សន្និសីទទូទៅ
ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ​បាន​ធ្វើការ​ឲ្យ​សម្រេច​ពេញលេញ​ចុះ ហើយ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ !
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ​បាន​ធ្វើការ​ឲ្យ​សម្រេច​ពេញលេញ​ចុះ ហើយ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ !

នៅពេល​យើង​អនុវត្ត​ការ​អត់ធ្មត់ នោះ​សេចក្ដីជំនឿ​របស់​យើង​ចម្រើន​ឡើង ។ កាល​សេចក្ដី​ជំនឿ​យើង​កើនឡើង នោះ​អំណរ​យើង​ក៏​កើនឡើង​ដែរ ។

កាលពីរ​ឆ្នាំ​កន្លង​ទៅ ប្អូនប្រុស​ពៅ​របស់​ខ្ញុំ ឆាត បាន​លា​ចាក​លោក ។ ការឆ្លង​ទៅ​ភព​ម្ខាង​ទៀត​របស់​គាត់​បាន​បន្សល់​នូវ​ទុក្ខសោក​ដល់​ប្អូន​ស្រី​ថ្លៃ​របស់​ខ្ញុំ ស្ទេហ្វានី និង​កូន​តូច​ពីរ​នាក់​របស់​ពួកគេ គឺ​ប្រេយដិន និង​ប៊ែលឡា ក៏​ដូចជា​គ្រួសារ​ទាំងមូល ។ យើង​បាន​ទទួល​ការលួងលោម​ចេញពី​ពាក្យ​ពេចន៍​របស់​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​សន្និសីទ​ទូទៅ​មួយ​សប្ដាហ៍​មុនពេល ឆាត បាន​ស្លាប់ ៖ « សូម​បន្ត​ទៅ​មុខ​ដោយ​អត់ធន់ ក្នុង​ការសាកល្បង​ដ៏​សែន​លំបាក​លើ​ផែនដី ហើយ​ដោយ​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ នោះ​នឹង​នាំ​មក​នូវ​ពន្លឺ ការយល់ចិត្ត ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​ដល់​បងប្អូន » ( « រង​របួស» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ ) ។

រូបភាព
ឆាត ជេកហ្គី និង​គ្រួសារ

យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ដឹង​ថា យើង​នឹង​ជួប​ឆាត​ម្ដងទៀត ប៉ុន្ដែ​ការបាត់​វត្តមាន​របស់​គាត់​លើ​ផែនដី​នេះ​គឺជា​រឿង​ឈឺចាប់ណាស់ ! មនុស្ស​ជាច្រើន​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ។ វា​ពិបាក​នឹង​មាន​ចិត្ត​អត់ធ្មត់ ហើយ​រង់ចាំ​ដល់​ពេល​ដែល​យើង​នឹង​ជួប​ពួកគេ​ម្ដងទៀត ។

មួយ​ឆ្នាំ​ក្រោយពី​គាត់​បាន​ស្លាប់​ទៅ យើង​មាន​អារម្មណ៍ ដូច​មាន​ពពក​ខ្មៅ​ងងឹត​បាំង​លើ​យើង​អញ្ចឹង ។ យើង​ស្វែងរក​ទីជម្រក​ក្នុង​ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន​ដោយ​អន្ទះ​សារ និង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ញឹកញាប់​ជាងមុន ។ វគ្គ​ទំនុក​តម្កើង​នេះ ចាប់​យក​អារម្មណ៍​យើង​នា​ពេល​នោះ ៖ « ព្រះអាទិត្យ​រះ​លឹមៗ​ពិភពលោក​ក៏​ភ្ញាក់​ឡើង ផ្ទៃពពក​ខ្មៅ​ងងឹត​ក៏​រសាយ​បាត់​ទៅ » ( « ព្រះអាទិត្យ​រះ​លឹមៗ » ទំនុក​តម្កើង ល.រ ២១ ) ។

គ្រួសារ​យើង​បាន​សម្រេចចិត្ត​ថា ឆ្នាំ ២០២០ នឹង​ជា​ឆ្នាំ​ដ៏​ស្រស់​ថ្លា​ឡើងវិញ ! យើង​បាន​សិក្សា​មេរៀន ​ចូរ​មក​តាម​ខ្ញុំ​ នៅក្នុង​គម្ពីរ​យ៉ាកុប​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ចុង​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ពេល​ដែល​ប្រធានបទ​មួយ​បាន​លេចឡើង​ចំពោះ​យើង ។ គម្ពីរ​យ៉ាកុប ជំពូក​ទី ១ ខទី ២ អាន​ថា « បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ាកុប ១:២ [ នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ ក្នុង​បំណង​យើង​ដើម្បី​បើក​ឆាក​ឆ្នាំថ្មី ទសវត្សរ៍​ថ្មី​ដោយ​ក្ដីអំណរ នោះ​យើង​បាន​សម្រេច​ថា ឆ្នាំ ២០២០ នេះ យើង​នឹង « រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ » ។ យើង​មាន​អារម្មណ៍​យ៉ាង​មុតមាំ​អំពី​ការណ៍​នេះ រហូត​ដល់​យើង​ជូន​អំណោយ​បងប្អូន​បង្កើត​យើង​ជា​អាវយឺត​ដែល​សរសេរ​អក្សរ​ដិត​ថា « ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ » នៅ​បុណ្យ​គ្រីស្ទម៉ាស​ឆ្នាំ​មុន ឆ្នាំ ២០២០ ប្រាកដ​ជា​ឆ្នាំ​នៃ​ក្ដីអំណរ និង​ការអរ​រីករាយ ។

មែនហើយ ​ឥឡូវ—ឆ្នាំ ២០២០ បែរជា​មាន​ជំងឺរាតត្បាត កូវីដ-១៩​​ ទូទាំង​ពិភពលោក ការ​រំជើបរំជួលខាង​ស៊ីវិល គ្រោះ​ធម្មជាតិ និង​ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ចជាច្រើន​ទៀត ។ ព្រះវរបិតាសួគ៌​របស់​យើង​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​ពេល​គិត​ពិចារណា​ពី​ការយល់​ដឹង​អំពី​ការអត់ធ្មត់ និង​ការសម្រេច​ចិត្ត​ដោយ​មនសិការ​របស់​យើង​ដើម្បី​ជ្រើសរើស​សេចក្តី​អំណរ ។

តាំងពី​នោះ​មក គម្ពីរ​យ៉ាកុប​បាន​ផ្ដល់​អត្ថន័យ​ថ្មី​ដល់​យើង ។ យ៉ាកុប ជំពូក​ទី ១ ខទី ៣ និង ៤ បន្ដ​ថា

« ដោយ​ដឹង​ថា ការល្បងល​មើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់គ្នា នោះ​នាំ​បង្កើត ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន ។

« ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សម្រេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ » ។

ក្នុង​កិច្ចខិតខំ​យើង​ដើម្បី​ស្វែងរក​អំណរ​ក្នុង​ចំណោម​ការសាកល្បង​របស់​យើង នោះ​យើង​បាន​ភ្លេច​ថា ការមាន​ចិត្ត​អត់ធ្មត់​គឺជា​គន្លឹះ​ដើម្បី​អនុញ្ញាត​ឲ្យ​ការសាកល្បង​ទាំងនោះ​ទៅជា​ការណ៍​ល្អ​សម្រាប់​យើង​វិញ ។

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​យើង​ឲ្យ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ ជា « អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​ក្លាយ ទៅ​ដូច ជា​កូនក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ » ( ម៉ូសាយ ៣:១៩ ) ។

ជំពូក​ទី ៦ នៃ​សៀវភៅ ប្រកាស​ដំណឹងល្អ​ទ្រង់ បង្រៀន​ពី​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់​ព្រះគ្រីស្ទ ដែល​យើង​អាច​ខំ​ធ្វើ​ឲ្យ​ល្អ​ជាងដូចជា ៖ « ការអត់ធ្មត់​គឺជា​សមត្ថភាព​ដើម្បី​ស៊ូទ្រាំ​នឹង​ការពន្យារពេលបញ្ហា ការផ្ទុយ ឬ​ការរងទុក្ខ​ដោយ​មិន​ខឹង​សម្បារ ខូចចិត្ត ឬ​អន្ទះសារ ។ វា​គឺជា​លទ្ធភាព​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ និង​ទទួល​យក​ពេលវេលា​របស់​ទ្រង់ ។ នៅពេល​អ្នក​អត់ធ្មត់ អ្នក​បន្ដ​រឹងមាំ​នៅ​ក្រោម​សម្ពាធ ហើយ​អាច​ប្រឈម​នឹង​ការលំបាក​ដោយ​ចិត្ត​ស្ងប់ និង​ក្ដី​សង្ឃឹម » (  ប្រកាស​ដំណឹង​ល្អ​ទ្រង់ ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា, បាន​បោះពុម្ព​កំណែថ្មី​ [ ឆ្នាំ ២០១៩ ] ទំព័រ ១២៦ ) ។

ការឲ្យ​សម្រេច​ពេញ​លេញ​នៃ​ការអត់ធ្មត់ ក៏​បាន​បង្ហាញ​នៅក្នុង​ជីវិត​របស់​កូនសិស្ស​ជំនាន់​មុន​ម្នាក់​របស់​ព្រះគ្រីស្ទ​ដែរ គឺ​ស៊ីម៉ូន ជា​សាសន៍​កាណាន ។ ពួកហ្សីឡុត គឺជា​ក្រុម​ជាតិនិយម​ជីហ្វ ដែល​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ក្រុងរ៉ូម​យ៉ាង​ខ្លាំង ។ ចលនា​ពួកហ្សីឡុត គាំទ្រ​ឲ្យមាន​អំពើ​ហិង្សា​ប្រឆាំង​ពួករ៉ូម៉ាំង ពួកសហការ​សាសនា​ជីហ្វ​របស់​ពួកគេ និង​ពួក​សាឌូស៊ី តាមរយៈ​ការឆ្មក់​លួចចូល​យក​អាហារ និង​ការធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដល់​បុព្វហេតុ​របស់​ពួកគេ ( សូមមើល Encyclopedia BritannicaZealot » នៅលើ​គេហទំព័រ britannica.com ) ។ ស៊ីម៉ូនដែល​ជា​សាសន៍​កាណាន​នេះ​គឺជា​ពួកហ្សីឡុត ( សូមមើល លូកា ៦:១៥ ) ។ សូម​ស្រមៃ​ថា ស៊ីម៉ូន​ព្យាយាម​លោម​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រដាប់​អាវុធ ការដឹកនាំ​ក្រុម​យោធា ឬ​ការបង្កើត​ជា​ចលាចល​នៅ​ក្រុង​យេរូសាឡិម ។ ព្រះយេស៊ូវ​បាន​បង្រៀន ៖

« មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នកទាំងនោះ​នឹង​គ្រង​ផែនដី​ជា​មរតក ។ …

« មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដ្បិត​អ្នកទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តា​ករុណា​វិញ ។ …

« មាន​ពរ​ហើយ​អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ » ( ម៉ាថាយ ៥:៥, ៧, ៩ ) ។

ស៊ីម៉ូន​អាច​បាន​ឱប​ក្រសោប និង​គាំទ្រ​ទស្សនវិជ្ជា​របស់​លោក​យ៉ាង​ស្លុង និង​រំជើប​រំជួល ប៉ុន្ដែ​ព្រះគម្ពីរ​ប្រាប់​ថា តាមរយៈ​ឥទ្ធិពល និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ការផ្ដោតចិត្ត​របស់​លោក​បាន​ផ្លាស់ប្ដូរ ។ ភាពជា​សិស្ស​របស់​លោក​ចំពោះ​ព្រះគ្រីស្ទ​បាន​ក្លាយជា​ការផ្ដោតចិត្ត​ដ៏​សំខាន់​នៅ​ក្នុង​ការខិតខំ​ពេញ​មួយ​ជីវិត​លោក ។

កាល​យើង​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ « កើត​ម្ដងទៀត មែនហើយ គឺ​កើត​មកពី​ព្រះ ផ្លាស់ប្រែ​ពី​ស្ថានភាព​ខាងរូបកាយ និង​ខាង​ការធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោសលោះ នោះ​នឹង​ក្លាយទៅ​ជា​បុត្រាបុត្រី​របស់​ទ្រង់ » ( ម៉ូសាយ ២៧:២៥ ) ។

ក្នុង​ចំណោម​កិច្ចខិតខំ​ខាង​សង្គម សាសនា និង​នយោបាយ​របស់​ពួក ហ្សីឡុត​ទាំងអស់​នៅ​ជំនាន់​របស់​យើង ចូរ​ឲ្យ ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​សម្បើម​ចំពោះ​យើង ។ « ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ( ម៉ាថាយ ៦:២១ ) ។ ចូរ​យើង​កុំ​ភ្លេច​ដែរ​ថា ទោះជា​ក្រោយពី​សិស្ស​ដ៏​ស្មោះត្រង់​បាន « ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ » ហើយ ក៏​ពួកលោក « ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ » ដែរ ( ហេព្រើរ ១០:៣៦ ) ។

វា​គឺ​ដូច​ជា​ការសាកល្បង​សេចក្ដី​ជំនឿ​យើង​ធ្វើឲ្យ​យើង​មាន​ការអត់ធ្មត់​ដែរ ពេល​យើង​អនុវត្ត​ការអត់ធ្មត់ នោះ​សេចក្ដី​ជំនឿ​យើង​នឹង​កើនឡើង ។ កាល​សេចក្ដី​ជំនឿ​យើង​កើនឡើង នោះ​អំណរ​យើង​ក៏​កើនឡើង​ដែរ ។

កាល​ខែ​មីនា​កន្លង​ទៅ​នេះ ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​ក្នុង​សាសនាចក្រ​ដែរ កូនស្រី​ទីពីរ​របស់​យើង អិមម៉ា បាន​រស់នៅ​ដាច់​ដោយ​ឡែក ។ អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​បាន​មក​ផ្ទះ​វិញ ។ អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​បាន​រង់ចាំ​ការចាត់តាំង​សារជាថ្មី ។ ពួកគេ​ជាច្រើន​មិន​បាន​ទទួល​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ឡើយ ពីមុន​ចេញទៅ​តំបន់​បេសកកម្ម ។ សូម​អរគុណ អែលឌើរ និង ស៊ិស្ទើរ ។ យើង​ស្រឡាញ់​ប្អូនៗ ។

អិមម៉ា និង​ដៃគូ​របស់​នាង​នៅ​ប្រទេស​ហូឡង់​ បាន​អស់​កម្លាំង​ចិត្ត​ក្នុង​ពេល​បី​បួន​សប្ដាហ៍​ដំបូង​នោះ—​រហូត​ដល់​យំ​ជាច្រើន​ដង ។ ដោយ​មាន​ឱកាស​ដ៏​ខ្លី​ដើម្បី​ជួប​មនុស្ស​ដោយ​ផ្ទាល់ ហើយ​ការចេញក្រៅ​មាន​កម្រិត នោះ​ការពឹងផ្អែក​លើ​ព្រះ​របស់​អិមម៉ា​បាន​កើនឡើង ។ យើង​បាន​អធិស្ឋាន​ជាមួយ​នាង​តាម​អ៊ីនធឺណិត ហើយ​សួរ​ថា តើ​យើង​អាច​ជួយ​អ្វី​បាន ។ នាង​បាន​សូម​ឲ្យ​យើង​ទាក់ទង​ជាមួយ​មិត្ត ដែល​នាង​កំពុង​បង្រៀន​តាម​អ៊ីនធឺណិត !

គ្រួសារ​យើង​បាន​ចាប់ផ្ដើម​ទាក់ទង​តាម​អ៊ីនធឺណិត​ម្ដង​ម្នាក់ៗ ជាមួយ​នឹង​មិត្ត​របស់​អិមម៉ា​នៅ​ប្រទេស​ហូឡង់ ។ យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​ការសិក្សា​ ចូរ​មក​តាម​ខ្ញុំ​របស់​យើង​ជា​លក្ខណៈ​គ្រួសារ​ធំ​តាម​អ៊ីនធឺណិត​រាល់​សប្ដាហ៍ ។ ហ្ល្វ័រ ឡោរ៉ា រេនស្កឺ ហ្វ្រីក បេនយ៉ាមីន ស្តល និង​ម៉ូហាមេត ទាំងអស់​គ្នា​ក្លាយជា​មិត្ត​របស់​យើង ។ មិត្ត​របស់​យើង​មួយ​ចំនួន​ពី​ប្រទេស​ហូឡង់​បាន​ចូល « តាម​ទ្វារ​ចង្អៀត » ( នីហ្វៃ​ទី​៣ ១៤:១៣ ) ។ មិត្ត​ដទៃទៀត​បាន​ឃើញ « ភាពតូច​នៃ​ផ្លូវ​នោះ និង​ភាពចង្អៀត​នៃ​ទ្វារ ដែល​គេ​ត្រូវ​ចូល​តាម​នោះ » ( នីហ្វៃ​ទី​២ ៣១:៩ ) ។ ពួកគេ​គឺជា​បងប្អូន​ប្រុស​ស្រី​របស់​យើង​នៅក្នុង​ព្រះគ្រីស្ទ ។ រាល់​សប្ដាហ៍ យើង « រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់ » ពេល​យើង​ធ្វើការ​រួមគ្នា​ដើម្បី​យើង​រីកចម្រើន​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។

យើង « ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើការ​ឲ្យ​សម្រេច​ពេញលេញ » ( យ៉ាកុប ១:៤ ) នៅក្នុង​ការអសមត្ថភាព​របស់​យើង​ដើម្បី​ជួបគ្នា​ដោយ​ផ្ទាល់ ជា​ក្រុម​គ្រួសារ​វួដ​នៅ​រដូវ​នេះ ។ ប៉ុន្ដែ​យើង​រាប់ជា​សេចក្ដី​អំណរ ពេល​សេចក្ដី​ជំនឿ​របស់​គ្រួសារ​យើង​កើនឡើង​តាមរយៈ​ការទាក់ទង​គ្នា​តាម​បច្ចេកវិទ្យា​ថ្មី និងការ​សិក្សា​ ចូរ​មក​តាមខ្ញុំ នៃ​ព្រះគម្ពីរ​មរមន ។

ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « កិច្ចខិតខំ​ខ្ជាប់ខ្ជួន​របស់​អ្នក​នៅក្នុងការខ្នះខ្នែង​នេះ—សូម្បី​តែ​នៅ​ក្នុង​គ្រា​ទាំងនេះ ជា​ពេល​ដែល​អ្នក​មានអារម្មណ៍​ថា អ្នក​ពុំ​ទទួល​បាន​ជោគជ័យ​ជាក់លាក់​ក្ដី— ក៏​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក ក្រុមគ្រួសារ​អ្នក និង​ពិភពលោក » ( Go Forward in Faith» Liahona ខែ​ឧសភា ឆ្នាំ ២០២០, ១១៤ ) ។

កន្លែង​ដែល​យើង​ចុះ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ—​ពោលគឺ​ព្រះវិហារ​បរិសុទ្ធ—​ត្រូវបាន​បិទ​ជាបណ្ដោះអាសន្ន ។ កន្លែង​ដែល​យើង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ—​ពោលគឺ​គេហដ្ឋាន—​នៅ​បើក ! យើង​មាន​ឱកាស​នៅ​ផ្ទះ​ដើម្បី​សិក្សា និង​ពិចារណា​ពី​សម្រស់​ដ៏​ល្អ​ឯក​នៃ​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​នេះ ។ ទោះជា​មិនបាន​ចូល​ទៅក្នុង​ទីកន្លែង​ដ៏​ពិសិដ្ឋ​នោះ​ដោយ​ផ្ទាល់​ក្ដី ក៏ « ចិត្ត​យើង … នឹង​បាន​អរសប្បាយ​រីករាយ ដោយ​ព្រោះតែ​ព្រះពរ​ទាំងឡាយ ដែល​នឹង​បាន​ចាក់ចេញ​មក » ដែរ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៩ ) ។

មនុស្ស​ជាច្រើន​បាន​បាត់បង់​ការងារ អ្នកផ្សេង​ទៀត​បាន​បាត់បង់​ឱកាស ។ ប៉ុន្ដែ​យើង​អរ​រីករាយ​ជាមួយ​ប្រធាន​ណិលសុន ដែល​បាន​ថ្លែង​នាពេល​ថ្មីៗ​នេះ​ថា « ដង្វាយ​តម​អាហារ​ដោយ​ស្ម័គ្រចិត្ត​មកពី​សមាជិក​យើង​ពិតជា​បាន​កើនឡើង ហើយ​ការបរិច្ចាគ​ទៅកាន់​មូលនិធិ​សប្បុរសធម៌​ដោយ​ស្ម័គ្រចិត្ត​របស់​យើង​ក៏​កើន​ដែរ ។ … រួមគ្នា​យើង​នឹង​យក​ឈ្នះ​គ្រា​ដ៏​លំបាក​នេះ ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ពេល​បងប្អូន​បន្ដ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ » ( ទំព័រ​ហ្វេសបុក​របស់ រ័សុល អិម ណិលសុន ការបង្ហោះ​នៅ​ថ្ងៃ​ទី ១៦ ខែ សីហា​ឆ្នាំ ២០២០ គេហទំព័រ facebook.com/russell.m.nelson ) ។

« ចូរ​សង្ឃឹម​ឡើង យ​ឡើង​នោះ​ទេ ( ម៉ាថាយ ១៤:២៧ ) ។

ជួន កាល យើង​អស់​ការអត់ធ្មត់ នៅ ពេល​យើង​គិត​ថា យើង « ធ្វើ​អ្វីៗ​ត្រឹមត្រូវ​ហើយ » ហើយ​យើង​នៅតែ​មិន​ទាន់​ទទួល​បាន​ពរជ័យ​ដែល​យើង​ប្រាថ្នា ។ អេណុក​បាន​ដើរ​ជាមួយ​ព្រះ​រយៈពេល ៣៦៥ ឆ្នាំ មុន ពេល​លោក និង​ប្រជាជន​របស់​លោក​បាន​ប្រែរូប ។ បី​រយ​ហុកសិប​ប្រាំ​ឆ្នាំ​នៃ​ការខិតខំ​ធ្វើ​អ្វីៗ​ដែល​ត្រឹមត្រូវ រួចហើយ​វា​បាន​កើត ឡើង ! ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៤៩ ) ។

ប្អូនប្រុស​របស់​ខ្ញុំ ឆាត បាន​ស្លាប់​ពីរ​បី​ខែ​ក្រោយពី​ការដោះលែង​របស់​យើង​ចេញ ពី​អធិបតីភាព​លើ​បេសកកម្ម​យូថាហ៍ អកឌិន ។ វា​ជា​អព្ភូតហេតុ​មួយ ខណៈ​យើង​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាងត្បូង ក្នុង​ចំណោម​បេសកកម្ម​ទាំង ៤១៧ យើង​អាច​ត្រូវ បាន​ចាត់តាំង​នៅ​ឆ្នាំ ២០១៥ ឲ្យ​មក​បម្រើ​នៅ​រដ្ឋ​យូថាហ៍​ភាគ​ខាង ជើង ។ ផ្ទះ​បេសកកម្ម​ឆ្ងាយ ពី​ផ្ទះ​របស់​ឆាត​ប្រមាណ​ជា ៣០ នាទី ។ ជំងឺ​មហារីក​របស់​ឆាត​ត្រូវ បាន​គេ​រកឃើញ ក្រោយ ពី​យើង​ទទួល​បាន​ការចាត់តាំង​បេសកកម្ម​របស់​យើង ។ ទោះជា​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក្ដី ក៏​យើង​ដឹង​ថា ព្រះវរបិតាសួគ៌​យើង​គិត​ដល់​យើង ហើយ​ជួយ​យើង​ឲ្យ​រកឃើញ​អំណរ​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ព្រះចេស្ដា​ដ៏​ប្រោសលោះ បន្សុទ្ធ រាបសា និង​អរ​រីករាយ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​ថា ពេល​យើង​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​ឆ្លើយតប ្ដាប់ និង​ស្ដាប់​តាម​សំឡេង​របស់​ព្រះអម្ចាស់ និង​ព្យាការី​នៅរស់​របស់​ទ្រង់ គឺ​ប្រធាន រ័សុល អិម ណិលសុន នោះ​យើង​អាច « ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ​បាន​ធ្វើការ​ឲ្យ​សម្រេច​ពេញលេញ​ចុះ » ហើយ « រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ » បាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕