ឆ្នាំ ២០១០-២០១៩
សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ៖ គឺ​ជា​សញ្ញា​ពិត​នៃ​សិស្ស​ដ៏​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។
ខែ មេសា ឆ្នាំ ២០១៨


សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ៖ គឺ​ជា​សញ្ញា​ពិត​នៃ​សិស្ស​ដ៏​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ផ្ដោត​សំខាន់​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

យើង​ស្រឡាញ់ ហើយ​នឹក​ដល់​ប្រធាន​ម៉នសុន ហើយ​យើង​ស្រឡាញ់ និង​គាំទ្រ​ប្រធាន រ័សុល អិមណិលសុន ។ ប្រធាន ណិលសុន​គឺ​ជា​មនុស្ស​ពិសេស​បំផុត​ចំពោះ​ខ្ញុំ ។

កាល​ខ្ញុំ​ជា​ឪពុក​វ័យ​ក្មេង​ម្នាក់ នៅ​ថ្ងៃ​មួយ កូន​ប្រុស​តូច​របស់​យើង​ដែល​មាន​អាយុ​ប្រាំ​ឆ្នាំ បាន​ត្រឡប់​មក​ពី​សាលា​រៀន​វិញ ហើយ​បាន​សួរ​ម្ដាយ​គាត់​ថា « តើ​ការងារ​ប្រភេទ​ណា​ដែល​លោក​ប៉ា​ធ្វើ ? » បន្ទាប់​មក​គាត់​បាន​ពន្យល់​ថា មិត្ត​រួម​ថ្នាក់​ថ្មី​របស់​គាត់​បាន​ចាប់ផ្ដើម​ពិភាក្សា​គ្នា​អំពី​កាងារ​របស់​ឪពុក​ពួកគេ ។ មាន​ម្នាក់​បាន​និយាយ​ថា ឪពុក​គាត់​គឺជា​មេ​ប៉ូលីស​ក្រុង កាល​ម្នាក់​ទៀត​បាន​ប្រកាស​ទាំង​មោទនភាព​ថា ឪពុក​របស់​គាត់​គឺជា​ប្រធាន​ក្រុម​ហ៊ុន​ធំ​មួយ ។

ដូច្នេះ​នៅ​ពេល​គេ​សួរ​អំពី​ឪពុក​របស់​គាត់ កូន​ប្រុស​ខ្ញុំ​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា « ប៉ា​ខ្ញុំ​ធ្វើការ​នឹង​កុំព្យូទ័រ​នៅ​ក្នុង​ការិយាល័យ​មួយ » ។ បន្ទាប់​មក ដោយ​សង្កេត​ឃើញ​ថា ចម្លើយ​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​មិត្ត​របស់​គាត់​មាន​ចំណាប់​អារម្មណ៍​ទេ​នោះ គាត់​​បាន​និយាយ​ទៀត​ថា « និយាយ​ទៅ ប៉ា​ខ្ញុំ​គឺជា​ប្រធាន​នៃ​សាកល​លោក​នេះ » ។

ខ្ញុំ​គិត​ថា វា​គឺជា​ចុង​បញ្ចប់​នៃ​កា​សន្ទនា​នោះ ។

ខ្ញុំ​បាន​ប្រាប់​ភរិយា​របស់​ខ្ញុំ​ថា « វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​បង្រៀន​គាត់​នូវ​រឿង​លម្អិត​បន្ថែម​ទៀត​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​អ្នក​ដែល​គ្រប់គ្រង​ផែនការ​នេះ​ពិត​ប្រាកដ » ។

ប៉ុន្តែ​នៅ​ពេល​យើង​បាន​បង្រៀន​កូនៗ​របស់​យើង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នោះ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​រីកចម្រើន​ឡើង នៅ​ពេល​ពួកគេ​បាន​ដឹង​វា​គឺ​ជា​ផែនការ​នៃ​សេចក្ដីស្រឡាញ់ ។ ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ផ្ដោត​សំខាន់​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា « បទបញ្ញត្តិ​ដ៏​ធំ​បំផុត​ទីមួយ​នៃ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច គឺ​ការ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង—នោះ​ជា​បទ​បញ្ញត្តិ​ដ៏​ធំ​បំផុត​ទីមួយ ។ ប៉ុន្តែ​សេចក្ដី​ពិត​ដ៏​ធំ​បំផុត​ដំបូង​គេ​នៃ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​នោះ​គឺ​ថា ព្រះ​ស្រឡាញ់​យើង​ដោយ​អស់​ពី​ព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និង​ព្រះចេស្ដា​របស់​ទ្រង់ ។ សេចក្ដី​ស្រឡាញ់​នោះ​គឺជា​គោលការណ៍​គ្រឹះ​នៃ​ភាព​អស់​កល្ប​ជានិច្ច ហើយ​វា​គួរ​តែ​ជា​គោលការណ៍​គ្រឹះ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង » ។

ដោយ​មាន​គោលការណ៍​គ្រឹះ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​គឺជា​តម្រូវការ​មួយ​សម្រាប់​សិស្ស​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី មរមន​បាន​បង្រៀន​ថា « ហេតុដូច្នោះ​ហើយ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។

ពិតណាស់ សេចក្ដី​ស្រឡាញ់​គឺជា​សញ្ញា​ពិត​នៃ​សិស្ស​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សិស្ស​ពិត​ស្រឡាញ់​ការ​បម្រើ ។ ពួកគេ​ដឹង​ថា ការ​បម្រើ​គឺជា​ការ​បង្ហាញ​មួយ​អំពី​សេចក្ដី​ស្រឡាញ់​ពិត និង​ជា​សេចក្ដីសញ្ញា​មួយ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជទឹក ។3 មិន​ថា​ពួកគេ​មាន​ការ​ហៅ​អ្វី​នៅ​ក្នុង​សាសនាចក្រ ឬ​តួនាទី​អ្វី​នៅ​ក្នុង​សហគមន៍​នោះ​ទេ ពួកគេ​ទទួល​អារម្មណ៍​នូវ​ការ​បង្កើន​បំណង​ប្រាថ្នា​មួយ​ដើម្បី​ស្រឡាញ់ ហើយ​បម្រើ​ព្រះអម្ចាស់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។

សិស្ស​ពិត​ចូល​ចិត្ត​អភ័យទោស ។ ពួកគេ​ដឹង​ថា ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​គ្រប​ដណ្ដប់​រាល់​អំពើបាប និង​កំហុស​របស់​យើង​ម្នាក់ៗ ។ ពួកគេ​ដឹង​ថា ថ្លៃ​ដែល​ទ្រង់​បាន​បង់​គឺជា​« ថ្លៃ​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។ ពន្ធ ថ្លៃ​ឈ្នួល ថ្លៃ​កម្រៃ​ជើង​សារ និង​បន្ទុក​ទាំងឡាយ​ខាង​វិញ្ញាណ​ដែល​ទាក់​ទង​នឹង​អំពើបាប កំហុស និង​អំពើ​ខុស​ឆ្គង​ត្រូវ​បាន​ទូទាត់​សង​ទាំងអស់ ។ ជា​សិស្ស​ពិត​គឺ​ងាយ​នឹង​អភ័យទោស ហើយ​ឆាប់​នឹង​សូម​ការ​អភ័យទោស ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​បងប្អូន​កំពុង​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​កម្លាំង​ដើម្បី​អភ័យទោស សូម​កុំ​គិត​អំពី​អ្វី​ដែល​មនុស្ស​ដទៃ​បាន​ធ្វើ​ចំពោះ​បងប្អូន ប៉ុន្តែ​ចូរ​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បងប្អូន​វិញ ហើយ​បងប្អូន​នឹង​រក​ឃើញ​ភាព​សុខសាន្ត​នៅ​ក្នុង​ពរជ័យ​ដ៏​ប្រោសលោះ​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។

សិស្ស​ពិត​ចូលចិត្ត​ចុះ​ចូល​នឹង​ព្រះអម្ចាស់​ដោយ​មាន​ភាព​សុខសាន្ត​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ ពួកគេ​មាន​ចិត្ត​រាបសា ហើយ​ចុះចូល​ដោយសា​ពួកគេ​ស្រឡាញ់​ទ្រង់ ។ ពួកគេ​មាន​សេចក្ដី​ជំនឿ​ដើម្បី​ទទួល​យក​ព្រះទ័យ​របស់​ទ្រង់​យ៉ាង​ពេញ​លេញ ពុំមែន​គ្រាន់​តែ​អ្វី​ដែល​ទ្រង់​ធ្វើ​នោះទេ ប៉ុន្តែ​ក៏​នៅ​ក្នុង​របៀប និង​ពេលវេលា​របស់​ទ្រង់​ផង​ដែរ ។ សិស្ស​ពិត​ដឹង​ថា ពរជ័យ​ពិត​ពុំ​មែន​ជា​អ្វី​ដែល​ពួកគេ​ចង់​បាន​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​គឺជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ប្រទាន​ដល់​ពួកគេ ។

សិស្ស​ពិត​ស្រឡាញ់​ព្រះអម្ចាស់​ច្រើន​ជាង​លោកិយ ហើយ​មាន​ភាព​ខ្ជាប់​ខ្ជួន ហើយ​រឹងមាំ​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ពួកគេ​បន្ត​រឹង​មាំ ហើ​មោះមុត​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​ផ្លាស់ប្ដូរ និង​ភាព​ច្របូក​ច្របល់ ។ សិស្ស​ពិត​ចូល​ចិត្ត​ស្ដាប់​សំឡេង​នៃ​ព្រះវិញ្ញាណ និង​សំឡេង​របស់​ពួក​ព្យាការី ហើយ​មិន​ភាន់​ច្រឡំ​ដោយ​សំឡេង​នៃ​លោកិយ​ឡើយ ។ សិស្ស​ពិត​ចូល​ចិត្ត​« ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ » ហើយ​ចូល​ចិត្ត​បង្កើត​ទីបរិសុទ្ធ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​នៅ ។ ទោះ​ជា​ពួកគេ​ទៅ​ទីណា​ក្ដី ក៏​ពួកគេ​នាំ​យក​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​ភាព​សុខសាន្ត​ទៅ​កាន់​ដួង​ចិត្ត​របស់​មនុស្ស​ដទៃ​ដែរ ។ សិស្ស​ពិត​ពេញចិត្ត​នឹង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​ពួកគេ​គោរព​ដោយសារ​ពួកគេ​ស្រឡាញ់​ព្រះអម្ចាស់ ។ នៅ​ពេល​ពួកគេ​ស្រឡាញ់ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ដួង​ចិត្ត​របស់​ពួកគេ​ត្រូវ​បាន​រំឭក​ចាំ​ជា​ថ្មី ហើយ​និស្ស័យ​របស់​ពួកគេ​នឹង​ផ្លាស់​ប្ដូរ ។

សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​គឺជា​សញ្ញា​ពិត​នៃ​សិស្ស​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​បាន​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​មក​ពី​អ្នក​ម្ដាយ​របស់​ខ្ញុំ ។ គាត់​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ មាន​ថ្ងៃមួយ ខ្ញុំ​បាន​ទៅ​លេង​នឹង​អ្នក​ម្ដាយ​របស់​ខ្ញុំ​ដែល​មាន​ជំងឺ​មហារីក ។ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​ស្លាប់ ប៉ុន្តែ​ខ្ញុំ​ពិបាក​ចិត្ត ដែល​គាត់​ត្រូវ​រងទុក្ខ ។ ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទាំងអស់ ប៉ុន្តែ​ដោយ​ស្គាល់​ខ្ញុំ​ច្បាស់ គាត់​បាន​ពោល​ថា « ម៉ាក់​ដឹង​ថា​កូន​មាន​កង្វល់ » ។

បន្ទាប់​មក​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល កាល​គាត់​បាន​សួរ​ខ្ញុំ​ដោយ​សំឡេង​ខ្សាវៗ​ថា « តើ​កូន​អាច​បង្រៀន​ម៉ាក់​អំពី​របៀប​អធិស្ឋាន​បាន​ទេ ? ម៉ាក់​ចង់​អធិស្ឋាន​ឲ្យ​កូន ។ ម៉ាក់​ដឹង​ថា​កូន​ចាប់​ផ្ដើម​ដោយ​ពោល​ពាក្យ​ថា ‹ ព្រះ​វរបិតា​សួគ៌​ជា​ទី​ស្រឡាញ់ › ប៉ុន្តែ​បន្ទាប់​មក​ទៀត​តើ​ម៉ាក់​គួរ​និយាយ​អ្វី ? »

កាល​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​នៅ​ក្បែរ​គ្រែ​គាត់ ហើយ​គាត់​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ ខ្ញុំ​ទទួល​បាន​នូវ​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ វា​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សាមញ្ញ ពិត​ហើយ​សុទ្ធ​សាធ ។ ទោះ​ជា​គាត់​ពុំ​បាន​ដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ក្ដី ក៏​គាត់​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់​នូវ​ផែនការ​នៃ​សេចក្ដី​ស្រឡាញ់​ផ្ទាល់​ខ្លួន ជា​ផែនការ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ​ចំពោះ​កូន​ប្រុស​របស់​គាត់ ។ គាត់​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​គ្មាន​កម្លាំង​ដើម្បី​អធិស្ឋាន ។ ខ្ញុំស្ទើរ​តែ​ស្ដាប់​មិន​ឮ​សំឡេង​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ទទួល​អារម្មណ៍​សេចក្ដី​ស្រឡាញ់​របស់​គាត់ ។

ខ្ញុំ​នៅ​ចាំ​ថា​បាន​គិត​អំពី​សំណួរ « តើ​មនុស្ស​ម្នាក់​ដែល​មាន​ការ​ឈឺចាប់​ខ្លាំង​បែប​នេះ​អាច​អធិស្ឋាន​ឲ្យ​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​ដូច​ម្ដេច ? គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​ត្រូវការ​ជំនួយ » ។

បន្ទាប់​មក​ចម្លើយ​បាន​ផុស​ឡើង​យ៉ាង​ច្បាស់​ក្នុង​គំនិត​ខ្ញុំ​ថា គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ។ គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​រហូត​ដល់​គាត់​ភ្លេច​ពី​ខ្លួន​ឯង ។ នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​របស់​គាត់ គាត់​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​ខ្លួន​ឯង ។

ឥឡូវ​នេះ ឱ​បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ តើ​នេះ​ពុំ​មែន​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ទេ​ឬ​អី ? ពិតណាស់ នៅ​ក្នុង​ទស្សនៈវិស័យ​ដ៏​អស់​កល្ប​ជានិច្ច​មួយ ហើយ​ទូលំ​ទូលាយ​ជាង ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ឈឺចាប់​ដ៏​ធំបំផុត​របស់​ទ្រង់ នៅ​ក្នុង​សួន​ច្បារ​នា​យប់​នោះ ទ្រង់​គឺជា​អង្គ​ដែល​ត្រូវការ​ជំនួយ ដោយ​រង​ទុក្ខ​តាម​វិធី​មួយ​ដែល​យើង​មិន​អាច​នឹក​ស្រមៃ ហើយ​យល់​បាន ។ ប៉ុន្តែ​នៅ​ទី​បញ្ចប់ ទ្រង់​បាន​បំភ្លេច​ខ្លួន​ឯង ហើយ​បាន​អធិស្ឋាន​ឲ្យ​យើង​រហូត​ទ្រង់​បាន​បង់​ថ្លៃ​យ៉ាង​ពេញ​លេញ ។ តើ​ទ្រង់​អាច​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​ណា ? ដោយសារ​តែ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​ដែល​បាន​ចាត់​ទ្រង់​មក និង​ចំពោះ​យើង ។ ទ្រង់​ស្រឡាញ់​ព្រះវរបិតា ហើយ​និង​យើង​ច្រើន​ជាង​ខ្លួន​ទ្រង់​ទៅ​ទៀត ។

ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អ្វី​មួយ​ដែល​ទ្រង់​ពុំ​បាន​ធ្វើ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​ដែល​ទ្រង់​ពុំ​បាន​ធ្វើ ។ ហេតុអ្វី ? សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ។ ដោយ​បាន​បង់​ថ្លៃ​ពេញ​លេញ នោះ​ទ្រង់​ស្ថិត​នៅ​ក្នុង​តួនាទី​ដើម្បី​ប្រទាន​ដល់​យើង​នូវ​ពរជ័យ​នៃ​អ្វី​ដែល​ទ្រង់​បាន​បង់​ថ្លៃ បើ​យើង​នឹង​ប្រែ​ចិត្ត ។ ហេតុអ្វី​បាន​ជា​ទ្រង់​ប្រទាន​ពរជ័យ​នេះ ? ជា​ថ្មី​ម្តង​ទៀត ហើយ​ជានិច្ច​តទៅ​គឺ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ ។

សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​គឺជា​សញ្ញា​ពិត​នៃ​សិស្ស​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ឥឡូវ ចាប់​ពី​ថ្ងៃ​នេះ​ទៅ សូម​ឲ្យ​យើង​ចាប់ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​កូនចៅ​ព្រះ​គ្រប់​រូប ទោះជា​ពួកគេ​ជា​សមាជិក​គ្រួសារ​យើង មិត្តភក្ដិ​យើង ជា​អ្នក​ទើប​ស្គាល់​គ្នា ឬ​ជា​មនុស្ស​មិន​ដែល​ស្គាល់​ក្ដី ។ កាល​យើង​ក្រោក​ឡើង​រាល់​ព្រឹក ចូរ​យើង​តាំង​ចិត្ត​ដើម្បី​ឆ្លើយ​តប​ដោយ​សេចក្ដី​ស្រឡាញ់ និង ចិត្ត​សប្បុរស​ចំពោះ​អ្វី​ក៏​ដោយ​ដែល​យើង​នឹង​ជួប » ។

បង​ប្អូន​ប្រុស​ស្រី ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ដំណឹងល្អ​នៃ​សេចក្ដី​ស្រឡាញ់ ។ បទបញ្ញត្តិ​ដ៏​ធំ​បំផុត​គឺ​អំពី​សេចក្ដី​ស្រឡាញ់ ។ ចំពោះ​ខ្ញុំ វា​បង្រៀន​អំពី​សេចក្ដីស្រឡាញ់ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​ដែល​បាន​បូជា​ព្រះរាជ​បុត្រា​របស់​ទ្រង់​សម្រាប់​យើង ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បូជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​យើង ។ សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ ឬ​ឪពុក​ម្នាក់​ដែល​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ឲ្យ​កូន​របស់​ខ្លួន ។ សេចក្ដី​ស្រឡាញ់​ដែល​បម្រើ​យ៉ាង​ស្ងៀម​ស្ងាត់ ហើយ​ដែល​យើង​ភាគ​ច្រើន​មិន​បាន​ដឹង ប៉ុន្តែ​មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ជ្រាប ។ សេចក្ដី​ស្រឡាញ់​នៃ​អស់​អ្នក​ដែល​តែង​តែ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។ សេចក្ដី​ស្រឡាញ់​នៃ​បុគ្គល​ម្នាក់​ដែល​ផ្ដល់​ឲ្យ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​បាន​ទទួល ។

ខ្ញុំ​ស្រលាញ់​ព្រះវរបិតា​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ដំណឹង​ល្អ ។ ខ្ញុំ​ស្រឡាញ់​សាសនាចក្រ​នេះ ។ ខ្ញុំ​ស្រឡាញ់​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ជីវិត​ដ៏​ស្រស់​បំព្រង​នេះ ។ ចំពោះ​ខ្ញុំ វា​បង្រៀន​អំពី​សេចក្ដីស្រឡាញ់ ។

សូម​ឲ្យ​ថ្ងៃ​នៃ​ការ​ចងចាំ​ដល់​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ក្លាយ​ជា​ថ្ងៃ​នៃ​ការ​រំឭកចាំ​ខាង​វិញ្ញាណ​មួយ​សម្រាប់​យើង​ម្នាក់ៗ ។ សូម​ឲ្យ​ថ្ងៃ​នេះ​ជា​ការ​ចាប់ផ្ដើម​នៃ​ជីវិត​ពេញ​លេញ​មួយ​នៃ​សេចក្ដី​ស្រឡាញ់ ជា​គោលការណ៍​គ្រឹះ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង » ។

សូម​ឲ្យ​ដួង​ចិត្ត​របស់​យើង​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ជា​សញ្ញា​ពិត​នៃ​សិស្ស​ដ៏​ពិត​គ្រប់​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។