សន្និសីទទូទៅ
ភ្នែក​ដើម្បី​មើល​ឃើញ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ភ្នែក​ដើម្បី​មើល​ឃើញ

តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រះគ្រីស្ទ​នឹង​ជួយ​យើង ឲ្យ មើល​ឃើញ​ខ្លួន​របស់​យើង និង​មើល​ឃើញ​អ្នក​ដទៃ​ដូចដែល​ទ្រង់​បានឃើញ ។

ការមើល​ឃើញ​ព្រះហស្តនៃ ព្រះ

ខ្ញុំ​ចូលចិត្ត​រឿងនៅ​ក្នុង​ព្រះគម្ពី​សញ្ញាចាស់​អំពី​ក្មេងប្រុស​ម្នាក់​ដែលបម្រើ​ព្យាការី​អេលីសេ ។ នៅពេល​ព្រឹកមួយ​ក្មេងប្រុស​នោះបាន​ភ្ញាក់ពីដំណេក​ហើយចេញ​ទៅក្រៅ​បាន​ឃើញថា​ទីក្រុង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយកងទ័ព​ដ៏ធំ​ដែលមាន​ចេតនា​បំផ្លាញ​ពួកគេ ។ ក្មេងប្រុស​នោះបាន​រត់ទៅរក​អេលីសេ​ថា​« វរហើយ ចៅហ្វាយ​ខ្ញុំអើយ ! តើ​យើង​នឹងត្រូវ​ធ្វើ​ដូច​ម្តេច ? »

អេលីសេ​បាន ឆ្លើយ តប ថា « កុំ ខ្លាច អ្វី ឡើយ ដ្បិត ពួក ដែល នៅ ខាង យើង មាន គ្នា ច្រើន ជាង ពួក ដែល នៅ ខាង គេ ទៅ ទៀត » ។

ព្យាការី​អេលីសេ​បានដឹងថា​ក្មេងប្រុស​នេះត្រូវការ​អ្វីច្រើន​ជាងការ​ធានានូវ​ការស្ងប់ចិត្ត គឺ​គាត់​ត្រូវការ​ចក្ខុវិស័យ ។ ដូច្នេះ​ហើយ « អេលីសេ​ក៏​អធិស្ឋាន​ថា … ឱ​ព្រះយេហូវ៉ា​ … អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ។ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោសភ្នែក​អ្នក​បម្រើ​នោះ ហើយវា​ក៏មើល​ទៅឃើញ​ភ្នំមាន​ពេញដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែលសុទ្ធ​តែជា​ភ្លើងនៅ​ព័ទ្ធជុំវិញ​អេលីសេ » ។

ពេលខ្លះ​បង​ប្អូន​ដូច​អ្នកបម្រើនោះ​បង​ប្អូនមាន​ការពិបាក​ក្នុង​ការមើល​ឃើញ​ពីរបៀប​ដែលព្រះ​កំពុងធ្វើការ​នៅក្នុងជីវិត​របស់បង​ប្អូន—ពេលដែល​បង​ប្អូន​មានអារម្មណ៏ថា​កំពុងត្រូវ​ឡោមព័ទ្ធ—នៅពេល​ការសាកល្បង​ក្នុងជីវិត​រមែងស្លាប់​ធ្វើឱ្យបង​ប្អូន​លុតជង្គង់ចុះ ។ រង់ចាំ​ហើយ​ទុកចិត្ត​ទៅលើ​ព្រះ និង​ពេលវេលា​របស់​ទ្រង់​ពីព្រោះ​បងប្អូន​អាច​ជឿជាក់​លើ​ដួងចិត្ត​របស់​ទ្រង់​ដោយអស់​ពីដួង​ចិត្ត​របស់​បងប្អូន ទី នេះ ។ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បងប្អូន​ក៏​អាច​អធិស្ឋាន​សុំ​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​បងប្អូន​មើល​ឃើញ​នូវ​ការណ៍​ទាំងឡាយ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន ។

ការមើល​ឃើញ​ខ្លួនយើង​ដូចជា​ព្រះទត​ឃើញ​យើង

ប្រហែល​ការណ៍​ដែល​សំខាន់​បំផុត​សម្រាប់​យើង​ដើម្បី​មើល​ឃើញ​យ៉ាង​ច្បាស់​គឺ​ថា​តើ​ព្រះ​ជា​នរណា​ហើយ​តើ​យើង​ជា​នរណា—ជា​បុត្រា​បុត្រី​នៃ​មាតាបិតាសួគ៏​ដែល​មាន​« និស្ស័យ​នៃ​ព្រះ និង​គោលដៅ​ដ៏​អស់​កល្ប​ជានិច្ច » ។ ចូរ​សូមដល់​ព្រះឲ្យ​បង្ហាញ​ការពិត​ទាំងនេះ​ដល់បង​ប្អូន​រួមជាមួយ​ព្រះទ័យ​របស់ទ្រង់​ចំពោះបងប្អូន ។ នៅពេល​បងប្អូន​កាន់តែ​ស្គាល់​អត្តសញ្ញាណ និង​គោលបំណង​ពិត​របស់​បងប្អូន​កាន់តែ​ស៊ីជម្រៅ​នោះវានឹង​មានឥទ្ធិពល​ទៅ​លើអ្វីៗ​នៅក្នុង​ជីវិត​របស់បងប្អូន ។

ការមើលទៅ​អ្នកដទៃ

ការយល់​អំពីរបៀប​ដែលព្រះ​ទត​មើល​យើង​ជួយ​រៀបចំផ្លូវយើង​ឲ្យ​មើល​ទៅ​អ្នកដទៃ​ដូចជា​ទ្រង់ដែរ ។ អ្នក​សរសេរ​អត្ថបទ​ឈ្មោះ​David Brooks បានមាន​ប្រសាសន៍ថា​« បញ្ហាធំ ៗ ជាច្រើន​នៅក្នុង​សង្គម​របស់យើង​គឺចេញ​ពីមនុស្ស​ដែលគ្មាន​អារម្មណ៍​ថា ​ត្រូវបាន​គេមើល​ឃើញ និងទទួលស្គាល់ ។ … [ មាន ]​ចរិតលក្ខណៈ​…​ស្នូល​មួយដែល​យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើឲ្យ​ប្រសើរឡើង​ហើយនោះ​គឺជាចរិត​នៃការមើល​ឃើញ​តម្លៃ​គ្នា​ទៅវិញទៅមក និង​ត្រូវបានគេ​មើលឃើញយ៉ាង​ស៊ីជម្រៅ ។

ព្រះយេស៊ូវគ្រីស្ទ​ទតមើល​ឃើញ​តម្លៃ​របស់មនុស្ស បស់​ពួកគេ​ហើយ​ទ្រង់​ជ្រាប​ពី​សក្តានុពល​របស់​ពួកគេ ។ ខណៈ​ដែល​អ្នក​ដទៃ​មើលឃើញ​ត្រឹម​តែ​ជា​អ្នក​នេសាទ​មនុស្ស​អ្នក​មាន​បាប​ឬ​អ្នកទារពន្ធ​ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ទត​ឃើញ​ពួកគេ​ថា​ជា​សិស្ស​ខណៈ​ដែល អ្នកដទៃ​ឃើញ​បុរស​ម្នាក់​ថា​គ្រាន់​តែ​មាន​អារក្សចូល​នោះ​ព្រះយេស៊ូវ​បាន​ទត​មើល​ហួស​ពីទុក្ខ​កង្វល់​នៅ​ផ្នែក​ខាងក្រៅ​បាន​ទទួល​ស្គាល់​បុរស​នោះ​ហើយ​បាន​ព្យាបាល​គាត់​ឲ្យ​ជា ។

សូម្បី​តែនៅក្នុង​ជីវិត​ដ៏មមាញឹក​របស់យើង​យើងក៏​អាច​ធ្វើតាម​គំរូរបស់​ព្រះយេស៊ូវ​ហើយ​មើល​មនុស្សម្នាក់ៗ—ឃើញ​ពី​តម្រូវការ​សេចក្តីជំនឿ​ការតស៊ូ និង​សក្តានុពល​របស់​ពួកគេ ។

នៅ​ពេល​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​ខ្ញុំ​ដើម្បី​មើលឃើញ​នោះ​ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ពីរ​ហើយ​ខ្ញុំ​បាន​ផ្ទៀង​ស្ដាប់​អារម្មណ៍​ដែល​កើត​មាន​ថា​«តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ខ្ញុំ​គួរ​តែ​បញ្ឈប់​ធ្វើ​វា​ទៀត? »​និង​« តើ​អ្វី​ដែល​ខ្ញុំ​មិន​ធ្វើ​ដែល​ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​វា​នោះ ? »

កាល​ប៉ុន្មានខែ​មុន​​ក្នុង អំឡុង​ពិធីសាក្រាម៉ង់ ​ខ្ញុំ​បានសួរ​ខ្លួនឯង​នូវសំណួរ​ទាំងនេះ​ហើយខ្ញុំ​បានភា្ញក់ផ្អើល​ចំពោះអារម្មណ៏​ដែល​បានកើតឡើង ។ « ឈប់​មើល​ទូរសព្ទ​របស់អ្នក​នៅពេល​ដែលអ្នក​ឈរ​តម្រង់​ជួរ » ។ ការមើល​ទូរសព្ទ​ពេល​តម្រង់​ជួរ​ស្ទើរ​តែ ជា​រឿង​ស្វ័យប្រវត្តិ​ទៅ​ហើយ ខ្ញុំ​បាន​ឃើញ​ថា​វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​កិច្ចការ​ជា​ច្រើន​ដូច​ជា​ឆ្លើយតប​អ៊ីម៉ែល​មើល​មាតិកា​ព័ត៌មាន​ឬ​អូស​មើល​បណ្តាញ​ព័ត៌មាន​សង្គម ។

នៅព្រឹក​បន្ទាប់​ពេល​កំពុងតម្រង់​ជួរ​យ៉ាងវែង​នៅឯហាង​មួយ។ ខ្ញុំ​ទាញ​ទូរសព្ទ​ចេញមក រំពេច​នោះ​ក៏​នឺកចាំដល់​អារម្មណ៍​ដែលខ្ញុំ​បានទទួល ។ ខ្ញុំ​ដាក់ទូរសព្ទ​ចុះ ហើយ​មើល​ជុំវិញ ។ ខ្ញុំ​បានឃើញ​សុភាពបុរស​វ័យចំណាស់​ម្នាក់នៅឈរខាង​មុខ​ខ្ញុំ ។ រទេះ​របស់គាត់​ទទេ​មាន​តែអាហារ​ឆ្មា​ពីរបីកំប៉ុង​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឆ្គង​បន្តិច​ប៉ុន្តែ​បាន​នឹក​រក​និយាយ​អ្វី​មួយ​ដែលទំនង​ដូច​ជា « ខ្ញុំ​អាច​ឃើញ​ថា​លោក​មាន​ចិញ្ចឹម​ឆ្មា​មួយ » គាត់បាន​និយាយថា​ព្យុះកំពុង​តែមកដល់​ហើយគាត់​មិនចង់ឲ្យ​សត្វ​ឆ្មា​គ្មាន​អាហារ​ទេ ។ យើងបាន​ជជែកគ្នា​បន្ដិច​បន្ទាប់មក​គាត់បាន​បែរ​មក​រក​ខ្ញុំ​ហើយ​និយាយថា « អ្នកដឹងទេ​ខ្ញុំ​មិន​បាន​ប្រាប់​នរណា​ម្នាក់​អំពីរឿងនេះទេ​ប៉ុន្តែ​ថ្ងៃនេះ​គឺជា​ថ្ងៃកំណើត​របស់ខ្ញុំ » ។ ដួង​ចិត្ត​របស់​ខ្ញុំ​ក្តុក​ក្តួល ។ ខ្ញុំ​បាន​ជូនពរ​រីករាយ​ថ្ងៃកំណើត​ដល់​គាត់​ហើយបាន​អធិស្ឋាន​ក្នុង​ចិត្ត​អរគុណ​ដែលខ្ញុំ​មិនបាន​មើល​ទូរសព្ទ​ហើយ​បាត់​ឱកាសដើម្បី​មើលឃើញ និង​ភ្ជាប់ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​មនុស្សម្នាក់ទៀត​ដែលត្រូវការ ។

ដួងចិត្ត​ពិត​របស់​ខ្ញុំ គឺ​ខ្ញុំ​មិនចង់ធ្វើ​ដូចជា​អាចារ្យ​ឬ​ពួកលេវី​នៅតាមផ្លូវ​ទៅយេរីខូ—ដែលមើលឃើញ​ហើយ​ដើរហួស​នោះទេ ។ ប៉ុន្តែ​ជាញឹកញាប់​ខ្ញុំ​គិតថា​ខ្ញុំគឺ​បែបនោះ ។

ការមើល​ឃើញ​កិច្ចការ​របស់ ព្រះ​សម្រាប់​ខ្ញុំ

ថ្មីៗនេះ​ខ្ញុំ​បាន​រៀន​មេរៀន​ដ៏មាន​តម្លៃ​មួយ​អំពី​ការមើល​តម្លៃ​យុវនារី​ម្នាក់​ឈ្មោះ​រ៉ូស្សលីន ។

មិត្ត​ខ្ញុំចែកចាយ​រឿង​នេះ​ជាមួយខ្ញុំ​​ដែលវា​តក់ស្លុត​យ៉ាងខ្លាំង​នៅពេល ដែលស្វាមី គាត់​ដែល​បាន​រស់​នៅ​ជាមួយ​គ្នា​អស់រយៈពេល ២០ ឆ្នាំ​​ចាកចេញ​ពីគាត់ ។ ដោយសារ​កូនៗ​របស់​នាង​ត្រូវ​ចែកម៉ោង​រវាង​ឪពុកម្តាយ ដូច្នេះការរំពឹងថាត្រូវទៅ​ព្រះវិហារ​តែម្នាក់ឯង​ហាក់ដូចជា​ពិបាកណាស់ ។ នាង​រៀបរាប់​ថា ៖

« ការអង្គុយ តែម្នាក់ឯង​នៅក្នុង​ព្រះវិហារ​ដែលជឿថាគ្រួសារ សំខាន់ បំផុត​នោះ​​វាធ្វើ​ឲ្យមាន​​ការឈឺចាប់ ខ្លាំងណាស់ ។ នៅថ្ងៃ​អាទិត្យដំបូង​ដែលខ្ញុំ​បានដើរ​ចូលទៅ​ខ្ញុំ​អធិស្ឋានសូមកុំឲ្យ​មាន​នរណា​ម្នាក់​មក​និយាយ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​ទ្រាំ​ស្ទើរតែពុំបាន រួចទឹកភ្នែកក៏បាន​ស្រក់​ចុះមក ។ ខ្ញុំ​បានអង្គុយ​​តាម​ធម្មតា​ដោយសង្ឃឹមថា​គ្មាននរណាម្នាក់​នឹងកត់​សម្គាល់​ឃើញថា​កៅអីអង្គុយ​នៅទំនេរ​នោះទេ ។

« យុវនារី​ម្នាក់​នៅក្នុង​វួដរបស់យើង​បានងាក​មកមើល​ខ្ញុំ ។ ខ្ញុំ​ធ្វើពុត​ជាញញឹម ។ នាង ក៏បាន​ញញឹម​ដាក់ខ្ញុំ​វិញ ។ ខ្ញុំ​អាចមើលឃើញ​នូវការព្រួយបារម្ភ​នៅលើមុខ​របស់នាង ។ ខ្ញុំ​បាន​អង្វរដោយ​ស្ងៀមស្ងាត់​សូមកុំឲ្យ​នាងមក​និយាយជាមួយ​ខ្ញុំ—ខ្ញុំ​គ្មានអ្វី​និយាយទេខ្ញុំច្បាស់ជាយំ ។ ខ្ញុំ​បានឱន​មុខ​ចុះ​សម្លឹង​មើល​ភ្លៅរបស់ខ្ញុំ​ដោយ​មិន​ចង់មើល​ទៅនរណា ។

« នៅម៉ោងបន្ទាប់​ខ្ញុំសង្កេតឃើញ​នាងងាកមើល​មកខ្ញុំ​ជាញឹកញាប់ ។ ពេលការប្រជុំបញ្ចប់ភ្លាម​នាងបានដើរ​តម្រង់​​មករកខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ខ្សឹបៗ​ថា ‹ សួស្តី​រ៉ូស្សលីន › ។ នាងបាន​ឱបខ្ញុំ​ហើយបាន​និយាយថា​« បងស្រី​ស្ម៊ីធ​ខ្ញុំអាច​ប្រាប់បានថា​ថ្ងៃនេះ​គឺជាថ្ងៃ​មិនល្អ​សម្រាប់បងទេ ។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ។ ខ្ញុំ​ស្រឡាញ់​បង › ។ ដូចដែល​បានគិត​ទុក​ទឹកភ្នែក​បានហូរមក​នៅពេលនាង​បានឱប​ខ្ញុំម្តងទៀត ។ ប៉ុន្តែ​នៅពេល​ខ្ញុំបាន​ដើរចេញ​ខ្ញុំបានគិត​នៅក្នុងចិត្តថា ‹ ប្រហែល​ជាខ្ញុំ​អាចធ្វើរឿង​នេះបាន › ។

រូបភាព
អែលឌើរ និង ស៊ីស្ទើរ រ៉ូស្សលីន

« យុវនារី​ដ៏ស្រស់ស្អាត​ដែលមាន​អាយុ ទើប​១៦ ឆ្នាំ​តិច​ជាងខ្ញុំ ពាក់​កណ្តាល​បានមករក​ខ្ញុំ​ជា​រៀង​រាល់ថ្ងៃ​អាទិត្យដើម្បីឱបខ្ញុំ​ហើយសួរថា​‹ តើបងស្រី​សុខ​សប្បាយ​ទេ ? › វាពិត​ជាធ្វើឲ្យ​មានភាព​ខុសប្លែកគ្នា​ចំពោះ​អារម្មណ៍​ដែល​ខ្ញុំមាន​ចំពោះ​ការមក​ព្រះវិហារ ។ ការពិតទៅ​គឺខ្ញុំបាន​ចាប់ផ្តើម​ពឹង​ផ្អែក​ទៅលើ​ការឱប​ទាំងនោះ ។ មាន​គេ​បានកត់​សម្គាល់ខ្ញុំ ។ មាន​គេ​ដឹងថា​ខ្ញុំនៅ​ទីនោះ ។ មាន​គេ​យកចិត្ត​ទុកដាក់​លើខ្ញុំ » ។

ដូច​ជា​អំណោយ​ទាំងអស់​ដែល​ព្រះវរបិតា​សព្វ ព្រះ ហឫទ័យ ប្រទាន​ដោយឃើញ​យ៉ាង​ច្បាស់​ថា​តម្រូវ​ឲ្យ​យើង​ទូល​សូម​ទ្រង់ហើយ​បន្ទាប់​មក ធ្វើ​សកម្មភាព ។ ទូលសូមទ្រង់​ឲ្យ​មើលទៅ អ្នកដទៃ​ដូចដែល​ទ្រង់បាន​ទតឃើញ—ជា​បុត្រា និង​បុត្រី​ពិត​របស់ទ្រង់​ដែល​មាន​សក្តានុ​ពល​ដ៏គ្មាន​ទីបញ្ចប់ ។ បន្ទាប់មក ធ្វើ​សកម្មភាព ដោយ​ក្តី​សឡាញ់​ការ​បម្រើ និង​ការ​បញ្ជាក់​អំពី​តម្លៃ និង​សក្តានុពលដូចដែល​បាន​បំផុស​គំនិត ។ នៅពេល​រឿងនេះ​ក្លាយទៅ​ជាគំរូ​នៃជីវិត​របស់យើង​នោះយើង​នឹងឃើញថា​ខ្លួនយើង​ក្លាយជា​« អ្នកដើរ​តាមព្រះយេស៊ូវគ្រីស្ទ​ដ៏ពិត » ។ អ្នក​ផ្សេងទៀត​នឹងអាច​ទុកចិត្ត​នៅលើ​ដួងចិត្ត​យើង​ជាមួយនឹង​​ពួកគេ ​បា្រកដ និង​គោលបំណង​របស់យើង​ ។

រូបភាព
ព្រះអង្គសង្គ្រោះ​កំពុង​ព្យាបាល

មិត្តភក្តិ​របស់ខ្ញុំបាន​រំឮកអំពី​បទពិសោធន៍​មួយទៀត​នៅពេល​ដែលកំពុង​អង្គុយលើ​ជើងម៉ា​ក្នុងវិហារ​តែម្នាក់ឯង​ងឿងឆ្ងល់​ថាតើ​ការខិតខំ​អស់រយៈពេល ២០ ឆ្នាំ​ដើម្បីរស់​នៅតាម​ដំណឹងល្អ​នៅក្នុងផ្ទះ​របស់នាង​គ្មានប្រយោជន៍​អ្វីទេឬ ។ គាត់​ត្រូវការ​លើសពី​ការ​ស្ងប់ស្ងាត់​គឺ គាត់​ត្រូវការ​ចក្ខុវិស័យ​មួយ ។ គាត់ មានសំនួរ មួយដែល ដក់ជាប់ ក្នុង​ដួងចិត្ត​ថា ៖​« ហេតុអ្វី​បានជា​អ្នកធ្វើ​រឿងទាំងនោះ ? តើអ្នក​ធ្វើវា​សម្រាប់រង្វាន់​ការសរសើរ​ពីអ្នកដទៃ​ឬលទ្ធផល​ដែលអ្នក​ចង់បាន​មែនទេ ? គាត់​បានស្ទាក់ស្ទើរ​មួយសន្ទុះ​ស្វែងយល់​ពី​ចិត្ត​គាត់​ហើយបន្ទាប់មក​អាចឆ្លើយ​ដោយជឿជាក់​ថា​« ខ្ញុំបាន​ធ្វើវា​ដោយសារ​ខ្ញុំស្រឡាញ់​ព្រះអង្គសង្គ្រោះ ។ ហើយ​ខ្ញុំស្រឡាញ់​ព្រះសិក្ខាបទ​របស់ទ្រង់ ។ ព្រះអម្ចាស់​បានបើកភ្នែក​របស់គាត់​ដើម្បី​ជួយគាត់ឲ្យ​មើលឃើញ ។ ការផ្លាស់ប្តូរ​ចក្ខុវិស័យ​ដ៏សាមញ្ញ និង​មានឥទ្ធិពលនេះ​បានជួយឲ្យ​គាត់បន្ដដើរ​ទៅមុខដោយ​មានជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ទោះបី​គាត់មាន​ស្ថានភាព​បែបណា​ក្តី ។

ខ្ញុំសូមថ្លែង​ជាសាក្សីថា​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់យើង​ហើយ​ទ្រង់​អាច ប្រទាន​ឲ្យយើង​មើលឃើញ—សូម្បី​តែនៅពេលដែល​វាពិបាក​សូម្បី​តែនៅពេលដែល​យើងហត់នឿយសូម្បី​តែនៅពេលដែល​យើងនៅតែឯង​ហើយសូម្បី​តែ​នៅពេល លទ្ធផល មិនដូច អ្វីដែល យើងសង្ឃឹម ។ តាមរយៈ ព្រះគុណ របស់ទ្រង់ នោះទ្រង់​នឹងប្រទានពរ​ដល់យើង និង​បង្កើន​សមត្ថភាព​របស់យើង ។ តាមរយៈ​ព្រះចេស្តានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រះគ្រីស្ទ​នឹងជួយយើង ឲ្យ មើល​ឃើញខ្លួន​របស់​យើង និង​មើល​ឃើញ​អ្នកដទៃ​ដូចដែល​ទ្រង់​បានឃើញ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់​យើង​អាច ដឹងថា​អ្វីដែល​ចាំបាច់​បំផុត ។ យើងអាច​ចាប់ផ្តើម​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិតប្រចាំ​ថ្ងៃរបស់​ពួកយើង—យើងនឹង​មើលឃើញ​យ៉ាងជាក់ច្បាស់ ។​

ហើយ​បន្ទាប់មក​នៅថ្ងៃ​ដ៏អស្ចារ្យ​នោះ « នៅពេល​ដែលទ្រង់​លេចមក​យើងនឹង​បានដូច​ទ្រង់​ដ្បិត​យើង​នឹងឃើញ​ទ្រង់ដូចជា​ទ្រង់​ឃើញ​ដែរ​ដើម្បី​យើងអាច​មានក្តី​សង្ឃឹមនេះ »​នេះគឺជា​ការអធិស្ឋាន​របស់ខ្ញុំ​នៅក្នុង​ព្រះនាម​នៃព្រះ​យេស៊ូវគ្រីស្ទ​អាម៉ែន ។

កំណត់​ចំណាំ

  1. ពង្សាវតាក្សត្រទី ២ ៦:១៥–១៧ ។

  2. បាវចនា​របស់​ក្រុម​យុវនារីChurchofJesusChrist.org ។

  3. ដេវីត​ប្រូក « Finding the Road to Character » ( Brigham Young University devotional ថ្ងៃ​ទី 22 ខែ​តុលា​ឆ្នាំ​២០១៩ ) speeches.byu.edu ។

  4. សូមមើល ម៉ាកុស ៥:១–១៥ ។

  5. « វា​ជា​រឿង ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ការរស់​នៅ​ក្នុង​សង្គម​នៃ​ព្រះ​និង​ទេពធីតា​ដែល​អាច​ធ្វើ​បាន​ដើម្បី​ចងចាំ​ថា​មនុស្ស​ដែល … មិន​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដែល​អ្នក​មិន​អាច​និយាយ​ជា​មួយ​បាន​នៅ​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ជា​សត្វលោក​ចម្លែក​​ប្រសិន​បើ​អ្នក​បាន​ឃើញ​វា​ឥឡូវ​នេះ​អ្នក​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​ចង់​​ថ្វាយបង្គំ យ៉ាង​ខ្លាំង ។ គឺ​គ្មាន​មនុស្សណា​ម្នាក់​សាមញ្ញ​ទេ »​(C. S. Lewis, The Weight of Glory [ ឆ្នាំ ២០០១ ],ទំព័រ ៤៥–៤៦ ) ។

  6. គីម ប៊ី ក្លាក « ហ៊ុមព័ទ្ធ​ជុំវិញ ហាក់​បី​ដូច​ជា​ភ្លើង »ការចាក់ផ្សាយ​តាម​ប្រពន្ធ័​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៥ ។

  7. សូម​មើល លូកា ១០:៣០–៣៥ ។

  8. មរ៉ូណៃ ៧:៤៨ ។

  9. មរ៉ូណៃ ៧:៤៨ការ​គូស​បញ្ជាក់​បាន​បន្ថែម ។