ឆ្នាំ ២០១០-២០១៩
សូម​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​អ្នក
ខែ មេសា ឆ្នាំ ២០១៨


សូម​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​អ្នក

ឱ​នេះ​ជា​អំណោយ​ដ៏​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ចំពោះ​អស់​អ្នក​ដែល​បាន​ដាក់​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ អំណោយ​នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីសស្ទើរ​នេះ គំនិត​របស់​យើង​បាន​បង្វែរ​ទៅរក​ការ​រស់ឡើងវិញ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ផ្នូរ​ទទេ​ដែល​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​អ្នក​ជឿ​គ្រប់រូប​ទៅលើ​ជ័យជម្នះ​របស់​ព្រះគ្រីស្ទ​លើ​សេចក្ដី​ស្លាប់​ដែល​ជា​ទី​អស់សង្ឃឹម​របស់​មនុស្ស​គ្រប់​រូប​នោះ ។ ខ្ញុំ​ជឿ​ដូច​សាវក​ប៉ុល​ថា ដូចជា​ព្រះ « បាន​ប្រោស​ឲ្យ​ព្រះគ្រីស្ទ​រស់​ពី​ស្លាប់​ឡើង [ ដូច្នេះ ] [ ទ្រង់ ] នឹង​ប្រោស​រូបកាយ​នៃ​ [ របស់យើង ] ​ដែល​ទៀង​តែ​ស្លាប់​ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់​ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន [ យើង ] រាល់​គ្នា » ។

ប្រោស មាន​ន័យ​ថា ធ្វើ​ឲ្យ​រស់​រវើក ។ ក៏​ដូច​ជា​ព្រះយេស៊ូវ​បាន​នាំ​ជីវិត​មក​រូបកាយ​របស់​យើង​វិញ​បន្ទាប់​ពី​រូបកាយ​បាន​ស្លាប់​ទៅ​តាមរយៈ​អំណាច​នៃ​ការ​រស់ឡើង​វិញ​របស់​ទ្រង់ ដូច្នេះ​ទ្រង់​អាច​ប្រោស​យើង ឬ​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ផងដែរ ។ នៅ​ក្នុង​គម្ពីរ​ម៉ូសេ យើង​បាន​អាន​អំពី​អ័ដាម ដែល​បាន​ទទួល​ការ​ប្រោស​ប្រភេទ​នេះ ៖ « [ អ័ដាម ] បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច្នោះ​ហើយ ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​បាន​កើត​ពី​ព្រះវិញ្ញាណ​យ៉ាង​ដូច្នោះ​ហើយ ហើយ​បាន​ក្លាយ​ទៅជា​មនុស្ស​ដែល​បាន​ប្រោស​ខាង​ក្នុង » ។

ឱ​នេះ​ជា​អំណោយ​ដ៏​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​ចំពោះ​អស់​អ្នក​ដែល​បាន​ដាក់​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ អំណោយ​នេះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ប្រទាន​ដល់​យើង​ដែល​ព្រះគម្ពីរ​សញ្ញា​ថ្មី​ហៅ​ថា « ជីវិត​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ » ។ ប៉ុន្តែ​តើ​ពេល​ខ្លះ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អំណោយ​នេះ​ឬ​ទេ ?

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ វា​គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​មាន « … ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អ្នកដឹកនាំ [ របស់​យើង ] »  ដូច​បាន​បង្ហាញ​ដោយ​រឿង​ដូច​ខាង​ក្រោម ។

រូបភាព
អ៊ិនសាញ ហ្វ្រែង ប៊្លែ

អំឡុង​សង្គ្រាម​កូរ៉េ អ៊ិនសាញ ហ្វ្រែង ប៊្លែ បាន​បម្រើ​នៅ​ក្នុង​នាវា​ដឹក​ជញ្ជូន​កងទ័ព​ដែល​បោះ​ទីតាំង​នៅក្នុង​ប្រទេស​ជប៉ុន ។ នាវា​ពុំ​មាន​ទំហំ​ធំ​ល្មម​ដើម្បី​មាន​បព្វជិត​ជា​ផ្លូវការ​ម្នាក់​នោះទេ ដូច្នេះ​មេ​បញ្ជាការ​បាន​សុំ​ឲ្យ​បងប្រុស​ប៊្លែឲ្យ​ធ្វើជា​បព្វជិត​ពុំ​ផ្លូវការ​របស់​នាវា ដោយ​បាន​សង្កេត​ឃើញ​ថា យុវជន​ម្នាក់​នេះ​គឺ​ជា​មនុស្ស​មាន​ជំនឿ និង​ចេះ​គោលការណ៍ ព្រមទាំង​មាន​ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់​ពី​ក្រុម​នាវឹក​ទាំងមូល ។

រូបភាព
អ៊ិនសាញ ប៊្លែ

អ៊ិនសាញ ប៊្លែ​បាន​សរសេរ​ថា ៖ « នាវា​របស់​យើង​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ព្យុះ​ទីហ្វុង​ដ៏​ធំ​មួយ ។ ទឹក​រលក​មាន​កម្ពស់​ប្រហែលជា ៤៥ ហ្វីត [ ១៤ ម៉ែត្រ ] ។ ពេល​នោះ​ខ្ញុំ​កំពុងចាំ​យាម…អំឡុង​ដែល​នាឡិកា​នៃ​ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​ទាំង​បី​របស់​យើង​ឈប់​ដំណើរការ ហើយ​ទទួល​បាន​របាយការណ៍​ថា មាន​ការ​ប្រេះធ្លាយ​នៅ​កណ្ដាល​ទូក ។ យើង​មាន​ម៉ាស៊ីន​ពីរ​ទៀត ដែល​ម៉ាស៊ីន​មួយ​ដំណើរការ​ដោយ​ថាមពល​តែ​ពាក់កណ្ដាល ។ យើង​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ » ។

អ៊ិនសាញ ប៊្លែ​បាន​បញ្ចប់​ការ​ចាំយាម​របស់​គាត់ ហើយ​បាន​រៀបចំ​ចូល​ដេក ខណៈពេល​នោះ​មេ​បញ្ជាការ​បាន​មក​គោះ​ទ្វារ​របស់​គាត់ ។ គាត់​បាន​សុំ​ថា « សូម​អ្នក​អធិស្ឋាន​សម្រាប់​នាវា​នេះ​បាន​ឬ​ទេ ? » ប្រាកដ​ណាស់ អ៊ិនសាញ ប៊្លែ​បាន​យល់​ព្រម​ដើម្បី​អធិស្ឋាន ។

នៅ​ត្រង់​ចំណុច​នេះ អ៊ិនសាញ ប៊្លែ អាច​អធិស្ឋាន​ដោយ​សាមញ្ញ​ថា « ព្រះវរបិតា​សួគ៌​អើយ សូម​ប្រទាន​ពរ​ដល់​នាវា​របស់​ពួក​ទូល​បង្គំ ហើយ​ថែ​រក្សា​ពួក​ទូល​បង្គំ​ឲ្យ​មាន​សុវត្ថិភាព​ផង » បន្ទាប់​មក​ក៏​ចូល​ទៅ​ដេក ។ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​អធិស្ឋាន​សុំ​ឲ្យ​ដឹង​ថា​តើ​មាន​អ្វី​ដែល​គាត់​អាច​ធ្វើ​នៅក្នុង​គ្រា​នោះ ដើម្បី​ជួយ​មើល​សុវត្ថិភាព​របស់​នាវា ។​ ជា​ការ​ឆ្លើយតប​ចំពោះ​ការ​អធិស្ឋាន​របស់​បងប្រុស​ប៊្លែ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុសគំនិត​គាត់​ឲ្យ​ទៅ​ឯ​ស្ពាន និយាយ​នឹង​មេ​បញ្ជាការ ហើយ​រៀន​បន្ថែម​ទៀត ។ គាត់​បាន​រកឃើញ​ថា មេ​បញ្ជាការ​កំពុង​ព្យាយាម​កំណត់​ថា តើ​ត្រូវ​ដំណើរការ​ម៉ាស៊ីន​ដែល​នៅ​សល់​របស់​នាវា​នោះ​ឲ្យ​លឿន​ប៉ុណ្ណា ។ អ៊ិនសាញ ប៊្លែ​បាន​ត្រឡប់​មក​បន្ទប់​គាត់​វិញ រួច​អធិស្ឋាន​ម្ដង​ទៀត ។

គាត់​បាន​អធិស្ឋាន​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ប្រាប់​អំពី​បញ្ហា​របស់​ម៉ាស៊ីន​ទាំង​នោះ ? »

នៅក្នុង​ការ​ឆ្លើយ​តប​មក​វិញ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ខ្សឹប​ប្រាប់​ថា គាត់​ត្រូវ​ដើរ​មើល​ជុំវិញ​នាវា ហើយ​សង្កេត​មើល​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ។ គាត់​បាន​ត្រឡប់​ទៅ​រក​មេ​បញ្ជាការ​វិញ ហើយ​សុំ​ការ​អនុញ្ញាត​ដើម្បី​ដើរ​មើល​នៅ​ជុំ​វិញ​ដំបូល​នាវា ។ បន្ទាប់មក គាត់​បាន​ពាក់​ខ្សែ​ការពារ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ចង្កេះ​របស់​គាត់ ហើយ​បាន​ចេញ​ទៅ​កណ្ដាល​ព្យុះ ។

ពេល​ឈរ​នៅលើ​កន្សៃ​នាវា គាត់​បាន​សង្កេត​ឃើញ​ថា មាន​កង្ហា​ស្លាប​ចក្រ​នាវា​ធំៗ នៅពេល​ដែល​វា​ងើប​ចេញ​ពី​ទឹក នៅពេល​នាវា​ឡើង​លើ​ទឹក​រលក ។ មាន​តែ​ស្លាបចក្រ​មួយ​ប៉ុណ្ណោះ​ដែល​ដំណើរការ​ពេញលេញ ហើយ​វា​វិល​យ៉ាង​លឿន ។ បន្ទាប់ពី​ការ​សង្កេត​មើល​ទាំង​នេះ​រួច​ហើយ អ៊ិនសាញ ប៊្លែ​បាន​អធិស្ឋាន​ម្ដង​ទៀត ។ ចម្លើយ​ដ៏​ច្បាស់​ដែល​គាត់​បាន​ទទួល​គឺ​ថា ម៉ាស៊ីន​ដែល​នៅ​ល្អ​ទាំង​ប៉ុន្មាន​គឺ​បើក​ខ្លាំង​ពេក​ហើយ វា​ចាំបាច់​ត្រូវ​បន្ថយ​ល្បឿន ។ ដូច្នេះ​គាត់​បាន​ត្រឡប់​ទៅ​រក​មេ​បញ្ជាការ ហើយ​បាន​ប្រាប់​អំពី​ចំណុច​នោះ ។ មេ​បញ្ជាការ​បាន​ភ្ញាក់ផ្អើល​ដោយ​ប្រាប់​គាត់​ថា វិស្វករ​ខាង​នាវា​ទើប​តែ​ប្រាប់​គាត់​ផ្ទុយ​ពី​នេះ—គឺ​ប្រាប់​ថា ឲ្យ​បង្កើន​ល្បឿន​ម៉ាស៊ីន​ដែល​នៅ​ល្អ​ដើម្បី​បើក​ចេញ​ពី​ព្យុះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេ​បញ្ជាការ​បាន​ជ្រើសរើស​ធ្វើ​តាម​ការ​ផ្ដល់​យោបល់​របស់ អ៊ិនសាញ ប៊្លែ ហើយ​បាន​បង្អង់​ម៉ាស៊ីន ។ ដល់​ពេល​ព្រឹក​ឡើង នាវា​មាន​សុវត្ថិភាព​នៅ​ក្នុង​ទឹក​ដ៏​ស្ងប់ ។

គ្រាន់​តែ​រយៈពេល​ពីរ​ម៉ោង​ក្រោយ​មក ម៉ាស៊ីន​ល្អ​បាន​ឈប់​ដំណើរការ​ព្រមគ្នា ។ នាវា​អាច​ចូល​មក​ផែ​បាន​ដោយសារ​ថាមពល​ពាក់​កណ្ដាល​របស់​ម៉ាស៊ីន​ដែល​នៅ​ដំណើរ​ការ ។

មេ​បញ្ជាការ​បាន​និយាយ​ទៅ​កាន់ អ៊ិនសាញ ប៊្លែ « ប្រសិន​បើ​យើង​ពុំ​បាន​បង្អង់​ម៉ាស៊ីន​នោះ​ទេ យើង​ច្បាស់​ជា​វង្វេង​នៅ​កណ្ដាល​ព្យុះ​ជា​មិន​ខាន » ។

បើ​គ្មាន​ម៉ាស៊ីន​នោះ​ទេ នោះ​យើង​នឹង​ពុំ​អាច​កាច់​ចង្កូត​បាន​ទេ ។ នាវា​នឹង​ក្រឡាប់ ហើយ​នឹង​លិច​ជា​មិន​ខាន ។ មេ​បញ្ជាការ​បាន​ថ្លែង​អំណរគុណ​ដល់​នាវឹក​អិល. ឌី. អែស.​វ័យក្មេង ហើយ​បាន​និយាយ​ថា​គាត់​ជឿ​ថា ការ​ធ្វើ​តាម​ការ​បំផុស​ខាង​វិញ្ញាណ​របស់ អ៊ិនសាញ ប៊្លែ បាន​ជួយ​សង្គ្រោះ​នាវា និង​ក្រុម​នាវឹក ។

ឥឡូវ​រឿង​នេះ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ។ ខណៈ​ដែល​យើង​អាច​នឹង​មិន​ទំនង​ជា​ជួប​នូវ​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច្នោះ រឿង​នេះ​មាន​នូវ​ការ​ណែនាំ​ដ៏​សំខាន់​អំពី​របៀប​ដែល​យើង អាច ទទួល​បាន​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​ឲ្យ​កាន់តែ​ញឹកញាប់ ។

ទីមួយ នៅពេល​និយាយ​អំពី​វិវរណៈ យើង​ត្រូវ​តែ​ដាក់​ខ្លួន​យើង​ឲ្យ​ត្រឹមត្រូវ​ដើម្បី​ទទួល​យក​ហ្វ្រេកង់​ពី​ស្ថានសួគ៌ ។ អ៊ិនសាញ ប៊្លែ រស់នៅ​ក្នុង​ជីវិត​ស្អាតស្អំ និង​ស្មោះត្រង់ ។ បើ​គាត់​ពុំ​គោរព​ប្រតិបត្តិ​ទេ គាត់​នឹង​ពុំ​មាន​ទំនុកចិត្ត​ខាង​វិញ្ញាណ​ដែល​ចាំបាច់​ដើម្បី​អធិស្ឋាន​ដូច​ដែល​គាត់​បាន​ធ្វើ​សម្រាប់​សុវត្ថិភាព​របស់​នាវា​គាត់ ហើយ​ទទួល​បាន​នូវការ​ណែនាំ​ជាក់លាក់​ដូច្នោះ​ទេ ។ យើង​ម្នាក់ៗ​ត្រូវ​តែ​ធ្វើ​ការ​ខិតខំ​សម្រប​ជីវិត​របស់​យើង​ជាមួយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ទ្រង់ ។

ពេល​ខ្លះ​យើង​ស្ដាប់​មិន​ឮ​សញ្ញា​មក​ពី​ស្ថានសួគ៌​ដោយសារ​តែ​យើង​ពុំ​មាន​ភាព​សក្ដិសម ។ ការ​ប្រែចិត្ត និង​ការ​គោរព​ប្រតិបត្តិ គឺ​ជា​របៀប​ដើម្បី​ទទួល​បាន​ការ​ទំនាក់ទំនង​ច្បាស់លាស់​ម្ដងទៀត ។ ពាក្យ ប្រែចិត្ត នៅក្នុង​ព្រះគម្ពីរសញ្ញា​ចាស់​មានន័យ​ថា « ងាកចេញ » ឬ « ងាក​ពី » ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា នៅឆ្ងាយ​ពី​ព្រះ អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ងាក​ចេញ​ពី​អំពើបាប ហើយ​ប្រទល់​មុខ​នឹង​ព្រះអង្គសង្គ្រោះ នោះអ្នក​នឹង​រកឃើញ​ទ្រង់​កំពុង​រង់ចាំ​អ្នក ដោយ​លាត​ព្រះហស្តទ្រង់​មក​រក​អ្នក ។ ទ្រង់​ចង់​ដឹកនាំ​អ្នក ហើយ​អ្នក​គ្រាន់តែ​អធិស្ឋាន​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ម្ដងទៀត ។

ទីពីរ អ៊ិនសាញ ប៊្លែ ពុំ​គ្រាន់តែ​សូម​ឲ្យ​ព្រះអម្ចាស់​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​ប៉ុណ្ណោះ​ទេ ។ គាត់​បាន​សួរ​ថា តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នោះ ។ ដូច្នេះ​យើង​អាច​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ? ជំនួស​ឲ្យ​ការ​គ្រាន់តែ​រៀបរាប់​អំពី​បញ្ហា​របស់​យើង​នៅ​ក្នុងការ​អធិស្ឋាន ហើយ​ទូលសូម​ឲ្យ​ព្រះអម្ចាស់​ដោះ​ស្រាយ​បញ្ហា នោះ​យើង​គួរ​តែ​ស្វែងរក​មធ្យោបាយ​កាន់តែ​សកម្ម​ក្នុងការ​ទទួល​យក​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​តាំង​ចិត្ត​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ។

មាន​មេរៀន​សំខាន់​ទីបី​នៅ​ក្នុង​រឿង​នេះ​របស់ អ៊ិនសាញ ប៊្លែ ។ តើ​គាត់​អាច​អធិស្ឋាន​សុំ​ការ​អះអាងដ៏​ស្ងប់ស្ងាត់​ដូច្នេះ​បាន​ឬ​ទេ បើ​គាត់​ពុំ​ទទួល​បាន​ការ​ណែនាំ​មក​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ស្ថានភាព​ពីមុនៗ​នោះ ? ការ​មក​ដល់​របស់​ព្យុះ​ទីហ្វុង គឺ​ពុំ​មាន​ពេល​ដើម្បី​ស្វែងរក​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ បើ​យើង​ពុំ​បាន​ស្វែងរក​មក​តាំង​ពី​យូរ​ទេ​នោះ ។ យុវជន​នេះ បាន​ធ្វើ​តាម​លំនាំ​ដែល​គាត់​បាន​ប្រើ​ជា​ច្រើន​គ្រា​ពីមុនៗ​មក​យ៉ាង​ច្បាស់ រួមទាំង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ផងដែរ ។ យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​យើង​ទៅ​រក​ទឹក​ស្ងប់ ដូច្នេះ​សំឡេង​របស់​ទ្រង់​នឹង​ពុំត្រូវ​ភាន់ច្រឡំ​នៅ​ក្នុង​ព្យុះ​ដ៏​ខ្លាំង​នោះ ។

មនុស្ស​មួយ​ចំនួន​អាច​គិត​ថា យើង​ពុំ​គួរ​រំពឹង​ចង់​បាន​ការ​ណែនាំ​ប្រចាំ​ថ្ងៃ​មក​ពី​ព្រះវិញ្ញាណ​នោះទេ ពីព្រោះ « មិនសម​ឲ្យ [ ព្រះ ] ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំង​អស់​ទេ » បើ​មិន​ដូច្នោះ​ទេ យើង​ក្លាយជា​បាវ​ខ្ជិល​ច្រអូស​ជា​មិន​ខាន ។ ទោះជា​យ៉ាង​ណា បទគម្ពីរ​នេះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​ជំនាន់​មុន​មួយ​ចំនួន ដែល​បាន​សុំ​យ៉ូសែប ស្ម៊ីធ​ឲ្យ​ទទួល​វិវរណៈ ដែល​វិវរណៈ​នោះ​គួរ​តែ​ពួកគេ​ទទួល​បាន​ដោយ​ផ្ទាល់ខ្លួន ។ នៅ​ខគម្ពីរ​ខាង​មុខ ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ឲ្យ​មក​តំបន់​បេសកកម្ម “« ដូច​ដែល​ពួកគេ​ត្រូវ​បាន​ទូន្មាន​រវាង​ខ្លួន​គេ​ជាមួយ​នឹង​យើង​ចុះ » ។ ១០

អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ចង់​បាន​វិវរណៈ​ជាក់លាក់​មួយ​អំពី​ផែនការ​ធ្វើ​ដំណើរ​របស់​ពួកគេ ។ ពួកគេ​ពុំ​ទាន់​បាន​រៀន​ស្វែងរក​ការដឹកនាំ​ផ្ទាល់ខ្លួន​ពួកគេ​នៅ​ក្នុង​រឿង​ផ្ទាល់​ខ្លួន​នោះទេ ។ ព្រះអម្ចាស់​ហៅ​អាកប្បកិរិយា​បែប​នេះ​ថា ៖ ខ្ជិល​ច្រអូស ។ សមាជិក​សាសនាចក្រ​ជំនាន់​មុន​អាច​នឹង​រីករាយ​យ៉ាង​ខ្លាំង​ដើម្បី​មាន​ព្យាការី​ពិត​ម្នាក់​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់នៃ​ការ​មិន​បាន​រៀន​អំពី​របៀប​ដើម្បី​ទទួល​វិវរណៈ​សម្រាប់​ខ្លួន​គេ ។ ការ​មានភាព​ខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ គឺ​ការ​អាច​មាន​លទ្ធភាព​ស្ដាប់​ឮ​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន ។

អាលម៉ា​បាន​ទូន្មាន​កូនប្រុស​របស់​គាត់​ឲ្យ « ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូ​វគ្រប់​កិច្ចការរបស់​កូន » ។នូវ កិច្ចការ របស់​កូន » ។១១ ដើម្បី​រស់នៅ​តាម​របៀប​នេះ—អ្វី​ដែល​យើង​បាន​ហៅ​ជា​ញឹកញាប់​ថា « រស់នៅ​តាមព្រះវិញ្ញាណ » — គឺ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពស់​មួយ ។ វា​នាំ​មក​នូវ​វិញ្ញាណ​ស្ងប់ស្ងាត់ និង​ជឿជាក់​ដ៏​ដូចជា​ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ផងដែរ ​ដូចជា ក្ដីស្រឡាញ់ អំណរ និង​ភាព​សុខសាន្ដ ។១២

សមត្ថភាព​របស់ អ៊ិនសាញ ប៊្លែ ទទួល​បាន​វិវរណៈ បាន​ជួយ​សង្គ្រោះ​គាត់ និង​មិត្ត​នាវឹក​របស់​គាត់​ពី​ព្យុះ​បោកបក់ ។ មាន​ព្យុះ​ជា​ច្រើន​ប្រភេទ​កំពុង​បោកបក់​នៅថ្ងៃ​នេះ ។ រឿង​ប្រៀបធៀប​របស់​ព្រះគម្ពីរ​មរមន​អំពី​ដើម​នៃ​ជីវិត១៣ ផ្ដល់​នូវ​រូបភាព​ដ៏​មាន​អានុភាព​មួយ​អំពី​របៀប​ដើម្បី​ទទួល​បាន​សុវត្ថិភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​ពិភពលោក​ដូចនេះ ។ សុបិន​នេះ​បាន​ប្រាប់​អំពី​អ័ព្ទ​នៃ​ភាព​ងងឹត​ដែល​កើត​ឡើង​ភ្លាមៗ​ដើម្បី​នាំ​មក​នូវ​ការ​បំផ្លិចបំផ្លាញ​ខាង​វិញ្ញាណ​ដល់​សមាជិក​នៃ​សាសនាចក្រ​ដែល​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រឡប់​ទៅរក​ព្រះវិញ ។១៤

រូបភាព
សុបិន​របស់​លីហៃ

ពេល​សញ្ជឹង​គិត​អំពី​រូបភាព​នេះ ខ្ញុំ​បាន​មើល​ឃើញ​នឹង​ភ្នែក​ខ្ញុំ​នូវ​ហ្វូង​មនុស្ស​ដែល​កំពុង​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​នោះ មាន​មួយ​ចំនួន​បាន​ចាប់​ដំបង​ដែក​យ៉ាង​មាំ ប៉ុន្តែ​អ្នក​ដទៃ​ជា​ច្រើន​ទៀត គ្រាន់តែ​ដើរ​តាម​មនុស្ស​ដែល​នៅ​ខាង​មុខ​ពួកគេ ។ អ្នក​ដើរ​តាម​ក្រោយ​នេះ​ពុំ​សូវ​គិត ឬ​ខិត​ខំ​នោះទេ ។ អ្នក​អាច​គ្រាន់តែ​ធ្វើ និង​គិត​អំពី​អ្វី​ដែល​អ្នកដទៃ​កំពុង​ធ្វើ និង​គិត​ប៉ុណ្ណោះ ។ កិច្ចការ​នេះ​ល្អ​នៅ​អាកាសធាតុ​ក្ដៅ ។ ប៉ុន្តែ​ព្យុះ​នៃ​ការ​បោក​បញ្ឆោត និង​អ័ព្ទ​នៃ​ភាព​ខុសឆ្គង​បាន​កើត​ឡើង​ដោយ​គ្មាន​ការ​ព្រមាន ។ នៅ​ក្នុង​ស្ថានភាព​ទាំងនេះ ការ​ស្គាល់​សំឡេង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​នៃ​ជីវិត​ខាង​វិញ្ញាណ និង​សេចក្ដីស្លាប់ ។

ការ​សន្យា​ដ៏​មាន​អានុភាព​របស់​នីហ្វៃ គឺ​ថា « អស់​អ្នក​ណា​ដែល​ប្រុងស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ … តោងជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ …នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បី​តែ​ការល្បួង​ទំាងឡាយ និង ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ​ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្តីបំផ្លិចបំផ្លាញ​បាន​ដែរ » ។១៥

ការ​ដើរ​តាម​ដាន​ជើង​នៃ​មនុស្ស​ដែល​ដើរ​នៅ​ខាង​មុខ​អ្នក​គឺ​ពុំ​គ្រប់គ្រាន់​ទេ ។ យើង​មិន​អាច​គ្រាន់តែ​ធ្វើ ហើយ​គិត​អំពី​អ្វី​ដែល​អ្នកដទៃ​កំពុង​ធ្វើ និង​កំពុង​គិត​នោះទេ យើង​ត្រូវ​តែ​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​ការ​ដឹកនាំ ។ យើង​ម្នាក់ៗ​ត្រូវ​តែ​យក​ដៃ​កាន់​ដំបង​ដែក​រៀងៗ​ខ្លួន​យើង ។ បន្ទាប់មក​យើង​អាច​ទៅរក​ព្រះអម្ចាស់​ដោយ​ទំនុកចិត្ត​ដ៏​រាបសា​ដោយ​ដឹង​ថា ទ្រង់ « នឹង​ដឹកដៃ [ យើង ] ហើយ​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំងឡាយ [ របស់​យើង ] » ។១៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។