សុន្ទរកថា​ចាប់ផ្ដើម
    Footnotes
    Theme

    សុន្ទរកថា​ចាប់ផ្ដើម

    នៅ​រាត្រី​នេះ យើង​សូម​ប្រកាស​អំពី​ការ​រៀបចំ​ឡើង​វិញ​ដ៏​សំខាន់​មួយ​នៃ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​របស់​យើង​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ។

    សូម​អរគុណ ប្អូន​ប្រុស ហូមស៍ សម្រាប់​សារ​ដ៏​សំខាន់​របស់​ប្អូន ។

    បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ យើង​នឹក​ប្រធាន​ថូម៉ាស អេស ម៉នសុន និង​អែលឌើរ រ៉ូបឺត ឌី ហែល យ៉ាង​ខ្លាំង ។ ប៉ុន្តែ​យើង « ទាំងអស់​គ្នា​ត្រូវ​ខិតខំ​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ » ។

    ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង​សម្រាប់​បុរស​ម្នាក់ៗ​ដែល​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ បងប្អូន​គឺ​ជា​សេចក្ដី​សង្ឃឹម​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង​ដែល​មាន​ព្រះរាជ​បំណង​« ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​និយាយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ជា​ព្រះអម្ចាស់ គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក » ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួក​បុត្រា ទាំង​អស់ របស់​ទ្រង់​ដែល​បាន​តែង​តាំង​តំណាង​ឲ្យ​ទ្រង់ និយាយ​តំណាង​ឲ្យ​ទ្រង់ ធ្វើ​ការ​ជំនួស​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​ជីវិត​បុត្រា​បុត្រី​របស់​ព្រះ​ជុំវិញ​ពិភពលោក​រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​« ឲ្យ​សេចក្ដី​ជំនឿ​អាច​បាន​កើន​ឡើង​នៅ​លើ​ផែនដី [ ទាំង​មូល ] ផង​ដែរ » ។

    បងប្អូន​ខ្លះ​បម្រើ​នៅ​កន្លែង​ដែល​សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ច្រើន​ជំនាន់​មក​ហើយ ។ ខ្លះ​ទៀត​បម្រើ​នៅ​កន្លែង​ដែល​សាសនាចក្រ​ទើប​ចាប់​ផ្ដើម​ថ្មី ។ សម្រាប់​បងប្អូន​ខ្លះ វួដ​របស់​បងប្អូន​ធំ ។ សម្រាប់​ខ្លះ​ទៀត សាខា​របស់​បងប្អូន​តូច ហើយ​មាន​ចម្ងាយ​យ៉ាង​ឆ្ងាយ ។ មិន​ថា​បងប្អូន​ម្នាក់ៗ​មាន​ស្ថានភាព​បែប​ណា​ទេ បងប្អូន​ម្នាក់ៗ​គឺ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​បព្វជិតភាព​មួយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​មួយ​មក​ពី​ព្រះ​ដើម្បី​រៀន ហើយ​បង្រៀន ស្រឡាញ់ ហើយ​បម្រើ​ដល់​មនុស្ស​ដទៃ ។

    នៅ​រាត្រី​នេះ យើង​សូម​ប្រកាស​អំពី​ការ​រៀបចំ​ឡើង​វិញ​ដ៏​សំខាន់​មួយ​នៃ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​របស់​យើង​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ។ នៅ​ក្នុង​វួដ​នីមួយៗ ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​អែលឌើរ ឥឡូវ​នេះ​នឹងត្រូវ​ដាក់​បញ្ចូល​គ្នា​ជា​កូរ៉ុម​អែលឌើរ​តែ​មួយ ។ ការ​កែតម្រូវ​នេះ​នឹង​ពង្រីក​សមត្ថភាព និង​លទ្ធភាព​ដ៏​ធំ​របស់​ពួក​បុរស​ដែល​កាន់​បព្វជិតភាព​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ។ ពួក​អែលឌើរ​បម្រុង​នឹង​ត្រូវ​បាន​ស្វាមគន៍​ឲ្យ​ចូល​រួម ហើយ​រាប់​អាន​ដោយ​កូរ៉ុម​នោះ ។ នៅ​ក្នុង​ស្តេក​នីមួយៗ គណៈប្រធាន​ស្តេក​នឹង​បន្ត​ធ្វើ​ជា​អធិបតី​លើ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក ។ ប៉ុន្តែ​សមាសភាព​នៃ​កូរ៉ុម​នោះ​នឹង​ផ្អែក​ទៅ​លើ​ការ​ហៅ​បព្វជិតភាព​នា​ពេល បច្ចុប្បន្ន ដែល​វា​នឹង​ពន្យល់​ក្នុង​ពេល​បន្តិច​ទៀត​នេះ ។

    ឥឡូវ​នេះ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នឹង​បង្រៀន​យើង​បន្ថែម​ទៀត​អំពី​ការ​កែតម្រូវ​ដ៏​សំខាន់​ទាំង​នេះ ។

    ការ​កែប្រែ​ទាំង​នេះ​ត្រូវ​បាន​សិក្សា​ជាច្រើន​ខែ ។ យើង​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ត្រូវការ​ជា​បន្ទាន់​មួយ​ដើម្បី​កែលម្អ​វិធី​ដែល​យើង​មើល​ថែ​ដល់​សមាជិក​របស់​យើង ហើយ​កត់ត្រា​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​យើង​ជាមួយ​នឹង​ពួកគេ ។ ដើម្បី​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ប្រសើរ យើង​ត្រូវ​តែ​ពង្រឹង​កូរ៉ុម​បព្វជិតភាព​របស់​យើង​ដើម្បី​ផ្ដល់​ការ​ដឹកនាំ​កាន់​តែ​អស្ចារ្យ​ដល់​ការងារ​បម្រើ​នៃ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ដែល​ព្រះអម្ចាស់​មាន​ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។

    ការ​កែតម្រូវ​ទាំង​នេះ​ត្រូវ​បាន​បំផុស​គំនិត​មក​ពី​ព្រះអម្ចាស់ ។ នៅ​ពេល​យើង​អនុវត្ត​គោលការណ៍​ទាំង​នេះ យើង​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​កាល​យើង​ពី​មុន​ទៅ​ទៀត ។

    យើង​ប្រឡូក​ចូល​ក្នុង​កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! ពួក​យើង​គឺ​ជា​អ្នក​បម្រើ​ដ៏​រាបសា​របស់​ទ្រង់ ! បងប្អូន​ប្រុស សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​បងប្អូន នៅ​ពេល​យើង​រៀន ហើយ​ធ្វើ​កាតព្វកិច្ច​របស់​យើង ខ្ញុំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។