ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​នៅ​ពេល​មរណភាព​របស់​ប្រធាន​ម៉នសុន បាន​ពិពណ៌នា​យ៉ាង​សង្ខេប​អំពី​អារម្មណ៍​របស់​យើង ៖ « បុគ្គលិក​លក្ខណៈ​ដ៏​ពិសេស​នៃ​ជីវិត​របស់​លោក​ដូចជា​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ​ដែល គឺ​ជា​ការខ្វាយខ្វល់​ផ្ទាល់​របស់​លោក​នៅក្នុង​ការឈោង​ទៅ​ជួយ​អ្នក​ទ័លក្រ អ្នក​ឈឺ—គឺ​បុគ្គល​គ្រប់​រូប​ទាំងអស់—ទូទាំង​ពិភពលោក » ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ដូចនេះ ៖

« នៅពេល​ផ្កាយ​មួយ​បាន​លិច​ចុះ​ទៅ​ជើង​មេឃ នោះ​ផ្កាយ​មួយ​ទៀត​ក៏​រះ​ឡើង ហើយ​សេចក្តីស្លាប់​ក៏​កើត​មាន ។

កិច្ចការ​របស់​ព្រះ​អម្ចាស់​គឺ​គ្មាន​ទីបញ្ចប់​ទេ ។ ទោះបី​ជា​អ្នកដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បាន​ស្លាប់​ទៅ នោះ​វា​មិន​យូរ​ឡើយ​ដែល​សាសនាចក្រ​គ្មាន​អ្នក​ដឹកនាំ​នោះ សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​ដ៏​សប្បុរស​ដែល​បាន​ប្រទាន​ឲ្យ​នគរ​ទ្រង់​បន្ត​តទៅមុខ និង​នៅជាប់​ជានិរន្តរ៍ ។ ដូច​ជា​អ្វី​ដែល​ធ្លាប់​កើត​ឡើង … ពីមុន​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ព្យាការី​បាន​ស្លាប់ បាន​ជូត​ទឹក​ភ្នែក​របស់​ពួកគេ ហើយ​សម្លឹង​ឆ្ពោះ​ទៅរក​អនាគត » ។​

ចន្លោះ​ពេល​នៃ​ពួក​សាវក

រយៈពេល​នៃ​ចន្លោះ​រវាង​មរណភាព​របស់​ព្យាការី និង​ការរៀបចំ​គណៈប្រធាន​ទីមួយ​គឺ​ត្រូវបាន​ហៅ​ថា « ចន្លោះ​ពេល​នៃ​ពួក​សាវក » ។ អំឡុង​ពេល​នោះ កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​កូរ៉ុម ដោយ​កាន់​កូនសោ​រួម​គ្នា​ដើម្បី​បម្រើ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បង្រៀន​ថា « មាន​អ្នក​ដឹកនាំ​ម្នាក់​នៅក្នុង​សាសនាចក្រ​ជានិច្ច ហើយ​ប្រសិនបើ​គណៈប្រធាន​នៃ​សាសនាចក្រ​ត្រូវបាន​ដកចេញ​ដោយ​ការស្លាប់ ឬ​មូលហេតុ​ផ្សេង​ទៀត នោះ​អ្នកដឹកនាំ​សាសនាចក្រ​បន្ទាប់​គឺ​ជា​ពួក​សាវក​ដប់ពីរ​នាក់ រហូត​ដល់​គណៈប្រធាន​​ត្រូវបាន​រៀបចំ​ឡើង​វិញ​ម្តង​ទៀត » ។

រូបភាព
កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ចន្លោះ​ពេល​នៃ​ពួក​សាវក​ដែល​ថ្មីៗ​បំផុត​នេះ បាន​ចាប់ផ្តើម​ត្រឹម​ពេល​ដែល​ប្រធាន​ម៉នសុន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ២ ខែ មករា ហើយ​បាន​បញ្ចប់​ទៅវិញ​ក្នុង​រយៈពេល ១២ ថ្ងៃ​បន្ទាប់​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី ១៤ ខែ មករា ។ នៅ​ព្រឹក​ថ្ងៃ​ឈប់​សម្រាកនោះ កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​បាន​ជួប​គ្នា​នៅ​បន្ទប់​ជាន់​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅក្នុង​ស្មារតី​មួយ​នៃ​ការតម​អាហារ និង​អធិស្ឋាន ក្រោម​ការដឹកនាំ​ជា​អធិបតី​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​ជា​សាវក​ច្បង និង​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។

ការហៅ​ព្យាការី​ថ្មី

នៅក្នុង​ការប្រជុំ​ដ៏​ពិសិដ្ឋ និង​គួរ​ឲ្យ​ចងចាំ​នេះ ដោយ​ធ្វើ​តាម​លំនាំ​ដែល​បាន​បង្កើត​ឡើង​យ៉ាង​ប្រពៃ​នៅក្នុង​ភាព​សាមគ្គី និង​ឯកច្ឆន្ទ នោះ​ពួក​បងប្អូន​ប្រុស ដែល​បាន​អង្គុយ​ក្បែរ​រៀម​ច្បង​ជា​ពាក់​កណ្តាល​រង្វង់​ដោយ​មាន​កៅអី ១៣ បាន​លើក​ដៃ​មុន​គេ​ដើម្បី​គាំទ្រ​ការរៀបចំ​នៃ​គណៈប្រធាន​ទីមួយ បន្ទាប់​មក​គាំទ្រ​ប្រធាន រ័សុល ម៉ារៀន ណិលសុន ជា​ប្រធាន​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បន្ទាប់​ពី​ការគាំទ្រ​នេះ កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​បាន​បម្រូល​គ្នា​ជា​រង្វង់ ហើយ​ដាក់ដៃ​លើ​ក្បាល​របស់​ប្រធាន​ណិលសុន ដើម្បី​តែងតាំង និង​ញែក​លោក​ចេញ ដែល​មាន​សាវក​រៀមច្បង​បន្ទាប់​គេ​បំផុត​ជា​អ្នក​ពោរ​ពាក្យ​អធិស្ឋាន​នោះ ។

បន្ទាប់​មក ប្រធាន​ណិលសុន បាន​ប្រាប់​ឈ្មោះ​ទីប្រឹក្សា​របស់​លោក ប្រធាន ដាល្លិន ហារីស អូក, ប្រធាន ហិនរី ប៊ិនញៀន អាវរិង ដោយ​មាន​ប្រធាន អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ប្រធាន មែលវីន រ័សុល បាឡឺដ ជា​ប្រធាន​ស្តី​ទី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ បន្ទាប់​ពី​ការបោះឆ្នោត​គាំទ្រ​ស្រដៀង​គ្នា​នោះ ពួកបងប្អូន​ប្រុស​ទាំង​នេះ ត្រូវបាន​ញែកចេញ​ទៅក្នុង​មុខ​តំណែង​រៀងៗ​ខ្លួន​របស់​ពួកលោក​ដោយ​ប្រធាន​ណិលសុន ។ នេះ​ជា​បទពិសោធន៍​ដ៏​ពិសិដ្ឋ​បំផុត​ជាមួយ​នឹង​ការចាក់​ស្រោច​នៃ​ព្រះវិញ្ញាណ ។ ខ្ញុំ​សូម​ផ្តល់​សាក្សី​ពិតប្រាកដ​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ថា ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​ព្រះចេស្តា​នៅក្នុង​សកម្មភាព និង​ព្រឹត្តិការណ៍​នា​ថ្ងៃ​នោះ ដ្បិត​ពួកយើង​បាន​អធិស្ឋាន​ដោយ​ស្មោះ ។

រូបភាព
គណៈប្រធាន​ទី​មួយ

ជាមួយ​នឹង​ការតែងតាំង​ប្រធាន​ណិលសុន និង​ការរៀបចំ​ឡើង​វិញ​នៃ​គណៈប្រធាន​ទីមួយ នោះ​ចន្លោះ​ពេល​នៃ​ពួកសាវក​ត្រូវបាន​បញ្ចប់ ហើយ​គណៈប្រធាន​ទីមួយ​ថ្មី​ដែល​បាន​បង្កើត​ឡើង​ដ៏​អស្ចារ្យ​ត្រូវបាន​ចាប់ផ្តើម​ដំណើរ​ការ​ដោយ​គ្មាន​ការរំខាន​សូម្បី​តែ​បន្តិច​នៅក្នុង​ការគ្រប់គ្រង​នគរ​របស់​ព្រះ​នៅ​លើ​ផែនដីនេះ ។

ជំនុំ​មុតមាំ

នា​ព្រឹក​នេះ ដំណើរការ​របស់​ព្រះ​នេះ​គឺ​ឈាន​ដល់​កម្រិត​យ៉ាង​ខ្ពស់​មួយ​ដែល​ស្រប​ទៅនឹង​ការបង្គាប់​របស់​ព្រះ ដែលបាន​ពន្យល់​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៖ « ដ្បិត​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ និង​តាម​ការ​យល់​ព្រម​ទូទៅ នៅ​ក្នុង​សាសនាចក្រ​ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ » ហើយ « ពួក​សង្ឃ​ជាន់​ខ្ពស់​ត្រួតត្រា​បី​នាក់ … គាំទ្រ​ដោយ​សេចក្ដី​ទុក​ចិត្ត សេចក្ដី​ជំនឿ និង​សេចក្ដី​អធិស្ឋាន​នៃ​សាសនាចក្រ​ឲ្យ​ធ្វើ​ជា​កូរ៉ុម​នៃ​គណៈ​ប្រធាន​នៃ​សាសនាចក្រ » ។

អែលឌើរ ដាវីឌ ប៊ី ហេត បាន​ពិពណ៌នា​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពីមុន អំពី​អ្វី​ដែល​យើង​បាន​ចូលរួម​នា​ថ្ងៃ​នេះ ៖

« យើង​គឺ​ជា​សាក្សី និង​អ្នក​ចូលរួម​នៅក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​បំផុត—គឺ​ជំនុំ​មុតមាំ​ដើម្បី​អនុវត្ត​តាម​កិច្ចការ​សួគ៌ា ។ កាលនៅ​ជំនាន់​បុរាណ មាន​ការតម​អាហារ និង​អធិស្ឋាន​ជាច្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួកបរិសុទ្ធ​នៅ​ទូទាំង​ពិភព​លោក ដែល​ពួកគេ​អាច​ទទួល​ការចាក់ស្រោច​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដែល​ត្រូវបាន​ឃើញ​យ៉ាង​ជាក់ច្បាស់…នា​ឱកាស​នេះ​ក្នុង​ព្រឹក​នេះ ។

« ជំនុំ​មុតមាំ​មួយ ជា​ឈ្មោះ​កំណត់​សេចក្ដី​ចង្អុល​ពី​ភាពពិសិដ្ឋ​ហ្មត់ចត់ និង ជា​ឱកាស​ដ៏​មាន​គារវភាព នៅពេល​ពួកបរិសុទ្ធ​ជួប​ជុំ​គ្នា​នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ » ។

បងប្អូន​ប្រុស​ស្រី យើង​អាច​រីករាយ—ថែម​ទាំង​ស្រែក​ថា « ហូសាណា ! »—ដែល​អ្នក​តំណាង​ព្រះអម្ចាស់​គឺ​ព្យាការី​របស់​ព្រះ ត្រូវបាន​រើសតាំង ហើយ​ថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​កិច្ចការ​របស់​ទ្រង់​ត្រូវ​បាន​សម្រេច​តាម​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដោយ​ទេវភាព ។

ប្រធាន រ័សុល អិម ណិលសុន

ដំណើរការ​តែងតាំង​របស់​ព្រះ​នេះ​ដឹកនាំ​ទៅរក​ព្យាការី​ម្នាក់​ទៀត​ដែល​ព្រះ​បាន​ហៅ ។ ដូចជា​ប្រធាន​ម៉នសុន ដែល​ជា​មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​ដែល​រស់នៅ​លើ​ផែនដី​នេះ នោះ​ប្រធាន​ណិលសុន​ក៏​ដូច្នោះ​ផងដែរ ។ លោក​ត្រូវបាន​រៀបចំ​យ៉ាង​ឱឡារិក និង​ត្រូវ​បាន​បង្រៀន​យ៉ាង​ពិសេស​ដោយ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​ពួកយើង​នៅ​ក្នុង​គ្រា​នេះ ។ ឥឡូវ​នេះ វា​គឺ​ជា​ពរជ័យ​ដ៏​មហិមា​ដែល​មាន​ប្រធាន រ័សុល អិម ណិលសុន ជា​ទីស្រឡាញ់​ធ្វើ​ជា​ព្យាការី​ជា​ទីស្រឡាញ់ និង​មាន​ការលះបង់​របស់​យើង—គឺ​ជា​ប្រធាន​ទី ១៧ នៃ​សាសនាចក្រ​នៅក្នុង​សម័យ​កាល​កាន់​ត្រួតត្រា​ចុង​ក្រោយ​នេះ ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ប្រធាន​ណិលសុន​គឺ​ពិតជា​បុរស​ដ៏​អស្ចារ្យ ។ ខ្ញុំ​មាន​ឯកសិទ្ធិ​នៃ​ការបម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​ជាមួយ​លោក​ក្នុងនាម​ជា​ប្រធាន​កូរ៉ុម​របស់​ខ្ញុំ​អស់​រយៈពេល​ជាង ២ ឆ្នាំ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក ហើយ​មាន​ការកោត​សសើរ​ចំពោះ​ថាមពល​របស់​លោក មនុស្ស​ម្នាក់​ត្រូវតែ​បោះ​ជំហាន​យ៉ាង​លឿន ដើម្បី​តាម​លោក​ឲ្យ​ទាន់ ! នៅពេញ​មួយ​ជីវិត​លោក លោក​បាន​ទៅ​ទស្សនកិច្ច​សរុប ១៣៣ ប្រទេស ។

ការបម្រើ​របស់​លោក​គឺ​ដល់​មនុស្ស​ទាំងអស់​ទាំង​ចាស់​ទាំង​ក្មេង ។ លោក​ហាក់​ដូចជា​ស្គាល់​មនុស្ស​គ្រប់​គ្នា ហើយ​ត្រូវបាន​ផ្តល់​អំណោយទាន​ពិសេស​មួយ​ក្នុងការ​ចងចាំ​ឈ្មោះ ។ អស់​អ្នក​ដែល​ស្គាល់​លោក​ទទួល​អារម្មណ៍​ថា ពួកគេ​គឺ​ជា​មនុស្ស​សំណព្វ​របស់​លោក ។ ហើយ​វា​ក៏​ដូច្នោះ​ចំពោះ​ពួកយើង​ម្នាក់ៗ​ផងដែរ—ដោយសារ​សេចក្តីស្រឡាញ់​ដ៏​ស្មោះត្រង់ និង​ការយកចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​មនុស្ស​គ្រប់​រូប ។

ទំនាក់ទំនង​សំខាន់​របស់​ខ្ញុំ​ជាមួយ​ប្រធាន​ណិលសុន​គឺ​នៅក្នុង​តួនាទី​បព្វជិតភាព ប៉ុន្តែ​ខ្ញុំ​ក៏​ស្គាល់​អំពី​ជីវិត​នៃ​អាជីព​របស់​លោក​ផងដែរ ដែល​ប្រធាន​ណិលសុន​បាន​មាន​ពីមុន​លោក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ។ ដូច​បងប្អូន​ជា​ច្រើន​ដឹង​ហើយ​ថា ប្រធាន​ណិលសុន​គឺ​ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ដ៏​ល្បីល្បាញ​មួយ​រូប ហើយ​ក្នុង​គ្រា​ដំបូង​នៃ​វិជ្ជាជីវៈ​របស់​លោក​ផ្នែក​វេជ្ជសាស្ត្រ លោក​គឺជា​អ្នក​បង្កើត​ម៉ាស៊ីន​សួត​បេះដូង​មុន​ដំបូង​គេ ។ លោក​បាន​នៅក្នុង​ក្រុម​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការវះកាត់​បើក​បេះដូង​មនុស្ស​មុន​គេ​ក្នុង​ឆ្នាំ ១៩៥១ ដោយ​ប្រើ​ម៉ាស៊ីន​សិប្បនិម្មិត​សួត​បេះដូង ។ ប្រធាន​ណិលសុន​បាន​ធ្វើការ​វះកាត់​បេះដូង​ឲ្យ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ប្រធាន ឃឹមបឹល​ក្លាយ​ជា​ព្យាការី ។

រូបភាព
ប្រធាន​ណិលសុន​កាល​ជា​គ្រូពេទ្យ​វះកាត់

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ នៅពេល​ការហៅ​របស់​ប្រធានណិលសុន​ទៅកាន់​ពួកដប់ពីរ​នាក់​កាល​ពី ៣៤ ឆ្នាំ​កន្លង​ទៅ​បាន​បញ្ចប់ វិជ្ជាជីវៈ ផ្នែក​វេជ្ជសាស្ត្រ នៃ​ការ​ពង្រឹង និង​ជួសជួល​បេះ​ដូង នោះ​លោក​បាន​ចាប់ផ្តើម ការងារ​បម្រើ​ជា​សាវក ដោយ​បាន​លះបង់​ដើម្បី​ពង្រឹង និង​ជួសជួល​ដួងចិត្ត​របស់​មនុស្ស​រាប់មិន​អស់​នៅ​ទូទាំង​ពិភពលោក បុគ្គល​ម្នាក់ៗ​ត្រូវបាន​លើកស្ទួយ និង​ព្យាបាល​ដោយ​សារ​ប្រសាសន៍ និង​ទង្វើ​ដ៏​មាន​ប្រាជ្ញា ការបម្រើ និង​សេចក្តីស្រឡាញ់​របស់​លោក ។

រូបភាព
ប្រធាន​ណិលសុន​ជា​សាវក
រូបភាព
ប្រធាន​ណិលសុន​ស្វាគមន៍​សមាជិក
រូបភាព
ប្រធាន​ណិលសុន​ជាមួយ​ចៅ​ប្រុស

ដួងចិត្ត​ដូច​ព្រះគ្រីស្ទ

នៅពេល​ខ្ញុំ​ស្រមៃ​ពី​ដួងចិត្ត​ដូច​ជា​ព្រះគ្រីស្ទ​នៅក្នុង​ការអនុវត្ត​ប្រចាំ​ថ្ងៃ គឺ​ខ្ញុំ​នឹក​ឃើញ​ដល់​ប្រធាន​ណិលសុន ។ ខ្ញុំ​ពុំ​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​ជា​គំរូ​នៃ​បុគ្គលិក​លក្ខណៈ​នេះ​នៅក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​លោក​ឡើយ ។ វា​ជា​ការបង្រៀន​មួយ​ដ៏​អស្ចារ្យ​ចំពោះ​ខ្ញុំ​ដើម្បី​ស្ថិត​នៅក្នុង​មុខងារ​មួយ​ក្នុងការ​សង្កេត​មើល​ដោយ​ផ្ទាល់​នូវ​ការបង្ហាញ​នៃ​ដួងចិត្ត​ដូច ជា​ព្រះគ្រីស្ទ​របស់​ប្រធាន​ណិលសុន ។

ប៉ុន្មាន​សប្តាហ៍​នៃ​ការ​ហៅ​របស់​ខ្ញុំ​ទៅក្នុង​ពួកដប់​ពីរនាក់​កាលពី​ខែ តុលា ២០១៥ នោះ​ខ្ញុំ​មាន​ឱកាស​ទទួល​ចំណេះ​ដឹង​អំពី​ជីវិត​នៃ​វិជ្ជាជីវៈ​កាល​ពីមុន​របស់​ប្រធាន​ណិលសុន ។ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​មួយ​ដែល​លោក​បាន​ទទួល​រង្វាន់​នៃ​ការវះកាត់​សួត និង​បេះដូង​មុន​ដំបូង​គេ ។ ពេល​ខ្ញុំ​បាន​ចូលទៅ​ក្នុង​បន្ទប់​នោះ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ឃើញ​អ្នក​មាន​វិជ្ជាជីវៈ​ជា​ច្រើន​នាក់​នៅ​ទីនោះ​ដើម្បី​ផ្តល់​កិត្តិយស និង​ទទួល​កិច្ចការ​ដែល​ប្រធាន​ណិលសុន​បាន​ធ្វើ​កាល​ពី​ច្រើន​ឆ្នាំ​មុន ក្នុង​នាម​ជា​វេជ្ជបណ្ឌិត និង​វេជ្ជបណ្ឌិត​វះកាត់ ។

នា​ល្ងាច​នោះ អ្នក​មាន​វិជ្ជាជីវៈ​ជាច្រើន​បាន​ឈរ ហើយ​សម្តែង​ការគោរព និង​ការកោត​សរសើរ​របស់​ពួកគេ​ចំពោះ​ការរួម​ចំណែក​ដ៏​ឆ្នើម​របស់​ប្រធាន​ណិលសុន​នៅក្នុង​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​លោក ។ ដោយ​កោត​សរសើរ​ដូច​អ្នក​មាន​វត្តមាន​នៅ​ក្នុង​ការពិពណ៌នា​អំពី​ស្នាដៃ​ជាច្រើន​របស់​ប្រធាន​ណិលសុន​ដែរ ខ្ញុំ​កាន់តែ​ជក់ចិត្ត​នឹង​ការសន្ទនា​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្ញុំ ។ គាត់​អត់​ស្គាល់​ខ្ញុំ​ទេ ប៉ុន្តែ​គាត់​បាន​ស្គាល់​ប្រធាន​ណិលសុន ថា​ជា​វេជ្ជបណ្ឌិត​ណិលសុន​គឺ​ជា​នាយក​កម្មវិធី​ចុះ​កម្មសិក្សា​ខាង​ការវះកាត់​ផ្នែក​ទ្រូង​នៅ​សាលាពេទ្យ​ក្នុង​ឆ្នាំ ១៩៥៥ ។

បុរស​នោះ​គឺ​ជា​អតីត​និស្សិត​របស់​ប្រធាន​ណិលសុន ។ គាត់​បាន​ចែក​ចាយ​អនុស្សាវរីយ៍​ជាច្រើន ។ រឿង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ភាគច្រើន​គឺ ការពិពណ៌នា​អំពី​វិធីសាស្ត្រ​បង្រៀន​របស់​ប្រធាន​ណិលសុន ដែល​គាត់​បាន​និយាយ​ថា វិធីសាស្ត្រ​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មនុស្ស​ល្បី ។ គាត់​បាន​ពន្យល់​ថា ការបង្រៀន​ភាគច្រើន​ដល់​សិស្ស​ចុះ​កម្មសិក្សា​ស្តីពី​ការវះកាត់​បេះដូង​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​បន្ទប់​វះកាត់ ។ នៅ​ទីនោះ​ហើយ​ដែល​ពួកសិស្ស​បាន​សង្កេត​មើល និង​ធ្វើ​ការវះកាត់​ក្រោម​ការមើល​ខុសត្រូវ​ដូច​ជា​ថ្នាក់​រៀន​ពិសោធន៍​មួយ ។ គាត់​បាន​ចែកចាយ​ថា បរិយាកាស​នៃ​បន្ទប់​វះកាត់​ក្រោម​ការមើល​ខុសត្រូវ​នៃ​វេជ្ជបណ្ឌិត​វះកាត់​មួយ​ចំនួន​គឺ គ្មាន​សណ្តាប់ធ្នាប់, ប្រកួតប្រជែង, ពោរពេញ​ដោយ​សម្ពាធ និង​មានទាំង​ភាព​អាត្មានិយម​ទៀត​ផង ។ បុរស​នេះ​បាន​ពិពណ៌នា​ថា វា​គឺ​ជា​បរិយាកាស​មួយ​ដ៏​លំបាក ជួនកាល​ថែម​ទាំង​ត្រូវបាន​អាប់​ឱន​កិត្តិយស​ទៀត​ផង ។ ដោយ​ហេតុផល​នោះ​ជា​រឿយៗ សិស្ស​ដែល​រៀន​វះកាត់​មាន​អារម្មណ៍​ថា វិជ្ជាជីវៈ​របស់​ពួកគេ​ត្រូវបាន​កំណត់​ទៅតាម​អ្វី​ដែល​កើត​ឡើង ។

បន្ទាប់​មក​គាត់​បាន​ពន្យល់​អំពី​បរិយាកាស​ពិសេស​ដែល​មាន​នៅក្នុង​បន្ទប់​វះកាត់​របស់​ប្រធាន​ណិលសុន ។ បន្ទប់​នោះ​ពោរពេញ​ដោយ​ភាពសុខសាន្ត ស្ងប់ស្ងាត់ និង​ថ្នៃថ្នូរ ។ ពួកសិស្ស​ត្រូវបាន​ប្រព្រឹត្ត​ជាមួយ​ដោយ​ការគោរព​យ៉ាង​ខ្លាំង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការបង្ហាញ​អំពី​និតិវិធី​មួយ​រួច វេជ្ជបណ្ឌិត​ណិលសុន​បាន​រំពឹង​នូវ​ការវះកាត់​ដែល​មាន​បទដ្ឋាន​ខ្ពស់​បំផុត​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិស្ស​គ្រប់​គ្នា ។ បុរស​នេះ​បាន​បន្ត​ពិពណ៌នា​អំពី​របៀប​នៃ​លទ្ធផល​ដ៏​ល្អ​បំផុត​របស់​អ្នក​ងឺ និង​គ្រូពេទ្យ​វះកាត់​ដ៏​ស្ទាត់​ជំនាញ​ដែល​កើត​មាន​មក​ពី​បន្ទប់​វះកាត់​របស់​វេជ្ជបណ្ឌិត​ណិលសុន ។

ការណ៍​នេះ​ពុំ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ឡើយ ។ នេះ​គឺជា​អ្វី​ដែលខ្ញុំ​បាន​សង្កេត​ឃើញ​ដោយ​ផ្ទាល់ ហើយ​ពិត​ជា​បាន​ទទួល​ពរ​តាមរយៈ​ការនៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ក្នុង​ស្មារតី​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ហាក់​ដូចជា « សិស្ស​ចុះ​កម្មសិក្សា » ម្នាក់​របស់​លោក ។

ប្រធាន​ណិលសុន​មាន​វិធី​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ការបង្រៀន​អ្នកដទៃ និង​ផ្តល់​ការកែ​តម្រូវ​នៅក្នុង​លក្ខណៈ​មួយ​ដែល​ប្រកប​ដោយ​ភាព​វិជ្ជមាន គោរព និង​លើក​ស្ទួយ ។ លោក​គឺ​ជា​និមិត្តរូប​នៃ​ដួងចិត្ត​ដែល​ដូច​ជា​ព្រះគ្រីស្ទ និង​ជា​គំរូ​សម្រាប់​យើង​ទាំងអស់​គ្នា ។ ចេញ​មក​ពីលោក យើង​រៀន​ថា នៅក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​ឃើញ​ខ្លួន​យើង អាកប្បកិរិយា និង​ដួងចិត្ត​របស់​យើង​អាច​ត្រូវ​គ្នា​ទៅនឹង​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ឥឡូវ​នេះ យើង​មាន​ពរជ័យ​ដ៏​មហិមា​ដើម្បី​គាំទ្រ​ព្យាការី​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ពេញ​មួយ​ជីវិត​របស់​លោក លោក​បាន​តម្កើង​តួនាទី​ជា​ច្រើន​របស់​លោក​ក្នុង​នាម​ជា​សិស្ស ឪពុក សាស្ត្រាចារ្យ ស្វាមី វេជ្ជបណ្ឌិត អ្នកដឹកនាំ​បព្វជិតភាព ជីតា និង​ជា​សាវក ។ លោក​បាន​បំពេញ​តួនាទី​ទាំង​នេះ​រហូត​មក—ហើយ​បន្ត​ធ្វើ​វា​—ជាមួយ​ដួងចិត្ត​ជា​ព្យាការី ។

បង​ប្អូន​ប្រុស​ស្រី អ្វី​ដែល​យើង​បាន​ធ្វើ​ជា​សាក្សី និង​បាន​ចូលរួម​នៅ​ថ្ងៃ​នេះ​ក្នុង​ជំនុះ​មុត​មាំ​នេះ នាំ​ទៅ​រក​សាក្សី​របស់​ខ្ញុំ​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​អ្នក​និយាយ​ជំនួស​ព្រះអម្ចាស់​ដែល​កំពុង​នៅរស់​សម្រាប់​មនុស្ស​ទាំងអស់ ។ ខ្ញុំ​ក៏​សូម​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះ​ជា​ព្រះវរបិតា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។