ឆ្នាំ ២០១០-២០១៩
ការ​បង្រៀន​នៅក្នុង​ផ្ទះ—ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​អំណរ និង​ពិសិដ្ឋ
ខែ មេសា ឆ្នាំ ២០១៨


ការ​បង្រៀន​នៅក្នុង​ផ្ទះ—ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​អំណរ និង​ពិសិដ្ឋ

ខ្ញុំ​សូម​ជំនួយ​ពី​សួគ៌ា នៅពេល​យើង​ព្យាយាម​ក្លាយ​ជា​គ្រូបង្រៀន​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​ដូចជា​ព្រះគ្រីស្ទ ។

ភរិយា​របស់​ខ្ញុំ ជូលី និង​ខ្ញុំ​បាន​ចិញ្ចឹម​កូនៗ​ជា​ទី​ស្រឡាញ់​ប្រាំ​មួយ​នាក់ ហើយ​ថ្មីៗ​នេះ​យើង​គ្មាន​កូន​នៅ​ជាមួយ​ទៀត​ទេ ។ ខ្ញុំ​នឹក​ដល់​ពេលវេលា​មាន​កូនៗ​របស់​យើង​រស់នៅ​ក្នុង​ផ្ទះ​ពេញ​ម៉ោង ។ ខ្ញុំ​នឹក​ដល់​ពេលវេលា​ដើម្បី​រៀន​មក​ពី​ពួកគេ ហើយ​បង្រៀន​ដល់​ពួកគេ ។

ថ្ងៃនេះ ខ្ញុំ​សូម​តម្រង់​ការ​និយាយ​របស់​ខ្ញុំ​ទៅ​កាន់​ឪពុក​ម្ដាយ​គ្រប់រូប និង​បងប្អូន​ទាំងអស់​ណា​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើជា​ឪពុក​ម្ដាយ ។ បងប្អូន​ជាច្រើន កំពុង​ចិញ្ចឹម​បីបាច់​កូនៗ​ក្នុង​ពេលនេះ ។ សម្រាប់​អ្នក​ដទៃ​ទៀត ពេលវេលា​នោះ​អាច​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត ភាព​ជា​ឪពុក​ម្ដាយ​អាច​នឹង​ជា​ពរជ័យ​នា​ពេល​អនាគត ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ទទួល​ស្គាល់​ការទទួល​ខុសត្រូវ​ដ៏​អំណរ និង​ពិសិដ្ឋ ដើម្បី​បង្រៀន​ដល់​កុមារ​ម្នាក់ ។

ក្នុងនាម​ជា​ឪពុក​ម្ដាយ ពួក​យើង​ណែនាំ​កូនៗ​របស់​យើង​ឲ្យ​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ពី​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ពួក​យើង​ជួយ​ដល់​កូនៗ​យើង​ឲ្យ​ថ្លែង​ពាក្យ​អធិស្ឋាន​លើក​ដំបូង​របស់​ពួកគេ ។ ពួក​យើង​ផ្ដល់​ការណែនាំ និង​ការ​គាំទ្រ​នៅពេល​ពួកគេ​ចូល​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសញ្ញា តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ពួកយើង​បង្រៀន​ពួកគេ​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ ពួក​យើង​បង្រៀន​ពួកគេ​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រ​របស់​ទ្រង់ ហើយ​ពួក​យើង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ការ​ខ្សឹប​ប្រាប់​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួក​យើង​ប្រាប់​ពួកគេ​អំពី​ដំណើរ​រឿង​របស់​ពួក​ព្យាការី​ពី​បុរាណ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្យាការី​នៅរស់ ។ ពួក​យើង​អធិស្ឋាន​សម្រាប់​ភាព​ជោគជ័យ​របស់​ពួកគេ ហើយ​ឈឺចាប់​ជាមួយ​ពួកគេ​អំឡុង​ពេល​នៃ​ការ​សាកល្បង​របស់​ពួកគេ ។ ពួក​យើង​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​កូនៗ​របស់​យើង​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​យើង​ព្យាយាម​រៀបចំ​ពួកគេ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ពួក​យើង​ផ្ដល់​ការ​ប្រឹក្សា​ប្រកប​ដោយ​ក្ដីស្រឡាញ់​នៅពេល​កូនៗ​របស់​យើង​ក្លាយ​ជា​ឪពុក​ម្ដាយ ។ ប៉ុន្តែ—ទោះ​ដល់ពេល​នោះ​ក្ដី—ពួក​យើង​នឹង​ពុំ​ឈប់​ធ្វើ​ជា​ឪពុក​ម្ដាយ​របស់​ពួកគេ​នោះដែរ ។ ពួក​យើង​ពុំ​ឈប់​ធ្វើ​ជា​គ្រូបង្រៀន​របស់​ពួកគេ​នោះ​ទេ ។ ពួកយើង​ពុំ​ត្រូវ​បាន​ដោះលែង​ពី​ការហៅ​ដ៏​អស់​កល្ប​ជានិច្ច​នេះ​ឡើយ ។

នា​ថ្ងៃនេះ សូម​យើង​សញ្ជឹងគិត​អំពី​ឱកាស​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​យើង​ត្រូវ​បង្រៀ​នកូនៗ​របស់​យើង​នៅក្នុង​គេហដ្ឋាន​របស់​យើង ។

ការបង្រៀន​​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​រាត្រីជួបជុំ​ក្រុមគ្រួសារ ដែល​ជា​អាទិភាព​ដ៏​ខ្ពស់​មួយ​នៅក្នុង​គេហដ្ឋាន​ដែល​ពេញ​ដោយ​ក្ដីជំនឿ ដែល​ខ្ញុំ​បាន​ធំ​ដឹង​ក្ដី ។ ខ្ញុំ​ពុំ​ចាំ​មេរៀន​ជាក់លាក់​ដែល​បាន​បង្រៀន​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​យើង​ពុំ​ដែល​រំលង​មួយ​សប្ដាហ៍​ឡើង ។ ខ្ញុំ​បាន​ដឹង​ថា​អ្វី​សំខាន់​ចំពោះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ ។

ខ្ញុំ​នឹកចាំ​ពី​សកម្មភាព​មួយ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដែល​ខ្ញុំ​ចូលចិត្ត ។ ឪពុក​ខ្ញុំ​នឹង​អញ្ជើញ​កូន​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ « ការ​ប្រឡង » ។ គាត់​នឹង​ឲ្យ​កូន​នូវ​ការណែនាំ​មួយ​ដូចជា « ដំបូង ចូរ​ដើរ​ទៅ​កាន់​ចង្ក្រាន​បាយ ហើយ​បើក រួច​បិទ​ទូរ​ទឹក​កក ។ បន្ទាប់​មក​រត់​មក​បន្ទប់​ដេក​របស់​ឪពុក យក​ស្រោម​ជើង​មួយ​គូរ​ពី​ទូរ​ខោ​អាវ​របស់​ឪពុក​មក ។ រួច​ត្រឡប់​មក​រក​ឪពុក​វិញ ហើយ​លោត​ឡើង​ចុះ​បី​ដង រួច​និយាយ​ថា ‹ ពុក​កូន​ធ្វើ​បាន​ហើយ ! ›»

ខ្ញុំ​ចូលចិត្ត​ណាស់​នៅពេល​ដល់​វេន​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ធ្វើ​គ្រប់​ជំហាន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ខ្ញុំ​រីករាយ​ចំពោះគ្រា​ដែល​ខ្ញុំ​អាច​និយាយ​ថា « ពុក​កូន​ធ្វើ​បាន​ហើយ ! » សកម្មភាព​នេះ​បាន​ជួយ​បង្កើត​ទំនុកចិត្ត​របស់​ខ្ញុំ ហើយ​វា​ងាយ​សម្រាប់​ក្មេង​រពឹស​ម្នាក់​ឲ្យ​ចាប់​អារម្មណ៍​នៅពេល​ម្ដាយ ឬ​ឪពុក​បង្រៀន​គោលការណ៍​ដំណឹងល្អ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រឹក្សា​ថា « បើ​សិន​បងប្អូន​មាន​ការ​សង្ស័យ​អំពី​គុណធម៌​នៃ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ សូម​សាកល្បង​វា ។ សូម​ប្រមូល​កូនៗ​របស់​បងប្អូន​មក​ជុំវិញ​បងប្អូន បង្រៀន​ពួកគេ ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ពួកគេ អាន​ព្រះគម្ពីរ​ជាមួយ​គ្នា ហើយ​មាន​ពេល​ដ៏​ល្អ​មួយ​ជាមួយ​គ្នា » ។

វា​នឹង​តែងតែ​មាន​ការរារាំង​មិន​ឲ្យ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ទោះជា​យ៉ាង​ណា​ក្ដី ខ្ញុំ​អញ្ជើញ​ឲ្យ​បងប្អូន​រកវិធី​មួយ​វាង​ចេញ​ពី​ឧបសគ្គ​ទាំងឡាយ ហើយ​ដាក់​រាត្រីជួបជុំ​ក្រុមគ្រួសារ​ជា​អាទិភាព​មួយ—ហើយ​ដាក់​ភាព​រីករាយ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់ ។

ការបង្រៀន​ការ​អធិស្ឋាន​ជា​គ្រួសារ

ការអធិស្ឋាន​ជា​គ្រួសារ គឺ​ជា​ឱកាស​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​បង្រៀន ។

ខ្ញុំ​ចូលចិត្ត​របៀប​ដែល​ឪពុក​របស់​ប្រធាន អិន អេលឌិន ថែនណឺ បាន​បង្រៀន​គាត់​អំឡុងពេល​ការអធិស្ឋាន​ជា​គ្រួសារ ។ ប្រធាន ថែនណឺ បាន​ប្រាប់​ដូចនេះ ៖

« ខ្ញុំ​ចាំ​ល្ងាច​មួយ នៅពេល​ពួកយើង​លុត​ជង្គង់​នៅ​ក្នុង​ការ​អធិស្ឋាន​ជា​គ្រួសារ ឪពុក​ខ្ញុំ​បាន​ថ្លែងទៅ​កាន់​ព្រះអម្ចាស់​ថា ‹ អែលដុន បាន​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃនេះ ដែល​គាត់​ពុំ​គួរ​នឹង​ធ្វើ គាត់​មាន​ការ​សោកស្ដាយ ហើយ​បើ​ទ្រង់​នឹង​អភ័យទោស​ដល់​គាត់ នោះ​គាត់​នឹង​ឈប់​ធ្វើ​វា​តទៅ​ទៀត › ។

រឿង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តាំង​ចិត្ត​ថា​មិន​ត្រូវ​ធ្វើ​វា​ម្ដងទៀត​ទេ—វា​ល្អ​ជាជាង​ការដាក់​ទណ្ឌកម្ម​ខាង​រាងកាយ » ។​

កាល​ពីក្មេង ពេល​ខ្លះ​ខ្ញុំ​ធុញទ្រាន់​នឹង​ការ​អធិស្ឋាន​ជា​គ្រួសារ​ដ៏​ច្រើន​របស់​យើង ដោយ​គិត​ក្នុង​ខ្លួន​ថា « តើ​យើង​មិន​ទើបតែ​បាន​អធិស្ឋាន​កាល​ពី​ពីរបី​នាទី​មុន​នេះ​ទេ​ឬ​អី ? ឥឡូវ ក្នុង​នាមជា​ឪពុក​ម្ដាយ ខ្ញុំ​បាន​ដឹង​ថា​យើង​ពុំដែល​បាន​អធិស្ឋាន​ច្រើន​លើសលប់​ហួស​ជា​គ្រួសារ​នោះ​ទេ ។

ខ្ញុំ​តែងតែ​មាន​ភាព​អស្ចារ្យ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ណែនាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ជា​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ។ ខ្ញុំ​ចូលចិត្ត​អធិស្ឋាន​សម្រាប់​កូនៗ​របស់​ខ្ញុំ​តាម​ឈ្មោះ នៅពេល​ពួកគេ​ស្ដាប់​ខ្ញុំ​ថ្លែង​ទៅ​ព្រះវរបិតាសួគ៌ ថា​ពួកគេ​ជា​មនុស្ស​សំណព្វ​របស់​ខ្ញុំ ។ វា​ហាក់​ដូចជា​ពុំ​មាន​ពេល​ណា​ដែល​ល្អ​ដើម្បី​ទំនាក់ទំនង​សេចក្ដីស្រឡាញ់​ទៅ​កាន់​កូនៗ​របស់​យើង​ជាង​ពេល​អធិស្ឋាន​ជាមួយ​ពួកគេ ឬ​ប្រសិទ្ធពរ​ពួកគេ​នោះទេ ។ នៅពេល​ក្រុមគ្រួសារ​ជួបជុំគ្នា​អធិស្ឋាន​ដោយ​រាបសា នោះ​មេរៀន​ដ៏​មាន​អំណាច និង​យូរ​អង្វែង​ត្រូវ​បាន​បង្រៀន​ហើយ ។

ការបង្រៀន​ប្រចាំការ

ការ​បង្រៀន​របស់​ឪពុក​ម្ដាយ គឺ​ដូចជា​គ្រូពេទ្យ​ប្រចាំ​ការ​ដូច្នោះដែរ ។ យើង​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​ជានិច្ច ដោយសារ​យើង​ពុំ​ដឹង​ថា​នៅពេល​ណា​ឱកាស​នឹង​ប្រាកដ​ខ្លួន​ឡើង​នោះ​ទេ ។

រូបភាព
ព្រះគ្រីស្ទ​បង្រៀន​ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក

យើង​គឺ​ដូចជា​ព្រះអង្គសង្គ្រោះ ដែល​ជាញឹកញាប់​ការបង្រៀន « ពុំ​កើត​ឡើង​នៅក្នុង​សាលា​ប្រជុំ​ទេ ប៉ុន្តែ​នៅ​ក្នុង​ទីតាំង​មិន​ផ្លូវ​ការ ជា​រៀង​រាល់​ថ្ងៃ—ខណៈ​ពេល​កំពុង​ទទួលទាន​អាហារ​ជា​មួយ​សិស្ស​របស់​ទ្រង់ ការ​ដង​ទឹក​ពី​អណ្ដូង ឬ​ការ​ដើរ​ឆ្លងកាត់​ដើម​ល្វា » ។១០

ជា​ច្រើន​ឆ្នាំ​កន្លងទៅ ម្ដាយ​របស់​ខ្ញុំ​បាន​ចែកចាយ ការ​សន្ទនា​ដំណឹងល្អ​ដ៏​ល្អ​បំផុត​ចំនួន​ពីរ​ជាមួយ​នឹង​បងប្រុស​របស់​ខ្ញុំ​ឈ្មោះ ម៉ាត គឺ​មាន​ម្ដង​នោះ នៅពេល​គាត់​បត់​ខោអាវ ហើយ​ម្ដងទៀត​គឺ​នៅពេល​គាត់​បើក​ឡាន​ដឹក​បង​ខ្ញុំ​ទៅ​ជួប​ទន្ដពេទ្យ ។ មាន​រឿង​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ដែល​ខ្ញុំ​សរសើរ​ម្ដាយ​របស់​ខ្ញុំ គឺ​គាត់​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បង្រៀន​កូនៗ​របស់​គាត់ ។

ការ​បង្រៀន​ក្នុង​នាមជា​ម្ដាយ​របស់​គាត់ ពុំ​ដែល​បញ្ចប់​នោះ​ទេ ។ ខណៈ​ដែល​ខ្ញុំ​កំពុង​បម្រើ​ជា​ប៊ីស្សព ម្ដាយ​ខ្ញុំ ដែល​មាន​វ័យ ៧៨ ឆ្នាំ បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ចាំបាច់​ត្រូវ​កាត់សក់ ។ គាត់​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ជា​គំរូ ហើយ​គាត់​ពុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​ខ្ញុំ​នោះ​ទេ ។ កូន​ស្រឡាញ់​អ្នក​ម្ដាយ !

ក្នុង​នាម​ជា​ឪពុក ខ្ញុំ​ត្រូវ​បាន​ជម្រុញចិត្ត​ឲ្យ​សិក្សា​ផ្ទាល់ខ្លួន ហើយ​ពិចារណា​បទគម្ពីរ​ដើម្បី​អាច​ឆ្លើយតប​នៅពេល​កូនៗ​របស់​ខ្ញុំ ឬ​ចៅៗ​របស់​ខ្ញុំ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បង្រៀន ។១១ « គ្រា​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ក្នុង​ការបង្រៀន​ចាប់​ផ្ដើមឡើង​នៅពេល​មាន​សំណួរ ឬ​កង្វល់​នៅក្នុង​ដួង​ចិត្ត​របស់​សមាជិក [ គ្រួសារ ] » ។១២ តើ​យើង​កំពុង​ស្ដាប់​នៅ​អំឡុង​គ្រា​ទាំង​នោះ​ឬ​ទេ ?១៣

ខ្ញុំ​ចូលចិត្ត​ការ​អញ្ជើញ​របស់​សាវក​ពេត្រុស​ថា ៖ « ចូរប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា [ ខ្ញុំ​ថែម​ថា គឺ​កូនៗ ] ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា » ។១៤

កាល​ខ្ញុំ​នៅ​យុវវ័យ ឪពុក​ខ្ញុំ និង​ខ្ញុំ​ចូលចិត្ត​ប្រកួត​គ្នា​មើល​ថា​តើ​នរណា​មាន​កម្លាំង​ខ្លាំង​ជាង​គេ ។ ពួក​យើង​នឹង​ច្របាច់​ដៃគ្នា​ទៅវិញទៅមក​យ៉ាង​ណែន​ក្នុង​ការ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈឺ ។ វា​ហាក់ដូច​ជា​មិន​សប្បាយ​ទេ​ឥឡូវ​នេះ ប៉ុន្ដែ​នៅពេល​នោះ​វា​សប្បាយ​ណាស់ ។ បន្ទាប់​ពីការ​ច្របាច់​គ្នា ឪពុក​ខ្ញុំ​មើល​មក​កែវ​ភ្នែក​ខ្ញុំ ហើយ​និយាយ​ថា « កូនប្រុស ដៃ​កូន​ខ្លាំង​ណាស់ ។ ឪពុក​សង្ឃឹម​ថា ដៃ​ដ៏​រឹងមាំ​របស់​កូន​មិន​ប្រើ​ទៅ​ប៉ះពាល់​នារី​ណា​ម្នាក់​ដោយ​មិន​សមរម្យ​ឡើយ ។ រួច​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មានភាព​ស្អាតស្អំ​ខាង​សីលធម៌ ហើយ​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។

អែលឌើរ ដូគ្លាស អិល ខាលីស្ទើរ បាន​ចែកចាយ​រឿង​នេះ​អំពី​ឪពុក​របស់​គាត់ ៖ « ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​មក​ផ្ទះ​ពី​កន្លែង​ធ្វើការ​នៅ​ថ្ងៃមួយ ឪពុក​គាត់​បាន​និយាយ​ភ្លាម​ថា ‹ ឪពុក​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៅថ្ងៃ​នេះ ។ ឪពុក​បាន​សរសេរ « អរគុណ » នៅ​លើ​ក្រដាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ឪពុក​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​ប្រទានពរ​ដល់​គ្រួសារ​របស់​យើង ›» ។

បន្ទាប់មក​អែលឌើរ ខាលីស្ទើរ បាន​ដឹង​គុណ​ចំពោះ​គ្រូបង្រៀន​ដែល​ជា​ឪពុក​គាត់ ៖ « គាត់​បាន​បង្រៀន​ទាំង​ទង្វើរ និង​អាកប្បកិរិយា​នៃ​ការ​គោរព​ប្រតិបត្តិ » ។១៥

ខ្ញុំ​គិត​ថា វា​ជា​រឿង​ដ៏​ឆ្លាតវៃ​ដែល​ត្រូវ​សួរ​ខ្លួន​យើង​ម្ដងម្ដាល​ថា « តើ​ខ្ញុំ​នឹង​បង្រៀន​អ្វីខ្លះ ឬ​តើ​ខ្ញុំ​កំពុង​បង្រៀន​អ្វីខ្លះ​ដល់កូនៗ​របស់​ខ្ញុំ​តាម​ទង្វើរ និង​អាកប្បកិរិយា​នៃ​ការ​គោរព​ប្រតិបត្តិ ? »

ការបង្រៀន​នៅឯ​ការ​សិក្សា​គម្ពីរ​ជា​គ្រួសារ

ការ​សិក្សា​គម្ពីរ​ជា​គ្រួសារ​គឺ​ជា​កន្លែង​ដ៏​ពិសេស​មួយ​សម្រាប់​ការ​បង្រៀន​គោលលទ្ធិ​នៅ​ក្នុង​គេហដ្ឋាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « ឪពុក​ម្ដាយ​ពុំ​គ្រាន់តែ​តោង​ជាប់​នឹង​ព្រះបន្ទូល​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​មាន​បង្គាប់ពី​ព្រះ​ឲ្យ​បង្រៀន​ព្រះបន្ទូល​ដល់​កូនចៅ​របស់​ពួកគេ​ផងដែរ » ។១៦

នៅពេល ជូលី និង​ខ្ញុំ បាន​ចិញ្ចឹម​បីបាច់​កូនៗ​របស់​យើង ពួក​យើង​បាន​ព្យាយាម​ធ្វើ​ដោយ​ខ្ជាប់ខ្ជួន និង​មាន​ការ​ឆ្នៃប្រឌិត ។ មាន​ឆ្នាំ​មួយ​នោះ ពួក​យើង​បាន​សម្រេច​ចិត្ត​អាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ​ជា​គ្រួសារ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ហៅ​កូនៗ​របស់​ពួក​យើង​ដែល​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ឲ្យ​ទៅ​បេសកកម្ម​ដែល​និយាយ​ភាសា​អេស្ប៉ាញ ហើយ​មើល​ទៅ? Es posible ។

ខ្ញុំ​ដក់​ជាប់​ក្នុង​ចិត្ត​ពេល​បងប្រុស ប្រែន ខេ អាស្តុន បាន​ចែកចាយ​នឹង​ខ្ញុំ​ថា គាត់ និង​ឪពុក​គាត់ បាន​អាន​គ្រប់ទំព័រ​ក្នុង​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា​ពេល​គាត់​នៅ​រៀន​នៅ​មធ្យមសិក្សា ។ បងប្រុស អាស្តុន ស្រឡាញ់​បទគម្ពីរ ។ បទគម្ពីរ​បាន​ចារ​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​គាត់ ។ ឪពុក​របស់​គាត់​បាន​ដាំ​គ្រាប់ពូជ​នោះ នៅពេល​បងប្រុស អាស្តុន នៅ​ជា​យុវវ័យ ហើយ​គ្រាប់​ពូជ​នោះ១៧ បាន​ដុះ​ជាដើម​ឈើ​នៃ​សេចក្ដីពិត​ចាក់​ឫស​យ៉ាង​ជ្រៅ ។ បងប្រុស អាស្តុន បាន​ធ្វើ​ដូចគ្នា​ចំពោះ​កូន​ច្បង​របស់​គាត់ ។១៨ កូនប្រុស​អាយុ​ប្រាំបី​ឆ្នាំ​របស់​គាត់ ថ្មីៗ​នេះ​បាន​សួរ​គាត់​ថា « ប៉ា តើ​ពេលណា​កូន​អាច​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​ប៉ា​បាន ? »

ការបង្រៀន​តាមរយៈ​គំរូ

ជា​ចុង​ក្រោយ ការបង្រៀន​នៃ​ភាព​ជា​ឪពុក​ម្ដាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​យើង​គឺ​ជា​គំរូ​របស់​យើង ។ ពួក​យើង​ត្រូវ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ធ្វើ « ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដីជំនឿ និង​សេចក្ដីបរិសុទ្ធ » ។១៩

អំឡុង​ពេល​ការ​ធ្វើ​ដំណើរ​ថ្មីៗ​មួយ ជូលី និង ខ្ញុំ បាន​ចូលរួម​ព្រះវិហារ ហើយ​បាន​ឃើញ​ខគម្ពីរ​នេះ​នៅក្នុង​ការអនុវត្ត ។ យុវជន​ម្នាក់​ដែល​នឹង​ចេញ​ទៅ​បេសកកម្ម​របស់​គាត់​ក្នុង​ពេល​ឆាប់ៗ បាន​ឡើង​និយាយ​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ។

គាត់​បាន​និយាយ​ថា « បងប្អូន​គិត​ថា​ឪពុក​ខ្ញុំ​ជា​បុរស​ល្អ​នៅ​ព្រះវិហារ ប៉ុន្តែ … » គាត់​បាន​ឈប់​មួយ​សន្ទុះ ហើយ​ខ្ញុំ​ឆ្ងល់​ថា​តើ​គាត់​នឹង​និយាយ​អ្វី​បន្ទាប់​ទៀត ។ គាត់​បាន​បន្ដ​ថា « ឪពុក​ខ្ញុំ​ជា​មនុស្ស​កាន់តែ​ល្អ​នៅ​ក្នុង​គេហដ្ឋាន » ។

រូបភាព
គ្រួសារ ស្ទេវ៉ត

ខ្ញុំ​អរគុណ​យុវជន​នេះ​ចំពោះ​ការ​ដឹងគុណ​ដ៏​បំផុសគំនិត​ដែល​គាត់​មាន​ចំពោះ​ឪពុក​របស់​គាត់ ។ បន្ទាប់មក​ខ្ញុំ​បាន​ដឹង​ថា ឪពុក​គាត់​គឺជា​ប៊ីស្សព​ក្នុង​វួដ​នោះ ។ ទោះជា​ប៊ីស្សព​នេះ​កំពុង​បម្រើ​នៅក្នុង​វួដ​ដោយ​ស្មោះត្រង់​ក្ដី ក៏​កូនប្រុស​របស់​គាត់​ទទួល​អារម្មណ៍​ថា កិច្ចការ​ដ៏​ល្អ​បំផុត​របស់​គាត់​គឺ​បាន​ធ្វើ​នៅក្នុង​គេហដ្ឋាន ។២០

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ទូន្មាន​ថា ៖ « យើង​មាន​ឱកាស​ជាច្រើន​សម្រាប់​បង្រៀន… ដូចជា​ការ​ចិញ្ចឹម​កូន​ចៅ ហើយ​យើង​គួរ​តែ​ដាក់​ការគិត និង​ការ​ខិតខំ​របស់​យើង​ទាំង​ស្រុង​ដើម្បី​ទទួល​យក​ប្រយោជន៍​ពេញ​លេញ​មក​ពី​ឱកាស​ទាំង​នោះ ។ លើស​ពី​នោះ យើង​ត្រូវ​តែ​បន្ដ​លើក​ទឹកចិត្ត ហើយ​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​កាន់តែ​ល្អ ហើយ​កាន់តែ​ខ្ជាប់ខ្ជួន…ជាពិសេស​តាមរយៈ​គំរូ » ។២១

នោះ​ជា​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន ។២២

ឆ្នាំ​មុន អំឡុង​ពេល​វិស្សមកាល​ថ្មីៗ​នេះ​ជាមួយ​នឹង​កូនពៅ​ពីរនាក់​របស់​យើង ជូលី​បាន​ផ្ដល់​យោបល់​ថា​យើង​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ជំនួស​អ្នក​ស្លាប់​ទាំង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សេន ចច និង ព្រះវិហារ​បរិសុទ្ធ សាន់ឌីអាហ្គូ ។ ខ្ញុំ​បាន​រអ៊ូរទាំ—ចំពោះ​ខ្លួន​ឯង​—ដោយ​គិត​ថា « យើង​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ឯ​ផ្ទះ​ហើយ ហើយ​ឥឡូវ​យើង​កំពុង​នៅ​វិស្សមកាល ។ ហេតុអ្វី​ក៏​មិន​ធ្វើ​អ្វី​ផ្សេង​សម្រាប់​វិស្សមកាល​ដូច្នេះ ? » បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក ជូលី ចង់​ថត​រូប​នៅក្រៅ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​រអ៊ូរទាំ​ដោយ​ស្ងាត់ៗ​ថា—ទៀត​ហើយ ។ បងប្អូន​អាច​ស្មាន​ថា​អ្វី​កើត​ឡើង​បន្ទាប់—គឺ​ពួក​យើង​ពិតជា​បាន​ថតរូប ។

រូបភាព
ក្រុមគ្រួសារ​ឌើរ៉ាន់​នោ​ព្រះវិហារ​បរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វូញ៉ា
រូបភាព
ក្រុមគ្រួសារ​ឌើរ៉ាន់​នោ​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍

ជូលី​ចង់​ឲ្យ​កូនៗ​របស់​យើង​ចងចាំ​អំពី​របៀប​ដែល​យើង​បាន​ជួយ​ដល់​ជីដូនជីតា​របស់​យើង ហើយ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ។ ពួក​យើង​ពុំ​ចាំបាច់​មាន​មេរៀន​ជា​ផ្លូវការ​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ ពួក​យើង​កំពុង​រស់នៅ​តាម​ការ​បង្រៀន—អរគុណ​ដល់​ម្ដាយ​រូប​នេះ​ដែល​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ហើយ​ចង់​ឲ្យ​កូនៗ​របស់​នាង​រួម​ចំណែក​ក្នុង​ក្ដីស្រឡាញ់​នោះ ។

ក្នុង​នាម​ជា​ឪពុក​ម្ដាយ​សូម​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក ហើយ​ផ្ដល់​គំរូ​សុចរិត នោះ​កូនៗ​នឹង​ត្រូវ​បាន​ប្រទានពរ​ដ៏​អស់កល្ប​ជានិច្ច ។

សេចក្ដីបញ្ចប់

សម្រាប់​បងប្អូន​ទាំងអស់​ណា​ដែល​កំពុង​ព្យាយាម​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន សូម​ឲ្យ​បងប្អូន​រក​បាន​ភាព​សុខសាន្ដ និង​អំណរ​នៅក្នុងការ​ខិតខំ​របស់​បងប្អូន ។ ហើយ​បើ​បងប្អូន​មាន​អារម្មណ៍​ថា​បងប្អូន​មាន​កន្លែង​ត្រូវ​កែលម្អ ឬ​ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​ប្រសើរ​ជាង សូម​ឆ្លើយតប​ដោយ​រាបសា​តាម​ព្រះវិញ្ញាណ​បំផុស​ដល់​បងប្អូន ហើយតាំង​ចិត្ត​ធ្វើ​តាម ។​២៣

អែលឌើរ អិល ថម ភែរី បាន​មាន​ប្រសាសន៍​ថា « សុខភាព​ក្នុង​សង្គម​ណា​ក៏​ដោយ សុភមង្គល​របស់​មនុស្ស​ក្នុង​សង្គម​នោះ ទាំង​កូនចៅ​របស់​ពួកគេ និង​ភាព​សុខសាន្ដ​របស់​ពួកគេ ជាទូទៅ​ទាំងអស់​នេះ​រកឃើញ​ថា​មាន​ចាក់ឫស​នៅក្នុង​ការ​បង្រៀន​កូនចៅ​នៅក្នុង​គេហដ្ឋាន » ។២៤

មែនហើយ គេហដ្ឋាន​របស់​ខ្ញុំ​ឥឡូវ​ពុំ​មាន​កូន​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្រចាំ​ការ ត្រៀមខ្លួន ហើយ​ស្វែងរក​ឱកាស​ដ៏​មាន​តម្លៃ​បន្ថែម​ទៀត​ដើម្បី​បង្រៀន​កូនធំៗ​របស់​ខ្ញុំ កូនៗ​របស់​ពួកគេ ហើយ​ថ្ងៃ​មួយ ខ្ញុំ​សង្ឃឹម​ថា​កូនៗ​របស់​ពួកគេ​តទៅ​ទៀត ។

ខ្ញុំ​សូម​ជំនួយ​ពី​សួគ៌ា នៅពេល​យើង​ព្យាយាម​ក្លាយ​ជា​គ្រូបង្រៀន​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​ដូចជា​ព្រះគ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥; ៩៣:៤០ ។

    អែលឌើរ អិល ថម ភើរី បាន​បង្រៀន​ថា ៖ « ឥទ្ធិពល​នៃ​មារសត្រូវ​គឺ​ធំធេង​ណាស់ ហើយ​វា​កំពុង​វាយ​ប្រហារ កំពុង​ព្យាយាម​បំផ្លិចបំផ្លាញ​គ្រឹះ​សំខាន់​នៃ​សង្គម​របស់​យើង​គឺ​ក្រុមគ្រួសារ ។ ឪពុកម្តាយ​ត្រូវយល់​ថា ការបង្រៀន​នៅក្នុង​គេហដ្ឋាន​គឺ​ជា​ការទទួលខុសត្រូវ​ពិសិដ្ឋ និង​សំខាន់​បំផុត » ( « Mothers Teaching Children in the Home » Liahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣០ ) ។

    គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ស្វាមី និង ភរិយា​មាន​ការទទួលខុស​ត្រូវ​ដ៏​ឧឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​កូនចៅ​របស់​ខ្លួន​ផងដែរ ។ « កូនចៅ​ជា​មរតក​ពី​ព្រះយេហូវ៉ា » ( ទំនុកដំកើង ១២៧:៣ ) ។ ឪពុក​ម្តាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ចៅ​របស់​ខ្លួន​ដោយ​ក្តីស្រឡាញ់ និង​សេចក្តី​សុចរិត ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ និង​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើជា​ពលរដ្ឋ​ល្អ ចេះ​គោរព​ច្បាប់​គ្រប់​ទីកន្លែង​ដែល​ពួកគេ​រស់នៅ ។ ស្វាមី និង ភរិយា —ម្ដាយ និង ឪពុក—នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ព្រះ តាមការ​ប្រតិបត្តិ​នៃ​ភារកិច្ច​ទាំងឡាយ​នេះ » ( «ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ) ។

  2. សូមមើល រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  3. អែលឌើរ ដេវិឌ អេ បែតណា បាន​មាន​ប្រសាសន៍​ថា ៖ « សព្វថ្ងៃ​នេះ ប្រសិនបើ​អ្នក​សួរ​កូន​ប្រុស​ពេញវ័យ​របស់​យើង​ថា តើ​ពួកគេ​ចងចាំ​អ្វី​ខ្លះ​អំពី​ការអធិស្ឋាន​ជាគ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​ការធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ នោះ​ខ្ញុំ​ជឿ​ថា ខ្ញុំ​ដឹង​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយ ។ ​ពួកគេ​ទំនង​ជា​ពុំ​អាច​រក​ឃើញ​នូវ ការអធិស្ឋាន​ពិសេស ឬ​ឱកាស​នៃ​ការសិក្សា​ព្រះគម្ពីរ​ពិសេស​ណា​មួយ ឬ​មេរៀន​ដ៏​មាន​អត្ថន័យ​នៃ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ថា ជា​គ្រា​នៅក្នុង​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​ពួកគេ​ឡើយ ។ អ្វី​ដែល​ពួកគេ​នឹង​និយាយ​គឺ​ថា ពួកគេ​ចងចាំ​ថា ជា​ក្រុមគ្រួសារ​យើង​មាន​ភាព​ខ្ជាប់ខ្ជួន » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩ ) ។

  4. សូមមើល « ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី » ទំនុក​តម្កើង លេខ ១៨៥ ។

  5. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ១៧១ ។

  6. សូមមើល នីហ្វៃទី ២ ២:១១ ។

  7. N. Eldon Tanner « Never Be Ashamed of the Gospel of Christ » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៨០ ទំព័រ ៤ ។

  8. សូមមើល នីហ្វៃទី៣ ១៨:២១ ។

  9. សូមមើល ម៉ាថាយ ៣:១៦–១៧; នីហ្វៃទី៣ ១១:៦–៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:៣៤–៣៦; យ៉ូសែប ស្មីធ—ប្រវត្តិ ១:១៧ ។

  10. “Take Advantage of Spontaneous Teaching Moments,” Teaching in the Savior’s Way (2016), 16. Teaching in the Savior’s Way រួមមាន​នូវ​គន្លឹះ​ផ្សេងៗ​សម្រាប់​ការបង្រៀន​នៅក្នុង​គេហដ្ឋាន ។

  11. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១; ៨៤:៨៥ ។

  12. ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ១៦ ។

  13. សូមមើល « ស្ដាប់ » ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៥–៨៦ ។

  14. ពេត្រុសទី១ ៣: ១៥ ។

  15. Douglas L. Callister « Most Influential Teacher—Emeritus Seventy Pays Tribute to Father » ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៦ គេហទំព័រ news.lds.org ។

  16. រុស័ល អិម ណិលសុន « Set in Order Thy House » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ៨១ ។

  17. សូមមើល អាលម៉ា ៣២:២៨, ៤៣ ។

  18. ស៊ីស្ទើរ មេលីនដា អាស្តុន ជា​អ្នក​ជំនួស​មុខ​ឲ្យ​ស្វាមី​គាត់​បងប្រុស អាស្តុន ពេល​ស្វាមី​គាត់​មិន​នៅ​ផ្ទះ ។

  19. ធីម៉ូថេទី ១ ៤:១២; សូមមើល​ផងដែរ អាលម៉ា ១៧:១១ ។

  20. ប៊ីស្សព ជែហ្វ្រី អិល ស្ទូវើត បម្រើ​នៅក្នុង​វួដ​ទីពីរ​សោហ្គេត នៅ​សេនចច រដ្ឋ យូថាហ៍ ។ សាំយូអែល ជា​កូនប្រុស​របស់​គាត់ ឥឡូវ​កំពុង​បម្រើ​បេសកកម្ម​កូឡំបៀ មេដេលីន ។

  21. ឌី ថត គ្រីស្តូហ្វឺសិន « Strengthening the Faith and Long-Term Conversion of the Rising Generation » នៅក្នុង​ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទទូទៅ ខែ​កញ្ញា ឆ្នាំ ២០១៧ ។

  22. សូមមើល នីហ្វៃទី ៣ ២៧:២១, ២៧ ។

  23. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៨–៩ ។

  24. អិល ថម ភែរី « Mothers Teaching Children in the Home » ទំព័រ ៣០ ។