ឆ្នាំ ២០១០-២០១៩
កូរ៉ុម​អែលឌើរ
ខែ មេសា ឆ្នាំ ២០១៨


កូរ៉ុម​អែលឌើរ

ការ​មាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​មួយ​នៅ​ក្នុង​វួដ​បង្រួប​បង្រួម​ពួក​អ្នក​កាន់​បព្វជិតភាព​ដើម្បី​សម្រេចនូវ​គ្រប់​កត្តាទាំងអស់ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។

មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​សាសនាចក្រ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅ​ក្នុង​វិវរណៈ​មួយ​ថា « ហើយ​ដោយ​សារ​ការ​អធិស្ឋាន​ដោយ​នូវ​សេចក្ដី​ជំនឿ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចេះ​ត្រួតត្រា​សាសនាចក្រ​របស់​យើង ហើយ​ឲ្យ​មាន​អ្វី​ត្រឹម​ត្រូវ​សព្វ​គ្រប់​នៅ​ចំពោះ​យើង » ។ គោលការណ៍​នេះ​ត្រូវ​បាន​ធ្វើ​តាម​នៅ​ក្នុង​សាសនាចក្រ—ហើយ​ការ​សន្យា​នោះ​ត្រូវ​បាន​ព្រះអម្ចាស់​ឲ្យ​តម្លៃ—តាំង​ពី​ពេល​នោះ​មក ។ គំរូ​សម្រាប់ការរៀបចំ និង​ការ​បម្រើ​នៃបព្វជិតភាព​ត្រូវ​បាន​បើក​សម្ដែង​ពី​មួយ​គ្រា​ទៅ​មួយគ្រា ចាប់ផ្ដើម​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ពេល​តំណែង និង​កូរ៉ុម​បព្វជិតភាព​ត្រូវ​បាន​ស្ថាបនា​ជា​លើក​ដំបូង ។ ការ​រីកចម្រើន​សំខាន់ៗ​ត្រូវ​បាន​បើក​សម្ដែង ហើយ​អនុវត្ត​អំឡុង​នៃ​ការ​កាន់​តំណែង​របស់​ប្រធាន ព្រិកហាំ យ៉ង់, យ៉ូហាន ថេលើរ និង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល​ ជាមួយ​ការ​គោរព​ដល់​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ពួក​ចិតសិប​នាក់ ពួក​សង្ឃ​ជាន់ខ្ពស់ ព្រមទាំង​តំណែង និង​កូរ៉ុម​ផ្សេង​ទៀត​ទាំង​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន ។ ឥឡូវ​នេះ នៅ​ក្នុង​សេចក្ដីថ្លែង​ការ​ជា​ប្រវត្តិសាស្ត្រ​ពីមុន​នេះ​បន្តិច ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​ការ​កែតម្រូវ​ដ៏​សំខាន់​មួយ​បន្ថែម​ទៀត ។

ខ្ញុំ​សូម​អាន​ម្ដង​ទៀត​នូវ​សេចក្ដីថ្លែង​មួយ​ចំនួន​របស់​លោក​ដូច​តទៅ ៖ « នៅ​រាត្រី​នេះ យើង​ប្រកាស​អំពី​ការ​រៀបចំ​ឡើង​វិញ​ដ៏​សំខាន់​មួយ​នៃ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​របស់​យើង​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ។ ឥឡូវ​នេះ នៅ​ក្នុង​វួដនីមួយៗ ពួក​សង្ឃ​ជាន់​ខ្ពស់ និងពួក​អែលឌើរ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ជា​កូរ៉ុម​អែលឌើរ​តែ​មួយ …[ ហើយ ] សមាសភាព​នៃ​កូរ៉ុម​[ សង្ឃជាន់ខ្ពស់​ស្ដេក ] នឹង​ត្រូវ​ផ្អែក​ទៅ​លើ​ការ​ហៅ​បព្វជិតភាព​នា ពេល​បច្ចុប្បន្ន » ។

ប្រធាន ណិលសុន បានបន្ថែមថា ៖

« ការ​កែប្រែ​ទាំង​នេះ​ត្រូវ​បាន​សិក្សា​ជាច្រើន​ខែ ។ យើង​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ត្រូវការ​ដ៏​ចាំបាច់​មួយ​ដើម្បី​កែលម្អ​វិធី​ដែល​យើង​មើល​ថែ​សមាជិក​របស់​យើង ។ … ដើម្បី​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ប្រសើរ យើង​ត្រូវ​តែ​ពង្រឹង​កូរ៉ុម​បព្វជិតភាព​របស់​យើង ដើម្បី​ផ្ដល់​ការ​ដឹកនាំ​កាន់​តែ​អស្ចារ្យ​ដល់​ការងារ​បម្រើ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ដែល​ព្រះអម្ចាស់​មាន​ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។

« ការ​កែតម្រូវ​ទាំង​នេះ​ត្រូវ​បាន​បំផុស​គំនិត​មក​ពី​ព្រះអម្ចាស់ ។ នៅ​ពេល​យើង​អនុវត្ត​គោលការណ៍​ទាំង​នេះ យើង​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​យើង​កាលពី​មុន​ទៅ​ទៀត » ។

ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ អែលឌើរ រ៉ូណល អេ រ៉ាសបាន និង​ខ្ញុំ​នឹង​ដាក់​បន្ថែម​នូវ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ដែល​យើង​ទុក​ចិត្ត​ថា វា​នឹង​ឆ្លើយតប​ចំពោះ​សំណួរ​ដែល​បងប្អូន​អាច​មាន ។

កូរ៉ុមអែលឌើរ និង​សង្ឃ​ជាន់​ខ្ពស់

ទីមួយ ដើម្បី​អះអាង​ជា​ថ្មី​ម្ដង​ទៀត តើ​ការ​កែតម្រូវ​ចំពោះ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ និង​កូរ៉ុម​អែលឌើរ​មាន​អ្វីខ្លះ ? នៅ​ក្នុង​វួដ សមាជិក​កូរ៉ុម​អែលឌើរ និង​ក្រុម​សង្ឃ​ជាន់​ខ្ពស់ ឥឡូវ​នេះ​នឹង​ដាក់​បញ្ចូល​គ្នា​ជា​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​តែ​មួយ​ដោយ​មាន​គណៈប្រធាន​តែ​មួយ ។ កូរ៉ុម​នេះ ដោយ​បាន​កើន​ឡើង​ក្នុង​ចំនួន និង​សាមគ្គីភាព នឹង​ត្រូវ​បាន​ចាត់​តាំង​ជា « កូរ៉ុម​អែលឌើរ » ។ ក្រុម​សង្ឃ​ជាន់​ខ្ពស់​ត្រូវ​បាន​លុប​ចោល ។ កូរ៉ុម​អែលឌើរ​មាន​ដាក់​បញ្ចូល​នូវ​អែលឌើរ និង​អែលឌើរ​បម្រុង​ក្នុង​វួដ ក៏​ដូចជា​សង្ឃជាន់ខ្ពស់​ដែល​នៅ​បច្ចុប្បន្ន​នេះ ពុំមែន កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព គណៈប្រធាន​ស្តេក ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​ជា​លោក​អយ្យកោ​ដែល​កំពុង​បម្រើ​ផង​ដែរ ។ កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្នុង​ស្តេក​នឹង​រួម​មាន​នូវ​សមាសភាព​នៃ​សង្ឃ​ជាន់​ខ្ពស់​ទាំងឡាយ​ណា​ដែល កំពុង បម្រើ​នៅ​ក្នុង​គណៈប្រធាន​ស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ និង​ជា​លោក​អយ្យកោ​ដែល​កំពុង​បម្រើ​ការ ។

គណៈប្រធាន​កូរ៉ុម​អែលឌើរ

តើ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ត្រូវ​បាន​រៀបចំឡើង​យ៉ាង​ដូចម្ដេច ? គណៈប្រធាន​ស្តេក​នឹង​ដោះ​លែង​ថ្នាក់​ដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់​នា​ពេល​បច្ចុប្បន្ន និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ហើយ​នឹង​ហៅ​ប្រធាន​កូរ៉ុម​អែលឌើរ​ថ្មី​ម្នាក់ និង​ទីប្រឹក្សា​នៅ​ក្នុង​វួដ ឬ​សាខា​នីមួយៗ ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ថ្មី​អាច​រួម​បញ្ចូល​ទាំង​ពួក​អែលឌើរ និង​ពួក​សង្ឃ​ជាន់​ខ្ពស់ ដែល​មាន​វ័យ និង​បទពិសោធន៍​ខុសៗ​គ្នា ដោយ​បម្រើ​រួម​គ្នា​នៅ​ក្នុង​គណៈប្រធាន​កូរ៉ុម​តែ​មួយ ។ ទោះ​ជា​អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​បម្រើ​ជា​ប្រធាន​កូរ៉ុម ឬ​ជា​ទីប្រឹក្សា​ម្នាក់​នៅ​ក្នុង​គណៈប្រធាន​នេះ​ក្ដី ។ នេះ​ពុំ​មែន​ជា « ការ​កាន់​កាប់ » កូរ៉ុម​អែលឌើរ​ដោយ​សង្ឃ​ជាន់​ខ្ពស់​នោះ​ទេ ។ យើង​រំពឹង​ទុក​ឲ្យ​ពួក​អែលឌើរ និង​ពួក​សង្ឃ​ជាន់​ខ្ពស់​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នានា​នៅ​ក្នុង​គណៈប្រធាន​កូរ៉ុម និង​នៅ​ក្នុង​ការ​បម្រើ​របស់​កូរ៉ុម ។ ការ​កែតម្រូវ​កូរ៉ុម​ទាំង​នេះ​គួរ​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

តំណែង​បព្វជិតភាព​នៅ​ក្នុង​កូរ៉ុម​អែលឌើរ

តើ​ការ​កែ​តម្រូវ​នេះ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​បព្វជិតភាព​ផ្លាស់​ប្ដូរ​តំណែង​បព្វជិតភាព​ដែល​សមាជិក​កូរ៉ុម​កាន់​ដែរ​ឬ​ទេ ? ទេ សកម្មភាព នេះ​ពុំ​មែន​បោះ​បង់​តំណែង​បព្វជិតភាព ណា​មួយ​ដែល​សមាជិក​កូរ៉ុម​ណា​ម្នាក់​ត្រូវ​បាន​តែង​តាំង​កាល​ពី​មុន​នោះ​ទេ ។ ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ បុរស​ម្នាក់​ត្រូវ​បាន​តែង​តាំង​ក្នុង​តំណែង​បព្វជិតភាព​ខុសៗ​គ្នា​នៅ​ក្នុង​ជីវិត​របស់​គាត់ ហើយ​គាត់​មិន​បាន​បាត់​បង់ ឬ​បោះ​បង់​ការ​តែង​តាំង​ពី​មុន​ណាមួយ​ឡើយ នៅ​ពេល​គាត់​ទទួល​តំណែង​ថ្មី​មួយ​នោះ ។ នៅ​ក្នុង​ករណី​ខ្លះ កាល​អ្នក​កាន់​បព្វជិតភាព​ម្នាក់​អាច​បម្រើ​ច្រើន​ជាង​តំណែង​មួយ​នៅ​ពេល​មួយ ក៏​ដូចជា​ពេល​ដែល​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​បម្រើ​ជា​លោក​អយ្យកោ ឬ​ប៊ីស្សព​ដែរ នោះ​ជា​ធម្មតា​គាត់​ពុំ​បាន​ធ្វើ​ការ​នៅ​ក្នុង​តំណែង​រាល់​បព្វជិតភាព​របស់​គាត់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ឧទាហរណ៍ ប៊ីស្សព និង​ពួក​ចិត​សិប​នាក់ ពុំ​បាន​បម្រើ​យ៉ាង​សកម្ម​នៅ​ក្នុង​តំណែង​ទាំងនោះ​ឡើយ នៅ​ពេល​ពួកគាត់​ត្រូវ​បាន​ដោះលែង ឬ​សម្រាក​ពី​តំណែង​នោះ ។ ដូច្នេះហើយ មិនថា​បុរស​ម្នាក់​កាន់​តំណែង​បព្វជិតភាព ឬ​តំណែង​ផ្សេង​ណា​មួយ​នោះ​ទេ កាល​គាត់​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​អែលឌើរ គាត់​បម្រើ​ជា​អែលឌើរ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​សង្កេត​ឃើញ​ថា « បព្វជិតភាព​គឺជា​ធំ​ជាង​តំណែង​នានា​របស់​វា​ទៅ​ទៀត ។… បព្វជិតភាព​មិន​អាច​បែងចែក​ទៅ​ជា​ចំណែក​តូចៗ​ឡើយ ។ អែលឌើរ​ម្នាក់​កាន់​បព្វជិតភាព​ដូច​ជា​សាវក​ម្នាក់​ផងដែរ ។ ( សូម​មើល គ. និង ស. ២០:៣៨ ) ។ នៅ​ពេល​បុរស​ម្នាក់ [ ទទួល​បព្វជិតភាព ] គាត់​ទទួល​បាន​វា​ទំាងអស់ ។ ប៉ុន្តែ មាន​តំណែង​ជា​ច្រើន​នៅក្នុង​បព្វជិតភាព —ជា​ការ​បែង​ចែក​សិទ្ធិ​អំណាច និង​ការ​ទទួល​ខុស​ត្រូវ ។… ពេលខ្លះ តំណែង​មួយ​ត្រូវ​បាន​លើក​ឡើង​ថា ‹ ខ្ពស់​ជាង › ឬ ‹ ទាប​ជាង › តំណែង​មួយ​ទៀត ។ ជាជាង​ការ ‹ ខ្ពស់​ជាង ›​ឬ ‹ ទាប​ជាង › តំណែង​នៅ​ក្នុង​បព្វជិតភាព មិលគីស្សាដែក​តំណាង​ឲ្យ​ផ្នែក​ខុស​គ្នា​នៃ​ការ​បម្រើ » ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​មិន​និយាយ​ទៀត​ទេ​ក្នុង​ន័យ​ថា​ការ « ឡើង » ទៅ​តំណែង​មួយ​ទៀត​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ។

ពួក​អែលឌើរ​នឹង​បន្ត​ទទួល​ការ​តែង​តាំង​ជា​សង្ឃ​ជាន់ខ្ពស់ នៅ​ពេល​ពួកគេ​ត្រូវ​បាន​ហៅ​ទៅ​ក្នុង​គណៈប្រធាន​ស្តេក ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​គណៈប៊ីស្សព—ឬ​នៅ​ពេល​ខ្លះ​ទៀត​តាម​ការ​កំណត់​របស់​ប្រធាន​ស្តេក​តាមរយៈ​ការ​ពិចារណា និង​ការ​បំផុស​គំនិត​ប្រកប​ដោយ​ការ​អធិស្ឋាន ។ នៅ​ពេល​គ្រា​នៃ​ការ​បម្រើ​របស់​ពួកគេ​នៅ​ក្នុង​គណៈប្រធាន​ស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬ​គណៈប៊ីស្សព​ត្រូវ​បាន​បញ្ចប់ ពួក​សង្ឃ​ជាន់​ខ្ពស់​នឹង​ចូល​រួម​នឹង​កូរ៉ុម​អែលឌើរ​ក្នុង​វួដ​របស់​ពួកគេ​វិញ ។

ការ​ដឹកនាំ​សម្រាប់​ប្រធាន​កូរ៉ុម​អែលឌើរ

តើ​នរណា​ដឹកនាំ​កិច្ចការ​ប្រធាន​កូរ៉ុម​អែលឌើរ ? ប្រធាន​ស្តេក​ធ្វើជា​អធិបតី​លើ​បព្វជិតភាព​មិលគីស្សាដែក​នៅក្នុង​ស្តេក​របស់​គាត់ ។ ដូច្នេះហើយ ប្រធាន​កូរ៉ុម​អែលឌើរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​ប្រធាន​ស្តេក ដែល​ជា​អ្នក​ផ្ដល់​ការ​បំពាក់​បំប៉ន និង​ការ​ណែនាំ​មក​ពី​គណៈប្រធាន​ស្តេក និង​តាមរយៈ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ។ ប៊ីស្សព​ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី​ក្នុង​វួដ ក៏​ជួប​ជា​ទៀង​ទាត់​ជាមួយ​នឹង​ប្រធាន​កូរ៉ុម​អែលឌើរ​ផង​ដែរ ។ ប៊ីស្សព​ប្រឹក្សា​ជាមួយ​នឹង​គាត់ ហើយ​ផ្ដល់​ការ​ដឹកនាំ​សមរម្យ​ស្ដីពី​របៀប​ល្អ​បំផុត​ដើម្បី​បម្រើ ហើយ​ផ្ដល់​ពរជ័យ​ដល់​សមាជិក​វួដ​ដោយ​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​វួដ​ទាំង​មូល ។

គោលបំណង​នៃ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ

តើ​អ្វី​ទៅ​ជា​គោលបំណង​នៃ​ការ​កែតម្រូវ​ចំពោះ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​នេះ ? ការ​មាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​តែ​មួយ​នៅ​ក្នុង​វួដ​​បង្រួប​បង្រួម​ពួក​អ្នក​កាន់​បព្វជិតភាព​ដើម្បី​សម្រេច​គ្រប់​កត្តា​ទាំងអស់នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ រួម​បញ្ចូល​ទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ផង​ដែរ ដែល​កាល​ពីមុន​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ ។ វា​អនុញ្ញាត​ឲ្យ​សមាជិក​កូរ៉ុម​គ្រប់​វ័យ និង​មាន​បទពិសោធន៍​ទទួល​បាន​ប្រយោជន៍​មក​ពី​ទស្សនវិស័យ និង​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅមក និង​ពី​មនុស្ស​ដែល​មាន​ស្ថានភាព​ជីវិត​ផ្សេង​គ្នា ។ វា​ក៏​ផ្ដល់​ឱកាស​បន្ថែម​ទៀត​សម្រាប់​អ្នក​កាន់​បព្វជិតភាព​ដែល​មាន​បទពិសោធន៍ ​ឲ្យ​ណែនាំ​ដល់​មនុស្ស​ដទៃ​ទៀត រួមបញ្ចូល​ទាំង​ពួក​អែលឌើរ​បម្រុង សមាជិក​ថ្មី យុវ​មជ្ឈិមវ័យ និង​អ្នក​ដែល​ត្រឡប់​មក​សកម្មភាព​ក្នុង​សាសនាចក្រ​វិញ ។ ខ្ញុំ​មិន​អាច​បង្ហាញ​ពី​ភាព​រំភើប​ដែល​ខ្ញុំ​មាន​ក្នុង​ការ​សញ្ជឹង​គិត​អំពី​តួនាទី​ដ៏​សំខាន់​ដែល​កូរ៉ុម​អែលឌើរ​នឹង​ដើរ​តួ​នា​ពេល​អនាគត​ឡើយ ។ ប្រាជ្ញា បទពិសោធន៍ សមត្ថភាព និង​កម្លាំង​ដែល​នឹង​មាន​នៅ​ក្នុង​កូរ៉ុម​ទាំង​នេះ​បង្ហាញ​អំពី​ថ្ងៃ​ថ្មី​មួយ និង​បទដ្ឋាន​ថ្មី​មួយ​នៃ​ការ​បម្រើ​បព្វជិតភាព​ទូទាំង​សាសនាចក្រ ។

ម្ភៃ​ឆ្នាំ​មុន​នៅ​ក្នុង​សន្និសីទ​ទូទៅ ខ្ញុំ​បាន​ប្រាប់​រឿង​មួយ​ដែល​ដំបូង​ឡើយ​បាន​ប្រាប់​ដោយ​អែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន​នៃ​ពួក​ចិត​សិប​នាក់ ដែល​ខ្ញុំ​ជឿ​ថា​មាន​តម្លៃ​សក្ដិសម​ដើម្បី​លើក​ឡើង​ម្ដង​ទៀត​នៅ​ពេល​នេះ ។

នៅ​ឆ្នាំ​១៩១៨ បងប្រុស ចច ហ្គូតេស គឺជា​កសិករ​ម្នាក់​ដាំ​ឆៃថាវ​ផ្អែម​នៅ​ទីក្រុង​លីហៃ​រដ្ឋ​យូថាហ៍ ។ នៅ​ឆ្នាំ​​នោះរដូវ​រងារ​បាន​មក​ដល់​មុន ហើយ​បាន​ធ្វើ​ឲ្យ​ដំណាំ​ឆៃថាវ​ផ្អែម​របស់​គាត់​ភាគច្រើន​កក​អស់ ។ ការ​ប្រមូល​យក​ផល​មាន​ការ​លំបាក​ណាស់​ចំពោះ​ចច និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ហ្វ្រេនស៊ីស ។ ទន្ទឹម​នឹង​នោះ ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ក៏​កំពុង​រីករាល​ដាល​ផង​ដែរ ។ ជំងឺ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ​បាន​ឆក់​យក​ជីវិត​កូន​ប្រុស​របស់​ចច​ឈ្មោះ ឆាលី និង​កូន​តូច​បី​នាក់​របស់​ចច—រួម​មាន​ក្មេង​ស្រី​តូច​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់ ។ រយៈពេល​តែ​ប្រាំ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចច ហ្គូតេស​បាន​ធ្វើ​ដំណើរ​បី​លើក​ផ្សេងៗ​គ្នា​ដោយ​ភាព​សោក​សៅ ទៅ​កាន់​ទីក្រុង​អ័គឌិន រដ្ឋ​យូថាហ៍ ដើម្បីយក​សាក​សព​ទាំង​នោះ​មក​ផ្ទះ​ធ្វើ​ការ​បញ្ចុះ ។ នៅ​ចុង​បញ្ចប់​នៃ​គ្រា​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ចច និង​ហ្វ្រេនស៊ីស​បាន​ជិះ​រទេះ​របស់​ពួកគេ​ត្រឡប់​ទៅ​វាល​ដាំ​ឆៃថាវ​ផ្អែម​វិញ ។

« [ នៅ​តាម​ផ្លូវ ] ពួកគេ​បាន​ឃើញ​កសិករ​ជិត​ខាង​​បរ​រទេះ​ជាច្រើន​ដែល​ដឹក​សុទ្ធ​ឆៃថាវ​ទៅ​កាន់​រោង​ចក្រ ។ កាល​ពួកគេ​បរ​រទេះ​កាត់​គាត់ ពួកគេ​បាន​និយាយ​រាក់​ទាក់​ថា ‹ សួស្ដី ពូ​ចច › ‹ ចូល​រួម​សោក​ស្ដាយ​ផង ចច › ‹ លំបាកហើយ ចច › ‹ អ្នក​មាន​មិត្ត​ច្រើន​ណាស់ ចច › ។

« អ្នក​បរ​រទេះ​ចុង​ក្រោយ​គឺ​ជា … ក្មេង​ប្រុស​ម្នាក់​ដែល​មាន​មុខ​ពពាល​ឈ្មោះ​ថា ចាស្ពើរ រ៉ុលហ្វេ ។ គាត់​បាន​គ្រវី​ដៃ​រាក់​ទាក់ ហើយ​ស្រែក​ឡើង​ថា ‹ វា​អស់​ហើយ ពូ​ចច › ។

« [ បងប្រុស​ចច ] មើល​មុខ​ហ្វ្រេនស៊ីស ហើយ​ពោល​ថា ‹ ប៉ា​ប្រាថ្នា​ថា​វា​ទាំងអស់​គឺ​ជា​របស់​យើង › ។

« នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​របង​កសិដ្ឋាន ហ្វ្រេនស៊ីស​បាន​លោត​ចុះ​ពី​រទេះ​ឆៃថាវ​ដ៏​ធំ​ពណ៌​ក្រហម ហើយ​បាន​បើក​របង​នោះ​ឲ្យ [ ឪពុក​គាត់ ] បរ​រទេះ​ចូល​ទៅ​ក្នុង​ចម្ការ ។ [ ចច ] បាន​ទាញ​សេះ​ឲ្យ​ឈប់ … ហើយ​ក្រឡេក​មើល​ទៅ​ចម្ការ ។ … នៅ​ក្នុង​ចម្ការ​ទាំង​មូល​គ្មាន​ឆៃ​ថាវ​ផ្អែម​សោះ ។ បន្ទាប់​មក​ទើប​គាត់​នឹក​ឃើញ​អំពី​ពាក្យ​សម្ដី​របស់​ចាស្ពើរ រ៉ុលហ្វេ នៅ​ពេល​គាត់​ស្រែក​ប្រាប់​ថា ‹ វា​អស់​ហើយ ពូ​ចច ! ›

« [ ចច ] បាន​ចុះ​ពី​រទេះ ចាប់​ដី​មួយ​ក្ដាប់ រួចហើយ … រើសស្លឹក​ឆៃថាវ​មួយ ហើយ​មើល​និមិត្តសញ្ញា​នៃ​ការ​ខិតខំ​ទាំង​នេះ​របស់​គាត់​មួយ​សន្ទុះ ដូចជា​គាត់​មិន​ចង់​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​សោះ ។

« បន្ទាប់​មក [ គាត់ ] បាន​អង្គុយ​ចុះ​នៅលើ​គំនរ​ស្លឹក​ឆៃថាវ—បុរស​នេះ​ដែល​បាន​នាំ​កូន​ជាទីស្រឡាញ់​បួន​នាក់​ត្រឡប់មក​ផ្ទះ​វិញ​ដើម្បី​បញ្ចុះ​នៅ​ក្នុង​រយៈពេល​តែ​ប្រាំ​មួយ​ថ្ងៃ ធ្វើ​ក្ដារមឈូស ជីក​ផ្នូរ ហើយ​ថែម​ទាំង​ធ្វើ​សម្លៀក​បំពាក់​សម្រាប់​ការ​បញ្ចុះ​សព​ទៀត​ផង—បុរស​ដ៏​អស្ចារ្យ​ម្នាក់​នេះ​ដែល​មិន​ដែល​ធ្វេស​ប្រហែស មិន​ដែល​ដក​ខ្លួន​ចេញ ឬងាករេ​ក្នុង​ការ​ឆ្លងកាត់​ទុក្ខវេទនា​ដ៏​គួរ​ឲ្យ​ឈឺចាប់​នេះ—បាន​អង្គុយ​ចុះ​នៅ​លើ​គំនរ​ស្លឹក​ឆៃថាវ ហើយ​បាន​យំ​ដូចជា​កូន​ក្មេង ។

« បន្ទាប់​មក គាត់​បាន​ក្រោក​ឡើង ហើយ​ជូត​ទឹក​ភ្នែក​ចេញ … ហើយ​បាន​មើល​ទៅ​មេឃ ហើយ​ពោល​ថា « អរគុណ​ព្រះវរបិតា សម្រាប់​ពួក​អែលឌើរ​នៅ​ក្នុង​វួដ​របស់​យើង › » ។

ពិតណាស់ ការ​ថ្លែង​អំណរគុណ​ត្រូវ​តែ​ថ្លែង​ទៅ​កាន់​ព្រះ​ចំពោះ​ពួក​បុរស​នៃ​បព្វជិតភាព និង​ចំពោះ​ការ​បម្រើ​ដែល​ពួកគេ​នឹង​ធ្វើ​នៅ​ក្នុង​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ព្រមទាំង​នៅ​ក្នុង​ការ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ផង​ដែរ ។

គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​គណៈប្រធាន​នៃ​ពួកចិតសិបនាក់ បាន​ពិចារណា​អំពី​ការ​កែតម្រូវ​នេះ​ជា​យូរ​យារ​មក​ហើយ ។ ដោយ​មាន​ការ​អធិស្ឋាន​យ៉ាង​ច្រើន ការ​សិក្សា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​បទគម្ពីរ​គ្រឹះស្ដីពី​កូរ៉ុម​បព្វជិតភាព និង​ការ​បញ្ជាក់​ថា​នេះ​គឺជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ នោះ​យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​ឯកភាព​នៅ​ក្នុង​អ្វី​ដែល​ជាការ​ពិត​មួយ​ជំហាន​ទៀត​នៅ​ក្នុង​ការ​បើក​បង្ហាញ​អំពី​ការ​ស្ដារ​ឡើង​វិញ ។ ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បើក​សម្ដែង ហើយ​ខ្ញុំ​រីករាយ​នៅ​ក្នុង​កិច្ចការ​នេះ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់ បព្វជិតភាព​របស់​ទ្រង់ និង​ការ​តែង​តាំង​របស់​បងប្អូន​នៅ​ក្នុង​បព្វជិតភាព​នោះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៣ ។

  2. ឧទាហរណ៍​ សូមមើល William G. Hartley « The Priesthood Reorganization of 1877: Brigham Young’s Last Achievement » នៅក្នុង My Fellow Servants: Essays on the History of the Priesthood ( ឆ្នាំ ២០១០ ) ទំព័រ ២២៧–៦៤; « To the Seventies » នៅក្នុង James R. Clark, comp., Messages of the First Presidency of The Church of Jesus Christ of Latter-day Saints ( ឆ្នាំ ១៩៦៥ ) ទំព័រ ៣៥២–៥៤; Hartley « The Seventies in the 1880s: Revelations and Reorganizing » នៅក្នុង My Fellow Servants ទំព័រ ២៦៥–៣០០; Edward L. Kimball, Lengthen Your Stride: The Presidency of Spencer W. Kimball ( ឆ្នាំ ២០០៥ ) ទំព័រ ២៥៤–៥៨; Susan Easton Black, « Early Quorums of the Seventies » នៅក្នុង David J. Whittaker and Arnold K. Garr, eds., A Firm Foundation: Church Organization and Administration ( ឆ្នាំ ២០១១ ) ទំព័រ ១៣៩–៦០; Richard O. Cowan « The Seventies’ Role in the Worldwide Church Administration » នៅក្នុង A Firm Foundation ទំព័រ ៥៧៣–៩៣ ។

  3. រ័សុល អិម ណិលសុន « Introductory Remarks » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៥៤ ។

  4. ប៊យដ៍ ឃេ ផាកកឺ « What Every Elder Should Know—and Every Sister as Well: A Primer on Principles of Priesthood Government » Tambuli ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៤ ទំព័រ ១៧, ១៩ ។

  5. សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ( ឆ្នាំ ២០១០ ) ចំណុច ៧.៣.១ ។

  6. ឌី ថត គ្រីស្តូហ្វឺសិន « The Priesthood Quorum » Liahona ខែ មករា ឆ្នាំ ១៩៩៩ សូម​មើល​ផង​ដែរ វ៉ុន ជេ ហ្វីឌើរស្តូន « Now Abideth Faith, Hope, and Charity » Ensign ខែ កក្កដា ឆ្នាំ ១៩៧៣ ១៩៧៣ ទំព័រ ៣៦–៣៧ ។