ឆ្នាំ ២០១០-២០១៩
ការងារ​បម្រើ
ខែ មេសា ឆ្នាំ ២០១៨


ការងារ​បម្រើ

ពួក​យើង​នឹង​អនុវត្ត​នូវ​មធ្យោបាយ​កាន់តែ​ថ្មី និង កាន់តែ​បរិសុទ្ធ​ដើម្បី​មើល​ថែ និង​បម្រើ​ដល់​អ្នកដទៃ ។

អរគុណ​អែលឌើរ ហ្គង និង​អែលឌើរ សូរ៉េស សម្រាប់​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​ចេញ​ពី​ដួងចិត្ត​របស់​ប្អូន ។ ពួក​យើង​មាន​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ប្អូន និង​ដៃគូ​ជាទីស្រឡាញ់​របស់​ប្អូន ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ យើង​ស្វែងរក​ការ​ដឹកនាំ​ជា​ប្រចាំ​មក​ពី​ព្រះអម្ចាស់​អំពី​របៀប​ដែល​យើង​អាច​ជួយ​សមាជិក​របស់​យើង​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ជា​ពិសេស​បទបញ្ញត្តិ​ធំពីរ​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នក​ជិតខាង​របស់​យើង ។1

អស់​ជា​ច្រើន​ខែ​មក​ហើយ ពួក​យើង​បាន​ស្វែងរក​វិធី​ដែល​ល្អ​ប្រសើរ​ដើម្បី​ផ្ដល់​ការ​បម្រើ​ចំពោះ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​ប្រជាជន​យើង​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

ពួក​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​បញ្ឈប់ « ការ​បង្រៀន​តាម​ផ្ទះ និង​ការសួរ​សុខ​ទុក្ខ​តាមផ្ទះ » ដែល​ពួកយើង​បាន​ស្គាល់​ហើយ​នោះ ។ ពួក​យើង​នឹង​អនុវត្ត​នូវ​មធ្យោបាយ​កាន់តែ​ថ្មី និង​កាន់តែ​បរិសុទ្ធ​ដើម្បី​មើល​ថែ និង​បម្រើ​ដល់​អ្នក​ដទៃ​ជំនួស​វិញ ។ ពួក​យើង​នឹង​ហៅ​កិច្ចខិតខំ​ទាំងនេះ​ដោយ​សាមញ្ញ​ថា « ការងារ​បម្រើ » ។

ការ​ខិតខំ​ផ្ដល់​ការងារ​បម្រើ​ប្រកប​ដោយ​ប្រសិទ្ធភាព​អាច​ធ្វើ​ទៅ​បាន​ដោយ​អំណោយទាន​ពី​កំណើត​របស់​បងប្អូន​ស្រី និង​អំណាច​បព្វជិតភាព​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន ។ ពួក​យើង​ទាំងអស់​គ្នា​ត្រូវការ​ការការពារ​ពី​ឧបាយកល​ដ៏​ប៉ិនប្រសព្វ​របស់​មារសត្រូវ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ នឹង​ពន្យល់​អំពី​របៀប​ដែល​បងប្អូន​ប្រុស​នៃ​បព្វជិតភាព និង​បងប្អូន​ស្រី​សមាគម​សង្គ្រោះ និង​យុវនារី​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ផ្ដល់​ការងារ​បម្រើ ឥឡូវ​នឹង​ផ្ដល់ការ​បម្រើ ហើយ​មើល​ថែ​ដល់​សមាជិក​នៃ​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

គណៈប្រធានទីមួយ និង​ពួកដប់ពីរ​នាក់​បាន​អនុមតិ​ព្រមគ្នា​ចំពោះ​សារ​លិខិត​របស់​ពួកគាត់ ។ យើង​នឹង​បើក​ជំពូក​ថ្មី​នេះ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ​ប្រកប​ដោយ​ការ​ដឹងគុណ និង​ការ​អធិស្ឋាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។